ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី លើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក

2023/09/25 01:48:20 pm        229
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបំភ្លឺពាក់ព័ន្ធ​នឹងការផ្សព្វផ្សាយគាំទ្រ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបាន​ចំណាយ​​ថវិកា​របស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្ដែការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ​នៅក្នុងអំឡុងពេល​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូល​រួមក្នុងកិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ​លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទ​ប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំង​នឹង​រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ្រសម្ដេចធិបតី ​នៅតំបន់ Time Square ថាជាការរៀបចំ និងការចំណាយថវិកា​ខ្ជះខ្ជាយ​របស់រាជរដ្ឋាភិបាលកម្ពុជា។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​មានការសោកស្តាយយ៉ាងខ្លាំង​ចំពោះការចោទប្រកាន់​ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ​ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោល​បំណងកេងចំណេញ នយោបាយ ​និងបំភាន់សាធារណៈមតិ។ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រសម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ​ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ​បានធ្វើការបញ្ជាក់ជូនសាធារណជនថា ការរៀបចំការ​ផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ​រាជរដ្ឋាភិបាលកម្ពុជា ​ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ​ខាងលើគឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ​កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក ​សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្ម​តាមផ្ទាំងប៉ាណូ​ខាងលើ គឺមានការ​សម្របសម្រួល​ពីបងប្អូនខ្មែរ​ នៅសហរដ្ឋអាមេរិក ​និងមានការចូលរួមគាំទ្រ​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយ​ពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយ billboard) នោះផងដែរ៕

សភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលពិនិត្យសិក្សា

2023/09/25 01:38:23 pm        148
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល​ ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យ និងអនុម័ត​លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ​ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម ​និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ​ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់នៃរដ្ឋសភា​ ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន​គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល (SSCA) ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ការរីកចម្រើន និងការប្រែប្រួល​បច្ចេកវិទ្យាអាកាសចរស៊ីវិលដែលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយ​ចំនួនក្នុងនាមជាសមាជិក អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកញ្ញា ក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រីដែល​ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ខណៈសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានរៀបចំឡើង​ចំនួន ១១ មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕

ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា ត្រឡប់មកផែនដីវិញដោយនាំមកនូវគំរូសំបកអាចម៍ផ្កាយ

2023/09/25 01:19:02 pm        158
យានអវកាស ណាសា ផ្ទុកសំណាកដីដ៏ធំបំផុតមិនធ្លាប់មានពីផ្ទៃអាចម៍ផ្កាយមួយ បានហោះកាត់បរិយាកាសផែនដីកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) ហើយបានបើកដំណើរការឆ័ត្រយោងហោះចូលទៅក្នុងវាលខ្សាច់នៃរដ្ឋ Utah របស់សហរដ្ឋអាមេរិក ដោយបញ្ជូនគំរូសេឡេស្ទាលនៃអាចម៍ផ្កាយទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រ។ នាយកផ្នែកវិទ្យាសាស្ត្រ Panetary របស់អង្គការ ណាសា លោក Lori Glaze បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការយកគំរូអាចម៍ផ្កាយវិលត្រឡប់មកផែនដីដំបូងបង្អស់របស់អង្គការ ណាសា គឺជារឿង «មិនគួរឱ្យជឿ»។ដុំអាចម៍ផ្កាយរាងពងក្រពើ ដែលត្រូវយកចេញពីយានអវកាសរូបយន្តឈ្មោះ OSIRIS-REx ខណៈយាននោះបានឆ្លងកាត់ក្នុងចម្ងាយ ១០៧.៨២៦គីឡូម៉ែត្រ ពីផែនដីប៉ុន្មានម៉ោងមុននេះ បានចុះមកក្នុងតំបន់ចុះចតដែលបានកំណត់ នៅភាគខាងលិចទីក្រុង Salt Lake នៅក្នុងមូលដ្ឋានដ៏ធំរបស់យោធាសហរដ្ឋអាមេរិក និង ជួរហ្វឹកហាត់ នៃរដ្ឋ Utah។ការហោះត្រឡប់មកផែនដីវិញ និងជាការចុះចតចុងក្រោយ ដែលបានបង្ហាញក្នុងការផ្សាយបន្តផ្ទាល់របស់ អង្គការណាសា នេះ បានបញ្ចប់បេសកកម្មរួមគ្នារយៈពេលប្រាំមួយឆ្នាំរវាងទីភ្នាក់ងារអវកាសអាមេរិក និងសាកលវិទ្យាល័យអារីហ្សូណា។ នេះជាគំរូអាចម៍ផ្កាយទីបី ហើយរហូតមកដល់ពេលនេះ វាគឺជាគំរូដ៏ធំបំផុតដែលមិនធ្លាប់មាន ក្នុងការត្រឡប់មកផែនដីវិញសម្រាប់ការវិភាគ បន្ទាប់ពីបេសកកម្មស្រដៀងគ្នានេះចំនួនពីរលើក ដោយទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន ដែលបានបញ្ចប់នៅឆ្នាំ២០១០ និងក្នុងឆ្នាំ២០២០ ផងដែរ៕

វចនានុក្រមខ្មែរឆ្នាំ២០២២ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

2023/09/25 12:43:58 pm        179
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ​បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថលនៅរាជបណ្ឌិត្យសភាកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់នៃការខិតខំរបស់ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ និងតួអង្គពាក់ព័ន្ធបានរួមគ្នាសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តនូវវចនានុក្រមខ្មែរ។ បានចាត់ទុក វចនានុក្រមនេះសមិទ្ធផលលេចធ្លោ និងជាបង្គោលចរដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត​អក្សរសាស្រ្តខ្មែរ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វចនានុក្រមឆ្នាំ២០២២នេះ ជា​កម្លាំងពង្រឹង​អត្តសញ្ញាណ​ជាតិកម្ពុជា ​ហើយជាប្រភពដ៏ចាំបាច់សម្រាប់គាំទ្រវិស័យអប់រំ ​ការសិក្សា ការស្រាវជ្រាវ កិច្ចការរដ្ឋបាល ​ទំនាក់ទំនង​គ្រប់ស្ថាប័នជាតិ និងឯកជន។ លើសពីនេះ វចនានុក្រមបាន​ធ្វើទំនើបកម្ម​ដែលអាចស្វែងរក​បានតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួល​សម្រាប់​សាធារណជនក្នុងការស្វែងរក​ពាក្យពេចន៍​ និង​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​បានគ្រប់ទីកន្លែង និងឆាប់រហ័ស។នៅក្នុងវចនានុក្រមថ្មីនេះ ​មានការបូក​បញ្ចូល​នូវពាក្យថ្មីៗ​ជាច្រើន ​ស្របតាមការ​ប្រើប្រាស់​របស់​ប្រជាជនកម្ពុជា​បច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤៤,៦៩៦ពាក្យ ​និងមេពាក្យចំនួន ៣១,០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅ​ប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យ​ប្រើប្រាស់​តាមប្រព័ន្ធឌីជីថល​ អាចទាញយកបាននៅលើទូរសព្ទ ​និងកុំព្យូទ័រផងដែរ។ វចនានុ​ក្រមនេះ​បានបូក​បញ្ចូល​ពាក្យបច្ចេកទេស ​និងពាក្យថ្មីៗ​ជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ​ត្រូវបានរៀបរៀង​ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមាន​ការចូលរួម​ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ​ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដា​ដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

មន្ដ្រីជំនាញបានជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តឡើងវិញ

2023/09/25 12:17:00 pm        484
មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេស​ជួសជុល​ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត​ គឺបានជួសជុល​ពង្រឹងការ​ខូចខាតផ្នែកខ្លះនៃខឿនថ្ម​ឱ្យបាន​ដូចដើមឡើងវិញ ដូចជា ​បានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ​ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម​ ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។លោក រ៉ូ សុវណ្ណដារដ្ឋ ​មានប្រសាសន៍ថាមន្ត្រីអភិរក្ស ​និងជាក្រុមការងារបច្ចេកទេសជួសជុលខឿន​បាកាន​របស់ប្រាសាទអង្គរវត្ត ​ច្រើនខែមកហើយ ក្រុមការងារបច្ចេកទេសកំពុងប្រឹងប្រែង​ជួសជុល​ខឿនបាកាណរបស់ប្រាសាទអង្គរវត្ត ​នៅតាមកន្លែងដែលមានថ្មញែកចេញពីគ្នា ដោយក្រុមការងារ​បានប្រើលោហជាតិអ៊ីណុកទាមឱ្យជាប់គ្នាទៅតាមស្រទាប់ៗ​ប្រហែល២០កន្លែង ដើម្បីជួយ​ទប់លំនឹង​កុំឱ្យរហែកតទៅទៀត។មន្ត្រីដដែលពន្យល់ទៀតថា បច្ចេកទេសនៃការទាមដើម្បីទប់លំនឹងថ្មទៀតសោត គឺបែងចែក​ជា៤ថ្នាក់​ទៅតាមស្រទាប់នីមួយៗ។ ចំណែកឯ ​កន្លែងសំខាន់ដែលមានថ្មបាយក្រៀមនៅពីក្រៅ គឺត្រូវបិទភ្ជាប់កុំឱ្យទឹកជ្រាបចូល ដូចជា នៅចំណុចជ្រុងអាគ្នេយ៍ជាដើម។បច្ចុប្បន្ននេះ ខឿន​បាកាណផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ​ដែលមានការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តា​ចលនាទម្ងន់សង្តត់ពីលើ អាយុកាលរបស់ថ្ម ​ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿន​ពី​អតីតកាល​ និងចូលក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀង​ហូរចូលតាម​ចន្លោះ​ថ្មទៅ​ក្នុងគ្រឹះផង បណ្តាល​ឱ្យរចនាសម្ពន្ធទ្រទ្រងរបស់ជាន់បាកាណ​ថយ​កម្លាំងទប់ខ្លះ ។មន្ត្រីជំនាញអភិរក្សថ្ម ឱ្យដឹងថា ​រហូតមកដល់ពេលនេះ ​ដំណើរការជួសជុល និងពង្រឹងខឿនបាកាណ​នៅសល់តែ២ជ្រុងផ្នែកអាគ្នេយ៍ និងជណ្ដើរប៉ុណ្ណោះ៕

រុស្ស៊ីបង្វែរសាលារៀន ទៅជាទីលានហ្វឹកហាត់ ដែលបង្រៀនសិស្សផ្គុំកាំភ្លើង

2023/09/25 12:03:55 pm        182
សារព័ត៌មាន CNN បានរាយការណ៍ថា រដ្ឋាភិបាលរុស្ស៊ី កំពុងដាក់ឲ្យសិស្សសាលាចូលរួមក្នុង សមយុទ្ធយោធា រួមមានទាំងការផ្គុំកាំភ្លើង អនុវត្តការដើរក្បួន គប់គ្រាប់បែក និងការបាញ់កាំភ្លើងជាមួយគ្រាប់រំសេវពិត។ ចាប់ពីសមុទ្រប៉ាស៊ីហ្វិក រហូតដល់សមុទ្រខ្មៅ សួនកុមារ កំពុងក្លាយជាទីលានហ្វឹកហាត់ និងសេវាក្នុងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានផ្តល់បន្ថែមទៀតនៅតាមសាលារៀន ខណៈកម្មវិធីសិក្សាជាតិកំពុងផ្លាស់ប្តូរបន្តិចម្តងទៅជាការការពារដ៏ច្បាស់លាស់របស់ប្រទេស។ដោយមានការវិវឌ្ឍន៍ក្នុងពេលថ្មីៗនេះនៅក្នុងប្រទេស បានបង្វែរសាលារៀនទៅជាទីតាំងយោធា ហើយកុមាររបស់ប្រទេសរុស្ស៊ី កំពុងត្រូវបានត្រៀមខ្លួនសម្រាប់សង្គ្រាម។ ការប្រើប្រាស់ជាប្រយោជន៍យោធា នៃសាលារៀនរបស់រដ្ឋរបស់រុស្ស៊ី បានកើនឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលត្រូវបានជំរុញមិនត្រឹមតែការកើនឡើងដោយឯកឯងនៃអារម្មណ៍ស្នេហាជាតិនោះទេ ប៉ុន្តែថែមទាំងរដ្ឋាភិបាល នៅក្នុងទីក្រុងមូស្គូ។រដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ីលោក Sergei Kravtsov បាននិយាយកាលពីពេលថ្មីៗថា អ្វីដែលគេហៅថាក្លឹបស្នេហាជាតិជាយោធា មានក្លឹបប្រមាណ១០.០០០ក្លឹបនៅតាមសាលារៀន និងវិទ្យាល័យរបស់រុស្ស៊ី ហើយមនុស្ស ២៥០នាក់ ចូលរួមក្នុងការងាររបស់ពួកគេ។ របាយការណ៍ បានបង្ហាញថាក្លឹបទាំងនេះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីរៀបចំកុមារសម្រាប់ថ្នាក់ជាការតព្វកិច្ចលើតម្លៃស្នេហាជាតិជាយោធា ក្នុងចំណោមបញ្ហាផ្សេងទៀត។

កូរ៉េខាងជើងនិយាយថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី គឺធម្មជាតិសម្រាប់ប្រទេសជិតខាង

2023/09/25 11:57:18 am        135
នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្រាប់ការនិយាយតិះទៀនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់មេដឹកនាំលោក Kim Jong Un។ លោក Yoon បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍កន្លងទៅនេះថា ប្រសិនបើរុស្ស៊ី ជួយប្រទេសកូរ៉េខាងជើង ធ្វើឲ្យប្រសើរឡើងកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរទៅនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន វានឹងជាការបង្ករឿងដោយផ្ទាល់។ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថាប្រទេសកូរ៉េខាងជើងបានរិះគន់លោក Yoon សម្រាប់ការនិយាយបង្ខូចទម្លាក់កំហុសចំពោះកិច្ចសហប្រតិបត្តិការជាមិត្តភាពជាមួយប្រទេសរុស្ស៊ី និងបាននិយាថា លោក Yoon កំពុងបម្រើជាឧបករណ៍បំពងសំឡេងសម្រាប់សហរដ្ឋអាមេរិក។ សារព័ត៌មាននិយាយថា វាពិតជាធម្មជាតិនិងសម័ញ្ញសម្រាប់ប្រទេសជិតខាងដើម្បីរក្សាទំនាក់ទំនងជិតស្និតជាមួយគ្នា និងពុំមានហេតុផលដើម្បីចាត់ទុកការអនុវត្តន៍នេះជាសាច់រឿងនោះទេ។លោក Kim បានវិលត្រឡប់មកដល់ប្រទេសវិញកាលពីសប្តាហ៍មុន ពីដំណើរទស្សនកិច្ចរយៈពេលវែងទៅកាន់ប្រទេសរុស្ស៊ី ដែលលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធា។ មន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភ ថា រុស្ស៊ីអាចនឹងព្យាយាមទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើងចំពោះការផ្គត់ផ្គង់ស្តុកដែលថយចុះរបស់ខ្លួនសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈទីក្រុងព្យុងយ៉ាង ស្វែងរកជំនួយបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន។ សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានាធិបតី៖ ប្រទេសប៉ូឡូញរៀបចំច្រករបៀងឆ្លងកាត់សម្រាប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/25 11:49:46 am        152
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក TVP1 កាលពីថ្ងៃទី២៤ ខែកញ្ញាថា ប្រទេសប៉ូឡូញ បានរៀបចំច្រករបៀងឆ្លងកាត់សម្រាប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីឆ្លងកាត់ និងត្រូវបាននាំចេញទៅកន្លែងដែលត្រូវការវា។លោក Duda បាននិយាយថា៖«ច្រករបៀងឆ្លងកាត់ ត្រូវបានរៀបចំនៅក្នុងប្រទេសប៉ូឡូញ ដោយសារគ្រាប់ធញ្ញជាតិអ៊ុយក្រែន អាចឆ្លងកាត់ប្រទេសប៉ូឡូញ និងត្រូវបាននាំចេញ នៅកន្លែងដែលត្រូវការ។ យើងកំពុងព្យាយាមជួយអ៊ុយក្រែន និងបណ្តាប្រទេស ដែលត្រូវការជំនួយនេះ» ។ជម្លោះរបស់អ៊ុយក្រែនជាមួយប៉ូឡូញ ជាអ្នកគាំទ្រមួយនៃអ្នកគាំទ្រដ៏ខ្នះខ្នែងបំផុតរបស់ខ្លួន ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ត្រូវបានបង្កឡើងដោយការសម្រេចចិត្តរបស់ទីក្រុងវ៉ាសូវីក្នុងការពន្យារពេលការហាមឃាត់ការនាំចូលផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនហួសកាលបរិច្ឆេទផុតកំណត់កំណត់ដោយសហភាពអឺរ៉ុបនៅថ្ងៃទី១៥ ខែកញ្ញា។សហភាពអឺរ៉ុប បានបង្កើតវិធានការនេះ កាលពីខែឧសភា តាមសំណើរបស់ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី ដែលភ័យខ្លាចថា លំហូរចូលនៃផលិតផលអ៊ុយក្រែន ដែលមានតំលៃថោក នឹងដាក់សម្ពាធទៅលើកសិកររបស់ពួកគេ។

សូឡូម៉ុង៖ ការបង្ហូរទឹកវិទ្យុសកម្មចូលក្នុងមហាសមុទ្ររបស់ជប៉ុន គឺជាការវាយប្រហារលើទំនុកចិត្តពិភពលោក និងសាមគ្គីភាព

2023/09/25 11:30:48 am        85
នាយករដ្ឋមន្ត្រីនៃប្រជុំកោះសូឡូម៉ុង លោក Manasseh Sogavare កាលពីថ្ងៃសុក្រ (២២ កញ្ញា) បានរិះគន់ការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ ដោយពណ៌នាវិធានការនោះថា ជាការវាយប្រហារលើទំនុកចិត្ត និងសាមគ្គីភាពសកល។លោក Sogavare បានប្រាប់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រជុំកោះសូឡូម៉ុង ឈរជាមួយប្រជាជនកោះប៉ាស៊ីហ្វិកដែលមានគំនិតដូចគ្នា ហើយមានការភ័យខ្លាចចំពោះការសម្រេចរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរជាង១លានតោន ទៅក្នុងមហាសមុទ្រនេះ។លោក Sogavare និយាយថា «យើងអំពាវនាវឱ្យប្រទេសជប៉ុន ស្វែងរកជម្រើសផ្សេងទៀតក្នុងការដោះស្រាយទឹកសំណល់នុយក្លេអ៊ែរដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ហើយបញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកនោះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រសិនបើយើងចង់កសាងទំនុកចិត្តឡើងវិញ និងធ្វើឱ្យមានសាមគ្គីភាពជាសាកល យើងត្រូវស្មោះត្រង់ និងផ្ដល់ទំនុកចិត្ត ក្នុងការការពារមហាសមុទ្ររបស់យើង ដែលញើសឈាមជីវិតរបស់ប្រជាជនយើង»។គួររម្លឹកផងដែរថា ប្រទេសជប៉ុនកាល ពីថ្ងៃទី២៤ ខែសីហា បានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងខែមីនា ឆ្នាំ២០១១ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៩,០រ៉ិចទ័រ ដែលបានបង្កើតរលកយក្សស៊ូណាមិដ៏មានឥទ្ធិពល បណ្តាលឱ្យមនាការរលាយនៃម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួនបីគ្រឿងរបស់ខ្លួន ដែលជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕

ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើតជំងឺហ្ស៊ីកា នៅតាមខេត្តមួយចំនួន

2023/09/25 11:27:26 am        231
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ឲ្យមានប្រុងប្រយ័ត្នចំពោះការកើតជំងឺហ្ស៊ីកា (Zika) នៅតាមបណ្តាខេត្តមួយចំនួន។លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានបន្តថា ករណីជំងឺហ្ស៊ីកា(Zika) ចំនួន១ករណី កើតលើកុមារ​អាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលសម្រាក​នៅមនី្ទរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញា ​និងគិតមកដល់ពេលនេះ គឺជាករណីទី៨ ​ចាប់តាំងពីជាងឆ្នាំ២០០០មកម្ល៉េះ ដែលមុនករណីកើតលើកុមារនេះ គឺមាន៧ករណី​រួចមកហើយ។ វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លា ​ដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ ​គឺដូចគ្នានិងមូសខ្លា ​ដែលផ្ទុកវីរុសជំងឺគ្រុនឈាម ​និងគ្រុនឈីក។ ជំងឺហ្ស៊ីក អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាន​នៅ​ក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ​ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកា​ ឆ្លងពីម្តាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។ជាចុងក្រោយលោកវេជ្ជបណ្ឌិត លី សុវណ្ណ ​បានបញ្ជាក់ថា ​គិតមកដល់ម៉ោងនេះ ទាំងមន្រី្តជំនាញ​នៃនាយកដ្ឋានប្រយុទ្ធ​នឹងជំងឺឆ្លងថា្នក់ជាតិ ​បានសហការគ្នាជាមួយមន្រី្តក្រុមឆ្លើយតបបន្ទាន់គ្រប់​ជាន់ថ្នាក់​ទាំងអស់ ​បានចុះទប់ស្កាត់​ ដូចជាការបាញ់សម្លាប់សត្វមុស ​សម្អាតអនាម័យជុំវិញផ្ទះ ក៏ដូចជាក្នុង​សហគមន៍ ជាពិសេសដាក់ផែនការបន្តរុករកជាបន្តបន្ទាប់ទៀត ​ដើម្បីឲ្យប្រាកដថា បើសិនជាមានជំងឺហ្ស៊ីកា យើងត្រូវរកឲ្យឃើញទាន់ពេលវេលា ប្រសិនបើគ្មានករណីជំងឺហ្ស៊ីកាទេ ឲ្យប្រាកដថាវាគ្មាននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយសុំឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបង្ការ​ជានិច្ចចំពោះកុមារតូចៗ ហើយនឹងស្រី្តមានផ្ទៃពោះ។តាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញថា ​ក្នុងករណីស្រី្តមានផ្ទៃពោះ នៅពេលមានមូសខ្លាខាំរួចហើយ ​និងវិជ្ជមានជំងឺហ្ស៊ីកា ​អាចធ្វើឲ្យទារកកើតមកមិនគ្រប់ខែ ឬមួយ​នៅពេលទារកកើតមកមានក្បាលតូច​ ជាគ្រោះថ្នាក់មួយ​ដល់សុខភាពរបស់ទារក និងសុខភាព​ផ្លូវចិត្តរបស់កុមារ។ ទន្ទឹមនឹងនោះបើបងប្អូនប្រជាពលរដ្ឋ ​មានករណីសង្ស័យ ឬមួយចង់រាយការណ៍ និងសួរព័ត៌មានបន្ថែម ​សូមទាក់ទងមកលេខទូរស័ព្ទ ១១៥៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM