កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការលើកលែងទោសអន្តរជាតិជំរុញឲ្យរដ្ឋអារ៉ាប់ចំនួន៤ ប្រាប់ការពិតអំពីមនុស្សដែលបាត់ខ្លួន

2023/08/31 11:14:17 am        309
អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយ៉េម៉ែន ឲ្យបង្ហាញពីជោគវាសនានៃមនុស្សដែលបាត់ខ្លួនក្នុងសង្គ្រាម និងភាពចលាចលជាច្រើនទសវត្សរ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកដែលបាត់ខ្លួនទាំងនោះ។លោកស្រី អាយ៉ា ម៉ាហ្សូប (Aya Majzoub) មកពីអង្គការលើកលែងទោស បានប្រាប់សារព័ត៌មានAFP នៅក្នុងព្រឹត្តិការណ៍មួយជាមួយក្រុមគ្រួសារនៃអ្នកបាត់ខ្លួននៅទីក្រុងបេរូត(Beirut)ថា រដ្ឋមជ្ឈិមបូព៌ាចំនួន៤ មានចំនួនអ្នកបាត់ខ្លួន និងមនុស្សដែលបាត់ខ្លួនដ៏ច្រើន។ លោកស្រី បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានចាត់វិធានការណាមួយ ដើម្បីធានាសិទ្ធិរបស់គ្រួសារទាំងនោះទេ។លោកស្រី ម៉ាហ្សូប បាននិយាយថា ទាំងនេះ ក៏ជាប្រទេសដែលក្រុមគ្រួសារខ្លួនឯង បានរៀបចំ និងដឹកនាំយុទ្ធនាការ និងការតស៊ូមតិទាមទារសិទ្ធិរបស់ពួកគេ»។នៅក្នុងប្រទេសអ៊ីរ៉ាក់ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ២៥០.000នាក់ ទៅមួយលាននាក់ បានខ្លួន ចាប់តាំងពីឆ្នាំ១៩៦៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកបាត់ខ្លួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថាប្រទេសនេះនឹងប្រឈមនឹងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសស៊ីរី

2023/08/31 11:04:18 am        305
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយនិយាយថា ការវាយប្រហារបែបនេះ នឹងប្រឈមមុខនឹងការសងសឹកជាយថាហេតុ។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី ជាទីដែលលោកកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យខូចខាតដល់អាកាសយានដ្ឋានក្រុងអាឡិបប៉ូ (Aleppo) ដោយធ្វើឲ្យផ្លូវយន្តហោះរត់មិនដំណើរការ។ អាកាសយានដ្ឋាននេះ ត្រូវបានកំណត់គោលដៅជាច្រើនលើកក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យវាមិនអាចដំណើរការផងដែរ។អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើគោលដៅ នៅក្នុងផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រទេសនេះ កម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការនេះ។ ជាញឹកញាប់ ការវាយប្រហារសំដៅទៅលើកងកម្លាំងយោធាស៊ីរី ឬក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់៕

ទណ្ឌកម្មរបស់UN ក្នុងប្រទេសម៉ាលី នឹងបញ្ចប់ បន្ទាប់ពីរុស្ស៊ីរារាំងការអនុវត្តន៍បន្ត

2023/08/31 09:27:20 am        420
UN៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើការអនុវត្តន៍បន្តដែលបានដាក់គោលដៅលើអ្នកដែលបំពានឬរារាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលបង្អាក់ការដឹកជញ្ជូនជំនួយ ប្រព្រឹត្តការបំពានសិទ្ធិឬការជ្រើសរើសទាហានកុមារ។ អង្គការឃ្លាំមើលទណ្ឌកម្មអង្គការសហប្រជាជាតិឯករាជ្យ បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះថា កងទ័ពម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ខ្លួន ដែលត្រូវបានគេជឿថាជាក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនWagner របស់រុស្ស៊ី កំពុងប្រើប្រាស់អំពើហិង្សាលើស្ត្រី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីធ្វើឲ្យរាលដាលភាពភ័យខ្លាច។ សមាជិកក្រុមប្រឹក្សា១៣រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានពង្រាងដោយប្រទេសបារាំង និងអារ៉ាប់រួម ដើម្បីបន្ថែមទណ្ឌកម្ម និងការពិនិត្យដោយឯករាជ្យសម្រាប់រយៈពេលមួយឆ្នាំទៀត។ រុស្ស៊ីបានបោះឆ្នោតវ៉េតូ ខណៈប្រទេសចិនបោះឆ្នោតអនុប្បវាទ។ ក្រោយមក រុស្ស៊ី បានជំនួសការបន្ថែមពេលដែលបានស្នើសុំចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីសម្រាប់រយៈពេល១ឆ្នាំចុងក្រោយ ខណៈជប៉ុនបានបោះឆ្នោតប្រឆាំង ហើយសមាជិក១៣រូបដែលនៅសល់ អនុប្បវាទ។អាណត្តិប្រចាំឆ្នាំបច្ចុប្បន្ន សម្រាប់របបការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យឯករាជ្យ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ៕

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

2023/08/31 08:57:00 am        564
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

ប្រជាជនឈីលីស្វែងរកចម្លើយអំពីអ្នកបាត់ខ្លួន ខណៈខួប៥០ឆ្នាំនៃរដ្ឋប្រហារ ត្រៀមប្រារព្ធឡើង

2023/08/31 08:51:59 am        420
ឈីលី៖ ខណៈដែលប្រទេសឈីលីត្រៀមខ្លួនដើម្បីប្រារព្ធខួប៥០ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧៣ ប្រឆាំងនឹងអតីតប្រធានាធិបតីឈីលី លោក Salvador Allende នោះ ប្រជាជនក្នុងប្រទេសនេះកំពុងចោទសួរកាន់តែខ្លាំងឡើង អំពីមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃរបបផ្តាច់ការយោធាបន្ទាប់មកនោះថា «តើអ្នកបាត់ខ្លួនទាំងនោះនៅឯណា?»ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងបង្កើនប្រតិបត្តិការស្វែងរក តាមរយៈផែនការស្វែងរកថ្នាក់ជាតិ បានចាប់ផ្តើមកាលពីថ្ងៃពុធ (៣០ សីហា) ដោយលោកប្រធានាធិបតីឈីលី Gabriel Boric ដើម្បីបង្រួបបង្រួមសំណុំរឿង និងការស៊ើបអង្កេតដោយសង្ឃឹមថានឹងរកឃើញតម្រុយថ្មីៗអំពីការបាត់ខ្លួនទាំងនោះ។ក្នុងអំឡុងពេលរបបផ្តាច់ការរយៈពេល១៧ឆ្នាំដ៏បង្ហូរឈាមរបស់លោកឧត្តមសេនីយ Augusto Pinochet មនុស្សប្រហែល៤០.១៧៥នាក់ត្រូវបានប្រហារជីវិត ចាប់ឃុំខ្លួន និងបាត់ខ្លួន ឬធ្វើទារុណកម្មក្នុងនាមជាអ្នកទោសនយោបាយ នេះបើយោងតាមក្រសួងយុត្តិធម៌ដោយផ្អែកលើការស្វែងរកការពិតដោយបណ្ដាគណៈកម្មការផ្សេងៗ។ មានមនុស្សចំនួន១.៤៦៩នាក់ ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ដែលក្នុងនោះមនុស្ស១.០៩២នាក់ត្រូវបានឃុំខ្លួន និងបាត់ខ្លួន ខណៈដែលមនុស្ស៣៧៧នាក់ទៀត ត្រូវបានប្រហារជីវិត ហើយសាកសពរបស់ពួកគេមិនត្រូវបានប្រគល់ត្រលប់មកវិញនោះទេ៕

ជនជាតិដើមភាគតិចប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាដើម្បីការពារសិទ្ធិដីធ្លីដូនតា

2023/08/31 08:49:37 am        399
ប្រេស៊ីល៖ ក្រុមជនជាតិដើមមកពីទូទាំងប្រទេសប្រេស៊ីល បានតវ៉ាកាលពីថ្ងៃពុធ (៣០ សីហា) នៅទីក្រុង ប្រាស៊ីលីយ៉ា ដើម្បីប្រឆាំងនឹងច្បាប់ ដែលគំរាមកំហែងដល់ដីធ្លីដូនតារបស់ពួកគេ។ ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីមើលការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការបោះបង្គោលព្រំដីជនជាតិដើមភាគតិច។ច្បាប់ដែលបានស្នើឡើងនោះ នឹងកំណត់កាលបរិច្ឆេទកាត់ផ្តាច់សម្រាប់ការទាមទារដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីលបច្ចុប្បន្នត្រូវបានអនុម័ត។ សហគមន៍ជនជាតិដើមភាគតិចណាដែលមិនបានកាន់កាប់ដីរបស់ពួកគេនៅកាលបរិច្ឆេទនោះ នឹងមិនអនុញ្ញាតឱ្យធ្វើការទាមទារនោះទេ នេះបើយោងតាមច្បាប់ដែលបានស្នើឡើង។ក្រុមសកម្មជនជនជាតិដើមភាគតិច ច្រានចោលសេចក្ដីស្នើច្បាប់នេះ ដោយលើកហេតុផលថាជនជាតិដើមភាគតិចជាច្រើនត្រូវបានបណ្ដេញចេញពីទឹកដីដូនតារបស់ពួកគេជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងរបបផ្តាច់ការយោធា៕

ប្រជាពលរដ្ឋរាប់រយនាក់អបអរសាទរ នៅក្នុងរដ្ឋធានីរបស់ប្រទេសហ្កាបុង បន្ទាប់ពីទាហានបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ

2023/08/31 08:46:43 am        459
  ហ្កាបុង៖ មនុស្សរាប់រយនាក់បាន អបអរសាទរនៅកណ្ដាលរដ្ឋធានី លីប្រេវីល (Libreville)របស់ប្រទេស    ហ្កាបុង (Gabon) បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់និយាយថា ពួកគេ បានរឹបអូសអំណាចហើយ។ រូបភាពពីទូរទស្សន៍ ហ្កាបុង បានបង្ហាញពីក្រុមបាតុករកាន់ទង់ជាតិ និងស្រែកពាក្យស្លោក គាំទ្រយោធា ខណៈបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះលោកប្រធានាធិបតី អាលី បុងហ្គោ អុងឌីមបា (Ali Bongo Ondimba) ដែលត្រូវបានទម្លាក់ពីតំណែង ប៉ុន្មាននាទី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់រដ្ឋស្ថិតនៅក្នុងតំបន់អាហ្វ្រិកកណ្ដាល បានប្រកាសថាលោកបានកាន់តំណែងអាណត្តិទី៣។ ទាហានបះបោរក៏បាន ចាប់ប្រធានាធិបតីឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ក្នុងប្រទេសអាហ្វ្រិកកណ្ដាលសំបូរដោយធនធានប្រេងមួយនេះ។ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងធំបំផុតទី២ ព័រហ្សង់ទី (Port-Gentil)របស់ប្រទេសហ្កាបុង បាននាំគ្នាទៅកាន់តាមដងផ្លូវនានាកាលពីថ្ងៃពុធទី៣០ខែសីហា ដើម្បីអបអរសាទរ។ ប៉ុន្មាននាទីនៃការប្រកាសលទ្ធផលឆ្នោត គេបានលឺសំឡេងផ្ទុះអាវុធ នៅកណ្ដាលរដ្ឋធានី ក្រោយមកទាហានស្លៀកពាក់ឯកសណ្ឋានជាង១០នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍ រដ្ឋនិងបានប្រកាសថា ពួកគេបានរឹបអូសអំណាចហើយ។ មិនយូរប៉ុន្មានហ្វូងមនុស្សក៏សម្រុកទៅកាន់តាមដងផ្លូវនានាដើម្បីអបអរសាទរ៕

កម្មករ-កម្មការិនី សប្បាយចិត្តក្រោយនាយករដ្ឋមន្រ្តី ប្រកាសរៀបចំបណ្តុះបណ្ដាល​ជំនាញដល់ពួកគេ

2023/08/30 05:31:58 pm        472
ភ្នំពេញ៖ កម្មករ-កម្មការិនី បំរើការងារនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បាន​សំដែងការពេញចិត្ត និងអរគុណដល់នាយករដ្ឋមន្រ្តី ដែលសម្រេចឱ្យដល់កម្មករ-និយោជិត បានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។កម្មករ-កម្មការិនី បន្តថា ពេលចេះជំនាញច្បាស់លាស់ ​គឺផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់ខ្ញុំ អាច​ទទួល​បានប្រាក់ខែច្រើនជាងមុន ​និងជាពិសេសពេលឈប់ធ្វើការ ហើយមានលុយ​សន្សំ​តិចតួចអាចទៅបើកមុខរបបមួយសមរម្យសម្រាប់ចិញ្ចឹមជីវិតនាពេលអនាគត។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ-និយោជិត ជិត២ម៉ឺននាក់ នាថ្ងៃទី២៩ ខែសីហា ម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំឱ្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្លឿន​ការអនុវត្តកម្មវិធីបណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារ​ងាយ​រងហានិភ័យ​នៅទូទាំង​ប្រទេស​ចំនួនប្រមាណ ១.៥លាននាក់ ​និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ-និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាព ​ប្រសិទ្ធភាព ​ការងារនៅកន្លែងការងារ និងអាជីពនាពេលអនាគត។ ហើយវគ្គបណ្តុះបណ្តាលនេះ ​គួររៀបចំ​នៅវេនពេលយប់ ឬចុងសប្ដាហ៍ ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់កម្មករ-និយោជិត។តាមការគ្រោងទុក ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ​គ្រួសារងាយរងហានិភ័យ និង​កម្មករ-និយាជិត អាចនឹងចាប់ដំណើរការនៅចុងឆ្នាំ២០២៣ ​ឫដើមឆ្នាំ២០២៤ ខណៈបច្ចុប្បន្ន​ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុងមមាញឹករៀបចំ​គោលការណ៍។ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ចូលសិក្សាដោយឥតបង់ថ្លៃ ​និងទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ សិក្សាលើមុខជំនាញជាច្រើនរួមមាន៖ វិស័យសំណង់ អគ្គិសនី មេកានិច អេឡិចត្រូនិក កាត់ដេរ សម្អាងកាយ និងខាងវិស័យទេសសចរណ៍ជាដើម៕ អត្ថបទ៖ទូច សោភ័ណ

ក្រសួងកសិកម្មកំពុងរៀបចំនីតិវិធីជ្រើសរើសមន្ត្រីជំនាញមានឆន្ទៈខ្ពស់ចំនួន១៦០០នាក់ បម្រើការតាមឃុំ-សង្កាត់

2023/08/30 05:21:51 pm        5526
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ​ជំនាញ​កសិកម្ម ប្រមាណ១៦០០នាក់ ​ដើម្បីដាក់ពង្រាយបម្រើការ ​នៅតាមឃុំសង្កាត់នានា នឹង​ចាប់ផ្តើមដំណើរការជ្រើសរើសនៅដើមឆ្នាំ២០២៤ ​និងទៅតាមផែនការគោលនយោបាយរបស់រាជ​រដ្ឋាភិបាល​អាណត្តិទី៧ ​ដើម្បីជួយតម្រង់ផ្លូវកសិករធ្វើដំណាំឲ្យត្រឹមត្រូវ​ និងមានទីផ្សារលក់ចេញ។ឯកឧត្តម ទី ចាន់ណា ក្នុងនាមជាប្រធាននាយកដ្ឋានបុគ្គលិក ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែសីហានេះថា នៅពេលនេះ ក្រសួងកសិកម្ម បាននឹងកំពុងរៀបចំនិតិវិធីការ​ជ្រើសរើស​មន្ត្រីរាជការថ្មីចំនួន១៦០០នាក់ ដែល​មានជំនាញ​កសិកម្ម​ពិតប្រាកដ ហើយមានឆន្ទៈខ្ពស់ ​និងធ្វើការងារជាមួយកសិករនៅតាមឃុំសង្កាត់យូរអង្វែង ដើម្បីជួយ​កសិករចេះពីរបៀបដាំដំណាំ ​មានទីផ្សារលក់ចេញ និង ដោះស្រាយបញ្ហាការលំបាកនានា​របស់​កសិករ ដែលកើតមាននៅក្នុងមូលដ្ឋាន។ឯកឧត្តម ទី ចាន់ណា បញ្ជាក់ថា ការជ្រើសរើសមន្ត្រីជំនាញកសិកម្មឃុំសង្កាត់ គឺធ្វើឡើង​ជា​ពីរដំណាក់កាល ពោលនៅក្នុងឆ្នាំ២០២៤ ​ប្រឡងជ្រើសរើស៨០០នាក់ ​និងឆ្នាំ២០២៥ ប្រឡងជ្រើសរើស៨០០នាក់បន្ថែម។ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ​បានថ្លែងការសប្បាយចិត្តការប្រឡងចូលបម្រើការ​ងារ​នៅតាមឃុំសង្កាត់ ហើយអរគុណ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ដែលបានគាំទ្រ ​និងប្រកាសជ្រើសរើស ​ផ្តល់ឱកាសអោយនិស្សិតរៀនជំនាញកសិកម្មដោយក្រសួង​ជំនាញ​អនុវត្តជ្រើសរើស​ឈរលើគោលការណ៍ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ មានជំនាញពិតប្រាកដ មានសមត្ថភាពប្រឡង ចេះ ជាប់ ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីមកពីរោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ប្រមាណ ១៨០០០នាក់​នៅថ្ងៃម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា​ ការជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្ម បម្រើការតាមឃុំសង្កាត់គឺត្រូវផ្តល់​អាទិភាព​ជូនដល់និស្សិតកសិកម្ម​ និងមន្ត្រីជាប់កិច្ចសន្យាដែលមានជំនាញ​កសិកម្មពិតប្រាកដ ហើយ​ត្រូវពង្រឹងការជ្រើសរើស​ឲ្យបានត្រឹមត្រូវ តម្លាភាព​ យុត្តិធម៌ ចំជំនាញ និងផ្តល់​ប្រសិទ្ធភាព​ការងារ​ឲ្យកសិករនៅតាមមូលដ្ឋាន៕ អត្ថបទ ស៊ុម សុខជា

នគរបាលនីហ្សេរីយ៉ាបានចាប់ខ្លួនមនុស្សជាង២០០នាក់ ដោយសង្ស័យថាស្រលាញ់ភេទដូចគ្នា

2023/08/30 02:26:22 pm        396
នីហ្សេរីយ៉ា៖ នគរបាលនីហ្សេរីយ៉ាបានចាប់ខ្លួនមនុស្សជាង២០០នាក់នៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃចន្ទ (២៨សីហា) នៅក្នុងការចាប់ខ្លួនដ៏ធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលផ្តោតលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារបស់ប្រទេសនេះ។ អ្នកនាំពាក្យនគរបាលនៅរដ្ឋ Delta ភាគខាងត្បូងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ (២៩សីហា)ថា មនុស្ស៦៧នាក់នឹងត្រូវបានកាត់ទោសពីបទ «បានប្រព្រឹត្តនិងចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នា»។ទំនាក់ទំនងផ្លូវភេទដូចគ្នា ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ បានអនុម័តការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទចូលទៅក្នុងសហជីពស៊ីវិលភេទដូចគ្នា។ នៅក្នុងការផ្សាយបន្តផ្ទាល់កាលពីថ្ងៃអង្គារ មន្ត្រីនគរបាលម្នាក់បានពណ៌នាព្រឹត្តិការណ៍នេះថាជារឿងដ៏អាក្រក់ ហើយមន្រ្តីរូបនោះបន្ថែមថា «យើងមិនអាចចម្លងតាមវប្បធម៌ពិភពលោកខាងលិចបានទេ ព្រោះយើងជានីហ្សេរីយ៉ា ហើយយើងត្រូវតែធ្វើតាមវប្បធម៌របស់ប្រទេសយើង»។អង្គការលើកលែងទោសអន្តរជាតិនីហ្សេរីយ៉ាបានថ្កោលទោសស្ថានភាពនេះថាជា «ការព្យាយាមទម្លាក់កំហុសដ៏អាក្រក់បំផុត»។ អង្គការនេះបានអំពាវនាវឱ្យនគរបាលរដ្ឋ Delta ដោះលែងអ្នកជាប់ឃុំឃាំង ដែលត្រូវបានចាប់ខ្លួន និងបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបញ្ចប់ជាបន្ទាន់ចំពោះការចាប់ខ្លួនដោយមានគំនិតអាក្រក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM