កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមន្ត្រីយោធាប្រទេសហ្គាបុងអះអាងថា បានដណ្តើមអំណាចក្រោយការបោះឆ្នោត

2023/08/30 02:11:52 pm        440
ហ្គាបុង៖ ក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសហ្គាបុង បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិនៅព្រឹកព្រលឹមថ្ងៃពុធ (៣០សីហា)នេះ ហើយបាននិយាយថាពួកគេបានឡើងកាន់អំណាច បន្ទាប់ពីស្ថាប័នបោះឆ្នោតរដ្ឋបានប្រកាសថា លោកប្រធានាធិបតី Ali Bongo បានឈ្នះឆ្នោតអាណត្តិទីបី។ដោយលេចមុខតាមកញ្ចក់ទូរទស្សន៍ហ្គាបុងបុស្តិ៍លេខ២៤ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ពួកគេតំណាងឲ្យកម្លាំងសន្តិសុខ និងកម្លាំងការពារទាំងអស់ក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។ ពួកគេបាននិយាយថា លទ្ធផលបោះឆ្នោតត្រូវបានលុបចោល ព្រំដែនទាំងអស់ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម ហើយស្ថាប័នរដ្ឋក៏ត្រូវបានរំលាយផងដែរ។អ្នកយកព័ត៌មាន រ៉យទ័រ ម្នាក់បាននិយាយថា សំឡេងកាំភ្លើងធំអាចត្រូវបានគេឮនៅក្នុងរដ្ឋធានី Libreville (លីប្រេវីល) បន្ទាប់ពីការបង្ហាញខ្លួនតាមទូរទស្សន៍នោះ។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា «ក្នុងនាមប្រជាជនហ្គាបុងទាំងអស់ យើងបានសម្រេចចិត្តការពារសន្តិភាពដោយការបញ្ចប់របបបច្ចុប្បន្ន»។ប្រសិនបើការដណ្ដើមអំណាចនោះបានជោគជ័យ រដ្ឋប្រហារមួយនេះនឹងតំណាងឱ្យរដ្ឋប្រហារទីប្រាំបីនៅអាហ្វ្រិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ២០២០មក។ គួររម្លឹកផងដែរថា រដ្ឋប្រហារនៅប្រទេសម៉ាលី ហ្គីណេ ប៊ូគីណាហ្វាសូ ឆាដ និងនីហ្សេ និងបានធ្វើឱអន្តរាយដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖អ៊ុយក្រែនបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតលើដីរុស្ស៊ីក្នុងរយៈពេល១៨ ខែ

2023/08/30 02:09:15 pm        397
អ៊ុយក្រែន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនដ៏ធំលើតំបន់ចំនួន៦ក្នុងប្រទេសរុស្ស៊ីនៅពេលយប់ថ្ងៃពុធ ដែលធ្វើ្វឲ្យវាក្លាយជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតរបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល១៨ខែ។ប្រទេសរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយយានដ្រូន ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើតំបន់ចំនួន៤នៅភាគខាងត្បូងនៃទីក្រុងមូស្គូ គឺ កាលូហ្គា ( Kaluga), រីអាហ្សាន(Ryazan) ប្រ៊ីអានស្ក៍ (Bryansk)និងអ័រយ៉ូល ( Oryol) ក៏ដូចជាតំបន់មូស្គូខ្លួនឯង និងតំបន់ប៉េស្កូវ (Pskov) នៅភាគពាយព្យនៃប្រទេស នៅជិតប្រទេសអេស្តូនី។ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ការវាយប្រហារនៅតំបន់ប៉េស្កូវ បានបង្កការខូចខាតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងនេះ ដោយបានបំផ្លាញយន្តហោះដឹកជញ្ជូនយោធាចំនួន៤គ្រឿង។ ជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋានសម្រាប់ថ្ងៃពុធ ត្រូវបានលុបចោល ខណៈដែលក្រុមមន្ត្រីក្នុងតំបន់វាយតម្លៃការខូចខាត៕

UN កោតសរសើរកម្ពុជាដែលផ្តួចផ្តើម កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម

2023/08/30 01:56:01 pm        448
ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការ​សហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករ​សកល​ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាល​យុត្តិធម៌»​នៅព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។ សូមជម្រាបជូនថា កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ ​គឺជាគំនិតផ្តួចផ្តើមមួយ ​ដែលបានដាក់ចេញកាលពីខែកញ្ញា​ ឆ្នាំ២០២១ ដើម្បីជួយ​រដ្ឋ​សមាជិកដោះស្រាយវិបត្តិ ​ពន្លឿន​ការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុន​ក្នុងការអភិវឌ្ឍ​សង្គម​អន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការ​ដាក់ឱ្យ​ទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។ ភាគី យូអិន បានបញ្ជាក់ថា ​គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការបង្កើតការងារ​សមរម្យ​ចំនួន ៤០០លានកន្លែង ​និងការពង្រីកការគាំពារសង្គមដល់ប្រជាជន ​៤ពាន់លាននាក់ ដែល​បច្ចុប្បន្នមិនត្រូវបានរួមបញ្ចូល និងដើម្បីជួយសម្រួលដល់អន្តរកាល «ដោយយុត្តិធម៌» សម្រាប់ទាំងអស់គ្នា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺស្របគ្នា​ទៅនឹងអាទិភាពការងាររបស់រារដ្ឋាភិបាលកម្ពុជា​ដែលបានកំណត់នៅក្នុង​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ​ក្រោមការដឹកនាំរបស់ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តម បានបន្តថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តោតជាអាទិភាពក្នុងការអភិវឌ្ឍជំនាញ និងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម ដែល​ចំណុច​ទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងការកសាងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តកាតាលីករ​សកលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់ភ្នាក់ងាររបស់អង្គការ​សហប្រជាជាតិ​ទាំងអស់ ​សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តអភិវឌ្ឍន៍​វិស័យការងារនៅកម្ពុជា៕

គ្រូបង្រៀនអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានកាត់ទោសប្រហារជីវិតជុំវិញការរិះគន់គ្រួសារដែលកំពុងកាន់អំណាចនៅលើបណ្តាញសង្គម

2023/08/30 01:46:23 pm        396
អារ៉ាប៊ីសាអ៊ូឌីត៖ តុលាការអារ៉ាប៊ីសាអ៊ូឌីត បានកាត់ទោសប្រហារជីវិតគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ជុំវិញការរិះគន់គ្រួសារដែលកំពុងកាន់អំណាចនៅក្នុងសារទៅកាន់អ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៩នាក់របស់គាត់។យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស លោក ម៉ូហាមេដ អាល់ ហ្គាមឌី (Mohammed al-Ghamdi) មានវ័យ ៥៤ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃទី១០ ខែកក្កដាសម្រាប់បទល្មើសផ្សេងៗទាក់ទងនឹងសកម្មភាពរបស់គាត់នៅលើកម្មវិធីYouTube និង X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitter។ សេចក្តីសម្រេចនេះ អាចជាការកាត់ទោសប្រហារជីវិតលើកដំបូងសម្រាប់ការបង្ហោះតាមបណ្តាញសង្គម។តាមរបាយការណ៍ ការចោទប្រកាន់ដែលត្រូវបានចោទប្រកាន់លើគ្រូបង្រៀនដែលចូលនិវត្តន៍នោះ រួមមាន«ការពិពណ៌នាអំពីព្រះមហាក្សត្រ ឬរជ្ជទាយាទ ក្នុងផ្លូវមួយដែលធ្វើប៉ះពាល់សាសនា ឬយុត្តិធម៌» «គាំទ្រមនោគមវិជ្ជាភេរវកម្ម» និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ «ដោយមានចេតនាអនុវត្តឧក្រិដ្ឋកម្មភេរវកម្ម»។កាលពីថ្ងៃព្រហស្បតិ៍ ប្អូនប្រុសរបស់លោក ម៉ូហាមេដ គឺលោកសាអ៊ីដ ហ្គាមឌី ( Saeed al-Ghamdi) បានបង្ហោះលើ Twitter ថា ការកាត់ទោសលើបងប្រុសរបស់លោក អាចជាការប៉ុនប៉ង «បំបាក់ទឹកចិត្តខ្ញុំផ្ទាល់ បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបញ្ជូនខ្ញុំទៅប្រទេស»។ លោកសាអ៊ីដ ជាអ្នកប្រាជ្ញឥស្លាម រស់នៅក្នុងការនិរទេសខ្លួនឯងក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត តាមចាប់ខ្លួន៕

ទីភ្នាក់ងារប្រេស៊ីល៖ រុស្ស៊ីនឹងមិនស៊ើបអង្កេតការធ្លាក់យន្តហោះរបស់លោក Prigozhin ក្រោមច្បាប់អន្តរជាតិ

2023/08/30 01:44:05 pm        398
រុស្ស៊ី៖ ទីភ្នាក់ងារប្រេស៊ីល កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់អាជ្ញាធរស៊ើបអង្កេតយន្តហោះរបស់ប្រទេសប្រេស៊ីលថា ខ្លួននឹងមិនស៊ើបអង្កេតការធ្លាក់យន្តហោះ Embraer ផលិតនៅប្រទេសប្រេស៊ីល ដែលបានសម្លាប់មេដឹកនាំរបស់ក្រុមទាហានស៊ីឈ្នួល លោក Yevgeny Prigozhin ក្រោមច្បាប់អន្តរជាតិ នាពេលនេះនោះទេ។សូមបញ្ជាក់ថា លោក Prigozhin អនុសេនីយ៍ឯក ២រូបនៃក្រុមទាហានស៊ីឈ្នួល Wagner របស់លោក និងអង្គរក្ស ៤នាក់ សុទ្ធតែស្ថិតនៅក្នុងចំណោមមនុស្ស ១០នាក់ ដែលបានបាត់បង់ជីវិត នៅពេលដែលយន្តហោះ Embraer Legacy 600 បានធ្លាក់នៅភាគខាងជើងទីក្រុងម៉ូស្គូ កាលពីសប្តាហ៍មុន។មរណភាពរបស់មេដឹកនាំរូបនេះ កើតមានឡើងក្នុងរយៈពេល ២ខែ មកទល់នឹងថ្ងៃកើតហេតុនោះ ពោលគឺបន្ទាប់ពីមានការបះបោររយៈខ្លីមួយប្រឆាំងនឹងស្ថាប័នការពារជាតិរុស្ស៊ី ដែលការរំជើបរំជួលមួយវឹបនោះ បានបង្កជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ចាប់តាំងពីលោកបានឡើងកាន់អំណាច ក្នុងឆ្នាំ១៩៩៩។ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនោះ ក្នុងគោលបំណងធ្វើឲ្យសុវត្ថិភាពអាកាសចរណ៍ប្រសើរឡើង មជ្ឈមណ្ឌលស្រាវជ្រាវ និងការពារឧបទ្ទវហេតុផ្លូវអាកាសរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា CENIPA បាននិយាយថា ខ្លួននឹងចូលរួមការស៊ើបអង្កេតដែលដឹកនាំដោយរុស្ស៊ី ប្រសិនបើមានការអញ្ជើញ ហើយការស៊ើបអង្កេតធ្វើឡើងក្រោមច្បាប់អន្តរជាតិ។បន្ទាប់ពីមជ្ឈមណ្ឌល បានផ្ញើសារអេឡិចត្រូនិក កាលពីសប្តាហ៍មុន ដោយសួរទៅប្រទេសរុស្ស៊ីថា តើខ្លួននឹងបើកការស៊ើបអង្កេតដែរ ឬទេ នាយក CENIPA លោក Marcelo Moreno បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «អាជ្ញាធររុស្ស៊ីមិនមានកាតព្វកិច្ច ក្នុងការស៊ើបអង្កេតនោះឡើយ ដោយនេះគ្រាន់តែជាការផ្តល់អនុសាសន៍ឲ្យមានសកម្មភាពបែបនេះប៉ុណ្ណោះ»។យ៉ាងណាក្ដី CENIPA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិកថា បជ្ឈមណ្ឌលទទួលបានការឆ្លើយតបពីគណៈកម្មាធិការអាកាសចរណ៍អន្តររដ្ឋ ដែលជាគណៈកម្មការស៊ើបអង្កេតឧប្ទវហេតុ (IAC) កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) ដោយអាជ្ញាធររុស្ស៊ី បានប្រាប់ថា ខ្លួននឹងមិនបើកឲ្យមានការស៊ើបអង្កេតនាពេលនេះនោះទេ តាមឧបសម្ព័ន្ធទី១៣ (Annex 13)៕

នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសកាលបរិច្ឆេតសម្រាប់ការធ្វើប្រជាមតិជនជាតិដើមភាគតិច

2023/08/30 01:41:45 pm        377
អូស្រ្តាលី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយថា ការធ្វើប្រជាមតិជាប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិដើមភាគតិចរបស់ប្រទេសមួយនេះ នឹងត្រូវព្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា ខាងមុខនេះ ។  ប្រជាពលរដ្ឋអូស្រ្តាលី នឹងត្រូវគេសួរឲ្យបោះឆ្នោតថាតើពួកគេគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញឬយ៉ាងណា ឲ្យរួមបញ្ចូល “សំឡេងសភា” ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាប៉ះពាល់ជនជាតិភាគតិច អាប៊័ររិចនី និងប្រជាពលរដ្ឋរស់នៅលើកោះ Torres Strait ។  ទោះបីជាយ៉ាងណាក៏ដោយ អូស្រ្តាលី គ្មានសន្ធិសញ្ញាជាមួយជនជាតិដើមភាគតិចនោះទេ ដែលមានចំនួនស្មើនឹង ៣,២ភាគរយនៃចំនួនប្រជាពលរដ្ឋជិត ២៦លាននាក់របស់ពួកគេ ហើយនិងស្ថិតនៅពីក្រោមមធ្យមភាគជាតិនៃវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ។   ជនជាតិភាគតិចទាំងអស់នេះ មិនត្រូវបានអះអាងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ បើទោះបីជាពួកគេបានរស់នៅលើទឹកដីអូស្រ្តាលីអស់រយៈពេលជាង ៦ម៉ឺនឆ្នាំក៏ដោយ ។  គួរឲ្យដឹងថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញណាមួយនៅអូស្រ្តាលី ត្រូវការការធ្វើប្រជាមតិថ្នាក់ជាតិ ហើយការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនៅប្រទេសអូស្រ្តាលី ពិតជាពិបាកខ្លាំងណាស់ ។   កាលពីមុន មាននូវសំណើរចំនួន ៤៤សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ អំឡុងការធ្វើប្រជាមតិ ១៩លើក ហើយមានតែសំណើរចំនួន ៨ប៉ុណ្ណោះ នៅក្នុងចំណោមសំណើរទាំងអស់នេះ បានអនុម័ត ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជំរុញឲ្យមានទំនាក់ទំនងកាន់តែច្រើនជាងនេះជាមួយចិន

2023/08/30 01:39:25 pm        387
អាមេរិក៖រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និយាយនៅថ្ងៃពុធនេះថា ការទំនាក់ទំនងបន្ថែមទៀត ត្រូវការចាំបាច់រវាងចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំង ២ បានយល់ព្រមចាប់ផ្តើមឲ្យក្រុមការងារបញ្ហាពាណិជ្ជកម្មជួបគ្នាច្រើនលើកនៅក្នុងឆ្នាំនេះ ។  ពេលផ្តល់អនុសាសន៍នៅកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកក្នុងទីក្រុងសៀងហៃ លោកស្រី Raimondo បន្តថា សហរដ្ឋអាមេរិក និងចិន មាននូវទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ និងទ្រង់ទ្រាយធំ ។   លោកស្រី Raimondo គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកដំបូងគេបំពេញទស្សនកិច្ចមកកាន់ចិនក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ហើយនិងជាមន្រ្តីចុងក្រោយគេរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរមកកាន់ប្រទេសមួយនេះ ដើម្បីពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របពេលដែលជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ធ្វើឲ្យរង្គោះរង្គើរដល់ទំនាក់ទំនងពាណិជ្ជកម្ម ។  លោកស្រី Raimondoនឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិន ហើយកាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយសមភាគីចិនលោក Wang Wentao នៅក្នុងទីក្រុងប៉េកាំង ៕

ក្រុមជួយសង្រ្គោះបង្កើនកិច្ចខិតខំជម្លៀសខ្លួន ពេលភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅតំបន់ភាគខាងកើត និងភាគកណ្តាលប្រទេសចិន

2023/08/30 01:37:17 pm        282
ចិន៖  ទូរទស្សន៍ CCTV រាយការណ៍ថា ក្រុមជួយសង្រ្គោះ បានបង្កើនកិច្ចខិតខំជម្លៀសខ្លួនមនុស្សរបស់ពួកគេនៅតំបន់ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេសចិន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បង្កភាពវឹកវរ និងធ្វើឲ្យកើតមានទឹកជំនន់ដ៏គំហក់ ។  រូបភាពវីដេអូឃ្លីបពី CCTV ឃើញក្រុមឆ្លើយតបសង្រ្គោះបន្ទាន់នៅក្នុងខេត្តហ៊ូប៉ី និងខេត្តជាំងហ្ស៊ី ដើរលុកទឹកដែលមានទឹកជំនន់ខ្ពស់ ទៅកាន់ប្រជាពលរដ្ឋដែលជាប់ខ្លួន មុនពេលជម្លៀសពួកគេតាមទូកពោង ហើយនិងតាមខ្សែពួរ ។  ប្រទេសចិន ទទួលរងការភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលមានរដូវក្តៅសើមខុសពីធម្មតា ។ កាលពីចុងខែកក្កដា ព្យុះទីហ្វុង Dokusriបណ្តាលមានភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់ដែលមានក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្នុងនោះទីក្រុងប៉េកាំង មានភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ១៤០ឆ្នាំ ។  រដ្ឋាភិបាលចិន បានអំពាវនាវផងដែរឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះទឹកជំនន់ ស្របពេលដែលព្យុះទីហ្វុង Saola បច្ចុប្បន្នបោកបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការព្យាករណ៍ បង្ហាញវានឹងបោកបក់មកដល់ដីគោកខេត្តក្វាងទុងនៅថ្ងៃសុក្រខាងមុខនេះ ៕

ជប៉ុន ស្នើឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋបញ្ឈប់ការរំខានបន្ទាប់ពីការចាប់ផ្តើមបញ្ចេញទឹកសំណល់

2023/08/30 01:34:55 pm        227
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់សកម្មភាពរំខាន រួមមានការហៅទូរស័ព្ទពុំទំនង និងការគប់ដុំថ្មទៅលើអគារការទូតនិងសាលារៀនជប៉ុន ក្នុងការឆ្លើយតបទៅនឹងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ។ លោក Kishida និយាយថា «ខ្ញុំត្រូតែនិយាយថា «វាជារឿងគួឲ្យសោកស្តាយ»។លោក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Wu Jianghao ដើម្បីស្នើសុំថា ពលរដ្ឋចិនគួធ្វើសកម្មភាពស្ងប់ស្ងាត់ និងទទួលខុសត្រូវ។ ការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តជាច្រើនទសវត្សរ៍ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមអ្នកនេសាទ និងបណ្តាប្រទេសជិតខាង។ ប្រទេសចិន បានដាក់បម្រាមភ្លាមៗលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ជាការឆ្លើយតប។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់ បានចូលរួមប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នេះ។ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសជប៉ុន NHK បាននិយាយថាការហៅទូរស័ព្ទរំខានរាប់ពាន់លើកមកពីប្រទេសចិន បានដាក់គោលដៅលើការិយាល័យរដ្ឋាភិបាលខេត្ត Fukushima និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថាអ្នកហៅទូរស័ព្ទ បានស្រែកជាភាសាចិន ហើយមួយចំនួនទៀតនិយាយខ្លាំងៗថា «ល្ងង់ណាស់» និងពាក្យជេប្រមាថផ្សេងៗទៀត៕

ទីភ្នាក់ងារអវកាសឥណ្ឌា បញ្ចេញរូបភាពយានរុករករបស់យានចម្លងចន្រ្តាយាន-៣ស្វែងរកមាត់ភ្នំភ្លើងលើផ្ទៃឋានព្រះច័ន្ទ

2023/08/30 01:32:39 pm        248
ឥណ្ឌា៖  ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពថ្មីនូវការរកឃើញចុងក្រោយគេរបស់យានរុករក Pragyaan នៃយានអវកាសចន្រ្តាយាន-៣(Chandrayaan-3) នៅលើផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទកាលពីថ្ងៃចន្ទ ។  យោងតាមយានរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) យានរុករកនេះ ស្ថិតនៅក្នុងដំណើររបស់វារកឃើញមាត់ភ្នំភ្លើងដែលមានរង្វាស់ប្រវែង ៤ម៉ែត្រ ហើយយានរុករកនេះ ឈរលើទីតាំងចម្ងាយ ៣ម៉ែត្រនៅមុខទីតាំងរបស់វា ។  ទីភ្នាក់ងារអវកាសមួយនេះ និយាយថា យានរុករកដែលត្រូវបានបញ្ជាឲ្យស្វែងរកផ្លូវដោយ ISRO បច្ចុប្បន្នកំពុងធ្វើដំណើរដោយសុវត្ថិភាពឆ្ពោះទៅកាន់ផ្លូវថ្មី ។  បេសកកម្មនេះ ត្រូវបានគេយល់ព្រមឲ្យពិសោធន៍លើទីតាំងជាច្រើនកន្លែង ដែលការតាមដានកម្តៅផ្ទៃឋានព្រះច័ន្ទ ត្រូវបានបញ្ជូនទៅកាន់ ISRO ។  គួររំឭកថា យានអវកាស Chandrayaan -3បានចុះចតនៅតំបន់ប៉ូលខាងត្បូងដែលមិនទាន់រុករកនៅលើឋានព្រះច័ន្ទ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសលើកដំបូងគេ សម្រេចបានជោគជ័យធំមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបេសកកម្ម Luna-25របស់រុស្ស៊ី បរាជ័យនៅក្នុងបេសកកម្មស្រដៀងគ្នា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM