ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមកាយរិទ្ធិ៍ត្រៀមចាកចេញពីទីតាំងបោះជំរំនៅកូរ៉េខាងត្បូងមុនព្យុះទីហ្វុងមកដល់

2023/08/08 12:01:26 pm        185
កូរ៉េខាងត្បូង៖ ក្រុមកាយរិទ្ធិ៍ ត្រូវបានគេឃើញកំពុងរៀបចំសម្រាប់ការជម្លៀសខ្លួនពីទីតាំងបោះជំរំក្នុងពិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ មុនពេលការខិតចូលជិតមកដល់នៃព្យុះទីហ្វុង។អ្នករៀបចំនិយាយកាលពីថ្ងៃចន្ទថា មនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីទីតាំងបោះជំរំនៅក្នុងតំបន់ដីគោកដែលទទួលបានសិទ្ធក្នុងការរៀបចំ នៅក្នុងខេត្ត Jeolla ភាគនិរតី។ អ្នករៀបចំនិយាយថា អ្នកចូលរួមប្រមាណ៣៦.៦០០នាក់ នឹងឡើងជិះរថយន្តក្រុងនៅថ្ងៃអង្គារនេះទៅកាន់តំបន់នានាចេញឆ្ងាយពីផ្លូវព្យុះទីហ្វុង Khanun ដែលបានបង្កការបំផ្លាញរួចទៅហើយនៅប្រទេសជប៉ុនភាគខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងវាយបក់ទៅលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។ក្រុមមន្ត្រីកំពុងស្វែងរកទីកន្លែងដែលអាចផ្លាស់ប្តូរគ្នា និងទីកន្លែងស្នាក់នៅ នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូល។ ពិធីជួបជុំក្រុមកាយរិទ្ធិ៍ត្រូវបានកំណត់ពេលដំណើរការរហូតដល់ថ្ងៃទី១២ ខែសីហា ដែលនឹងនៅបន្ត៕

មនុស្សរាប់ពាន់នាក់នៅហៃទី ធ្វើបាតុកម្មទាមទារសុវត្ថិភាពពីក្រុមជនអន្ធពាលហិង្សា

2023/08/08 11:58:38 am        74
ហៃទី៖ មនុស្សរាប់ពាន់នាក់ដោយមានបិទមុខរបស់ពួកគេដើម្បីបិទបាំងអត្តសញ្ញាណ បានដង្ហែរបាតុកម្មឆ្លងកាត់រដ្ឋធានីប្រទេសហៃទីកាលពីថ្ងៃចន្ទ ទាមទារការការពារពីក្រុមជនអន្ធពាលហិង្សាជាអ្នកដែលកំពុងចូលលួចប្លន់នៅទីជិតខាងក្នុងរដ្ឋធានីព័រអូប្រាំង និងលើសពីនេះ។ ជីវិតរស់នៅរាល់ថ្ងៃរបស់ពលរដ្ឋហៃទី ត្រូវបានរំខានដោយអំពើហិង្សាពីជនអន្ធពាលឥតឈប់ឈរ ដែលបានបង្កឲ្យមានភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈប្រទេសនេះរង់ចាំការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការដាក់ពង្រាយដ៏មានសក្តានុពលនៃកងកម្លាំងប្រដាប់អាវុធអន្តរជាតិ។ យើងចង់បានសន្តិសុខ ហ្វូងមនុស្សបានស្រែកដូច្នេះខណៈចេញធ្វើបាតុកម្មរយៈពេល២ម៉ោងពីសហគមន៍ Carrefour-Feuilles (កាហ្វួរ ហ្វើយ) ដែលជួបបញ្ហា ទៅកាន់ជំរំ de Mars នៅក្នុងតំបន់ទីប្រជុំជន ហើយបន្ទាប់មកទៅកាន់លំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ជាកន្លែងដែលនគរបាលបានបំបែកបាតុកម្មដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក។នាង Wilene Joseph អាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរតាមដងផ្លូវនិងជាម្តាយមានកូន២នាក់ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការការពារបាននិយាយថា ខ្ញុំពុំអាចធ្វើការងារបាន ខ្ញុំពុំអាចចេញទៅខាងក្រៅ ខ្ញុំដូចជាអ្នកទោសម្នាក់នៅតែក្នុងលំនៅឋាន។ នាង Joseph និយាយអំពីកូនៗរបស់នាង មានអាយុ៥ឆ្នាំ និង៧ឆ្នាំ ថា ខ្ញុំព្រួយបារម្ភអំពីកូនៗរបស់ខ្ញុំព្រោះតែគ្រាប់កាំភ្លើងកំពុងហោះមកពីគ្រប់ទិសដៅគ្រប់ពេលវេលា។ ស្ថានការណ៍បែបនេះពុំអាចទទួលយកបាននោះទេ។ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse( ចូវ៉ិនណែល ម៉ូអ៊ីស) ក្នុងឆ្នាំ២០២១ អ្នកជំនាញនិយាយថា ក្រុមជនអន្ធពាល បានដណ្តើមយកការគ្រប់គ្រងរហូតដល់៨០ភាគរយ នៅទីក្រុងព័រអូប្រាំង ដែលមានការសម្លាប់ ការចាប់ជំរិត និងការរាលដាលការភ័យខ្លាចនៅក្នុងសហគមន៍ជាច្រើនដែលកំពុងទទួលរងភាពក្រីក្រតែក្នុងតំបន់រួចទៅហើយ៕

រុស្ស៊ីនឹងបាញ់បង្ហោះយានចុះចត នៅភពព្រះចន្ទលើកដំបូង តាំងពីឆ្នាំ១៩៧៦ ដើម្បីប្រណាំងប្រជែងជាមួយយានអវកាសឥណ្ឌា

2023/08/08 11:56:16 am        79
រុស្ស៊ី៖ ប្រទេសរុស្ស៊ីនឹងបាញ់បង្ហោះយានអវកាសចុះចត នៅភពព្រះចន្ទ ជាលើកដំបូង ក្នុងរយៈពេល ៤៧ឆ្នាំ នៅថ្ងៃសុក្រ (ទី១១ ខែកក្កដា) នេះ ដើម្បីប្រណាំងប្រជែងជាមួយប្រទេសឥណ្ឌា ក្នុងការឆ្ពោះទៅកាន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលជាកន្លែងប្រភពទឹកដ៏មានសក្តានុពល សម្រាប់ទ្រទ្រង់វត្តមានមនុស្ស នាពេលអនាគត នៅទីនោះ។ដោយកំណត់ការចុះចតនៅប៉ូល នាថ្ងៃទី២៣ ខែសីហា ការបាញ់បង្ហោះពីកន្លែងបាញ់បង្ហោះតារាសាស្ត្រ Vostochny ដែលមានទីតាំងចម្ងាយ ៣,៤៥០ម៉ាយល៍ (៥,៥៥០គីឡូម៉ែត្រ) ភាគខាងកើតទីក្រុងម៉ូស្គូ នឹងកើតមានឡើងក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ជូនយានចន្ត្រាយាន-3 (Chandrayaan-3) ទៅចុះចតនៅភពព្រះចន្ទ។ដោយសារកត្តាភូមិសាស្ត្រ ពោលគឺផ្ទៃដីមានលក្ខណៈរដិបរដុប ធ្វើឲ្យការចុះចតនៅទីនោះ មានការលំបាក ប៉ុន្តែប៉ូលខាងត្បូង គឺជាគោលដៅដ៏មានតម្លៃមួយ ពីព្រោះអ្នកវិទ្យាសាស្ត្រជឿថា ទីនោះអាចផ្ទុកបរិមាណទឹកកកសំខាន់ៗ ដែលអាចប្រើសម្រាប់ការទាញយកឥន្ធនៈ និងអុកស៊ីហ្សែន ក៏ដូចជាទឹកសម្រាប់បរិភោគផងដែរ។ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា យានអវកាស Luna-25 របស់ខ្លួន នឹងចំណាយពេល ៨ថ្ងៃ ដើម្បីហោះហើរទៅកាន់ភពព្រះចន្ទ ហើយបន្ទាប់មកចំណាយពេលពី ៥ ទៅ ៧ថ្ងៃ ក្នុងគន្លងភពព្រះចន្ទ មុនពេលចុះចតនៅលើទីតាំងចុះចតមួយក្នុងចំណោមទីតាំងចុះចតចំនួន៣ ដែលអាចចុះចតនៅកៀកនឹងប៉ូល ដោយតារាងពេលវេលាបញ្ជាក់ថា យាននោះអាចផ្គូផ្គង ឬយកឈ្នះតិចតួចលើគូប្រជែងឥណ្ឌា ក្នុងការចុះចតលើផ្ទៃរបស់ភពព្រះចន្ទនេះ។សូមបញ្ជាក់ថា យានចន្ត្រាយាន-3 (Chandrayaan-3) របស់ឥណ្ឌា គ្រោងនឹងដំណើរការកិច្ចការពិសោធន៍រយៈពេលពីរសប្តាហ៍ ខណៈដែលយាន Luna-25 របស់រុស្ស៊ីនេះ នឹងធ្វើការងាររបស់ខ្លួននៅលើភពព្រះចន្ទរយៈពេលមួយឆ្នាំ៕

មនុស្ស៨នាក់ស្លាប់ក្នុងគ្រោះបំណាក់ដី និងទឹកជំនន់ នៅក្នុងប្រទេសវៀតណាមភាគខាងជើង

2023/08/08 11:53:43 am        113
វៀតណាម៖ យោងតាមគណៈកម្មការជាតិបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទ បំណាក់ដីនិងទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃ បានឆក់យកជីវិតមនុស្សសរុបចំនួន៨នាក់ និង៣នាក់ផ្សេងទៀតរងបរបួស នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ដល់ទី៦ខែសីហា។ គណៈកម្មការខាងលើនិយាយថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ៤នាក់នៅក្នុងខេត្តឡៃឆូ(Lai Chau)២នាក់នៅក្នុងខេត្តយិនបៃ (Yen Bai) ម្នាក់នៅក្នុងខេត្តថៃ ង្វ្រៀន(Thai Nguyen) និងម្នាក់ទៀតនៅក្នុងខេត្តសើនឡា (Son La) ដោយបន្ថែមថា មនុស្ស៣នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងខេត្តឡៃឆូ ។ យោងតាមគណៈកម្មការនេះ គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញលំនៅឋានចំនួន២៤ខ្នង និងផ្ទះសម្បែង១២៨ខ្នងទៀតរងការខូចខាត ព្រមទាំងផ្ទៃដីដំណាំស្រូវ និងដំណាំផ្សេងទៀតចំនួន៣០ហិចតា ក៏ត្រូវបានខូចខាតផងដែរ។កាសែតក្នុងស្រុកវៀតណាម បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី៤ខែសីហាមក តំបន់ភាគខាងជើងនេះ បានកត់ត្រាកម្រិតភ្លៀងធ្លាក់ពី១០០ទី២០០មីលីម៉ែត្រ និងជិត៤០០មីលីម៉ែត្រនៅក្នុងតំបន់មួយចំនួន បណ្ដាលឲ្យមានទឹកជំនន់នៅតាមទន្លេតូចៗ បង្កជាទឹកជំនន់ដ៏គំហុក និងបំណាក់ដីជាដើម ៕

ប្រទេសអ៊ុយក្រែនចាប់ឃុំខ្លួនស្ត្រីម្នាក់ពីបទប៉ុនប៉ងវាយប្រហារលើហ្សេឡិនស្គី

2023/08/08 11:51:07 am        101
អ៊ុយក្រែន៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែសីហា) ថា ខ្លួនបានឃុំខ្លួនអ្នកផ្តល់ព័ត៌មានម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជួយប្រទេសរុស្ស៊ីរៀបចំផែនការវាយប្រហារលើលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) នៅពេលដែលលោកបានចុះទៅមើលតំបន់ដែលរងគ្រោះដោយទឹកជំនន់។សេវាសន្តិសុខ SBU បានឲ្យដឹងថា ស្ត្រីដែលត្រូវបានឃុំខ្លួនកំពុងប្រមូលផ្តុំការស៊ើបការណ៍ ដើម្បីព្យាយាមស្វែងរកផ្លូវធ្វើដំណើររបស់លោកហ្សេឡិនស្គី មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់មីកូឡេអ៊ីវ (Mykolaiv) ភាគខាងត្បូង។សេវានេះ បានផ្សព្វផ្សាយរូបភាពមិនច្បាស់របស់ស្ត្រី ដែលត្រូវបានឃុំខ្លួនដោយមន្ត្រីពាក់ម៉ាស់ ក្នុងផ្ទះបាយ ព្រមទាំងសារទូរស័ព្ទមួយចំនួន និងកំណត់ហេតុសរសេរដោយដៃអំពីសកម្មភាពយោធា។ប្រទេសអ៊ុយក្រែន តែងតែចោទប្រកាន់អ្នកស្រុកដែលគាំទ្ររុស្ស៊ីពីបទបញ្ជូនព័ត៌មានទៅជួយយោធារបស់ទីក្រុងម៉ូស្គូ៕

រលកកម្ដៅ និងសីតុណ្ហភាពខ្ពស់គំរាមកំហែងដល់អាយុជីវិតកុមារនៅអាស៊ីខាងត្បូង

2023/08/08 11:48:39 am        89
អាស៊ីខាងត្បូង៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃចន្ទថា កុមារចំនួនបីភាគបួននៅអាស៊ីខាងត្បូង ត្រូវបានប៉ះពាល់ដោយសារសីតុណ្ហភាពខ្ពស់ បើធៀបនឹងកុមារតែម្នាក់ក្នុងចំណោមបីនាក់នៅទូទាំងពិភពលោក។មូលនិធិអង្គការ UNICEF ប៉ាន់ប្រមាណថា ៧៦ភាគរយនៃកុមារអាយុក្រោម១៨ឆ្នាំនៅក្នុងតំបន់ ដែលស្មើនឹង៤៦០ លាននាក់ ត្រូវបានប៉ះពាល់ដោយសីតុណ្ហភាពខ្ពស់ខ្លាំង ដោយមានរយៈពេល៨៣ថ្ងៃ ឬច្រើនជាងនេះក្នុងមួយឆ្នាំ ដែលមានសីតុណ្ហភាពលើសពី៣៥អង្សាសេ។ខែកក្កដា គឺជាខែមានសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានដែលបានកត់ត្រាទុកជាសាកល ដោយបង្កើនការព្រួយបារម្ភបន្ថែមទៀតអំពីអនាគត ដែលកុមារ រួមទាំងអ្នកដែលរស់នៅក្នុងអាស៊ីខាងត្បូង ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងរលកកម្ដៅញឹកញាប់ និងធ្ងន់ធ្ងរជាងគេ ដោយភាគច្រើនបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។លោក Sanjay Wijesekera នាយកប្រចាំតំបន់របស់អង្គការ UNICEF ប្រចាំតំបន់អាស៊ីខាងត្បូងបានមានប្រសាសន៍ថា «ពិភពលោកកំពុងទទួលរងការវាយប្រហារពីរលកកម្ដៅជាសកល ហើយទិន្នន័យបង្ហាញយ៉ាងច្បាស់ថាជីវិត និងសុខុមាលភាពរបស់កុមាររាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយរលកកម្ដៅ និងសីតុណ្ហភាពដ៏ខ្ពស់នេះ»៕

រដ្ឋប្រហារនីហ្សេ៖ បេសកជនអាមេរិកបានបើកកិច្ចពិភាក្សាដ៏ពិបាកជាមួយរបបសឹក

2023/08/08 11:44:53 am        99
អាមេរិក៖មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានជួបពិភាក្សាទល់មុខគ្នាជាមួយបណ្ដាមេដឹកនាំយោធារបស់នីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ អនុរដ្ឋមន្ត្រីស្តីទី លោកស្រី Victoria Nuland បាននិយាយថា ការសន្ទនានេះគឺមានភាពស្មោះត្រង់បំផុត ហើយក៏ពិបាកណាស់ដែរ។រដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា រដ្ឋប្រហារនៅតែអាចបញ្ចប់ដោយការចរចារការទូត ហើយប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum តម្រូវឲ្យចូលកាន់តំណែងវិញ ប៉ុន្តែបានផ្អាកការទូទាត់ជំនួយជាបណ្ដោះអាសន្ន។ បណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិភាក្សាអំពីវិបត្តិនីហ្សេនេះ។ បណ្ដាមេដឹកនាំរដ្ឋប្រហារបានឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធាពីប្លុកតំបន់ ដោយបិទដែនអាកាសរបស់នីហ្សេ។ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានពីរដ្ឋធានី នីញ៉ាមេ លោកស្រី Nuland បាននិយាយថា នៅក្នុងកិច្ចពិភាក្សាដែលមានរយៈពេលជាងពីរម៉ោង សហរដ្ឋអាមេរិកបានផ្តល់ជំនួយរបស់ខ្លួនទៅនីហ្សេ ប្រសិនបើត្រូវមានមនុស្សទទួលខុសត្រូវចំពោះរឿងនេះ ដើម្បីត្រឡប់ទៅរកបទបញ្ជារដ្ឋធម្មនុញ្ញវិញ។កាលពីថ្ងៃចន្ទ អស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ បានបង្ខំអតីតម្ចាស់អាណានិគមបារាំង ដែលជាមហាអំណាច ព្រមានពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់តំបន់អាហ្វ្រិក Sahel ហើយសម្រាប់អ្នកដែលរស់នៅទីនោះត្រូវមានការប្រុងប្រយ័ត្ន ដោយសារតែប្រជាជនក្នុងតំបន់មានទំនោរប្រឆាំងនឹងបារាំង៕

ប្រធានាធិបតីនីហ្សេរីយ៉ា ប្រឈមមុខនឹងការរិះគន់ ជុំវិញអន្តរាគមន៍យោធានៅនីហ្សេ

2023/08/08 11:41:35 am        84
នីហ្សេរីយ៉ា៖ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ជុំវិញការគំរាមកំហែងរបស់លោកក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូររដ្ឋប្រហារនៅក្នុងប្រទេសជិតខាង នីហ្សេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានការប្រឆាំងយ៉ាងខ្លាំងចំពោះអន្តរាគមន៍យោធានៅក្នុងសម័យប្រជុំនៃសភាជាន់ខ្ពស់គឺព្រឹទ្ធសភាកាលពីថ្ងៃសៅរ៍ បើទោះបីជាសភាជាន់ខ្ពស់នោះ ត្រូវបានគ្រប់គ្រងដោយគណបក្សរបស់លោក Tinubu ក៏ដោយ។នេះជាករណីពិសេសក្នុងចំណោមសមាជិកសភាតំណាងឱ្យរដ្ឋនៅតាមបណ្តោយព្រំដែនប្រវែងជាង១.៥០០គីឡូម៉ែត្រ (៩៣០ ម៉ាយល៍) ជាមួយប្រទេសនីហ្សេ ប៉ុន្តែក៏មានការថ្កោលទោសទូទាំងប្រទេសអំពីលទ្ធភាពនៃសង្គ្រាមផងដែរ។ប្លុកតំបន់អាហ្រ្វិកខាងលិច Ecowas បានកំណត់កាលបរិច្ឆេទឳសានវាទនៅថ្ងៃអាទិត្យ សម្រាប់របបសឹកដើម្បីបោះបង់អំណាច បើមិនដូចច្នោះទេពួកគេប្រឈមមុខនឹងសកម្មភាពយោធាដែលអាចកើតមាន។ ការសម្រេចនេះត្រូវបានគេមើលឃើញថា ជាការសម្រេចរបស់លោក Tinubu ខណៈដែលលោកគឺជាប្រធានបច្ចុប្បន្នរបស់ប្លុក Ecowas ហើយប្រទេសនីហ្សេរីយ៉ាគឺជាសមាជិកដ៏មានឥទ្ធិពលបំផុតរបស់ប្លុកនេះផងដែរ។ទោះបីជារបបសឹកបានប្រឆាំងនឹងឱសានវាទក៏ដោយ ក៏ប្លុក Ecowas មិនបានឆ្លើយតបដោយការបញ្ជូនកងទ័ពភ្លាមៗទេ។ នេះជាការធូរស្រាលដល់ជនជាតិនីហ្សេរីយ៉ាជាច្រើន ដែលគាំទ្រដំណោះស្រាយការទូតចំពោះវិបត្តិនេះ៕

អគ្គលេខាធិការបក្សឡាវសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា

2023/08/08 11:35:32 am        134
ភ្នំពេញ៖ ព្រឹកថ្ងៃទី៨សីហានេះ ជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ បានថ្លែងនូវការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានលទ្ធផលដ៏ត្រចះត្រចង់​ក្នុងការ​បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបក្ស ថងលុន ស៊ីសុលី បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅ​ចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបាន​ស្ងើច​សរសើរ​អំពី​តួនាទីស្នូល​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម ​និងប្រកបដោយចក្ខុវិស័យ ដែល ទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែល ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា បានចាត់​តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្តី ​នៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ​ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ​ដ៏សំខាន់នេះ បានទទួល​នូវការ​គាំទ្រ​យ៉ាងពេញ​ទំហឹងពីប្រជាជនកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹង​ចំពោះរាជរដ្ឋាភិ បាលអាណត្តិទី៧ ​ក្នុងការបន្តកសាង ​និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា ឲ្យបានកាន់​តែរីក​ចម្រើនថែមទៀត​ ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹង ​ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ។សម្តេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះ ឯកឧត្តម ថងលុន ស៊ីសុលីត​ ដែលបានអបអរសាទរ ​និងគាំទ្រយ៉ាងពេញទំហឹង ​ចំពោះគណបក្ស ​ប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំ​ដោយឯកឧត្តមបណ្ឌិត​ ហ៊ុន ​ម៉ាណែត ​ដែល​ឆ្លុះបញ្ចាំង​នូវភាតរភាព និង​សាមគ្គីភាពដ៏រឹងមាំ ​និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង​ប្រទេសទាំងពីរ។សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​គួរអោយកត់សម្គាល់​ ដែល​ប្រជាជនឡាវ សម្រេច​បានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ​ដែលមាន ឯកឧត្តម ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់​ឡាវទាំងក្នុងវេទិកាតំបន់និងអន្តរជាតិ។ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរទិវាអាស៊ាន ៨ សីហា ក្នុងឱកាសដែលប្រទេសស​មាជិក អាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ឆ្លៀតក្នុងឱកាសនេះដែរ ​សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជា​ចំពោះឡាវ​ ជាប្រធានអាស៊ានឆ្នាំ២០២៤។ ​ថ្នាក់ដឹកនាំទាំងពីរបានវាយ​តម្លៃខ្ពស់​ចំពោះកិច្ច​សហប្រតិបត្តិការ​ប្រកបដោយផ្លែផ្កា​រវាងគណបក្ស ​និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិត​ក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស ​និងមិនប្រាកដប្រជា​ រ​បស់ពិភពលោក និងការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច​ដែលកាន់តែស្រួចស្រាល់​ និង​ស្មុគស្មាញ​ក៏ដោយ ក៏គណបក្ស ​និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនង​ជិតស្និទ្ធ ​តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការ​ផ្លាស់ប្តូរ​យោបល់តាមប្រព័ន្ធវីដេអូ ​និងទូរសព្ទ ​ទាំងថ្នាក់កំពូល ​និងថ្នាក់មូលដ្ឋាន។ថ្នាក់ដឹកនាំទាំង​ពីរ​បាន​គូស​បញ្ជាក់ពីសារៈសំខាន់​នៃការបន្តពង្រឹង​ចំណងមិត្តភាព​ដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​គណបក្ស ​រដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់​លើ​ការ​បណ្តុះបណ្តាល ​យុវជនបន្តវេន ​ដើម្បីរក្សា ​និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែង​នៃប្រជាជាតិទាំងពីរ។ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី · រួមមានអង្គការសហប្រជាជាតិ (អ.ស.ប )និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការ​ជិតស្និទ្ធនៅ​ក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។នៅចុងបញ្ចប់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវដទៃទៀតមកបំពេញ ទស្សនកិច្ចនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ​ក៏បានអញ្ជើញសម្តេចតេជោ ​និងបណ្តាថ្នាក់ ដឹកនាំកម្ពុជា​ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវេលាសមស្របផងដែរ៕

អ្នកជំនាញ៖ ផែនការបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា របស់ជប៉ុន គឺជាវិធានការកខ្វក់ និងខ្វះភស្តុតាងសុវត្ថិភាព

2023/08/08 11:31:39 am        93
ជប៉ុន៖ ផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកសំណល់ បំពុលដោយនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅតែបន្តបង្កឱ្យមានកង្វល់អំពីសិទ្ធិមនុស្ស និងបរិស្ថានទូទាំងពិភពលោក។ ប្រធានក្រុមគ្រូពេទ្យអន្តរជាតិសម្រាប់ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ (IPPNW) បាននិយាយថា គម្រោងការនោះគឺជាវិធីសាស្រ្តកខ្វក់ ហើយខ្វះភស្តុតាងអំពីសុវត្ថិភាពរបស់វា។នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) លោកបណ្ឌិត Tilman Ruff សហប្រធាននៃក្រុមគ្រូពេទ្យអន្តរជាតិ IPPNW បានបំភ្លឺលើបញ្ហានៃផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន ដោយលោកបានរិះគន់ថា មិនបានផ្តល់អាទិភាពខ្ពស់លើការការពារសុខភាពមនុស្ស និងបរិស្ថាន។លោក Ruff បានចង្អុលបង្ហាញថា ផែនការបង្ហូរទឹកនេះអាចនាំមកនូវឥទ្ធិពលអវិជ្ជមានយ៉ាងច្រើនទៅលើប្រជាជនមួយចំនួនធំ ដែលរស់នៅតាមឆ្នេរសមុទ្រ និងធ្វើការចិញ្ចឹមជីវិតក្នុងឧស្សាហកម្មនេសាទ ដោយសារតែការបញ្ចេញទឹកដែលមានមេរោគនុយក្លេអ៊ែរនេះ នឹងបង្ខំឱ្យប្រទេសនានាដាក់ចេញនូវតម្រូវការតឹងរ៉ឹងបន្ថែមទៀតលើការនាំចូលអាហារសមុទ្រ។អ្នកជំនាញរូបនោះបានបញ្ជាក់បន្ថែមទៀតថា សហគមន៍អន្តរជាតិគួរតែប្រើប្រាស់បណ្តាញការទូតដើម្បីបង្ហាញពីការព្រួយបារម្ភអំពីបញ្ហានេះ និងគាំទ្រដល់បណ្ដាប្រទេសកោះប៉ាស៊ីហ្វិកនានាក្នុងការសន្ទនារបស់ពួកគេ ជាមួយប្រទេសជប៉ុនក្នុងកម្រិតទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យប្រទេសជប៉ុនមានការទទួលខុសត្រូវបន្ថែមទៀតលើបញ្ហានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម សំ សិទ្ធិសេរី ដឹកនាំសហការីចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨
10/09/2025 01:10 PM
កម្ពុជា និងកុំមិនវែលដូមីនីក (the Commonwealth of Dominica) ឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន
10/09/2025 01:10 PM
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យUNដោះស្រាយបន្ទាន់ ចំពោះ​ទាហាន​ថៃ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្មែរនៅព្រំដែន
10/09/2025 01:10 PM
ឈ្វេងយល់អំពីលក្ខខណ្ឌ!! សម្រាប់ការចូលរួមប្រឡងប្រជែង​គ្រូបឋមសិក្សា​ផ្អែកលើ​កិច្ច​ព្រមព្រៀង​ការងារ
10/09/2025 01:10 PM
អង្គភាពឃ្លាំមើលអាកាសធាតុ៖ ខែកញ្ញា ឆ្នាំនេះ ជាខែក្តៅបំផុតទីបីលើពិភពលោក ក្នុងកំណត់ត្រា
10/09/2025 12:10 PM
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងគណៈកម្មការទី៨ ព្រឹទ្ធសភា សហការ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកពាមជរ ខេត្តព្រៃវែង
10/09/2025 12:10 PM
ចិនផ្តល់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿងដល់​គណៈកម្មការសាងសង់ស្តូប​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្តកោះកុង
10/09/2025 12:10 PM
ព្យុះទីហ្វុង Halong បោកបក់នៅជិតប្រជុំកោះ Izu ប្រទេសជប៉ុនដោយបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង
10/09/2025 12:10 PM
ប្រធានាធិបតីបូលីវី ព្រមានពី «រដ្ឋប្រហារប្រឆាំងលទ្ធិប្រជាធិបតេយ្យ» នៅមុនការបោះឆ្នោតជុំទី២
10/09/2025 12:10 PM
ប្រធានាធិបតីឈីលី ចាប់ផ្តើមឃ្លាំមើលព្រំដែនថ្មីនៅភាគខាងជើងប្រទេស ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍
10/09/2025 12:10 PM