ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យ គ.ជ.ប៖ គិតត្រឹមព្រឹកនេះ ពុំទាន់មានបណ្ដឹងតវ៉ាលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត

2023/08/02 11:16:43 am        176
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ពុំទាន់មានបណ្ដឹងតវ៉ា ពី​គណបក្ស​នយោបាយណាមួយ លើលទ្ធផលបណ្ដោះអាសន្ន ​នៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៅឡើយទេ ។ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២ ខែសីហានេះថា បន្ទាប់ពីការប្រកាស​លទ្ធផល​បណ្ដោះអាសន្ន កាលពីព្រឹកម្សិលមិញ ដោយគណបក្សនយោបាយអាចដាក់ពាក្យ​បណ្ដឹងតវ៉ាមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ ។ឯកឧត្តម បានបន្តថា តាមនីតិវិធី បើមានបណ្ដឹងត្រូវប្ដឹងមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែអ្វី​ដែល​គួរឲ្យកត់សម្គាល់នោះ ​មិនមាន​ភស្តុតាង​បណ្ដឹង ​នៅតាមការិយាល័យបោះឆ្នោតនោះទេ ដូចនេះ​ទំនងគ្មានបណ្ដឹងនោះទេ ​ហើយបើគ្មានបណ្ដឹង គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៤ ឬទី៥ ខែសីហា ឆ្នាំ២០២៣ខាងមុខ ។ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា ការមិនមានបណ្ដឹងតវ៉ា ​ពីលទ្ធផលបណ្ដោះអាសន្ន នៃការ​បោះឆ្នោតនេះ បានបង្ហាញផងដែរ ​ពីភាពចាស់ទុំរបស់គណបក្សនយោបាយ ហើយមានការជឿជាក់​លើការរៀបចំសេវាបោះឆ្នោត ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ​ពាក់ព័ន្ធសំណុំរឿងបុគ្គល ​ដែលបានគូសបំផ្លាញសន្លឹកឆ្នោត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​អាណត្តិទី៧​កន្លងទៅនេះ ក៏ត្រូវបាន​ជំនុំជម្រះរួចរាល់ហើយដែរ ​គឺនៅតែ ​គ.ជ.ប ​ដាក់សេចក្តីជូនដំណឹងទៅបុគ្គលទាំងនោះ បង់នូវប្រាក់ពិន័យប៉ុណ្ណោះ ។កាលពីព្រឹកថ្ងៃទី១ ខែសីហាម្សិលមិញ គ.ជ.ប បានប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ឃើញថា គណបក្សប្រជាជនកម្ពុជា​ទទួលបានសំឡេងគាំទ្រ​ ច្រើនជាងគណបក្សនយោបាយផ្សេងៗ ដែលមាន​ចំនួនជាង ៦លានសំឡេង ​ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ​ឈរលេខរៀងទី២ មានជាង ៧០ម៉ឺនសំឡេង ៕ អត្ថបទ បាន សុខរិទ្ធិ 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ "កេសរកូល"

2023/08/02 11:07:27 am        103
សៀមរាប៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ "កេសរកូល" ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ភូមិសាស្ត្រភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់។ ក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ ​និងផ្លាស់ប្តូរព័ត៌មាន ទីតាំង​សម្រាប់រៀបចំកិច្ចប្រជុំនិងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយ​សុវត្ថិភាព​សម្រាប់រក្សាទុក សម្ភារៈដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូស៕

បណ្តាប្រទេសនៅអឺរ៉ុបចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីប្រទេសនីហ្សេ ដែលរងផលប៉ះពាល់ដោយរដ្ឋប្រហារ

2023/08/02 10:25:56 am        81
បារាំង៖ ប្រទេសបារាំងបានចាប់ផ្តើមជម្លៀសពលរដ្ឋបារាំង និងអឺរ៉ុបរាប់រយនាក់ចេញពីប្រទេសនីហ្សេ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីប្រទេសនីហ្សេ លោក Mohamed Bazoum ត្រូវបានឃុំខ្លួនដោយសមាជិកនៃកងអង្គរក្សប្រធានាធិបតីរបស់ខ្លួន។ ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន៣ជើង ដើម្បីជម្លៀសពលរដ្ឋបារាំង និងអឺរ៉ុបពីប្រទេសនីហ្សេរីយ៉ា ត្រូវបានហោះចេញកាលពីល្ងាចថ្ងៃអង្គារ ហើយពលរដ្ឋចំនួន២៦២នាក់ត្រូវបានបញ្ចូនឡើងយន្តហោះបារាំងចេញពីប្រទេសនីហ្សេផងដែរ។ប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញ បានប្រកាសជម្លៀសប្រជាជនចេញពីប្រទេសនីហ្សេ សម្រាប់ពលរដ្ឋរបស់ពួកគេ និងជនជាតិអឺរ៉ុបដទៃទៀត។ ក្រសួងការពារជាតិអេស្បាញបានប្រកាសពីការត្រៀមលក្ខណៈដើម្បីជម្លៀសពលរដ្ឋជាង៧០នាក់ ហើយអ៊ីតាលីក៏បាននិយាយថាខ្លួនកំពុងរៀបចំជើងហោះហើរផងដែរ។ការិយាល័យក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថា ពលរដ្ឋរបស់ខ្លួននៅប្រទេសនីហ្សេគួរតែ "ឆ្លៀតឱកាសបន្ទាប់ដើម្បីចាកចេញ" ប្រសិនបើការស្នាក់នៅរបស់ពួកគេនៅក្នុងប្រទេសនេះមិនចាំបាច់។ នៅទីក្រុងវ៉ាស៊ីនតោន សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនបានចូលរួមជាមួយសម្ព័ន្ធមិត្តអ៊ឺរ៉ុបក្នុងការជម្លៀសពលរដ្ឋនៅពេលនេះទេ ដោយលើកឡើងពីកង្វះគ្រោះថ្នាក់ភ្លាមៗ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «ទីក្រុងវ៉ាស៊ីនតោន ពិតជាដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេ។ ជាមួយគ្នានេះ យើងមិនមានការចង្អុលបង្ហាញណាមួយអំពីការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋអាមេរិក ឬចំពោះមូលដ្ឋានររបស់យើងទេ ដូច្នេះយើងមិនបានផ្លាស់ប្តូរឥរិយាបថទាក់ទងនឹងវត្តមានរបស់យើងនៅក្នុងប្រទេសនីហ្សេនៅពេលនេះទេ៕

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចោទប្រកាន់ ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ ២០២០

2023/08/02 08:27:05 am        117
អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើអង្កេត។លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ ។ការចោទប្រកាន់នេះ បាននិយាយថា បំណងនៃការឃុបឃិតដើម្បីបង្វែរលទ្ធផលឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ ដោយប្រើអំណះអំណាងក្លែងក្លាយថាមានការលួចបន្លំការបោះឆ្នោត។ លោក Trump ត្រូវបានចោទប្រកាន់ចំនួន៣ករណីពីបទឃុបឃិត និងមួយករណីពីបទរារាំងដំណើរការចោទប្រកាន់រឿងក្ដីចំនួន៤៥ទំព័រដែលត្រូវបាននាំមកដោយ រដ្ឋអាជ្ញាពិសេសលោក Jack Smith ។ លោក Smith បានដាក់សំណុំរឿងចោទប្រកាន់រួចទៅហើយប្រឆាំងនឹងលោក Trump ពីបទគ្រប់គ្រងមិនបានល្អនៃឯកសារសម្ងាត់សំខាន់ៗរបស់រដ្ឋាភិបាល ហើយអតីតប្រធានាធិបតីរូបនេះ ក៏ប្រឈមនឹងការជំនុំជម្រះក្ដីក្នុងទីក្រុង New York ពីបទបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់។  យោងតាមសារព័ត៌មានរដ្ឋអាមេរិក លោក Trump គ្រោងនឹងឡើងតុលាការនៅថ្ងៃទី៣ខែសីហា៕

[BREAKING NEWS] អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចោទប្រកាន់ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ ២០២០

2023/08/02 07:55:36 am        144
អាមេរិក៖ លោក Donald Trump ត្រូវបានចោទប្រកាន់ពីជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ដែលជាការគំរាមកំហែងខាងផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អតីតប្រធានាធិបតីរូបនេះ ខណៈលោកធ្វើយុទ្ធនាការដើម្បីវិលត្រឡប់ទៅកាន់កាប់តំណែងនៅសេតវិមាន។លោក Trump ត្រូវបានចោទប្រកាន់ពីបទសមគំនិតចំនួន៣ករណី និងមួយករណីពាក់ព័ន្ធនឹងការរារាំងដំណើរការស៊ើបអង្កេត។លោកTrump ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំឯកសារសហរដ្ឋអាមេរិក និងការឃុបឃិតដើម្បីរារាំងដំណើរការផ្លូវការមួយ - កិច្ចប្រជុំកាលពីថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១របស់សម័យប្រជុំរួមនៃសភាដែលធ្វើឡើងដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ៕

អាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់

2023/08/01 03:29:21 pm        1115
ភ្នំពេញ៖ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត។បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ នៅថ្ងៃទី១ ខែសីហានេះ ​បានប្រាប់BTVថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិ ​ប៉ាវសម្រាប់ទប់ទឹក និង​សម្ភារៈផ្សេងៗទៀតជាដើម។ ​ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។ លើសពីនេះ លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក​ត្នោត​ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន ​បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី។ប្រជាពលរដ្ឋ បានលើកឡើងដែរថា ​ជា​ទម្លាប់​ក្នុង​រដូវវស្សាទឹកស្ទឹងព្រែកត្នោត​តែងតែ​ឡើង ហើយ​ដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ​ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ​ពោលដូចជា៖រៀបចំ​សម្ភារៈទុកដាក់លើធ្នើ និង​ឧស្សាហ៍ងើបមើលទឹកស្ទឹង ​ប្រសិនបើទឹកឡើងធំ នឹងប្រញាប់​ទៅ​ទីទួលមានសុវត្ថិភាព ​និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ​ប្រទេសកម្ពុជា ​បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ​មានភ្លៀងធ្លាក់​នៅស្ទើរទូទាំងប្រទេស​ ក្នុងនោះក៏​មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ​ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់​នៅតាមបណ្ដោយសណ្ដរស្ទឹង។​ យ៉ាងណាក្តី គិតមកដល់ពេលនេះ ​ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំង​ក្លាយជាជំនន់នោះទេ៕ អត្ថបទ៖ទូច សោភ័ណ

ក្រុមការងារកាកបាទក្រហមកម្ពុជា ពិនិត្យទីតាំងសាងសង់ផ្ទះថ្មីចំនួន២ខ្នង ជូនពលរដ្ឋងាយរងគ្រោះ

2023/08/01 03:11:11 pm        108
កំពង់ឆ្នាំង៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ​ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចុះពិនិត្យទីតាំងសាងសង់ផ្ទះថ្មីចំនួន ២ខ្នង ជា​ព្រះរាជអំណោយដ៏​ឧត្ដុង្គឧត្ដម​របស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនដល់ប្រជារាស្ត្រងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ជនងាយរងគ្រោះបំផុតទាំង ២គ្រួសារ ដែលទទួលផ្ទះរួមមាន ៖ ១. លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង។ ២. អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន ៣នាក់ក្នុងបន្ទុក។តាមការបញ្ជាក់របស់លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា ​កាកបាទក្រហមកម្ពុជា បាន​ទទួលនូវព្រះរាជូបត្ថម្ភពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​នៅក្នុងឱកាសព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម​របស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​អនុសាសន៍​ដល់មន្ត្រីក្រោមឱវាទចុះពិនិត្យមើលទីតាំងណា​ដែល​សមស្រប គ្រួសារណាដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា ដើម្បីសាងសង់ផ្ទះជូនឱ្យបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ហើយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

រដ្ឋមន្ត្រីការងារលើកទឹកចិត្តនិស្សិតដែលសិក្សានៅក្រៅប្រទេស ចូលរួមលើកកម្ពស់កិត្តិយសជាតិ

2023/08/01 03:00:04 pm        173
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើក​ទឹកចិត្ត​ដល់ក្រុមនិស្សិតកម្ពុជា​ដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ​ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេស​ជាតិវិញ​ឱ្យកាន់តែរីកចម្រើនទៅមុខ។ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ​២៤នាក់ ដែល​ទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមនិស្សិតទាំងអស់ ​សូមជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ ស្ថិរភាព​នយោបាយ​ការអភិវឌ្ឍ ​ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​នៅក្នុងប្រទេស​ទៅដល់អ្នក​ទៅសិក្សាមុនៗ ​និងប្រជាជនដែលរស់នៅធ្វើការនៅទីនោះ។ ឯកឧត្តម បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិ និងបទពិសោធន៍ជាច្រើនជូនក្រុម​និស្សិត​ខាងលើ ពិសេសគឺគោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ​ត្រង់ចំណុចនេះ ឯកឧត្តម​ បានណែនាំដល់ទៀតថា ​នៅពេលក្លាយជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ក៏ត្រូវគិតគូរពីគោល​នយោបាយ​ទាំងនេះផងដែរ។តាមរបាយការណ៍របស់​លោក ចេង គឹមអូន ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍​ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ ​បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង២៤នាក់នេះ គឺជាមន្ត្រីរាជ​ការថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សានោះរួមមាន ៨ជំនាញ៖ ១-អភិវឌ្ឍន៍ហេដ្ឋាន​រចនាសម្ពន្ធ ២-អភិវឌ្ឍន៍វិស័យឯកជន ៣-លើកកម្ពស់គុណអប់រំ ៤-អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៥-លើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-លើកម្ពស់​ប្រព័ន្ធថែទាំ​សុខភាព និងសន្តិសុខសង្គម ៧-លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និង៨-កសាងទំនាក់ទំនងអន្តរជាតិ។អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ ​គឺជាគម្រោងជំនួយឥតសំណង​ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ ​មកដល់ពេលបច្ចុប្បន៍មាន​និស្សិត​កម្ពុជា​ជាង៥០០នាក់​ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះ ផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន​ ការអភិវឌ្ឍសមត្ថភាព​មន្ត្រី​រាជការ ​ការចូលរួមអភិវឌ្ឍន៍ ​និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ស្របតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អ្នកគាំទ្រ និយាយលាទាំងទឹកភ្នែក ចំពោះតារាចម្រៀងប៉ុប Coco Lee ក្នុងពិធីបុណ្យសព នៅហុងកុង

2023/08/01 02:49:27 pm        100
ចិន៖ ក្រុមមនុស្ស ដែលមានទឹកភ្នែករលីងរលោង បាននិយាយលាទៅកាន់សពតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Coco Lee នៅថ្ងៃអង្គារ (ទី១ ខែសីហា) ខណៈដែលពិធីបុណ្យសព ត្រូវបានធ្វើប្រារព្ធឡើង នៅភាគខាងកើតទីក្រុងហុងកុង ដើម្បីជូនដំណើរតារាដ៏ល្បីឈ្មោះ ដែលបានទទួលមរណភាព ក្នុងវ័យ ៤៨ឆ្នាំបន្ទាប់ពីប្រកបអាជីពលើវិថីសិល្បៈចម្រៀងអស់រយៈពេល ៣ទសវត្សរ៍។អ្នកគាំទ្រ ដែលជាច្រើននាក់បានស្លៀកពាក់ពណ៌ខ្មៅ បានស្រែកថា «លាហើយ Coco!» ហើយសូមជូនពរឲ្យធ្វើដំណើរទៅទីស្ងប់សុខ ខណៈដែលឡានដឹកក្តារមឈូសរបស់នាង បានរំកិលចេញពីអគារ បន្ទាប់ពីរៀបចំពិធីរួចរាល់ នៅខាងក្នុងនោះ។ក្នុងចំណោមអ្នកដែលមានវត្តមាននោះ បុរសម្នាក់ឈ្មោះ ចាវ ផឹង (Zhao Peng) ដែលជាអ្នកគាំទ្ររបស់លោកស្រី Lee តាំងពីវ័យ ៥ឆ្នាំមកម្ល៉េះនោះ បាននិយាយថា «ពិតជាពិបាកទ្រាំណាស់ ដែលឃើញគាត់ (លោកស្រី Coco Lee) ចាកចេញដោយគ្មានថ្ងៃត្រឡប់បែបនេះ»។ អ្នកស្រុកប៉េកាំងដែលពោរពេញដោយអារម្មណ៍រំជួលចិត្តរូបនេះ បានបន្ថែមថា លោកមិនសប្បាយចិត្តសោះឡើយ ដែលនឹងមិនអាចមើលការសម្ដែងរបស់តារាចម្រៀងប៉ុបអាមេរិកដើមកំណើតហុងកុងជារៀងរហូត។សូមបញ្ជាក់ថា បងប្អូនស្រី ២នាក់របស់សព បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា អ្នកចម្រៀង Lee បានប្រឹងតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ហើយក៏បានបាត់បង់ជីវិត នៅថ្ងៃទី៥ ខែកក្កដា បន្ទាប់ប៉ុនប៉ងធ្វើអត្តឃាត នៅ ៣ថ្ងៃមុននោះ។ ក្នុងចំណោមការសម្ដែងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លោកស្រី Lee គឺការសម្ដែងជាតួអ្នកចម្បាំងស្រី Mulan និងការសម្ដែង ក្នុងបទចម្រៀងដែលទទួលបានពានរង្វាន់អូស្ការ «A Love Before Time» ដកស្រង់ពីភាពយន្ត «Crouching Tiger និង Hidden Dragon»៕

ជប៉ុន និងចិនប្រកែកគ្នាអំពីផែនការបង្ហូរសំណល់ទឹក ហ៊្វូគូស៊ីម៉ា នៅក្នុងកិច្ចប្រជុំត្រៀមត្រួតពិនិត្យឡើងវិញការមិនរីកសាយអាវុធនុយក្លេអ៊ែរឬ NPT

2023/08/01 02:45:36 pm        122
ជប៉ុន៖ ជប៉ុន និងចិនបានប៉ះពាក្យសំដីគ្នាក្នុងសន្និសីទអន្តរជាតិនៅទីក្រុងវីយែន ប្រទេសអូទ្រីស ជុំវិញផែនការរបស់ជប៉ុនក្នុងការបញ្ចេញសំណល់ទឹកនុយក្លេអ៊ែរដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច និងសម្លាប់មេរោគចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមហាសមុទ្រ។ ការលើកសក្ខីកម្មនេះ បានផ្ទុះឡើងកាលពីថ្ងៃចន្ទ ចំថ្ងៃបើកនៃកិច្ចប្រជុំគណៈកម្មាធិការត្រៀមសន្និសីទត្រួតពិនិត្យឡើងវិញឆ្នាំ២០២៦នៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ឆ្នាំ២០២៦ ។តំណាងរបស់ប្រទេសចិនបានសម្តែងការប្រឆាំងនឹងផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រ ហ៊្វូគូស៊ីម៉ា ដោយហៅសំណល់ទឹកនោះថា "ជាទឹកកខ្វក់"។ តំណាងជប៉ុនលោក Hikihara Takeshi បានបដិសេធការអះអាងរបស់ចិន ហើយបានសម្តែងការព្រួយបារម្ភជុំវិញការចោទប្រកាន់នេះ។ឯកអគ្គរដ្ឋទូតលោក Hikihara បានពន្យល់អំពីខ្លឹមសារនៃរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលបានរកឃើញថា ផែនការបញ្ចេញទឹកចូលក្នុងសមុទ្រនេះ "ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ"។ តំណាងចិនបានបន្តទទូចថា ផែនការនេះបានបំពានលើសន្ធិសញ្ញាអន្តរជាតិ។ ជាការឆ្លើយតបទៅវិញ លោក Hikihara បានចង្អុលបង្ហាញពីគ្រោះថ្នាក់នៃការបង្កើនការសង្ស័យដែលខ្វះភស្តុតាងវិទ្យាសាស្រ្ត។រដ្ឋាភិបាលជប៉ុនគ្រោងនឹងសម្លាប់មេរោគទឹកដែលបានធ្វើប្រព្រឹត្តកម្មរួច ប្រហែលមួយភាគប្រាំពីរនៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់គុណភាពទឹកផឹក មុនពេលបង្ហូរទឹកនោះទៅក្នុងសមុទ្រ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅពេលណាមួយក្នុងរដូវក្តៅនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋ EU ឆ្ពោះទៅរកកិច្ចព្រមព្រៀងទប់ស្កាត់ការធ្វើដំណើរការទូតរុស្ស៊ី
10/07/2025 05:10 PM
អ្នកនាំពាក្យ UN៖ បុគ្គលិក UN ៩នាក់ទៀត ត្រូវបានឃុំខ្លួនដោយក្រុមហ៊ួទី នៅយេម៉ែន
10/07/2025 05:10 PM
ចុងសប្ដាហ៍នេះ កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត្រ ដើម្បី​អបអរ​សាទរ​ទិវា​ពិភព​លោក​សង្គ្រោះបឋម ២០២៥
10/07/2025 05:10 PM
យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់ កងទ័ពភូមិភាគទី២ ថៃ
10/07/2025 05:10 PM
ក្រសួងសុខាភិបាល និងសម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តីកម្ពុជា
10/07/2025 04:10 PM
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញ គេហទំព័រក្លែងបន្លំ ឱ្យអ្នកដំណើរ​ចូលកម្ពុជា​តាម​អាកាស​យាន​ដ្ឋានបំពេញព័ត៌មាន
10/07/2025 04:10 PM
មេដឹកនាំបក្សប្រឆាំងហ្សកហ្ស៊ីប្រាំនាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារបន្ទាប់ពីការតវ៉ា
10/07/2025 04:10 PM
ទីភ្នាក់ងារវប្បធម៌របស់ UN ជ្រើសរើសអតីតរដ្ឋមន្ត្រីទេសចរណ៍អេហ្ស៊ីប ជាប្រធានថ្មី
10/07/2025 04:10 PM
ក្រសួងសុខាភិបាល និងសម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការ​ក្នុងការការពារ​ជំងឺ​មហារីក​មាត់​ស្បូន ​តាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តីកម្ពុជា
10/07/2025 04:10 PM
ស្ថានទូតកម្ពុជានៅកូរ៉េ អបអរសាទរបុណ្យភ្ជុំបិណ្ឌ និងប្រគុំតន្ត្រីសប្បុរសធម៌រៃអង្គាសថវិកាជួយ កងទ័ព និងជនភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ
10/07/2025 04:10 PM