សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ ពួកជ្រុលនិយមនៅក្រៅស្រុករកគ្រប់វិធី ដើម្បីបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

2023/07/19 12:22:58 pm        468
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការ​ប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជន​ទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម។សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញតេឡេក្រាម និងធ្វីតធឺផ្លូវការណ៍ថា ការបោះឆ្នោត​សកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ គណបក្សដែល​បានចុះឈ្មោះ​ប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ ​ក៏នៅមានការប្រកួតប្រជែងរវាង ​១៨ គណបក្ស​ដែលចូលរួមការបោះឆ្នោត ​ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត​នៅកម្ពុជាផងដែរ។ សម្ដេចតេជោ បញ្ជាក់ថា៖«ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស ក្រោយមកមានបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការ​ប្រជាធិបតេយ្យ ​តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជន​ទៅបោះឆ្នោត​ និងបំផ្លាញចោលសន្លឹកឆ្នោតជាដើម»។ សម្ដេចតេជោ បានចោទជាសំណួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំង​ប្រជាធិបតេយ្យ​ដែលចូលរួមការបោះឆ្នោតមានច្រើនជាង​ ឬមានតិចជាង កម្លាំង​បំផ្លាញ​ប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Erdogan ចុះកិច្ចព្រមព្រៀងយានដ្រូនជាមួយអារ៉ាប៊ីសាអ៊ូឌីត មុនមកដល់ប្រទេសកាតា

2023/07/19 12:19:44 pm        60
ទួរគី៖ ប្រធានាធិបតីទួរគី លោក រ៉េសិប តៃយីប អ៊ើដូហ្គែន (Recep Tayyip Erdogan) បានធ្វើដំណើរទៅដល់ទីក្រុងដូហា (Doha) ប្រទេសកាតាហើយ កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ដែលនេះជាកន្លែងឈប់សំចតទី២ នៃដំណើរទស្សនកិច្ច នៅរដ្ឋឈូងសមុទ្ររបស់លោក បន្ទាប់ពីឈប់សំចតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនៅទីនោះ លោកបានចុះកិច្ចព្រមព្រៀងផ្តល់យានដ្រូនដល់ព្រះរាជាណាចក្រមួយនេះ។នាពេលនេះ លោក អ៊ើដូហ្គែន ដែលបានឈ្នះអាណត្តិ ៥ឆ្នាំម្ដងទៀត ក្នុងការបោះឆ្នោត កាលពីខែឧសភា កំពុងស្វែងរកការគាំទ្រ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទួរគីដែលកំពុងធ្លាក់ចុះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកាតា បានឲ្យដឹងថា មេដឹកនាំទួរគី បានធ្វើដំណើរទៅដល់ នៅល្ងាចថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ជាមួយនឹងភរិយារបស់លោក លោកស្រី Emine Erdogan នៅក្នុងរដ្ឋធានីនៃសម្ព័ន្ធមិត្តសំខាន់របស់កាតា មុននឹងមានជំនួបជាមួយមេដឹកនាំ លោក Tamim bin Hamad Al-Thani។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត ( SPA) បានរាយការណ៍ថា បន្ទាប់ពីមានជំនួប រវាងលោក អេរដូហ្គែន (Erdogan) និងរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman នៅកំពង់ផែសមុទ្រក្រហម Jeddah កាលពីថ្ងៃចន្ទ (ទី១៧ ខែកក្កដា) ការឈប់សំចតនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ បានឃើញថា កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខា ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងយានដ្រូនជាមួយក្រុមហ៊ុនឯកជន Baykar ផងដែរ។SPA បានរាយការណ៍បន្ថែមទៀតថា បន្ទាប់ពីបានចូលរួមវេទិកាធុរកិច្ចអារ៉ាប៊ីសាអ៊ូឌីត-ទួរគី នៅទីក្រុង Jeddah នាថ្ងៃចន្ទនោះ លោក អ៊ើដូហ្គែន (Erdogan) និងព្រះអង្គម្ចាស់ Mohammed បានពិភាក្សាអំពី«ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា» ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរដែលបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល ការវិនិយោគផ្ទាល់ វិស័យការពារជាតិ និងប្រព័ន្ធផ្សព្វផ្សាយ៕

បេសកជនអាមេរិក៖ការពិភាក្សាអំពីអាកាសធាតុនៅប្រទេសចិន មានលក្ខណៈស្ថាបនា ប៉ុន្តែមានភាពស្មុគស្មាញ

2023/07/19 12:15:04 pm        183
អាមេរិក៖ បេសកជនទទួលបន្ទុកកិច្ចការអាកាសធាតុរបស់សហរដ្ឋអាមេរិក លោក ចន ឃើរី (John Kerry) បាននិយាយនៅថ្ងៃពុធ (ទី១៩ ខែកក្កដា)នេះថា កិច្ចពិភាក្សារបស់លោកជាមួយមន្ត្រីចិនក្នុងសប្តាហ៍នេះ មានលក្ខណៈស្ថាបនា ប៉ុន្តែមានភាពស្មុគស្មាញ ដោយភាគីទាំងពីរ នៅតែដោះស្រាយជាមួយ«ផ្នែកខាងក្រៅ» ពាក់ព័ន្ធនយោបាយ រួមទាំងកោះតៃវ៉ាន់ផងដែរ។លោកឃើរី បានប្រាប់អ្នកយកព័ត៌មានថា៖«យើងគ្រាន់តែតភ្ជាប់ឡើងវិញ។«យើងកំពុងព្យាយាមបង្កើតឡើងវិញនូវដំណើរការ ដែលយើងបានធ្វើជាច្រើនឆ្នាំមកហើយនោះ»។លោកឃើរី បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយបានជួបប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី (Wang Yi) និងលោកនាយករដ្ឋមន្ត្រី លី គាង (Li Qiang) ព្រមទាំងបេសកជនអាកាសធាតុជើងចាស់ លោក Xie Zhenhua ក្នុងកិច្ចខិតខំប្រឹងប្រែងមួយស្តារទំនុកចិត្តឡើងវិញរវាងភាគីទាំងពីរនៅមុនកិច្ចពិភាក្សាអាកាសធាតុ COP28 នៅទីក្រុងឌូបៃ នាចុងឆ្នាំនេះ។ លោកឃើរី បានថ្លែងថា៖«យើងកំពុងព្យាយាមបង្កើតផ្លូវច្បាស់លាស់មួយទៅកាន់COP ដើម្បីអាចសហការ និងធ្វើការដូចដែលយើងចង់បានជាមួយគ្រប់មជ្ឈដ្ឋានខាងក្រៅ»។ការទូតអាកាសធាតុរវាងប្រទេសបញ្ចេញថាមពលកំពូលទាំងពីររបស់ពិភពលោក ត្រូវបានផ្អាកកាលពីខែសីហាឆ្នាំ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលប្រទេសចិនទាមទារ៕

បណ្តាគណបក្សនយោបាយមួយចំនួន បានត្រៀមខ្លួនរួចរាល់ហែបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/19 12:13:16 pm        270
ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដានេះ គឺមានបណ្តាគណបក្សនយោបាយមួយចំនួន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានរៀបចំក្បួនហែបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនជាបណ្តើរៗហើយ ខណៈការបិទយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ នឹងឈានមកដល់នៅថ្ងៃទី២១ ខែកក្កដា ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា។ គណបក្សនយោបាយ ដែលបានហែរបក្សបិទយុទ្ធនាបការរបស់ខ្លួននៅថ្ងៃនេះ​ និងគណបក្ស​ដែលត្រៀម​ហែបិទយុទ្ធនាការនៅថ្ងៃបន្ទាប់ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៩ខែកក្កដានេះថា នៅ​ពេលនេះ ពួកគេ​បាន​ត្រៀមយានជំនិះ និង​កម្លាំង​ពលរដ្ឋចូលរួមពិធីបិទហែយុទ្ធនាការឃោសនា​បោះឆ្នោតរួចហើយ ក្នុងឱកាសហែបិទយុទ្ធនាការនៅថ្ងៃចុងក្រោយផ្សព្វផ្សាយពីកម្មវិធី​នយោបាយ​របស់បក្សខ្លួនជូនពលរដ្ឋបានយល់ជ្រួតជ្រាប។ បណ្តាគណបក្សនយោបាយបានអំពាវនាវពលរដ្ឋចូលរួមបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នា និង​សូមគូស​ជ្រើសរើស​គណបក្សនយោបាយដែលខ្លួនស្រឡាញ់ឲ្យបានត្រឹមត្រូវ ​ខណៈសន្លឹកមួយៗ គឺតម្លៃខ្លាំង​សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។បើតាម លោក ស៊ីម ដូនី ប្រធានលេខាធិការដ្ឋានគណកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឲ្យដឹងថា នៅថ្ងៃទី១៩ ​ខែកក្កដានេះ ​គឺមានគណបក្សខ្មែរអភិរក្ស ​មួយបានធ្វើសកម្មភាពហែ​គណបក្ស​បិ​ទយុទ្ធនាការឃោសនា​បោះឆ្នោត ដោយឡែក ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មួយទៀត ​នឹងធ្វើការហែរបិទការឃោសនារបសខ្លួននៅថ្ងៃស្អែក ​ហើយនៅថ្ងៃទី២១ ខែកក្កដា ដែលជាចុងក្រោយ ​គឺមានគណបក្សហែបិទយុទ្ធនាការចំនួន៣ រួមមាន​ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ។ដោយឡែកនៅខេត្តកណ្តាលវិញ​ លោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោតខេត្តកណ្តាល ថា នៅថ្ងៃស្អែកទី២០ ​និងថ្ងៃខានស្អែកទី២១ កក្កដា នៅ​ខេត្តកណ្តាល​គឺមានគណបក្សចំនួន៤​បានជូនដំណឹងថា​នឹងធ្វើការហែបិទយុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់ខ្លួនផងដែរ។សូមបញ្ជាក់ថា យុទ្ធនាការហែរគណបក្សឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣​នេះ គឺមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន១៨បានចូលរួមប្រកួតប្រជែង៕ អត្ថបទ ស៊ុម សុខជា

អ្នកសង្កេតការណ៍៖ ចំនួនអ្នកឃ្លាំមើលការបោះឆ្នោតច្រើនជាងមុនបង្ហាញពីតម្លាភាពនិងយុត្តិធម៌

2023/07/19 11:43:26 am        398
ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិលើកឡើងថា ចំនួនអ្នកចូលរួមឃ្លាំមើលការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ក្នុងនីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួនច្រើនជាងអាណត្តិមុន គឺបានបង្ហាញពីតម្លាភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃអាទិត្យទី២៣ ខែកក្កដានេះ។ក្នុងនោះវត្តមានរបស់អ្នកសង្កេតការណ៍ជាតិ ​និងអន្តរជាតិត្រូវបាន គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ​សម្រេចទទួលស្គាល់ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតចំនួន​ប្រមាណ ៩ ម៉ឺននាក់ ​ក្រោយត្រូវបានបិទបញ្ចប់ទទួលត្រឹមថ្ងៃនេះ។ លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា ប្រាប់ BTV ឲ្យដឹងថា នៅថ្ងៃទី១៩ កក្កដានេះថា ​ក្នុងការបោះឆ្នោតខាងមុខអ្នកសង្កេតការណ៍របស់អង្គភាពលោក នឹងធ្វើដំណើទៅតាម​ការិយាល័យបោះឆ្នោតនានា ដើម្បីចូលរួមតាមដាន និងឃ្លាំមើលដំណើរការបោះឆ្នោតចាប់តាំង​ពីពេលបើកទ្វារការិយាល័យបោះឆ្នោយរហូតដល់ការរាប់សន្លឹកឆ្នោត។ លោក រិន សុភ័ក្រ្ត អគ្គលេខាធិការសមាគមយុវជនធ្វើបាន លើកឡើងថា ចំនួនរបស់អ្នក​សង្កេត​ការណ៍​ជាតិ និងអន្តរជាតិ ដែលបានចូលរួមដ៏ច្រើននោះពិតជា​មានសារៈសំខាន់ណាស់​ដល់​ដំណើរការបោះឆ្នោត ​ដើម្បីមានតម្លាភាពបន្ថែមទៀត។ សូមជម្រាបថា អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជា​សម្រាប់​អាណត្តិនេះ​មាន​ចំនួនប្រមាណ ៩ម៉ឺននាក់ ​ក្នុងនោះមានសង្កេតការណ៍ជាតិជិត​៩​ ម៉ឺននាក់ និងអ្នកសង្កេតការណ៍​អន្តរជាតិជាង ៤០០ នាក់មកពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប៕ អត្ថបទ សេក ឧត្តម

មន្ទីរពេទ្យកាល់ម៉ែតសហការជាមួយសមាគមចង្វាក់បេះដូងកូរ៉េ លើកកម្ពស់គុណភាពព្យាបាលជំងឺបេះដូង

2023/07/19 11:32:57 am        842
ភ្នំពេញ៖ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសមាគមចង្វាក់បេះដូងនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះអនុស្សារណៈ (MOU) ជាមួយគ្នាដើម្បីលើកកម្ពស់គុណភាពព្យាបាល និងថែទាំអ្នកជំងឺនៅមជ្ឈមណ្ឌលដេប៉ាតឺម៉ង់​ព្យាបាលជំងឺបេះដូង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។អនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យកាល់ម៉ែត និងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងនៃមនី្ទរពេទ្យកាល់ម៉ែត និងលោកសាស្រ្តាចារ្យ ជុង វ៉ាង (Chun HWANG) ទីប្រឹក្សាកិត្តិយសជាន់ខ្ពស់ នៃសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េខាងត្បូង។ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងអំណរគុណចំពោះ លោកសាស្ត្រាចារ្យ ជុង វ៉ាង ក៏ដូចជាសមាគមទាំងមូល ដែលបានខិតខំប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង ផ្តោតសំខាន់ទៅលើការជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការឧបត្ថម្ភសម្ភារៈបច្ចេកទេសចាំបាច់ ​និងការសិក្សាស្រាវជ្រាវនានា សម្រាប់បម្រើផល​ប្រយោជន៍វិស័យសុខាភិបាលនៅកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សង្ឃឹថា តាមរយៈការចុះអនុស្សរណៈយោគយល់រវាងភាគីទាំង​ពីរជាផ្លូវការនាពេលនេះនឹងបង្កើនចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរ ជាមួយនឹងការផ្តល់​អត្ថប្រយោជន៍​ឱ្យគ្នាទៅវិញទៅមកនូវបច្ចេកទេសវេជ្ជសាស្ត្រ និងបទពិសោធន៍បច្ចុប្បន្នភាពសំដៅ​ជួយបង្កើនសមត្ថភាពដល់វេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យកាល់ម៉ែត និងសមាគម​ចង្វាក់​បេះដូងសាធារណរដ្ឋកូរ៉េខាងត្បូង ​ដើម្បីបម្រើជូននូវសេវាសុខភាពផ្នែក​បេះដូងជូន​ដល់អ្នកជំងឺ និង​ក្រុមគ្រួសារ ដែលកំពុងត្រូវការជួយសង្គ្រោះពីវេជ្ជបណ្ឌិតជំនាញ៕ អត្ថបទ រដ្ឋា

សេចក្តីសម្រេចរបស់ICC បើកផ្លូវឲ្យមានការស៊ើបអង្កេតលើការសម្លាប់មនុស្សនៅប្រទេសហ្វីលីពីន

2023/07/19 11:30:08 am        215
ហ្វីលីពីន៖ ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបើកផ្លូវឲ្យមានការស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេល«សង្គ្រាមប្រឆាំងគ្រឿងញៀន»របស់ប្រទេសហ្វីលីពីន ជាដំណើរការមួយដែល ក្រុមគ្រួសារជនរងគ្រោះ និងក្រុមស្តាំនិយម បានសាទរជាជំហានមួយទៀតឆ្ពោះទៅរកយុត្តិធម៌។នៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៨ ខែកក្កដា ចៅក្រមឧទ្ធរណ៍របស់ICC បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការរារាំងការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte) ។ តំណាងរបស់លោកបាននិយាយថា រូបលោកនឹងមិនអើពើនឹងការសម្រេចចិត្តនោះទេ។អតីតអ្នកនាំពាក្យរបស់លោក ឌូទែរើតេ គឺលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព មានតែតុលាការហ្វីលីពីនប៉ុណ្ណោះ ដែលអាចកាត់ទោសឧក្រិដ្ឋកម្មណាមួយ ដែលបានប្រព្រឹត្ត នៅក្នុងទឹកដីហ្វីលីពីន។លោក Roque បាននិយាយថា អតីតប្រធានាធិបតីរូបនេះ នឹងប្រឈមមុខជាមួយអ្នកចោទប្រកាន់របស់លោកគ្រប់ពេលវេលា ប៉ុន្តែនៅចំពោះមុខតុលាការហ្វីលីពីន និងចំពោះមុខក្រុមចៅក្រមហ្វីលីពីន តែប៉ុណ្ណោះ។នៅខែកញ្ញា ឆ្នាំ ២០២១ តុលាការICC បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្រោមការដឹកនាំរបស់លោក ឌូទែរើតេ ប៉ុន្តែតុលាការនេះ បានផ្អាកការស៊ើបអង្កេតរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ តាមសំណើរបស់ទីក្រុងម៉ានីល ដែលបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេត៕

កម្មកររីករាយចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ក្នុងការផ្ដល់រថយន្តដឹកពួកគេទៅបោះឆ្នោត

2023/07/19 11:26:14 am        408
ភ្នំពេញ៖ កម្មករកម្មការិនី កំពុងបម្រើការងារតាមរោងចក្រក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកលើពួកគេ តាម រយៈការផ្ដល់រថយន្តដឹកជញ្ជូនពួកគេទៅបោះឆ្នោត ដែលនឹងជួយកាត់បន្ថយការចំណាយលើមធ្យោបាយ ធ្វើដំណើរទៅមក ។ក្រុមកម្មករ កម្មការិនី បានលើកឡើងថា ជាការប្រសើរណាស់ ដែលមានការគិតគូរសម្រាប់ពួកគេ ក៏ដូចជាពលរដ្ឋទូទៅដទៃផ្សេងទៀត​ ក្នុងការសម្រួលដល់ការធ្វើដំណើរទៅចូលរួមបោះឆ្នោត ដើម្បីបំពេញ​ តួនាទីរបស់ខ្លួនជាពលរដ្ឋល្អ ​ក៏ដូចជាការបំពេញសិទ្ធិជាម្ចាស់ឆ្នោត ក្នុងការ​សម្រេច​ចិត្តជ្រើសរើសថ្នាក់ ដឹកនាំដែលខ្លួនពេញចិត្ត ​ដើម្បីបន្តដឹកនាំប្រទេសទៅមុខបន្តទៀតផងដែរ ។រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៣៥០គ្រឿង នៅតាមចំណត ចំនួន១០កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីដឹកជញ្ចូនកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅទាំងអស់ ទៅ​កាន់ស្រុកកំណើត ​ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយ​ប្រើរយៈពេល​០៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ៕ អត្ថបទ៖ លីហេង

អ្នកនាំពាក្យអំពាវនាវ បណ្ដាគណបក្សនយោបាយបន្តប្រកាន់ភាពចាស់ទុំ ឆ្ពោះទៅបិទបញ្ចប់ការឃោសនា

2023/07/19 11:17:16 am        254
ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយនានា បន្តប្រកាន់ខ្ជាប់ភាពចាស់ទុំក្នុងការធ្វើ​សកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតដើម្បីឆ្ពោះទៅបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្ដមបានថ្លែងថា រយៈពេលជិត ២០ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ ឆ្នាំ២០២៣ ​គណបក្សនយោបាយនានា បានធ្វើសកម្មភាពឃោសនា​បោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្នាន អំពើហិង្សាណាមួយកើតឡើងឡើយ។ឯកឧត្ដមបន្តថា រហូតមកដល់ពេលនេះ គ.ជ.ប បាបនអនុវត្តស្របតាមនីតិវិធីច្បាប់​ដែលបានចែក​ដោយធ្វើយ៉ាងណាបម្រើសេវាកម្មបម្រើដល់អ្នកបោះឆ្នោតឱ្យអស់ពីលទ្ធភាព ក្នុងនោះមានដូចជា​ការរៀបចំបញ្ជាក់ឯកសារបម្រើដល់ការបោះឆ្នោតជាដើម ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែល​មាន​ឈ្មោះក្នុងបញ្ជីអាចទៅបោះឆ្នោតបាន​ និងការបោះឆ្នោតដំណើការទៅបានដោយរលូន នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។សូមជម្រាបជូនថាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់​នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈប្រជាពលរដ្ឋដែលមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោតជាង ៩ លាន ៧ សែននាក់នឹងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមមណ្ឌលបោះឆ្នោតចំនួន ១២៥ នៅទូទាំង ២៥ រាជធានី-ខេត្តក្នុង​ប្រទេសសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តម ហ៊ុន ម៉ានី៖ បក្សប្រជាជនកម្ពុជា នាំមកនូវការរីកចម្រើន និងនៅជាមួយប្រជាពលរដ្ឋជានិច្ច

2023/07/19 11:07:55 am        213
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន​ជួយ​ខេត្តកំពង់ស្ពឺ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋថា ​គណបក្សប្រជាជនកម្ពុជា មិនដែល​អះអាងថា​ ខ្លួនល្អឥតខ្ចោះនោះទេ ​តែគណបក្សប្រជាជនកម្ពុជា បាននាំមកវិញនូវការ​រីកចម្រើន និងតែងនៅជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាកទាំងអស់។ នេះជាការលើកឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិក រស់នៅ​មូលដ្ឋាន​រស់នៅក្រុងឧដុង្គម៉ែជ័យ​ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជួយ​ខេត្តកំពង់ស្ពឺ​ បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរស់នៅក្រុង ​ឧដុង្គម៉ែជ័យ​ និងស្រុក សាមគ្គីមុនីជ័យ ​ខេត្តកំពង់ស្ពឺថា​ គណបក្សប្រជាជនកម្ពុជា មិនដែលអះអាងថាខ្លួនល្អ​ឥតខ្ចោះ​នោះទេ។ ទោះគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះក្ដី ​តែគណបក្សប្រជាជនកម្ពុជា ជា​អ្នករំដោះជីវិតប្រជាពលរដ្ឋ ​និងជាអ្នកនាំមកនូវការរីកចម្រើន​ ផ្ដល់សុខសន្តិភាព ភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ គឺគណបក្សប្រជាជនកម្ពុជា តែងនៅជាមួយប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈទាំងអស់ ហើយក៏ជាគណបក្សដែលប្រជាពលរដ្ឋអាចពឹងពាក់​បានគ្រប់ពេលវេលាផងដែរ។ ឯកឧត្តម លើកឡើងដែរថាគ្រប់យ៉ាងដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលបានក្នុងពេលបច្ចុប្បន្នគឺកើតចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតជូនខ្លួនឯង។ទន្ទឹមនឹងការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់ប្រជាពលរដ្ឋវិញ ក៏មើលឃើញជាក់ស្ដែងពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេថាបានរស់រានមានជីវិត ​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ​គឺដោយសារការជួយពី គណបក្សប្រជាជនកម្ពុជា ​ការទទួលបានវ៉ាក់សាំងគេចផុតពីគ្រោះថ្នាក់កូវីដ ១៩ ក៏ដោយសារ​តែគណបក្សប្រជាជនកម្ពុជា។ ពួកគេក៏មើលឃើញដែរថា គណបក្សប្រជាជនពិតជានៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច​ពិតប្រាកដមែន​ ហើយក៏បានធ្វើអោយសង្គមកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានមានការផ្លាស់ប្ដូរ​កាន់តែប្រសើរឥតឈប់ឈរ។ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់ ឯកឧត្តម ហ៊ុនម៉ានី ក៏បានក្រើនរម្លឹកទៅពលរដ្ឋអោយត្រៀមរួចរាល់នូវ អត្តសញ្ញាប័ណ្ណ ក៏ដូចជាឯកសារបញ្ជាក់​អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ​គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ដើម្បី​អោយសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕អត្ថបទ.គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM
ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
06/19/2026 06:06 PM
អនុប្រធានាធិបតីអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលីបង់រក្សាសន្តិសុខនៅតំបន់ភាគាងត្បូងប្រទេស
06/19/2026 06:06 PM
រលកកម្តៅវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសបារាំង រួមទាំងទីក្រុងប៉ារីសផងដែរ
06/19/2026 06:06 PM
រមណីយដ្ឋាន Burgenstock របស់ស្វីស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់
06/19/2026 06:06 PM