ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អំពើហិង្សាផ្ទុះឡើងនៅភាគឦសានអាហ្សង់ទីនប្រឆាំងនឹងកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត

2023/06/21 01:49:42 pm        112
អាហ្សង់ទីន៖ អំពើហិង្សា បានផ្ទុះឡើងនៅតំបន់ភាគឦសានប្រទេសអាហ្សង់ទីន អំឡុងបាតុកម្មប្រឆាំងនឹងការអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ស្របពេលដែលសមាជិកសភាស្បថគោរពតាមរដ្ឋធម្ននុញ្ញថ្មី ។  ក្រុមនគរបាលបង្ក្រាបកុបកម្ម បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ក្រោយបាតុកម្មហិង្សានៅទីក្រុង San Salvador ក្នុងនោះក្រុមបាតុករ នាំគ្នាចោលវត្ថុរឹង ដុតកម្ទេចរថយន្ត និងសម្រុកចូលអគារនីតិបញ្ញត្តិដោយហិង្សា ខណៈពេលដែលក្រុមនគរបាល ព្យាយាមបំបែកហ្វូងបាតុករដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។   គួរឲ្យដឹងថា សមាជិកសភាក្នុងស្រុក បានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញថ្នាក់ខេត្ត ដែលហាមឃាត់ការបិទផ្លូវ ក៏ដូចជាការកាន់កាប់អគាររដ្ឋ ។  ការជជែកដេញដោលលើកំណែទម្រង់នេះ ត្រូវបានធ្វើឡើងក្នុងបរិបទបាតុកម្មដោយអង្គភាពជាច្រើន ជាពិសេសក្រុមគ្រូបង្រៀន និងក្រុមជនជាតិដើមភាគតិច ៕

លោក Ebrahim Raisi៖ អ៊ីរ៉ង់នឹងមិនឱនក្បាលអង្វរសុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ

2023/06/21 01:34:37 pm        105
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងមិនឱនក្បាលអង្វរសុំកិច្ចប្រជុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ។  ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់ Channel 1 លោក Raisi និយាយថា ប្រទេសរបស់លោកស្វែងរកការពិភាក្សាកិច្ចប្រជុំដោយកិត្តិយស គតិបណ្ឌិត និងបំណងល្អ ។  មេដឹកនាំអ៊ីរ៉ង់រូបនេះ បន្តចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាសត្រូវរបស់ខ្លួន ប៉ុន្តែលោកពុំបានមើលឃើញថា អារ៉ាប៊ីសាអូឌីតជាសត្រូវនោះទេ ។  យោងតាមការអះអាងរបស់ក្រុមមន្រ្តីអ៊ីរ៉ង់ និងលោកខាងលិច បានឲ្យដឹងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងជជែកជាមួយអ៊ីរ៉ង់ ដើម្បីគូសវាសជំហាននានានៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោះលែងពលរដ្ឋសហរដ្ឋអាមេរិកដែលត្រូវបានឃាត់ខ្លួន និងលែងបង្កកទ្រព្យសកម្មអ៊ីរ៉ង់នៅបរទេស ៕

ព្រឹទ្ធសភាបញ្ចប់ការពិនិត្យឲ្យយោបល់ លើច្បាប់អត្រានុកូលដ្ឋាន និងច្បាប់ស្តីពីវិធានការដើមកំណើតទំនិញ

2023/06/21 12:13:15 pm        184
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិបញ្ចប់ការពិនិត្យ ហើយឲ្យយោបល់ទៅលើច្បាប់ចំនួន២ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានការដើមកំណើតទំនិញ ដោយបានឯកភាពទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។បន្ទាប់ពីសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា ​ជួយធានាឱ្យមានវិធាន ​និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការ​ចុះបញ្ជីអត្រានុកូលដ្ឋាន ​ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ​ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹង​បន្ថែមទៀត​នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូន​ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ។ឯកឧត្តមបន្តថា ធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់រៀបចំ​គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន ​បញ្ជីប្រជាជន ​និងរៀបចំផែនការអភិវឌ្ឍផងដែរ ។ ច្បាប់នេះជាសមិទ្ធផលថ្មីមួយទៀត រៀបចំឡើងមិនត្រឹមតែអាចឆ្លើយតប ក្នុងការដោះស្រាយបញ្ហា បានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមកប៉ុណ្ណោះទេ គឺធានាបាននូវតម្លាភាពក្នុងការ​ផ្តល់​សេវា និងបានរៀបចំបទប្បញ្ញតិ្តមានលក្ខណៈទំនើបកម្ម​ ស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំង​បានរៀបចំដោយព្យាករទុកជាមុនរួចស្រេច​ ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យា​ឌីជីថល នាថ្ងៃអនាគត ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ចំណែកច្បាប់ស្តីពី ​វិធានដើមកំណើតទំនិញមានចំនួន៩ជំពូក និង៣៥មាត្រា ​នឹងជួយកំណត់គោលការណ៍​នៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម ​ដើម្បីបំពេញតាមការសន្យារបស់កម្ពុជា ជាមួយអង្គការពាណិជ្ជកម្ម​ពិភពលោក ​និងដោយអនុលោមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានា ។អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ​ច្បាប់នេះ​នឹងជួយជំរុញ ​និងសម្រួលពាណិជ្ជកម្ម, ទប់ស្កាត់ការ​ក្លែងបន្លំ​ដើមកំណើតទំនិញ ​ពិសេសដើមកំណើតទំនិញកម្ពុជា,​ ជាឧបករណ៍គតិយុត្ត មានលក្ខណៈពេញលេញ ​និងគ្រប់ជ្រុងជ្រោយ​ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការកំណត់អំពី​គោលការណ៍ និងវិធានដើមកំណើតទំនិញ​ ទាំងវិធានដើមកំណើតទំនិញស្ថិតក្រោមប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ​ខណៈបច្ចុប្បន្ននេះ កម្ពុជាពុំទាន់មាន​ច្បាប់ចែង​ដោយឡែក អំពីវិធានដើមកំណើតទំនិញ ​ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ​និងក្រៅប្រព័ន្ធនៅ​ឡើយទេ ​ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។ឯកឧត្តម បានបញ្ជាក់ថា ច្បាប់នេះ នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់​ ដល់អាជ្ញាធរ មាន​សមត្ថកិច្ចជាពិសេសក្រសួងពាណិជ្ជកម្ម ​ដែលទទួលបន្ទុក ចេញវិញ្ញាបនបត្របញ្ជាក់​ដើម​កំណើត​ទំនិញ ​និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្នុងការ​អនុវត្ត​ការងារ​ទាក់ទង​នឹងវិធាន​ដើម​កំណើតទំនិញ... ៕ អត្ថបទ បាន សុខរិទ្ធិ

ប្រមុខ UN អំពាវនាវឱ្យបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/06/21 11:39:40 am        151
UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានជំរុញឱ្យភាគីទំាងអស់ធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីធានាបានការបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងៗទៀតពីកំពង់ផែសមុទ្រខ្មៅ។នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញដោយអ្នកនាំពាក្យរបស់លោក លោក Guterres បានអំពាវនាវដល់ភាគីនានាឱ្យពន្លឿនប្រតិបត្តិការ ដោយចង្អុលបង្ហាញទៅរកការថយចុះនៃសកម្មភាពនាវាចូល និងចេញពីកំពង់ផែសមុទ្ររបស់អ៊ុយក្រែន និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់ទីផ្សារពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការនាំចេញស្បៀងអាហារតាមសមុទ្រខ្មៅ បានធ្លាក់ចុះពីចំនួនខ្ពស់បំផុត ៤,២ លានតោនកាលពីខែតុលា ឆ្នាំ ២០២២ មកនៅត្រឹម ១,៣ លានតោនក្នុងខែឧសភា ជាបរិមាណទាបបំផុតចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដាក់ឲ្យដំណើរការ។ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកដោយរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយប្រទេសទួរគីនិងអង្គការសហប្រជាជាតិក្នុងខែកក្កដា ឆ្នាំ ២០២២។ គំនិតផ្តួចផ្តើម ដែលចូលជាធរមានរយៈពេល ១២០ ថ្ងៃ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់រយៈពេល ១២០ ថ្ងៃទៀតរហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣។ នៅពេលនោះ រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងរយៈពេលតែ ៦០ ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។ នៅថ្ងៃទី ១៧ខែឧសភា រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងនេះរយៈពេល ៦០ ថ្ងៃទៀត។ ខណៈកិច្ចព្រមព្រៀងស្របគ្នា រុស្ស៊ី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការសម្របសម្រួលការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិបានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអនុវត្តន៍ទាំងគំនិតផ្តួចផ្តើម ទាំងអនុស្សរណៈនៃការយោគយល់ ដើម្បីឱ្យការនាំចេញស្បៀងអាហារ និងជី រួមទាំងសារធាតុអាម៉ូញាក់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅកាន់ទីផ្សារជុំវិញពិភពលោកដោយសុវត្ថិភាព និងតាមការគិតទុក៕

សម្តេចតេជោ៖ ​សង្រ្គាមបង្កឡើងដោយជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បានសន្យល់ទុកជនពិការជាច្រើន

2023/06/21 11:20:51 am        212
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា បានលើកឡើងថា សង្គ្រាមបង្កឡើងដោយជនក្បត់ជាតិមួយក្ដាប់តូច ដែលបានឃុបឃិត​ជាមួយបរទេស បានបន្សល់ទុកនូវជនពិការ បាត់បង់ការងារ និងបានពលីជីវិតជាច្រើននៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានស្តារឲ្យពួកគាត់មានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«សង្រ្គាមដែលបង្កឡើងដោយជន ក្បត់ជាតិមួយក្តាប់តូច​ឃុបឃិត​ជាមួយបរទេស​ បានបង្ក​សង្គ្រាម​វិនាសកម្ម​ និងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​បំផ្លិតបំផ្លាញ​សង្គមសេដ្ឋកិច្ចឲ្យ​ខ្ទេចខ្ទី​ដល់​ឫសគល់​ ថែមទាំងបានបន្សល់ទុកនូវ​អតីតយុទ្ធ ជន​ដែលជាជនពិការ និវត្តជន​ ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន​ពលី​មរណៈជាច្រើន»។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអតីតយុទ្ធជន គឺជាគំរូវីរភាព ដ៏​មុះមុត​ និង​គុណបំណាច​ដ៏ធំធេងរបស់ប្រទេសជាតិ ​និង​ប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ ខណៈ​អតីតយុទ្ធជន គឺបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ​បូជា​សាច់ស្រស់ ​ឈាមស្រស់ ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ ហើយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់រូបនៅទូទាំង​ប្រទេសពិតជាចងចាំ​ជា​និច្ចនូវ​ការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ​។សម្តេច បានបន្តទៀតថា ​ក្រោយ​ថ្ងៃរំដោះ៧មករា​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាកខ្ពស់ក្នុងការ អនុវត្តគោល​នយោបាយនានា​ ដើម្បីលើកកម្ពស់​សុខុមាលភាព និងជីវភាពរស់នៅ​របស់បងប្អូន​អតីតយុទ្ធ​ ជនឲ្យបានល្អប្រសើរជា​បន្តបន្ទាប់ ​ជាក់ស្តែងរហូតមកដល់ពេលនេះ​រាជរដ្ឋាភិបាល​បាន​ផ្តល់ផ្ទះជូនដល់អតីតយុទ្ធ ​និងគ្រួសារសរុបបានចំនួន ៥១៥៤ខ្នង ខណៈប្រាក់​ឧបត្ថម្ភ​ប្រចាំខែជាង ១៥ម៉ឺននាក់​ ក្នុងម្នាក់ៗទទួលបានជាង៧០ម៉ឺនរៀល៕អត្ថបទ៖ បាន ចក់ 

លោក Biden ហៅលោក Xi ថាជាមេដឹកនាំផ្ដាច់ការមួយថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់លោក Blinken ទៅប៉េកាំង

2023/06/21 11:07:05 am        123
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានហៅលោកប្រធានាធិតីចិន Xi Jinping ថាជាមេដឹកនាំផ្ដាច់ការនៅកម្មវិធីរៃអង្គាសមូលនិធិមួយក្នុងរដ្ឋ California។ ការអត្ថាធិប្បាយរបស់លោក មានឡើងមួយថ្ងៃបន្ទាប់ពីប្រមុខការទូតអាមេរិក លោក Antony Blinken បានជួប លោក Xi សម្រាប់កិច្ចពិភាក្សាការងារនៅក្នុងទីក្រុងប៉េកាំង ជាទីដែលលោកទាំង២ មានបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចពិភពលោកទាំង២។លោក Xi បាននិយាយថាមានជំហានរីកចម្រើនមួយចំនួនបានកើតឡើង នៅក្នុងទីក្រុងប៉េកាំង ខណៈលោក Blinken បានបង្ហាញថាភាគីទាំង២ បានបើកឲ្យមានការពិភាក្សាគ្នាបន្ថែមទៀត។  ប្រទេសចិន ពុំទាន់បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Biden នៅឡើយទេ។ នៅព្រឹត្តិការណ៍រៃអង្គារមូលនិធិកាលពីយប់ថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតី Biden ក៏បាននិយាយផងដែរថា លោក Xi រងភាពអាម៉ាស់ជុំវិញភាពតានតឹងនាពេលថ្មីទាក់ទងនឹងបាឡុងចារកម្មរបស់ចិន ដែលត្រូវបានហោះអណ្ដែតលើសហរដ្ឋអាមេរិក។ លោក Biden បាននិយាយថា មូលហេតុដែលលោក Xi Jinping មិនសប្បាយចិត្តគឺនៅពេលដែលលោកបានបាញ់ទម្លាក់បាឡុងមានទំហំប៉ុនរថយន្ត២គ្រឿង ដែលបានផ្ទុកឧបករណ៍ចារកម្ម  ដែលលោកពុំបានដឹង។ នោះគឺជារឿងអាម៉ាស់ដ៏ធំបំផុត សម្រាប់ក្រុមជនផ្ដាច់ការទាំងឡាយ នៅពេលដែលពួកគេពុំបានដឹងថាមានអ្វីបានកើតឡើង៕

កូរ៉េខាងជើង រិះគន់ដំណើរទស្សនកិច្ចទៅចិនរបស់លោក Blinken ថាជា «ដំណើរទស្សនកិច្ចសុំអង្វរ»

2023/06/21 10:48:02 am        158
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធទី២១ ខែមិថុនានេះ បានរិះគន់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់រដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំងថាជា «ដំណើរទស្សនកិច្ចសុំអង្វរ» ដើម្បីធ្វើឲ្យធូរស្រាលភាពតានតឹង ជាអ្វីដែលខ្លួនហៅថាការបរាជ័យគោលនយោបាយដើម្បីដាក់សម្ពាធលើប្រទេសចិន។ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលកាន់តំណែងមក លោក Blinken និងប្រធានាធិបតីចិនលោក Xi Jinping បានជួបគ្នាកាលពីថ្ងៃចន្ទ ហើយបានព្រមព្រៀងដើម្បីធ្វើឲ្យមានស្ថិរភាពនៃការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ប្រទេសទាំងពីរ ដើម្បីបញ្ចៀសជម្លោះ។លោក Blinken បាននិយាយបន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទថា លោកបានទទូចឱ្យប្រទេសចិនជួយជំរុញប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់ការបាញ់មីស៊ីល ខណៈទីក្រុងប៉េកាំងមាន «ជំហរដាច់ដោយឡែកមួយ» ដើម្បីដាក់គំនាបទីក្រុងព្យុងយ៉ាងឱ្យចូលរួមការកិច្ចសន្ទនា។ នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA លោក Jong Yong Hak ដែលទីភ្នាក់ងារនេះ បានចាត់ទុកថាជាអ្នកវិភាគកិច្ចការអន្តរជាតិ បាននិយាយថា ដំណើរទស្សនៈកិច្ចដ៏កម្រនេះ គឺមានបំណងសុំអង្វរឱ្យមានការបន្ធូរបន្ថយភាពតានតឹង ជាបំណងដើម្បីដាក់គំនាប និងទប់ប្រទេសចិនដែលអាចមានឧស្សាកម្មរីកចម្រើនឆាប់រហ័ស ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ការអត្ថាធិប្បាយនោះ បានលើកឡើងថា សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការបង្កើនភាពតានតឹងក្នុងតំបន់ជាមួយនឹង «ភាពស្មុគស្មាញប្រឆាំងប្រទេសចិន» ដូចជាក្រុមប្រទេសក្វាត(QUAD) ដែលរួមមានប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី និងសន្ធិសញ្ញា AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី៕

សហភាពអឺរ៉ុបប្រកាសជំនួយហិរញ្ញវត្ថុ៥០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

2023/06/21 10:41:10 am        156
អឺរ៉ុប៖ សហភាពអឺរ៉ុបបានត្រៀមខ្លួនជាស្រេចដើម្បីស្នើសុំកញ្ចប់ជំនួយហិរញ្ញវត្ថុប្រមាណ ៥០ ពាន់លានអឺរ៉ូ ឬ៥៥ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ខណៈប្រទេសនេះចាប់ផ្តើមការវាយបកយ៉ាងសំខាន់ដើម្បីដណ្តើមយកមកវិញទឹកដីដែលបានបាត់បង់ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីជាងមួយឆ្នាំកន្លងទៅនេះ។អ្នកដែលដឹងច្បាស់ពីផែនការនេះបាននិយាយថា សំណើពីគណៈកម្មការអឺរ៉ុប ជាបង្អែកប្រតិបត្តិរបស់សហភាពអឺរ៉ុបនឹងជួយផ្តល់ហិរញ្ញវត្ថុដល់ការចំណាយរបស់រដ្ឋាភិបាលអ៊ុយក្រែន និងចំណាយសម្រាប់អាទិភាពនៃការកសាងឡើងវិញបន្ទាន់។កញ្ចប់ជំនួយនេះនៅតែជាគោលដៅនៃការផ្លាស់ប្តូរ មុនពេលវាត្រូវបានបង្ហាញជាសាធារណៈ ដែលត្រូវបានប្រកាសកាលពីម្សិលមិញនៅមុនសន្និសីទមួយក្នុងសប្តាហ៍នេះនៅទីក្រុងឡុងដ្រ៍ ជាទីដែលម្ចាស់ជំនួយត្រូវពិភាក្សាអំពីរបៀបស្តារប្រទេសឡើងវិញ ហើយមន្ត្រីអ៊ុយក្រែននឹងស្វែងរកការចូលរួមពីវិស័យឯកជន។ ប្រជាជនដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គណៈកម្មការមានបំណងបញ្ចៀសឧបករណ៍ស្តារឡើងវិញដែលមានបន្ទុកសម្រាប់ប្រទេសមួយកំពុងមានសង្រ្គាម ហើយនឹងផ្តល់ជំនួយជាជំនួយក្នុងរូបភាពជំនួយឥតសំណង កម្ចីសម្បទាន និងការធានា។រដ្ឋាភិបាលអ៊ុយក្រែនកំពុងពឹងផ្អែកលើការវាយបកដើម្បីរុញច្រានកងកម្លាំងរុស្ស៊ីចេញពីទឹកដីបន្ថែមទៀត និងជំរុញឲ្យសម្ព័ន្ធមិត្តបន្តផ្តល់ការគាំទ្រជាចាំបាច់ ទោះបីជាប្រទេសមួយចំនួនកំពុងដាក់សម្ពាធលើទីក្រុង Kyiv និងទីក្រុងមូស្គូឱ្យចរចាក៏ដោយ។ មន្ត្រីអ៊ុយក្រែនកាលពីសប្តាហ៍មុនបាននិយាយថា កងទ័ពរបស់ខ្លួនបានរុលទៅមុខមួយចំនួនក្នុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង៕

អតីតយុទ្ធជនជាង១០ម៉ឺននាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកជាង ១៥ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ

2023/06/21 10:41:06 am        271
ភ្នំពេញ៖ អតីតយុទ្ធជនសរុបជាង ១០ម៉ឺននាក់ ព្រមទាំងអ្នកដែលកំពុងរស់នៅក្នុងបន្ទុកជាង ១៥ម៉ឺននាក់ បាននិងកំពុងទទួលបានប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។បើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និង​ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ​ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញថា៖ បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៦ .៩០៥នាក់ ព្រមទាំង​អ្នកនៅក្នុងបន្ទុកចំនួន ១៥៣ .៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ហើយគិតចាប់ពីខែមករា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ របបសន្តិសុខសង្គម​ប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាង ឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ កាលពីក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធននិវត្តន៍ ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ​ជនបាត់បង់សមត្ថភាពការងារ ជនពិការ និង គ្រួសារអតីតយុទ្ធជន។អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធ​ទិន្នន័យ​ព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របប​សន្តិសុខ​សង្គមរៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (បសស) ជូនជនពិការ និវត្តជន និងជនបាត់បង់​សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និង​គ្រួសារជនមរណៈ ជាអតីតយុទ្ធជន ​ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែល​បានចុះកិច្ចសន្យាជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់។គួរបញ្ជាក់ថា៖ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ បង្កើតឡើងនៅឆ្នាំ ២០០៧ ដើម្បី​រំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ ​និងធ្វើពលីកម្មដ៏អង់ អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា ​ហើយ​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា​ និងជាប្រធានសមាគមនេះតែងតែយកចិត្ត ​ទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូន​អតីត​យុទ្ធជន​កម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើសកម្មភាពដោះស្រាយ​បញ្ហានិងជួយ​លើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរជាបន្តបន្ទាប់ទាំងទៅលើរបបផ្គត់ផ្គង់ប្រចាំខែនិងការផ្តល់ជូនដីធ្លីសាងសង់ផ្ទះសម្បែងជូនជាបន្តបន្ទាប់​ចំពោះគ្រួសារអតីតយុទ្ធជនណា​ដែលខ្វះដី និងទីជម្រករស់នៅពិតប្រាកដ៕អត្ថបទ៖ មុត សុទ្ធ

មនុស្ស៤១នាក់ស្លាប់បន្ទាប់ពីកុបកម្មត្រូវបានរាយការណ៍នៅពន្ធនាគារសម្រាប់ស្ត្រីប្រទេសហុងឌុយរ៉ាស

2023/06/21 10:33:21 am        77
ហុងឌុយរ៉ាស៖ អ្នកនាំពាក្យមកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស៤១នាក់បានស្លាប់នៅក្នុងពន្ធនាគារសម្រាប់ស្ត្រី នៅក្នុងប្រទេសហុងឌុយរ៉ាស។ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌល Centro Femenino de Adaptacion Social (CEFAS) ជាពន្ធនាគារសម្រាប់ស្ត្រី ៩០០ នាក់ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា(Tegucigalpa) ដែលស្ត្រីមួយចំនួនបានស្លាប់ដោយសារការរលាកភ្លើង ខណៈអ្នកផ្សេងទៀតត្រូវបានគេបាញ់។ប្រធានសមាគមមួយសម្រាប់គ្រួសារអ្នកទោស លោក Delma Ordonez បានប្រាប់សារព័ត៌មានរ៉យទ័រថា ការឈ្លោះប្រកែកគ្នាបានផ្ទុះឡើងនៅពន្ធនាគារនៅពេលព្រឹកព្រលឹមថ្ងៃអង្គាររវាងសមាជិកក្រុមអន្ធពាលជាគូប្រជែង Barrio 18 និងក្រុម Mara Salvatrucha (MS-13) ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មានកុបកម្មកើតឡើង។ រដ្ឋាភិបាលពុំបានបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ។ សាច់ញាតិរបស់អ្នកទោសត្រូវបានគេឲ្យនៅខាងក្រៅពន្ធនាគារកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ។ មានប្រវតិ្តនៃឧបទ្ទវហេតុពន្ធនាគារដ៏ឃោរឃៅនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយមានអ្នកទោសចំនួន១៨ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប្រយុទ្ធរបស់ក្រុមទំនើងនៅក្នុងពន្ធនាគារក្នុងឆ្នាំ ២០១៩ និងជាង៣៥០នាក់ស្លាប់ដោយអគ្គិភ័យក្នុងឆ្នាំ២០១២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM