ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ

2023/06/14 06:51:10 am        406
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។ថ្ងៃនេះ ជាលើកទី១៦ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, ដេរស្បែកជើងចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ៕

ប្រជាជនអឺរ៉ុបមិនចង់មានចំណែកក្នុងសង្គ្រាមអាមេរិកនាពេលអនាគតទេ

2023/06/13 02:03:25 pm        114
អឺរ៉ុប៖ ពលរដ្ឋនៃបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ឱ្យប្រជាជាតិរបស់ខ្លួនរួមចំណែកជាមួយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលអាចទៅរួចណាមួយនាពេលអនាគតជាមួយប្រទេសចិននោះទេ។ដើម្បីឱ្យជាក់លាក់គឺមានប្រជាជនអឺរ៉ុប ៦២ ភាគរយដែលបានស្ទង់មតិទាំងអស់ បានប្រាប់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសថា ពួកគេរំពឹងថាមេដឹកនាំរបស់ខ្លួន "រក្សាអព្យាក្រឹតភាព" ប្រសិនបើជម្លោះណាមួយផ្ទុះឡើង។ ហើយមានតែប្រជាជន ២៣ ភាគរយប៉ុណ្ណោះដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់ពួកគេគួរតែគាំទ្រសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ។នេះគឺគ្រាន់តែជាការស្ទង់មតិមួយ ហើយមិនមានមេដឹកនាំនយោបាយណាម្នាក់ត្រូវតែយល់ស្របនឹងអ្វីដែលពលរដ្ឋរបស់ពួកគេចង់បាននោះទេ។ ម៉្យាងវិញទៀត ការស្ទង់មតិនេះបញ្ជាក់ថា ប្រជាជនអឺរ៉ុបយល់ច្បាស់ពីអ្វីដែលបានកើតឡើងចំពោះទ្វីបរបស់ពួកគេ ដោយសារតែការផ្តល់ជំនួយដល់សហរដ្ឋអាមេរិកក្នុងសង្គ្រាមដ៏មហន្តរាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ប្រជាជនអ៊ឺរ៉ុបបានមើលឃើញពីផលប៉ះពាល់អវិជ្ជមានជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍នៃការគាំទ្រដ៏លើសលុបដោយយោធារបស់លោកខាងលិច។ ពួកគេជឿថា ការធ្វើតាមអាមេរិកក្នុងសង្រ្គាមណាមួយជាមួយចិន មិនមែនជាផលប្រយោជន៍របស់អឺរ៉ុបទេ៕

ស សាឡុងដេត សុំទោសសម្តេចតេជោ និងប្រកាសផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី ព្រមទាំងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

2023/06/13 01:31:45 pm        266
ភ្នំពេញ៖ តាមរយៈវិដេអូ លោកស សាឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានសុំខន្តីអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកនិយាយទៅកាន់សមាជិកសមាជិកាគណបក្សភ្លើងទៀន ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។ ជាមួយគ្នានេះ លោកស សាឡុងដេត បានប្រកាសថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និងលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គល សម រង្ស៊ី ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោស សម្តេចសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹងនិងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជា៖ ការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់៕

គ.ជ.ប បិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ

2023/06/13 01:02:06 pm        188
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមដំណើរការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនៅទូទាំងប្រទេស។ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ, និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី-ខេត្ត, សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ឯកឧត្តម ឌុច សុន មានប្រសាសន៍ថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានបញ្ចប់ គ.ជ.ប ឈានចូលដល់ដំណើរការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការត្រូវធ្វើចាប់ពីថ្ងៃទី១៣ មិថុនានេះតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនៅទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ទៀតថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ​បោះឆ្នោត ត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ចំនួន១ច្បាប់ និងនៅតាមទីប្រជុំជនធំៗមួយចំនួនក្នុងរាជធានី-ខេត្តនីមួយៗ។ ឯកឧត្តម បញ្ជាក់ថា បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺជាបញ្ជីដែលកើតចេញពីលទ្ធផលនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧ ឆ្នាំ២០២៣ និង​ការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលដំណើរការទាំងនេះបានបញ្ចប់ជាស្ថាពរ ដោយសម្រេចបានគណបក្ស​នយោបាយចុះបញ្ជីផ្លូវការចំនួន១៨ គណបក្ស និងមានលេខសម្គាល់របស់គណបក្ស​នយោបាយនីមួយៗ។ ឯកឧត្តម បន្ថែមថា បន្ទាប់ពីថ្ងៃបិទផ្សាយនេះ គណបក្សនយោបាយមានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ-សង្កាត់​រៀបចំការបោះឆ្នោតនៃរាជធានី ខេត្តដែលសាមីគណបក្សនយោបាយបានចុះបញ្ជី​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងរាជធានី-ខេត្តនោះ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៕

អ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ងាកមកបង្កើនពាណិជ្ជកម្ម ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥន្ធនៈគីមី

2023/06/13 12:44:52 pm        121
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi អំឡុងដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងការ៉ាកាស (Caracas) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ចង់បង្កើនពាណិជ្ជកម្មទ្វេភាគីដល់២០ពាន់លានដុល្លារ ដោយកើនពីចំនួន៣ពាន់លានដុល្លារ។ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឥន្ធនៈគីមី ដែលជាសារធាតុគីមីសំយោគមកពីប្រេងឬឧស្ម័នធម្មជាតិ ដោយមានគោលបំណងអនុវត្តគម្រោងរួមគ្នា កសាងលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងវិស័យប្រេង។បន្ទាប់ពីកិច្ចព្រមព្រៀងឥន្ធនៈគីមី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀត ត្រូវបានចុះហត្ថលេខារួចហើយ លោក Raisi បាននិយាយតាមរយៈការបកប្រែនៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro ថា៖ «យើងបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ»។ លោក Raisi បានបន្ថែមថា៖ «គោលដៅដែលយើងមានសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជំហានដំបូង ត្រូវធ្វើឲ្យកម្រិតនៃកិច្ចសហប្រតិបត្តិការឡើងដល់ ១០ពាន់លានដុល្លារ ហើយជំហានបន្ទាប់ យើងចង់ធ្វើឲ្យកម្រិតនោះឡើងដល់ ២០ពាន់លានដុល្លារ»។ទូរទស្សន៍រដ្ឋវ៉េណេហ្ស៊ុយអេឡា បានផ្សាយថា កិច្ចព្រមព្រៀង រវាងក្រុមហ៊ុនឥន្ធនៈគីមីរដ្ឋវ៉េណេហ្ស៊ុយអេឡា Pequiven និងសមភាគីអ៊ីរ៉ង់ នឹងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការរុករក និងអភិវឌ្ឍប្រេង និងវាយតម្លៃពីលទ្ធភាពរបស់គម្រោងរួមគ្នា។ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Maduro បានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក Raisi និងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយបាននិយាយថា កិច្ចព្រមព្រៀង និងការវិនិយោគបន្ថែមទៀត ជិតនឹងកើតឡើងហើយ។ទីក្រុងការ៉ាកាស គឺជាកន្លែងឈប់សំចតដំបូងនៃដំណើរទស្សនកិច្ច នៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) របស់លោក Raisi ដែលនឹងធ្វើដំណើរផងដែរទៅកាន់ប្រទេសគុយបា និងនីការ៉ាហ្គ័រ៕

សម្ដេចតេជោ៖ ក្រុមប្រឆាំងបើចិត្តសឿងកុំទៅបោះឆ្នោត តែសិទ្ធិឈរឈ្មោះរបស់ពួកអ្នកក៏ត្រូវចប់

2023/06/13 11:25:23 am        445
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់ក្រុមប្រឆាំងដែលកំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោតថា បើក្រុមប្រឆាំងទាំងនោះចិត្តសឿងកុំទៅបោះឆ្នោត ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប៉ុន្ដែពួកក្រុមទាំងនេះ ក៏គ្មានសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត នាអាណត្តិខាងមុខទៀតដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុង​ប្រទេសមួយចំនួន កំពុងរៀបចំយុទ្ធនាការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលសកម្មភាពនេះ គឺផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។ សម្ដេចតេជោ បញ្ជាក់ថា បើពួកក្រុមប្រឆាំងមិនបានបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពួកគេក៏ គ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី តំណែងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា នៅឆ្នាំ ២០២៧-២០២៨ នោះទេ។សម្ដេចតេជោ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺស្របតាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ពិសេសត្រង់មាត្រាទី ៣៤ ថ្មីកថាខណ្ឌចុងក្រោយដែលចែងថា បទប្បញ្ញត្តិ​ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។ ដូច្ចេះគ្មានអ្វីផ្ទុយពី​រដ្ឋធម្មនុញ្ញ​នោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបង្កើនការទទួលខុសត្រូវសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត

2023/06/13 11:19:29 am        189
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺដើម្បីបង្កើនការទទួលខុសត្រូវចំពោះអ្នកឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត ពីព្រោះបើអ្នកឈរឈ្មោះឱ្យគេបើឆ្នោតសូម្បីសិទ្ធិពលរដ្ឋដែលជាសិទ្ធិទៅបោះឆ្នោតមិនអាចធ្វើបានផងតើនឹងអាចដឹកនាំប្រទេសកម្ពុជា បានដោយរបៀបណា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន ១១ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសន៍ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត គឺដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ប៉ុន្ដែការធ្វើវិសោធនកម្មច្បាប់នេះ មិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ក្នុងឱកាសនេះសម្ដេចតេជោ បន្តជំរុញដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទៅរដ្ឋសភាអនុម័តនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕អត្ថបទ៖ វ៉ន ដារ៉ា

អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្ដើមហ្វឹកហាត់បញ្ជាយន្តហោះចម្បាំង F-16 ឆាប់ៗនេះ

2023/06/13 10:57:18 am        118
អ៊ុយក្រែន៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Kajsa Ollongren បាននិយាយថា អាកាសយានិកអ៊ុយក្រែន អាចចាប់ផ្តើមហ្វឹកហាត់ ដើម្បីប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកឆាប់ៗ ក្នុងរដូវក្តៅនេះ។លោក Ollongren បានប្រាប់ថា៖ «យើងត្រូវពិនិត្យមើលថា តើពួកគេមានសមត្ថភាពអ្វីខ្លះ? តើភាសាអង់គ្លេសរបស់ពួកគេយ៉ាងម៉េចដែរ? តើយើងអាចចាប់ផ្តើមជាមួយក្រុមណា? ជាក់ស្ដែង តើពួកគេស្ថិតក្នុងកម្រិតណា? មែនហើយ រដូវក្តៅនេះគឺជាក្ដីប្រាថ្នារបស់យើង ហើយយើងនឹងចាំមើលថា វាជាការពិត ឬអត់»។សម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) គឺប្រទេសហូឡង់ និងដាណឺម៉ាក កំពុងដឹកនាំសម្ព័ន្ធអន្តរជាតិ ដើម្បីបណ្តុះបណ្តាលអាកាសយានិក បុគ្គលិកគាំទ្រ និងចុងក្រោយ ផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន។តែទោះជាយ៉ាងណាក្ដី លោក Ollongren បានបញ្ជាក់បន្ថែមថា ការសម្រេចចុងក្រោយពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទនេះឲ្យទៅទីក្រុងគីវ (Kyiv) មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ដោយលោកបានប្រាប់ថា៖ "រឿងនេះគឺថា វាជាប្រព័ន្ធសព្វាវុធខ្លាំង វាមានសមត្ថភាពខ្លាំងណាស់ ប៉ុន្តែវានឹងមិនមានការផ្ដល់ជូនក្នុងពេលឆាប់ៗនេះឡើយ ហើយប្រាកដណាស់ លោកប្រធានាធិបតី (Volodymyr) Zelenskiy ដឹងពីរឿងនោះច្បាស់ណាស់»។គោលបំណងនេះ នឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលដំណើរការយ៉ាងពេញលេញ ក្នុងរយៈពេលប្រាំមួយខែ ហើយយោងតាមប្រភពពីរ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Reuters ថា ការបណ្តុះបណ្តាល នឹងចាប់ផ្តើមជាមួយអាកាសយានិកអ៊ុយក្រែន២ក្រុមមាន១២នាក់ ដែលមានបទពិសោធន៍៕

សម្តេចតេជោ អំពាវនាវឱ្យកម្មករក៏ដូចជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

2023/06/13 10:55:48 am        189
ភ្នំពេញ៖ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត អំពាវនាវទៅកាន់កម្មករ កម្មការិនីរោងចក្រ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃ២៣ ខែកក្កដា ខាងមុខឲ្យបានគ្រប់ៗគ្នា។សម្តេចតេជោ បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍ ក្មួយៗ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាពហើយកាលណារក្សាសន្តិភាពបានហើយ គឺយើងរក្សាបាននូវការអភិវឌ្ឍ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំផ្ញើថា តាមរយៈក្មួយៗនេះ សម្ដេច​ក៏បានផ្ដាំផ្ញើ​សាកសួរសុខទុក្ខទៅកាន់ ឪពុក ម្ដាយ ដូន ជីតាក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំង​ប្រទេសសម្រាប់ការខិតខំចូលរួមចំណែករបស់ពួកគាត់ តាំងពីគ្រាលំបាកបំផុតក្រោយពេល​រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីក្មួយៗមួយចំនួនមិនទាន់កើតនៅឡើយ ហើយសម្ដេចក៏បានសម្ដែងនូវការអរគុណដល់ពួកគាត់ និងសង្ឃឹមថា ទាំងក្មួយៗ និងក្រុមគ្រួសារ មិនភ្លេចជាមួយនឹងគណបក្សប្រជាជន​ដែលជាជម្រើសមួយ សម្រាប់ធានាឱ្យក្មួយៗនូវសន្តិភាព​និងការអភិវឌ្ឍរទៅមុខជាបន្តទៀត៕

សហរដ្ឋអាមេរិក ព្រួយបារម្ភថាកូរ៉េខាងជើងកំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៀតឲ្យទៅរុស្ស៊ី

2023/06/13 10:54:16 am        110
អាមេរិក៖ អ្នកនាំពាក្យក្រសងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទទី១២មិថុនាថា សហរដ្ឋអាមេរិក ព្រួយបារម្ភថា កូរ៉េខាងជើង កំពុងមានផែនការបញ្ជូនអាវុធបន្ថែមទៀតឲ្យទៅប្រទេសរុស្ស៊ី បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។ កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា លោក Kim បានប្ដេជ្ញានៅក្នុងសារមួយផ្ញើជូនប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក Kim បានអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុង Moscow ដោយពួតដៃគ្នាយ៉ាងណែន ជាមួយប្រធានាធិបតីរុស្ស៊ី អនុឡោមតាមបំណងប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំង២ ដើម្បីបំពេញគោលបំណងដ៏ធំនៃការកសាងប្រទេសប្រកបដោយឥទ្ធិពល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បាននិយាយថា ទោះបីជាទីក្រុងព្យុងយ៉ាងបដិសេធថា ខ្លួនមិនបានលក់អាវុធឲ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ក៏សហរដ្ឋអាមេរិកបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការផ្តល់អាវុធ រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត និងមីស៊ីលទៅឲ្យក្រុមទាហានស៊ីឈ្នួល វ៉េកណា (Wagner) ដែលគាំទ្រដោយវិមានក្រឹមឡាំងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM
ទីក្រុងគីវ កាន់ទុក្ខកុមារអ៊ុយក្រែន ៧០៧នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ ២០២២
06/05/2026 08:06 PM
WFP៖ ជម្លោះមជ្ឈិមបូព៌ា ជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន
06/05/2026 08:06 PM
UN បង្កើនការអំពាវនាវសុំជំនួយទ្វេដងសម្រាប់លីបង់ ខណៈសង្រ្គាមធ្វើឲ្យកើនឡើងតម្រូវការមនុស្សធម៌
06/05/2026 08:06 PM
IAEA រៀបចំឲ្យមានបទឈប់បាញ់ក្នុងស្រុក ដើម្បីជួយជួសជុលបណ្តាញផ្គត់ផ្គង់អគ្គិសនីទៅកាន់រោងចក្រ Zaporizhzhia
06/05/2026 08:06 PM