ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ការត្រួតពិនិត្យឡើងវិញនូវការបោះឆ្នោតនៅនូវែលហ្សេឡង់ ណែនាំឲ្យមានការផ្លាស់ប្តូរច្រើន រួមទាំងការបន្ថយអាយុបោះឆ្នោត

2023/06/06 11:52:05 am        134
នូវែលហ្សេឡង់៖ យោងតាមសេចក្តីព្រាងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនូវែលហ្សេឡង់ត្រូវការការផ្លាស់ប្តូរសំខាន់ៗដូចជាបន្ថយអាយុបោះឆ្នោតមកនៅត្រឹមអាយុ ១៦ឆ្នាំ ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យអាចជ្រួតជ្រាបបានកាន់តែច្រើន។ របាយការណ៍នេះ គឺជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលនូវែលហ្សេឡង់ កាលពីឆ្នាំ២០២១ ដើម្បីធានាថានីតិវិធីរបស់សភា នៅតែស័ក្តិសមសម្រាប់បម្រើផលប្រយោជន៍ជាតិ។ របាយការណ៍នេះ បានលើកឡើងពីការផ្ដាស់ប្ដូរដ៏យ៉ាងទូលំទូលាយ ដែលរួមទាំងការកែប្រែច្បាប់ហិរញ្ញវត្ថុ ការបន្ថែមអាណត្តិសភា និងការកាត់បន្ថយកម្រិតចំនួនបក្សនយោបាយក្នុងការចូលរួមនៅសភា។ លោក Deborah Hart ប្រធានគណៈកម្មាធិការត្រួតពិនិត្យការបោះឆ្នោតឡើងវិញ បាននិយាយថា ខណៈដែលផ្នែកជាច្រើននៃប្រព័ន្ធបោះឆ្នោតរបស់នូវែលហ្សេឡង់ ដំណើរការទៅយ៉ាងល្អ យើងគិតថា វាអាចឈានទៅរកចំណុចកាន់តែប្រសើរ។ តុលាការកំពូលរបស់ប្រទេសនូវេលហ្សេឡង់ បាននិយាយកាលពីឆ្នាំ២០២២ ថា អាយុមានសិទ្ធិបោះឆ្នោត គួរតែទម្លាក់ចុះ ពីអាយុ១៨ ឆ្នាំសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែផែនការនានានឹងធ្វើឲ្យច្បាប់នេះ ត្រូវបានផ្អាកដោយសាររដ្ឋាភិបាលបច្ចុប្បន្ន ដែលពុំបានតម្រូវឲ្យមានការបោះឆ្នោតដើម្បីអនុម័តច្បាប់នេះ៕

ក្រុមបាតុករត្រៀមតវ៉ាចុងក្រោយដើម្បីបញ្ឈប់ កំណែទម្រង់សោធន៍និវត្តិន៍របស់ប្រទេសបារាំង

2023/06/06 11:45:45 am        150
បារាំង៖ ក្រុមសហជីពបារាំង នឹងរៀបចំការតវ៉ាលើកទី១៤នៅថ្ងៃអង្គារនេះ ប្រឆាំងទៅនឹងផែនការរដ្ឋាភិបាល ក្នុងការដំឡើងអាយុចូលនិវត្តន៍ពីអាយុ ៦២ ដល់ ៦៤ ឆ្នាំ នូវអ្វីដែលអាចជាការប៉ុនប៉ងចុងក្រោយដើម្បីដាក់សម្ពាធលើក្រុមតំណាងរាស្ត្រឲ្យដកច្បាប់មួយដែលបានកត់ត្រាចូលក្នុងសៀវភៅច្បាប់រួចទៅហើយ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Emmanuel Macron ក្នុងការបង្ខំកំណែទម្រង់តាមរយៈអំណាចរដ្ឋធម្មនុញ្ញពិសេសដែលបានរុញឲ្យមានការតវ៉ាប្រកបដោយកំហឹង នៅរដូវស្លឹកឈើលាស់ នេះ ប៉ុន្តែបញ្ហានេះ បានស្ងៀមស្ងាត់នៅតាមរបៀបវារៈបណ្ដាញផ្សព្វផ្សាយដែលបង្កការលំបាកកាន់តែខ្លាំងសម្រាប់ក្រុមសហជីពក្នុងការកៀរគរមនុស្សដើម្បីធ្វើសកម្មភាព។មេដឹកនាំថ្មីរបស់ក្រុមសហជីពប្រកាន់តឹង CGT លោកស្រី Sophie Binet បាននិយាយនៅតាមទូរទស្សន៍ BFM TV ថា ការតវ៉ានានា ត្រូវបានធ្វើឡើងរយៈពេល៦ខែមកហើយ ជារយៈពេលដ៏យូរមិនធ្លាប់មាន។ មានគ្រោះថ្នាក់ច្រើន ប៉ុន្តែក៏ហត់នឿយដែរ ដោយលោកស្រីបន្ថែមថា អ្នកចូលរួមការធ្វើកូដកម្មទាំងឡាយ មានអារម្មណ៍ថា ប៉ះពាល់ដល់ការចំណាយ។  ក្រុមអាជ្ញាធរបាននិយាយថា គេរំពឹងថា មនុស្សចន្លោះពី៤០ម៉ឺនទៅ៦០ម៉ឺននាក់ នឹងចូលរួមការតវ៉ាទូទាំងប្រទេសបារាំង  ដែលនឹងធ្លាក់ចុះពីចំនួនជាង១លាននាក់ ដែលធ្លាប់បានចូលរួមក្បួនតវ៉ានានា ប្រឆាំងនឹងកំណែងទម្រង់អាយុចូលនិវត្តន៍កាលពីដើមឆ្នាំនេះ ៕

លោក Robert Hanssen ភ្នាក់ងារ FBI ដែលបានធ្វើចារកម្មឲ្យរុស្ស៊ី ត្រូវបានប្រទះឃើញស្លាប់ក្នុងពន្ធនាគារ

2023/06/06 11:23:28 am        123
រុស្ស៊ី៖ អាជ្ញាធរអាមេរិក បាននិយាយថា លោក Robert Hanssen អតីតភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានផ្លាស់ប្តូរព័ត៌មានចារកម្ម ដែលការិយាល័យបានចាត់ទុកថាគ្រោះថ្នាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ពន្ធនាគាររបស់លោកកាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា។ លោក Hanssen អាយុ៧៩ឆ្នាំ ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០០២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភពទោសកំហុសចំពោះការធ្វើចារកម្មឲ្យសហភាពសូវៀត និងក្រោយមកឲ្យរុស្ស៊ី រយៈពេលជាង២០ឆ្នាំ។ការិយាល័យពន្ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកពន្ធនាគារ បានបង្ហាញពីវិធានការសង្គ្រោះជីវិតបន្ទាប់ពីរកឃើញថាលោក Hanssen លែងមានប្រតិកម្មតប កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែការសង្គ្រោះពុំបានជោគជ័យនោះទេ។ យោងតាមគេហទំព័ររបស់ FBI បានឲ្យដឹងថា លោក Hanssen បានចូលរួមជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ក្នុងឆ្នាំ១៩៧៦ និងបានចាប់ផ្តើមលក់ព័ត៌មានសំងាត់ទៅឲ្យសហភាពសូវៀតក្នុងឆ្នាំ១៩៨៥។ គេហទំព័ររបស់ FBI និយាយថា នៅពេលមានការចាប់ខ្លួនលោក ក្នុងឆ្នាំ២០០១ លោកត្រូវបានផ្តល់សំណងជាសាច់ប្រាក់សុទ្ធ ជាង១,៤លានដុល្លារ មូលនិធិធនាគារនិងគ្រាប់ពេជ្រ ក្នុងការដោះដូរសម្រាប់ការសម្របសម្រួលប្រភពមនុស្សដ៏ច្រើនដែលបានជ្រើសរើសក្នុងការប្រមូលព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងបច្ចេកទេសចារកម្ម។ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការរយៈពេលជាច្រើនឆ្នាំដើម្បីព្យាយាមកំណត់អត្តសញ្ញាណចារកម្មនៅក្នុងឋានៈរបស់ពួកគេ។ FBI និយាយថា ក្នុងរយៈពេលច្រើនសប្តាហ៍ដែលនាំទៅរកការចាប់ខ្លួនលោកក្នុងខែកុម្ភៈឆ្នំ២០០១ បុគ្គលិកប្រមាណ៣០០នាក់ បានធ្វើការលើការស៊ើបអង្កេត និងតាមដានលោក Hanssen ។លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងពន្ធនាគារសន្តិសុខខ្ពស់ក្នុងរដ្ឋ Colorado។ លោកត្រូវបានចោទប្រកាន់ថាបានលក់ព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងមូស្គូ ដើម្បីទទួលបានមកវិញលុយជាង១លានដុល្លារអាមេរិក និងគ្រាប់ពេជ្រ៕

សម្ដេចតេជោ៖ ប្រព័ន្ធយុត្តិធម៌ និងតុលាការបច្ចុប្បន្នត្រូវការធ្វើកំណែទម្រង់បន្ថែម ពិសេសធនធានមនុស្ស

2023/06/06 10:43:53 am        103
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការចាប់តាំងពីអាណត្តិទី៣ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជាសាលាដំបូង សាលាឧទ្ធរណ៍ជាដើម។ ប៉ុន្ដែបច្ចុប្បន្នប្រព័ន្ធយុត្តិធម៌ និងតុលាការ គឺត្រូវបន្តធ្វើកំណែទម្រង់បន្ថែមជាពិសេសលើផ្នែកធនធានមនុស្ស ដើម្បីអាចផ្ដល់សេវាយុត្តិធម៌គ្រប់គ្រាន់ និងល្អប្រសើរដល់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី សរុបជិត២ ពាន់នាក់ នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦មិថុនាឆ្នាំ២០២៣នេះ។សម្តេចតេជោ រម្លឹកថា ក្រោយមកក្នុងអាណត្តិទី៣របស់រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ទៅ​លើវិស័យសំខាន់ៗមួយចំនួនដូចជា ​វិស័យរដ្ឋបាលសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងតុលាការ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ។សូមជម្រាបថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជារបៀបវារៈសំខាន់របស់​រាជរដ្ឋា​ភិបាល។ ក្រសួងយុត្តិធម៌ជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និង​គ្រប់គ្រងវិស័យ​យុត្តិធម៌កម្ពុជា ដោយរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការកែ​លម្អប្រព័ន្ធយុត្តិធម៌ មិនចំពោះ ការផ្តល់សេវាកម្មយុត្តិធម៌តាមប្រព័ន្ធតុលាការ ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឡើយ។ ក្រសួងយុត្តិធម៌ក៏បាន​ផ្ដួចផ្ដើម​គំនិតក្នុងការសិក្សាចងក្រង និងរៀបចំឱ្យមានឯកសារទស្សនា​ទាននានាដើម្បីក្លាយជាប្រទីបនាំផ្លូវទៅរកការរៀបចំ​លិខិត​បទដ្ឋានគតិយុត្ត ​និងក្របខ័ណ្ឌច្បាប់ និងយន្តការផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលដ្ឋផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ ការបង្កើតសាលាឧទ្ធរណ៍ភូមិភាគ បានផ្ដល់សេវាយុត្តិធម៌ល្អ ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2023/06/06 10:38:45 am        215
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះការអនុវត្តការងាររបស់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ នាពេលកន្លងទៅនេះ ដោយបានអនុវត្តការផ្ដល់សេវាយុត្តិធម៌យ៉ាងល្អដល់ប្រជាពលរដ្ឋ ក្នុងនោះក៏បានបង្កើត​សាលាឧទ្ធរណ៍ភូមិភាគ​ចំនួន ៣ បន្ថែមទៀតនៅតាមបណ្ដាខេត្តគោលដៅ ដើម្បីផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជា ​និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា ​និងសិស្សសារការី សរុបជិត២ ពាន់នាក់ ​នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៦មិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ​បានមានប្រសាសន៍ថា កាលពីមុនសាលាឧទ្ធរណ៍នៅក្នុងប្រទេសកម្ពុជា គឺមាន​តែសាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញមួយប៉ុណ្ណោះ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០២០ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​ដំណើការសាលាឧទ្ធរណ៍ភូមិភាគចំនួន ៣ បន្ថែមទៀត រួមមាន សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ សាលាឧទ្ធរណ៍តំបន់បាត់ដំបង ​សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ដែលសាលាឧទ្ធរណ៍ទាំង​នេះបានចូលរួមផ្ដល់សេវារហ័ស និងផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយរឿងក្ដី​ដល់ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្តជិតៗនោះផងដែរ។ សូមជម្រាបថា តាមរយៈសាលាឧទ្ធរណ៍តំបន់ទាំងនេះ នឹងចូលរួមបង្ខិតសេវាយុត្តិធម៌កាន់​តែជិតប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមិនចាំបាច់ឡើងមកភ្នំពេញទៀតនោះទេ គឺអាចទៅឧទ្ធរណ៍​តំបន់ដែលបានបង្កើតឡើងក្នុងការជួយសន្សំសំចៃពេលវេលា និងថវិកា។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រកាសដំណើរការ​សាលាឧទ្ធរណ៍​ទាំង ៣ ខាងលើដោយធ្វើការបែងចែក និងគ្រប់គ្រងសំណុំរឿងទៅតាមតំបន់ដែល​បានកំណត់ចាប់ពីខែ មេសា ឆ្នាំ ២០២០ តទៅ។ យោងតាមព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍តំបន់​ក្រៅពីទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តរបស់ខ្លួន ក៏ត្រូវដោះស្រាយបណ្ដឹងឧទ្ធរណ៍ពីតាមបណ្ដាខេត្តដែលនៅជិត​ទៅតាម​ព្រះរាជក្រឹត្យ​បានកំណត់​ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ នឹងក្លាយជាអនាធិបតេយ្យ

2023/06/06 10:14:21 am        198
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃរាជរដ្ឋាភិបាល បានកំពុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែមានប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ ក៏វានឹងក្លាយទៅជាអនាធិបតេយ្យផងដែរ ដូច្នេះរវាងប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវតែដើររួមគ្នា។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សវិស័យយុត្តិធម៌ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងកំពុងតែដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ត្រូវចាំឲ្យច្បាស់អាពីរហ្នឹង…ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ។ បើគិតតែពីការអនុវត្តច្បាប់ ដោយមិនបើកសេរីភាពគឺវាផ្តាច់ការ ដូច្នេះវាត្រូវអមដំណើរជាមួយគ្នា​រវាង​ប្រជាធិបតេយ្យនីតិរដ្ឋ»។សម្តេចតេជោ ​បានបន្ថែមទៀតថា«នៅលើពិភពលោកក៏គេធ្វើបែបហ្នឹងដែរ​ ត្រូវឲ្យមានការគោរព ច្បាប់ពិភពលោកគឺគោរពច្បាប់​ បើមិនផ្អែកលើច្បាប់ ទៅផ្អែកលើកម្លាំង​វានឹងវាយគ្នាពេញ​ពិភពលោក ហើយ នៅក្នុងប្រទេសនីមួយៗ​បើមិនមាន​ច្បាប់​គ្រប់គ្រងទេ? អ្នកខ្លាំងនឹងទៅ​បំពាន​អ្នកខ្សោយ​វានឹងកើតមានឡើង ​ដូច្នេះត្រូវតែដើរជាមួយគ្នា ​ជាមួយនឹងការរក្សានូវសុខសន្តិភាព​ឲ្យខាង​តែបានផងដែរ»។ សម្តេចតេជោ ​បានលើកឡើងទៀតថា រហូតមក​ដល់​ប៉ុណ្ណេះ​គឺ​កម្ពុជាពិបាកណាស់​ដូច្នេះត្រូវតែរក្សា​សុខសន្តិភាពនេះឲ្យខាងតែបាន៕អត្ថបទ៖ បាន ចក់

បេសកជនអឺរ៉ុប និងអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាដ៏ពិបាករយៈពេលយូរ ជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ

2023/06/06 10:12:47 am        83
អឺរ៉ុប៖ អ្នកការទូតមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានមកដល់ទីក្រុង Pristina ប្រទេសកូសូវ៉ូកាលពីថ្ងៃចន្ទទី៥ ខែមិថុនា ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូសូវ៉ូ និងស៊ែរប៊ី បន្ទាប់ពីភាពចលាចលកាលពីសប្តាហ៍កន្លងទៅនេះនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទស។ បេសកជនពិសេសសហភាពអឺរ៉ុបទទួលបន្ទ្កកកិច្ចសន្ទនារវាងប្រទេសស៊ែរប៊ី និងកូសូវ៉ូលោក Miroslav Lajcak បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ថា យើងបានវិលត្រលប់មកកាន់ទីក្រុង Pristina វិញដើម្បីដោះស្រាយការគ្រប់គ្រងវិបត្តិជំនួសឲ្យការធ្វើប្រក្រតីភាពនៃទំនាក់ទំនង ហើយកិច្ចពិភាក្សាមានការលំបាករយៈពេលយូរ និងដោយស្មោះត្រង់។ កិច្ចពិភាក្សា រួមមានទាំងអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់បាល់កង់ភាគខាងលិចលោក Gabriel Escobar ដែលបានបញ្ជាក់ពីការគោរពលិខិត្តគតិយុត្តិ និងការព្រមព្រៀងរវាងក្រុមជនជាតិភគតិច។វិបត្តិផ្នែកនយោបាយដែលបានធ្លាក់ចូលទៅក្នុងអំពើហិង្សា នៅភាគខាងជើងប្រទេសកូសូវ៉ូ បានកើនឡើងខ្លាំង ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅក្នុងតំបន់ដែលមានពលរដ្ឋស៊ែរប៊ីរស់នៅច្រើននៅក្នុងតំបន់នេះ ជាចំណាត់ការមួយបណ្តាលឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តស្តីបន្ទោសទីក្រុង Pristina។ ការប៉ះទង្គិចគ្នា បានធ្វើឲ្យរងរបួសសមាជិកកងកម្លាំងរក្សាសន្តិភាពអង្គការ NATO ដែលគេស្គាល់ថា KFOR ព្រមទាំងក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី៥២នាក់។ សម្ព័ន្ធមិត្តបាននិយាយកាលពីថ្ងៃចន្ទថា ការបន្ថែមកម្លាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពNATO បានចាប់ផ្តើមមកដល់ប្រទេសកូសូវ៉ូ ។ សម្ព័ន្ធយោធាNATO បានសម្រេចដាក់ពង្រាយកងរក្សាសន្តិភាពបន្ថែម៧០០នាក់ទៅកាន់ប្រទេសកូសូវ៉ូ ដែលបន្ថែមកម្លាំងលើក្រុមដែលមានកម្លាំង៤ពាន់នាក់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិហើយអគ្គលេខាធិការសម្ព័ន្ធយោធានេះ បាននិយាយកាលពីសប្តាហ៍មុនថា សម្ព័ន្ធយោធានេះ បានត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងកម្លាំងបន្ថែម។ នៅថ្ងៃអង្គារនេះលោក Lajcak និងលោក Escobar នឹងធ្វើដំណើរទៅកាន់ទីក្រុង Belgrade ដើម្បីជួបជាមួយប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic៕

សម្តេចតេជោ៖ មិនចាំបាច់ថ្នាក់ថ្មមដើម្បីរកសន្លឹកឆ្នោត ចំពោះជនឱកាសនិយមដែលទន្រ្ទានដីរដ្ឋ

2023/06/06 09:56:40 am        171
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាច់ណាត់ថា ចាប់ពីពេលនេះទៅ អត់មានថ្នាក់ថ្នមដើម្បីសន្លឹកឆ្នោតចំពោះបុគ្គលខិលខូច ដែលកាប់ទន្រ្ទានដីរដ្ឋនោះទេ ត្រូវតែចាប់ពួកទាំងនោះមកដាក់គុកឲ្យបាន មិនចាំបាច់ឲ្យទៅបោះឆ្នោតអ្វីនោះឡើយ។សម្តេចតេជោ បញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសបណ្តាខេត្តទាំងអស់ត្រូវតែចាត់វិធានការជាបន្ទាន់ ចង់អ្នកណាថតបង្ហោះ ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា​យ៉ាងម៉េច ក៏ត្រូវតែធ្វើដែរ​ពីព្រោះវាបំពានលើដីរដ្ឋ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សវិជ្ជាជីវៈតុលាការ ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១,៨៣៥នាក់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យតែដល់រដូវបោះឆ្នោតប្រាំឆ្នាំម្តងគឺរដូវវិវាទដីធ្លីមក​ដល់ដែរ ​ប៉ុន្តែទោះជាយ៉ាងណាករណីនេះត្រូវ​ បានកំណត់មុខសញ្ញារួចហើយ ដូច្នេះត្រូវតែ​បញ្ជូន​កម្លាំង​ទៅបង្រ្កាបភ្លាមៗកុំគិតថា​ អ្នកមាន​ ឬអ្នកក្រអ្វី ទាំងអស់ត្រូវតែចាត់វិធានការទៅ​តាមច្បាប់​ជាធរមាន។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមប្រជាធិបតេយ្យមួយចំនួនសូមមើលព្រៃទាំងមូល ​កុំមើលឈើមួយដើមៗ ខណៈបញ្ហានេះ​រាជរដ្ឋាភិបាលមានកតព្វកិច្ចចាំបាច់ ដើម្បីការពារសណ្តាប់ធ្នាប់ ការពារនូវ​ធនធាន​ធម្មជាតិ។ សម្តេច ក៏បានសម្តែងការហួសចិត្តផងដែរ ចំពោះជនខិលខូចមួយចំនួនបានកែនគ្នា​ទៅលួចធ្វើ​ផ្ទះនៅពេលយប់រហូតដល់បានប្រាំរយខ្នងក្នុងពេលមួយរាត្រី ដល់ពេលអាជ្ញាធរ​ទៅ​រុះរើនាំគ្នា​ថតបង្ហាញ និងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ទៅបំពានដី និងរុះរើផ្ទះប្រជាពលរដ្ឋទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាករណីនេះ បានកើតយូរហើយជាពិសេសគឺកើតនៅជុំវិញតំបន់ប្រាសាទអង្គរ។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដកមន្រ្តីទាំងឡាយណាដែល​មាន​ការជាប់ពាក់ព័ន្ធលើករណីនេះផងដែរ ​ដោយសម្តេច បានបញ្ជាក់ថា «សូមកុំឲ្យកើតមាន ហើយ​ប្រសិន​មន្រ្តីនានាជាប់ពាក់ព័ន្ធរឿងនេះ​សូមកុំបន្ទោស​ ហ៊ុន សែន ឲ្យសោះ យើងមិនអាចទុក​នៅ​ក្របខណ្ឌរដ្ឋ ក្របខណ្ឌយោធា ក្របខណ្ឌនគរបាល ឬក្របខណ្ឌអ្វីនោះទេ មិនត្រូវបណ្តោយ​ឲ្យស៊ីប្រាក់ខែរដ្ឋបានទៀតនោះឡើយ»៕អត្ថបទ៖ បាន ចក់

រុស្ស៊ីនិយាយថាខ្លួនបានទប់ស្កាត់ការវាយប្រហារដ៏ធំមួយផ្សេងទៀតក្នុងទឹកដីអ៊ុយក្រែន ធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរ

2023/06/06 09:47:49 am        259
រុស្ស៊ី់៖ រុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានរារាំងការវាយលុករបស់អ៊ុយក្រែនដ៏សំខាន់មួយទៀតនៅតំបន់ Donetsk ដោយធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈអ៊ុយក្រែនសាទរចំពោះវឌ្ឍនភាពក្នុងការប្រយុទ្ធនៅភាគខាងកើត ទោះបីជាមិនច្បាស់ថាតើបង្ហាញពីការចាប់ផ្តើមនៃការវាយបករបស់អ៊ុយក្រែនដែលរំពឹងទុកជាយូរមកហើយក៏ដោយ។ កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ីបាននិយាយថា កងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍បានចាប់ផ្តើមការវាយលុកដ៏ធំមួយនៅតំបន់ភាគខាងត្បូងនៃតំបន់ Donetsk ដែលខ្លួនក៏បានរារាំងបានសម្រេចផងដែរ។ក្រុមមន្ត្រីអ៊ុយក្រែនមិនបាននិយាយពីយុទ្ធនាការថ្មីដ៏ទូលំទូលាយណាមួយឡើយ ទោះបីជានៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃចន្ទក៏ដោយ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy មានភាពស្រពិចស្រពិលដោយសាទរ"ព័ត៌មានដែលយើងកំពុងរង់ចាំ" និងការឆ្ពោះទៅមុខនៅទីក្រុង Bakhmut ក្នុងតំបន់Donetsk ។លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន ជាអ្វីដែលវិមានក្រឹមឡាំងរំពឹងថាជាប្រតិបត្តិការដ៏ឆាប់រហ័ស ប៉ុន្តែកងកម្លាំងរបស់ខ្លួនបានរងបរាជ័យជាបន្តបន្ទាប់ និងបានប្រមូលផ្តុំឡើងវិញនៅភាគខាងកើតរបស់ប្រទេសនេះ។ទាហានរុស្ស៊ីរាប់ម៉ឺននាក់នាក់ បានជីកលេនដ្ឋាននៅរដូវរងា ដោយឡោមព័ទ្ធទីក្រុង Bakhmut រយៈពេលជាច្រើនខែ និងត្រៀមសម្រាប់ការវាយបកពីអ៊ុយក្រែន ក្នុងការព្យាយាមកាត់ផ្ដាច់ស្ពានឆ្លងកាត់ ដែលហៅថាស្ពានដីគោករបស់ទាហានរុស្ស៊ីតភ្ជាប់ទៅកាន់ឧបទ្វីបគ្រីម៉េ (Crimea។  សេចក្ដីថ្លែងការណ៍ចុងក្រោយបំផុតរបស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើឲ្យអ៊ុយក្រែន បាត់បង់កងទ័ពយ៉ាងច្រើន ក្នុងការវាយប្រហារនោះ និងបានកម្ទេច រថក្រោះ២៨គ្រឿង រួមទាំងរថក្រោះប្រយុទ្ធដ៏សំខាន់ ឡេភើត ៨គ្រឿង និង រថពាសដែកចំនួន១០៩គ្រឿង ។ ក្រសួងនេះ បាននិយាយថាអ៊ុយក្រែន បានបាត់បង់ទាហានសរុបប្រមាណ ១.៥០០នាក់៕

ប្រមុខការទូតសហភាពអឺរុប បាននិយាយថា ប្រទេសចិន អាចដើរតួនាទីបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈដែលប្រទេសនេះ មានឥទ្ធិពលខ្លាំងលើប្រទេសរុស្ស៊ី

2023/06/06 07:28:51 am        97
សហភាពអឺរុប៖ តំណាងជាន់ខ្ពស់របស់សហភាពអឺរុបទទួលបន្ទុកគោលនយោបាយបរទេស និងសន្តិសុខ បាននិយាយបែបនេះ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីរូបលោក បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅថ្ងៃចុងក្រោយនៃកិច្ចសន្ទនា Shangri-La ក្នុងជំនួបកម្រិតខ្ពស់ទ្វេភាគីដ៏គួរឲ្យភ្ញាក់ផ្អើលរវាងគណៈប្រតិភូទាំងពីរ។  ប្រមុខការទូតសហភាពអឺរុប បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងប៉េកាំង ដើរតួនាទីបញ្ចប់សង្គ្រាមអ៊ុយក្រែនបាន ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួនលើទីក្រុងមូស្គូ។លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរុប ទទួលបន្ទុកគោលនយោបាយបរទេសនិងសន្តិសុខ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នៅថ្ងៃចុងក្រោយនៃកិច្ចសន្ទនា Shangri-La ក្នុងជំនួបកម្រិតខ្ពស់ទ្វេភាគីដ៏គួរឲ្យភ្ញាក់ផ្អើលរវាងគណៈប្រតិភូទាំងពីរ។ នេះជាលើដំបូងដែលភាគីទាំងពីរ បានជួបទល់មុខគ្នា បន្ទាប់ពីលោកឧត្តមសេនីយ៍ Li បានទទួលតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីពីរខែកន្លងទៅ។ លោក Borrell បានប្រាប់អ្នកសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីជំនួបនោះថា" ប្រទេសចិនមានឥទ្ធិពលខ្លាំងលើប្រទេសរុស្ស៊ី។បើមានអ្នកណាម្នាក់ប្រាប់លោកប្រធានាធិបតី Putin ថាអ្នកបានសាងកំហុសធំធេងណាស់ ប្រសិនបើនរណាម្នាក់អាចនិយាយបែបនោះទាំងមានឥទ្ធិពលខ្លាំងជាមួយលោក Putin ...ហើយអ្នកនិយាយនោះគឺចិនពុំមែនខ្ញុំទេ"។ដោយត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសសិង្ហបុរី កិច្ចសន្ទនា Shangri-La គឺជាកិច្ចប្រជុំកំពូលសន្តិសុខដ៏ធំបំផុតប្រចាំតំបន់អាស៊ី ជាទីដែលបណ្តារដ្ឋមន្ត្រីការពារជាតិរបស់ពិភពលោកមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរទស្សនៈទាំងក្នុងកិច្ចប្រជុំជាសាធរណៈទាំងកិច្ចប្រជុំបិទទ្វារ។កិច្ចប្រជុំឆ្នាំនេះត្រូវបានបង្ហាញពីលក្ខណៈខុសប្លែកដោយការបដិសេធរបស់លោកឧត្តមសេនីយ៍Li មិនព្រមជួបជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin។គណៈប្រតិភូចិន បាននិយាយថា ការច្រានចោលនូវការអញ្ជើញពីអាមេរិកដោយសារតែការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌របស់ទីក្រុងវ៉ាស៊ីនតោនលើលោកឧត្តមសេនីយ៍ Li កាលពីឆ្នាំ២០១៨ ដោយជាប់ព័ន្ធនឹងប្រទេសចិនដែលទិញគ្រឿងយុទ្ធោបករណ៍ពីប្រទេសរុស្ស៊ីនាកាលនោះ។លោកបាននិយាយថា សហភាពអឺរុប មិនចង់ជ្រៀតជ្រែកកិច្ចការរបស់ប្រទេសចិនទេ និងថា"គោលនយោបាយចិនតែមួយនៅតែមានន័យសម្រាប់យើងគឺថាកោះតៃវ៉ាពុំមែនជារដ្ឋឯករាជ្យមានលក្ខណៈពេញលេញនោះទេ"៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងនាវាដឹកជំនួយហ្កាហ្សាផ្គើនអ៊ីស្រាអែល ខណៈអ៊ីតាលីជំរុញឲ្យមានការសម្របសម្រួល
09/29/2025 09:09 PM
កងកម្លាំងអ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណលើទីក្រុងហ្កាហ្សាជំរុញឲ្យពលរដ្ឋចាកចេញទៅភាគខាងត្បូង
09/29/2025 08:09 PM
ហុងគ្រីបានបិទគេហទំព័រព័ត៌មានអ៊ុយក្រែនចំនួន ១២ ជាវិធានការសងសឹក
09/29/2025 08:09 PM
នាយករដ្ឋមន្ត្រីស៊ុយអែត៖ រុស្ស៊ីទំនងជានៅពីក្រោយយានដ្រូនបង្ហោះនៅអាកាសយានដ្ឋាន
09/29/2025 08:09 PM
កម្ពុជា ចូលរួមកិច្ចប្រជុំ ចំនួន ៤ ក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ នៅម៉ាឡេស៊ី
09/29/2025 07:09 PM
សំណុំផ្សែងត្រូវបានមើលឃើញពីតំបន់ភាគខាងត្បូងអ៊ីស្រាអែលផុសពីលើតំបន់ហ្កាហ្សា
09/29/2025 07:09 PM
ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយហ្សំប៊ី និងតង់សានី ដើម្បីកែលម្អផ្លូវរថភ្លើងតម្លៃ ១,៤ពាន់លានដុល្លារ
09/29/2025 07:09 PM
មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ
09/29/2025 07:09 PM
លោក Zelenskyy ព្រមានថា រុស្ស៊ីប្រើ «កងនាវាស្រមោល» នៅបាល់ទិក ដើម្បីបាញ់បង្ហោះយានដ្រូន
09/29/2025 07:09 PM
បេសកជនអាមេរិក៖ អ៊ុយក្រែនអាចត្រូវបានអនុញ្ញាតឲ្យវាយចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី
09/29/2025 07:09 PM