ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 07:24:07 am        492
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

ម្ចាស់សត្វក្ងោក ថ្លែងអំណរគុណដល់សម្តេចតេជោ បន្ទាប់ពីមន្រ្តីកសិកម្ម នាំយកសត្វក្ងោកជូនគាត់វិញ

2023/02/28 02:56:45 pm        706
ភ្នំពេញ៖ ម្ចាស់សត្វក្ងោកដែលត្រូវបានមន្រ្តីក្រសួងកសិកម្ម ធ្វើការរឹបអូសយក កាលពីកន្លងទៅ បានថ្លែង​អំណរអគុណចំពោះ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពី​សម្តេច បាន​អន្តរាគមន៍ បញ្ជាឱ្យមន្រ្តីកសិកម្មទាំងនោះ យកសត្វក្ងោកជូនទៅដល់ផ្ទះគាត់វិញ។លោកយាយ និងកូនស្រី ម្ចាស់ក្ងោក រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា​ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់សត្វជាទីស្រលាញ់​របស់ពួកគាត់ ដែលបាន​ចិញ្ចឹម​ជាច្រើនឆ្នាំមកហើយ ត្រូវបានគេយកមកឱ្យពួកគាត់វិញ បន្ទាប់ពីមន្រ្តី​កសិកម្ម​រឹបអូស​ដោយចោទ ប្រកាន់ថា ការចិញ្ចឹមរបស់ពួកគាត់ខុសច្បាប់។តាមរយៈសារតេលេក្រាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់​សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង។សម្តេចតេជោ បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕

ក្រសួងការបរទេស ជំរុញឲ្យមន្រ្តីពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញវិនិយោគិនមកកាន់កម្ពុជា

2023/02/28 01:00:36 pm        354
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់មន្រ្តីការទូតនៅបរទេសត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទាក់ទាញ​វិនិយោគិនមកកាន់កម្ពុជា។នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសិក្ខាសិលាស្ដីពីការពង្រឹង​សមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា ដោយសិក្ខាសាលនេះមាន​ការអញ្ជើញ​ចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា និងអគ្គកុងស៊ុលចំនួនជាង៤០០នាក់។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាត្រូវ​បាន​ប្រទេសជាច្រើនប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន មិនថាទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកត្តានេះទាមទារឲ្យមន្រ្តីការទូតទាំងអស់មានបទពិសោធន៍​និងសមត្ថភាពពង្រឹងឲ្យបាននូវការការពារកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា បច្ចេកវិទ្យាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដែលមន្រ្តីការទូត​ទាំងក្នុង និងក្រៅប្រទេសត្រូវពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាសំដៅ​ទាញយកផលប្រយោជន៍​តាមរយៈផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិកត្រូនិចទៅកាន់វិនិយោគិនបរទេស។ ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា បច្ចេកវិទ្យាគឺជាឧបករណ៍ដើម្បីផ្សព្វផ្សាយ​អំពីការខិតខំ​របស់រាជរដ្ឋាភិបាល និងប្រឆាំងព័ត៌មានក្លែងក្លាយ ដូចនេះមន្ត្រីការទូតទាំងអស់ត្រូវចែករំលែក​រាល់ព័ត៌មាននៅសកម្មភាពដល់សាធារណជន​ និងពង្រឹងវិសាលភាពកម្ពុជា ក្នុងគោលបំណង​ផ្តល់ប្រយោជន៍ជូនជាតិ និងមាតុភូមិ។ បន្ថែមលើសពីនេះ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឲ្យមន្ត្រីការទូតទាំងអស់យក​គោល​នយោបាយយុទ្ធសាស្ត្រ​បដិវត្តន៍​ឧស្សាហកម្មបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់​ធនធានមនុស្ស ក៏ដូចជាការជំរុញវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែមានភាពរីកចម្រើន៕ 

សម្តេចតេជោ លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា សិង្ហបុរីចែករំលែក ចំណេះដឹងគ្នាទៅវិញទៅមក

2023/02/28 11:13:24 am        312
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអនុញ្ញាតអោយលោក (David Neo)មេបញ្ជាការកងទ័ព​ជើងគោកនៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យ​ដឹងថា ឯកឧត្តម នីអូ បានគោរពសម្ដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព ហើយឯកឧត្តមបាន​សូមគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញហើយក៏បានកំណត់នូវគោលដៅនៃកិច្ចសហប្រតិបត្តិការ​នៅពេលខាងមុខ​ឱ្យកាន់​តែខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង​កង​ទ័ពទាំងពីរហើយសម្ដេចបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការ​ចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សដល់គ្នាទៅវិញទៅមក។សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់លោក ដេវីដ នីអូ មកកម្ពុជា​ដែល​ទស្សនកិច្ចនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំថែមទៀត៕

សម្តេចតេជោ៖ ទេសចរណ៍ដែលមកដល់សិង្ហបុរី សូមឲ្យតភ្ជាប់បានមកដល់កម្ពុជាផង

2023/02/28 10:08:35 am        299
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញ​មានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោក​កំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហា​សមុទ្រចិនខាងត្បូងជាដើម។ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាព​សម្រាប់តំបន់​និងពិភព​លោកផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណា​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការ​វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើ​ឲ្យកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញ​ការតភ្ជាប់ ជាពិសេសការតភ្ជាប់​តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមក​ដល់​កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​អប់រំនិងកិច្ច​សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

ព្រឹកនេះ រដ្ឋសភាប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីអនុម័តរបៀបវារៈចំនួន២

2023/02/28 08:28:24 am        297
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើម​សម័យ​ប្រជុំចំនួន ៩៨រូប។របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមានលទ្ធផល​ដូចខាង​ក្រោម៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្ត​មណ្ឌល​ខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព២- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនទទួលយកការសុំទោសពីសុន ឆ័យ ឡើយ

2023/02/28 08:15:41 am        234
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម ដោយភ្ជាប់រូបភាពជំនួបពិភាក្សារបស់លោក សយ សុភាព និងលិខិតសុំទោសរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សារសម្តេចតេជោ ហ៊ុន សែន ឆ្លងឆ្លើយជាមួយលោក សយ សុភាព ក្នុងពេលសម្តេចទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្តេចមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៍-និងការប្រមាថ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងទទួលយកមិនបាន នូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត”។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសុំទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”៕

បក្សនយោបាយបី ចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនា នឹងចាប់ផ្តើមចុងខែមីនា

2023/02/27 01:59:20 pm        229
ភ្នំពេញ៖ គណបក្សនយោបាយបី នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនានឹងចាប់ផ្តើមចុងខែមីនាខាងមុខ។ បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥ ដែលស្ថិតក្នុងខេត្តចំនួនបី រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គ.ជ.ប បានបន្តអនុវត្តលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែល​ជាសមាជិក​ក្រុមប្រឹក្សា-ឃុំ-សង្កាត់ សរុបចំនួន២៤៦រូប មកពី៣៦ឃុំ-សង្កាត់ ដោយការ​ចុះឈ្មោះបោះឆ្នោត​នឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ គ.ជ.ប នឹងឈានទៅរកការ​រៀបចំ​ការ​យុទ្ធនាឃោសនាបោះឆ្នោតដល់គណបក្សនយោបាយដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការឃោសនានឹងចាប់ផ្តើម​នាចុងខែមីនា​ខាងមុខ ដែលមានរយៈពេល៨ថ្ងៃ។ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ​អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បណ្តា​គណបក្ស​នយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់​អនុវត្តតាមបទបញ្ជា ​នីតតិវិធីរបស់ គ.ជ.ប ក៏ដូចជា​អត់ធ្មត់ និង​បញ្ជៀស​ការប្រើប្រាស់វោហាស័ព្ទផ្ទុយពីច្បាប់ដាក់គ្នាទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥នោះ ដូចជា​ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន​ នៃខេត្តកណ្តាល, ក្រុងឧដ្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ​នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ​នៃខេត្តក្រចេះ។ ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនីមួយៗ ​បានដំណើរចាប់ឆ្នោតលេខរៀង និង​ទទួល​បានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗ​កន្លងទៅ។ គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​ និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោម​គណបក្សនយោបាយនីមួយៗ មានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម

ឯកឧត្ដម វេង សាខុន៖ ម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រែក្លាយប្រទេសដ៏កំសត់មួយទៅប្រទេសអភិវឌ្ឍន៍ និងកិត្យានុភាព

2023/02/27 01:11:45 pm        88
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីប្រែក្លាយប្រទេសដ៏កំសត់មួយនេះ មកជាប្រទេសដែលមានធនធានពេញក្នុងដៃ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់បានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានសេចក្តីសុខក្រោមម្លប់សុខសន្តិភាព។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តគីរីមហាវ័នស្រក ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្ដម វេង សាខុន បញ្ជាក់ថា ម្លប់សន្តិភាពនេះហើយ បានបន្តនាំមកនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាបន្តបន្ទាប់ ដូចជា ប្រទេសយើងនឹងជាម្ចាស់ផ្ទះក្នុងព្រឹត្ត​ការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាខែឧសភាខាងមុខនេះ។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និងទូទាំងស្រុកកំពង់សៀម និងជូនពរដល់ប្រជាពលរដ្ឋឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីសម្ពោធនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ឯកឧត្តមបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកំលាំងកាយចិត្ត និងជីវិតរបស់ភាពជោគជ័យមួយទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសម្រេចបានគួរជាទីមោទនៈបំផុត គឺការយកឈ្នះលើជំងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនឱ្យខ្វះ និងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់មូលដ្ឋាន។មួយវិញទៀត ដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រក្នុងកិច្ចគាំពារសង្គម មកដល់ពេលនេះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាជាសាច់ប្រាក់អស់ជាង ១ពាន់លានដុល្លាររួចហើយផងដែរ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសយើងនោះទេ ហើយថែមទាំងបាន និងកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ផ្លូវរថភ្លើង ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ជប់កម្មវិធីឧបត្ថម្ភគាំទ្រជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើនថែមទៀត។មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៃឃុំស្រក និង​ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមសងថ្លៃជំពាក់គេក្នុងការកសាងសមិទ្ធផលក្នុងវត្តគិរីមហាវ័នស្រក ឯកឧត្តមបានប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៥ ៤៥០ដុល្លារ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀលផងដែរ៕

លោក ហ៊ុន ម៉ាណែត៖ បក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ដោយឥតងាករេ ក្នុងការបន្តអភិវឌ្ឍន៍ប្រទេស

2023/02/27 11:19:44 am        259
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងបន្តប្រកាន់ខ្ជាប់​នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍន៍​ប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខបន្ថែម ទៀត ។ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយ​ថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប​នៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាន​នូវសមិទ្ធផល​ប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការដាក់​ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។លោកបន្តថា« ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុង​ការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេព​កោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់»។ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់​វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព​សិក្ខាកាមជាសមាជិកបក្សឱ្យ​ស័ក្តិសម​ជាកម្លាំងបន្តវេណប្រកបដោយឧត្តមភាព ដែលមាន​ភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសតាលីបង់អាហ្វហ្គានីស្ថាន គ្រោងនឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ជាលើកដំបូង
10/04/2025 05:10 PM
ទួរគីចាប់ឃុំខ្លួនមនុស្សជាង ៩១នាក់ ក្នុងការវាយឆ្មក់ទូទាំងប្រទេស ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៦
10/04/2025 05:10 PM
ផ្សែងហុយពេញតំបន់ហ្កាហ្សានៅពេលព្រឹកព្រលឹម បន្ទាប់ពីក្រុមហាម៉ាសឆ្លើយតបនឹងផែនការរបស់លោក Trump
10/04/2025 05:10 PM
ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ
10/04/2025 05:10 PM
ទស្សនាវដ្តីអាមេរិក៖ អ៊ុយក្រែនទំនងជាមិនទទួលបានមីស៊ីល Tomahawk ទេ
10/04/2025 05:10 PM
ប្រជាជនស៊ីរីជាច្រើន មិនបានដឹងពីការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីការដួលរលំរបបរបស់ លោក Assad
10/04/2025 05:10 PM
សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោល​លើការងារ​មហាជន​រាជធានី-ខេត្ត»
10/04/2025 04:10 PM
ប៊ុលហ្គារី ទទួលបានយន្តហោះចម្បាំង F-16ថ្មី ចំនួន ២គ្រឿង
10/04/2025 03:10 PM
កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ៤នាក់ ក្នុងការវាយប្រហារថ្មីលើទូករត់ពន្ធគ្រឿងញៀន
10/04/2025 03:10 PM
ស្ថានទូតបារាំងបើកឲ្យពលរដ្ឋខ្មែរចូលទស្សនាក្នុងបរិវេនស្ថានទូតរបស់ខ្លួនប្រចាំនៅភ្នំពេញ ក្នុងឱកាសទិវាបេតិកភណ្ឌ
10/04/2025 03:10 PM