ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នឹងចុះកិច្ចសន្យាសាងសង់នៅដើមឆ្នាំ២០២៣

2022/12/11 08:15:54 am        965
ភ្នំពេញ៖ សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងស្ថាប័ន អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំនេះបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយ៉ាងផុសផុលលើចំនុចសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ ខាងមុខនេះ ៕

គជប៖ ពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្ត្រីចុះធ្វើជូនតាមភូមិ

2022/12/09 11:57:41 am        313
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមភ្ជាប់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្រ្តីជំនាញបន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ។ក្រោយពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសបានបិទបញ្ចប់ ដែលមាន​ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត ៦០ម៉ឺននាក់​ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បានឲ្យដឹងថា ​បន្ទាប់ពីដំណើរចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់ទៅដោយរលូន មាន​សណ្តាប់ធ្នាប់របៀបរៀបរយ ​និងបង្កលក្ខណៈយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋរួចរាល់ គ.ជ.ប ចាប់ផ្តើមបន្តកិច្ចការលើការពិនិត្យ និងផ្ទៀងផ្ទាត់ ​រៀបចំ​ជាបញ្ជីបោះឆ្នោតមានសុពលភាព​សម្រាប់​ប្រើប្រាស់​ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា​ ក្នុងនាម​ប្រជាពលរដ្ឋល្អដែល​នឹងប្រើប្រាស់សិទ្ធិរបស់​ខ្លួន​ចូលរួម​ការបោះឆ្នោត ​២០២៣ខាងមុខ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬឯកសារបញ្ជាក់អត្តសញ្ញាណ ​ដើម្បីអាចចូលរួមបោះឆ្នោត។ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមាន​អត្តសញ្ញាណប័ណ្ណ​ហួសសុពលភាព បាត់ ឬខូច ​សូមទំនាក់ទំនងទៅ​អាជ្ញាធរមូលដ្ឋាន ​ឬ​ប៉ុស្តិ៍​នគរបាល ​ដើម្បីស្នើសុំ​អត្តសញ្ញាណប័ណ្ណថ្មី ឬមានសុពលភាពត្រឹមត្រូវ។ជាក់ស្តែង រយៈពេលប៉ុន្មានចុងក្រោយនេះ មន្រ្តីជំនាញនៃនគរបាលប៉ុស្ត៍ក្នុងឃុំ-សង្កាត់ កំពុងមាន​សកម្មភាពយ៉ាងសកម្ម ​ដោយចល័តទៅតាមភូមិ ​និងខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណថ្មី និងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដែលហួសសុពលភាព៕ អត្ថបទ៖ សេក ឧត្តម

ឯកឧត្តម ជាម យៀប អំពាវនាវដល់គ្រប់តួអង្គប្តេជ្ញាចិត្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

2022/12/09 11:28:53 am        176
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអំពាវនាវដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធទាំងអស់ ​ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្ត និងប្រកាន់​ខ្ជាប់​នូវការប្តេជ្ញា​ចិត្ត​យ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់​ និងការពារសិទ្ឋិមនុស្ស ហើយកម្ពុជាកំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើការងារវិស័យសិទ្ធិមនុស្សនេះ ។ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ឆ្នាំ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៤ ​នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កម្ពុជាមានគណៈកម្មាធិការសិទិ្ធ​មនុស្ស​កម្ពុជា ដែលជាសេនាធិការផ្ទាល់ មានតួនាទី​ និងភារកិច្ចក្នុងការការពារ អភិវឌ្ឍ និងលើក​តម្កើង​វិស័យសិទ្ធិមនុស្សនៅកម្ពុជា​ ហើយមានបេសកកម្មអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស ។ឯកឧត្តម បន្តថា ក្នុងនោះស្ថាប័នមួយនេះ​ មានតួនាទីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ ​និងមណ្ឌលអប់រំកែប្រែទទួល ​និងដោះស្រាយពាក្យបណ្តឹង​ពាក់ព័ន្ធនឹងការរំលោភ​សិទ្ធិមនុស្ស ​សរសេររបាយការណ៍ស្តីពី ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ជូនអង្គការសហប្រជាជាតិ និង​ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ​និងអង្គការសហប្រជាជាតិ ។ ក្រៅពីនេះ អង្គការសង្គមស៊ីវិល ​ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអប់រំ និង​ត្រួត​ពិនិត្យស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជា ​ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិផងដែរ ។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត​ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ឋទាំងអស់​ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូម​ចូលរួមអនុវត្ត ​និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ក្នុងការលើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស នៅក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ​ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងថែរក្សាសន្តិភាព​នៅកម្ពុជា ​ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព វឌ្ឍនភាព ​និងមានយុត្តិធម៌សង្គម ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា​ បានចូលរួមអបអរសាទរ​ទិវា​សិទ្ធិ​មនុស្សអន្តរជាតិ​១០ធ្នូ ​ក្រោមប្រធានបទ ​“ខួបលើកទី៧៥​ នៃសេចក្តីប្រកាសជា​សកល​ស្តីពីសិទ្ធិ​មនុស្ស” ដើម្បីចូលរួម​ចំណែក​លើកម្ពស់ការគោរពសិទ្ធិ​មនុស្សនៅកម្ពុជា ។ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ​ទទួលពាក្យបណ្ដឹង​ នៃព្រឹទ្ធសភាជាតិ មាន​ប្រសាសាន៍ថា ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​គឺជាឧត្តមគតិរួមមួយ ដែល​ប្រជាពលរដ្ឋគ្រប់ៗប្រទេស ​និងប្រជាជាតិទាំងអស់ ​ត្រូវធ្វើឲ្យបានសម្រេច ដើម្បីឲ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមស៊ីវិលទាំងអស់ ​ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ។ឯកឧត្តម ​បានបន្តថា គ្រប់តួអង្គទាំងអស់ ​ត្រូវខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល​ ការគោរពសិទ្ធិ និង​សេរីភាពទាំងនេះ ​តាមរយៈការបង្រៀន ​ការអប់រំ ​ហើយនិងខិតខំធានាឲ្យមានការ​ទទួលស្គាល់ និង​ការអនុវត្តជាកសលជាក់ស្ដែងនូវសិទ្ធិ ​និងសេរីភាព ​ដោយវិធានការជាតិ និងអន្តរជាតិ ដែលមាន​លក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោម​ប្រជាពលរដ្ឋដែនដី ​ស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់រាជធានីភ្នំពេញ​ទៅអរិយក្សត្រ​នឹងបើកការដ្ឋាន​សាងសង់​នៅឆ្នាំក្រោយ

2022/12/09 10:45:30 am        1131
ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងទន្លេសាប និងទន្លេមេគង្គ ពី​ផ្សាររាត្រី រាជធានីភ្នំពេញទៅជ្រោយចង្វារ និងបន្តទៅអរិយ្សត្រ ខេត្តកណ្ដាល នឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំក្រោយនេះហើយ។លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ឆ្លងទៅអរិយក្សត្រ តាមផែនការ​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​កំឡុង​ចុង​ឆ្នាំ​ក្រោយ​នេះ​។ ចំពោះមុខដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ គឺការធ្វើនីតិវិធីជាមួយរដ្ឋាភិបាលកូរ៉េ នូវ​ការ​ជ្រើស​រើស​ក្រុមហ៊ុនកិច្ចសន្យា ដើម្បីធ្វើការសាងសង់ និងដោះស្រាយផលប៉ះពាល់។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ស្ពាន​នេះ​មាន​ទម្រង់​ជា​ជើង​សសរ​ទម្រ​ខ្ពស់ៗ​ទៅខាងលើ កោងរត់រកគ្នា ដើម្បីភ្ជាប់ខ្សែកាប ហើយវាមានលក្ខណៈពិសេសមួយ គឺជើង​សសររង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលខាងក្រោមស្ពាន។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅតំ​បន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន​អំពាវ​នាវ​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និង​អរិក្សត្រ សូមមេត្តា​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ធ្វើ​នីតិ​វិធី​ដោះ​ស្រាយ​ផល​ប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះបានប្រព្រឹត្តទៅបានដោយរលូន ជា​ប្រយោជន៍​សម្រាប់សង្គមជាតិទាំងមូល។ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេសាប និងទន្លេមេគង្គនេះ មានប្រវែងសរុបជាង ២គីឡូម៉ែត្រ ដោយ​ស្ពាននីមួយៗ មានប្រវែងជាង ១ពាន់២រយម៉ែត្រ មានសសរស្ពានធំខ្ពស់ក្ដោបទៅខាងលើ ដើម្បី​ទា​ញខ្សែកាប ដែលបង្កើតជាលក្ខណៈបច្ចេកទេស និងសោភ័ណភាពផង និង​ងាយ​ស្រួល​ដល់​នាវា​ឆ្លងកាត់ខាងក្រោមផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រមុខណាតូ៖ រុស្ស៊ីចង់ផ្អាកការប្រយុទ្ធនៅអ៊ុយក្រែន ដើម្បីមានពេលត្រៀម​ការ​វាយលុកថ្មី​នៅ​ដើមឆ្នាំក្រោយ

2022/12/09 09:42:32 am        314
NATO៖ ប្រមុខសម្ព័ន្ធយោធាណាតូនិយាយថា រុស្ស៊ីកំពុងព្យាយាមផ្អាក​សមរភូមិ​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពីរដូវរងានេះ ដូច្នេះខ្លួនអាចមាន​ពេលវេលាត្រៀម​កម្លាំង​ សម្រាប់​ការ​វាយ​ប្រហារ​កាន់​តែធំ​នៅដើមឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលជាប្រមុខ​សម្ព័ន្ធ​យោធា​លោក​ខាង​លិចបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ្វីដែលយើងបានឃើញពេលនេះគឺពិតណាស់ រុស្ស៊ី​កំពុងព្យាយាមផ្អាកការវាយប្រយុទ្ធមួយចំនួននៅក្នុងសង្រ្គាមនេះ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈ​ពេល​ខ្លីដែរ ដូច្នេះទើបពួកគេអាចប្រមូលផ្ដុំកម្លាំងឡើងវិញ ជួសជុលយុទ្ធោបករណ៍ និង​ស្រោច​ស្រង់កម្លាំងដែលបាត់បង់ បន្ទាប់​មក​ពួក​គេ​នឹង​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រង់​ធំ​ជាង​មុន​នៅ​រដូវ​និទាឃ​រដូវក្រោយ។កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះដែរ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​អូស​បន្លាយពេល​យូរ​ទៀត។ វិមាន​ក្រឹម​ឡាំង​បាន​ទទួល​ស្គាល់​ថា ​រុស្ស៊ីមិន​អាច​ព្យាករណ៍​ដឹង​ទេ​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​នៅ​ពេល​ណា​។ ស្ថានភាព​រដូវរងា​បាន​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​សីតុណ្ហភាព​ភាគច្រើន​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សារ​ចន្លោះ​ខែ​ធ្នូ និង​ខែ​មីនា​៕ អត្ថបទ៖ ក្រូច សុខមាន

កូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានជិត ២៥០លានដុល្លារ​សម្រាប់​សាងសង់ស្ពាន​អរិយក្សត្រ

2022/12/09 08:18:55 am        534
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ​បានសម្រេចផ្តល់ឥណទានសម្បទានចំនួន ២៤៥លាន ៩សែន​៩ពាន់​ដុល្លារ​អាមេរិក សម្រាប់​សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ជ្រោយចង្វា-អរិយក្សត្រ​ហើយ រួមទាំងគម្រោង មួយចំនួនទៀត សម្រាប់​មូលនិធិ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ២០២២-២០២៦។ ការសម្រេច​របស់កូរ៉េខាងត្បូង​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ចុះហត្ថ​លេខា​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ដែលធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវ​បាន​ចុះហត្ថ​លេខា​រវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណ​រដ្ឋកូរ៉េ ប្រចាំកម្ពុជា ទៅលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការ ផ្តល់​ឥណទាន​សម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែល​មាន​ទំហំ​ទឹក​ប្រាក់ចំនួន ១៥០០ លានដុល្លារអាមេរិក។ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជា ក៏បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ០២ ដូចខាងក្រោម៖-គម្រោង​ពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន ទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និង-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួម​ចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ជា​ស្ពាន​ខ្សែ​កាប​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ​។ ស្ពាននេះ នឹងក្លាយជាស្ពានទំនើបដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺ​ទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលសាងសង់រួច វាអាចជួយ​សម្រួល​ស្ថាន​ភាពចរាចរណ៍​ប្រចាំ​ថ្ងៃ​ដែល​ជាភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញ​វិស័យ​ទេសចរណ៍​ជា​ពិសេស​កត្តា​សោភ័ណភាព និង​ការលើកសម្រស់រាជធានីភ្នំពេញ។ ស្ពាននេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយ​ភ្ជាប់​ទៅ​ដី​ជ្រោយ​ចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វា​ឯមខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ​គ្រោង​នឹង​ចាប់​ផ្តើម​សាង​ស​ង់​នៅ​ឆ្នាំ​២០២៣ខាងមុខនេះ៕ អត្ថបទ៖ មុត សុទ្ធ

ក្រសួងប្រៃសណីយ៍សហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោត”

2022/12/08 10:04:57 am        53
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Meta រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “តម្លាភាពនៃការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធ និងនយោបាយ និងការបោះឆ្នោត” ក្រោមអធិបតីភាព ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកបណ្ឌិត​ ហេង​ ភក្ដី​ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន​ Meta និងមានការចូលរួមពីសមាជិកខុទ្ទកាល័យនិងជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល​ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយគន្លឹះ និងចំណេះដឹងបន្ថែមលើការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង Instagram ជាពិសេសលើគោលការណ៍ផ្សាយពាណិជ្ជកម្មថ្មីរបស់ក្រុមហ៊ុន Meta ក្នុងការផ្តល់ព័ត៌មាន និងការទំនាក់ទំនងជាមួយពលរដ្ឋ ក៏ដូចជារបៀបរបបនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងនយោបាយនិងការបោះឆ្នោតតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរ ដែលតម្រូវឱ្យមានការចុះឈ្មោះនិងបញ្ជាក់អត្តសញ្ញាណរបស់ស្ថាប័ន ឫបុគ្គលជាមុនផងដែរ។ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមទាំងអស់គ្នា ក្នុងនាមជាតំណាងក្រសួង-ស្ថាប័នដែលត្រូវទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដោយសីលធម៌ តម្លាភាព និងសុចរិតភាព ដើម្បីធ្វើឱ្យសេវាសាធារណៈប្រសើរឡើង ជាពិសេសនៅក្នុងកាលៈទេសៈដែលយើងត្រូវផ្សព្វផ្សាយប្រធានបទ ទាក់ទងនឹង នយោបាយ និងសង្គម។វគ្គបណ្តុះបណ្តាលខាងលើនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ១/ការប្រើប្រាស់ Facebook និង Instagram ប្រកបដោយប្រសិទ្ធភាពដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ២/ ទិដ្ឋភាពទូទៅនៃការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយនិងការបោះឆ្នោត និង ៣/ឧបករណ៍តម្លាភាពនៃការផ្សាយពាណិជ្ជកម្ម និងដំណើរការស្នើសុំការអនុញ្ញតការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងសារនយោបាយ និងការបោះឆ្នោត៕(ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

ទីអារាមសម្រាប់ប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍រុនតាឯកធ្វើបុណ្យទាន ចាប់ផ្តើមសាងសង់ហើយ

2022/12/08 09:05:34 am        402
សៀមរាប៖ ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២២នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះវិហារវត្ដធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ដើម្បីដោះស្រាយនូវកិច្ចការទាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាសប្បុរសជននានា បានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងតំបន់បន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក រួមមាន៖ ផ្លូវ ប្រព័ន្ធភ្លើង សាលារៀន ផ្សារសហគមន៍ ហើយនៅថ្ងៃនេះ យើងបាននឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៃទីអារាមវត្តធម្មជាតិរុនតាឯក។គួរបញ្ជាក់ថា ព្រះវិហារថ្មីដែលបាន នឹងកំពុងរៀបចំពិធីបញ្ចុះបឋមសិលាកសាងនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយដែលផុសចេញពីសន្ដាននូវចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ឲ្យឃើញការរីកចម្រើននៃវិស័យពុទ្ធចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត៕

ADB ផ្តល់ជំនួយថ្មីសំខាន់ដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

2022/12/08 07:56:24 am        426
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់ កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី របស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility (ACGF) របស់វា។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២0 លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។ ។លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យ ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប ដោយ ផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរបស់រាជរដ្ឋាភិបាល រួមមាន ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្ពីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផល សមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៩)សម្រាប់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍធនធាន ជល ផល សមុទ្រប្រកបដោយនិរន្តរភាព។អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃ ផលទុនជាតិសរុប របស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផលប៉ុន្តែការ នេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយបាននាំឱ្យមានការថយចុះយ៉ាងខ្លាំង នៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យ តម្លៃត្រីកើនឡើង។គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា ដល់ បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់ សមុទ្រ ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យ ជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផល នេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានចំនួនជិត ២0.000គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២00,000 នាក់។ ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗ មួយចំនួន របស់រដ្ឋាភិបាលកម្ពុជា រួមទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងរបាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជំរុញទ័ពមួកខៀវបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា

2022/12/07 01:34:21 pm        488
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជម្រុញកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបេសកកម្មរក្សា​សន្តិភាព​អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍កម្ពុជា ​ប្រពៃណីវប្បធម៌ ម្ហូបអាហារប្រពៃណីកម្ពុជាជាដើមនៅក្នុង​តំបន់​បេសកកម្ម ​ដើម្បីជម្រុញប្រជាជននៃប្រទេសទាំងនោះមកទស្សនាកម្ពុជា នៅពេលគេ​ទទួល​បានសុខសន្តិភាព។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែធ្នូនេះថា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ​កម្លាំងរក្សាសន្តិភាព ពុំមានការរៀបចំ​ព្រឹត្តិការណ៍ជួបជុំច្រើននោះទេ​ ដោយសារវិបត្តិកូវីដ១៩ ហើយបច្ចុប្បន្នគឺគេអាចជួបជុំ​រៀបចំ​ព្រឹត្តិការណ៍ កម្មវិធីបានវិញហើយ​ ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតាមបណ្តាតំបន់បេសកកម្ម​នៅពេលរៀបចំកម្មវិធីនានា​ គឺត្រូវដាក់​បញ្ចូលកម្មវិធី​ផ្សព្វផ្សាយគោលដៅទេសចរណ៍ ​ប្រពៃណី វប្បធម៌ ម្ហូបអាហារកម្ពុជាឡើងវិញ ដើម្បីឲ្យភ្ញៀវមកពីបណ្តាប្រទេសនានានៅក្នុងតំបន់​បេសកកម្ម​ស្គាល់ពីកម្ពុជា ​និងឲ្យគេជួយផ្សព្វផ្សាយពីកម្ពុជា ​និងនាំគ្នាមកទស្សនាកម្ពុជា។ឯកឧត្តម សែម សុវណ្ណនី បន្តថា កន្លងមក កងកម្លាំងកម្ពុជា ​នៅតាមតំបន់បេសកកម្ម ក្រៅពីធ្វើការ​ងារស្នូលឲ្យUN ​កងកម្លាំងយើងក៏បានរៀបចំកម្មវិធី​ជាច្រើនដូចជា នៅក្នុងកម្មវិធីឈប់​សំរាក​បុណ្យ​ជាតិ បុណ្យចូលឆ្នាំថ្មី ​បុណ្យភ្ជុំបិណ្ឌ និង ​បុណ្យអុំទូកជាដើម គឺគេបានរៀបចំចាក់​ស្ពតវីដេអូ​ទេសចរណ៍របស់ក្រសួងទេសចរណ៍​ រៀបចំកម្មវិធីរំាកម្សាន្ត ​សំដែងសិល្បៈ និងបង្ហាញម្ហូប​អាហារ​ប្រពៃណីខ្មែរ ​ហើយតាមរយៈការផ្សព្វផ្សាយនេះ​ កន្លងមកក៏មានពលរដ្ឋលីបង់ខ្លះ និងភ្ញៀវកម្លាំង​មួកខៀវបណ្តាប្រទេស​ ក៏បានមកទស្សនាកម្ពុជា ​ដោយផ្ទាល់ដែរ។សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជាមានកម្លាំងរក្សាសន្តិភាពប្រមាណ៨០០នាក់ បាននិង​កំពុង​ឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅតាមបណ្តាចំនួន៤ រួមមាន៖ លីបង់ ម៉ាលី អាហ្វ្រឹកកណ្តាល​ និងប្រទេសស៊ូដង់ខាងត្បូង​ ហើយក្នុងចំណោមកម្លាំងនេះ ក៏មាន​កងកម្លាំងមួយចំនួនតូចទៀត ​បានបន្តដំណើរទៅបំពេញបេសកកម្មនៅប្រទេសសាយប្រ៊ីស ប្រទេសស៊ូដង់ ​យេមែន និងបណ្តាប្រទេសនានាទៀតទៅតាមសំណើរ​នៃទីបញ្ជា Unនៅ​តំបន់​បេសកកម្ម៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្លូវរបស់អ៊ុយក្រែន ទៅកាន់សមាជិកសហភាពអឺរ៉ុប នឹងលំបាកខ្លាំង ទោះជាហុងគ្រី ជំទាស់ឬអត់ក៏ដោយ
10/07/2025 10:10 AM
កងទ័ពស៊ីរី និងកងកម្លាំង SDF ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅក្រុងអាឡិបប៉ូ បន្ទាប់ពីការប៉ះទង្គិច
10/07/2025 10:10 AM
ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានឈានចូលដល់សប្តាហ៍ទី ២ ខណៈពុំមានសញ្ញាបញ្ចប់
10/07/2025 10:10 AM
ឱកាសការងារជាង៣ម៉ឺនកន្លែង​នឹងដាក់តំាងបង្ហាញ​​​ ក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិ នាដើមខែវិច្ឆិកាខាងមុខ
10/07/2025 10:10 AM
អ្នកឡើងភ្នំជាង ២០០នាក់ ដែលជាប់គាំងក្បែរភ្នំអេវឺរ៉េស ក្នុងតំបន់ទីបេ របស់ចិន កំពុងត្រូវជម្លៀសចេញហើយ
10/07/2025 10:10 AM
មេដឹកនាំកូរ៉េខាងជើង អបអរខួបកំណើតលោក Putin ដោយបញ្ជាក់ពីសម្ព័ន្ធភាពកាន់តែរីកចម្រើនជាមួយរុស្ស៊ី
10/07/2025 10:10 AM
ទីក្រុងហាណូយ ត្រូវជន់លិចជាថ្មី ខណៈរដូវព្យុះបង្កភ្លៀងធ្លាក់ខ្លាំងលើភាគខាងជើងប្រទេសវៀតណាម
10/07/2025 10:10 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីនៅនេប៉ាល់ និងឥណ្ឌា កើនឡើងដល់ជិត៨០នាក់
10/07/2025 09:10 AM
កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ
10/07/2025 09:10 AM
លោក Trump ចង់ដឹងពីផែនការរបស់អ៊ុយក្រែន មុនពេលសម្រេចចិត្តឱ្យមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk
10/07/2025 09:10 AM