សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ខ្លោងទ្វារទន្លេអុំ ជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនា

2022/12/11 11:35:54 am        820
សៀមរាប៖ ខ្លោងទ្វារទន្លេអុំទិសខាងត្បូង គឺជាខ្លោងទ្វារមួយក្នុងចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ច្រក​ចេញ​​ចូល​សំខាន់​របស់​ក្រុងអង្គរធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរក្នុងវង់តូច និងវង់ធំផង។ កំពូល​ខ្លោងទ្វារ ដែលមានរូបព្រហ្មមុខបួនខ្ពស់ត្រដែតញញឹមពព្រាយ អមដោយ​ចម្លាក់​ទេវតា និង​អសុរៈ​ទាញ​ព្រ័ត្រ​យ៉ាង​ស្វាហាប់ ម្ខាងៗ​មានចំនួន៥៤ នៅអម​កំពែង​ក្រុង​ព័ទ្ធ​ជុំវិញ​ដោយ​កសិន្ធុទឹក​នេះមានសោភ័ណល្អឯក ទាក់ចិត្តទេសចរជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺ​នៅ​ពេលគេធ្វើដំណើរមកដល់ទីនោះ ​ដោយ​គេ​តែង​តែ​ចុះមក​ទស្សនា​ស្វែង​យល់ និង​ថត​យក​រូប​ភាព​មិនដែលខាន។ ប្រធានក្រុមភ្នាក់ងារទេសចរ ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ លោក ខឿន កុសល ឱ្យដឹងថា ក្រោយ​ពី​ចំនួនភ្ញៀវទេសចរ បានកើនឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខ្លោងទ្វារ​ទន្លេ​អុំ​មាន​ភាព​មមាញឹកខ្លាំង។ ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរលើសពី១ពាន់នាក់។ លោក​បន្តថា ដោយសារខ្លោងទ្វារទន្លេអុំជាច្រកចេញចូលសំខាន់នៃក្រុងអង្គរធំ និងជា​ផ្លូវ​សម្រាប់​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ វង់តូច និងវង់ធំផងនោះ ចរាចរណ៍មានការ​មមាញឹក​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែក្រុមការងារបានសហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និង​រក្សា​សណ្តាប់​ធ្នាប់​នៅទីនោះ ឱ្យមានភាពប្រសើរ ដោយធ្វើយ៉ាងណាជៀសវាងការកកស្ទះ សម្រួ​ល​ឱ្យ​លំហូរ​ទស្សនា​របស់ភ្ញៀវបានរលូន មិនរំខានដល់ការ​ទស្សនា​របស់​ទេសចរ​ឡើយ​។​ អាជ្ញាធរ​ជាតិ​អប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ដែលបានមកទស្សនារមណីយដ្ឋានអង្គរទាំងឡាយ សូម​ចូល​រួម​គោរពនូវក្រមប្រតិបត្តិអង្គរទាំងអស់គ្នា ដោយកុំស្លៀកពាក់សម្លៀកបំពាក់ខើចខ្លីពេក ដែល​មិន​ស័ក្តិសមនឹងទីតាំងនៃបូជនីយេសក៍ ពិសេសប្រាង្គប្រាសាទ។ មួយវិញទៀត សូមក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ម៉ូតូកង់បី មេត្តាចតយានជំនិះ ទៅតាមកន្លែងដែលអាជ្ញាធរជាតិអប្សរាបានរៀបចំជូន ដើម្បី​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកតម្លៃរមណីយដ្ឋានអង្គររបស់យើងទាំងអស់គ្នា៕

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើពលរដ្ឋបន្តការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ

2022/12/11 10:51:26 am        490
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែរម្លឹកផ្តាំ​ផ្ញើ​ឱ្យ​ប្រជាពលរដ្ឋកម្ពុជាបន្តរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើង រកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ ។សម្តេចតេជោ នាយករដ្ឋមន្ត្រី​នៅ​តែ​បញ្ជាក់​អំពី​កត្តាសន្តិភាព​ជា​អាទិភាព នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ខណៈ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ក្រោម​ប្រធាន​បទ​៖ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ខែធ្នូនេះ។សម្តេចតេជោបានថ្លែងថា៖ដូចដែលសម្តេចបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញ​ម្តង​ហើយថាយើងត្រូវ រក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជា​ចំណុច​ធំជាង​គេ​ក្នុង​ចំណោម​ចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក។សម្តេចបានបន្តថា នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង សមាជិកក្លឹបឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុតលើសកលលោក, សម្តេចក៏សូមស្នើជាថ្មីម្ដងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយ​បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹប​ឆ្នេរ​សមុទ្រ​ដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្តិសមជាមួយ នឹងការទទួល​បាន​នូវ​កិត្តិនាម​ជា “តារារះនាទិសនិរតី» ។ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការ​តភ្ជាប់​តាម​ផ្លូវ​គោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស ។ ត្រូវជំរុញ​ការ​ផលិត ដើម្បីផ្គត់ផ្គង់​ដល់​ទេសចរ​ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង» ។ ប្រជាពលរដ្ឋរបស់យើង​មាន​ឱកាស​ច្រើន​ណាស់ ដើម្បីចិញ្ចឹម និង បំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុង​ត្រលប់​មក​កម្ពុជា​វិញ​ជា​បណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ ។ យើងត្រូវ​ខិតខំ​ជំរុញ​ការ​ផលិត ឱ្យត្រឹមត្រូវតាមស្តង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់ បៃតង​នៅ​ក្នុងតំបន់ទេសចរណ៍ ។ ត្រូវបន្តយក​ចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌ​ម៉ាក្រូ​ផង និង មីក្រូផង ។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែ​តាម​បណ្តាខេត្តជាប់មាត់សមុទ្រ និង គ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺ ត្រូវខិតខំ​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។សម្តេចបាន​អំពាវនាវដល់ក្រសួង-ស្ថាប័ន្តែពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់​អាវុធ​គ្រប់​ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យ បានផុស​ផុល​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា សោភ័ណភាព, អនាម័យ និង បរិស្ថាន ដែល​ជា​​កត្តាចម្បងមិនអាចខ្វះបាន ក្នុង ការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បី​បន្ត​ជា​មរតកដ​ល់កូនចៅ ជំនាន់ក្រោយ ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន៖ កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន

2022/12/11 08:59:57 am        922
តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបភាពខ្លះៗ របស់កូនស្រី(លោកជំទាវ ហ៊ុន ម៉ាណា) និងចៅស្រី ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅតាមបណ្ដាខេត្តនានា។ សម្ដេចតេជោបញ្ជាក់ថា “កូន និងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីជីដូន”។

ក្រុមអ្នកជំនាញអាដហុក នៃអាយស៊ីស៊ី-អង្គរ បន្តសកម្មភាពចុះពិនិត្យការងារអភិរក្សប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

2022/12/11 08:25:42 am        366
នៅថ្ងៃទី១០ខែធ្នូ ម្សិលមិញ ក្រុមអ្នកជំនាញការ​ចំពោះកិច្ចអាដហុក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់​ថា​អាយ​ស៊ីស៊ី-អង្គរ(ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញ​ជា​ច្រើន​រូប​ទៀត បានបន្តចុះពិនិត្យការងារជួសជុល និងអភិរក្សដែលកំពុងអនុវត្ត តាមប្រាសាទ​មួយ​ចំនួន​ដូចជា អតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ ព្រលានជល់ដំរី ប្រាសាទជម (ក្រុមព្រះពិធូ) ច្រកខាងកើតប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ៕ ឈិត សាវី

ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នឹងចុះកិច្ចសន្យាសាងសង់នៅដើមឆ្នាំ២០២៣

2022/12/11 08:15:54 am        1038
ភ្នំពេញ៖ សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យានាដើមឆ្នាំក្រោយ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាបញ្ចប់ លើសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងស្ថាប័ន អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំនេះបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយ៉ាងផុសផុលលើចំនុចសំខាន់ៗមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់។ជាលទ្ធផល បន្ទាប់ពីបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ ភាគីពាក់ព័ន្ធទាំងអស់បានសម្រេចឯកភាព ផ្តល់ការយល់ស្របទៅលើខ្លឹមសារនៃសេចក្តីព្រាងនៃកិច្ចសន្យាខាងលើ ហើយនឹងត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីឈានទៅរកការចុះហត្ថលេខា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិន នាដើមឆ្នាំ២០២៣ ខាងមុខនេះ ៕

គជប៖ ពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្ត្រីចុះធ្វើជូនតាមភូមិ

2022/12/09 11:57:41 am        346
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមភ្ជាប់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោត ខណៈមន្រ្តីជំនាញបន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណតាមភូមិ។ក្រោយពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសបានបិទបញ្ចប់ ដែលមាន​ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត ៦០ម៉ឺននាក់​ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បានឲ្យដឹងថា ​បន្ទាប់ពីដំណើរចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់ទៅដោយរលូន មាន​សណ្តាប់ធ្នាប់របៀបរៀបរយ ​និងបង្កលក្ខណៈយ៉ាងល្អប្រសើរដល់ប្រជាពលរដ្ឋរួចរាល់ គ.ជ.ប ចាប់ផ្តើមបន្តកិច្ចការលើការពិនិត្យ និងផ្ទៀងផ្ទាត់ ​រៀបចំ​ជាបញ្ជីបោះឆ្នោតមានសុពលភាព​សម្រាប់​ប្រើប្រាស់​ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា​ ក្នុងនាម​ប្រជាពលរដ្ឋល្អដែល​នឹងប្រើប្រាស់សិទ្ធិរបស់​ខ្លួន​ចូលរួម​ការបោះឆ្នោត ​២០២៣ខាងមុខ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬឯកសារបញ្ជាក់អត្តសញ្ញាណ ​ដើម្បីអាចចូលរួមបោះឆ្នោត។ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមាន​អត្តសញ្ញាណប័ណ្ណ​ហួសសុពលភាព បាត់ ឬខូច ​សូមទំនាក់ទំនងទៅ​អាជ្ញាធរមូលដ្ឋាន ​ឬ​ប៉ុស្តិ៍​នគរបាល ​ដើម្បីស្នើសុំ​អត្តសញ្ញាណប័ណ្ណថ្មី ឬមានសុពលភាពត្រឹមត្រូវ។ជាក់ស្តែង រយៈពេលប៉ុន្មានចុងក្រោយនេះ មន្រ្តីជំនាញនៃនគរបាលប៉ុស្ត៍ក្នុងឃុំ-សង្កាត់ កំពុងមាន​សកម្មភាពយ៉ាងសកម្ម ​ដោយចល័តទៅតាមភូមិ ​និងខ្នងផ្ទះ របស់ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណថ្មី និងផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណរបស់ខ្លួនដែលហួសសុពលភាព៕ អត្ថបទ៖ សេក ឧត្តម

ឯកឧត្តម ជាម យៀប អំពាវនាវដល់គ្រប់តួអង្គប្តេជ្ញាចិត្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

2022/12/09 11:28:53 am        203
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអំពាវនាវដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធទាំងអស់ ​ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចូលរួមអនុវត្ត និងប្រកាន់​ខ្ជាប់​នូវការប្តេជ្ញា​ចិត្ត​យ៉ាងម៉ឺងម៉ាត់ក្នុងការលើកកម្ពស់​ និងការពារសិទ្ឋិមនុស្ស ហើយកម្ពុជាកំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង លើការងារវិស័យសិទ្ធិមនុស្សនេះ ។ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ឆ្នាំ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៤ ​នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កម្ពុជាមានគណៈកម្មាធិការសិទិ្ធ​មនុស្ស​កម្ពុជា ដែលជាសេនាធិការផ្ទាល់ មានតួនាទី​ និងភារកិច្ចក្នុងការការពារ អភិវឌ្ឍ និងលើក​តម្កើង​វិស័យសិទ្ធិមនុស្សនៅកម្ពុជា​ ហើយមានបេសកកម្មអប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស ។ឯកឧត្តម បន្តថា ក្នុងនោះស្ថាប័នមួយនេះ​ មានតួនាទីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ ​និងមណ្ឌលអប់រំកែប្រែទទួល ​និងដោះស្រាយពាក្យបណ្តឹង​ពាក់ព័ន្ធនឹងការរំលោភ​សិទ្ធិមនុស្ស ​សរសេររបាយការណ៍ស្តីពី ​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ជូនអង្គការសហប្រជាជាតិ និង​ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ​និងអង្គការសហប្រជាជាតិ ។ ក្រៅពីនេះ អង្គការសង្គមស៊ីវិល ​ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអប់រំ និង​ត្រួត​ពិនិត្យស្ថានភាពសិទ្ឋិមនុស្សនៅកម្ពុជា ​ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិផងដែរ ។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត​ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ឋទាំងអស់​ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូម​ចូលរួមអនុវត្ត ​និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ក្នុងការលើកកម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស នៅក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ ​ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងថែរក្សាសន្តិភាព​នៅកម្ពុជា ​ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព វឌ្ឍនភាព ​និងមានយុត្តិធម៌សង្គម ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១រដ្ឋសភា​ បានចូលរួមអបអរសាទរ​ទិវា​សិទ្ធិ​មនុស្សអន្តរជាតិ​១០ធ្នូ ​ក្រោមប្រធានបទ ​“ខួបលើកទី៧៥​ នៃសេចក្តីប្រកាសជា​សកល​ស្តីពីសិទ្ធិ​មនុស្ស” ដើម្បីចូលរួម​ចំណែក​លើកម្ពស់ការគោរពសិទ្ធិ​មនុស្សនៅកម្ពុជា ។ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ​ទទួលពាក្យបណ្ដឹង​ នៃព្រឹទ្ធសភាជាតិ មាន​ប្រសាសាន៍ថា ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​គឺជាឧត្តមគតិរួមមួយ ដែល​ប្រជាពលរដ្ឋគ្រប់ៗប្រទេស ​និងប្រជាជាតិទាំងអស់ ​ត្រូវធ្វើឲ្យបានសម្រេច ដើម្បីឲ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមស៊ីវិលទាំងអស់ ​ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ។ឯកឧត្តម ​បានបន្តថា គ្រប់តួអង្គទាំងអស់ ​ត្រូវខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល​ ការគោរពសិទ្ធិ និង​សេរីភាពទាំងនេះ ​តាមរយៈការបង្រៀន ​ការអប់រំ ​ហើយនិងខិតខំធានាឲ្យមានការ​ទទួលស្គាល់ និង​ការអនុវត្តជាកសលជាក់ស្ដែងនូវសិទ្ធិ ​និងសេរីភាព ​ដោយវិធានការជាតិ និងអន្តរជាតិ ដែលមាន​លក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោម​ប្រជាពលរដ្ឋដែនដី ​ស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់រាជធានីភ្នំពេញ​ទៅអរិយក្សត្រ​នឹងបើកការដ្ឋាន​សាងសង់​នៅឆ្នាំក្រោយ

2022/12/09 10:45:30 am        1243
ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងទន្លេសាប និងទន្លេមេគង្គ ពី​ផ្សាររាត្រី រាជធានីភ្នំពេញទៅជ្រោយចង្វារ និងបន្តទៅអរិយ្សត្រ ខេត្តកណ្ដាល នឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំក្រោយនេះហើយ។លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាន​មិត្ត​ភាព​កម្ពុជា-កូរ៉េ ឆ្លងទៅអរិយក្សត្រ តាមផែនការ​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​កំឡុង​ចុង​ឆ្នាំ​ក្រោយ​នេះ​។ ចំពោះមុខដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ គឺការធ្វើនីតិវិធីជាមួយរដ្ឋាភិបាលកូរ៉េ នូវ​ការ​ជ្រើស​រើស​ក្រុមហ៊ុនកិច្ចសន្យា ដើម្បីធ្វើការសាងសង់ និងដោះស្រាយផលប៉ះពាល់។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ស្ពាន​នេះ​មាន​ទម្រង់​ជា​ជើង​សសរ​ទម្រ​ខ្ពស់ៗ​ទៅខាងលើ កោងរត់រកគ្នា ដើម្បីភ្ជាប់ខ្សែកាប ហើយវាមានលក្ខណៈពិសេសមួយ គឺជើង​សសររង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលខាងក្រោមស្ពាន។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និង​តភ្ជាប់​ទៅតំ​បន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បាន​អំពាវ​នាវ​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និង​អរិក្សត្រ សូមមេត្តា​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ធ្វើ​នីតិ​វិធី​ដោះ​ស្រាយ​ផល​ប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះបានប្រព្រឹត្តទៅបានដោយរលូន ជា​ប្រយោជន៍​សម្រាប់សង្គមជាតិទាំងមូល។ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេសាប និងទន្លេមេគង្គនេះ មានប្រវែងសរុបជាង ២គីឡូម៉ែត្រ ដោយ​ស្ពាននីមួយៗ មានប្រវែងជាង ១ពាន់២រយម៉ែត្រ មានសសរស្ពានធំខ្ពស់ក្ដោបទៅខាងលើ ដើម្បី​ទា​ញខ្សែកាប ដែលបង្កើតជាលក្ខណៈបច្ចេកទេស និងសោភ័ណភាពផង និង​ងាយ​ស្រួល​ដល់​នាវា​ឆ្លងកាត់ខាងក្រោមផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ប្រមុខណាតូ៖ រុស្ស៊ីចង់ផ្អាកការប្រយុទ្ធនៅអ៊ុយក្រែន ដើម្បីមានពេលត្រៀម​ការ​វាយលុកថ្មី​នៅ​ដើមឆ្នាំក្រោយ

2022/12/09 09:42:32 am        339
NATO៖ ប្រមុខសម្ព័ន្ធយោធាណាតូនិយាយថា រុស្ស៊ីកំពុងព្យាយាមផ្អាក​សមរភូមិ​ប្រយុទ្ធ​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពីរដូវរងានេះ ដូច្នេះខ្លួនអាចមាន​ពេលវេលាត្រៀម​កម្លាំង​ សម្រាប់​ការ​វាយ​ប្រហារ​កាន់​តែធំ​នៅដើមឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលជាប្រមុខ​សម្ព័ន្ធ​យោធា​លោក​ខាង​លិចបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ្វីដែលយើងបានឃើញពេលនេះគឺពិតណាស់ រុស្ស៊ី​កំពុងព្យាយាមផ្អាកការវាយប្រយុទ្ធមួយចំនួននៅក្នុងសង្រ្គាមនេះ យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រយៈ​ពេល​ខ្លីដែរ ដូច្នេះទើបពួកគេអាចប្រមូលផ្ដុំកម្លាំងឡើងវិញ ជួសជុលយុទ្ធោបករណ៍ និង​ស្រោច​ស្រង់កម្លាំងដែលបាត់បង់ បន្ទាប់​មក​ពួក​គេ​នឹង​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រង់​ធំ​ជាង​មុន​នៅ​រដូវ​និទាឃ​រដូវក្រោយ។កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះដែរ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​អូស​បន្លាយពេល​យូរ​ទៀត។ វិមាន​ក្រឹម​ឡាំង​បាន​ទទួល​ស្គាល់​ថា ​រុស្ស៊ីមិន​អាច​ព្យាករណ៍​ដឹង​ទេ​ថា​ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​នៅ​ពេល​ណា​។ ស្ថានភាព​រដូវរងា​បាន​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​សីតុណ្ហភាព​ភាគច្រើន​ធ្លាក់​ចុះ​ក្រោម​សូន្យ​អង្សារ​ចន្លោះ​ខែ​ធ្នូ និង​ខែ​មីនា​៕ អត្ថបទ៖ ក្រូច សុខមាន

កូរ៉េខាងត្បូង សម្រេចផ្តល់ឥណទានជិត ២៥០លានដុល្លារ​សម្រាប់​សាងសង់ស្ពាន​អរិយក្សត្រ

2022/12/09 08:18:55 am        638
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ​បានសម្រេចផ្តល់ឥណទានសម្បទានចំនួន ២៤៥លាន ៩សែន​៩ពាន់​ដុល្លារ​អាមេរិក សម្រាប់​សាងសង់ស្ពានមិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ជ្រោយចង្វា-អរិយក្សត្រ​ហើយ រួមទាំងគម្រោង មួយចំនួនទៀត សម្រាប់​មូលនិធិ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ២០២២-២០២៦។ ការសម្រេច​របស់កូរ៉េខាងត្បូង​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ចុះហត្ថ​លេខា​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ដែលធ្វើនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ត្រូវ​បាន​ចុះហត្ថ​លេខា​រវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា និង ឯកឧត្តម ប៉ាក ហឹងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណ​រដ្ឋកូរ៉េ ប្រចាំកម្ពុជា ទៅលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការ ផ្តល់​ឥណទាន​សម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែល​មាន​ទំហំ​ទឹក​ប្រាក់ចំនួន ១៥០០ លានដុល្លារអាមេរិក។ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជា ក៏បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ០២ ដូចខាងក្រោម៖-គម្រោង​ពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមាន ទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និង-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួម​ចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ជា​ស្ពាន​ខ្សែ​កាប​តភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ​។ ស្ពាននេះ នឹងក្លាយជាស្ពានទំនើបដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺ​ទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលសាងសង់រួច វាអាចជួយ​សម្រួល​ស្ថាន​ភាពចរាចរណ៍​ប្រចាំ​ថ្ងៃ​ដែល​ជាភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញ​វិស័យ​ទេសចរណ៍​ជា​ពិសេស​កត្តា​សោភ័ណភាព និង​ការលើកសម្រស់រាជធានីភ្នំពេញ។ ស្ពាននេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយ​ភ្ជាប់​ទៅ​ដី​ជ្រោយ​ចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វា​ឯមខេត្តកណ្តាល។ ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ​គ្រោង​នឹង​ចាប់​ផ្តើម​សាង​ស​ង់​នៅ​ឆ្នាំ​២០២៣ខាងមុខនេះ៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM