គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមហាម៉ាសថា ខ្លួនមិនបានចេញពីកិច្ចចរចាបទឈប់បាញ់ទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2024/07/15 10:31:15 am        142
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា ក្រុមអ៊ិស្លាមនិយមមួយនេះមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទេ បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមកាលពីចុងសប្តាហ៍នេះនៅតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បាននិយាយថាកំណត់គោលដៅលើមេដឹកនាំយោធារបស់ក្រុមនេះគឺលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif)។លោក អ៊ីសហ្សាត អែលរ៉េស៊ីក (Izzat El-Reshiq) សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធ។ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង ខាន់យូនីស (Khan Younis) នៃតំបន់ហ្កាហ្សា ដែលក្នុងនោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០ នាក់ត្រូវបានសម្លាប់ បានបង្កើនភាពសង្ស័យលើកិច្ចចរចាបទឈប់បាញ់។ មានសញ្ញាសង្ឃឹមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់ដើម្បីបញ្ឈប់ការប្រយុទ្ធ និងដោះលែងចំណាប់ថ្នូរ ប៉ុន្តែប្រភពពីអេហ្ស៊ីប បាននិយាយថាកិច្ចចរចានោះត្រូវបានផ្អាក។យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅលើប្រមុខយោធាក្រុមហាម៉ាស បានសម្លាប់លោក រ៉ាហ្វា សាឡាម៉ា (Rafa Salama) មេបញ្ជាការកងពលតូចនៅក្រុង ខាន់យូនីស របស់ហាម៉ាស ប៉ុន្តែមិនមានការបញ្ជាក់ថាលោក Deif ក៏ត្រូវបានសម្លាប់ដែរឬយ៉ាងណាទេ៕

ក្រុមអ្នកគាំទ្ររបស់លោក Trump ប្រមូលផ្ដុំគ្នាបួងសួងឱ្យលោក បន្ទាប់ពីការវាយប្រហារ

2024/07/15 10:21:14 am        96
នៅក្នុងពិធីបួងសួងឱ្យលោក Donald Trump នៅជិតមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង មីលវ៉ឃី (Milwaukee) រដ្ឋ វីស្ខនស៊ិន (Wisconsin) កាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ក្រុមអ្នកគាំទ្របានសរសេរការអធិស្ឋាន ការបួងសួង និងជូនពរដល់លោក បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអតីតប្រធានាធិបតីរូបនេះ។ អ្នកក្រុង Milwaukee និងអ្នកគាំទ្រលោក បាននិយាយថា ការចូលរួមក្នុងពិធីនេះមានសារៈសំខាន់ណាស់ ពីព្រោះការរស់រានមានជីវិតពីការប៉ុនប៉ងធ្វើឃាតរបស់លោក Trump គឺជា «អព្ភូតហេតុ»។ អ្នកចូលរួមរូបនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា «ព្រះមិនទាន់អស់កិច្ចការជាមួយលោក Trump ទេ ហើយផែនការធំត្រូវបានរៀបចំទុកសម្រាប់លោក»។បណ្ដាសមាជិកសាធារណៈរដ្ឋបាននិយាយថា ពួកគេបានកត់សម្គាល់ឃើញពីអារម្មណ៍នៃការបង្រួបបង្រួមគ្នាកាន់តែខ្លាំងនៅក្នុងបក្សក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយសង្ឃឹមថាមនុស្សកាន់តែច្រើននឹងចេញទៅបោះឆ្នោត។ អ្នកចូលរួមម្នាក់ទៀតមាននិយាយថា «អ្នកបោះឆ្នោតជាច្រើនចេះតែទៅបោះឱ្យតែរួច ពួកគេមិនដឹងអ្វីសោះពីបេក្ខជនឡើយ។ ដូច្នេះហើយ យើងសង្ឃឹមថាប្រជាជននឹងដឹងពីអ្នកដែលគេគាំទ្រ ព្រោះនេះជាការបោះឆ្នោតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេស»។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នៅក្នុងការវាយប្រហារដែលត្រូវបានគេស៊ើបអង្កេតថាជាការប៉ុនប៉ងលួចធ្វើឃាត។ លោកបានទៅដល់ទីក្រុង មីលវ៉ឃី (Milwaukee) កាលពីថ្ងៃអាទិត្យ ជាទីដែលលោកនឹងទទួលបានការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅចុងសប្តាហ៍នេះ៕

បេឡារុស និងចិន ធ្វើសមយុទ្ធប្រឆាំងភេរវកម្ម នៅជិតព្រំដែនប្រទេសប៉ូឡូញ

2024/07/15 10:14:14 am        135
វីដេអូ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញ អង្គភាពយោធារបស់ប្រទេសបេឡារុស និងប្រទេសចិន ធ្វើសមយុទ្ធប្រឆាំងភេរវកម្មរួមគ្នា នៅជិតព្រំដែនប្រទេសប៉ូឡូញ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបេឡារុស ជាទូរទស្សន៍របស់យោធា បានចេញផ្សាយវីដេអូ ស្តីពីទាហានកំពុងហ្វឹកហាត់រួមគ្នា ក្នុងការលោតឆ័ត្រយោង និងការប្រយុទ្ធនៅសមរភូមិ។យោងតាមក្រសួងការពារជាតិប្រទេសបេឡារុសបានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសទាំងពីរគ្រោងនឹងហ្វឹកហាត់សមយុទ្ធយុទ្ធសាស្ត្រជាបន្តបន្ទាប់ រួមទាំងការចុះចតនៅពេលយប់ ជំនះឧបសគ្គនៅលើដែនទឹក និងធ្វើប្រតិបត្តិការនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន។ក្រសួងការពារជាតិបេឡារុស បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា ហ្វលខុន អឹសល(Falcon Assault) នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់ក្បែរទីក្រុង Brest ។ទីក្រុង Brest ស្ថិតនៅភាគនិរតីប្រទេសបេឡារុស នៅជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។ប្រទេសបេឡារុស បានអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងមួយសម្រាប់ធ្វើប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ប្រឆាំងអ៊ុយក្រែននៅឆ្នាំ២០២២។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/15 09:02:05 am        207
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅ​វិមានសន្តិភាព។ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

FBI និយាយថា ការបាញ់ប្រហារលើលោក Trump គឺជា «ការប៉ុនប៉ងលួចធ្វើឃាត»

2024/07/14 03:15:37 pm        266
អាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលបានបញ្ចប់ត្រឹមពាក់កណ្តាលអធ្រាត (ម៉ោងសហរដ្ឋអាមេរិក) ឈានចូលថ្ងៃអាទិត្យ (១៤ កក្កដា) នេះថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងធ្វើការស៊ើបអង្កើតលើ «ការប៉ុនប៉ងលួចធ្វើឃាត» ប្រឆាំងនឹងអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។លោក ខេវិន រ៉ូជេក (Kevin Rojek) ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅក្រុង ភីតស៍ប៊ឺក (Pittsburgh) បាននិយាយថា FBI បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះថាឈ្មោះ ថូម៉ាស ម៉ាធូ ឃ្រុកស៍ (Thomas Matthew Crooks) ភេទប្រុស វ័យ ២០ ឆ្នាំ ហើយថាហេតុផលនៅពីក្រោយការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសនោះ មិនទាន់ដឹងថាជាអ្វីនៅឡើយទេ។លោក Rojek បាននិយាយថា «ការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងអតីតប្រធានាធិបតីរបស់យើង គឺលោក Donald Trump បានកើតឡើង ហើយករណីនោះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»។ មន្ត្រី FBI បាននិយាយថា មិនមានការគំរាមកំហែងទៀតទេ បន្ទាប់ពីការបាញ់ប្រហារនោះ។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំក្នុងអំឡុងពេលការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍ (១៣ កក្កដា)។ លោក ចច ប៊ីវិនស៍ (George Bivens) ស្នងការរងនៃប្រតិបត្តិការនគរបាលរដ្ឋ Pennsylvania បាននិយាយថា អ្នកបាញ់ប្រហារបានស្លាប់ អ្នកចូលរួមម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស៕

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត

2024/07/14 03:09:48 pm        202
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញដែលធ្វើឱ្យសិស្សនិស្សិតអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ។ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាសហប្រធានជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នេះដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី សិស្សនិស្សិតដែលចូលរួមការប្រកួតប្រជែងនេះ នឹងបានរៀន​សូត្រពី​ការធ្វើការ​ងារជាក្រុមព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះត្រូវការក្រុមពហុជំនាញ​ផ្សេងៗគ្នា​ដូចជាជំនាញកម្មវិធីកុំព្យូទ័រ ​ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញ​ជាក់​លាក់​ច្បាស់លាស់សម្រាប់ជីវិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដែលមានទិសដៅធ្វើឱ្យពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច។ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង៣ពាន់នាក់ ​ឯកឧត្តមរដ្ឋមន្ត្រី បានសង្ឃឹមថា អ្នក​សិក្សាជំនាញបច្ចេកទេសទាំងអស់នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដែលមានដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ​និងមានក្រុមនិស្សិតចំនួន ៩ក្រុម ​ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានាចំនួន ៥ រួមមាន វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា(NPIC), វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI), បណ្ឌិត្យសភា​បច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទការប្រមូលផល​ស្រូវ​ដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិត មកពីបណ្ដាលវិទ្យាស្ថាន និង​សកល​វិទ្យាល័យ​ផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និង​ផលិតឧបករណ៍បច្ចេកវិទ្យាជារ៉ូបូត​ដោយ​ផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯកសម្រាប់តំណាងកម្ពុជា​ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម ​នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

ការស៊ើបអង្កេតផ្ដោតលើបរាជ័យផ្នែកសន្តិសុខ បន្ទាប់ពីការបាញ់ប្រហារលើលោក Trump

2024/07/14 02:42:56 pm        263
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតយ៉ាងរហ័សទៅលើថាតើខ្មាន់កាំភ្លើងអាចគេចពីភ្នែកភ្នាក់ងារសម្ងាត់ ហើយឡើងទៅលើដំបូលអគារ ក្បែរកន្លែងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងថ្លែងនៅក្នុងការជួបជុំបោះឆ្នោត ហើយបាញ់ប្រហារជាច្រើនគ្រាប់មុនពេលត្រូវបានសម្លាប់នោះដោយរបៀបណា។លោក ម៉ៃ ចនសុន (Mike Johnson) ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បាននិយាយថា ក្រុមនៅក្នុងអង្គជំនុំជម្រះនឹងកោះហៅមន្ត្រីមកពីសេវាសម្ងាត់ នៅនាយកដ្ឋានសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេស FBI ចូលសវនាការក្នុងពេលឆាប់ៗនេះ។ គណៈកម្មការត្រួតពិនិត្យសភា បានកោះហៅប្រធានសេវាសម្ងាត់ លោកស្រី គីនប៊ឺលី ឆៀតថល (Kimberly Cheatle) ទៅផ្តល់សក្ខីកម្មនៅថ្ងៃទី២២ ខែកក្កដា។ខណៈពេលដែលព័ត៌មានអំពីឧបទ្ទវហេតុនេះនៅមានភាពស្រពិចស្រពិលនៅឡើយ របាយការណ៍ដំបូងពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកបាញ់ប្រហារនោះនៅខាងក្រៅបរិវេណសន្តិសុខនៃកន្លែងប្រមូលផ្តុំនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។ មនុស្សម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន BBC បាននិយាយថា គេបានឃើញបុរសនោះកាន់កាំភ្លើង ហើយព្យាយាមជូនដំណឹងដល់នគរបាល និងសេវាសម្ងាត់ តែមិនបានសម្រេច។អ្នកគាំទ្រលោក Trump បានរិះគន់សេវាកម្មសម្ងាត់ដែលទទួលខុសត្រូវក្នុងការការពារលោក Trump ក្នុងនាមជាអតីតប្រធានាធិបតីអាមេរិក។ លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) បានអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះលាលែងពីតំណែង។ ភ្នាក់ងារពិសេសរបស់ FBI លោក ខេវិន រ៉ូជេក (Kevin Rojek) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយនិយាយថា «វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់» ដែលជននោះអាចបាញ់បានជាច្រើនគ្រាប់បែបនេះ៕

អ្នកធាក់ស៊ីក្លូ២៩៥នាក់ ទទួលបានការយកចិត្តទុកដាក់បន្ថែមពីសម្ដេចតេជោ ហ៊ុន សែន

2024/07/14 02:35:03 pm        187
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានចាត់ឲ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់ប័ណ្ណសមធម៌ និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំប្លេរ ជូនដល់អ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។លោក ម៉េត មាសភក្តី បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យឯកឧត្ដម ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែពីសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងដូចពេលនេះ។ លោកបន្តថា ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង ២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែអាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងការផ្តល់​ជូន​ប័ណ្ណសមធម៌(ប. ស. ស)នេះ ដើម្បីឲ្យសមាជិកអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយ​មិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចតេជោ មិនត្រឹមតែផ្តល់វ៉ាក់សាំងជូនសមាជិកស៊ីក្លូដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនថែមទៀត។ក្នុងឱកាសនោះដែរ លោក ម៉េត មាសភក្តី ក៏បានជូនពរអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ ជៀសវាងនឹងជម្ងឺផ្សេងៗ តែបើមានជម្ងឺក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះមានប័ណ្ណសមធម៌(ប. ស. ស)ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុ រស់ អ៊ាង អាយុ៦៦ឆ្នាំ បានថ្លែងការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ដែលកន្លងមកតែងតែជួយ​ឧបត្ថម្ភ​ដល់គាត់ ​ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិកានៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និង​ភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះនៅបានផ្តល់ប័ណ្ណសមធម៌ (ប. ស. ស)ដែលអាចឲ្យគាត់ទៅ​ពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។គួរបញ្ជាក់ផងដែរថា​ មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការ​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យ​អាណានិគម​និយមបារាំងមកម្ល៉េះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រសួងកសិកម្មបន្តបាញ់ថ្នាំកសិកម្មកម្ចាត់សត្វចង្រៃ ក្នុងស្រុកចំនួនបី នៅខេត្តព្រៃវែង

2024/07/14 02:27:44 pm        159
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យស្ថានភាពនៃការបំផ្លាញដំណាំស្រូវពីសំណាក់រុយស ដង្កូវមូរស្លឹក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ នៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាវាយតម្លៃលើការរាតត្បាត និងបំផ្លាញដំណាំស្រូវពីរុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃទាំងនោះ និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់រុយស និងដង្កូវមូរស្លឹកជូនប្រជាពលរដ្ឋដែលរងការបំផ្លាញពីពពួកសមាសភាពចង្រៃទាំងនោះ និងផ្ដល់បច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលអាចកម្ចាត់សមាសភាពចង្រៃជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ឯកឧត្តម ក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវរុយស និងដង្កូវមូរស្លឹកនៅឡើយ។ ជាក់ស្តែង បញ្ហារុយស និងដង្កូវមូរស្លឹកបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់នៅខេត្តព្រៃវែង ជាពិសេសនៅស្រុកកំពង់ត្របែក ស្រុកព្រះស្ដេច និងស្រុកបាភ្នំជាច្រើនហិកតា។ឯកឧត្តមបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវ ក្នុងការចុះពិនិត្យស្រែ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ រុយស និងដង្កូវមូរស្លឹកអាចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករមិនខាន។ឯកឧត្តម បានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស និងដង្កូវមូរស្លឹក កំពុង​បំផ្លាញ​ដំណាំស្រូវ ត្រូវរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មាន​ទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រ​នៃការ​ជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវមូរដើមនោះឱ្យទាន់ពេលវេលា។សូមបញ្ជាក់ថា ក្នុងសកម្មភាពខាងលើនេះ ក៏មានការចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អភិបាលរងខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំផងដែរ៕

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផល១០០%ហើយ

2024/07/14 02:21:42 pm        155
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ខ្សែផ្លូវផ្លូវជាតិលេខ៧១C គឺជាផ្លូវដែលមានចរាចរណ៍ដ៏រលូនមានប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០%ហើយ។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង និង​បំពេញ​ចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។ផ្លូវជាតិលេខ71C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សា​បច្ចេកទេស​ដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋ​ប្រជាមានិតចិន។ ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និង​កាលបរិច្ឆេទ​បញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។គួរបញ្ជាក់ថា ក្រុមការងារបានបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុក​ដាក់លើដំណើរ​បញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO ៖ មន្ទីរពេទ្យលីបង់អាចនឹងអស់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត
04/10/2026 06:04 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ជម្រើសយោធា សម្រាប់ច្រកសមុទ្រ Hormuz ត្រូវបានពិភាក្សាជាមួយលោក Trump
04/10/2026 06:04 PM
ក្រុមឧទ្ទាមហ៊ូធី ព្រមានពីការវាយប្រហារកើនឡើងលើអ៊ីស្រាអែល បើសិនជាជម្លោះអ៊ីរ៉ង់ ចាប់ផ្តើមឡើងវិញ
04/10/2026 06:04 PM
ហ៊ុន ចាន់ បញ្ញាបុត្រ ចៅសម្តេចតេជោ ហ៊ុន សែន និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស
04/10/2026 06:04 PM
ក្រុមឧទ្ទាម M23 និយាយថា កិច្ចចរចាថ្មីជាមួយរដ្ឋាភិបាលកុងហ្គោ នឹងត្រូវរៀបចំឡើង នៅប្រទេសស្វ៊ីស
04/10/2026 06:04 PM
ប្រធានហិរញ្ញវត្ថុនិយាយថា អ៊ីស្រាអែលនឹងពង្រីកព្រំដែនរបស់ខ្លួននៅតំបន់ហ្កាហ្សា លីបង់ និងស៊ីរី
04/10/2026 06:04 PM
WFP ព្រមានថា លីបង់កំពុងប្រឈនឹងវិបត្តិសន្តិសុខស្បៀងអាហារ ដោយសារសង្គ្រាមអ៊ីរ៉ង់
04/10/2026 06:04 PM
រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ ការបើកឡើងវិញច្រកសមុទ្រ Hormuz នឹងមិនបញ្ចប់ភាពចលាចលកលនោះទេ
04/10/2026 06:04 PM
ប៉ាគីស្ថានស្ថិតក្រោមក្រសែភ្នែក ខណៈអាមេរិក និងអ៊ីរ៉ង់ត្រៀមចរចាដោយផ្ទាល់ ដើម្បីបញ្ចប់ជម្លោះ
04/10/2026 06:04 PM
ចិននិយាយថា កូរ៉េខាងជើងសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ បើទោះបីរងសម្ពាធអាមេរិកក៏ដោយ
04/10/2026 06:04 PM