សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព

2022/08/31 12:08:58 pm        334
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែចាត់ទុកការងារ​បោស​សម្អាតមីន ​ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ឆ្នាំងអស់មីន។កិច្ចប្រជុំនេះ មានការចូលរួមពី លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ​សកម្មភាពមីន​ខេត្តកំពង់ឆ្នាំង តំណាង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ឆ្នាំង​ តំណាងអង្គភាពស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ​បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការ​អនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការ​បញ្ចប់​នូវការ​ឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា​ ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម។ឯកឧត្តម បន្តទៀតថា សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ​ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ​ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោ​សម្រាប់​សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព​ បង្កើតស្នាមញញឹម” ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្ត​គាំទ្រ​ការដឹកនាំ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ ដើម្បីបន្តរក្សាសន្តិភាព​ និងការអភិវឌ្ឍជាតិមាតុភូមិ៕ 

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្ដុំរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន

2022/08/31 09:07:24 am        1103
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការរដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់​ចេញ​វិធានការ​ដាច់ណាត់ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ចំការ​របស់​លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន​ដោយ​៖ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងប្រមូលផ្តុំ​ដោយគ្មានច្បាប់ទម្លាប់​ទាំងនោះ ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ដែលចាកចេញពី​តំបន់អង្គរ។

សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី១ បន្ថែមទៀត គឺក្រុងល្វាឯម

2022/08/31 08:45:04 am        700
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។ សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​មាន​ប្រសាសន៍​បែប​នេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ២បន្ថែមទៀតនៅរាជធានីភ្នំពេញ

2022/08/31 07:29:49 am        437
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់អ្នកវិភាគអគតិមួយចំនួន ថាតើយល់យ៉ាងណាទៀត ក្រោយឯកឧត្តម ហ៊ុន ណែត ទើបតែបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ

2022/08/31 05:29:36 am        613
ភ្នំពេញ៖ ការចោទជាសំនួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ក្រុមអ្នកវិភាគគ្មានមូលដ្ឋានមួយចំនួន ដែលតែងវិភាគខុសពីការពិត។ សម្តេចតេជោ បញ្ជាក់តាមរយៈផេកហ្វេសប៊ុក ផ្លូវការ នៅយប់ថ្ងៃទី៣០ ខែសីហានេះ ដោយភ្ជាប់ជាមួយរូបភាពឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានជំនួបជាមួយថ្នាក់ដឹកនាំការពារជាតិរបស់ឡាវនៅថ្ងៃនេះ ។សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរទាំងស្រុងថា : «ហ៊ុន ម៉ាណែតទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិងដោយប្រធានាធិបតីឡាវថែមទៀត។» សម្តេចតេជោបន្តថា «តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ដោយលើកមុនខ្ញុំមិនបានជំរាបអស់ខ្ញុំសូមជំរាបបន្ថែមថាកាលពីហ៊ុន ម៉ាណែតទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះមិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះមកទទួលហ៊ុន ម៉ាណែតពីកម្ពុជាទៅជប៉ុននិងជូនពីជប៉ុនមកដល់កម្ពុជាវិញព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។ តើអ្នកវិភាគមានយោបល់យ៉ាងណាដែរព្រោះខ្ញុំចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេតែជាការចង់យល់តែប៉ុណ្ណោះ៕»

ស្ពានអាកាស«ក្បាលថ្នល់» ប្រើរយៈពេលសាងសង់៣ឆ្នាំ និងចំណាយថវិកាជាង៣៦លានដុល្លារ

2022/08/30 03:00:21 pm        2247
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែសីហានេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ គ្រោង​នឹងចំណាយថវិកា​សាងសង់ចំនួន ៣៦.៧៧៥.០០០ដុល្លាអាម៉េរិក និងប្រើរយៈពេលសាងសង់ ៣៦ខែ។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានី​ភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖១. ផ្លូវថ្នល់ផ្ទាល់ដីៈមានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។១.១ រង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)– កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍– គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)– កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១១.២ ផ្លូវថ្នល់ផ្ទាល់ដី តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។២. ស្ពានអាកាសជាន់ទី១ :ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ២.១ ស្ពានអាកាសរង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)– កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍– គន្លងចរាចរណ៍ មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)– កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២២.២ ស្ពានអាកាសខ្នែង A ឆ្ពោះទៅស្ពានព្រះមុនីវវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស– គន្លងចរាចរណ៍ : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងគន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)២.៣ ស្ពានអាកាសខ្នែង B វិថីកងយោធពលខេមរភូមិន្ទ (មានប្រែវង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)២.៤ ស្ពានអាកាសខ្នែង C មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)២.៥ ស្ពានអាកាសខ្នែង D មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)២.៦ ស្ពានអាកាសខ្នែង E មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។២.៧ ស្ពានអាកាសខ្នែង F មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន– គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)។៣. ស្ពានអាកាសជាន់ទី២ : (មានប្រវែង ១,២០០ម៉ែត្រ x ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ)– ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន– គន្លងចរាចរណ៍ : ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)• ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ• សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១.៥០ម៉ែត្រ• ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ• ជម្រាលទទឹងស្ពាន: ២%• ជម្រាលបណ្តោយស្ពាន: ៥%• បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ• ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង• ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន• កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ• អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ• ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក• រៀបចំប្រព័ន្ធបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួចចិញ្ចើមផ្លូវអមសងខាង• បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន• រៀបចំសួនច្បារ៕

ពលរដ្ឋរំពឹងថា បន្ទាប់ពីមានស្ពានអាកាសថ្មីពីរទៀត នឹងកាន់តែជួយសម្រួលដល់ការធ្វើចរាចរ

2022/08/30 01:48:21 pm        1785
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទុះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ខណៈយានយន្តគ្រប់ប្រភេទ​មាន​កំណើនជារៀងរាល់ថ្ងៃ រាជរដ្ឋាភិបាលកម្ពុជាសម្រេចសាងសង់ស្ពានអាកាសថ្មី​ចំនួនពីរ បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។តាមការគ្រោងទុក នៅថ្ងៃទី៣១ខែសីហាស្អែកនេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា ​នឹង​អញ្ជើញ​ចូលរួមជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់​ស្ពាន​អាកាសថ្មីចំនួនពីរទៀតក្នុងរាជធានីភ្នំពេញ។ ស្ពានទាំងពីរនោះរួមមាន៖ទី១.ស្ពានអាកាសត្រង់​ចំណុច​ស្តុបច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន ​មហាវិថីព្រះមុនី្នវង្ស និងផ្លូវលេខ ២៧១ និងទី២.ស្ពានអាកាសនៅទីតាំងស្តុបស៊ិនជូរីប្លាស្សា ប្រសព្វ​រវាង​មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវលេខ ២០០៤ និងផ្លូវលេខ២០១១។ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែសីហានេះ ​បានប្រាប់BTVឲ្យដឹងថា ការសាងសង់​ស្ពានអាកាស​ពីបន្ថែមទៀតនេះ ​បាន​ជួយសម្រួលការស្ទុះចរាចរណ៍ កាត់បន្ថយការចំណាយ​មួយ ផ្នែក​ទៅលើ​ប្រេងឥន្ធនៈ និងការធ្វើដំណើរមានសុវត្ថិភាពជាដើម។ ក្រៅពីនេះ ​ពួកកាត់បានបង្ហាញក្តីសប្បាយចិត្ត ​និង​អគុណដល់​សម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋ​មន្រ្តី​កម្ពុជា ដែលបាន​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗ។បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ​ក្នុងនោះ​មាន​៦សាងសង់​រួចរាល់ និង១មួយទៀត​កំពុងសាងសង់។ ទីតាំងស្ពានទាំងអស់នោះរួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ​ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា​ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាសចោមចៅ ​និងស្ពានអាកាសកាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ កំពុង​ស្ថាបនា​សាងសង់៕អត្ថបទ៖ទូច សោភ័ណ

គណបក្សឯកភាពជាតិខ្មែរ អំពាវនាវដល់ជនរួមជាតិកុំចាញ់បោក ការឃោសនា​រឿងអបិយជំនឿពីបុគ្គលម្នាក់

2022/08/30 11:55:58 am        476
គណបក្សឯកភាពជាតិខ្មែរ បានចេញសេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ដល់​ជន​រួម​ជាតិ​កុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែល​យក​អបិយ​ជំនឿ​គ្មាន​ហេតុ​ផល​មកបោកប្រាស់ ខណៈការឃោសនា​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រយោជន៍​របស់​បង​ប្អូន ជាពិសេសបងប្អូនពលករដែលធ្វើការនៅក្រៅប្រទេសនោះ។យោងតាមលិខិតរបស់គណបក្សឯកភាពជាតិខ្មែរ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២នេះ បានលើកឡើងថា ដោយមើលឃើញនូវហេតុការណ៍ ដែល​កំពុង​កើត​ឡើង​យ៉ាង​ច្របូកច្របល់លើជំនឿមិនសមហេតុផល ដែលប៉ះពាល់ដល់សាសនា, ជីវភាព និង​សុខ​សន្តិភាព​ដល់​ប្រជាពលរដ្ឋផងនោះ គណបក្សឯកភាពជាតិខ្មែរ សូមលើកយក​នូវ​អំណះ​អំណាង​ដ៏​ជាក់​លាក់​បំផុតមកបំភ្លឺដល់បងប្អូនខ្មែរទូទាំងពិភពលោកឲ្យបានជ្រាបថា អង្គការNASA គឺ​ពុំ​បាន​ធ្វើ​សេចក្តីថ្លែងប្រកាសអាសន្នថាមានទឹកជំនន់លិចពិភពលោកក្នុងពេលឆាប់ៗនេះឡើយ។ យោង​តាម​សាសនាធំៗទាំងអស់ ក៏មិនទាន់​មាន​មេ​សាសនា​ណាមួយ​ចេញ​មក​ប្រកាស​អាសន្ន​អំពី​បញ្ហា​ទឹកជំនន់​លិចសកលោកនេះឡើយ។ ជាពិសេស បើយោងតាមសាសនាព្រះពុទ្ធ ក្នុងសុតន្តបិដក ក៏ពុំមានចែងថាមានទឹកជំនន់ និងភ្លើងឆេះកាលក្នុងពេលនេះដែរ។ សេចក្តីថ្លែងការណ៍របស់គណបក្សនេះដដែល បានលើកឡើងទៀតថា ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា ក្នុងភទ្ទកប្បនៃផែនដីនេះ គឺមានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ។ ប៉ុន្តែពេលនេះ ទើប​តែ​ត្រាស់​បាន​៤ព្រះអង្គទេ នៅសល់ព្រះសិអារ្យមេត្រីដែលនឹងត្រូវត្រាស់ដឹងក្នុងលោកទៀត ដូច្នេះ​មិន​ដឹង​ជា​នៅ​ប៉ុន្មានពាន់លានកោដ្ឋិឆ្នាំទៀតទេ ទម្រាំដល់កាលដែលផែនដីនេះត្រូវរលាយ។ យោង​តាមភូមិវិទ្យា ភូមិសាស្ត្រប្រទេសកម្ពុជាស្ថិតនៅតំបន់ទំនាបមានរាងដូចបាតខ្ទះ ដូច្នេះ បើ​សិន​ជា​មានការជន់លិចមែន គឺប្រទេសកម្ពុជាទាំងមូលត្រូវជន់លិចមុនគេ មិនមែន​ខេត្ត​សៀមរាប​មានកម្ពស់ខ្ពស់ជាងភ្នំ EVEREST នោះទេ។ នៅពេលអាយុកាលផែនដីត្រូវអស់ គឺពុំ​មាន​ទី​ណាមួ​យ​នៅ​សេសសល់ឡើយ។តាមរយៈ​សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា គណបក្សឯកភាពជាតិខ្មែរ សូមបំភ្លឺដល់​ពលរដ្ឋ​ខ្មែរ​ទូទាំងសកលោកថា នឹងពុំមានទឹកជំនន់លិច ឬភ្លើងឆេះ​កាល​ដល់​ថ្នាក់​រលាយ​ផែន​ដី​នេះ​ឡើ​យ។ អ្វីដែលយើងទាំងអស់គ្នាត្រូវព្រួយបារម្ភនោះ គឺបញ្ហារោគរាតត្បាត និងសង្គ្រាម​រវាង​មហា​អំណាច ដែលមានការប៉ះពាល់ធ្ងន់ដល់សេដ្ឋកិច្ចដល់យើងម្នាក់ៗ និងទូទាំងពិភពលោក។ បើ​មាន​បុគ្គលណាមួយ ចេញមុខប្រកាសអាសន្នថា នឹង​មាន​គ្រោះ​មហន្ត​រាយ​ដល់​ភព​ផែន​ដី​ដូច​បាន​ពណ៌នាខាងលើនេះ គឺជាទង្វើនាំមកនូវចលាចល ប៉ះពាល់ដល់ទំនៀមទម្លាប់ ជំនឿ​សាសនា​។ ជាពិសេស គឺប៉ះពាល់ដល់សន្តិសុខសង្គម និង​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ដែល​រត់​ចោល​ផ្ទះ​សម្បែង ឈប់បម្រើការងារ ព្រោះតែការឃោសនាអកុសលបែបអបិយជំនឿគ្មានមូលដ្ឋាន និង​​ហេតុ​ផលច្បាស់លាស់នេះ។ «អាស្រ័យហេតុនេះ គណបក្សឯកភាពជាតិខ្មែរ សូម​អំពាវ​នាវ​ដល់​ជន​រួម​ជាតិទាំងអស់ មេត្តាកុំភិតភ័យ និងកុំចាញ់បោកការឃោសនាពីសំណាក់បុគ្គលណាម្នាក់ ដែល​យក​អបិយជំនឿគ្មានហេតុផលមកបោកប្រាស់ បង្កភាពវឹកវរ និងការតក់​ស្លុត​បែប​នេះ​ឡើយ​»។ ជា​មួយគ្នានេះដែរ គណបក្សឯកភាពជាតិខ្មែរ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែល​មាន​គំនិត​ទុច្ចរិត​ ដើម្បី​បាន​ផល​ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជៀ​ស​វាង​ការ​កើត​មាន​បញ្ហា​បែប​នេះ​ក្នុង​សង្គម​តទៅ​ទៀត​ផង​ដែរ​៕​ អត្ថបទ៖ បាន ចក់

សមាជិកសភាអាមេរិកថ្លែងសរសើរសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូនាំមកនូវសុខសន្តិភាពជូនពលរដ្ឋកម្ពុជា

2022/08/29 11:06:37 am        684
ភ្នំពេញ៖ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។លោកជំទាវ អេលីហ្សាបេត វេន ដាញ សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់បានលើកឡើងយ៉ាងដូច្នេះ ខណៈលោកជំទាវ និងគណ:ប្រតិភូត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ជាមួយនឹងការថ្លែងសរសើរដោយស្មោះចំពោះការដឹកនាំរបស់សម្តេចតេជោ លោកជំទាវ ក៏បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចរបស់ប្រតិភូនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។ជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនលោកជំទាវព្រមទាំងប្រតិភូទាំងមូលអំពីប្រវត្តិរបស់កម្ពុជាក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ហើយសម្ដេចក៏បានឯកភាពជាមួយលោកជំទាវអាលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ ក្តាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង៕

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តកំពត នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2022/08/29 10:53:41 am        472
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពតអស់មីន។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក នៃ គង់ អភិបាលរងខេត្ត តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត លោក អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (CMAC) មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក/ក្រុង និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) ក្នុងខេត្តចំនួន៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។ ដោយឡែក ដើម្បីប្រកាសខេត្តកំពតអស់មីន នឹងត្រូវបោសសម្អាតមីន ក្នុងទំហំផ្ទៃដីមានមីន ១០.៩៩៧.២១៤ ម៉ែត្រក្រឡា (ប្រមាណជា ១១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២១ ចម្ការមីន ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីចក្ខុវិស័យ និងការបង្កើតចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងការបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជា ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព និងទទួលបានស្នាមញញឹមគ្រប់ៗគ្នា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ត្រូវបន្តការគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងកំទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា។ឯកឧត្តមបន្តលើកឡើងថា ការងារបោសសម្អាតមីន គឹជាការងារត្រូវការពេលវេលាច្រើន និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជម្រុញឲ្យដំណើរការនៃការបោសសម្អាតមីន ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលជាមួយសហគមន៍ផ្តល់ជំនួយ និងប្រទេសជាមិត្ត ដើម្បីជម្រុញឲ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីននៅកម្ពុជា និងមានភារកិច្ចរៀបចំគោលនយោបាយ និងផែនការអាទិភាព ឆ្ពោះទៅរកកម្ពុជាអស់មីននៅឆ្នាំ២០២៥ ហើយដើម្បីឲ្យកម្ពុជាអស់មីន កម្ពុជាត្រូវការជាចាំបាច់នូវថវិកាគាំទ្រ សម្ភារៈ និងធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន រយៈពេល៣០ឆ្នាំមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM