សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខរាជរដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ស្ពានអាកាសនៅត្រង់ច្រមុះជ្រូកក្បាលថ្នល់ និងសាងសង់ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤

2022/08/29 09:59:00 am        613
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាសនៅត្រង់ច្រមុះជ្រូកក្បាលថ្នល់រាជធានីភ្នំពេញ(ប្រសព្វមហាវិថីសម្តេចតេជោ-៦០ម៉ែត្រ,មហាវិថីព្រះមុនីវង្ស និងវិថីខេមរភូមិន្ទ-២៧១) និងសាងសង់ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន នឹងចែកជូនដោយឥតគិតថ្លៃ

2022/08/29 09:13:25 am        1196
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការផ្ទាល់ បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ ។ដោយសៀវភៅនេះ និពន្ធដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់។ការប្រកាសផ្តល់ជូនសៀវភៅ«កូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេន»ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានការសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ដែលចង់អាននូវសៀវភៅនេះ។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » លោកបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់លោក ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅ ជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន»។ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ ឬ តាមហ្វេសប៊ុក ផេក Hun Manet - C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/)ជាដើម។  ឯកឧត្តម ឆាយ សុផល បានថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា​ សៀវភៅថ្មីនេះ ផ្តោតលើប្រវត្តិជីវិត និងការងាររបស់លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី ត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់រួចរាល់នៅពាក់កណ្តាលខែសីហានេះ។ឯកឧត្តម បន្តថាសៀវភៅថ្មី «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន- ហ៊ុន ម៉ាណែត» មិនត្រឹមតែផ្តោតលើប្រវត្តិសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមផងដែរ ។ក្រោយបោះពុម្ពរួច ឯកឧត្តម ឆាយ សុផល នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ បានគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នូវសៀវភៅដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ចំនួន១.០០០ច្បាប់ សម្រាប់សម្តេច ទុកចែក តាមតម្រូវការ។  ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឆាយ សុផល ក៏បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ឱកាសឱ្យលោកបានចងក្រងសៀវភៅនេះឡើង ហើយថា បើទោះជា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មមាញឹកយ៉ាងណាក៏ដោយនាពេលកន្លងមក ក៏សម្តេចបានឆ្លៀតពេលវេលាដ៏មានតម្លៃផ្តល់ព័ត៌មានផ្សេងៗទាក់ទិននឹងលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យសៀវភៅនេះមានខ្លឹមសារកាន់តែរស់រវើក និងមានលក្ខណៈជាប្រវត្តិសាស្រ្តនៃមនុស្សជាតិ។ទន្ទឹមនឹងនោះ អ្នកនិពន្ធ ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ ដែលបានចំណាយពេលដ៏មានតម្លៃឆ្លៀតប្រាប់ព័ត៌មានមួយចំនួនទាក់ទិននឹងលោកផ្ទាល់ក៏ដូចជាទស្សនវិស័យនាពេលអនាគត៕(ដោយ៖ បាន​ ចក់)

កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

2022/08/27 03:23:06 pm        741
ភ្នំពេញ៖ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា បង្កើតស្ដង់ដាររួមមួយ (SOP) ដើម្បីទប់ស្កាត់ បង្ក្រាបអំពើជួញ ដូរមនុស្សបន្ថែមពីលើការធ្វើ​បត្យាប័ណ្ណ​ និងកិច្ចសហការអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ។ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំជាមួយ​ភាគី​ថៃ ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពី ​នីតិវិធីច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ​ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ចព្រមព្រៀម​កិច្ចសហប្រតិបត្តិនេះមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សរវាង​ប្រទេស​ទាំងពីរ ដោយនីតិវិធី ​អនុវត្តការងារបទល្មើសជួញដូរមនុស្សនេះ ប្រទេសទាំងពីរអនុវត្ត​ខុសគ្នាខ្លះ ​ដូចនេះ ទើបកម្ពុជា-ថៃ ​រួមគ្នាបង្កើតស្ដង់ដារតែមួយ ដើម្បីអនុវត្តនេះ ឲ្យកាន់​តែមានប្រសិទ្ធភាព ។លោកជំទាវ បានបន្តថា ប្រទេសទាំងពីរ នឹងបង្កើតមជ្ឈមណ្ឌលមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ធ្វើការរួមគ្នា ​ខណៈភាគីកម្ពុជាបានរៀបចំយន្តការ​ តាមកាគ្រោងទុករួច ហើយភាគីថៃ សូម​ពន្យាពេលដល់ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំយន្តការរបស់ខ្លួន ​ដែលបន្ទាប់ពីនោះមក ប្រទេសទាំងពីរ​នឹងចែករំលែកនូវបទពិសោធន៍ នីតិវិធី វិស័យច្បាប់​ ដើម្បីដាក់បញ្ចូលគ្នា ។ នៅខែវិច្ឆិកាចុងឆ្នាំនេះ ភាគីទាំងពីរគ្រោងរៀបចំសិក្ខាសាលារួមគ្នា ​ហើយមន្ត្រីជំនាញ នឹង​ស្នើសុំគោលកាណ៍ពីរប្រមុខរាជរដ្ឋាភិបាល ​ដោយពេលសិក្ខាសាលាទ្វេភាគីនោះ នឹងមានការដាក់​បញ្ចូលទៅជាបទដ្ឋាន ឬនីតិវិធីប្រតិបត្តិមួយ ដែលមានលក្ខណៈជាស្ដង់ដារ ​បើមិនធ្វើបែបនេះទេ គឺប្រព្រឹត្តិទៅមិនលូន ។លោកជំទាវ ជូន ប៊ុនអេង បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលើកដំបូងហើយ សម្រាប់​ប្រទេសក្នុងតំបន់ ហើយសង្ឃឹមថា ​វានឹងក្លាយជាគំរូមួយ ​សម្រាប់ប្រទេសសមាជិក ​អាស៊ាន ដើម្បីធ្វើការរួមគ្នា ​ឲ្យកាន់តែជិតស្និទ្ធ ​លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។គួរបញ្ជាក់ថា ​កម្ពុជាតែងមានករណីអំពើជួញដូរមនុស្ស ​តាមលក្ខណៈពួកមេខ្យល់នាំពលករខ្មែរ លួចឆ្លង​ដែនដោយខុសច្បាប់ ទៅប្រទេសថៃ ​ដើម្បីរកការងារធ្វើ ​ហើយអាជ្ញាធរតាមព្រំដែន ក៏បានទប់ស្កាត់ ​និងបង្ក្រាបពួកមេខ្យល់ រួមទាំងកសាងនីតិវិធីបញ្ជូនទៅតុលាការផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកដែលមានតម្លៃសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា

2022/08/27 07:55:36 am        857
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបមួយសន្លឹក បង្ហាញពីកាយវិកាយដ៏គួរអោយចាប់​អារម្មណ៍​រវាងសម្តេចជាមួយនឹងសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ សម្តេច​តេជោ ​បានរំលឹកពីប្រវត្តិនៃរូបថតនេះ នៅឆ្នាំ១៩៩១នៅប្រទេសឥណ្ឌូណេស៊ី ជា​ជំនួប​សំងាត់ ដែល​ជំរុញ​ការស្វែងរកដំណោះ​ស្រាយ​នយោបាយ​នៅក​ម្ពុជា។សម្តេចតេជោ បានបញ្ជាក់ ក្នុងសំណេរទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះមាន​តម្លៃខ្លាំង​ណាស់​ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។ ជំនួបសម្ងាត់រវាងសម្តេចឪជាមួយខ្ញុំនៅ ហ្សាកាតាថ្ងៃទី២ និងថ្ងៃទី៤ មិថុនា ១៩៩១ ដែល​បាន​ព្រមព្រៀង​គ្នា​ជា​សម្ងាត់​បាន​នាំ​មក​នៅ​ការ​ជំរុញ​ល្បឿន នៃកា​រ​ស្វែងដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំ​នឹង​ជំរាប​ជូនអំពី​ការ​ព្រមព្រៀង​ជា​សម្ងាត់​​នោះ​នៅ​ពេល​វេលា​សមស្រប៕»សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី​តែងតែ​បង្ហោះ​រូបភាព​ពី​អតីតកាល​មួយ​ចំនួន​តាម​ផេក​ផ្លូវការ ដោយសារ​រូប​មួយចំនួនក៏មានពលរដ្ឋផ្ញើតាមបណ្តាញសង្គមជូនសម្តេចផងដែរ៕

សភាកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ និងគោលនយោបាយចិនតែមួយ

2022/08/26 01:21:36 pm        569
ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ចំពោះមុខ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន រដ្ឋសភាកម្ពុជានូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងគោលនយោបាយចិនតែមួយ ។នៅក្នុងកិច្ចជំនួបតាមរយៈប្រព័ន្ធសិប្បនិម្មិត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជាម យៀប បានលើកឡើងអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលការណ៍ចិន តែមួយ” និង “ គោលនយោបាយចិនតែមួយ។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ​ដែល​មហាមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ចំនួន៤២លានដូស ដល់កម្ពុជាហើយបានក្លាយជាប្រទេសដែលផ្គត់ផ្គង់​វ៉ាក់សាំងដ៏សំខាន់បំផុត និង​មាន​សុវត្ថិភាពបំផុតនៅកម្ពុជានោះ។នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ជាម យៀប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្សកម្មុយនីស្តចិន ​និងប្រជាជនចិន ​ដែលបានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ននេះផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម វ៉ង ឈិន ក៏បានបានមានប្រសាសន៍លើកឡើងពីចំណង​មិត្តភាព​ដ៏ល្អប្រពៃ​ដែលត្រូវបានកសាងឡើង ​តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូតមក​ដល់​ថ្នាក់ដឹកនាំបច្ចុប្បន្ន ​នៃប្រទេសទាំងពីរកម្ពុជា-ចិន និងថាភាគីទាំងពីរអាចជំរុញការអនុវត្ត​ផែនការ​ខ្សែក្រវ៉ាត់ ​និងផ្លូវ ការធ្វើទំនើបកម្ម ​សេដ្ឋកិច្ចឌីជីថល ​ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់​បទ​ពិសោធន៍ក្នុងការផលិតវ៉ាក់សាំងដល់ភាគីកម្ពុជា។ ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បានលើកឡើងដែរថា​ ប្រទេសទាំងពីរកម្ពុជា-ចិន ពិតជាសហគមន៍ដែល​មានជោគវាសនារួម។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តចំពោះកម្ពុជា ​ដែលបានប្រកាន់ជំហរមុតមាំ គាំទ្រ​ប្រទេសចិន​នៅក្នុងការរក្សាបូរណភាពដែនដីរបស់ខ្លួនផងដែរ។ឯកឧត្តម វ៉ង ឈិន បានមានប្រសាសន៍ទៀតថា កម្ពុជាបានបើកចំហរកាន់តែទូលំទូលាយក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការផ្លាស់ប្តូរបទពិសោធន៍ ​ដើម្បីសម្រេចបានទំនើបកម្ម ផលិតកម្ម​នៃ​ប្រទេសរបស់ខ្លួន​ ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការនាំកម្ពុជា​អោយ​ឆ្ពោះទៅជាប្រទេសចំណូលមធ្យមឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០៕ អត្ថបទ៖ បាន ចក់

សម្តេចក្រឡាហោម ស ខេង បន្តដឹកនាំកិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

2022/08/26 12:39:18 pm        597
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ​ជួញដូរពលកម្ម​ និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ​ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ​ឯកឧត្តមនាយឧត្តមសេនីយ៍ ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាដើម៕

នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្នើភាគីថៃធ្វើកាតជូនពលរដ្ឋខ្មែរ ចូលផ្សាររ៉ុងក្លឿចេញព្រឹកចូលវិញល្ងាចដូចកាលពីមុនកូវីដ

2022/08/26 11:33:00 am        727
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ក្នុងជំនួបពង្រឹងកិច្ចសហការល្អជាមួយមេប៉ុស្តិ៍ខាងភាគីថៃ បាន​ស្នើសុំឱ្យខាងថៃ​ធ្វើកាតជូនពលរដ្ឋក្រុងប៉ោយប៉ែត បានប្រើប្រាស់ឆ្លងដែលចូលទៅផ្សាររ៉ុងក្លឿ ចេញព្រឹកចូលវិញ​ល្ងាច​ដូចកាលពីមុនកូវីដ។ ការស្នើជាលើកទីបួននេះ នៅតែមិនទាន់បាន​ដោយភាគីថៃ​នៅតែថា​ចាំឆ្លងថ្នាក់លើ។ កិច្ចពិភាក្សាលើកទីបួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ រវាងលោកនាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្នាក់ការប៉ុស្តិ៍​នគរបាលអន្តោរប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ។ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ទោះជាការស្នើលើការអោយពលរដ្ឋខ្មែរ​ប្រើកាត​ចេញចូលនៅមិនទាន់បាន​លទ្ធផល​ក៏​ដោយ​ក៏​ការជួបគ្នានេះ​បានធ្វើអោយការ​ពង្រឹង​នៅកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត រវាងភាគីទាំងពីរក្នុងការទប់ស្កាត់បទល្មើសនានា និង​បានជួយសម្រួលដល់ភ្ញៀវជាតិអន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋ ​និងអាជីវករ ​ឲ្យបានឆាប់រហ័ស ហើយផ្តល់ភាពងាយស្រួលដល់ការចេញចូលដល់ពួកគាត់កុំឲ្យមានកកស្ទះ។លោកបញ្ជាក់បន្ថែមចំពោះសំណើរនេះ ខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត សម្រេចយ៉ាងណានោះខាងថៃ និងជម្រាបជូនដំណឹងនៅពេលក្រោយ៕ អត្ថបទ៖ សាវី 

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតអនុស្សាវរីយ៍ទាក់ទង ដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា

2022/08/26 08:57:37 am        602
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​បង្ហាញ​រូប​ថត​អនុស្សាវរីយ៍​ទាក់​ទង​ដល់​ប្រវត្តិ​ស្វែងរកសន្តិភាព សម្រាប់កម្ពុជា អំឡុងឆ្នាំ១៩៩១។ សម្តេច​តេជោ ហ៊ុន សែន បានសរសេរបណ្តាញសង្គម Facebook ផ្លូវការសម្តេចនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះថា “សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឲ្យខ្ញុំ តាមរយៈ messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិន ដែល​បាន​ឃើញ​ពី​មុន​មិន​ដឹង​ថា​ថត​នៅពេ​លណា នៅទីណា​​និង​អ្នក​ណា​ជា​អ្នក​ថត?។​ លើក​នេះ​មាន​រូប​ថត​៤​សន្លឹក​ដែល​ខ្ញុំគិត​ថា​ ថត​ក្នុងពេលតែ​មួយដោយ​សំគាល់​ទៅ​លើអាវ ក្រវ៉ាត់ក និង​ផ្លាក​សញ្ញា​ សម្រាប់​ចូល​ប្រជុំ​តែ​អ្វី​ដែល​មិន​ច្បាស់ គឺ​កន្លែង​ និង​ពេល​វេលា។ខ្ញុំ​សង្ស័យ​ ៥កន្លែង ឬ ៥ប្រទេស គឺ៖១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីលក១៩៨៨.១៩៨៩និងការប្រជុំរៀបចំសមាសភាព SNC1991 នៅ​ឥណ្ឌូណេស៊ី។២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩នៅប្រទេសបារាំង។៣.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន១៩៩០។៤.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។៥.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន១៩៩១។សម្តេចតេជោ ហ៊ន សែន បញ្ជាក់ថា “ខ្ញុំ​សូម​អំពាវ​នាវ​បង​ប្អូន​ដែល​បាន​ដឹង​ប្រភព​រូប​ថត​នេះ​ជួយ​ប្រាប់​ព្រោះ​រូបថតទាំងនេះ ទាក់ទង​ដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា”៕

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួបពិភក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា

2022/08/25 04:56:52 pm        643
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងវៀតណាមថាជាចំណុចកំពូល ដែលត្រូវដើរឆ្ពោះទៅមុខសម្រាប់​ការ​អភិវឌ្ឍប្រទេសជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថិរភាពនយោបាយ ការលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ គឺជាគោលដៅចម្បងក្នុងគោលនយោបាយជាតិដែលត្រូវរួមគ្នាអនុវត្ត។ឯកឧត្ដមបានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសគឺការចាក់ស្រោចវ៉ាក់សាំង​លើ​ប្រជាជនទូទាំងប្រទេសការព្យាបាល និងការអនុវត្តវិធានការសុខាភិបាលនានា រហូតអាចមាន​លទ្ធភាព​បើកដំណើរការឡើងវិញលើគ្រប់វិស័យ។ឯកឧត្ដម បានលើកឡើងអំពីលទ្ធផលការងារដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លី នៅទូទាំង ប្រទេស។ បានលើកឡើងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា កន្លងមកនេះដែលគណបក្សប្រជាជនកម្ពុជា​ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។ឯកឧត្ដម ជា សុផារ៉ា បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ចំណងមិត្តភាព​ សាមគ្គីភាព​ កិច្ចសហប្រតិបត្តិការ​រវាងក្រសួងរៀបចំដែនដី ​ក៏ដូចជារវាងកម្ពុជា ​ជាមួយវៀតណាម នឹងកាន់តែស្អិតរមួត ​និងចាក់គ្រឹះ យ៉ាងរឹងមាំថែមទៀត ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញការសាទរចំពោះ​សមិទ្ធផល​ទាំងឡាយ ​ដែលប្រជាជន និង រាជ​រដ្ឋាភិបាលកម្ពុជា​សម្រេចបាន ​ដែលសមិទ្ធផល​ទាំងនេះ ​ក៏មានការរួមចំណែកប្រកបដោយការខិតខំ ប្រឹងប្រែងពីក្រសួងរៀបចំដែនដី​ ក្នុងការងារចុះបញ្ជីដីធ្លី ដើម្បីផ្តល់​សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូន​ប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូត សង្ឃឹមថា ក្រសួងនានា នៃប្រទេសវៀតណាម ​និងក្រសួងជាដៃគូនៅក្នុងប្រទេស កម្ពុជា ​នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតបន្ថែមទៀត ​ដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍ​ប្រទេសជាតិ។ ការអភិវឌ្ឍរបស់ប្រទេសវៀតណាម​នា​ពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់​ចេញ​ពីការ​ជួយឧបត្ថម្ភគាំទ្រ​របស់ប្រជាជន​ និងរាជរដ្ឋាភិបាលកម្ពុជាបានឡើយ។ឯកអគ្គរដ្ឋទូត ប្ដេជ្ញា ​នឹងធ្វើជាស្ពានចម្លងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ​រវាងក្រសួងរៀបចំ​ដែនដី​កម្ពុជា ​ជាមួយនឹងក្រសួងរបស់វៀតណាម ​ហើយសង្ឃឹមថា ​ភាគីកម្ពុជា​ នឹងបន្តជំរុញការងារនេះ ដើម្បី ​ទទួលបានជោគជ័យ​លើភារកិច្ចការងារ៕ អត្ថបទ៖ យន់ វ៉ាន់

ក្រសួងយុត្តិធម៌ នឹងជំរុញឱ្យមានតុលាការជំនាញ ដើម្បីជាផ្នែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

2022/08/25 01:02:33 pm        568
ភ្នំពេញ៖ ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងជំរុញឱ្យមានតុលាការជំនាញ ដើម្បីជាផ្នែកកាត់បន្ថយភាពចង្អៀតណែនកក្នុងពន្ធនាគារ។ក្រោយជំនួបរវាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ​លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់​អង្គការសហប្រជាជាតិ (UNHCR) ប្រចាំកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងជំនួបដោយផ្ទាល់​នាពេលនេះ ត្រូវបានផ្តោតសំខាន់ទៅលើបញ្ហាចំនួនពីរ​ រួមមាន ទី១ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ដែលផ្តោតទៅការកែទម្រង់ច្បាប់នៃគោលនយោបាយនានា​ពាក់ព័ន្ធ​នឹងវិស័យ​យុត្តិធម៌​និងទី២ ភាពចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។ពាក់ព័ន្ធ​នឹង​ភាពចង្អៀតណែនក្នុង​ពន្ធនាគារ​ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កត្តានាំឱ្យ​មាន​ភាពចង្អៀតណែនក្នុង​ពន្ធនាគារ​ ដោយ​សាររាជរដ្ឋាភិបាលបាន​អនុវត្តយុទ្ធនាការទប់ស្កាត់ និង​បង្រ្កាបគ្រឿងញៀន និងយុទ្ធនាការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូត​មានការចាប់ខ្លួន និងបញ្ជូនជនសង្ស័យទៅពន្ធនាគារជាបន្តបន្ទាប់។ ចំពោះទិសដៅកំណែទម្រង់ដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌ នឹង​រៀបចំឱ្យមានតុលាការជំនាញ ដើម្បីដោះស្រាយទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូចជាតុលាការពាណិជ្ជកម្ម ឬតុលាការការងារជាដើម។ ផ្អែកតាមយុទ្ធនាការដោះស្រាយសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្ត ដែលបានបិទបញ្ចប់​កាលពីឆ្នាំ២០២១កន្លងទៅ ការដោះស្រាយការកកស្ទះសំណុំរឿង ​នៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១, តាមរយៈយុទ្ធនាការនេះសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស ​បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់​កាល​អយ្យការ​ទាំងដំណាក់កាលស៊ើបសួរ ​និងទាំងដំណាក់កាលជំនុំជម្រះ ​មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង៕ អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM