សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

តួកគី នឹងបើកការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការលើគ្រប់វិស័យ

2022/08/25 12:35:05 pm        459
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុល គី ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំប្រទេសកម្ពុជាចូលជួបសំដែងការគួរសម។ក្នុងជំនួបនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៥សីហា លោកជំទាវបានគោរព​ពាំនាំនូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខអំពីឯកឧត្តមប្រធានាធិបតី តួកគី ជូនចំពោះសម្ដេចតេជោ ហើយប្ដេជ្ញាថា បេសកកម្ម​របស់​លោកជំទាវនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង។ លោកជំទាវបានបញ្ជាក់ថាការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុង​ក្រប​ខ័ណ្ឌ​តំបន់​ និង​ក្នុង​ក្រប​ខ័ណ្ឌ​ពិភព​លោក។ លោកជំទាវបានបន្តថាប្រទេសទាំងពីរកម្ពុជា តួកគី នៅមាន​សក្កានុពល​ច្រើន​សម្រាប់​ធ្វើកិច្ច​សហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខារួចហើយ។ លោកជំទាវនឹង ធ្វើការ ទាញយកសក្កានុពល​ទាំង​នោះ​ជា​មួយ​នឹង​ការ​ជំរុ​ញ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះហត្ថលេខារួចហើយ ជាមូលដ្ឋានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នេះបើតាមការឱ្យដឹង ពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ អ៊ុល គីដែល​ត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ តួកគី ប្រចាំ​នៅ​កម្ពុជា​ហើយសម្ដេចក៏បានថ្លែង អំណរគុណជូនចំពោះលោកជំទាវផងដែរ ដែល​បាន​ពាំនាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​អំពី​ឯកឧត្តម​ប្រធានាធិបតី​ជូន​ចំពោះ​សម្ដេច​ហើយសម្ដេច​តេជោ​បាន​យល់​ស្រប​ជា​មួយ​លោក​ជំទាវ​ អ៊ុលគី ដែលថាប្រទេសទាំងពីរកម្ពុជា តួកគី នៅមាន​សក្កានុពល​ជា​ច្រើន​សម្រាប់​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ។​ សម្ដេច​បាន​ស្វាគមន៍​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួកគី​ហើយ​សង្ឃឹមថា​ ការិយាល័យពាណិជ្ជកម្មនឹងធ្វើការសិក្សាស្វែងយល់រកកិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​វិស័យ​ដទៃ​ទៀត៕

អ្នករាយការណ៍ពិសេសរបស់ UN កោតសសើរការគ្រប់គ្រងមណ្ឌលជនវិបល្លាសស្មារតីនៅកម្ពុជា

2022/08/25 12:32:01 pm        590
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​នៅ​កម្ពុជា គឺលោក វិទិត មុនតាប៊ន បានកោតសសើរចំពោះការគ្រប់គ្រង នៅទីតាំងមណ្ឌលថែទាំ និង​ស្តារនីតិសម្បទា ជនវិបល្លាសស្មារតី របស់កម្ពុជាថា មានភាពល្អប្រសើរ។ ការកោតសសើរនេះ ​ធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រោយពេល​ដែលលោកបានចុះទៅពិនិត្យនៅទីតាំងមណ្ឌលដោយផ្ទាល់។លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។ ក្នុងជំនួបនោះ លោក វិទិត មុនតាប៊ន បានកោតសសើរចំពោះក្រសួង​សង្គមកិច្ច ក្នុងការគ្រប់គ្រង​ដំណើរការមណ្ឌលថែទាំ​ និងស្តារនីតិសម្បទា ​ជនវិបល្លាសស្មារតី ​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​បានយ៉ាងល្អប្រសើរ។ ការកោតសសើរនេះ គឺលោកនិងក្រុមការងារបាន​ទៅពិនិត្យ​នៅទីតាំងមណ្ឌលនោះដោយផ្ទាល់។ លោកលើកឡើងជូនថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចថា លោកពិតជាពេញចិត្តនៅពេលបានទស្សនកិច្ច​នៅទីនោះ។ លោកសង្កេតឃើញថា គ្រប់យ៉ាងនៅទីតាំងមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី ​មានស្ថានភាពល្អប្រសើរ ​ដោយមានការធ្វើការរួមគ្នាដោយក្រសួងចំនួន ៣។លោក ចាប់អារម្មណ៍ជាខ្លាំងចំពោះសកម្មភាពនៅទីតាំងមណ្ឌល ដែលរៀបចំឡើងប្រកបដោយភាព​មនុស្សធម៌ និងមានសកម្មភាពជាច្រើនដែលអាចជួយឱ្យសុខភាពរបស់ពួកគាត់​ទាំងនោះឆាប់​មានភាពប្រសើរឡើង។ លោកថា មណ្ឌលថែទាំ និងស្តារនីតិសម្បទា​ ជនវិបល្លាសស្មារតី បានធ្វើរឿងដ៏ត្រឹមត្រូវ ដោយ​អនុញ្ញាត​ឱ្យក្រុមគ្រួសារអាច​មានសិទ្ធិចូលសួរសុខទុក្ខ។ ​លើសពីនេះ ​គឺការដាក់ចេញ​នូវ​សកម្មភាពជាច្រើនដូចជា ការអប់រំ ការកំសាន្ត ការគូសរូប​ និងសកម្មភាពបៃតង ដែលរាប់បញ្ចូល​ទាំងការថែសួន ដាំរុក្ខជាតិជាដើម។ ទន្ទឹមនឹងការកោតសសើរនេះ លោកក៏បានរិះគន់ខ្លះដែរ ចំពោះ ការគ្រប់គ្រងនៅទីតាំង​មជ្ឈមណ្ឌល​សង្គមកិច្ចព្រៃស្ពឺ។ លោក បានស្នើឲ្យមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ អនុវត្តយកគំរូតាម​ការ​គ្រប់គ្រងមណ្ឌលថែទាំ ​និងស្តារនីតិសម្បទា​ ជនវិបល្លាសស្មារតី៕អត្ថបទ៖ គឹមហុក

ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន​

2022/08/25 12:24:26 pm        560
ភ្នំពេញ៖ ព្រះអង្គ​ម្ចាស់ក្សត្រិយ៍​ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជួបពិភាក្សា​ការងារជាមួយលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយបរទេស​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ថ្លែងប្រាប់អ្នកព័ត៌មានក្រោយកិច្ចជំនួបនោះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជំនួបរវាងព្រះអង្គម្ចាស់​ក្សត្រិយ៍ ​នរោត្តម រតនាទេវី និងលោក លីវ ជានជាវ ​ដើម្បីផ្តោតទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរ​ និងអនុស្សាវរីយ៍ ដែលបាន​បន្សល់​ទុក​របស់សម្តេច ព្រះបាទ នរោត្តម សីហនុ ដែលភាគីទាំងពីបានសាងរួមគ្នា ជាពិសេស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលជា​កេរ្តិ៍ដំណែល​របស់សម្តេច ​ព្រះបាទ នរោត្តម សីហនុ។ អ្នកនាំពាក្យរូបនេះ ​បានបន្តថា ភាគីចិន ​នៅតែពង្រឹងចំណង​ទំនាក់ទំនង​រវាង​គណបក្សទាំងពីរ ជា​ពិសេស​ការផ្តោតយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលយុវជនគណបក្សហ៊្វុនស៊ិនប៉ិច​ ឱ្យកាន់​តែមានសមត្ថភាពបន្ថែមទៀត។ ក្នុងនាមព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស, ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម រតនាទេវី ​ទ្រង់មានបន្ទូលថ្លែងអំណរគុណដល់គណបក្សកុម្មុយនិស្តចិន ដែលបានផ្តល់ជំនួយ​ជាច្រើន​ដល់ប្រទេសកម្ពុជា ​ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងស្ថានភាព​ពិភពលោក​កំពុងតែរងគ្រោះដោយសារជំងឺ​ដ៏កាច​សាហាវមួយនេះ៕ អត្ថបទ៖ បាន ចក់

វ៉ាក់សាំងកូវិដ-១៩ (Pfizer) ជំនួយរបស់អូស្ត្រាលី ជិត៣០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

2022/08/25 12:06:32 pm        746
ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ BTV ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងៗ ជិត៣០ម៉ឺនដូសទៀត(២៨៣.២០០ដូស ) ជាលេីកទីពីរ របស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ៕

សម្តេចក្រឡាហោម ស ខេង ប្រាប់តំណាងUNថា កម្ពុជា​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​តាមអ្វីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ

2022/08/25 10:40:40 am        681
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រ​សួង​មហាផ្ទៃ​បាន​ប្រាប់​ដល់​លោក​សាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ប្រចាំកម្ពុជាថា កម្ពុជាតែង​អនុវ​ត្ត​យ៉ាងខ្ជាប់ខ្ជួន​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញរបស់ខ្លួន ក្នុងនោះជាចំណុចសំខាន់ គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមាន​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជាតិ. ការបោះឆ្នោតជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភាជាដើម។ ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង នេះគឺបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ​ បន្ទាប់ពីអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច ហើយបានសម្តែងនូវមន្ទិលសង្ស័យបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, បញ្ហាប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, ការ​ស្ដារ​នីតិសម្បទាអ្នកញៀនគ្រឿងញៀន, បញ្ហាការជួញដូរមនុស្ស ការជួញដូរពលកម្ម ដោយ​បង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេង២ របស់​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ច ក្រសួង​មហាផ្ទៃជាដើមនោះ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះថា កម្ពុជាពិតជាមានមោទនភាព ក្នុងនា​ម​ជា​ប្រទេស​មួយ​ដែល​ធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ ហើយបានរក​ឃើញ​ផ្លូវ​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចបញ្ជាក់ទៀតថា ជាការពិតនូវអ្វី​ដែល​កម្ពុ​ជា​ទទួល​បាន​មក​ដល់​បច្ចុប្បន្ន​នេះក្រៅ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់កម្ពុជាផ្ទាល់ ក៏មានការចូលរួមចំណែក និងការជួយ​ជ្រោម​ជ្រែង​ពី​បណ្ដា​មិត្តភក្តិ​របស់​កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។ សម្ដេចក្រឡាហោម បានប្រាប់ដល់ លោកវិធិត ម៉ាន់តាផនបន្តថា ការបោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោ​ត​មួយកម្ពុជា កត់សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវការពេញចិត្ត ដោយហេតុថា គណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះ​ឆ្នោត​ក៏​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មានអំពើហិង្សា ឬការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាត​នយោបាយ​ណាមួ​យ​នោះដែ​រ ។ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោមក៏បានជម្រាបជូនថា បច្ចុប្បន្ននេះ មាន​គណបក្ស​នយោបាយ​ចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការ​មិនមែ​ន​រដ្ឋាភិបាល អង្គការ NGOs ជាច្រើនបាននឹងកំពុងអនុវត្តសកម្មភាពរបស់ខ្លួន ដែល​អង្គការ​ទាំង​នោះ មានទាំងអង្គការដែលមានជំហរគាំទ្រ និងមិន​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ពួក​គេបំ​ពេញ​ការងារ​ទៅ​តាម​មុខងាររបស់គេរៀងៗខ្លួន។ចំពោះបញ្ហាប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បាន​ជម្រាប​ជូន​ថា ជាការពិតណាស់កិច្ចការងារនេះ គឺ នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រសួង​កំពុង​តែ​ខិតខំ​ដោះ​ស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ​កំពុង​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នៃ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ។សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏កំពុង​សហការ​ជា​មួយ​នឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ និងការតាមដានរបស់តុលាការ និងមួយទៀត គឺការសិក្សា ទៅលើការ​អនុវ​ត្ត​នូវ​យន្ដការ​ទោស​សហគមន៍​ជំនួសឲ្យការឃុំឃាំង ដោយ កិច្ចការទាំងនេះ​ត្រូវ​តែ​អនុវត្ត​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀត ណែន​ក្នុង​ពន្ធនាគារផង។ពាក់ព័ន្ធ​ទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្ដេចក្រឡាហោម បានជម្រាប​ជូន​លោក​សាស្ត្រា​ចារ្យថា ជាង ៥០ ភាគរយ នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែល​ពាក់​ព័ន្ធ​ទៅ​នឹង បទ ល្មើសគ្រឿងញៀន ដោយក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុក ដាក់ ដើម្បី បន្តដោះ​ស្រាយ​បញ្ហា​នេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការ​លើក​ទឹក​ចិត្ត​ដល់រាជធានី ខេត្ត ក្នុងការបន្ត គាំទ្រដល់​ការ​បង្កើត​ឲ្យ​មាន​មជ្ឈ​មណ្ឌល​ស្ដារ​នីតិ​សម្បទា​នៅ​​ក្នុងរាជធានី -ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯកជន ដើម្បី គាំទ្រ​ដល់​កិច្ច​ការ​នេះ​។ យ៉ាង​ណាក៏​ដោយ​សម្ដេ​ច​សូម​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ភ្នាក់ងារ​ពាក់​ព័ន្ធ​នៅ​ក្រោម​ឆត្រ​របស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានា នៅក្នុងកិច្ចការ​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាផ្តល់នូវលទ្ធភាព ឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាព​ក្នុង​ការ​ស្ដារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នេះ​។ ដោយ​ឡែកបញ្ហាពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និង​ការ​កេង​ប្រវ័ញ្ច​លើពលកម្មនោះ សម្ដេចបាន ជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផនថា កម្ពុជា​ក៏​ជាប្រទេស ដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថា ពួក​ឧក្រិដ្ឋ​ជន​បាន​ឆ្លៀត​ការ​កេង​ចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជា ជាកន្លែងដើម្បី​ធ្វើ​ការ​ឆបោក​ប្រព្រឹត្ត​អំពើ​ជួញដូររត់ពន្ធ មនុស្សនេះ។ ទោះជាយ៉ាងនេះក្តី សម្ដេចក្រឡាហោម ក៏បានជម្រាប​ជូន​លោក​សាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចាត់​វិធានការជាបន្តបន្ទាប់ ហើយ​បាន​ប​ង្ក្រាប​ក៏​ដូច​ជា​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​អស់​ជា​ច្រើន​នាក់​នៅ​ក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសនេះ ព្រមទាំងដើម្បី​កៀរគរ​ការ​ចូល​រួមចំ​ណែក​ផ្តល់​កិច្ច​សហការ​ពីបណ្ដាភាគី​ពាក់ព័ន្ធ​ឈាន​ទៅ​បង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា សម្ដេចផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យ ដែលបានលើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏​បន្តគាំទ្រ​លើ​ក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​បន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និង​អាចឱ្យភាគី ទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមកផងដែរ៕ អត្ថបទ៖ បាន ចក់

មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ នឹងទទួលបានការដំឡើងប្រាក់បៀរវត្សរ៍ឆ្នាំ២០២៣

2022/08/23 11:43:49 am        556
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់​បៀរវត្សរ៍​ទាំងអស់ ដើម្បីជំរុញនិងបង្កើនល្បឿន នៃកម្រិតជីវភាព។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ធ្វើឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងរយៈពីរឆ្នាំចុងក្រោយនេះ ឆ្នាំ២០២០ ​និង២០២១ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងនិវត្តជន មិនត្រូវបានដំឡើង​ប្រាក់​បៀរ​វត្សរ៍ទេ ដោយសាររាជរដ្ឋាភិបាល​ ខិតខំ​សន្សំសំចៃថវិកា​ដើម្បីចំណាយលើការប្រយុទ្ធ​ប្រឆាំងកូវីដ ១៩។សម្តេចតេជោ ហ៊ុន សែន បន្តថា រយៈពេលពីរឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលមានការចំណាយ​ច្រើន ​ទន្ទឹមពេលដែលចំណូលមានការធ្លាក់ចុះ ​ដោយសារការបិទប្រទេស​ ហើយសកម្មភាពការ​នាំចេញ នាំចូល និងសកម្មភាពសេដ្ឋកិចុ្ចពាណិជ្ជកម្ម ក៏បានថមថយ។បច្ចុប្បន្ននេះ ចំណាយមានការថមថយបន្តិច លើការងារព្យាបាលព្យាបាលកូវីដ១៩ ខណៈចំណូល​បាន​កើន​ឡើង​វិញ។ប្រមុខរាជរដ្ឋាភិបាល​ បញ្ជាក់ថា ការដំឡើងប្រាក់បៀរវត្សរ៍នេះ គឺផ្តល់អាទិភាព​លើវិស័យអប់រំ ​និង​វិស័យសុខាភិបាល ​ដែល​គ្រូបង្រៀន និងគ្រូពេទ្យជាអាទិភាព ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ៕ អត្ថបទ៖ វណ្ណៈ 

សម្តេចតេជោ ហ៊ុន សែន៖ ​ការ​សិក្សា​ភាសា​វៀតណាម​មិន​ស្លាប់​ទេ​មាន​តែ​ចំណេញ​ដល់​ប្រជាជន​កម្ពុជា

2022/08/23 09:54:56 am        635
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការ​ដែល​ក្រសួងអប់រំ​កម្ពុជា សម្រេចបង្កើតឲ្យមានការរៀនភាសាវៀតណាម នៅក្នុង​ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ គឺមិនខុសនោះទេ ខណៈឲ្យ​មាន​ការ​រៀន​ភាសា​វៀត​ណាម​នេះ​គឺ​មាន​តែ​ចំណេញ​ដល់​ប្រជាពលរដ្ឋកម្ពុជា ក្នុងការយល់ដឹងបន្ថែម និង​ផ្តល់ភា​ពងា​យ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​រកស៊ី​ជាមួយភាគីវៀតណាម។ ការលើកឡើងរបស់សម្តេចបែបនេះគឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីជនជ្រុលនិយមមួយក្តាប់តូច ដែលបានប្រឆាំង និង​ទិទាន​បន្ទា​ប់​ពី​ក្រសួង​អប់រំ​កម្ពុជា​ប្រកាស​គ្រោង​ដាក់​ឲ្យ​មាន​ការ​រៀន​នូវ​ភាសា​វៀតណាម នៅក្នុងសាលាភូមិន្ទភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប​ប្រមាណ ៣,០៧៥នាក់នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដេប៉ាតឺម៉ង់​ សម្រាប់​កម្ម​វិធី​សិក្សា​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេ​ញ​នោះ​ គឺមិនមែនតែភាសាវៀតណាមនោះទេ គឺមានភាសាបរទេសជាច្រើនទៀត ហើយ​ការ​សម្រេច​ដាក់​ភាសា​វៀតណាម បន្ថែមទៀតនោះគឺវាកាន់តែផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិត មន្រ្តី​រាជ​ការ​ដែល​ជាប់អាហារូបករណ៍ទៅសិក្សានូវប្រទេសវៀតណាម និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយភាគីវៀតណាមក្នុងគោលបំណងអ្វីមួយជាដើមនោះ។សូមបញ្ជាក់ថា ការគ្រោងបើកដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានក្លាយជាប្រធានបទក្ដៅដែលមានជជែកពិភាក្សាច្រើន ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការព្រួយបារម្ភដោយគិតថា មាន​ការ​តម្រូវ​ឱ្យ​សិស្ស​គ្រប់​រូប​នៅ​សាកលវិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ត្រូវសិក្សាភាសាវៀតណាម ហើយក៏មានអ្នកខ្លះបារម្ភពីឥទ្ធិពល វៀតណាម​មក​លើ​កម្ពុជា​ផង​ដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ការ​សិក្សា​ភាសា​វៀតណាម​គឺ​មិនមែនសម្រាប់សិស្សទូទៅនោះទេ ខណៈការបើកការសិក្សាវៀតណាមនេះ គឺ​សម្រាប់​ក្រុម​និស្សិតជាក់លាក់ ដែលមា​នតម្រូវការចង់រៀនភាសាវៀតណាម សម្រាប់​បម្រើកា​រ​ងារ​ក្នុង​ក្រុម​ហ៊ុនវៀតណាម និងជាពិសេសសម្រាប់សិស្សជាប់អាហារូបករណ៍ ដែលត្រូ​វ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប

2022/08/23 09:36:49 am        866
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលជាវិស័យអទិភាព ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេស ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តាលតាមគន្លងថ្មី ក្នុងពេលវិបត្តិ នៃជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនត្រឹម​តែ​ជា​ក្រុម​ជួរ​មុខ​រួម​មាន៖ ក្រុមគ្រូពេទ្យ និងផ្នែកផ្សេងៗឡើយ ការរួមគ្នាទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ និង​ការ​ប្រឹងប្រែង​គោរពវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ក៏ត្រូវរាប់​បញ្ចូល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩ផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះមិនទាំងស្រុងក៏ដោយ តែ​យើង​អាច​គ្រប់គ្រង​បានក្នុងកម្រិតមួយយ៉ាងគាប់ប្រសើរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ រយៈពេលជាង៤ខែមកហើយ រាប់តាំងពីខែមេសា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគិតគូរដល់សុខុមាលភាពប្រជាជន និងសុខភាពសាធារណៈ ជាអទិភាពខ្ពស់បំផុត ដោយប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹង​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងពេលវិបត្តិកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងឡើយ ដោយ​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ខ្ពស់ លើករណីនេះជាចាំបាច់ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជា​ពិសេសការបន្ត និងពន្លឿនដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនគ្រប់រូប។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការបានផ្តល់គុណតម្លៃខ្ពស់បំផុត លើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលដ៏លំបាក នៃការចាប់ផ្តើមវិស័យអប់រំ សិក្សា​ធិការជាថ្មី ក្រោយរំដោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ដែលកាលណោះ គ្រូ ឬសាស្រ្តាចារ្យ មានកម្រិត​ចំណេះដឹ​ង​លើ​សសិស្ស​តែ​បន្តិច​បន្តួ​ច​ប៉ុណ្ណោះ (អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះតិច, អ្នកចេះតិចបង្រៀនអ្នកមិនចេះ) ហើយស្ថានភាពនេះ បានប្រែប្រួលជាបន្តបន្ទាប់ តាម​រយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាន​ពង្រាយសាលារៀនទៅគ្រប់និគមន៍ តាមល្បាយនៃការរស់​នៅ​របស់ប្រជាពលរដ្ឋ ចាប់​តាំង​ពី​កម្រិត​បឋម អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ។ សម្តេចបញ្ជាក់ថា «ពីមុន​មនុស្ស​រត់​រក​​សាលា តែពេលនេះសាលារត់រកមនុស្សវិញ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការស៊ីវិល កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ និងនិវត្តជន សុទ្ធតែទទួលបានការដំឡើងប្រាក់បៀវត្សរ៍ទាំងអស់ ដើម្បីជំរុញ និងបង្កើនល្បឿន នៃកម្រិតជីវភាពរបស់ពួកគាត់។-សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យសិស្ស, និស្សិត ប្រឹងប្រែងរៀនសូត្រឱ្យបានល្អ ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាស និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវិស័យសនេះ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «[..]ពេលនេះបើសិស្សរៀនមិនចេះ ឬមិនកើត កុំបន្ទោសគ្រូ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រដល់ការទស្សន៍ទាយមួយថា សម្តេចតេជោ នឹងបាត់បង់អំណាចនាពេលខាងមុខ ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «គ្មាននរណា កាន់អំណាចរហូតដល់ស្លាប់នោះទេ តែអំណាចនេះគ្មានធ្លាក់លើនរណា ក្រៅពីមនុស្សរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ...!»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីខកចិត្តយ៉ាងខ្លាំងក្នុងជួយដល់ សាន្ត ប៊ុនធឿន ដែល​មិ​ន​កែ​ចរិត​អាក្រក់របស់ខ្លួន ហើយតែងភ្ជាប់បញ្ហារបស់ខ្លួនមកលើសម្តេច និងក្រុមគ្រួសារ នាំ​ឱ្យ​មាន​ការ​ភាន់​ច្រលំក្នុងចំណោមមតិសាធារណៈជាតិ។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​កុំ​ឱ្យមាន​ការ​ភាន់​ច្រលំ​លើ​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រោះ​នៅ​សាកលវិទ្យាល័យ​នេះ​មាន​ដេប៉ាតឺម៉ង់​ភាសាប​រទេសច្រើនណាស់មានទាំង អង់គ្លេស, បារាំង ជប៉ុន ចិន កូរ៉េ....[...] ដែល​សកម្មភាព​ទាំង​នេះ មានប្រយោជន៍ចំពោះនិស្សិតកម្ពុជា និងការផ្លាស់ប្តូរកម្មវិធីសិក្សា ព្រមទាំងធុរកិច្ច។- សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្ម និងសោកស្តាយជាខ្លាំងដល់ក្រុមវិភាគមួយចំនួន ដែល​បានវិភាគបែបអវិជ្ជមាន និងអគតិ លើ ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពីពេលថ្មីៗនេះ ដោយសម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ទៅទស្សន​កិច្ច​នៅ​វៀតណាម តិចជាងនៅជប៉ុន និងសិង្ហបុរីទៅទៀត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សនកិច្ច​នៅ​ជប៉ុន​កាល​ពីដើមឆ្នាំ២០២២មកវិភាគបានត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយ​កម្រិតខ្ពស់ទៀតផង។ សម្តេចបញ្ជាក់ថា ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប​ហើយ​អញ្ជើញទៅទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ២០២២នេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីនយោបាយជ្រុលនិយមរបស់ក្រុមមួយចំនួន និង​អ្នក​វិភាគ​ខ្លះ លើទំនាក់ទំនងកម្ពុជា-វៀតណាម និងបញ្ហាទឹកដី ដែ​ល​បាន​បាត់​បង់​ទៅ​លើ​ប្រទេស​វៀតណាម​ពី​អតីតកាល ដែលសម្តេចតេជោ ហ៊ុន សែន បានហៅថា ជាកម្រិតវិភាគដ៏អន់មួយ មិន​ស្តែង​ឱ្យ​ឃើញពីស្ថានភាពជាក់ស្តែង នៃកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា​មិ​ន​ត្រូវ​ការ​ការ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពីប្រទេសណាទាំងអស់ មិនថាតែវៀតពណាមនោះទេ។ បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយការបោះឆ្នោតជាតិ ក៏ត្រូវបានកម្ពុជាធ្វើឡើងជាទៀតទាត់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយចោទជាសំនួរថា «តើមានម៉ែឪណាមិនចង់ឱ្យកូនធ្វើធំ...[..] ខ្ញុំមិនបណ្តុះបណ្តាលកូនឱ្យធ្វើជាមេចោរនោះទេ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើដល់អ្នកវិភាគក្រៅស្រុកក្បាលទំពេក ពុកមាត់​ស្រម៉ូមម្នាក់ ដែលនិយាយថា បើហ៊ុន ម៉ាណែត ចង់ធ្វើនាយករដ្ឋមន្ត្រី ត្រូវតែធ្វើឱ្យខុស​ពីឪ​(សម្តេចតេជោ ហ៊ុន សែន ) ដែលត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា «បើធ្វើខុសពីឪ គឺមានន័យថា​ខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជាហើយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបញ្ហាស្ត្រីលង្ការជាបទពិសោធន៍ នៃការចំណាយរបស់រដ្ឋ ខណៈដែលនៅស្ត្រីលង្ការមានមន្ត្រីរដ្ឋការ និងបុគ្គលិក ជាង១លាន៨សែននាក់ ដែល​រដ្ឋត្រូវ​រដ្ឋ​ទទួលបន្ទុកចិញ្ចឹម ខណៈដែលនៅកម្ពុជាមានត្រឹមតែជាង ៤០ម៉ឺននាក់ប៉ុណ្ណោះ។ សម្តេច​បញ្ជាក់​ថា ដើម្បីស្ថិរភាពហិរញ្ញវត្ថុ រដ្ឋត្រូវចំណាយត្រឹមតែ៤ភាគរយប៉ុណ្ណោះ នៃ​ផលិត​ផល​ក្នុងស្រុក​សរុប(GDP)។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២២នាទី។

សម្ដេចតេជោ ហ៊ុន​ សែន​ ចំអកដល់ក្រុមវិភាគមួយចំនួន​ដែលវិភាគ​បែប​អគតិ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់ឯកឧត្ដម​ ហ៊ុន ម៉ាណែត ទៅ​ប្រទេសវៀតណាម

2022/08/23 09:20:44 am        561
ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចំអកដល់ក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគបែប​អគតិក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម ដោយ​សម្ដេច​បញ្ជាក់​ថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សន​កិច្ច​នៅ​ជប៉ុន​កាល​ពី​ដើម​ឆ្នាំ​២០២២​ មក​វិភាគ​បាន​ត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយកម្រិតខ្ពស់ទៀតផង។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។សម្ដេចតេជោ​បន្តថា​ “ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាមតិចជាងនៅជប៉ុន និង​សិង្ហបុរី​ទៅ​ទៀត” ។ សម្ដេចបញ្ជាក់ថា ឯកឧត្ដម​ ហ៊ុន ម៉ាណែត ត្រូវ​បាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប​ហើយ​អញ្ជើញ​​​ទៅ​ទស្សនកិច្ច ក្នុងនោះ ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង គីស៊ីដា ឆ្នាំ​២០២២​នេះ​។ជាមួយនឹងការវិភាគបែបអវិជ្ជមាន និងអគតិថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម​ ហ៊ុន ម៉ាណែត ជា​ដំណើរ​ទៅស្វែងរកការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្ដម​ហ៊ុន ម៉ាណែត នៅ​ប្រទេស​វៀតណាម​​នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា  កម្ពុជា​មិន​ត្រូវ​ការ​ការ​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រីពីប្រទេសណាទាំងអស់ មិន​ថា​តែវៀតពណាមនោះទេ។ បេក្ខភាព​នាយករដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវតែងតាំង និងគាំទ្រដោយគណបក្ស ហើយ​ការ​បោះឆ្នោត​ជាតិ ក៏​ត្រូវ​បានកម្ពុជាធ្វើឡើងជាទៀតទាត់។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង៣០០០នាក់

2022/08/23 07:28:25 am        212
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃព្រឹកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM