សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រទស្សនវិស័យរបស់សម្តេចតេជោ ដើម្បីឱ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥

2022/08/18 02:46:10 pm        497
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែល​កំពុង​វិនិយោគនៅកម្ពុជា ​បន្តចូលរួមគាំទ្រ​នូវទស្សនវិស័យរបស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឱ្យ​ក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥​ ក្លាយជាការពិត។ ការជាអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទាន​ចូលរួម​ចំណែកបោសសម្អាត​មីននៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំ​នៅ​កម្ពុជា នូវថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក ដែលអាជ្ញាធរមីន គ្រោងនឹងយកទៅ​ប្រើ​ប្រាស់​បញ្ចប់​ការងារបោសសម្អាតមីននៅឃុំស្តុក ​និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមាន​ភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ​ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និង​សមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីនរៀបចំរាត្រីសមោសរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្កាវើល ​ក្រោមអធិបតីភាពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើការរៃអង្គាសវិភាគទានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលវិភាគទាននេះ គឺជាការបង្ហាញពីទឹកចិត្តប្រកបដោយ​សប្បុរស​របស់បណ្តាក្រុមហ៊ុននានា​ក្រោមការសម្របសម្រួល​របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ វិភាគទាននេះ ក៏មានការចូលរួមដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នូវថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ផងដែរ។ក្នុងឱកាសនោះឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក T Mohan និពន្ធនាយកអង្គភាព Khmer Times និងជាអនុប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី​ប្រចាំនៅ​កម្ពុជា ដែលបានសម្របសម្រួលការងារនេះរហូតមក ព្រមទាំងបានចូលរួមដល់ការងារបោស​សម្អាតមីន ​និងប្រកាសភូមិអស់មីន នាពេលកន្លងមក។ឧកញ៉ា Tan Khee Meng បានមានប្រសាសន៍ថា ​សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា មាន​សេចក្តីសប្បាយរីករាយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈអាជ្ញាធរមីន គាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅរកកម្ពុជា​គ្មានមីន​ឆ្នាំ២០២៥ ​ហើយការចូលរួមនេះពិតជាមានអត្ថន័យណាស់សម្រាប់សភាពាណិជ្ជកម្ម និង​សហគមន៍ម៉ាឡេស៊ីនៅកម្ពុជា។ឧកញ៉ា Tan Khee Meng បានបន្តទៀតថា ជាង ៣ ទសវត្សរ៍​ចុងក្រោយនេះ ​មានក្រុមហ៊ុនម៉ាឡេស៊ី​ជាច្រើន ​បានមកវិនិយោគរកស៊ីនៅកម្ពុជា ​និងទទួលជោគជ័យ​ក្រោមកិច្ចគាំទ្រយ៉ាងល្អប្រសើរ​ពី​រាជរដ្ឋាភិបាលកម្ពុជា ​ហើយក៏បានចូលរួមចំណែក​ផ្នែកមនុស្សធម៌ដល់កិច្ចការសង្គមនានា ក្រៅ​ពី​មុខរបររកស៊ីរបស់ខ្លួន។ ក្នុងឱកាសនោះ ​លោកឧកញ៉ា ​បានថ្លែងអំណរ​យ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្តល់នូវសន្តិភាព​ ស្ថេរភាព​ និង​មាន​អត្រាកំណើន​សេដ្ឋកិច្ចថេរ ​ដែលជាការផ្តល់​ឱកាស​យ៉ាង​ល្អបំផុតសម្រាប់អ្នកវិនិយោទុន៕

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមស្វែងរកសុខសន្តិភាព និងចែករំលែកទៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកនិងក្នុងតំបន់

2022/08/18 12:43:39 pm        387
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Well-Dang មន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្រោមប្រធានបទកេរ្តិ៍ដំណែលសង្រ្គាម សន្តិភាព​និង​សន្តិសុខក្នុងតំបន់ ​និងការកសាងសន្តិភាព ដែលជាផលប្រយោជន៍សម្រាប់ប្រជាជន​អាមេរិក និងកម្ពុជា។លោក Andrew Well-Dang បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ ​ស្វែងរកសន្តិភាព និងដោះស្រាយបញ្ហាទំនាស់ផ្ទៃក្នុងប្រទេស​នីមួយៗ​នៅ​លើពិភពលោក ​និងក្នុងតំបន់។មន្រ្តីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការស្វែងរកសន្តិភាព និងការ​បញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍​នៅកម្ពុជា ​ហើយបានចាត់ទុកកម្ពុជា​ ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន និង​អាចចែករំលែកទៅបណ្តាប្រទេសនានា​ជុំវិញពិភពលោក ​និងក្នុងតំបន់ ​ដែលកំពុងជួបប្រទះ និងធ្លាប់ជួបផលវិបាកដូចកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីដំណើរការស្វែងសន្តិភាព និង​ការ​បញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលមាន​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ជាស្ថាបនិកសន្តិភាព​ និង​មគ្គុទ្ទេសក៍​ឯក​ ក្នុងការនាំមកនូវ​សន្តិភាព​ពេញ​លេញជូនជាតិមាតុភូមិ ព្រមទាំង​បាន​បញ្ជូន​កងកម្លាំងរក្សាសន្តិភាព​ទៅបណ្តា​ប្រទេស​នានា ដែលត្រូវការ និងធ្លាប់រងគ្រោះដូចកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា រយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីន​មនុស្សធម៌​នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព​ កាត់អត្រាគ្រោះថ្នាក់ដោយសារមីន និង​ការអភិវឌ្ឍប្រទេសជាតិ ​ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់​សន្តិភាព​នៅកម្ពុជា ផងដែរ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុង​ការចូលរួមកសាង ​និងពង្រឹងនូវសន្តិភាពនៅតាមបណ្តាប្រទេសដែលត្រូវការកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ជួយគាំទ្រ​ដល់​ជនមានពិការភាព ​និងអតីតយុទ្ធជន​ ដែលបានរងគ្រោះដោយ​សារកាកសំណល់សង្រ្គាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជំនួយអេស្ប៉ាញចំនួន៣០ម៉ឺនដូស(ភ្ជាប់ជាមួយសុន្ទរកថាទាំងស្រុង)

2022/08/18 08:23:15 am        517
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ-១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ គោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។សម្តេចបានបន្តថា ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ។ ក្នុងន័យនេះ, កម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និងកុមារដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូលក្នុងការផ្តល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩។ខាងក្រោមនេះជាខ្លឹមសារ សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

រាជរដ្ឋាភិបាល អះអាងជាថ្មីថា នឹងមិនដំឡើងថ្លៃអគ្គិសនី ទោះបីជាតម្លៃប្រេងទីផ្សារអន្តរជាតិកើនឡើង

2022/08/17 12:12:44 pm        710
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា នឹងមិនដំឡើងថ្លៃអគ្គិសនីឡើយ​ បើទោះបីជាតម្លៃប្រេងទីផ្សារអន្តរជាតិកើនឡើង។ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នាព្រឹក​ថ្ងៃទី១៧ ខែសីហាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា​ ទោះបី​ជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើង​ថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។សម្តេចតេជោ ហ៊ុន សែន ថ្លៃប្រេងឡើងថ្លៃ អាចនាំដល់ការកើនឡើងអតិផរណា មុខទំនិញ ដែលជាក្តីកង្វល់ដល់អ្នកប្រើប្រាស់ វិនិយោគ និងអាជីវកម្ម។ ដោយឡែកបញ្ហាសន្តសុខស្បៀង មិនមែនជាក្តីបារម្ភខ្លាំងពេកទេ ដោយសារកម្ពុជា ជាផលិតស្បៀង -ស្រូវ អង្ករ ដែលនៅសន្និធិស្រូវ អង្ករ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕ អត្ថបទ៖ វណ្ណៈ

សម្ដេចតេជោ នឹងអញ្ជើញទៅអានសុន្ទរកថាក្នុងមហាសន្និបាតរបស់ UN នាខែកញ្ញាខាងមុខ

2022/08/17 11:56:01 am        422
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅ​អានសុន្ទរកថា ​នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) ដោយផ្ទាល់ ​នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅឆ្នាំនេះ សម្ដេចត្រូវទៅអានដោយផ្ទាល់ ព្រោះធ្វើជាប្រធានអាស៊ាន ខណៈឆ្នាំមុនៗអានតាមប្រព័ន្ធអនឡាញ ហើយបន្ទាប់ពីអានសុន្ទរកថារួចរាល់ ​សម្ដេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែកញ្ញា ។សម្ដេចតេជោ បានបន្តថា បន្ទាប់ពីទស្សនកិច្ចនៅគុយបា នៅថ្ងៃទី២៥ បន្តឡើងយន្តហោះ ទៅកាន់​ទីក្រុងតូក្យូ ប្រទេសជប៉ុន ដល់ល្ងាចថ្ងៃទី២៦ ហើយនៅថ្ងៃទី២៧ សម្ដេចនឹងចូលរួមបុណ្យសពអតីត​នាយករដ្ឋមន្ត្រី ស៊ីនហ្សួ អាបេ ដែលជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ។សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា សម្រាប់នៅខែវិច្ឆិកា ឆ្នាំ២០២២ គឺសម្ដេចមានការមមា​ញឹកខ្លាំង ដោយ​កិច្ចប្រជុំអាស៊ាន នឹងបញ្ចប់នៅថ្ងៃទី១៣ ខែ វិច្ឆិកា ហើយព្រះចៅស៊ុលតងព្រុយណេ នឹងបន្តព្រះរាជទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤ ​ដោយសម្ដេចត្រូវនៅចរចារ ជាមួយព្រះចៅ​ប្រុយណេ និងដង្ហែរព្រះមហាក្សត្រយើង ដើម្បីរួមពិធីជប់លៀង នៅក្នុងព្រះបរមរាជវាំង និងបន្តទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ី ។សម្ដេចតេជោ បានបញ្ជាក់ថា ​ករណីកិច្ចប្រជុំ G20 នៅព្រឹកថ្ងៃទី១៥ សម្ដេចនឹងឡើងយន្តហោះទាំង​យប់ថ្ងៃទី១៤ ប៉ុន្តែបើធ្វើនៅល្ងាច ​នឹងឡើងយន្តហោះនៅព្រឹកថ្ងៃទី១៥​ ពេលល្ងាចចូលប្រជុំ ព្រោះជា​ប្រធានអាស៊ាន ត្រូវបានការទទួលអញ្ជើញពីម្ចាស់ផ្ទះ ​បន្ទាប់ចេញពីឥណ្ឌូនេស៊ី សម្ដេចបន្តធ្វើដំណើរ​ទៅទីក្រុងបាងកក ប្រទេសថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ ​ដើម្បីចូលរួមកិច្ចប្រជុំ APEC ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន សែន ៖ ទោះពិភពលោកកំពុងចម្រូងចម្រាស តែកម្ពុជាអាចរៀបចំឲ្យភាគីពាក់ព័ន្ធនិយាយគ្នា និងមានសេចក្តីថ្លែងការណ៍រួម

2022/08/17 10:46:47 am        417
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីបច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពចម្រូងចម្រាស ទាក់ទងនឹងបញ្ហាជាច្រើន ប៉ុន្តែកម្ពុជាមានភាពជោគជ័យ ដោយបានអញ្ជើញបណ្ដាប្រទេសជាមិត្តចូលកៅអីនិយាយគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត នាពេលកន្លងទៅថ្មីៗនេះ រួមទាំងមានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងល្អ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាអរគុណ និងរីករាយខ្លាំងណាស់ ចំពោះការប្រជុំអាស៊ាន ការប្រជុំជាមួយដៃគូពាក់ព័ន្ធ ដែលមានទាំងវេទិកាតំបន់អាស៊ាន និងអាស៊ីបូព៌ា ដែលប្រទេសជាច្រើនបានមកជួបជុំគ្នានៅក្នុងរាធានីភ្នំពេញ និងកោតសរសេរចំពោះអាជ្ញាធរ ដែលបានការពារភ្ញៀវប្រកបដោយសុវត្ថិភាព ។សម្ដេចបានបន្តថា សូមកោតសរសេរចំពោះរដ្ឋមន្ត្រីការបរទេស និងឧត្តមមន្ត្រីរបស់កម្ពុជា ដែលធ្វើការយ៉ាងល្អ ក្នុងការសម្របសម្រួលចេញឯកសារ ក្នុងពេលពិភលោកដ៏ចម្រូងចម្រាស ដោយបានអញ្ជើញមិត្តភក្តិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្តីថ្លែងការណ៍មួយបានយ៉ាងល្អ ។ ក្នុងនោះក៏មានប្រទេសដែលប្រឆាំងគ្នា ក៏មកចូលអង្គុយប្រជុំជាមួយគ្នា ហើយចេញសេចក្តីថ្លែងការណ៍បាន មិនមែនជារឿងងាយស្រួលទេ ជារឿងលំបាក តែយើងអាចធ្វើបាន ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេស ដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជា រាប់ទាំងប្រទេសមកចុះហត្ថលេខាសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផង និងអរគុណចំពោះកាយវិការ ដែលផ្ដល់លទ្ធភាពឲ្យកម្ពុជាធ្វើបានដោយជោគជ័យ ដែលនេះជាមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅការប្រជុំអាស៊ាន នៅខែវិច្ឆិកាខាងមុខ ក៏នឹងជាមូលដ្ឋានដើម្បីឈានឆ្ពោះទៅជោគជ័យនៃការប្រជុំប្រទេសអភិវឌ្ឍទាំង២០ នៅប្រទេសឥណ្ឌូនេស៊ី និងបង្កលក្ខណៈសម្បត្តិធ្វើឲ្យកិច្ចប្រជុំ APEC នៅប្រទេសថៃ ទទួលបានជោគជ័យដែរ ។គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយចំណុចសំខានៗត្រូវនិយាយនៃកិច្ចប្រជុំមានចំនួន៦ចំណុច ទី១. ការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់, ទី២. វិបត្តិមីយ៉ាន់ម៉ា, ទី៣. ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត, ទី៤. ការពង្រីកទំនាក់ទំនងខាងក្រៅ, ទី៥. ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងទី៦. អំណាចកោះប្រជុំរបស់អាស៊ាន ៕(ដោយ៖ បាន សុខរិទ្ធិ)

សម្តេចតេជោ លើកទឹកចិត្តឱ្យនិស្សិត និងសាកលវិទ្យាល័យនានាបន្តការសិក្សា និងបង្កើនគុណភាពនៃការបណ្តុះបណ្តាល

2022/08/17 10:08:03 am        679
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះជាលើកដំបូងហើយដែលបានរៀបចំឡើងជាថ្មី នៃការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យនានា បន្ទាប់ពីមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកូវីដ១៩ ហើយសម្តេចក៏បានសំដែងនូវមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតជ័យលាភីក៏ដូចជាមាតា បិតា អាណាព្យាបាល ក្រុមគ្រួសារទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបានលើកទឹកចិត្តឱ្យបន្តការសិក្សាពេញមួយជីវិតហើយក៏បានណែនាំឱ្យសាកលវិទ្យាល័យនានា ត្រូវបង្កើនគុណភាព​នៃការបណ្តុះបណ្តាល។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី១៧សីហានេះ។ ជាមួយនឹងការកោតសរសើរចំពោះសាកលវិទ្យាល័យ និងនិស្សិតជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ បើទោះបីក្នុងកាលៈទេសៈដែលយើងត្រូវប្រឈម នៃពេលវេលាដ៏លំបាក ជាពិសេសវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោ បានបន្តលើកទឹកចិត្តដល់ជ័យលាភី និងក្រុមគ្រួសារបន្តការខិតខំតទៅទៀត ហើយសង្ឃឹមថាជ័យលាភីទាំងអស់នឹងមិនបញ្ចប់ការសិក្សានៅត្រឹមកំរិតប៉ុណ្ណឹងទេ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យបណ្តាសាកលវិទ្យាល័យនានា បង្កើនគុណភាព នៃការបណ្តុះបណ្តាល។សូមបញ្ជាក់ថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់៕ អត្ថបទ៖ មុត សុទ្ធ

គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេស UN

2022/08/17 10:04:08 am        709
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ ភាគីទាំងពីរនឹងជជែកពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការ សមិទ្ធផលរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ

2022/08/17 09:43:05 am        661
ភ្នំពេញ៖ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិតសាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាកាលានុវត្តភាព ដែលជាសកម្មភាពរៀនរស់នៅជាមួយកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​រើ​ខ្លួន​ចេញ​ពី​វិបត្តិ​កូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារគ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកម្ពុជាគ្មានអត្រាឆ្លងថ្មីជំងឺកូវីដ-១៩ជាង៥០ថ្ងៃ និងអត្រាស្លាប់ដោយជំងឺកូវីដ-១៩ រយៈ​ពេល​ជាង​១០០ថ្ងៃមកហើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីប្រសិទ្ធភាពការងារ ទាំងក្របខណ្ឌរដ្ឋ និងឯកជន ក្នុង​ពេល​វិបត្តិ​កូវីដ-១៩ ជាពិសេសក្នុងពេលបិទខ្ទប់ តាម​រយៈ​របៀប​នៃ​ការ​បំពេញ​ការងារ​ថ្មី​តាម​អន​ឡាន​(Online) ដែលកិច្ចការនេះ តម្រូវឱ្យក្រុមហ៊ុនInternet ធ្វើទំនើបកម្មសេវា Internet​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ជាពិសេសតាមបុរី ផ្ទះល្វែង ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំពីបញ្ហានេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​មិន​ទទួល​ស្គាល់ដាច់​ខាត​ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ក្រុម​ហ៊ុន ​Internet តាមបុរី និងតាមសំណង់ផ្ទះល្វែង ដែលមិនមានការប្រកួតប្រជែង ព្រោះ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរឡើងសេវា Internet ដល់អ្នកប្រើប្រាស់ឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអនុញ្ញាតឱ្យមាន​ការ​តែងតាំង​មន្ត្រី​ណាក៏ដោយ ដែល​មិន​មាន​ចំណេះដឹង​ផ្នែកព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់ស្មាតហ្វូនផងដែរ ព្រោះ​បច្ចុប្បន្ននេះមន្ត្រីត្រូវ​ជំរុញការងារ និងប្រសិទ្ធភាពការងារតាមប្រព័ន្ធអនឡាញ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យអនឡាញ(Online)នាពេលបច្ចុប្បន្ននេះ បាន​ក្លាយ​ជា​ពាក្យ​ដ៏​សាមញ្ញមួយ ដែលប្រជាពលរដ្ឋខ្មែរនរណាក៏អាចដឹង និងយល់ផងដែរ ក្នុង​នោះ​រាប់​ការ​ជាវ​ឥវ៉ាន់, ការទូទាត់ប្រាក់, ការធ្វើដំណើរ និងផ្នែកផ្សេងៗទៀត។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ពេល​ដែល​មាន​ករណី​ឆ្លងខ្លាំង និងស្លាប់ច្រើនដោយជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា «ពេលនេះ កាលពីឆ្នាំមុន គឺជាពេលដែលយើងលំបាកបំផុត ជាពេលឆ្លង និងស្លាប់ច្រើន ដែល​កាល​ណោះយើង​ជំរុញការធ្វើក្តារមឈូស និងទីកន្លែងរំលាយ និងកប់សព ដោយជំងឺកូវីដ-១៩»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុរី និងសំណង់ផ្ទះល្វែងភាគច្រើនវិនិយោគ ដោយ​វិនិយោគិន​ក្នុង​ស្រុក ដែលកិច្ចការនេះត្រូវបានលើកទឹកចិត្ត និង​ផ្តល់​ឱកាស​សម្រាប់​ការ​វិនិយោគ​បន្ថែម​ទៀត​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការវិនិយោគលើវិស័យអប់រំនៅកម្ពុជាកាន់តែច្រើន ដោយ​យើងមិនរំពឹងតែទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋទាំងស្រុងនោះឡើយ ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជាមានការវិនិយោគដោយវិស័យឯកជនក្នុងស្រុកជាច្រើន ក្នុងនោះ​ក៏​មាន​ពី​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា៖ អាមេរិក កាណាដា និងបណ្តាប្រទេសមួយចំនួនទៀត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹង​ប្រែង​ដោះ​ស្រាយបញ្ហា និងកង្វល់របស់កម្មករ តាមរោងចក្រ សហគ្រាសនានា ដោយ​មិន​ទុក​ឱ្យ​ពួក​គាត់​រង​ភាព​លំបាលលំបិនក្នុងការងារ ដោយយើងមិនដឹង និងមិនបាន​ដោះស្រាយ​នោះ​ឡើយ​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឡើងវិញពីការប្តេជ្ញាចិត្តក្នុងការថែរក្សាតំបន់ភ្នំតាម៉ៅ ដែល​រង​ការ​ឈូស​ឆាយ​ឱ្យ​ទៅ​ជាតំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​ដាំ​ដើម​ឈើ​ប្រណីត​ឡើង​វិញ (ក្រញូង បេង ធ្នង់) ឱ្យមានប្រសិទ្ធភាព ព្រមទាំងមានការថែទាំឱ្យត្រឹមត្រូវ ច្បាស់លាស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​យ៉ាង​មុត​មាំ​ការពារ​តំបន់​ភ្នំ​តាម៉ៅ​មិន​ឱ្យ​មាន​ការ​បាត់​បង់​ឡើយ​។ សម្តេច​បាន​បញ្ជា​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការងារ​ឱ្យ​បាន​ល្អ​បំផុត​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កន្លែងនានា ដែលដាក់ថា «Free Wi Fi» សូមឱ្យមាន Internet សម្រាប់ការប្រើប្រាស់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នា​ពេល​បច្ចុប្បន្ន​នេះ បើគ្មានInternet ខ្ញុំមិនដឹងថាត្រូវធ្វើកិច្ចការងារយ៉ាងណាទេ»។- សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោស និងចោទជាសំនួរទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការព្រងើយ​កន្តើយ​ចំពោះ​សុខទុក្ខ​របស់​កម្មករ​ដែល​មាន​ការ​រំលោភបំពានការងារ។- សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ យកលុយរដ្ឋទៅដោះស្រាយកម្មករ ដែលថៅកែមិនបើកលុយឱ្យ ហេតុអ្វី​មិន​ដោះ​ស្រាយ​បញ្ហា​នេះ? ទុកឱ្យកម្មករមកដាក់ញ្ញត្តិដល់ខុទ្ទការល័យសម្តេច?។- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម កួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែក​មុខ​រក​មេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និង​មួក​គណបក្ស​ប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយរីករាយ និងមានមោទនភាពបំផុត ចំពោះ​ភាព​ជា​ម្ចាស់​ផ្ទះ ​នៃកិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា កាល​ពី​ពេលក​ន្លង​ទៅ ​បាន​ធ្វើឡើងជោគជ័យ ត្រចះត្រចង់ជាទីបំផុត ទាំងដំណើរការរៀបចំ, សន្តិសុខ សុវត្ថិភាព,​ បដិ​សណ្ឋារកិច្ច និងចេញសេចក្តីថ្លែងការណ៍រួម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះបីជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើងថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យបន្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង ៣ការពារ ជាពិសេសនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមទីតាំង និងពេលវេលា ដែលបានកំណត់ដោយអាជ្ញាធរ និងក្រុមគ្រូពេទ្យ។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤០នាទី  

រាជរដ្ឋាភិបាល​ប្រកាសមិនទទួលស្គាល់​ចំពោះម្ចាស់បុរី​ និង​ម្ចាស់សេវាកម្ម​ទូរស័ព្ទចុះហត្ថលេខាផ្តាច់មុខជាមួយគ្នា

2022/08/17 08:55:48 am        594
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​មិន​ទទួល​ស្គាល់ ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ផ្ទះបុរី​ និ​ង​ម្ចាស់​សេវា​កម្ម​អ៊ីនធឺណែត​ដែល​បាន​ចុះហត្ថ​លេខា​ផ្តាច់មុខ​ជាមួ​យ​គ្នា​នោះ​ឡើយ​ ខណៈ​សកម្មភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​បុរី​ពិបាក​ទាក់​ទង​គ្នាយ៉ាង​ខ្លាំង​។ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​ចំនួន ៦២៣​នាក់​ នៅព្រឹ​ក​ថ្ងៃ​ទី​១៧​ ខែ​សីហា ​ឆ្នាំ២​០២២នេះ ​សម្តេ​ច​តេជោ ​ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​សហការ​ផ្តាច់​មុខ​ជា​មួយ​គ្នា​រវាង​ម្ចាស់​សេវាកម្ម​អ៊ីន​ធើណែត ​ និង​ម្ចាស់​ផ្ទះ​បុរី​វា​មិន​បាន​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ឡើយ ​ហើយ​សកម្មភាព​បែប​នេះ​សម្តេច​មិន​គាំ​ទ្រ​នោះ​ទេ​ ដោយ​សារ​តែ​អ្នក​រស់​នៅ​បុរី​ទាំង​នោះពិ​បាក​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង​តាម​រយៈទូរស័ព្ទ​។សូម​បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ​ប្រទេស​កម្ពុជា​មាន​អ្ន​ក​ប្រើ​ទូរស័ព្ទ​ចល័ត​ជាង​១៩​លាន​ស៊ីម​ អ្នក​ប្រើ​អ៊ីន​ធឺណិត​ចល័ត​ជាង​ ១៧​លាន​ស៊ីម,​ អ៊ីនធឺណិត​អចល័ត​ជាង​៣១​ម៉ឺន​, អ្នក​ប្រើ ​Facebook ជាង​១៣លាននាក់ ខណៈអ្នកប្រើ​ប្រាស់​ប្រព័ន្ធ​Messinger ជាង​១១​លាន​នាក់​។ ទាក់​ទង​នឹង​សេវាកម្មទូ​រស័ព្ទ​នេះ​ដែរ​ កាល​ពី​ខែ​កក្កដា​កន្ល​ងទៅ​នេះ ស​ម្ដេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក៏បាន​ប្រាប់​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​នៅ​កម្ពុជា​ គ​ប្បី​ពង្រីក​សេវា​អ៊ិនធឺណែត​របស់​ខ្លួន​ ដល់​តំបន់​ទេសចរណ៍​ដាច់​ស្រយាល ​ដើម្បី​ធ្វើ​យ៉ាង​ណាប​ម្រើផ​ល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​៕ អត្ថបទ៖ បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីនឹងពង្រីកការនាំចេញបច្ចេកវិទ្យាថាមពលទៅកាន់ប្រទេស BRICS
06/26/2026 06:06 PM
ក្រុមជំនួយពិភពលោកចូលរួមប្រតិបត្តិការសង្រ្គោះនៅវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ២៣៥នាក់
06/26/2026 06:06 PM
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
06/26/2026 06:06 PM
មេដឹកនាំអាមេរិកឡាទីន រួបរួមគ្នាគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏មហន្តរាយ
06/26/2026 06:06 PM
អូស្ត្រាលី ពិចារណាលើការអនុវត្តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់កាន់តែតឹងរ៉ឹង
06/26/2026 06:06 PM
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
06/26/2026 06:06 PM
អង្គការលើកលែងទោសអន្តរជាតិ ជំរុញឱ្យសហគមន៍អន្តរជាតិប្រមូលជំនួយបន្ទាន់សម្រាប់វ៉េណេស៊ុយអេឡា
06/26/2026 06:06 PM
អារ៉ាប៊ីសាអ៊ូឌីត ផ្អាកការធ្វើដំណើរទៅប្រទេសអាហ្វ្រិកចំនួន៣ ដោយសារក្តីបារម្ភពីជំងឺអេបូឡា
06/26/2026 06:06 PM
សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
06/26/2026 06:06 PM
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥​លាន​ម៉ែត្រ​គូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
06/26/2026 06:06 PM