TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ

2022/02/23 05:31:07 pm        596
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួត​ពិនិត្យ​លទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ក្នុងពិធីបិទ​សន្និបាត​សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រសាសន៍សំខាន់ៗដូចខាងក្រោម៖ -សម្តេចតេជោ ហ៊ុន សែម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កម្លាំងនគរបាលជាតិ មន្ត្រីស៊ីវិល និងរដ្ឋបាលបាលថ្នាក់ក្រោមជាតិ ​ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងពេលដែលកម្ពុជា​កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។-សម្តេចតេជោ ប្រកាសកោត​សរសើរ​ដល់នគរបាលជាតិ​ ក្នុងការប្រឆាំង​នឹងក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិក្នុងនិងក្រៅប្រទេស បានប្រើឧបាយកល​ និង​សកម្មភាព​ខុសច្បាប់ ដើម្បី​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។-សម្តេចតេជោ ហ៊ុន សែន បានកោត​សរសើរ​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និងការប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខជាតិ​ ដោយ​បញ្ចៀស​បានអំពើភេវរកម្ម និង​បង្ការ​ទប់ស្កាត់បានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបាន​សន្តិសុខ​ផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។-សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំ​ពុះពារ​រែកពន្ធ​ ការងារ​ជាច្រើនប្រកប​ដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្ត​ដោយផ្ទាល់​នូវ​វិធានការរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ​ទទួល​រងផលប៉ះពាល់ដោយកូវីដ-១៩​ និងគ្រោះធម្មជាតិនានា។-សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមហាផ្ទៃ ដែលប្រឹងប្រែងក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ​និងផ្លូវភេទ ការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បទល្មើសសេដ្ឋកិច្ច​ និងបទល្មើសផ្សេងៗ ទោះជាកម្ពុជា​រងការ​រំខានខ្លះៗដោយជំងឺកូវីដ-១៩ក៏ដោយ។-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង​ការចេញចូលតាម​បណ្ដា​ច្រកព្រំដែននានា ​ជាមួយនឹកការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនៃកូវីដ-១៩ និងការគ្រប់គ្រង​វត្តមានស្នាក់នៅរបស់ជនបរទេស​នៅក្នុងប្រទេសដោយយក​ចិត្ត​ទុកដាក់ ការពង្រឹង​សមត្ថភាពការងាររបស់មន្រ្តី ​ការបំពាក់មធ្យោបាយ​ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យយកចិត្តទុកដាក់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងប្រទេស បញ្ហាប្រឈមដែលជាកង្វល់ក្នុងសង្គម គឺការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះរួមទាំង​និន្នាការ​នៃការលួចប្រើប្រាស់សាធាតុគីមី​ផ្សំ​ដើម្បីផលិតគ្រឿងញៀនខុសច្បាប់​ទ្រង់ទ្រាយ​ធំ គ្រោះថ្នាក់ចរាចរណ៍ ​ការជួញដូរមនុស្ស ​អាជីវកម្មផ្លូវភេទ និងផលិតផលក្លែងក្លាយ​អន់​គុណភាព។-សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យមានការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ​ដោយត្រូវខិតខំសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចនូវកម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល​ ១០ឆ្នាំដំណាក់កាលទីពីរ ២០២១-២០៣០។-សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវតែងតាំង​បងប្អូនខ្មែរ​ឥស្លាមម្នាក់ជាអភិបាលរង ​ឬអាចធ្វើជាអភិបាលស្រុកម្នាក់ ​ខណៈខេត្តណា ​ឬស្រុកណា​ដែល​សម្បូរបងប្អូន​ខ្មែរឥស្លាម ​ហើយស្នើឲ្យមានការរៀបចំបងប្អូន​ជនជាតិដើមភាគតិច​ធ្វើជា​អភិបាលរងខេត្តម្នាក់​ផងដែរ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីលើកឡើងថា គ្មានអ្នកក្រណាមានលុយ​ទៅទិញឡាន​ជិះនោះទេ ​ខណៈអ្នកមាន ឬពួកអ្នកធំមានលុយទិញឡានជិះហើយបែ​ជា​លួចពន្ធ និង​មិនព្រមបង់ពន្ធចូលរដ្ឋទៅវិញ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានស្មារតី​បង់ពន្ធជូនរដ្ឋ​តាមច្បាប់ដែលបានកំណត់។ ទន្ទឹមនឹងនឹងនោះ ​កម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ណាស់សម្រាប់កិច្ចការមួយនេះ។ សម្តេច បញ្ជាក់ថា “បើមានលុយទិញឡានហើយ សូម​ទុកលុយ​ដើម្បីបង់ពន្ធផង”។-សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេច គឺគ្មាន​គោលនយោបាយណាមួយយកពន្ធដីស្រែ​ ឬដីចំការពីបងប្អូងប្រជាកសិករនោះឡើយ ខណៈគោល​នយោបាយបែបនេះ គឺបានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៨០ មកម្ល៉េះ។-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណាសម្តេចនៅដឹកនាំប្រទេស សម្តេច​នឹង​មិន​យកពន្ធ​ដីស្រែ​ពីកសិករឡើយ ។ បើនរណាហ៊ានយក សម្តេច​សូមដាក់បណ្តាសារ​ចំពោះ​ករណីនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួងស្ថាប័ន ឲ្យផ្អាករាល់​គម្រោងដែលមិនទាន់​បាន​អនុម័ត និងអំពាវនាវដល់មន្ត្រីឲ្យមានការសន្សំសំចៃខ្ពស់ ព្រោះយើងត្រូវទុកថវិកា​ទាំងនោះ​ ដើម្បី​ចំណាយ​លើការទិញវ៉ាក់សាំងកូវីដ-១៩​ និងយុទ្ធនាការ​ប្រឆាំងកូវីដ-១៩ ព្រមទាំង​ផ្តល់ការគាំទ្រ​លើជីវភាពដល់ប្រជាពលរដ្ឋក្រីក្រ។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលរបស់ជាតិខ្ទង់ជាង ៤០០លានដុល្លារអាមេរិក​ក្នុង​មួយខែ គឺមិនគ្រប់លើចំណាយក្នុង​បរិបថ​កូវីដ-១៩នោះទេ ហើយយើងក៏ពិបាកទុកថវិកា​ខ្លះ​សម្រាប់​សន្សំ​បម្រុងទុកប្រើប្រាស់ផងដែរ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន សូមពិចារណាលើការចំណាយ​ចរន្ត​ដែលមិនចាំបាច់ និងមិនតម្រូវការ។ សម្តេច​សូមអង្វរ​ដ៏ទទូចឲ្យមើលព្រៃទាំង​មូល សូម​កុំមើល​ឈើ​តែមួយដើម។-សម្តេចតេជោ បានអំពាវនាវហើយអំពាវនាវទៀត អ្នកណាក៏ដោយដែលមិនទាន់ មកបង់ពន្ធរថយន្ត​ប្រញាប់ប្រញាល់​មក​បង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ ​ហើយប្រសិនបើមិនព្រមបង់ទេ នឹង​បញ្ជាឲ្យ​រឹបអូស​រថយន្តនោះ​ដល់ផ្ទះតែម្តង ​ខណៈបច្ចុប្បន្ននៅសល់រថយន្តប្រមាណ ៥ពាន់គ្រឿងទៀតនោះ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តអត់ពន្ធទាំងឡាយ សូមមេត្តាចេញមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ​ហើយក៏គ្មានការអនុគ្រោះពន្ធ ១០ភាគរយទៀតដែរ។ សម្តេចព្រមានថា “ប្រយ័ត្នគេទៅរឹបអូសឡានដល់ក្នុងផ្ទះ និងយកកម្ទេចចោល​ ដូចពេលកន្លងទៅ”។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នខ្ពស់​លើបញ្ហាកូវីដ-១៩ ទោះជាកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ​មិនបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរ​ច្រើន​ក៏ពិតមែន តែ​ករណីឆ្លងរីករាលប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំងណាស់។-សម្តេចតេជោ ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះ​ធ្វើការ​សហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយ​នាពេល​កន្លងទៅ​រដ្ឋ​មន្រ្តី​ក្រសួងរូបនេះ បានធ្វើការតែឯងមិនចេះស្តាប់គេស្តាប់ឯង ដោយ​បណ្តោយ​ឲ្យ​ដំឡើង​ថ្លៃ​ស្រេច​តែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មាន​ការ​ថ្នាំងថ្នាក់​ជាដើមនោះ។

ក្រុមគ្រូពេទ្យក្នុងខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ

2022/02/23 04:09:42 pm        431
កំពង់ធំ ៖ ក្រុមគ្រូពេទ្យខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ដូសទី១ ដែលចំនួនជិត ៣ម៉ឺននាក់ ដែលត្រូវបានបែងមណ្ឌលចាក់វ៉ាក់សាំង ចំនួន៣៩ នៅតាមក្រុងស្រុក ទាំង៩។នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ចាប់ផ្តើមបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ ក្រោម អាយុ៥ឆ្នាំ ដែលលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការ​ចាក់វ៉ាក់​សាំង ដូសទី១ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គឺជាជំហានមួយផ្សេង​ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកទុកដាក់បន្ថែមលើ​សុខុមាលភាព​កុមារ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ។ ការផ្តល់វ៉ាក់សាំងនេះ នៅតែធ្វើទន្ទឹមគ្នាជាមួយដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដល់កុមារ ​និងប្រជាពលរដ្ឋ អាយុពី១៨ឆ្នាំឡើងផងដែរ។មាតាបិតារបស់កុមារ បានសាទរចំពោះយុទ្ធនាកាចាក់វ៉ាក់សាំង ​ដែលក្នុងក្រុមគ្រួសាររបស់ ពួកគេ ភាគច្រើន បានចាក់វ៉ាក់សាំងទៅតាមដូស​ ដែលរាជរដ្ឋាភិបាលផ្តល់ជូន ទៅតាមដំណាក់កាល​រួចរាល់។ ថ្ងៃនេះដែរ ពួកគេ បាននាំកូនៗរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ មក​ទទួលការ​ចាក់វ៉ាក់សាំង ​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​រស់ននៅ។លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ នេះ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើង ចាក់ដូសទី១ សរុបចំនួនជិត៤៨ម៉ឺននាក់, ចាក់ដូសទី២ សរុបចំនួនជិត៤០ម៉ឺននាក់ ចាក់ដូសទី៣ (ដូសជំរុញ) មានចំនួនសរុបជិត១៥ម៉ឺននាក់ ដូសទី៤ ចំនួន ជាង១ម៉ឺននាក់។ កុមារអាយុ១២-១៧ឆ្នាំ ចាក់ដូសទី១ សរុបជាង៩ម៉ឺននាក់, ចាក់ដូសទី២ សរុបជាង៩ម៉ឺន នាក់ ចាក់ដូសទី៣ ជាង៤ម៉ឺននាក់។ កុមារអាយុ០៦-១១ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត១០ម៉ឺននាក់ ចាក់ ដូសទី២ សរុបចំនួនជាង៩ម៉ឺននាក់។ កុមារអាយុ០៥ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត២ម៉ឺននាក់ និង ចាក់ ដូសទី២ សរុបចំនួនជាង៩ពាន់នាក់៕អត្ថបទ៖ លី សាងស៊ីន

ខេត្តកណ្តាលចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ

2022/02/23 01:00:37 pm        486
កណ្តាល៖ ខេត្តកណ្តាល ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ ៣​ឆ្នាំដល់៥ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាង ១០០កន្លែងនៅទូទាំងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។ ក្នុងថ្ងៃចាក់វ៉ាក់សាំងថ្ងៃដំបូងនេះ អាណាព្យាបាល បាននាំកូនៗទៅចាក់វ៉ាក់សាំង ជាមួយនឹងការអនុវត្តវិធានសុខាភិបាលការពារឆ្លងមេរោគកូវីដ១៩។សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ អាណាព្យាបាលកុមារខ្លះ បានសុំច្បាប់សំរាកពីការងារមួយព្រឹក ខ្លះផ្អាកការប្រកបរកស៊ីមួយព្រឹក ហើយខ្លះរវល់ការងារមិន​អាកខាន ក៏ផ្ញើ​កូន​ផ្ញើចៅ​អោយ​ជីដូន ឬ​សាច់ញាតិ​ជិតខាង​នាំ​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ការពារកូវី​ដ១៩​នេះ​ ដោយមិនអាកខានបាន។ពួកគេលើកឡើងថា ​នៅពេលបច្ចុប្បន្ន ​ប្រជាពលរដ្ឋ ទាំង​អស់គ្នាពិត​ជា​មានជំនឿ​ទុក​ចិត្ត​ខ្លាំង​លើ​ការងារចាក់វ៉ាក់សាំងការពារកូវីដ១៩ ​ បន្ថែមលើការអនុវត្ត​ពាក់ម៉ាស់ ​ឧស្សាហ៍លាងដៃអាកុលជែល រក្សាគន្លាត ដើម្បីទប់ស្កាត់ការឆ្លង ​មេរោគកូវីដ១៩ ​ជាពិសេស​មេរោគបំបែ្លងខ្លួនថ្មីអូមីក្រុង។សម្រាប់ការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋ ​ក៏ទន្ទឹងរងចាំជាយូរមកហើយសម្រាប់ការចាក់​ជូន​ក្មេងៗអាយុក្រោម៦ឆ្នាំ ​ស្របពេល ​កុមារតូចៗ​ចូល​រៀននៅថ្នាក់មត្តេយ្យទាំងសាលារដ្ឋ និងសាលាឯកជន។យោងតាមមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកជ័យជំនះ ​ក្រុងតាខ្មៅ សម្រាប់ការចាក់វ៉ាក់សាំងជូន​កុមារតូចដូសទី១នេះគឺ​ យើងអាចចាក់បាន ​ដោយ​គ្រាន់តែ​ អាណាព្យាបាលត្រូវយក សំបុត្រ​កំណើត​កូនតូច​មកជាមួយ​ ដើម្បីអោយក្រុមពេទ្យចុះក្នុងប្រព័ន្ធបញ្ជីតាមទូរសព្ទដៃ ។សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកណ្តាល ​មានកុមារអាយុចាប់ពី៣ឆ្នាំ ​ដល់អាយុ៥ឆ្នាំ ដែល​ត្រូវចាក់វ៉ាក់​សំាង​ការពារកូវីដ១៩នេះ ​មានប្រមាណ ៤ម៉ឺន៤០៩៦នាក់ ៕អត្ថបទ៖ ស៊ុម សុខជា

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ផ្តើមដំណើរការនៅថ្ងៃនេះ

2022/02/23 12:51:27 pm        433
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើតអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។អាណាព្យាលបាល រស់នៅរាជធានីភ្នំពេញ បាននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីកូនៗចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្ត ជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ តែបើទោះចាក់វ៉ាក់សាំងរួច ពួកគេនៅបន្តយកចិត្តទុកដាក់ចំពោះកូន ដោយប្រកាន់​ភ្ជាប់វិធាន​ការ​សុខាភិបាល និងវិធានការ៣កុំ ៣ការពារ។ ក្រៅពីនេះ ពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំង​មក​ចាក់​ជូនប្រជាពលរដ្ឋ។សម្រាប់អាណាព្យាបាល ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ​ត្រូវភ្ជាប់​ទៅជាមួយនូវឯកសារ​ ដូចជា សំបុត្រ​កំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ​សៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន និង​ចំពោះកូនចៅ​មន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារទៅជាមួយ ​ដូចជា​ប័ណ្ណ​សំគាល់​ខ្លួន​មន្រ្តី​រាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ចសន្យា។បច្ចុប្បន្នកម្ពុជា ​រកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣លានដូស ​រាប់​បញ្ចូល​ទាំង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ ​និង​បណ្តាប្រទេសផ្សេងៗ​មួយ​ចំនួន​ទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩៕អត្ថបទ៖ សោភ័ណ 

នាវាទេសចរណ៍ឈ្មោះ NORWEGIAN SPIRIT ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

2022/02/23 12:01:00 pm        803
ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ការចូលចតរបស់នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរទេ គឺជាដំណើរចូលចតនដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវានេះ តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមកចូលធ្វើការក្នុងនាវាវិញ។គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម៉ែត្រ ទទឹង ៣៦ម៉ែត្រ និងជម្រៅទឹក៨,២ម៉ែត្រ ។ ការឈប់សំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការរបស់ខ្លួននេះ អាចនឹងប្រើពេល ៣-៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕

កម្ពុជាកំពុងអនុវត្តគម្រោងផលិតអគ្គិសនីធំៗចំនួន៨កន្លែង ស្មើនឹងជាង ២០០០មេហ្គាវ៉ាត់

2022/02/23 11:56:59 am        542
ភ្នំពេញ៖ កម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងស្រុក ចំនួន ៨កន្លែង ដែលអាចផលិតបានចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នការតភ្ជាប់បណ្ដាញអគ្គិសនីតាម ភូមិ សម្រេចបានជិត ១០០ភាគរយហើយ ។របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិត​អគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។របាយការណ៍ បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះ ​មានគម្រោងប្រើធ្យូងថ្ម ពន្លឺ ព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។របាយការណ៍ដដែល បានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជា គ្រោងនាំ ចូលបន្ថែមអគ្គិសនីពីប្រទេសឡាវ ចំនួនជាង ២០០០មេហ្គាវ៉ាត់ ​ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារី អគ្គិសនី កំពុងដំណើរការចំនួន ១០កន្លែង ។ឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះ មានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាពផលិត ​បញ្ជូន​ ចែកចាយ និង​ការភ្ជាប់​បណ្ដាញឲ្យអ្នក ​ប្រើប្រាស់អគ្គិសនី ​ឲ្យទាន់តាមផែនការកំណត់។ឯកឧត្តម បានបញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងបន្តជំរុញកែលម្អការផ្ដល់សេវាឲ្យអ្នកប្រើប្រាស់​ ឲ្យរឹត តែខ្លាំង គ្រប់គ្រាន់​ មានចីរភាព​ អាចទុកចិត្តបាន ​មានគុណភាព ​និងមានតម្លៃសមរម្យ រួមទាំង​ពង្រឹង​យន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី​ឲ្យរឹតតែមានប្រសិទ្ធភាព។គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែន នៃអាជ្ញាបណ្ណ ដែលផ្តល់ឱ្យអ្នកចែកចាយ ធ្វើការវិនិយោគ និង អភិវឌ្ឍន៍​បណ្តាញចែកចាយអគ្គិសនី ​ទាំងរដ្ឋ ​និងឯកជន ​មានចំនួន១៤ ​១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ ​នៃចំនួនភូមិ​សរុបទូទាំងប្រទេស​ ដោយ​ក្នុង​ចំណោមភូមិទាំងអស់នេះ មាន​ចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ ​ភាគរយ ​ពុំទាន់​មានខ្សែបណ្ដាញទៅដល់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដល់កម្ពុជានាល្ងាចនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការពីរថ្ងៃ

2022/02/23 11:41:25 am        351
ភ្នំពេញ៖ តាមការគ្រោងទុក នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូល ជួបសម្ដែងការគួរសមចំពោះសម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមានជំនួប ពិភាក្សា​អំពី​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន​ វិស័យពាណិជ្ជកម្ម និងការ​វិនិយោគ ​សេដ្ឋកិច្ច-សង្គម ​ការការពារជាតិ និងសន្តិសុខ និងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ នៃជំងឺកូវីដ-១៩។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ​និងអន្តរជាតិនានា ដែល​ជាផលប្រយោជន៍ និងក្តីបារម្ភរួម ​ខណៈក្រោយពីជំនួបទ្វេភាគី នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នឹង ​អញ្ជើញធ្វើ​សន្និសីទ​កាសែត​រួមគ្នាផងដែរ។ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច នេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារ សំខាន់​ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​ សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ ដែល​មាន​ស្រាប់រវាងកម្ពុជានិងម៉ាឡេស៊ី ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី សម្រាប់ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក ​នៃប្រទេសទាំងពីរ៕អត្ថបទ៖ សេក ឧត្តម

បារាំង ផ្តល់អាទិភាពយកទេសចរណ៍កម្ពុជាធ្វើជាគំរូការអភិវឌ្ឍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិអាស៊ាន អឺរ៉ុប

2022/02/22 02:26:17 pm        720
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ខែកុម្ភៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ថ្លែងថា រដ្ឋាភិបាលបារាំង មានគម្រោងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឲ្យក្លាយជាទេសចរណ៍គំរូនៅក្នុងតំបន់អាស៊ាន និងដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការកម្ពុជាបារាំង ក៏ដូចអាស៊ាន អឺរ៉ុបមានការរីកចំរើន។បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងក្រោយជំនួបនេះថា នៅពេលបច្ចុប្បន្ន រដ្ឋាភិបាលបារាំង បាននិងកំពុងផ្តល់គាំទ្របង្កើតសាលាជាតិទេសចរណ៍ចំនួន២ រួមមាន​នៅរាជធានីភ្នំពេញ ​និងនៅខេត្តព្រះសីហនុ ​ហើយក្រៅពីនេះ ​រដ្ឋាភិបាលបារាំង​ក៏បាននិងកំពុង​អនុវត្ត​គម្រោង​ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នានាទៀត រួមមានការអភិវឌ្ឍវិស័យធនធានមនុស្ស និង​ការអភិវឌ្ឍ​ផលិតផលទេសចរណ៍នានា​ជាច្រើនទៀត ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍ទេសចរណ៍​ក្រោមជំនួយ​កិច្ចសហប្រតិបត្តិការទីភា្នក់ងារបារាំង ដើម្បីអភិវឌ្ឍន៍។ឯកឧត្តម បន្តថា ​តាមការគ្រោង ​រដ្ឋាភិបាលបារាំង នឹងប្រែក្លាយ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា​ អោយក្លាយជាទេសចរណ៍គំរូ ​នៅក្នុងតំបន់ ដើម្បី​ជម្រុញ​បង្កើនសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍រវាងកម្ពុជា បារាំង ​ក៏ដូចអាស៊ាន និងអឺរ៉ុបផងដែរ។នៅក្នុងជំនួបនេះដែរ ឯកឧត្តមហ្សាក់ ប៉ឺឡេ បានថ្លែងថា កម្ពុជា មានតំបន់ទេសចរណ៍​ដែលមាន​សក្តានុពល​ជាច្រើន ខណៈពលរដ្ឋខ្មែរក៏មាន​ស្នាមញញឹម​ទទួល​រាក់ទាក់ល្អ និង​ស័ក្ដិសម​ជា​ប្រទេស​ដែលមានទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជាផងដែរ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកទេសចរណ៍កម្ពុជា បាន​ទទួលភ្ញៀវទេសចរពីប្រទេសបារំាង ជាច្រើនមកទស្សនាកម្ពុជា ​ហើយក្នុងនោះ កម្ពុជា​ក៏មានធុរជន​បារាំងជាច្រើន ​កំពុងបើករបរអាជីវកម្មក្នុងវិស័យទេសចរណ៍​ជាច្រើននៅកម្ពុជា បើទោះ​ស្ថានការណ៍​កម្ពុជា កំពុងជួបការរាតត្បាតកូវីដ១៩ក៏ដោយ។នៅពេលឆាប់ៗនេះ ឯកឧត្តម ថោង ខុន នឹងអញ្ជើញទៅជួបពិភាក្សា សំណេះសំណាល​ការងារ​ជា​មួយបណ្តា​ក្រុម​អ្នកវិនិយោគទុន និង​ក្រុមធុរជន​បារាំងនានាទៀត​ដែលកំពុងបើក​របរ​អាជីវកម្ម​នៅកម្ពុជា ​ដើម្បីរកវិធីសាស្ត្រ ​ជួយបណ្តាក្រុមធុរជន និងប្រតិបត្តិករទេសចរណ៍​ជនជាតិ​បារាំង​ទាំងនោះ ​អោយមានការងើបឡើងវិញ ក្រោយសា្ថនការកូវីដ១៩ មានការធូរស្រាល៕ អត្ថបទ៖ ស៊ុម សុខជា

តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ថា កម្ពុជាជាគោលដៅចម្បងដែលប្រជាជនអ៊ីរ៉ង់ចង់មកទស្សនា

2022/02/22 02:01:42 pm        702
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ali Akbar Nazzari ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះឯកឧត្តម Ali Akbar Nazzari បានថ្លែងថា អ៊ីរ៉ង់ និងជម្រុញបើកជើងហោះហើរលក្ខណៈជាត្រីកោណមក ខណៈពលរដ្ឋជាច្រើននៅប្រទេសអ៊ីរ៉ង់ បានចាត់ទុកកម្ពុជា គោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនា។ឯកឧត្តម Ali Akbar Nazzari ថ្លែងថា កាលពីពិភពលោកមិនទាន់ផ្ទុះការរាតត្បាតមេរោគកូវីដ១៩ គឺមានពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានមកទស្សនាកម្ពុជា មកធ្វើការងារ ក៏ដូចការវិនិយោគជាច្រើន​នៅ​កម្ពុជា ហើយនៅក្រោយស្ថានការណ៍កូវីដ១៩វិញ យើង​រំពឹងថា​ទេសចរអ៊ីរ៉ង់​នឹង​មកទស្សនា​ច្រើន​ដូចធម្មតាវិញ។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន​ កម្ពុជារៀបចំត្រៀមរួចរាល់ ក្នុង​ការ​ទទួល​ទេសចរម៉ូស្លីមមកទស្សនាកម្ពុជា ​ខណៈនៅពេលបច្ចុប្បន្នកម្ពុជា ​បានធ្វើការបើកប្រទេសវិញ ដោយ​មាន​លើកលែង​ការធ្វើចត្តាឡីស័ក ​ករណីធ្វើតេស្តមិនមានករណីវិជ្ជមានកូវីដ១៩។ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងឱកាសដែលកម្ពុជា ​រៀបចំវេទិការទេសចរណ៍អាស៊ានATF នៅខេត្តព្រះសីហនុ នៅចុងពាក់កណ្តាល ខែមករាឆ្នាំ២០២២នេះ រដ្ឋមន្ត្រីទេសចរណ៍​បណ្តា​ប្រទេស​អាស៊ាន ​បានប្រកាសបើក​អាស៊ានវិញ ​ដោយ​អនុវត្តតាមគោលការណ៍​ណែនាំអាស៊ាន ការ​ចាក់វ៉ាក់សាំង និង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរទេសចរណ៍​ពីតំបន់មាន​សុវត្ថិភាព​ទៅ​កាន់គោលដៅ​ទេសចរណ៍ដែលមានសុវត្ថិភាពនានាទៀតនៅក្នុងតំបន់។នៅក្នុងជំនួបនេះដែរ ​ឯកឧត្តម Ali Akbar Nazzari ក៏បានឯកភាព​គាំទ្រ​សំណើរ​ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ​ជំរុញ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សន​កិច្ចថ្នាក់ដឹកនាំ ​និង​មានចុះហត្ថលេខាលើ​អនុសារណៈកិច្ច​ព្រមព្រៀង​ការ​ផ្លាស់ប្តូរ​វិស័យ​ទេសចរណ៍​ រវាងថ្នាក់ដឹកនាំរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសពីរ កម្ពុជា អ៊ីរ៉ង់​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការវិនិយោគ ​និងវិស័យទេសចរណ៍៕ អត្ថបទស៊ុម សុខជា

សម្ដេចតេជោ នឹងអញ្ជើញទៅទទួលកងរក្សាសន្តិភាពជប៉ុន ក្នុងរយៈពេល៣ថ្ងៃ ដែលនឹងមកដល់​នៅ​ខេត្តព្រះសីហនុ នាខែក្រោយ

2022/02/22 06:24:01 am        530
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២កុម្ភៈ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឆ្នាំក្រោយនឹងមានខួបលើកទី៧០ នៃទំនាក់ទំនង​ការទូតរវាងកម្ពុជា និងជប៉ុន ហើយឆ្នាំនេះ ជាខួបលើកទី៣០ ជាថ្ងៃចងចាំនៃការមកដល់របស់កងរក្សាសន្តិភាពរបស់ជប៉ុន (PKO) មកកម្ពុជា។ជាមួយនឹងការរម្លឹកពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន សម្តេចបានមានប្រសាសន៍ថា សម្រាប់ការរៀបចំខួបលើកទី៣០ឆ្នាំនៃថ្ងៃចងចាំការមកដល់របស់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា​កាលពីឆ្នាំ១៩៩២នោះ នៅពេលនាវារបស់ជប៉ុនបានមកហើយ សម្ដេច​នឹង​អញ្ជើញ​ទៅ​ស្នាក់នៅ ក្រុងព្រះសីហនុ ​រយៈពេលបីថ្ងៃ ​គឺចាប់ពីថ្ងៃទី១៤ ,១៥និង១៦ ខែមីនា​ដែលនឹងមានរៀបចំកម្មវិធីមួយ​ចំនួនដូចជាការទទួលជួបជុំទទួលទានអាហាររវាងកងរក្សាសន្តិភាពរបស់ជប៉ុន ជាមួយ​សម្ដេច​ជា​ដើម។ទាក់ទងនិងការរៀបចំខួប៣០ឆ្នាំនូវការចងចាំនៃការមកដល់កម្ពុជា របស់កងរក្សាសន្តិភាព​របស់​ជប៉ុន​កាល​ពីឆ្នាំ១៩៩២ បន្ទាប់ពីសម្តេច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ។សម្តេច បន្តថា ឆ្នាំ១៩៩២ពេលនោះ ឯកឧត្តម អា កាស៊ី ដែលជាជនជាតិជប៉ុនជាប្រធានអ៊ុនតាក់នៅ​កម្ពុជា​បាន​សំណូមពរឲ្យ​សម្ដេច​ធ្វើដំណើរទៅកាន់​ទីក្រុងវ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក​ដើម្បី​ចលនា​សហរដ្ឋអាមេរិក​ឲ្យចូលរួម​វិភាគ​ទាន​សម្រាប់​ដំណើរការ​នៃ​ប្រតិបត្តិការរក្សា​សន្តិភាព​នៅ​កម្ពុជា​តាមរយៈអ៊ុនតាក់។នេះជាសំណូមពររបស់​ឯកឧត្តម ​អាកាស៊ីហើយទាក់ទង​នឹងវត្តមានរបស់កងរក្សាសន្តិភាពជប៉ុន​មក​កម្ពុជា​តាម​រយៈកិច្ច​ព្រមព្រៀង​ប៉ារីស​និង​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិដែលហៅថា​អ៊ុនតាក់​សម្ដេច​ក៏បានសម្រេច​អំពីរឿងនេះ​ឱ្យកងស្វ័យ​ការពាររបស់ជប៉ុន​មក​កម្ពុជា ដែលនេះ​ជាព្រឹត្តិការណ៍គួរឱ្យចង់ចាំលើការមកដល់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា ជាពេលវេលាបានកន្លងផុត រយៈពេល៣០ឆ្នាំហើយ។នេះជាខួប​អនុស្សាវរីយ៍​ដែល​កម្ពុជា​ត្រូវ​ទទួលធ្វើ​នៅ​ពេលដែលកងនាវារបស់ជប៉ុន​នឹងចូលមកដល់​កំពង់​ផែ​កម្ពុជា​នៅខែ​មីនាខាង​មុខ​នោះ​សម្ដេច​នឹង​អញ្ជើញ​ទៅទីក្រុងព្រះសីហនុដើម្បីសួរសុខទុក្ខកង​រក្សា​សន្តិភាពជប៉ុនផង​និងអាច​អញ្ជើញ​មន្ត្រីកងរក្សាសន្តិភាពជប៉ុន​រួមជាមួយ​នឹងឯកឧត្តម​ឯកអគ្គរាជ​ទូតជប៉ុន ជួប​សំណេះសំណាល​និង​ទទួល​ទាន​អាហារជាមួយគ្នា​ដែល​នេះ​ជាផ្នែកមួយ​នៃសកម្មភាពនៃការរំលឹកខួប៣០ឆ្នាំ នៃ​កងស្វ័យការពាររបស់ជប៉ុន​មក​កាន់កម្ពុជា​ដែល​មាន​ពលិកម្ម​របស់កងទ័ព ​កងនគរបាល​ កងរក្សាសន្តិភាព​នៅលើទឹកដីកម្ពុជា​ផងដែរ ហើយ​ក៏​ជាដំណើរឆ្ពោះទៅ​អបអរសាទរខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារចុះមូលដ្ឋាន ប្រគល់ផ្ទះដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ
07/01/2025 08:07 AM
អាមេរិក និងកាណាដា ត្រៀមបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីទីក្រុងអូតាវ៉ា ទម្លាក់ពន្ធឌីជីថល
07/01/2025 08:07 AM
គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា
07/01/2025 08:07 AM
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកទូទាំងហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត១០០នាក់ ខណៈមានការជំរុញបទឈប់បាញ់ថ្មី
07/01/2025 08:07 AM
មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM