ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ADBអនុម័តប្រាក់កម្ចីជិត ១០០លានដុល្លារដល់កម្ពុជា សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ

2022/02/16 02:07:50 pm        432
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមាន ការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។ នេះបើយោងតាមគេហទំព័រ ផ្លូវការរបស់ADB។លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB មានប្រសាសន៍ថា គម្រោង នេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និង​បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផងដែរ ដើម្បីជួយកម្ពុជា​បង្កើនប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន និងផ្គត់ផ្គង់​វ៉ាក់សំាង ព្រមទាំង​កាត់​បន្ថយបញ្ហាប្រឈមក្នុងការទទួល​បាន​វ៉ាក់សំាង​ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។ជាមួយគ្នានោះដែរ ADB បាន​កោតសរសើរប្រទេសកម្ពុជា​ទទួលបានជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​គ្រប់គ្រង​ការរីករាលដាលនៃកូវីដ១៩​ ក្នុងឆ្នាំ២០២០។ ​ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បាន​បង្កជាសម្ពោធ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធថែទាំសុខភាព ​ហើយ​បណ្តាល​ឱ្យមានការបិទសាលារៀន និង​អាជីវកម្មជាច្រើន ​មួយរយៈពេលធំក្នុងឆ្នាំនោះ។ប្រភព បានបន្តទៀតថា ប្រទេសកម្ពុជា​បានផ្តល់ចាក់វ៉ាក់សាំង​យ៉ាងពេញលេញដល់​ប្រជាពលរដ្ឋ​ប្រមាណ ​៨០% នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ​ចាក់​វ៉ាក់សាំងថ្នាក់​ជាតិ នៅថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុង​ចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% ​បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ទោះបីជាយ៉ាងនេះក្តី​ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែងាយរងគ្រោះចំពោះការកើនឡើង​នៃការ​ឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់​ការ​ទទួល​បានវ៉ាក់សាំងនៅ​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០លានដុល្លារ​ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។គម្រោងខាងលើ ជាការគាំទ្របន្ថែម​ទៅ​លើជំនួយ​ទាក់ទង​នឹងកូវីដ១៩ កន្លងទៅ​របស់​ADBដល់កម្ពុជា។ ​កាលពីថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ​ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព ​សង្គម និង​សេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រ​គម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់​ក្រសួងសុខាភិបាលកម្ពុជា។ ​នៅខែតុលា ឆ្នាំ២០២១ ADB បានអនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០ លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ​ (Greater Mekong Subregion Health Security Project) ​ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមាន​ការកើនឡើងនៃករណីជំងឺកូវីដ១៩។ជាមួយគ្នានេះដែរ ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ​ វិបុលភាព ​បរិយាប័ន្ន ភាពធន់ ​និងនិរន្តរភាព ​ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក​ ស្របជាមួយ​នឹងការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំងផងដែរ៕អត្ថបទ៖ បាន ចក់

អភិបាលខេត្តឧត្ដរមានជ័យ អំពាវនាវដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសទី៣ និងទី៤

2022/02/16 01:22:21 pm        499
ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ឱ្យទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មកាចំពោះកិច្ចការចាក់ វ៉ាក់សាំងខេត្ត ​បានឱ្យដឹងថា ខណៈពេលនេះ អូមីក្រុង ត្រូវបានរកឃើញក្នុងសហគមន៍ខេត្តជាប់​ជាយដែនមួយនេះហើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបង្ការខ្លួនកុំឱ្យឆ្លង ដោយ​ត្រូវ​អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាល​ និងវិធានការបីកុំ ​បីការពារ ពិសេសគឺត្រូវទៅ​ចាក់វ៉ាក់​សាំង​ដូសជំរុញទី៣ ​និងទី៤ ​ឱ្យបានគ្រប់គ្នា បើម្បីបង្កើនអង់ទីគ័រក្នុងខ្លួនទប់ទល់​នឹង​មេរោគបំប្លែង​ថ្មីនេះ​។ឯកឧត្តម ​បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ​ កំពុងរង់ចាំចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅ​តាមទីតាំងដែលកំណត់រៀបចំរួចរាល់។ ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កាត់​បន្ថយការជួបជុំដែលមានមនុស្សច្រើន ដែល​មានចរិត​ជា​ការ​ឆ្លងជំងឺកូវីដ-១៩៕អត្ថបទ៖ ឃិន សារិទ្ធ

ក្រសួងទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរនឹងចូល​ទស្សនាកម្ពុជា​តាម​កញ្ចប់​ទេសចរណ៍​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២២​តទៅ

2022/02/16 12:47:34 pm        681
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាចាប់ពីខែមីនានេះទៅ នឹងចាប់ផ្តើមមានភ្ញៀវទេសចរវ៉ាក់សាំងអន្តរជាតិ មកទស្សនាកម្ពុជា តាមរយៈការកក់ និងការទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា លក្ខណៈក្រុមធំៗ នៅកម្រិតតិចតួច ហើយនឹងមានកំណើនឡើងខ្លាំង ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះ។បើតាម លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍ នៃក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៦ ​ខែមករានេះ ថា ក្រោយពី​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​ប្រកាសបើកប្រទេសវិញនៅថ្ងៃទី១៤​ ខែវិច្ឆិកាឆ្នាំ២០២១មក រហូត​មកថ្ងៃទី៣១ ខែមករា ​ឆ្នាំ២០២២នេះ មាន​ជើង​ហោះ​ពី​បណ្តាប្រទេសមកកាន់​កម្ពុជា មាន​ប្រមាណជាង ៣២៦ជើង កើនឡើងជិត២០% ។ចាប់តាំងពីខែមករាដើម ឆ្នាំ២០២២ នេះមក កម្ពុជា ចាប់ផ្តើម​មាន​ភ្ញៀវទេសចរវ៉ាក់សាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​តាម​កញ្ចប់ទេសចរណ៍ជាបណ្តើរៗតែក្នុង​កម្រិត​តិចតួច ​ជាពិសេសភ្ញៀវមក​ពី​តាមតំបន់​អឺរ៉ុប ​ហើយកម្ពុជា​ក៏មាននាំភ្ញៀវជាកញ្ចប់ទៅទស្សនាប្រទេសគេវិញដែរដូចជាទៅឌុយបៃ ទៅប្រទេសថៃ ជាដើម។បើតាមបណ្តាអ្នកជំនាញទេសចរណ៍ ក៏ដូចក្រុមហ៊ុនការីទេសចរណ៍ ​បានលើកឡើងថា ការបើក​ប្រទេស​វិញរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​កាលពីថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បាន​ធ្វើឲ្យការីទេសចរណ៍​មានទំនុកចិត្តផ្សព្វផ្សាយដល់ដៃគូ និងភ្ញៀវទេសចរអន្តរជាតិ​មក​ទស្សនា​កម្ពុជា ខណៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា​កម្ពុជា​គឺត្រូវបានពេលយូរ​ដើម្បី​ឈាន​រកត្រឡប់មកភាពដើមវិញ។របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនការីទេសចរណ៍​ចំនួន ៣៦ក្រុមហ៊ុន បានចុះបញ្ជី​ធ្វើ​អាជ្ញាបណ្ណបើកអាជីវកម្ម​ជា​ការី​ទេសចរណ៍​ជាមួយនឹងការ​លើក​លែងពន្ធ ​និងការបង់ថ្លៃសេវារដ្ឋនានាទៀត ។ របាយការណ៍ បញ្ជាក់ថា ចាប់​តាំងពីរាជរដ្ឋាភិបាលបានប្រកាស​បើក​ប្រទេស​រហូត​មក​ដល់រហូត​ដើម​ខែកុម្ភៈឆ្នាំ២០២២នេះ ​មានទេសចរក្នុងស្រុកចេញដើរប្រមាណជាងជាង ៤លាននាក់ គឺ​មាន​ភ្ញៀវដើរតាមកញ្ចប់​ទេសចរណ៍ក្នុងមានប្រមាណ៣០៧៤នាក់៕ អត្ថបទ ស៊ុម សុខជា

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន២០៤នាក់ ជាប្រភេទអូមីក្រុង

2022/02/16 12:20:26 pm        414
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២០៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍​ចំនួន​១៩៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,៣៤៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៣៥៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្រសាសន៍សំខាន់ៗ​របស់​សម្ដេចតេជោ​ ក្នុង​ឱកាស​សម្ពោធ​ស្ពាន​៧​កន្លែង នៅតំបន់ប្រឈមនឹងទឹកជំនន់ ​ជា​ជំនួយ​របស់​ជប៉ុន

2022/02/16 05:36:58 am        610
ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយជប៉ុន មានតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។*ប្រសាសន៍របស់សម្ដេចតេជោ​ដូចខាងក្រោម៖-​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោយប្រទេសជាច្រើនដែលបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្តារឡើង​វិញ​ក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពទាំងស្រុង។-សម្តេចតេជោ បានលើកឡើងថា ស្ពាននីមួយៗប្រសិនបើគ្មានការដឹកលើសទម្ងន់ទេ អាចប្រើប្រាស់​បាន​រាប់សិបឆ្នាំរហូតដល់មួយរយឆ្នាំក៏បាន។-សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ជាមនុស្សពូកែ​ស្មូម​ ប៉ុន្តែការ​ស្មូមរបស់​សម្តេចនេះ​ពុំមែន​យកមកធ្វើផ្ទះសម្តេចផ្ទាល់ខ្លួននោះទេ គឺយកមកធ្វើហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ប្រទេសជាតិ ​និងប្រជាជនកម្ពុជា​ទាំងមូលតែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា ការតភ្ជាប់របស់កម្ពុជាកាន់តែមានការរីកចម្រើន ដែល​ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដោយសេរី និងឆាប់រហ័ស។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបាននាពេលនេះ គឺ​ជា​ការរួមចំណែក​យ៉ាង​ធំធេងរវាងទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុនខណៈទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរមានរយៈ ៦៩ឆ្នាំហើយនោះ។- សម្តេចតេជោ បានបញ្ជាក់ថា សម្តេចទើបតែដឹងថា អភិបាលខេត្តក្រចេះបច្ចុប្បន្ន គឺឯកឧត្តម វ៉ាថន ជាក្មួយ​ប្រសារ​របស់​សម្តេច ដោយ​សម្តេច បានបញ្ជាក់ថា បើថ្ងៃ​ណា​មួយ​ឯកឧត្តម វ៉ា ថន ​ធ្វើអ្វីខុស សូម​កុំជេរ​រាលដាល​ដល់​សម្តេច​អោយ​សោះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជប៉ុនបានយកយន្តហោះផ្ទាល់ខ្លួនមកដឹក​លោកឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងទ័ព​ជើងគោក ​និងគណៈប្រភូទៅទស្សនកិច្ចផ្នែកយោធានៅប្រទេសជប៉ុន​ ដែល​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់​ទុកជា​ទស្សនកិច្ច​ដ៏​មាន​សារសំខាន់ ​និង​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់​ខ្ពស់​សំខាន់ៗ​របស់ប្រទេសជប៉ុន។-សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណដល់​ប្រទេសជប៉ុន ​ដែល​ប្រកាស​គាំទ្រសម្តេច និង​គណៈប្រតិភូកម្ពុជា ​ទៅទស្សនកិច្ចនៅប្រទេស​មីយ៉ាន់ម៉ា ​ដែល​ជាការលើកទឹកចិត្តមួយសម្រាប់​ការ​បញ្ឈប់ហិង្សានៅទីនោះ។ សម្តេច បញ្ជាក់ថា​ វត្តមាន​សម្តេចនៅទីនោះ​ គ្មានចង់បានអ្វី ក្រៅ​ពី​ចង់​ឃើញមីយ៉ាន់ម៉ា​ និងប្រជាជនមីយ៉ាន់ម៉ា​ រស់នៅក្នុងសុខសន្តិភាពនោះទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ របស់​សម្តេច​នៅសាធារណរដ្ឋកូរ៉េ ​គឺជាមោទនភាពរបសកម្ពុជា​ទាំងមូល ហើយការវាយតម្លៃ​ដើម្បី​ទទួល​បាន​ពានរង្វាន់សន្តិភាពនេះ ​ គឺធ្វើឡើងដោយ​ហ្មត់ចត់ ​និង​ច្បាស់លាស់ និង​ធ្វើឡើង​ដោយ​ឥស្សរជន​កំពូលៗ ​និងសំខាន់ៗលើពិភពលោក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា វត្តមានសម្តេចនៅសាធារណរដ្ឋកូរ៉េ មិនមែនទៅដើម្បីតែទទួលពាននរង្វាន់សន្តិភាពស៊ុនហាក់នោះទេ គឺសម្តេចមានគោលដៅធំ ដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីវឌ្ឍនភាព និងសន្តិភាព នៅឧបទ្វីបកូរ៉េទាំងមូល។- សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹក បានផល​ល្ងាចនោះទេ ។ សម្តេចតេជោ ក្នុងនាមមេដឹកនាំកម្ពុជា បានទាយទុកថា បញ្ហានៅ​មីយ៉ាន់ម៉ា​បើសិនបន្តបែបនេះទៀត ប្រហែលពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ​មិនទាន់បានឃើញ ពន្លឺសន្តិភាព​នៅ​មីយ៉ាម៉ាផង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ទាំងអស់​បង្ករ​លក្ខណៈងាយស្រួលដល់បណ្តា​គណបក្សនយោបាយនានា​ដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ខណៈដែលពួកគេចុះមូលដ្ឋាន ជួបសំណេះសំណាល​ជា​មួយសមាជិក-សមាជិកា​គណបក្សរបស់គេទាំងនោះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាជនពលរដ្ឋ​បន្តអនុវត្តន៍​វិធាន​ការ​សុខាភិបាល ​និង​វិធានការ ៣កុំ ៣ការពារ ​ដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ ជា​ពិសេសមេរោគបំប្លែងខ្លួនថ្មី ​ប្រភេទអូមីក្រុង ​ដែលកំពុងរីករាលដាល ​ព្រម​ទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ទៅ​ទទួលវ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​អោយ​បាន​គ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​វ៉ាក់សាំងតែមួយមុខ មិន​អាច​ការពារ​លោកអ្នក​មិន​អោយឆ្លងកូវីដ-១៩ នោះឡើយ។ ​បន្ថែមលើការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវ​បន្ត​អនុវត្តន៍​វិធាន​ការ​សុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត។-សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​កុំ​អោយ​ទុក​ចិត្តលើ​អ្នក​បើកបរ​រថយន្ត​ពេក​ ដោយ​សម្តេចបញ្ជាក់ថា​ សូម្បី​អ្នក​លើក​បាយ ទឹក ជូន​សម្តេច​ក៏​ភ្លាត់​មាន​កូវីដ-១៩​ដែរ ដែល​ទាមទារ​អោយ​យើង​គិតគូរ​អោយ​បាន​ដិត​ដល់បន្ថែមទៀត ​ព្រោះពួក​គេមិន​បាន​នៅ​ជាមួយ​យើង​គ្រប់​ពេល​នោះទេ៕

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ច​ទៅជប៉ុន​របស់​ឯកឧត្តម ​ហ៊ុន ម៉ាណែត ​មាន​សារសំខាន់​ផ្នែក​ការ​ទូត

2022/02/16 11:38:20 am        669
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងជាលក្ខណៈពិសេសមួយនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នឯកឧត្តម ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដោយសម្ដេច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះ​មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា។សម្ដេចតេជោ បានបន្ថែមថា បញ្ហាជំងឺកូវីដ-១៩ ​បង្កើតឡើងនូវ​ស្ថានភាព​ដ៏​លំបាក​ក្នុងការ​ធ្វើដំណើរ​ទស្សនកិច្ច​នៅប្រទេសជប៉ុន ​ប៉ុន្តែជប៉ុន ​បាន​បញ្ជូន​យន្តហោះពិសេសមួយមកទទួលឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈឞ្រតិភូ ហើយទោះបីជាទស្សនកិច្ចនេះ ​ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក តែមាន​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម​ ហ្វូមីអូ គីស៊ីដា និងមន្ត្រីជាន់ខ្ពស់ជាច្រើន​រូបទៀត​របស់ជប៉ុន ។សម្ដេចតេជោ បានបញ្ជាក់ថា នឹងគាំទ្រជានិច្ចនូវគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជា មួយ​ប្រទេសជប៉ុន ​ដែលត្រៀមធ្វើនៅពេលខាងមុខ ​ក្នុងនោះ​មាន​សមយុទ្ធរួមគ្នាមួយ ពិសេស​លើការងារសង្គ្រោះគ្រោះមហន្តរាយ​ ការប្រឆាំងភេរវកម្ម ​តែ​សមយុទ្ធប្រយុទ្ធគ្នា សម្ដេច​មិន​សូវ​ចង់​បាន​នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធ

ពីរសប្ដាហ៍ទៀត ការចាក់វ៉ាក់សាំងដូសទី៣ជូនកម្មករ-កម្មការិនី​នៅភ្នំពេញ​នឹង​សម្រេច​បាន​ ១០០ភាគរយ

2022/02/16 11:26:38 am        403
ភ្នំពេញ៖ កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ មានប្រមាណ ៣៣ម៉ឺននាក់ ក្នុងនោះជិត៥ម៉ឺននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ខណៈអ្នកផ្សេងទៀត បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់។ យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី នៅភ្នំពេញនឹងសម្រេចបាន ១០០ភាគរយ ក្នុង​រយៈពេលពីរសប្តាហ៍ទៀត។នៅថ្ងៃទី១៧ខែកុម្ភៈនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រាប់BTVថា តាមការគ្រោងទុក ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី បម្រើការងារ នៅភ្នំពេញ អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ខណៈកម្មករ កម្មការិនី ប្រមាណជិត ៥ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់​ទទួល​បាន​ការចាក់វ៉ាក់សាំង។ ដោយឡែកនៅ​តាមបណ្តាខេត្ត ការចាក់វ៉ាក់សាំងដូសទី៣ ​ជូនកម្មករ ​កម្មការិនី សម្រេចបាន ៦០ភាគរយហើយដែរ។កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានចេញសេចក្តីជូនដំណឹងដល់ថៅកែរោង ចក្រ-សហគ្រាសទាំងអស់ ​នៅក្នុងប្រទេសកម្ពុជា ត្រូវ​ផ្សព្វផ្សាយ​ដល់កម្មករនិយោជិតឱ្យ​ជ្រាប​ច្បាស់អំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយកម្មករនិយោជិត​របស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបាន​ទៅចាក់វ៉ាក់សាំង​ដូសទី៣ ដូសជំរុញនៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល ​នៅថ្ងៃដែលកម្មក ​និយោជិត ​ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ។របាយការណ៍របស់ក្រសួងការងារ ​បានបង្ហាញថា​ គិតត្រឹមចុងឆ្នាំ២០២១​ រោងចក្រ​សហគ្រាស ដែលបាន​ចុះបញ្ជីផ្លូវការក្នុងវិស័យនេះនៅទូទាំងប្រទេសកម្ពុជា ​បានកើន​ដល់​ប្រមាណជាង ១,២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ចាប់ផ្តើមឆក់យកអាយុជីវិតពលរដ្ឋនៅតាមបណ្តាប្រទេសលើពិភពលោក

2022/02/16 11:16:23 am        300
ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង បានកើតឡើងជារៀងរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ កើតមានរួចហើយដែរ កើតលើអ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ក្រសួងស្នើឱ្យប្រជាពលរដ្ឋ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសកូវីដ-១៩អូមីក្រុង។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន​លើក​ឡើង​ទៀត​ថា ​វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការ​ចូលរួម​អនុវត្ត​ពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ​និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ​ឬដូសជំរុញនេះ ជាវិធានការល្អអាច​ជួយ​បុគ្គល​គ្រប់រូបពីការវ៉ៃលុក​ នៃវីរុសកូវីដ-១៩​ បំប្លែងថ្មី ​ប្រភេទអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត​លោកអ្នកបាន។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ សូម​ទាញ​អារម្មណ៍​ទៅ​ដល់​បងប្អូនសាធារណជនទាំងអស់ថា សមស្រប​ទៅនឹងបរិបទដែលយើងគ្រប់គ្នាកំពុងតែរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ហើយ ក៏ប៉ុន្តែវាមិនមែនមានន័យថា យើង​ត្រូវ​បំភ្លេច​ចោល​នូវវិធានការណ៍ការពារ​របស់យើងទាំង​អស់​នោះទេ​ ជាពិសេសវិធានការ ៣ការពារ និង៣កុំ​ របស់យើង ​ហើយបច្ចុប្បន្ននេះ៣ការពារ សង្កេត​ឃើញថា​រៀងអនុវត្តខ្លះ។ ទន្ទឹមនឹងនោះក៏មានអ្នកពាក់ម៉ាស់មួយចំនួនក៏មានការថយចុះទៅហើយ ​ប៉ុន្តែ៣កុំ គឺនៅខ្វះច្រើន​ណាស់។​ ដូច្នេះទាមទារឲ្យចូលរួមបន្តទាំងអស់គ្នា​ ដើម្បីរក្សាឲ្យមាននិរន្តរភាព នៃការរស់នៅ​ប្រចាំ​ថ្ងៃ​របស់យើងឲ្យមាននិរន្តរភាពល្អ ​ពិព្រោះថាបើកាលណាមានការឆ្លងមេរោគកូវីដ-១៩​ច្រើនពេក ផល​ប៉ះពាល់វាតែងតែកើតមានហើយ។ អ្នកដែលដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងដូសទី២ ​ក៏សូមឲ្យអញ្ជើញ​ទៅចាក់វ៉ាក់សាំងដូសទី២ ជា​ពិសេស​អ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤នេះ ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​នាំទៅ​ចាក់វ៉ាក់សាំង​នេះឲ្យ​បានគ្រប់ៗគ្នា ​ដើម្បីសុខភាពរបស់បងប្អូន​ប្រជាពលរដ្ឋ និង​រួមគ្នា​ទប់ស្កាត់​ការរីករាល​ដាល​វីរុសបំប្លែងថ្មី ​ប្រភេទអូមីក្រុង​ និងបន្តបន្ទាប់៕ អត្ថបទ៖ រដ្ឋា

សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្ករលក្ខណៈងាយស្រួល ​ដល់គណបក្ស​នយោបាយ​ពេល​ចុះមូលដ្ឋាន

2022/02/16 11:08:59 am        321
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្ករលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា ខណៈការឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ នឹង​ខិតជិតមក​ដល់ហើយនោះ អាជ្ញាធរទាំងអស់ត្រូវតែសម្របសម្រួល និង​ធ្វើ​យ៉ាង​ណាឲ្យបណ្តា​គណបក្ស​ទាំង​អស់នោះ ចុះមូលដ្ឋានដើម្បីជួបសមាជិក-​សមាជិកា​របស់​ពួកគេប្រកប​ដោយ​ភាព​ងាយស្រួល និង​សមស្របទៅតាម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ដល់អាជ្ញាធរទាំងអស់ឲ្យអនុវត្តទៅ​តាម​ការ​អំពាវនាវ​របស់សម្តេចនេះ គឺ​សម្រាប់​តែ​គណបក្សនយោបាយណាដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួង​មហាផ្ទៃតែ​ប៉ុណ្ណោះ ចំណែកគណបក្សដែលពុំមានច្បាប់ និងមិនបានចុះបញ្ជី​ត្រឹមត្រូវ​ទេ​ត្រូវតែ​ចាត់វិធានការ​ ហើយបណ្តាគណបក្ស​នយោបាយទាំងអស់​ក៏ត្រូវសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ​ដើម្បីភាពងាយ​ស្រួល​ទាំ​ងអស់គ្នា។សូមបញ្ជាក់ថា ប្រទេសកម្ពុជា ​នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់​ខ្លួននាថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន​ចូលរួម​ប្រកួត​ប្រជែង ​ប្រកប​ដោយ​តម្លាភាព និង​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅកម្ពុជា៕អត្ថបទ៖ បាន ចក់

ប៊ែលហ្សិក គាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និង​ផ្នែកសុខភាពផ្លូវចិត្ត​របស់មនុស្ស ក្នុងបរិបទកូវីដ-១៩

2022/02/15 04:30:47 pm        500
ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់មាន៣ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា-វៀតណាម-ឡាវ បានគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងបរិបទកូវីដ-១៩។ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលជាមួយលោកជំទាវ Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) នាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ។លោកជំទាវ (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អ​នាពេលកន្លង​មក​រវាងប៊ែលហ្សិក ​និងកម្ពុជា ​ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បាន​ចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវ​សុខភាព​របស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការ​ជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា​ ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិក បានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ក្រសួង​សុខាភិបាល។ ជាពិសេសថ្ងៃនេះ ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើ​បញ្ហា​សុខភាព​ផ្លូវចិត្តរបស់មនុស្ស ​ដោយហេតុថាក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកជំទាវ ​ក៏ចង់​ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាល​ធនធាន​មនុស្សលើ ផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។ជាការឆ្លើយតប​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកជំទាវ ឯកអគ្គរាជទូត​ប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀត​ឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះ​ទៅ​រកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធ​ទៅ​នឹងកិច្ចសហប្រតិបត្តិការនេះ ​ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ច​ការងារ​ចុះ​កិច្ច​សហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM