សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលដាក់បទបញ្ជាបន្ថែម ក្នុងការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋ ដើម្បី​កាត់​បន្ថយការ​ឆ្លង​អូមីក្រុង

2022/01/11 11:25:19 am        449
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារាចរណែនាំបន្ថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនក្នុងការចាក់វ៉ាក់សាំងទាំងមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ ខណៈមេរោគបំប្លែងថ្មីនេះ បានឈានចូលក្នុងសង្គមបណ្តើរៗហើយនោះ។យោងតាមសារាចរ ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល ​ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជា​ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង​ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រហូតមដល់ពេលនេះ កម្ពុជាសម្រេចបានការចាសក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋខ្លួនចាប់ពីអាយុ៥ឆ្នាំឡើងទៅ បានចំនួន៩០ភាគរយហើយធៀប​នឹងគោលដៅ​ប្រជាជន​ប្រមាណ ១៦លាននាក់ តែនៅក្នុងនោះប្រជាពលរដ្ឋត្រឹមតែបួនលាននាក់ប៉ុណ្ណោះ​ទើប​ចាក់បានដូសជំរុញ ​ខណៈពលរដ្ឋខ្លះមិនទាន់ ​ទាំងបានចាក់នូវដូសមូលដ្ឋានផងនោះ។បន្ទាប់ពីមើលឃើញ បងប្អូនប្រជាពលរដ្ឋខ្លះកំពុងធ្វើការហ្វេសប្រហែសក្នុង​ការអនុវត្តវិធាន​ការ​សុវត្ថិភាពផ្នែកសុខាភិបាល ​ជាពិសេសវិធានការ«៣កុំ និង៣ការពារ» ស្របពេលដែលមេរោគ​កូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកំពុងលុកលុយក្នុងសហគមន៍ផងនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាថ្មីថែមទៀត ដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩​ក្របខណ្ឌ​ទូទាំងប្រទេស​ អភិបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់«ត្រូវជំរុញ និងបង្កើនល្បឿន​នៃ​ការចាក់វ៉ាក់សំាងកូវីដ ១៩ទាំងដូសមូលដ្ឋាន​ ទាំងដូសជំរុញ​ ដែលជាខ្សែក្រវ៉ាត់ការពារទី១ និង​ជាយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល ​ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនប្រជាជននៅ​ក្នុង​ភូមិសាស្រ្តស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ឲ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននូវភាព​ស៊ាំសហគមន៍​រឹងមាំ​ពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លង​រាលដាលនៃមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទ អូមីក្រុង»។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង យន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារ​ចាក់វ៉ាក់សាំង​កូវីដ១៩​ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗ​ដាច់ដោយឡែកពីគ្នា ទាំងសម្រាប់​ក្របខណ្ឌ​ទូទាំងប្រទេស ​ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឲ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្ត​ការ​ចាក់វ៉ាក់ សាំងកូវីដ១៩ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការ​សម្រប​សម្រួល​ក្រុម​គ្រូពេទ្យចាក់ វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និង​ធានាផ្គត់ផ្គងឲ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្តផងដែរ។ មួយវិញទៀតសម្តេច ក៏បានដាក់បទបញ្ជាបន្ថែមដល់អាជ្ញាធរ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ​សហការគ្នា​បង្កើនការចុះអប់រំ ​និងផ្សព្វផ្សាយអំពីភាព​ ចាំបាច់នៃការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និង​ដូសជំរុញ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋទទួល បានការចាក់វ៉ាក់សំាំងឲ្យបាន​គ្រប់ៗ​គ្នា​ផងដែរ៕អត្ថបទ បាន ចក់

អ្នកដំណើរអន្តរជាតិបន្តមានកំណើន ​តែការ​កក់​កញ្ចប់​ទេសចរណ៍​មក​កម្ពុជា​មួយ​ចំនួន​បាន​លុប​ដោយ​សារOmicron

2022/01/11 03:56:49 am        1196
ភ្នំពេញ៖ អ្នកដំណើអន្តរជាតិដែលធ្វើដំណើរមកដំណើរមករាជធានីភ្នំពេញ និងខេត្តសៀមរាប តាមផ្លូវអាកាសកំពុងបន្តមានកំណើនឡើងជាបន្តបន្ទាប់ ប៉ុន្តែការរាតត្បាតថ្មីនៃមេរោគកូវីដ១៩ប្រភេទថ្មី Omicron នៅក្រៅប្រទេស គឺបានធ្វើឲ្យកញ្ចប់ទេសចរណ៍ពីក្រៅប្រទេសមកកម្ពុជាដែលបានកត់ទុករួចហើយ មួយចំនួនធំត្រូវបានលុបចោលវិញ និងខ្លះទៀត ត្រូវបានពន្យារពេល។បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិចប្រចាំនៅកម្ពុជា ថ្លែងប្រាប់នៅថ្ងៃទី១១ ខែមករានេះ ថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសវិញ កាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២១ មានភ្ញៀវទេសចរអន្តរជាតិជាច្រើនបានកក់កញ្ចប់​ទេសចរណ៍មកទស្សនាកម្ពុជាមានចំនួនច្រើនដែរ ហើយរហូតមកដល់អំឡុងពេលចុងខែធ្នូ និងដើមខែមករានេះ មានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា​តាមកញ្ចប់ទេសចរណ៍នោះ​ចំនួនតិច ប៉ុន្តែកញ្ចប់ទេសចរណ៍មកពីបណ្តាផ្សេងៗដូចនៅប៉ែកខាងអឺរ៉ុប និងអាមេរិចជាដើម​មួយចំនួន​ត្រូវបានលុបចោលវិញ និងខ្លះត្រូវបានពន្យារពេលដោយសារបណ្តា​ប្រទេសទំាង​នោះ​កំពុង​ជួបការប្រឈមនឹងរាតត្បាតមេរោគOmicron។លោក ធួន ស៊ីណាន ប្រធានPATAប្រចាំកម្ពុជា លើកឡើងថា..« ការរាតត្បាតខ្លាំង Omicron នៅតំបន់អឺរ៉ុបនៅអាមេរិចជាដើម​ ធ្វើឲ្យអ្នកដំណើរអន្តរជាតិមានការភ័យខ្លាច ហើយរាល់ការកក់​កញ្ចប់​ទេសចរណ៍ត្រៀមមកទស្សនាកម្ពុជា នៅអំឡុងខែមីនាខាងមុខត្រូវបានលុបចោល។ វាបង្កការលំបាកខ្លាំង ខណៈអ្នកដែលធ្វើដំណើរមកកម្ពុជា ភាគច្រើនជាអ្នកមានភារកិច្ចចាំបាច់។ »..លោក ធួន ស៊ីណាន បន្តថា ជារួមនៅក្នុងអំឡុងពេលនេះយើងមិនមានក្តីរំពឹងខ្ពស់​ភ្ញៀវអន្តរជាតិ​មក​ពីប៉ែកខាងអឺរ៉ុប និងអាមេរិចច្រើននោះទេ ​តែយើងមានក្តីរំពឹងលើភ្ញៀវមកពីប្រទេសចិន ឥណ្ឌា និងបណ្តាភ្ញៀវនៅក្នុង​តំបន់​អាស៊ាន ប្រសិនបើ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនេះមាន​ឯកភាព​បើក​ប្រទេសមានទំនាក់ទំនាក់គ្នាអោយបានទូលាយជាងនេះ។ទោះយ៉ាងណា​ក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ​បានថ្លែងថា កម្ពុជា បើប្រៀបធៀបចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជា នៅក្នុង​អំឡុងខែវិច្ឆិកាឆ្នាំ២០២១ ​មកដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២ គឺមានកំណើនឡើងពីជាង៧០នាក់ រហូតមកដល់ជាង ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំនួននេះកំពុងបន្តមានកំណើនថែមទៀត​ជាពិសេសអ្នកដំណើរមករាជធានីភ្នំពេញ ​និងទៅខេត្តសៀមរាប។ឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋាន ​អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា «បច្ចុប្បន្នអ្នកដំណើរអន្តរជាតិមកកម្ពុជា មានប្រមាណ៨០០ទៅ១០០០នាក់ក្នុងមួយថ្ងៃ ហើយយើងកំពុងតាមដានវត្តមានOmicron នៅតាមបណ្តាប្រទេសនានា គឺមិនទាន់ធ្វើអោយកម្ពុជា មានការធ្លាក់ចុះវិញនៃអ្នកដំណើរមកកម្ពុជានោះទេ។ឯកឧត្តម បញ្ជាក់ថា បច្ចប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ប្រមាណ៥ក្រុមហ៊ុន គឺបានកំពុងបើកការ​ហោះហើរ​យ៉ាងសកម្មដឹកអ្នកដំណើរពីក្រៅប្រទេសមកកម្ពុជារួមមាន៖ បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមរិច អូស្ត្រាលី ចិន កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងថៃវៀតណាមជាដើម ហើយអ្នកដំណើរអន្តរជាតិ​តាមបណ្តាប្រទេសទាំងអស់ ​មានមួយចំនួនជាភ្ញៀវទេសចរធ្វើដំណើរតាមកញ្ចប់ទេសចរណ៍ ភ្ញៀវមាន​ភារកិច្ចចាំបាច់ ​និងខ្លះទៀតជាអ្នកដំណើរធុរជន៕អត្ថបទ ស៊ុម សុខជា.

៥ឆ្នាំក្រុមការងារជួយឃុំទងត្រឡាច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើប្រយោជន៍ពលរដ្ឋ

2022/01/11 09:01:24 am        179
កំពង់ចាម៖ រយៈពេល៥ឆ្នាំ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ២០១៧-២០២២ ក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចូលរួមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ក្នុងសន្និបាទគណៈកម្មាធិការបក្ស មូលដ្ឋានឃុំទងត្រឡាច កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច មានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ក្រុមការងារបានចូលរួមជាមួយអាជ្ញាធរ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន មានផ្លូវចាក់បេតុងជាច្រើនខ្សែ ការដាក់ភ្លើងសូឡាតាមផ្លូវ សាងសង់អគារសិក្សា រួមនឹងចូលរួមកសាងសមិទ្ធផលជាច្រើនទៀត នៅតាមវត្តអារាម ក្នុងឃុំមួយនេះ ។ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា សម្រាប់មូលដ្ឋានឃុំទងត្រឡាច់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោកឧកញ៉ា និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានជួយសាងសង់ផ្ទះដល់កុមារ​កំព្រា​ចំនួន១ខ្នង និង៥ខ្នងទៀត ជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន ៣គ្រឿង ឧបត្ថម្ភការ​ស្ថាបនា​ផ្លូវចំនួន ៤ខ្សែ ប្រគេន​ស៊ីម៉ងត៍​ ១៥តោន ដល់ព្រះសង្ឃក្នុងវត្តទងត្រឡាច សម្រាប់​ចាកសាប ដែលសរុបថវិកាទាំងអស់ប្រមាណ ៤០៥ ៥០០ដុល្លា ។លោកឧកញ៉ា បន្ថែមថា កត្តាដែលធ្វើឲ្យក្រុមការងារចុះជួយ ឃុំទងត្រឡាច មានឱកាស​ចូលរួម​អភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាមួយរាជរដ្ឋាភិបាលនេះ គឺដោយសារកម្ពុជាមានសុខ​សន្តិភាព​ពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្រុងការងារ នឹងបន្តចូលរួមបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង នៅក្នុងអាណត្តិក្រោយៗទៀត ។បើតាមលោកឧកញ៉ា អែល សារ៉ុម ក្រុមការងារចុះជួយឃុំទងត្រឡាច បានបញ្ជាក់ថា នាពេល​បច្ចុប្បន្ន សម្ដេចតេជោ បាមជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៧ ៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច ផ្លូវនេះមានដាំបង្គោលភ្លើងបំភ្លឺ ដោយ​ប្រព័ន្ធសូឡា សរុបចំនួនជាង ៦០០ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បានគ្រប់ពេល និងគ្រប់កន្លែងផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ខេត្តសៀមរាបមាន៦៤ទីតាំង សម្រាប់ប្រតិបត្តិការ១៤ថ្ងៃ!

2022/01/10 02:56:31 pm        647
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំង ផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលថា ជាចលនាប្រជាជាតិ ពង្រឹងសមត្ថភាព រើបម្រះចេញពីវិបត្តិកូវីដ-១៩ បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានបើកប្រទេសឡើងវិញ ។យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ ជួសទី៣ ឬជួសជំរុញ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប បាន​ចាប់ផ្តើមដំណើរការហើយ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប ​មានវត្តមាននៅក្នុងដំណើរចាប់ផ្តើមនៃយុទ្ធនាការដ៏មានឧត្តមភាពនេះ ដើម្បី​ជា​សក្ខីភាព ក្នុងការឆ្លើយតបទៅលើអ្វីដែលជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គឺ​ការផ្តល់សិទ្ធិរស់រានមានជីវិត តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្កា​ រារាំង​កាត់បន្ថយ​ហានិភ័យ លើ​ស្ថានភាពរាតត្បាតនៃកូវីដ-១៩​ ដែលកំពុងបន្តយាយីនៅលើពិភពលោក។សម្តេចពិជ័យសេនា មានប្រសាសន៍ថា និយាយអំពីដំណាក់កាលនៃការបើកប្រទេស និង​ការ​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ​គឺពិតជាត្រូវនិយាយដោយខានមិនបាននោះឡើយ អំពីផែន​ការ​ចាក់ស្រោចវ៉ាក់សាំង​ ដែលជាន​យោបាយ​យុទ្ធសាស្រ្ត​គន្លឹះ​ដ៏ខ្ពង់ខ្ពស់​នៃសម្តេចតេជោ ហ៊ុន សែន​ ប្រមុខនៃរាជរដ្ឋាភិបាល ​ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុល​សសៃឈាម​សេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ វិធានសុវត្តិភាព ៣ការពារ និង៣កុំ នៅ​តែជារូបមន្តដ៏មានប្រសិទ្ធភាព ​ដើម្បីចលនារៀនរស់ជាមួយកូវីដ-១៩ ។ សម្តេចពិជ័យ ក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះ ចំពោះប្រជាពលរដ្ឋដែលមិនទាន់​បាន​ទទួល​ការចាក់វ៉ាក់សាំងបង្កានៅឡើយនេះ ​ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ សម្រាប់ពលរដ្ឋខេត្តសៀមរាប ​ចាប់ពីអាយុ១៨ឆ្នាំឡើង​ និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្ត​ដោយក្រុមគ្រូពេទ្យស៊ីវិល​ មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែង​ទូទាំង​ខេត្ត ​ដូចជាមាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត ​មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងតាមបណ្តាមណ្ឌល​សុខភាព​នានាផងដែរ៕

ក្រសួងអប់រំបន្តកែទម្រង់ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល

2022/01/10 02:48:22 pm        800
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនៅតែបន្តធ្វើកំណែទម្រង់ និងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀន និងរៀនតាមបែបគន្លងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ថ្លែងក្នុងឱកាសអបអរសាទរពិធីបើក​បវេសនកាល ​ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅបរិវេណវិទ្យា​ល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ​មានប្រសាសន៍ថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំ​ប្រកបដោយ​គុណភាព ​និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ​ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។ឯកឧត្តមបន្តថា ឆ្នាំសិក្សាថ្មី២០២១-២០២២នេះ ក្រសួងអប់រំយុវជននិងកីឡា នៅតែបន្តអនុវត្តតាម​គន្លង​ប្រក្រតីភាពថ្មី ​នៃការអប់រំ ដោយត្រូវបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការ​បង្រៀន​និងរៀនតាមបែបថ្មី ​ធ្វើយ៉ាងណាធានាឱ្យបុគ្គលិកអប់រំ ​និងសិស្សានុសិស្សទាំងអស់ មាន​សុខភាពល្អ ​មិនឆ្លងជំងឺកូវីដ១៩ និងធានាបាននូវនិរន្តរភាព​ នៃការសិក្សាប្រកបដោយគុណភាព។ ការបន្តធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ ​ជាពិសេសការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រ​ដល់​ការសិក្សារបស់សិស្ស ក្នុងបរិបទកូវីដ១៩នេះ ​នឹងជួយបង្កើនសមត្ថភាពរបស់សិស្ស ឱ្យក្លាយជា​ពលរដ្ឋល្អ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ​ដើម្បីអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយ​ទៅ​ជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះ​រាជរដ្ឋាភិបាលបាន​នឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម ​សេដ្ឋកិច្ចបន្តទៀត និង​បាន​ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការ​អនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព៕

កងពលតូចថ្មើជើងលេខ៥១ ចាប់ផ្តើមដំណើរការចាក់ដូសជំរុញជូនពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ

2022/01/10 02:14:48 pm        497
បន្ទាយមានជ័យ៖ កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យចល័តបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កងពលតូចថ្មើរ​ជើង​លេខ៥១ ទទួលការចាក់ជូនប្រជាពលរដ្ឋចំនួន២ទីតាំង ​ក្នុងស្រុកព្រះនេត្រព្រះ និង​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ។ ដំណើរការចាក់វ៉ាក់សាំងនេះ បានកិច្ចសហការពីអាជ្ញាធរ​មូលដ្ឋាន ទើបបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។ក្នុងនោះកងទ័ពបានប្រើប្រាស់រថយន្តចល័ត ដើម្បីដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំង​ដូស​ទី៣ (ដូសជំរុញ) រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពាររបស់រាជរដ្ឋាភិបាល ក្នុងប្រយុទ្ធប្រឆាំង​នូវជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងគិតគូរពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ ព្រមទាំងអរគុណចំពោះអាជ្ញាធរ ​សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំង​ជូនពួកគាត់​នាពេលនេះផងដែរ៕

ឯកឧត្តម ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២២

2022/01/10 12:51:37 pm        623
ភ្នំពេញ៖ ឯកឧត្តម ម៉ឹង សំផន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែមករានេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកគណបក្ស មកពីសាខាបក្ស ភូមិ ឃុំ ស្រុក ព្រមទាំង​ក្រុម​ការងារ​ចុះជួយស្រុកចន្ទ្រា បានចូលរួមប្រជុំ​ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ដែល​គណបក្ស​ស្រុក​សម្រេចបានកន្លងមក​ ដើម្បីលើកទិសដៅ​ ផ្តល់​បទពិសោធន៍​ សំដៅរួមចំណែក​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាពការងារ ​និងការអនុវត្តគោលនយោបាយ​គណបក្សឲ្យកាន់តែរឹងមាំ ឈានទៅ​សម្រេច​ឲ្យ​បានជោគជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងមុខផងដែរ។ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម ម៉ឹង សំផន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្ស និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា ​ដែលបានសាមគ្គី សហការគ្នាបានល្អ ក្នុងការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំឲ្យមានការរីកចំរើន ។ ឯកឧត្តម បានលើកឡើងពីអត្ថន័យថ្ងៃជ័យជំនះ ៧ មករា​ដែលបានធ្វើ​ឲ្យ​យើងគ្រប់គ្នាបានរស់រាន​មាន​ជីវិតសារជាថ្មីឡើងវិញ ​គឺដោយសារ ការតស៊ូ រំដោះប្រទេសជាតិ ដឹកនាំដោយគណបក្ស​ប្រជាជន​កម្ពុជា ​ជាពិសេសសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា ដែលបានដឹកនាំកម្លាំង តស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និង បានកសាងប្រទេសកម្ពុជាចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ ។ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ​ទទួលបាននូវសុខសន្តិភាព និង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ទទឹមនេះ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី បានខិតខំដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា​របស់​ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានធ្វើអោយជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋកាន់​តែ​ប្រសើរឡើង ។ជាមួយគ្នានោះដែរនៅក្នុងអង្គប្រជុំក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ​ចំពោះ​បេក្ខភាព​ឯកឧត្តម ហ៊ុន ​ម៉ាណែត ​ជានាយករដ្ឋមន្ត្រីនៅពេលអនាគតផងដែរ ។ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង ​សំផន ​បានផ្តល់ថវិកាចំនួន​ ជាង៣០​ លានរៀល ​ដ​ល់ក្រុមការងារ ភូមិ ឃុំ និង ស្រុកចន្ទ្រា ខេត្តស្វាយរៀង សម្រាប់បំរើដល់កិច្ចការងារផ្សេងៗក្នុងមូលដ្ឋានផងដែរ៕ អត្ថបទ៖ បានចក់

សម្តេចតេជោកំណត់យកថ្ងៃទី១៤មករា ចាក់វ៉ាក់សាំងដូសជំរុញទី៤ បន្តទៀត

2022/01/10 12:38:00 pm        565
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសថា សម្តេចនឹងធ្វើការចាក់វ៉ាក់សាំងដូចជំរុញទី៤ នៅថ្ងៃទី១៤ខែមករានេះហើយ ដើម្បីធានាប្រសិទ្ធភាពមុនពេលសម្តេចអញ្ជើញទៅកាន់ប្រទេសឌូបៃ។ការប្រកាសរបស់សម្តេចតេជោ យ៉ាងដូច្នេះក្នុងពេលដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាលផ្លូវការ ​កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភណ្ឌ ប្រវែង​ជិត៨៥គម ក្រោម​ឥណទាន​សម្បទានពីរដ្ឋាភិបាលជប៉ុន ​នៅព្រឹកថ្ងៃទី១០ខែមករានេះ។សម្តេច បានមានប្រសាសន៍ថា ជាមួយនឹងការខិតខំជំរុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូចទី៣ នោះដូស​ជំរុញ​ទី៤​គឺ​ពិតជា​នឹង​បន្តទៀតហើយៗ​សម្រាប់រូប​សម្តេចផ្ទាល់​និងភរិយា​របស់​សម្តេច។ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នៅតែរម្លឹកជារឿយៗអំពីកត្តាសុខសន្តិភាព ដោយសម្តេចបញ្ជាក់ជាថ្មីថា មេរៀនឈឺចាប់របស់យើងគឺមានគ្រប់គ្រាន់ហើយ ដូច្នេះ​យើង​ត្រូវការពារ​ ថែរក្សាសន្តិភាព ឱ្យខាងតែបាន។សម្តេចតេជោ បានធ្វើការរំលឹកជាថ្មីអំពីអតីតកាលនៃការបែកបាក់ដោយ សារ​សង្គ្រាមស៊ីវិល អូស​បន្លាយអស់រាប់រយឆ្នាំ ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាច្រើនមកដល់សព្វថ្ងៃនេះ។សម្តេចបានបញ្ជាក់ថាសន្តិ​ភាព​នេះ គឺយើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។សម្តេចបន្តថា បន្ទាប់ពីបានបញ្ចប់សង្គ្រាម ​យើងបានប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​ឱ្យ​ទៅ​ជាតំបន់ទីផ្សារ និង​ការអភិវឌ្ឍដែលមកដល់ពេលនេះ​គឺយើង​សម្រេច​បានលើសពី ៩០% ទៅ​ហើយៗ​ចំណុច​ដែលសេសសល់នោះគឺដោយសារតំបន់​ខ្លះនៅមាន​សេសសល់គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនៅនៅឡើយ ​ហើយបើតាមគោល​ដៅ​ឆ្នាំ​២០២៥​ ការ​បោស​សំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងសម្រេចបាន១០០% ដែ​ល​នឹង​ធ្វើ​ឱ្យ​កា​រ​ប្រែ​ក្លា​យ​អតីត​តំបន់​សមរ​ភូមិ​​ប្រយុទ្ធ​ឱ្យ​ក្លាយទៅជាតំបន់ទីផ្សារ ​និងការអភិវឌ្ឍនោះនឹងសម្រេចបានជោគជ័យ។ក្នុងន័យនេះ ​សម្តេច​បញ្ជាក់ថា ដូច្នេះយើងត្រូវតែការពារ ថែរក្សាសមិទ្ធផល​ដែលកើត​ចេញ​ពី​សន្តិភាព​ឱ្យបាន, ​បើរ​ក្សា​សន្តិភាព​មិន​បាន​ទេ កុំនិយាយពីអ្វីផ្សេង។ យ៉ាង​ណា​មិញ​បើ​យើង​មើលទៅប្រទេសមួយចំនួនដែលមានសង្គ្រាម ​គ្រាប់បែកគ្រាប់ផ្លោង នោះ​តើមាន​សិទ្ធិទេ? ​ដូច្នេះមុននឹង​និយាយ​ពី​សិទ្ធិ​មនុស្ស​ គឺចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតជាមុនសិន និង​ការ​ទទួល​បាននូវ​សេចក្តីសុខ ​ដែលគ្មាន​កា​រគំរាមកំហែង ៕

គម្រោងស្ថាបនាផ្លូវ៣៨ខ្សែរួចហើយ តែបំពាក់គ្រឿងបរិក្ខា​បាន​ជាង ៧០ភាគរយ ​និងចាប់ផ្ដើមសាងសង់រង្វង់មូលថ្មី

2022/01/10 11:39:29 am        548
សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០ភាគរយហើយ ខណៈការបំពាក់គ្រឿងបរិក្ខាតាមដងផ្លូវនេះ បានសម្រេចប្រមាណជាង៧០ភាគរយ និងចាប់ផ្ដើមកសាងរង្វង់មូលមួយទៀតតាមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្វាយធំ ព្រំប្រទល់ក្រុងសៀមរាប និងស្រុកប្រាសាទបាគង។ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន កាល​ពី​ថ្ងៃ​ម្សិលមិញ បានថ្លែងបែបនេះ នាឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធ​ចុះពិនិត្យវឌ្ឍនភាព​ការងារ ​នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ​៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ។ឯកឧត្តម បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ បានរួចរាល់មួយភាពរយហើយ។ ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង, ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥,០០៣ដើម, ដំឡើងភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុប)ចំនួន ២០ទីតាំង, ដាំដើមឈើចំនួន ៣,១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវទាំង៣៨ ​សម្រេចបាន ៧២,៧៤% ។ឯកឧត្តម បន្តថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំង៣៨ខ្សែ ដែលផ្តល់ដោយរាជរដ្ឋាភិបាល​កម្ពុជា ​សម្រាប់ខេត្តសៀមរាបនេះ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណ:ការក៏កំពុងរៀបចំ​សាងសង់​រង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ ​ឃុំកណ្តែកស្រុកប្រាសាទបាគង ដែលជា​ចំណុចព្រំប្រទល់​នៃស្រុកប្រាសាទបាគង និងក្រុងសៀមរាប ​ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀបរៀប​រយ និង​បញ្ចៀសការកកស្ទះចរាចរ ក្នុងការបើកបរ។រង្វង់មូលនេះ មានទំហំ២៥ម៉ែត្រ នឹង​មាន​រចនាជារូបផ្ការំដួល។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏កំពុងសិក្សាចំណុចគោលដៅ​សម្រាប់បង្កើតផ្លូវវាងក្រុងថ្មី​បន្ថែម​ទៀតផង ដែលជាប្រាក់កម្ចីពីប្រទេសកូរ៉េ និងរៀបចំជំរុញឱ្យមានការដឹកជញ្ជូនដោយ​រថយន្តBusដើរដោយប្រព័ន្ឋអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាសបរិស្ថាន ព្រមទាំង​កាត់បន្ថយ​ការកកស្ទះចរាចរណ៍ ។សូមជម្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មាន​ប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៥០លានដុល្លារ​អាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយ:ពេល ១៣ខែក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា សមិទ្ឋផលដ៏ធំធេងនេះ គ្រោងនឹងសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការក្នុងវេលា​សមស្រប​ណាមួយ តាមរយៈការគោរពស្នើសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី៕

មណ្ឌលសុខភាពទួលគោក សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ យុវវ័យ និង​ពលរដ្ឋ​សេសសល់​មិនទាន់​ចាក់វ៉ាក់សាំងកូវីដ-១៩

2022/01/10 11:24:37 am        1003
ភ្នំពេញ៖ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងប្រជាពលរដ្ឋសេសសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនការការពារជំងឺកូវីដ-១៩។បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា មណ្ឌលសុខភាពទួលគោក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង​យុវវ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដាក់ជូន​មក​ក្រសួង​សុខាភិបាល ដើម្បីអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យក្នុងមណ្ឌល​សុខភាពទួលគោក បន្ត​ដំណើរ​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ​យុវវ័យ និងប្រជាពលរដ្ឋសេសសល់​មិនទាន់​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការរីករាលដាលមេរោគកូវីដ-១៩​ និងបើកប្រទេសឡើងវិញជារៀងរហូត។ទន្ទឹមគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បាន​លើកឡើង​ស្រដៀងគ្នាថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣នេះ វា​សំខាន់ខ្លាំងណាស់​ ក្នុងការបន្តការពារ​ សុវតិ្ថភាពខ្ពស់បន្ថែមទៀតពីមេរោគកូវីដ-១៩ និងបំប្លែងថ្មី។សូមបញ្ជាក់ផងដែរថា ​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣ ​ជូនកុមារ និង​យុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានសង្កាត់ទាំង១០ ​នៃខណ្ឌទួលគោក មាន​ចំនួន​សរុប៩,៧៨៤នាក់ ស្រី៥,២៩៨នាក់ ដែលត្រូវមក​ទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាម​កាលបរិច្ឆេទ​ចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា
09/02/2025 01:09 AM
ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
09/01/2025 11:09 PM
សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
09/01/2025 10:09 PM
អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន
09/01/2025 10:09 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ
09/01/2025 09:09 PM
មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល
09/01/2025 08:09 PM
ក្រុមអ្នកជំនាញ៖ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
09/01/2025 08:09 PM
នគរបាលអ៊ុយក្រែន សង្ស័យរុស្ស៊ីពាក់ព័ន្ធនឹងការសម្លាប់អតីតប្រធានសភា
09/01/2025 08:09 PM
រដ្ឋមន្រ្តីសុខាភិបាល «ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាល ធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក»
09/01/2025 08:09 PM
«បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»
09/01/2025 08:09 PM