ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងវប្បធម៌ ថ្លែងថា ព្រឹត្ដិការណ៍វប្បធម៌ ជម្រុញឱ្យកម្ពុជា ក្លាយជាមជ្ឍមណ្ឌល​ផ្សព្វផ្សាយ​ផលិត​ផល​វប្បធម៌ខ្មែរ

2021/12/13 11:43:51 am        340
សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំបង្កើតព្រឹត្ដិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន នៅខេត្ដសៀមរាប ពិតជាមានន័យធំធេង ក្នុងការបង្កើនផ្សព្វផ្សាយ និងបំផុសស្មារតីជាតិទាំងមូល ឱ្យចូលរួមលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្រមតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ព្រឹត្ដិការណ៍នេះ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខប្រាសាទអង្គរ និងទីក្រុងសៀមរាប។ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងបែបនេះ នៅ​ក្នុងពិធីបិទ ព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌អាស៊ាន កាលពីល្ងាចថ្ងៃទី១២ខែធ្នូឆ្នាំ២០២១នេះ។ឯកឧត្ដមបានបន្ដថា កម្ពុជាធ្វើជាប្រធានប្តូរវេន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយបានប្រកាសជ្រើសរើសយក ទីក្រុងសៀមរាម ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២។ការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាននេះ គឺជាមោទនភាពសម្រាប់ជាតិខ្មែរ​ទាំង​មូល ពិសេសសម្រាប់ខេត្តសៀមរាប ដែលជាទឹកដីពោរពេញទៅដោយមរតកវប្បធម៌​ដ៏សម្បូណ៌​បែប​ទាំងរូបី និងអរូបី ជាពិសេសរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយសក្តានុពលនៅក្នុងតំបន់ និងពិភពលោក។ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាផ្នែកមួយនៃការស់នៅតាមគន្លង​ប្រក្រតីភាពថ្មី​ក្នុង​បរិបទនៃជំងឺកូដ១៩ ​ដើម្បីបើកដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​មួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង ​បង្ហាញស្នាដៃសិល្បៈវប្បធម៌ គ្រប់រូបភាព ​ឲ្យកាន់តែផុលផុសឡើងថែមទៀត ​ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរឲ្យទៅ​ជាកម្លាំង​លើក​ទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ប្រែក្លាយព្រះរាជាណា​ចក្រ​កម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាកាលានុវត្តភាពក្នុងការរៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅ វិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាព ដោយចាប់យកអត្ថប្រយោជន៍ពីសក្តានុពល ធនធាន​វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន តាមរយៈការបង្កើតផលិតផលវប្បធម៌ថ្មីៗសម្បូណ៌បែបថែមទៀត សម្រាប់បម្រើដល់​សេចក្តីត្រូវ​ការក្នុងស្រុក និងវិស័យទេសចរណ៍ ដែលជួយជំរុញធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌល​ផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ស័ក្តិសមជា ព្រះរាជាណាចក្រនៃវប្បធម៌។ឯកឧត្ដម ស្នើឱ្យផ្នែកពាក់ព័ន្ធនានា យកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្បៈ និងអ្នកចំណេះជំនាញ​ដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយក ចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះ​ដឹង​ជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់​អំពី​តម្លៃនៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារមត៌កវប្បធម៌ឲ្យបាន គង់វង្សទៅ​អនាគត។ ភាពគង់វង្ស និងរីកចម្រើននៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។សូមជម្រាបថា ព្រឹត្ដិការណ៍នេះក៏មានការតាំងពិព័រណ៍ និងប្រគួតប្រជែងម្ហូបអាហារខ្មែរផងដែរ។យោងតាមរបាយការណ៍បូកសរុបរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ ​និងការចុះពិនិត្យជាក់ ស្តែង ឃើញថា ព្រឹត្តិការណ៍នេះ មានសកម្មភាពវប្បធម៌ជាច្រើន នៅតាមទីកន្លែងផ្សេងៗគ្នា នៅក្នុងក្រុង​សៀមរាប និងនៅរមណីយដ្ឋាន​ មានជាអាទិ៍​ ការបង្ហាត់​និងបង្ហោះខ្លែងខ្មែរ, មហោស្រពដណ្តាំ​ស្លរម្ហូប​អាហារខ្មែរ, តន្ត្រីបុរាណ, របាំ, ល្ខោន, ល្បុក្កតោ, កម្មវិធីអំណាន, ការគូររូបតាមដងផ្លូវ​ការ​សូត្រកំណាព្យការនិទានរឿង, ការតាំងពិព័រណ៍គំនូរតម្បាញសូត និងកម្មវិធីចម្រុះជាច្រើនទៀត៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បានជាង ៧០%ហើយ

2021/12/13 11:30:28 am        695
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ គិតត្រឹម​ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបាន ៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ដែលបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ។ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគ​បុត្រសម្ព័ន្ធ​នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌល​ប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និង​ជា​គម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរ​ពី​រាជធានីភ្នំពេញ​ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង​មាន​សុចរិតភាព

2021/12/11 04:26:30 pm        657
ភ្នំពេញ៖ ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីកូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មានថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតជូនស្ថាប័ន និងអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិតភាព។ក្នុងសារលិខិតនេះ សម្តេចបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូន​អ្នកសារ​ព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ​មានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់ និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពសា្ថប័ន​សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព​ដែលអនុវត្ត​បាន​ត្រឹមត្រូវ​តាមវិជ្ជាជីវៈ។ក្នុងឱកាស​វេទិកា​និពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីកូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាស​សម្រាប់​អ្នក​សារព័ត៌នេះ​ សម្តេចក៏បានអំពាវនាវបងប្អូនអ្នកសារព័ត៌មាន​ទាំងអស់ចូលរួមឱ្យ​កាន់​តែ​សកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ​ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និង​វិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាល​ជូនប្រជាពលរដ្ឋ​ឱ្យយល់​ដឹង​ច្បាស់​ដោយអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងសូមចូលរួមប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយពន្យល់ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបានទាន់សភាពការណ៍។ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបាន​ចូលរួម​អប​អរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា​ដែលក្លឹបអ្នកកាសែត កម្ពុជាបានរៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនា ពេលកន្លងមក​និងកំណត់ទិសដៅសម្រាប់បន្តអនុវត្តនៅពេលខាងមុខក្នុងគោលបំណងបង្កើនសមត្ថភាព យល់​ដឹងនិង​ជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ដើម្បីលើក កម្ពស់គុណភាពកិត្យានុភាពរបស់សា្ថប័នព័ត៌មាន និងសេរីភាពសារព័ត៌មានដែលធានា​ដោយ​រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលបានលើកយកប្រធានបទស្តីពីកូវីដ-១៩ ៖ បញ្ហា ប្រឈម​និងឱកាសសម្រាប់អ្នកសារព័ត៌មាននេះ គឺពិតជាមានសារសំខាន់ណាស់​និងសមស្រប​តាមសភាពការណ៍ ​ជាក់ស្ដែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល​បាន​ឆ្លងកាត់​និងកំពុងប្រឈមទៅ នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែល​រហូតមកដល់ពេលនេះបានបង្ក គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល សុខភាព​សាធារណៈ និងបានឆក់យកអាយុជីវិតមនុស្ស ​នៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយ​មនុស្ស​ជិត៣០០លាននាក់​បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ច​កម្ពុជា​ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជា​ប្រមាណ​ជាង​ពីរសែននាក់​បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជា​អស់ជិត​បី​ពាន់នាក់៕ អត្ថបទ មុត សុទ្ធ

សម្ពោធបើកពិព័រណ៍សិល្បៈសហសម័យ ដើម្បីអបអរសាទរការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

2021/12/11 02:45:21 pm        690
សៀមរាប៖ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធីសម្ពោធបើកពិព័រណ៍ សិល្បៈសហសម័យ សំដៅលើកកម្ពស់ផ្សព្វផ្សាយគំនិតច្នៃប្រឌិតរបស់សិល្បករខ្មែរ ដោយចូលទស្សនាដោយសេរី រយៈពេល១ខែ ចាប់ពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសារមនី្ទរខ្លែងខ្មែរ។លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានលើកឡើងថា ការរៀបចំ​ព្រឹតិ្តការណ៍ពិព័រណ៍សិល្បៈសហសម័យនាពេលនេះ​ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន២០២០-២០២២ និងសំដៅដល់ការលើកកម្ពស់ផ្សព្វផ្សយ​នូវគំនិតច្នៃ​ប្រឌិតថ្មីៗរបស់សិល្បករខ្មែរយើង ​ដែលបច្ចុប្បន្ននេះ កំពុងតែមានភាពរីកចម្រើនប្រកបដោយ​ទស្សន​សិល្បៈទូលំទូលាយទាំងលក្ខណៈជាតិ ​និងលក្ខណៈសាកល។នៅប្រទេសកម្ពុជាយើងមានសម្បតិ្ត វប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី ដូចជាប្រាង្គប្រាសាទ​បុរាណ​រមណីយដ្ឋានប្រវតិ្តសាស្រ្ត ក្បាច់ ចម្លាក់ គំនូរ របាំ ចម្រៀង តន្រី្ត ដែលជា​កេរ្តិ៍មរតក​មិន​អាច​កាត់ថ្លៃបានរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុករហូតមករាប់តំណរហូតដល់​បច្ចុប្បន្ននេះ​ជា​ភស្តុតាង។ជាមួយគ្នានោះដែរសិល្បករ មកពីខេត្តសៀមរាប​ លោក លីមុន្នី សៀវឡុង ​បាននាំយកស្នាដៃសិល្បៈ គឺរូបសម្រែកសត្វតោស្វែងរកជម្រក មកចូលរួមតាំងពិព័រណ៍សិល្បៈសហសម័យ ដោយច្នៃប្រឌិត​ចេញ​ពីសំរាម និយាយថា គំនិតច្នៃប្រឌិតនេះ គឺជាសារជូនដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់​ក្រោយឲ្យបានដឹងថា សំរាមធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន​ ហើយសំរាមទាំងអស់នោះ យើងអាច​យក​មកកែច្នៃ​ធ្វើជាសិល្បៈគំនូរ ​និងតំឡើងជារូបផ្សេងៗទៀតផងដែរ។ទន្ទឹមគ្នានោះដែរសិស្ស និសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ដូចជាអង្គការ សមាគម​នានា​ អញ្ជើញចូលរួមទស្សនាការបើកសម្ពោធពិព័រណ៍សិល្បៈសហសម័យ ដើម្បី​ទទួល​បាន​ការ​ចែករំលែកផ្លាស់ប្តូរ ​និងដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ​។ជាចុងក្រោយឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ននេះ មានការវិវត្តន៍ប្រែប្រួលលើសពីការរំពឹងទុករបស់យើង ជាពិសេស​ផ្នែកបច្ចេកវិទ្យា IT បច្ចេកវិទ្យា Art Digital Design ដែលមនុស្សលោក​បានបង្កើតឡើង​ប្រកប​ដោយ​បញ្ញាញាណ និងមានលក្ខណៈវិទ្យាសាស្រ្តប្រាកដនិយម។ ស្របពេលដែលពិភពលោកឈាន​ទៅរករបក​គំហើញថ្មីលើវិស័យសិល្បៈ។ ដោយឡែកនៅកម្ពុជាយើងសិល្បករ សិស្ស និសិ្សត ក៏ដូចជាយុវជនជំនាន់ថ្មី យើងក៏បានខិតខំ​សិក្សា​ស្រាវជ្រាវរៀនសូត្រស្វែងរកនូវគំនិតថ្មីៗប្លែកៗ លើបច្ចេកទេសសិល្បៈគ្រប់​ទម្រង់ស្រប​ទៅ​តាមការវិវត្តន៍បរិបទសង្គមជាតិ និងពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃសិល្បករយើង​បានច្នៃប្រឌិត​បង្កើតបានជាស្នាដៃ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍វិស័យសិល្បៈជាតិ។ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សូមគាំទ្រ និងកោតសរសើរចំពោះ ការខិតខំប្រឹង​ប្រែង​របស់នាយក ដ្ឋានជំនាញ ក៏ដូចជាដៃគូរពាក់ព័ន្ធនានា ដែលបានសហការរៀប​ចំពិព័រណ៍​នេះឡើង ​និងសូមឲ្យនាយកដ្ឋានបន្តរៀបចំសកម្មភាពសិល្បៈវប្បធម៌ឲ្យបានច្រើន ដើម្បីបំផុស​ផ្សព្វផ្សាយ​ដល់ស្រទាប់យុវវ័យ និងមហាជនឲ្យបានទូលំទូលាយ៕អត្ថបទ រដ្ឋា

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២

2021/12/11 12:02:59 pm        538
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល គ្រោងនឹងបញ្ចប់ការសាងសង់នៅខុងឆ្នាំ ២០២២ខាងមុខ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ គឺស្ថិតក្រោមការសាងសង់ ដោយសម្រេចបានប្រមាណជាង៤០%ហើយ។នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំក្រសួង បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល និងបាននាំមកនូវអំណោយជូនកម្មការកំពុងសាងសង់មួយចំនួនផងដែរ។ផ្អែកតាមរបាយការណ៍មជ្ឈមណ្ឌលនេះ គឺសម្រចការសាងសង់បានប្រមាណជាង ៤០% ហើយតាម​គម្រោង​នឹង​អាចបញ្ចប់ក្នុងចុងឆ្នាំ២០២២ខាងមុខ។ គម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែល​ផ្ដួចផ្ដើម​ដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយ ស្តង់ដារ​បច្ចេកទេសខ្ពស់ បម្រើឱ្យវិស័យពិការភាព ​ស្របតាមតំរូវការរបស់បងប្អូនមានពិការភាព ដែលមាន​ទីតាំងស្ថិត នៅលើផ្ទៃដីទំហំជាង ៦ហិកតា។ គម្រោងសាងសង់ខាងលើនេះ រួមមាន៖ អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលាន​បាល់ទាត់​វេទិកាសាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក​ រោងសិប្បកម្ម អគារដ្ឋបាល រោងចក្រ អគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។ក្នុងការចុះពិនិត្យគម្រោងខាងលើ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់​អគារ​ឱ្យ​មានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យ ​បានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបាន​ព្រមព្រៀងគ្នា ​ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការ​ភាព​នៅកម្ពុជា។ជាការកត់សម្គាល់ ការកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជា​សមិទ្ធផលថ្មីមួយទៀត​សម្រាប់​វិស័យ​សង្គមកិច្ច បន្ទាប់ពីមជ្ឈមណ្ឌល ថែទាំ​ និងស្តារ​នីតិសម្បទា​ជន​វិបល្លាសស្មារតី និង​មជ្ឈមណ្ឌល​យុវនីតិសម្បទា ​ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕អត្ថបទ៖ គឹមហុក 

លោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូនពលរដ្ឋ ៨០គ្រួសាររងគ្រោះដោយអគ្គិភ័យ

2021/12/11 11:41:39 am        500
ភ្នំពេញ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៨០គ្រួសារនៅផ្លូវ រថភ្លើង តំបន់បឹងកក់ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវភ្លើងឆេះបំផ្លាញគ្មានសល់ ត្រូវបានអាជា្ញធបានចុះទៅពិនិត្យសួរសុខទុក និងនាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាផ្ដល់ជូន។ជាក់ស្ដែងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយអគ្គីភ័យចំនួន ៨០គ្រួសារ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ ក្រុម ៣៤,៣៥,៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីតាំងនៅក្នុងបរិវេណរាជាយស្ម័យាន។លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​សំរាប់ជូនដល់បងប្អូនដែលបានរងគ្រោះ សំរាប់​ដោះស្រាយជីវភាពប្រចាំថ្ងៃ រួមមាន អង្គចំនួន០១បាវ ទឹកបរិសុទ្ធចំនួន០១កេស មីចំនួន០១កេស ទឹក​ស៊ីអ៊ីវ ចំនួន ០១យួរ ទឹកត្រី ចំនួន០១យួរ ត្រីខចំនួន០១យួរ តង់ចំនួន០១ និង ថវិកា​ចំនួន ៥០,០០០រៀល ផងដែរ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៦ និង៣៥នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មាន​ករណី​អគ្គិភ័យ​បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្លូវរថភ្លើង ​អស់ចំនួន៨០ខ្នងផ្ទះ តែ​សំណាងល្អ​មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ៕អត្ថបទ៖ កុម្ភះ

យុវជន ១០ក្រុមត្រៀមលក្ខណៈរួចរាល់ចូលរួមប្រកួតRobot ក្នុងពិព័រណ៍យន្តហោះនៅចុងសប្ដាហ៍ក្រោយ

2021/12/11 11:29:05 am        1578
ស្វាយរៀង៖ យុវជន១០ក្រុម បានត្រៀមលក្ខណៈរួចរាល់ ក្នុងការចូលរួមប្រកួត (Robot) ក្នុងកម្មវិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍ក្រោយនេះ។សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃនេះ បានរៀបចំការជួបពិភាក្សាជា មួយយុវជន ១០ក្រុម ដែលត្រៀមចូលរួមប្រកួតប្រជែង ផលិតមនុស្សយន្ត ឬហៅជាភាសារអង់គ្លេសថា រ៉ូបូត នៅក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ នេះ នៅមូលដ្ឋានទ័ពអាកាសរាជធានីភ្នំពេញ។យុវជនដែលត្រៀមចូលរួមប្រកួតក្នុងកម្មវិធីនេះ បានប្រាប់BTVថា ការសម្រេចចិត្តចូលរួមការ ប្រកួតរ៉ូបូត ​គឺដោយសារការស្រលាញ់ចូលចិត្តជំនាញបច្ចេកវិទ្យា បើទោះបីការផលិត​រ៉ូបូត​ជួប​ការលំបាក​ យ៉ាងណាក៏ដោយ ក៏មិនបោះបង់ដែរ។ ក្រៅពីនេះពួកគេបានអគុណដល់សហភាពសហព័ន្ធយុវជន ​កម្ពុជាប្រចាំខេត្តស្វាយរៀង ដែលបាន​រៀបចំការ​ប្រកួតនេះ​ ដែលបានផ្តល់ឱកាសដល់យុវជន និងទទួល បាន​បទពិសោធន៍​ជាច្រើន​ពី​បច្ចេកវិទ្យា។លោក ហែម សុធីរិទ្ធ ប្រធានក្រុមប្រកួតរ៉ូបូត បានឲ្យដឹងដែរថា មុនចូលរួមប្រកួត ក្រុមការងារ បាន បង្ហាត់បង្ហាញ​ដល់ក្រុមយុវជនទាំងនេះអំពីរបៀបធ្វើរ៉ូបូត​ និងលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ហើយយុវជនដែលចូលរួមប្រកួត ​គឺមានសមត្ថភាពផ្សេងៗពីគ្នា។ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា-ខេត្តស្វាយរៀង​ ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាស​ចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ នៅឆ្នាំ២០២១នេះ គឺជាឆ្នាំទី៣ហើយ ដែលសហភាព​សហព័ន្ធយុវជន​កម្ពុជា ប្រចាំខេត្តស្វាយរៀង ​បានរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា៕អត្ថបទ៖ ទូច សោភ័ណ 

ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញប្រគល់ទទួលសួនកម្សាន្ដសុវត្ថិភាពរបស់មូលនិធិ SIR BOBBY CHARLTON

2021/12/11 11:19:46 am        774
បាត់ដំបង៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល សមិទ្ធផលសួនកម្សាន្តសុវត្ថិភាពរបស់មូលនិធិ Sir Bobby Charlton នៃចក្រភាពអង់គ្លេសជូនដល់សាលាវិទ្យាល័យបរវេល។ពិធីប្រគល់-ទទួលនេះ មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុបវេល ខេត្តបាត់ដំបង ជាច្រើននាក់។ថ្លែងក្នុងពិធីប្រគល់ទទួលសមិទ្ធិផលសួនកម្សាន្ដសុវត្ថិភាពរបស់មូលនិធិ SIR BOBBY CHARLTON នៃចក្រភពអង់គ្លេសជូនសាលាវិទ្យាល័យបវេល ស្ថិតក្នុងស្រុកបវេល ខេត្ដបាត់ដំបង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ បានរំលឹកថា ក្រោយ​ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប​ប្រទេសកម្ពុជា​មានការអភិវឌ្ឍរីកចម្រើនបានល្អនាពេលបច្ចុប្បន្ននេះ ។ ឯកឧត្ដម បានបន្តថា ដោយសារនាពេលបច្ចុប្បន្ន​សម្ដេចតេជោ​យកចិត្ដទុក​ដាក់ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ ទើប​ក្នុងសម័យកូវីដ១៩ សម្ដេចតេជោ​បានផ្ដល់ជូនអគារ ៣ជាន់មួយខ្នង​ដល់​សាលាវិទ្យាល័យបវេល។ក្នុងនេះផងដែរតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTON ដែល​បាន​មកឃើញ​ការលំបាក​របស់កម្ពុជា​បានប្រមូលធនធានផ្សេងៗ នៃសមាជិកក្នុងចក្រភពអស់គ្លេស ដើម្បីមកជួយប្រទេសយើង នេះជាចំណែកមួយដែលជួយឱ្យប្រទេសកម្ពុជា​កាន់តែមាន​ការអភិវឌ្ឍ​កាន់​តែប្រសើរឡើង។ក្នុងឱកាសនោះលោក ហ៊ួ វុទ្ធី នាយកសាលាវិទ្យាល័យបវេលក៏បានថ្លែងថា ក្នុងបរិបទកូវីដ១៩ សាលាវិទ្យាល័យបវេល ទទួលបានសមិទ្ធផលជាច្រើនដូចជា ​សាងសង់ខ្លោងទ្វាថ្មី១ ចាក់បេតុងតាមបណ្ដោយរបងមុខសាលាប្រវែង ១ ១៨១ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២០​ ទទួល​បាន​អគារសិក្សា ១ខ្នង ៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសាងសង់រួចរាល់ឆ្នាំ២០២១ ហើយនៅឆ្នាំ២០១៩ ទទួលបានអគារសិក្សា ១ខ្នង ៥បន្ទប់​របស់គម្រោងកែលម្អសាលារៀន ក្នុងឆ្នាំ២០២០ ទទួលបានអគារសិក្សា១ខ្នង មាន៦បន្ទប់​របស់ក្រសួងអប់រំយុវជន និងកីឡា។លោកនាយកបន្តថា ដោយឡែកតាមរយៈលោកជំទាវ ប៊ុត រតនា មូលនិធិ SIR BOBBY CHARLTONនាឆ្នាំ២០២១នេះ ​បាន​ឧបត្ថម្ភ​សមិទ្ធផល​ដូចជា ​សួនបន្លែបៃតង​ រោងបណ្ដុះបន្លែ តារាងបាល់ សម្ភារៈបណ្ណាល័យ ​បំពាក់ឧបករណ៍ក្មេងលេង​ និងឧបករណ៍ហាត់ប្រាណសាធារណៈផងដែរ៕

មន្រី្តជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើសិល្បករគ្រប់រូប រករូបមន្តឱ្យបានល្អៗ​ ច្នៃប្រឌិត​សិល្បៈ​សូនរូប​សហសម័យ​ឲ្យជា​របស់​កម្ពុជា

2021/12/10 04:24:41 pm        583
ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់សិល្បករគ្រប់រូបទាំងអស់ រករូបមន្តឲ្យបានល្អៗ ច្នៃប្រឌិតសិល្បៈសូន​រូប​សហសម័យ​ឲ្យជារបស់ប្រទេសកម្ពុជាប្រាកដ។ការថ្លែងរបស់ឯកឧត្តម អ៊ុក សុជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់​ជាតិ​សី្តពី សិល្បៈ​សហសម័យ​កម្ពុជារៀបចំដោយនាយកដ្ឋានសិល្បៈសូនរូប ​និងសិល្បៈសិប្បកម្ម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម បន្តថា ក្នុងនាមយើងជាអ្នកសិល្បករ ត្រូវ​ពួតផ្តុំ​ឲ្យមានតម្លៃមួយ ឯកភាពជាតិ។ សិក្ខាសាលា​ដែល​រៀបចំ​ក្នុង​ពេល​នេះ គឺជាព្រឹតិ្តការណ៍វប្បធម៌ ដ៏មានសារៈសំខាន់មួយ ដែលអាច​ចូលរួម​វិភាគទាន​ដល់​ការអភិរក្ស ​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌អរូបី របស់ជាតិយើងឲ្យកាន់តែ​មាន​ភាពប្រសើរឡើង ​និងស្របតាមគោលនយោបាយវប្បធម៌ ​ក្នុងការ​ជំរុញ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយនូវស្នាដៃសិល្បៈ ​និងសិល្បៈសិប្បកម្ម សំដៅលើក​កម្ពស់​នូវ​គុណភាព និងផ្តត់ផ្គង់​ដល់អ្នកប្រើបា្រស់ទាំងក្នុងស្រុក និងក្រៅស្រុកបម្រើដល់ការអភិវឌ្ឍវិស័យទេសចរណ៍​នៅកម្ពុជា។ឯកឧត្តម អ៊ុក សុជាតិ បានបញ្ជាក់ទៀតថា​ បច្ចុប្បន្ននេះប្រទេសជាតិ ​និងពិភពលោក បានកំពុង​ធ្វើ​ដំណើរ​ទៅ​មុ​ខ​យ៉ាង​លឿន​នៃ​សតវត្សទី២១ ​ដោយឡែកសិល្បៈគ្រប់ទម្រង់ ក៏បាន​វិវត្តន៍​ទៅមុខឥត​ឈប់ឈរ ​ដោយផ្អែក​ទៅ​លើ​កត្តា​ទស្សនវិជ្ជា​ទាន់​សម័យទំនើប​បង្កប់នូវខ្លឹមសារយ៉ាងជ្រៅ ដែល​តម្រូវ​ឲ្យអ្នកទស្សនា​ អ្នកអានត្រូវ​ការ​ពេល​វេលា​គិត​ពិចារណា​ទៅលើ​ស្នាដៃសិល្បៈទាំងនោះ។ អ្នកប្រាជ្ញខាងសិល្បៈពិភពលោក ​បានខិតខំរិះ​រក​គ្រប់​មធ្យោបាយ​ចាប់​តាំង​ពី​សតវត្សទី១ រហូត​មកដល់​សតវត្សទី ២០ឃើញថា ចលនារបស់សិល្បៈគ្រប់រូបភាពបានលេចឡើង ផ្សព្វផ្សាយគ្រប់​ទិសទី​នៅ​លើ​ផែនដីយើងនេះ ដោយឡែកសតវត្សទី២១ ជាសតវត្សនៃការបណ្តុះគំនិតថ្មី​បែប​សហសម័យ ​ដែលសិប្បករ​គ្រប់រូប​ត្រូវចេះគិតពិចារណាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានឲ្យដឹងថា សិក្ខា​សាលានាពេលនេះ គឺ​សំដៅ​បំផុស ​និងលើកទឹកចិត្តដល់សិល្បករ សិប្បករ អ្នក​ប្រកបកិច្ច​ការ​សិល្បៈវប្បធម៌ដ៏ទៃទៀត​ ពិសេស​មហាជន​ទូទៅ​ត្រូវ​ចូលរួម​ចំណែកក្នុងការអភិរក្ស ​និងអភិវឌ្ឍ នូវ​វិស័យសិល្បៈវប្បធម៌ជាតិគ្រប់ទម្រង់ឲ្យស្ថិតស្ថេរគង់វង្ស។​ យើង​សង្កេត​ឃើញថា ផ្នែកវិទ្យាសាស្រ្ត ក៏មានការរីកចម្រើនខាងផ្នែក​ឌីហ្សាញន៍ ក្រាហ្វិក សិល្បៈ កុំព្យូទ័រ​ និងការរៀបចំដាក់​តាំង​វត្ថុ​ផ្សេងៗ ដោយ​ប្រើគំនិតទស្សនៈ បញ្ចេញលើវិស័យសិល្បៈដូចគ្នា។ ​កាលណាមានគំនិតខ្ពង់ខ្ពស់ហើយ យើង​សម្លឹង​រក​អ្វី​ដែល​នៅជុំវិញខ្លួនយើង​ ជាវត្ថុ ឬរបស់របរផ្សេងៗ ដែលអាចច្នៃប្រឌិតទៅជាវត្ថុ​សិល្បៈ​បាន​ដោយងាយ។លោកបានសង្កត់ធ្ងន់ថា សិល្បៈដែលមានកម្រិតខ្ពស់ ​គឺផ្តោតទៅលើទស្សនៈ ​និងគំនិតតែម្តង មិន​ផ្តោត​ទៅលើរូបរាង និង​ពណ៌សម្បុរប៉ុន្មាននោះទេ។ កាលណាមានគំនិតច្នៃប្រឌិត​បង្កើតខ្ពស់​ទៅ​តាម​សម័យ​កាល​ជឿនលឿន តាមជីវភាព​បច្ចុប្បន្ន គឺគេហៅថាទម្រង់សិល្បៈបែបសហសម័យ ហើយ​សហសម័យ​ គឺជាទម្រង់សិល្បៈរួមបញ្ចូលគ្នា​ ដោយ​បង្កើត​បាន​ជា​ទម្រង់មួយថ្មី ដែលជាគំនិត​របស់​សិល្បករផ្ទាល់ ​មិនចម្លងពីគេ​ មិនលួចពីគេ ​ហើយក៏ជាលក្ខណៈមួយ ទទួល​ស្គាល់​នៅក្នុងស្រុក និងក្រៅស្រុកផងដែរ៕ អត្ថបទ រដ្ឋា

វ៉ាក់សាំងបង្ការជំងឺកូវីដជិត៣០ម៉ឺនដូស តាមរយៈ COVAX បានដឹកមកដល់កម្ពុជា

2021/12/10 03:15:08 pm        450
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន (Mrs.Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១​នេះ បានអញ្ជើញមកទទួលការមកដល់នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ២៩០,៤០០ដូសពី​មជ្ឈមណ្ឌល COVAX Facility ។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា នៅថ្ងៃនេះកម្ពុជា ទទួល​បាន​វ៉ាក់សាំង​ចំនួន២៩០,៤០០ដូស ពីមជ្ឈមណ្ឌល COVAX Facility ដែល​ផ្តល់ជូនដោយរដ្ឋាភិបាល​ហូឡង់។ តាម​យុទ្ធសាស្រ្ត​របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស និង​យក​ទៅ​ប្រើបា្រស់​សម្រាប់​ដំណើរការចាក់វ៉ាក់សាំង ​ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត ​លោកបានសង្កត់ធ្ងន់ហើយថា​ ប្រជាពលរដ្ឋ​ដែលត្រូវទទួលនូវដូសទី៣ ត្រូវតែ​ពិនិត្យ​មើល​ចាក់ឲ្យបានគ្រប់ៗគ្នា ​ដើម្បីជៀសវាង​នូវ​ហានិភ័យ​ធ្លាក់​ខ្លួន​ទៅ​ជា​ធ្ងន់ធ្ងរ នៅពេល​ដែល​ឆ្លង​មេរោគកូវីដ១៩។ទន្ទឹមគ្នានោះដែរ លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន (Mrs.Dr. Li Ailan) បានបញ្ជាក់ថា កម្ពុជា ជា​ប្រទេស​មួយ​ដែលមានសំណាង​ ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ។​ ដូច្នេះហើយទើប ប្រទេស​កម្ពុជា ពុំមាន​ការ​ខ្វះខាត​នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។​ ព្រោះថាជំងឺកូវីដ-១៩​ នៅមិនទាន់ បញ្ចប់​នៅឡើយទេ។ ដរាបណា​មាន​ហានិភ័យ​ដែលបង្ករឡើងវីរុសកូវីដ-១៩ ​នៅតាមបណ្តាប្រទេស ផ្សេងៗ​ទៀតនោះ ប្រទេសកម្ពុជានៅតែទទួល​រង​នូវ​ហានិភ័យ​នេះនៅថ្ងៃណាមួយមិនខាន។ វ៉ាក់សាំង ​គឺជាឧបករណ៍មួយ ​ដែលប្រើប្រាស់ ​ដើម្បីបញ្ចប់នូវជំងឺរាតត្បាតនេះ ហើយ​ក៏ជា​ឧបករណ៍មួយអាចផ្លាស់ប្តូរ និងសម្រប់ខ្លួននៃការរស់នៅក្នុងបរិបទថ្មី។ ដូច្នេះកម្ពុជា ក៏នៅតែ​ត្រូវ​ការ​វ៉ាក់សាំង​បន្ថែមទៀតនាពេល​ អនាគតដើម្បីឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជា​ពិសេស​ក្នុង​បរិបទ​វីរុស​បំប្លែង​ថ្មី អូមីក្រុង (Omicron)នេះ វ៉ាក់សាំង គឺរិតតែត្រូវការ​កាន់តែ​ខ្លាំង​ជាង​មុនទៀត។ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំងចំនួន៣០ម៉ឺនដូស នឹង​សប្តាហ៍ក្រោយទៀត កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ចំនួន ៣០ម៉ឺន​ដូស​បន្ថែម​ទៀត ពី​មជ្ឈមណ្ឌល COVAX Facility។ ដោយយើងសង្ឃឹមថា​ទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីរដ្ឋាភិបាល​អូស្រ្តាលី​ចំនួន ២លាន ៣សែនដូសទៀតផងដែរ។ ដូច្នេះសម្រាប់ចុងឆ្នាំ២០២១នេះ កម្ពុជា នឹង​ទទួល​បាន​វ៉ាក់សាំង​ជិត​៣លានដូស៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM