ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ពាណិជ្ជកម្មតាមអនឡាញ កំពុងមាន​និន្នាការ​កើនឡើង​នៅកម្ពុជា ខណៈរដ្ឋាភិបាលជំរុញសេដ្ឋកិច្ចឌីជីថល

2021/12/10 01:48:13 pm        398
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសិក្ខាសាលាស្តីពី «ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ៖ ការត្រួតពិនិត្យលើផែនការការងារ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។ សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី និងក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​យោបល់​ពាណិជ្ជកម្ម និងវិយោគ Trade Worthy ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់​មក​ពី​បណ្តា​រដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ ​និងវិស័យឯកជននានាជាច្រើនរូប។ក្នុងសុន្ទរកថា បើកសិក្ខាសាលានេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា សិក្ខា​សាលា​នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញជូនភាគីពាក់ព័ន្ធ​ទាំងអស់​អំពី​ផែនការ​ការងារ​លើកិច្ចព្រម​ព្រៀង​អាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រសិទ្ធភាពនៃការអនុវត្តផែនការនេះ ដែលនឹងជួយដោះស្រាយនូវគំលាតទាំងឡាយទាក់ទង​នឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌ​គោលនយោបាយរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ ក៏ដូចជាដោះស្រាយ​បញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូ ធុនតូច​ និងមធ្យមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញ​សមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថលជាដើម។ឯកឧត្តម រដ្ឋមន្ត្រីបន្តថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុង​ក្លាយ​ជាទិដ្ឋភាពដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុក​ដាក់ក្នុង​ការ​អភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្ត​តាម​កិច្ចព្រមព្រៀង​អាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក ជាក់ស្ដែងកម្ពុជា​បាន​ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ បន្ថែមពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវ​យុទ្ធ​សាស្ត្រ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលឯកសារនេះត្រូវបានប្រើប្រាស់​ជា​ឯកសារ​យុទ្ធសាស្ត្រ​ក្នុងការបន្តបង្កើតគោលនយោបាយសេដ្ឋកិច្ច​ និងសង្គមឌីជីថល ២០២១-២០២៥៕អត្ថបទ៖ វណ្ណៈ

ព្រះសង្ឃទូទាំងប្រទេសចំនួន ៦៩,៤៣២អង្គ ក្នុងនោះព្រះសង្ឃបានចាក់វ៉ាក់សាំងមាន​ចំនួន ៦៦,៩៥១អង្គ

2021/12/10 01:37:50 pm        532
ភ្នំពេញ៖ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ព្រះសង្ឃទូទាំងប្រទេសចំនួន ៦៩,៤៣២អង្គ ក្នុងនោះព្រះសង្ឃ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ៦៦,៩៥១អង្គ ស្មើនឹងចំនួន៩៦%។ការថ្លែងរបស់​ឯកឧត្តម ផ្លោក ផន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​ក្រោមវត្តមានឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ ​និងសាសនា និង​ថ្នាក់ដឹកនាំ​មន្ទីរធម្មការ ​និងសាសនា ​ទាំង២៥រាជធានី-ខេត្ត, នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ​បានឲ្យដឹងទៀតថា ព្រះសង្ឃដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន​១,២៤៥​អង្គ បានជាសះស្បើយចំនួន១,២៣៣អង្គ ក្នុងនោះអនិច្ចធម្មចំនួន១៦អង្គ។ ថ្នាក់ដឹកនាំពាហិរសាសនា ដែល​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩ចំនួន៤,០៧៨រូប ថ្នាក់ដឹកនាំ ឥស្លាមសាសនាចំនួន១,៤៨៧រូប។ ថ្នាក់ដឹកនាំ គ្រិស្ដ សាសនា ចំនួន២,៣៤៣រូប និងថ្នាក់ដឹកនាំសាសនាផ្សេងៗចំនួន២៤៨រូប។ ថ្នាក់ដឹកនាំពាហិរសាសនា ដែលបាន​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន៤៧៥រូប ជាសះស្បើយចំនួន៤៥៩រូប មរណភាពចំនួន៧រូប ក្នុងនោះរួមមាន៖ សាសនា​ឥស្លាម ចំនួន៣១៥រូប ជាសះស្បើយចំនួន៣០៥រូប មរណភាពចំនួន៦រូប គ្រិស្ដសាសនា​ចំនួន ១២២រូប ជាសះស្បើយ​ចំនួន​១១៦រូប មរណ​ភាព​ចំនួន១រូប។ ចំពោះវិស័យពុទ្ធិកសិក្សា ​សម្តេចព្រះអគ្គាធិការ បានខិតខំប្រឹងប្រែង ​យកព្រះទ័យ​ទុក​ដាក់ បណ្តុះ​បណ្តាល​តាម​ប្រព័ន្ធអនឡាញ (Zoom)។ ក្នុងអង្គប្រជុំប្រចាំខែនោះផងដែរ ក៏មាន​ការ​ឡើងធ្វើ​បទ​អន្តរាគន៍​ពី​សំណាក់ប្រធានមន្ទីរធម្មការ និង​សាសនាស្តីពីការលានុវត្តន៍ភាពវិស័យសាសនា ​ក៏ដូចបញ្ហា​ប្រឈម​នានា​ជូន​អង្គប្រជុំដើម្បីបានដោះស្រាយ។បន្ទាប់ពីបានស្តាប់បទអន្តរាគន៍រួចមក ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មាន​ប្រសាសន៍​ថា ក្រសួងនឹងទទួលយកសំណើរ ​និងបញ្ហាប្រឈមនានា ​ដើម្បីដោះស្រាយ និងធ្វើ​របាយ​ការណ៍ជូន​ប្រមុខ​ដឹក​​នាំ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សូមឱ្យមន្ត្រីក្រោមឱវាទទាំងអស់ខិតខំបន្ត យកចិត្តទុក​ដាក់អនុវត្តការងារ​ដែល​រាជរដ្ឋាភិបាល ក្រសួង ​ក៏ដូច​អាជ្ញាធរ ខេត្ត ​ប្រគល់ជូន ជាពិសេសបន្តការអប់រំតាមបណ្តាវត្ត វិហារ ​ស្នាក់ការថ្វាយបង្គំ ស្តីពី​គ្រឿងញៀន និងវិធាន​ការ​ការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​ជាពិសេស វីរុស​បំប្លែងខ្លួនថ្មី (អូមីក្រុង) ដែល​មានប្រភព​ចេញពីតំបន់អាហ្រ្វិកខាងត្បូង ​តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល ​ដោយបង្កើនការប្រុងប្រយ័ត្ន ​និងអនុវត្តនូវវិធានការ​ «៣ការពារ» និង «៣កុំ»៕អត្ថបទ រដ្ឋា

សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាចង់មានច្បាប់រៀបការ ខណៈប្រធានសិទ្ធិមនុស្សកម្ពុជាគាំទ្រ

2021/12/10 06:52:32 am        1701
ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ អង្គការសហគមន៍ដែលគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ស្នើរាជរដ្ឋាភិបាលបង្កើតច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់ ដើម្បីកាត់បន្ថយការរើសអើងក្នុងសង្គម។ សំណើរនេះ ក៏ទទួលបានការគាំទ្រពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។តាមយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អ្នកនាង ជ័យ សុខដុម មន្រ្តីផ្នែកច្បាប់នៃអង្គការសហគមន៍ឥន្ធធនូ បានឲ្យដឹងថា មកដល់ពេលនេះអ្នកជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ​ឬការរើសអើងនៃអ្នកស្រលាញ់ភេទដូចគ្នា បានកាត់បន្ថយតិចតួចនៅឡើយ ដោយ​សារ​បញ្ហា​ប្រឈម​សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ដែលកំពុងជួបប្រទះ គឺការមិនមានច្បាប់​អាពាហ៍​ពិពាហ៍​អនុញ្ញាតដើម្បីឲ្យពួកគេបង្កើតគ្រួសារដោយបញ្ជាក់មានជាសៀវភៅគ្រួសារឡើយ។អ្នកនាង បន្តថា ក្រៅពីនេះពាក់ព័ន្ធនឹងច្បាប់ស្មុំកូន ដើម្បីឲ្យកូនដែលពួកគេចិញ្ចឹម​មានសិទ្ធិពេញ​លេញ​ដែលបញ្ជាក់ជាឪពុក ឬម្តាយក៏ជាកត្តាប្រឈមផងដែរ។មន្រ្តីផ្នែកច្បាប់ អង្គការសហគមន៍ឥន្ធធនូរូបនេះ បញ្ជាក់ថា ​ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលគួរបង្កើតច្បាប់អាពាហ៍ពិពាហ៍ ដើម្បីឲ្យសង្គមកាន់តែកាត់បន្ថយការរើសអើង​ចំពោះ​អ្នកស្រលាញ់ភេទដូចគ្នា។ទន្ទឹមគ្នានោះ លោក សន នឿន សមាជិក អង្គការសហគមន៍ឥន្ធធនូ និងជាអ្នកស្រលាញ់ភេទដូចគ្នា បានលើកឡើងថា ការរស់នៅក្នុងសង្គមបច្ចុប្បន្នបានកាត់បន្ថយ​ការរើសអើង​មួយ​ចំនួន​ពី​សំណាក់​ប្រជាពលរដ្ឋ ប៉ុន្តែលោកទទូចដល់រាជរដ្ឋាភិបាលស្នើឲ្យបង្កើតច្បាប់​អាពាហ៍​ពិពាហ៍​ដែល​ជាដំណោះស្រាយជំរុញបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា ឲ្យកាន់តែប្រសើរជាងមុន។ទាក់ទងនឹងបញ្ហានេះ នៅក្នុងកម្មវិធីស្តីពី ការបង្កើនកិច្ចការការពារផ្លូវច្បាប់​សម្រាប់ដៃគូអ្នក​ស្រឡាញ់​ភេទដូចគ្នា​នៅប្រទេសកម្ពុជា ​កាលពីថ្ងៃទី៩ ម្សិលមិញ​ ឯកឧត្តម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា​ បានប្រកាសគាំទ្រឱ្យបង្កើតច្បាប់ ឬកែតម្រូវច្បាប់ធ្វើសំបុត្រ​អាពាហ៍ពិពាហ៍ស្របច្បាប់ជូនអ្នកស្រឡាញ់ភេទដូចគ្នា ​ខណៈអ្នកស្រឡាញ់ភេទដូចគ្នា កំពុង​ជួប​បញ្ហា​ប្រឈមជាច្រើន ​ពាក់ព័ន្ធនឹងការធ្វើឯកសារផ្សេងៗ។ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំរើសអើស​អ្នកស្រឡាញ់ភេទដូចគ្នា ​ព្រោះអ្នកស្រឡាញ់ភេទដូចគ្នា ក៏ជា​មនុស្សដែលមានសិទ្ធិជ្រើសរើស​បុគ្គល​ដែលខ្លួន​ស្រឡាញ់ពេញចិត្ត​ដូចមនុស្សទូទៅដែរ៕អត្ថបទ សេក ឧត្តម 

សម្តេចតេជោ៖ សិទ្ធិសេរីភាព បានធ្វើឲ្យកម្ពុជារីកចម្រើនមកដល់សព្វថ្ងៃ

2021/12/10 12:52:43 pm        636
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារថា បច្ចុប្បន្នសិទ្ធិសេរីភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺមានពេញលេញហើយសិទ្ធិសេរីភាពនេះ បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខមកដល់សព្វថ្ងៃនេះ។ខណៈថ្ងៃនេះជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ១៩៤៨-១០ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនៅលើទំព័រសង្គម​ហ៊្វេសប៊ុក​ថា បច្ចុប្បន្នសិទ្ធិសេរីភាពគឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើស​ជំនឿ​សាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំ​ ដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាព ក៏បានធ្វើឲ្យកម្ពុជាកាន់ តែរីកចម្រើនជឿនលឿនទៅមុខ។សម្ដេចបានរំលឹកថា កាលពីប្រទេសកម្ពុជាឋិតក្នុងរបបប៉ុល ពត គឺប្រជាពលរដ្ឋ គ្មាន​សិទ្ធិសេរីភាព​អ្វីទាំងអស់ ​សូម្បីតែសិទ្ធិរស់រានមានជីវិត ​សិទ្ធិទទួលទានអាហារ ​សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិ​ជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង ​និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀប​អាពាហ៍ពិពាហ៍ និង​សិទ្ធិប្រកបការងារជាដើម ។ល។សម្តេចតេជោ បានបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត បានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយ​បាន​បង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ​ឈឺស្លាប់​ដោយគ្មានពេទ្យ និង​ថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឱ្យប្រជាពលរដ្ឋជាង ៣លាននាក់បានស្លាប់ ក្នុង​រយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។សម្តេចតេជោ បានបញ្ជាក់ថា សិទ្ធិសេរីភាពរបស់កម្ពុជា​ ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវ​បាន​រំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបាន​វាយ​ផ្តួល​រំលំទាំង​ស្រុង​នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕អត្ថបទ៖ មុត សុទ្ធ

កម្ពុជាមិនទាន់ទទួលអ្នកដំណើរអន្តរជាតិធ្វើ​ទិដ្ឋាការ​ពេលមកដល់ទេ ទោះបើកប្រទេសឡើងវិញក្តី

2021/12/10 05:25:10 am        455
ភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបើកប្រទេសឡើងវិញនេះ សំគាល់ឃើញថា អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមមានកម្រើកច្រើនធ្វើដំណើរចេញចូលប្រទេសកម្ពុជាច្រើន ខណៈមកដល់ពេលនេះ កម្ពុជា នៅមិនទាន់ប្រកាសបើកទទួលដំណើរអន្តរជាតិដែលតម្រូវអោយធ្វើ VISA ON ARRIVAL នៅឡើយទេ។បើតាមមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែធ្នូនេះថា នៅពេលបច្ចុប្បន្ន នៅ​គ្រប់​បណ្តា​ច្រក​ទា្វរ​ព្រំដែនអន្តរជាតិទាំងផ្លូវអាកាស ផ្លូវគោក ​និងផ្លូវទឹកនានានៃទូទាំងប្រទេស គឺមិន​ទាន់​ប្រកាស​បើក​ទទួល​ធ្វើ VISA ON ARRIVAL ឬទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរ​អន្តរជាតិ​ធ្វើ​ទិដ្ឋាការ​ឆ្លងដែន​នៅពេល​គេមិន​ដល់​ច្រកទ្វារព្រំដែន​កម្ពុជានោះទេ ពោលគឺគ្រប់ពលរដ្ឋ​នៅតាមបណ្តាប្រទេស ​ដែលរាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់​ការ​លើកលែង​ទិដ្ឋាការ គឺត្រូវ​ធ្វើ​ទិដ្ឋាការ​ចូលមកកម្ពុជានៅតាមបណ្តាស្ថាទូតកម្ពុជា​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស​សាមី​ជាមុនសិន ទើប​កម្ពុជាអនុញ្ញាតអោយឆ្លងដែនចូល។បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាល​ពី​ពេលថ្មីៗ​នេះថា​ ក្នុង​អំឡុង​ពេលនេះ ​ប្រសិនបើកម្ពុជា ​ប្រកាសបើកទទួលអ្នកដំណើរអន្តរជាតិ និង​ទេសចរ​អន្តរជាតិធ្វើ Visa on Arrivalនេះ ចំនួនភ្ញៀវបរទេស នឹងមានសន្ទស្សន៍កើនឡើងខ្លាំងមកកម្ពុជា ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​អោយអ្នកដំណើរអន្តរជាតិធ្វើជា E- VISA ដើម្បីឆ្លងដែនមកវិញដែរ។ឯកឧត្តម ថោង ខុន បន្តថា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បច្ចុប្បន្ន​កម្ពុជា បាន​បើក​អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ានទាំងមូលដោយមិនបាច់ធ្វើទិដ្ឋាការនោះទេ ហើយក៏មាន​បណ្តា​ប្រទេស​នៅ​ក្រៅតំបន់ផ្សេងៗទៀតជាច្រើន ដែលបានចុះកិច្ចព្រមព្រៀង​ការ​លើក​លែង​ការ​ធ្វើ​ទិដ្ឋាការ​ជាមួយ​កម្ពុជា​កន្លង​មក ​ក៏យើងកម្ពុជាបានបើកទទួលចូលផងដែរ។បើតាមឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តរជាតិប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ថ្លែងថា ចាប់ពី​រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាសបើកទេសចរណ៍ និងបើកប្រទេសឡើងវិញមក បើគិតចាប់ថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា​ចុងក្រោយនេះមានអ្នកដំណើរនិងទេសចរអន្តរជាតិចេញ​ចូលកម្ពុជាសរុបជា ១២,២០០នាក់ ស្មើនឹង​ ៥៦​សញ្ជាតិ។ឯកឧត្តម បន្តថា នៅក្នុងចំណោមអ្នកដំណើរនិងភ្ញៀវទេសចរអន្តរជាតិ​ដែល​មកដល់​ព្រំដែនកម្ពុជា​នោះដែរ ​ក៏មាន​ដំណើរ​អន្តរជាតិជិត២០០នាក់​ ស្មើនឹង៣១សញ្ជាតិ ត្រូវបានមន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជួរ​មុខ​យើង​ណែនាំ​អោយ​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ ​ដោយសារ ការ​មិន​គោរពគោល​ការណ៍​លក្ខន្តិក​សុខាភិបាល ​និង​មិន​មាន​ទិដ្ឋាការ​ចូល​មក​កម្ពុជា៕អត្ថបទ៖ ស៊ុម សុខជា

ចិនហួសចិត្តចំពោះការលាបពណ៌ដដែលៗពីអាមេរិក មកលើកម្ពុជាទាក់ទងនឹងមូលដ្ឋានសមុទ្ររាម

2021/12/10 11:56:24 am        1636
ភ្នំពេញ៖ មិត្តចិនបានសម្តែងការហួសចិត្ត និងជ្រេញចំពោះរដ្ឋាភិបាលអាមេរិក ដែលបានបន្តបង្ខូចឈ្មោះ លាបពណ៌មកលើប្រទេសកម្ពុជាច្រំដែលៗ ទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជានិងចិន ពិសេសការចោទប្រកាន់ អំពីវត្តមានកងទ័ពចិននៅកម្ពុជា។នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី៩ ខែធ្នូនេះ បានលើក​ឡើងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា «អាមេរិក នឹងបន្ថែមវិធានការកំណត់ថ្មី​ឡើង​វិញ​លើការនាំចេញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការ​ហាមឃាត់​លក់អាវុធ ​និងសម្ភារយោធាដល់កម្ពុជា» ដោយក្រោមហេតុផលថា មានអំពើរំលោភបំពាន​សិទ្ធិ​មនុស្ស អំពើពុករលួយ និង​ការអនុញ្ញាត​បង្កើនវត្តមាន​យោធាចិនក្នុងប្រទេសកម្ពុជាជាដើម។ចិន បានហៅការគំរាមកំហែងដាក់សម្ពាធ ​និងការដាក់ទណ្ឌកម្មមកលើកម្ពុជានេះ ថាជាទង្វើដែល​ប្រើ​អំណាចកៀប​សង្កត់​លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ ហើយបានល្មើសនឹងក្រម​ប្រតិបត្តិ​មូល​ដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។ផេកហ្វេសប៊ុកដដែល បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ថ្មីៗនេះ អាមេរិក បន្តបង្ខូចឈ្មោះ ​និងលាបពណ៌លើទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងចិន​ និងកម្ពុជា គំរាមកំហែងដាក់សម្ពាធ​ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។ នេះគឺជាទង្វើ ដែលប្រើអំណាចកៀប​សង្កត់​លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់។ ​ទង្វើនេះ​ បានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។ ​ភាគីចិន ​ប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ»។ប្រភពដដែលបានលើកឡើងទៀតថា ចិន និងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជាមិត្តដែកថែប និងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណី នៃ​ប្រទេស​ទាំងពីរ ឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំ មិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិន ​និងកម្ពុជា​ នឹងទទួលបរាជ័យ ខណៈភាគីចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ​ក្នុងការការពារអធិបតេយ្យភាពជាតិ ​និងសេចក្តីថ្លៃថ្នូរនៃជាតិ និង​គាំទ្រ​ឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត៕អត្ថបទ៖ បាន ចក់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើសារ​រំលែក​ទុក្ខ​ជូនចំពោះការស្លាប់របស់អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋឥណ្ឌា

2021/12/10 11:16:32 am        439
ភ្នំពេញ៖ នៅថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ Bipin Rawat អគ្គមេបញ្ជាការកងទ័ពឥណ្ឌា រួមជាមួយនឹងភរិយារបស់គាត់ ក៏ដូចជានាយទាហានអមដំណើរចំនួន ១១ រូបផ្សេងៗទៀត នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងរដ្ឋ Namil Nadu។យោងតាមលិខិតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានលើកឡើងអំពីភក្តីភាព និងវីរភាពរបស់សពឯកឧត្តម នាយឧត្តមសេនីយ៍ Bipin Rawat និងនាយទាហានទាំង ១១ រូប នៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ហើយការស្លាប់ដ៏អកុសលនេះ ​គឺជាការបាត់បង់មួយដ៏ធំធេង​របស់​កងទ័ព និងប្រជាជនឥណ្ឌា។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាន​រំឭក​ផងដែរអំពីកិច្ចខិតខំប្រឹងប្រែង​របស់សពឯកឧត្តមនាយឧត្តមសេនីយ៍ Bipin Rawat នៅក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ក្នុងនោះ​ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្លាប់ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋឥណ្ឌា ​កាលពីខែមេសា ឆ្នាំ២០២០ ​កន្លងទៅ ប៉ុន្តែត្រូវ​អាក់ខាន​វិញ​ដោយសារ​បញ្ហា​ជំងឺកូវីដ-១៩ ហើយគ្រោងនឹងរៀបចំឡើងវិញនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ៕

ក្រសួងពាណិជ្ជកម្ម បញ្ចប់ការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម​និង​សហគ្រាស​ពាណិជ្ជកម្ម

2021/12/09 04:41:13 pm        347
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង​សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានពិភាក្សាចប់ជា​ស្ថាពរ។ ក្រសួងពាណិជ្ជកម្មគ្រោងដាក់សេចក្តីព្រាងច្បាប់ទាំងពីរនេះ ជូន​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ផ្តល់​ការអនុម័តយល់ព្រម។ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំនាញនៃក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំ រយៈពេល​ពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែធ្នូ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្ដីពី​វិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ​តាមរយៈប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិភាក្សានេះ បានចូលរួមដោយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ​ដែលដឹកនាំដោយ ឯកឧត្តម អ៊ុត ស៊ីណាត អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអ្នកច្បាប់ ​និងមានការចូលរួមពីមន្ត្រីនៃទីស្តី​ការ​គណៈរដ្ឋមន្ត្រីនិងអ្នកច្បាប់។ជាលទ្ធផលអង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងនៃឯកសារខាងលើ និងរៀបចំ​បន្ត​នីតិវិធី​តាម​ការចាំបាច់។អង្គប្រជុំបានពិភាក្សាលើនីតិវិធីបែបបទ ​និងសេចក្តីព្រាងច្បាប់ ព្រមទាំងសេចក្តីថ្លែងហេតុ សម្រាប់​ដាក់​ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីផ្តល់ការអនុម័តយល់ព្រម ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសុំការពិនិត្យនិងអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់​តំណាង​ក្រុម​ប្រឹក្សាអ្នកច្បាប់​ដែលបាន​ចំណាយ​ពេលវេលា​ចូលរួ​ម​កិច្ចប្រជុំពិនិត្យ ​និងកែសម្រួល​លើសេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់​ទាំងពីរនេះ ​និងសេចក្តីថ្លែងហេតុឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕អត្ថបទ៖ វណ្ណៈ

ដីរដ្ឋជាង១០០ហិកតា ត្រូវបានអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ និង​បក្ស​ពួក​ឃុបឃិត កាប់ទន្ទ្រានលក់ជាបន្ដបន្ទាប់ រហូតកើតមានរឿងប្ដឹងផ្ដល់ជាមួយពលរដ្ឋ

2021/12/09 08:32:21 am        1373
ឧត្តរមានជ័យ៖ ដីរដ្ឋជាង១០០ហិកតា ដែលមានទីតាំងនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ​ ត្រូវ​បាន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់​រួមទាំង​បក្សពួក​កំពុង​តែ​ចូល​កាប់​ទន្ទ្រានដីបោះបង្គោល​ព្រំដីចែកគ្នា​លក់ជាបន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹង​ផ្តល់​ពលរដ្ឋ​ទៅ​ប្រព័ន្ធតុលាការផងដែរ។ប្រជាពលរដ្ឋរស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ បានបញ្ជាក់និងអះអាងថា ដីនៅតំបន់នេះលោក បានមកកាប់គាស់​និង​អាស្រ័យ​ផល​ដាំដំណាំ ចេក តាំងពីឆ្នាំ២០០២មកម្ល៉េះ ស្រាប់តែមក​ដល់​ពេល​នេះ​ លេចលឺថា​ដី​នៅតំបន់នេះ​មានតំម្លៃ ឃើញ​មានឈ្មោះ ពៅ ជាយោធាភូមិភាគទី៤ និងឈ្មោះ និត សុវណ្ណារ៉ា ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​អូរស្មាច់​ យកត្រាក់ទ័រ មក​ឈូក​ឆាយ​កាប់ទន្ទ្រានដីព្រៃ​ និងបោះបង្គោលព្រំរបង ​រំលោភមកលើដីពួកគាត់តែម្តង។ប្រជាពលរដ្ឋ បានបន្ដទៀតថា ក្រុមពួកនេះ តែងតែដើរទន្ទ្រានកាប់ដីព្រៃម្ដុំនេះ លក់ជាបន្ដបន្ទាប់ មិន​មាន​អាជ្ញាធរ និងមន្ដ្រីជំនាញណាមួយទៅហាមឃាត់នោះទេ ​។​ដូច្នេះ​ពាក់ព័ន្ធ​បញ្ហា​ប្រជាពលរដ្ឋ បាន​សំណូម​ពរ​ទៅ​អាជ្ញាធរខេត្ត​ឯកឧត្តម ​ប៉ែន កុសល្យ ​អភិបាល នៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​សូម​មេត្តាចុះស្រាវជ្រាវ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមបក្សពួកនេះ​ឲ្យបាន​ម៉ត់ចត់​ ជៀសវាង​ក្រុមបក្សពួកនេះ​ដើរ​ទន្ទ្រាន ​តាម​តែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ។ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋពីបក្សពួកក្រុមនេះ លោក និត សុវណ្ណារ៉ា​ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​សង្កាត់អូរស្មាច់ ​បានអះអាងថា ដីនៅតំបន់ទីនេះ​ជា​ដី​របស់​គាត់​ មាន​​ការទទួល​ស្គាល់​ពី​អតីត​ចៅ​សង្កាត់​ចាស់ ​ផេម សំអាត ។ពាក់ព័ន្ធករណីដីធ្លីខាងលើនេះ ដែរ លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បច្ចុប្បន្ន បានបញ្ជាក់ប្រាប់ថា ភាគីជម្លោះដីធ្លី នៅតំបន់អូរពីរ ភ្នំគីងគួកនេះ​ខាងអាជ្ញាធរសង្កាត់​បាន​ចុះ​ហាមឃាត់​ជាច្រើនលើកច្រើនសារ ​ក៏ប៉ុន្តែពលរដ្ឋ ​នឹងយោធា រួមទាំងអតីតសមាជិកក្រុមប្រឹក្សា​សង្កាត់ ​នៅតែចូលទៅកាប់ទន្ទ្រាន ​បោះបង្គោលរបង​ហ៊ុមព័ទ្ធ​ដីនៅតំបន់ នេះរហូត​ដល់​មានជម្លោះឈ្លោះប្រកែកគ្នា​ ឈាន​ដល់ការប្តឹងផ្តល់គ្នាទៅតុលាការ។លោក បញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរសង្កាត់បាន ដាក់​រាយការណ៍​ជូន​អាជ្ញាធរក្រុង​នឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួចរាល់ហើយ​ដីនៅតំបន់នេះ​ជាដី​របស់រដ្ឋជាង ១០០​ហិកតា ជាប្រភេទដីចំណីអូរ បឹង ជ្រោះ ភ្នំ និង​ដីសហគមន៍ផងដែរ​ មិន​មានអាជ្ញាធរណាម្នាក់ មាន​សិទ្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ។គួរបញ្ជាក់ផងដែរថា បុគ្គលដែលហ៊ានចេញប្លង់ដីនៅតំបន់ខាងលើនេះ​គឺ​លោក និត សុវណ្ណារ៉ា អតីតនៅមានតួនាទីជាមេភូមិ និងចៅសង្កាត់រងទី១​ ក្នុង​ជំនាន់លោក ផេម សំអាត នៅជាចៅសង្កាត់ ហើយ​បច្ចុប្បន្នចូលនិវត្តន៍ ​ចេញ​ប្លង់​ឲ្យបក្សពួក ​និងគ្រួសាររបស់ខ្លួន និត ម៉ារ៉ាឌី ​មានដីទំហំ ៥០២៤០ ម៉ែត្រក្រឡា) ,មានឈ្មោះ សេង សុគន្ធា មានទំហំទទឹង១០០ម៉ែត្រ និង​បណ្ដោយ ៥០០ម៉ែត្រ មាន​ចុះ​ទទួលស្គាល់ដោយលោក និត សុវណ្ណារ៉ា នេះតែម្ដង និងមានឈ្មោះ និត សុវណ្ណារ៉ា ​ខ្លួនឯង​មិន​ដាក់​បណ្ដោយ​ទទឹង​ដាក់ទំហំសរុប ១៣៣២៥០ ម៉ែត្រក្រឡា ទៅលើដីរដ្ឋ​ដែលអ្នកផ្សេងគេធ្វើអត់បាន តែក្រុមគាត់ធ្វើបាន (ប្លង់គូសដោយដៃ គ្មានការទទួលស្គាល់ពីមន្ទីរជំនាញ)៕រូបលោក និត សុវណ្ណារ៉ា

ព្រឹតិ្តការណ៍វប្បធម៌ នឹងប្រារព្ធពិធីអបអរទីក្រុងសៀមរាបវប្បធម៌អាស៊ាន នៅថ្ងៃស្អែកនេះ

2021/12/09 12:36:19 pm        582
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹតិ្តការណ៍វប្បធម៌ជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះថា សម្រាប់​កម្មវិធី​ប្រារព្ធឡើង​នាថ្ងៃស្អែកនេះ​ គឺ​ដើម្បី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ទីក្រុងសៀមរាប ជា​ទីក្រុង​វប្បធម៌អាស៊ាន។ សកម្មភាពនេះ​ប្រារព្ធឡើងចំនួន ២ទីកន្លែង គឺ​នៅ​រាជធានីភ្នំពេញ និង​ខេត្តសៀមរាប។ ដោយឡែកនៅរាជធានីភ្នំពេញ ប្រារព្ធឡើង២សកម្មភាព (សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​សិល្បៈសហសម័យ​នៅកម្ពុជា ​និងការ​តាំង​ពិព័រណ៍​ស្នាដៃសិល្បៈសហសម័យរបស់សិល្បករ) រីឯ​នៅទីក្រុង​សៀ​មរាប មានសកម្មភាពជាច្រើន​ ដូចជា ​ការតាំងពិព័រណ៍សិល្បៈតម្បាញសូត្រ, ពិព័រណ៍​សិល្បៈគំនូរបុរាណ ស្តីពី​ព្រះពុទ្ធ​គង់​លើ​នាគមុចលិន្ទ, មហោស្រព និងពិព័រណ៍​ម្ហូបអាហារ​សហគមន៍, បង្ហោះខ្លែងឯក និងពិព័រណ៍សិល្បៈសិប្បកម្មផ្សេងៗ ព្រមទាំងមាន​អង្គការ​សមាគម​ជាច្រើន ​បានចូលរួមក្នុងព្រឹតិ្តការណ៍នេះផងដែរ​ ដូចជា​សមាគមកាហ្វេ ​បានចូលរួមរៀប​ចំ​ការ​រចនា និង​សម្តែងតាមដងផ្លូវ​ រួមមានសៀក ​និងគំនូរ​ជូនមហាជនបានទស្សនា។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌ ​អបអរសាទរទីក្រុងសៀមរាប ​ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់​ឆ្នាំ២០២០-២០២២​នេះ លោក ឈឹម សុធី ​ក៏បានអំពាវនាវដល់យុវជន ​និងមហាជនទាំងអស់ សូម​អញ្ជើញ​ចូលរួមឲ្យបានច្រើន ប៉ុន្តែ​សូម​ចូល​រួម​ដោយ​អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ​ទន្ទឹមនឹងនោះក្រុមការងារ ​ក៏មានដាក់ឧបករណ៍​អនាម័យ​ដូចជាម៉ាស់ ​អាល់កុល និងជែល រួមទាំង​ម៉ាស៊ីនវ៉ាស់កម្តៅទាំងអស់នេះ ​នៅផ្នែកខាងក្រៅ​ មុនចូលមកក្នុង​ទី​កន្លែង​នៃកម្មវិធី ដើម្បី​ការពារទាំងអស់គ្នា។ បើទោះបីជាមេរោគកូវីដ-១៩ ​បានធូរស្រាលបន្តិចមែន​ ហើយមានមេរោគកូវីដ-១៩ ​បំប្លែងថ្មី ប៉ុន្តែយើង​ត្រូវប្រយ័ត្នប្រយែងបន្ថែមទៀត ​ហើយសម្រាប់ការតាំងពិព័រណ៍នេះ ​នឹងបើកជូនមហាជន សិស្សានុសិស្សឲ្យចូលមកទស្សនាដោយសេរី រយៈពេល១ខែ​ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM