សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

2021/12/09 12:03:41 pm        373
កណ្ដាល៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។ក្នុងឱកាសទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី គឺអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឋានៈជាប្រធានអាស៊ាន ​សម្តេចនឹងអញ្ជើញទៅធ្វើជាសហប្រធាន​នៃកិច្ចប្រជុំកំពូលដៃគូ រវាង​អាមេរិក និងអាស៊ាន នៅសហរដ្ឋអាមេរិកតែម្ដង។តាមពិតកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិកនេះ ត្រូវធ្វើតាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ ប៉ុន្តែត្រូវ បានបង្អាក់ដោយសារកូវីដ-១៩ ហើយសម្រាប់ឆ្នាំ២០២២ ​ដោយ​សារ​សម្តេច ​បាន​ក្លាយ​ជា​ប្រធានអាស៊ាន​ សម្តេចបានប្រកាសថា ​នឹងអញ្ជើញទៅធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះ ជា​មួយប្រធានាធិបតី ចូបៃដិន ដើម្បីជាសារ​ទៅកាន់​ក្រុមមនុស្ស​មួយ​ចំនួន ​ដែល​តែង​តែ​លើកឡើង​នូវបញ្ហានយោបាយថា ​សហរ​ដ្ឋ​អា​ម៉េរិ​ក ​តែ​ង​តែ​ធ្វើ​កា​រ​គំរាម​មក​លើការ​ដឹកនាំ​របស់​សម្តេច​នោះ៕អត្ថបទ៖ មុត សុទ្ធ

បក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន នៅថ្ងៃទី២៤ ធ្នូ

2021/12/09 11:56:45 am        501
ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា សមាសភាពគណៈរដ្ឋមន្ត្រី បម្រុងសម្រាប់អាណត្តិទៅថ្ងៃអនាគត បានព្រាងរួចហើយ ដែលសមាសភាពភាគច្រើនគឺជាអ្នកបន្តវេនវ័យក្មេង ដែលជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជា។ បក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ។ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលត្រូវបានដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ​បានបង្ហើបអំពីបញ្ហានយោបាយ ជាពិសេសគណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិបន្ត ប៉ុន្តែមិន​មែន​អាណត្តិ​ក្នុង​ពេល​ខាង​មុខៗ​នេះ​នៅឡើយទេ។ សម្តេច បានបង្ហើបថា សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី ​ដែល​ជាគណៈរដ្ឋមន្ត្រីបម្រុងនេះ មាន​សមាសភាព​ភាគច្រើន​ជាអ្នកបន្តវេន ​វ័យក្មេង​ ដែល​រៀនចប់ថ្នាក់បណ្ឌិត។សម្តេចតេជោ បានបង្ហើបយ៉ាងដូច្នេះ ដោយសារក្រុមអតីតបក្សប្រឆាំងតែងតែលើកយកប្រធានបទ នៃ​ការគ្រោង រៀបចំតំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ និងបង្ហាញការមិន​គាំទ្រ​ជា​ដើមនោះ។ សម្តេចតេជោ​ បានចំអក​ទៅក្រុមប្រឆាំងថា អ្នកមិនគាំទ្រជារឿងរបស់អ្នក ប៉ុន្តែ​សំខាន់​អ្នក​គាំទ្រក្នុងស្រុកនេះទេ ដែលជាការចាំបាច់។ ដោយ​សារ​តែ​មិនស្គាល់ច្បាស់អំពី​របៀបដឹកនាំ ចាត់ការ ​និងរចនា​សម្ព័ន្ធ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ​ហើយ ​ទើប​បក្សប្រឆាំង​តែង​តែ​ចាញ់​មួយជីវិត។សម្តេចតេជោ បានបន្តថា អ្នកណាគាំទ្រក៏គាំទ្រទៅ ​ប៉ុន្តែបញ្ហាយកជាការ​បាន ​គឺ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការកណ្តាល​របស់គណបក្សប្រជាជនកម្ពុជាឯណោះទេ​ ដែល​អាចឈា​ន​ទៅ​ប្រថាប់ត្រា​ឈានដល់​មហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បីក្លាយទៅជាបេក្ខភាព។សម្តេចតេជោ ​បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីមួយ​ ត្រូវបាន​សម្តេច​ត្រៀម​បម្រុ​ង​រួ​ច​ជា​ស្រេច​ហើយ ដែល​សមាសភាព​មាន​អាយុ​ស្តង់ដារ ​គឺក្រោម៦០ឆ្នាំ៕អត្ថបទ៖ មុត សុទ្ធ 

ADBផ្តល់ហិរញ្ញប្បទាន ៣៣២លានដុល្លារដល់កម្ពុជា សម្រាប់កម្មវិធីស្តារសេដ្ឋកិច្ច

2021/12/09 11:41:07 am        698
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៣៣២លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់អនុវត្តកម្មវិធីស្តារសេដ្ឋកិច្ច។ ហិរញ្ញប្បទាននាពេលនេះ ធ្វើឱ្យចំនួនហិរញ្ញប្បទានសហប្រតិបត្តិការសរុបរបស់ ADB ដល់ប្រទេសកម្ពុជាឡើងដល់ ៤.៣លានដុល្លារ។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោងកម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។សេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការ ADB ​ដែលបានផ្តល់ហិរញ្ញប្បទាន​ សហប្រតិបត្តិការសរុប ចំនួន​ប្រមាណ ៤.៣០ ប៊ីលានដុល្លារអាមេរិក ​ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀងចំនួន ០៥ ដែល​បាន​ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែធ្នូ។ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ៣.៧៥ ប៊ីលានដុល្លារអាមេរិក សម្រាប់​អនុវត្តកម្មវិធី/គម្រោងចំនួន ១២៣ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ប្រមាណ ៥១៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៦៤ ។ ទាំងនេះ បង្ហាញ​ពីការប្តេជ្ញាបន្តពង្រឹង ភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។សម្រាប់កិច្ចព្រមព្រៀងដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក ចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រួមមាន ១៖ កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័ន្ន (អនុកម្មវិធីទី៣) ២៖ គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ៣៖ គម្រោង កែលម្អបណ្តាញផ្លូវជាតិ ជំហានទី២ និង៤៖ គម្រោង​អភិវឌ្ឍន៍​ទីក្រុងគួរឲ្យចង់រស់នៅ។កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣) គ្រោងចំណាយ​ថវិកា​សរុប ៤០លានដុល្លារអាមេរិក ក្នុងគោលបំណងបន្ត និងគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ជា​អាទិភាពក្នុងវិស័យហិរញ្ញវត្ថុ ឲ្យកាន់តែរឹងមាំ និងផ្អែកលើគោលការណ៍ ទីផ្សារដែល​បម្រើ​ឲ្យ​ការ​កៀរគរ ​និងបែងចែកធនធានហិរញ្ញវត្ថុប្រកបដោយ​ ប្រសិទ្ធភាព គាំទ្រដល់កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និងកាត់បន្ថយភាពក្រីក្រមួយកម្រិតទៀត ។ហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងទប់ស្កាត់ ​និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ គ្រោង​ចំណាយថវិកាសរុប ៣៥ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ២៥ លានដុល្លារអាមេរិក ​ហិរញ្ញប្បទានឥតសំណងពីមូលនិធិជប៉ុន ​សម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន៥លានដុល្លារអាមេរិក​ និងការចូលរួមជាថវិកាបដិភាគចំនួន ៥លានដុល្លារអាមេរិក។ គម្រោងកែលម្អបណ្តាញផ្លូវជាតិ ជំហានទី ២ គ្រោងចំណាយថវិកាសរុប ៩០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ៨២,០៥ លានដុល្លារអាមេរិក និងការចូលរួមជាថវិកា​បដិភាគចំនួន ៧,៩៥ លានដុល្លារអាមេរិក សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន​តាម​ច្រក​របៀង​សេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់​ មេគង្គ តាមរយៈ ​ការកែលម្អផ្លូវជាតិលេខ ២៣ និងផ្លូវលេខ ៣១២ ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង​ នឹងផ្តោតសំខាន់លើ (១) កែលម្អផ្លូវជាតិ និងផ្លូវខេត្ត ឱ្យមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ, និង (២) ការពង្រឹងការត្រួតពិនិត្យលើការ ដឹកជញ្ជូនលើសទម្ងន់ ។ចំណែក គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ​​គ្រោង​ចំណាយថវិកាសរុប ១៩៣,៥ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និង​ការ​ចូលរួម​ជា​ថវិកា​បដិភាគចំនួន ១៣,៥០ លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ការ​អភិវឌ្ឍប្រកប​ដោយបរិយាប័ន្ន និង​ចីរភាព​សម្រាប់​ក្រុងបាវិត កំពត និងប៉ោយប៉ែត ​តាមរយៈការសាងសង់ ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រងទឹកកខ្វក់, និងប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹង៕អត្ថបទ៖ សុន រ៉ាឌី

៣០ឆ្នាំទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFDបានផ្តល់ជំនួយដល់កម្ពុជាជាង ១ពាន់លានដុល្លារ

2021/12/09 11:28:41 am        380
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ដែលហៅកាត់ថា AFD បានថ្លែងថា ខ្លួនបានផ្តល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ មានចំនួនរហូតដល់ជាង ១ពាន់លានដុល្លារ ហើយជំនួយដែលបានផ្តល់ឲ្យនេះ បានជួយលើកកម្ពស់ការអភិវឌ្ឍជាច្រើនវិស័យដល់កម្ពុជា ដូចជាវិស័យទឹកស្អាត ធន់ធានមនុស្ស កសិកម្មជាដើម។ក្នុង​ឱកាស​ប្រារព្ធ​ខួប៨០ឆ្នាំនៃការកកើតទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) នាយប់ថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២១នេះក្នុងឧទ្យាននៃស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ​លោកស្រី អូហ្វីលី បួរីស ប្រធាន​ទីភ្នាក់ងារបារាំង​សម្រាប់អភិវឌ្ឍន៍ប្រចាំនៅកម្ពុជា​ បានលើកឡើងថា AFD បានបំពេញ​ការងារ​ចំនួន៩ ២គម្រោងនៅកម្ពុជា ​ដោយបានប្រើប្រាស់ទឹកប្រាក់​ជាង​មួយពាន់លានដុល្លារអាមេរិក ខណៈគម្រោងជាង ៣០ទៀតបានកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។អ្នកស្រីបាន បញ្ជាក់ថា AFD បានធ្វើអន្តរាគមន៍លើវិស័យជាច្រើននៅប្រទេសកម្ពុជា ដែល​ក្នុងនោះ​រួមមានបរិស្ថាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ កិច្ចគាំពារសង្គម​ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគ្រប់គ្រង​ធនធាន​ទឹក អភិបាលកិច្ចហិរញ្ញវត្ថុ ​ប្រព័ន្ធហិរញ្ញវត្ថុ ​កសិកម្ម ជលផល កីឡា វប្បធម៌ជាដើម។លោកស្រី បានបន្ថែមទៀតថា ក្នុងពិធីប្រារព្ធខួប៨០ឆ្នាំរបស់ AFDនេះគឺជាឱកាសសម្រាប់​គូស​បញ្ជាក់​សារជាថ្មី​ពី​ការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នាជាមួយទីភ្នាក់ងារ​AFD​នៅ​តាម​មូលដ្ឋាន​ ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា។ ជាមួយនឹងការរៀបចំពិធីជួបជុំមួយនេះដែរ ក៏ជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី - Women's Voices » ខណៈកិច្ចការងារទាំងអស់​មិន​អាច​អត់ស្រ្តីបាននោះ។ថ្លែង​នៅ​ក្នុងពិធី​ប្រារព្ធ​ខួប៨០ឆ្នំានោះដែរ លោក ហ្សាក់ ប៉ឺឡេ ​ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បាន​លើកឡើងថា ​ចាប់តាំងពីឆ្នាំ១៩៩៣មក AFD​ បានធ្វើកិច្ចការងារជាច្រើនជាមួយកម្ពុជា ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​ និងជីវភាពរស់នៅរបស់ប្រជាជន​ និងប្រទេសកម្ពុជា៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

2021/12/09 10:15:17 am        454
កណ្ដាល៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ដើម្បីបានទទួលព័ត៌មានថ្មីៗ លឿន សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ។- សម្ដេចតេជោថ្លែងការកោតសរសើរចំពោះក្រុមការងារជំនាញ ក្រុមហ៊ុន កម្មករកម្មការិនី បានប្រឹងប្រែងលើកិច្ចការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសម្ដេចបានបញ្ជាក់ថានេះគឺ «ខ្មែរធ្វើបាន» ហើយបន្តធ្វើបន្តទៀតអោយកូនចៅជំនាន់ក្រោយ។- សម្តេចតេជោ ប្រកាសថា ខ្មែរធ្វើបាន គឺធ្វើពេលនេះ សម្រាប់បច្ចុប្បន្នភាព និងមនុស្សជំនាន់ក្រោយ ដែលមិនមែនជាពាក្យលេងសើចនោះទេ។ «ខ្មែរធ្វើបាន» គឺធ្វើដើម្បីវឌ្ឍនភាពសង្គម និងប្រជាជាតិកម្ពុជា។- សម្តេចតេជោ ប្រកាសថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺជាសមិទ្ធផលថ្មី ដែលបូករួមនិងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការចុះចតយន្តហោះគ្រប់ប្រភេទនៅកម្ពុជាបាន។- សម្តេចតេជោ ប្រកាសថា កម្ពុជាមិនត្រឹមតែចង់បានភ្ញៀវទេសចរក្នុងរង្វង់ជាង៦លាននាក់នោះទេ កម្ពុជាត្រូវការភ្ញៀវទេសចរពី ១៥-២០លាននាក់ ដែលជាផ្នែកមួយដ៏ចម្បងជំរុញឲ្យយើងត្រូវតែសាងសង់ព្រលានយន្តហោះថ្មីៗ និងជាច្រើនបន្ថែមទៀត។- សម្តេចតេជោ ប្រកាសថា អ្វីដែលយើងចង់បានបំផុតនោះ គឺជាសមិទ្ធផលជាតិ ដែលកើតចេញពីស្នាដៃកូនខ្មែរយើងពិតៗ។ យើងក៏ចង់ពង្រឹងសមត្ថភាពអ្នកមានស្រុកខ្មែរ ព្រោះវិនិយោគិនអន្តរជាតិ ទឹកចិត្តរបស់គេមិននៅជាមួយយើងនោះទេ មានការអ្វីគេចាកចេញចោលយើងហើយ។ - សម្តេចតេជោ ប្រកាសអំពាវនាវ និងលើកទឹកចិត្តឲ្យរឹបអូសទ្រព្យសម្បត្តិមន្ត្រីខ្មែរណា ដែលមានផ្ទះ ទ្រព្យសម្បត្តិ និងផ្ញើលុយខុសច្បាប់នៅក្រៅប្រទេស។ សម្តេចតេជោបញ្ជាក់ថា« …បើភ្លើណាស់ ឲ្យគេយកឲ្យអស់ទៅ…»- សម្តេចតេជោ ប្រកាសផ្តាំទៅប្រទេសណាក៏ដោយ ជាពិសេសអាមេរិក បើឃើញទ្រព្យសម្បត្តិ ហ៊ុន សែន នៅទីនោះ សូមដកយកចុះ ដកយកឲ្យឆាប់ តែប្រយ័ត្នដកហូតត្រូវប្រជាពលរដ្ឋខ្លួនឯង ព្រោះមន្ត្រីខ្មែរខ្លះក៏មានសញ្ជាតិអាមេរិកដែរ។- សម្តេចតេជោ ប្រកាសថា ជារឿងឆោតល្ងង់ណាស់ ដែលចោទសម្តេចមានសញ្ជាតិបរទេស(សាយប្រឺស) ។ សម្តេចបានរុញទូកបណ្តោយទឹក ដោយដាក់បញ្ហានេះក្នុងរដ្ឋធម្មនុញ្ញតែម្តង ដោយតម្រូវមានសញ្ជាតិតែមួយសម្រាប់ស្ថាប័នជាតិកំពូលចំនួន៤។- សម្តេចតេជោ ប្រកាសអំពាវនាវកុំឲ្យប្រជាពលរដ្ឋយល់ច្រលំថា ក្រុមហ៊ុនព្រីន( Prince)ជាក្រុមហ៊ុនចិន ។ អគ្គនាយកក្រុមហ៊ុនព្រីន ជាសញ្ជាតិកម្ពុជា មករស់នៅកម្ពុជាតាំងពីអាយុ២២ឆ្នាំមកម្ល៉េះ។- សម្តេចតេជោ ប្រកាសថា សម្តេច និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង។- សម្តេចតេជោ បានផ្ញើសារនយោបាយទៅអ្នកវិភាគទាំងឡាយដែលចោទថា «….កម្ពុជាដើរខុសរឿងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។ សម្តេចបញ្ជាក់ដោយចោទជាសំនួរថា យើងប្រឹងប្រែងសម្របសម្រួលពីអាស៊ាន ដែលមកនៅ៩ ឲ្យទៅជា១០វិញ តើខុសត្រង់ណា? កម្ពុជាធ្វើដើម្បីសុខុដុមនីយកម្មអាស៊ាន ស្របនឹងធម្មនុញ្ញអាស៊ាន តើខុសត្រង់ណា?….»- សម្តេចតេជោ ប្រកាសអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ទិញសញ្ញាបណ្ណភាគហ៊ុន ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីពង្រីកវិសាលភាពទុន ឲ្យកើតចេញពីកញ្ចប់ថវិកាខ្មែរ ដើម្បីស្នាដៃកូនខ្មែរ។- សម្តេចតេជោ ពន្យល់ថា ការដាក់ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» គឺ មិនសំដៅលើឈ្មោះសម្តេចទេ នៅមិនឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិនេះទេ គឺជាតំបន់ប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងពាក្យតេជោ(ស្អាង)។- សម្តេចតេជោ បញ្ជាក់ថា ពាក្យតេជោ គឺជាគោរមងារ ដែលព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន មិនត្រឹមតែសម្តេចនោះទេ។ ពាក្យ«តេជោ» គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាជាប្រទេសរាជានិយម។ - សម្តេចតេជោ ប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ហើយបញ្ជីគណៈរដ្ឋមន្ត្រីថ្មី(បម្រុង) ក៏បានកើតឡើងផងដែរ។- សម្តេចតេជោ បញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ បន្តការខិតខំពិនិត្យលើការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ថ្មី ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ពង្រឹងសមត្ថភាពព្យាបាល បើទោះបីស្ថានភាពឆ្លងថ្មី មានការធ្លាក់ចុះក៏ដោយ។- សម្តេចតេជោ អំពាវនាវសូមកុំមានការជ្រួលច្របល់ពីបញ្ហាមេរោគកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» ព្រោះមេរោគប្រភេទថ្មីនេះ មិនទាន់មានករណីឆ្លងចូលកម្ពុជា និងបានសម្លាប់នរណាម្នាក់នៅឡើយទេ។ សូមបន្តប្រកាប់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល។- សម្ដេចតេជោ បានប្ដេជ្ញារក្សាកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ដោយថា ដើម្បីទប់ស្កាត់ការផ្ទុះនៃ«គ្រាប់បែកសេដ្ឋកិច្ច» ដែលអាចប៉ះពាល់ទៅដល់សូម្បីតែទារកនៅក្នុងផ្ទៃម្ដាយ។- សម្តេចតេជោ បញ្ជាក់ថា កូវីដអាចសម្លាប់មនុស្ស ប៉ុន្តែមិនអាចសម្លាប់មនុស្សទាំងអស់លើពិភពលោកទេ ខណៈកម្ពុជាកូវីដបានសម្លាប់អស់ជាង ២០០០នាក់ដែរ , វាជារឿងគួរអោយសោកស្តាយ ប៉ុន្តែវានឹងគ្រោះថ្នាក់ បើសេដ្ឋកិច្ចយើងផ្ទុះឡើង ដែលនេះទាមទារអោយរក្សាអោយបាននូវតុល្យភាពរវាងសុខភាពសាធារណៈ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម។ **ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០០នាទី

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

2021/12/09 09:55:34 am        1760
ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែង​សរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញា​ធរពាក់ព័ន្ធ ជាពិសេសបានសរសើរ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើ​បាន»​ ដែល​ភាសានេះជាភាសាមួយបានគ្របដ​ណ្ត​ប់​ សម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​យើងទាំងមូល តតាំង​ពីរបុព្វបុរស​យើង​ពីដើមរៀង​មក ​ហើយ​បាន​​បន្សល់ទុកនូវ​មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ​ចំ​នួ​ន​ត្រូ​វ​បា​ន​បំ​ផ្លិ​ច​បំផ្លាញ​ដោយ​សារ​សង្គ្រាម និងរបប​ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែល​មាន​ការចូល​រួម​ទាំងពីវិស័យរដ្ឋ និង​ឯកជន ដូច​ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ធំៗ​ នៅ​ខេត្ត​សៀបរាប និង​នៅ​ភ្នំពេញ ហើយ​សម្តេច​ក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅ​ទី​ក្រុងភ្នំពេញ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងា​យ​យ​ល់បំផុត គឺ​ដោយសារមានតម្រូវ​ការនៃ​ការ​ទទួល​សេវាភ្លៀងទេស​ចរណ៍បរ​ទេ​ស​ដែ​លកាន់តែ​មាន​កំណើន​​ឡើងជាលំដាប់​តាម​គោលនយោបាយ​បើកចំហជើងមេឃ។សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយ​ដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ​ ដោយ​សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុន​វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹក​ប្រាក់សរុបចំនួន ៣៧៥​លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប  ១ពាន់៥០០លានដុល្លារអាមេរិក។ ការ​ដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ​៣៧​៤​០នាក់។ ​ទោះបី​ជា​វិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និង​ចរាចរ​ទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបា​ក​ផ្នែ​កបច្ចេកទេស ​នៃ​សណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និង​ដាក់​ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕ អត្ថបទ៖ មុត សុទ្ធ    

ក្រុមមេធាវីរាជរដ្ឋាភិបាលមានការសោកស្តាយចំពោះជនបរទេសម្នាក់ដែលអួតខ្លួនជាមេធាវីអន្តរជាតិមកប្រព្រឹត្តខុសច្បាប់នៅកម្ពុជា

2021/12/09 02:55:59 am        7229
ភ្នំពេញ៖ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយមានជនបរទេសម្នាក់ ដែលអួតអាងតាំងខ្លួនជាអ្នកចេះដឹងផ្នែកច្បាប់កម្រិតជាមេធាវីអន្តរជាតិ តែបែជាមកប្រព្រឹត្តអំពើខុសច្បាប់នៅកម្ពុជា ហើយមកធ្វើការអត្ថាធិប្បាយតាមរយៈវិទ្យុបរទេសផ្សាយជាភាសាខ្មែរមួយដោយបំភ្លើសការពិត និងមានលក្ខណៈនយោបាយជាដើមនោះ។ការលើកឡើងរបស់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីពេលកន្លងទៅថ្មីៗនេះ សារព័ត៌មានបរទេសមួយ ដែលផ្សព្វផ្សាយជាភាសាខ្មែរ និងតែងមានចរិកបំភ្លៃបំផ្លើសផ្ទុយពីការពិតនៅកម្ពុជា បានសរសេរអត្ថាធិប្បាយជាខេមរភាសា ដោយដាក់ចំណងជើងថា«មេធាវីអន្តរជាតិព្រមានថារដ្ឋាភិបាល លោក ហ៊ុន សែន នឹងមានបញ្ហាបើហ៊ានឲ្យកញ្ញា សេង ធារីជាប់ទោស»។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលបាន ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអធិបតេយ្យមួយ ដូចរដ្ឋជាសមាជិកនានារបស់អង្គការសហប្រជាជាតិ ដែលមានរដ្ឋធម្មនុញ្ញ និងច្បាប់របស់ជាតិសំរាប់ អនុវត្តនៅក្នុងដែនបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ហើយពុំមានបុគ្គលណាម្នាក់ តាំងខ្លួនជាអ្នក ច្បាប់អន្តរជាតិ និងអាចធ្វើសកម្មភាពក្នុងដែនយុត្ថាធិការកម្ពុជាបាននោះឡើយ ហើយប្រសិនបើបុគ្គល នោះ ពុំទាន់បានបំពេញលក្ខខណ្ឌដែលតម្រូវដោយច្បាប់នៅកម្ពុជាទេនោះ។សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបែងចែកអំណាចបីដាច់ដោយឡែកពីគ្នា ក្នុងនោះអំណាចតុលាការ ជាអំណាចឯករាជ្យ។ រាល់សេចក្តីសម្រេចរបស់តុលាការ មិនពាក់ព័ន្ធជាមួយនឹងអំណាចនីតិប្រតិបត្តិ ឬអំណាចនីតិប្បញ្ញាត្តិឡើយ។សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា«បុគ្គលឈ្មោះ ចារិត គិនស៊ើរ(Jared Genser) ដែលសង្ងំតាំង ខ្លួនហៅថា«មេធាវីអន្តរជាតិ»នោះ បានធ្វើសកម្មភាពទំាងបំពានក្នុងដែនយុត្ថាធិការកម្ពុជា និងបានធ្វើ សេចក្តីអត្ថាធិប្បាយ ដែលមានចរិតនយោបាយ បំពានលើរដ្ឋអធិបតេយ្យមួយ និងមានគោលដៅ គំរាមកំ ហែងដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជាព្រមទាំងបំពានបញ្ញាត្តិនៃមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌពី«បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ»។បន្ទាប់ពីមើលឃើញអំពីទង្វើរបស់ជនបរទេសរូបនោះ ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល មានការសោកស្តាយបំផុត ក្នុងខណៈដែលមានបុគ្គលបែបនេះបាននិងកំពុងប្រឹងអួតអាងតាំងខ្លួនជាអ្នកចេះដឹង ផ្នែកច្បាប់កម្រិតមេធាវីអន្តរជាតិ តែបែជាបានប្រព្រឹត្តអំពើបំពានច្បាប់នៅកម្ពុជាទៅវិញនោះ៕អត្ថបទ៖ បាន ចក់

រំហូរពលករខ្មែរមកពីថៃ តាមច្រកខេត្តឧត្ដរមានជ័យកើនឡើង ក្រោយថៃរកឃើញករណីមេរោគបំប្លែងថ្មី

2021/12/08 04:00:00 pm        1021
ឧត្ដរមានជ័យ៖ អាជ្ញាធរសុខាភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានកំណើន រំហូរពលករចេញមកពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកព្រំដែនខេត្តនេះ ពិសេសច្រកអូរស្មាច់ ដែលកំណើននេះ គឺអាចបណ្ដាលមកពីការរកឃើញករណីមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងប្រទេសថៃ។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន ពលករខ្មែរនៅឯប្រទេសថៃ ជាបន្តបន្ទាប់បានចូលមកកម្ពុជាវិញ តាមច្រកអូរស្មាច់ មានការ​កើនឡើងច្រើនជាងខែមុនៗ ក្នុងមួយថ្ងៃៗ ដែលអាចមានចំនួនចន្លោះពី១៥០ ទៅ២០០នាក់ ដោយសារតែបញ្ហានៃការរកឃើញមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង នៅប្រទេសថៃ ។លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ ​លោកបានធ្វើការណែនាំបន្ថែម ទៀត ដល់មន្រ្តីសុខាភិបាលជួរមុខ ​ដែលជាកងទ័ពអាវស ត្រូវធ្វើការឲ្យម៉ឺងម៉ាត់​ចំពោះការ​ពិនិត្យ​សុខភាព​ពលករខ្មែរ ដែលកំពុងចាកចេញពីថៃ មកកម្ពុជាវិញនេះ​ រួមទាំងអ្នកបើកបររថយន្តដឹកទំនិញ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។លោក បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចនៅតាមគោលដៅច្រកព្រំដែន នីមួយៗ ត្រូវមានការប្រុងប្រយ័ត្នការពារឲ្យបានល្អប្រសើរ ​ដើម្បីទប់ស្កាត់ការចម្លងបន្តលើពលករ ដែលឆ្លង ​ដែនមកពីប្រទេសថៃចូលកម្ពុជានោះ។តែទោះជាយ៉ាងណាក៏ដោយ ​លោកបានឱ្យដឹងថា ​បើទោះជាមានកំណើនពលករមកពីថៃមែន តែ​សឹងតែគ្មានទាល់តែសោះនូវការរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ រយៈពេលចុងក្រោយនេះ ជាក់​ស្ដែងកាលពីម្សិលមិញ មានពលករឆ្លងមកពីថៃ ចំនួន២០២នាក់ គឺវិជ្ជមានតែម្នាក់គត់៕អត្ថបទ៖ ឃិន សារិទ្ធ 

ជិត១ឆ្នាំនេះ ខណ្ឌរដ្ឋបាលជលផលកំពង់សោម បង្ក្រាបបទល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាងបានជាង ២០ករណី

2021/12/08 03:50:01 pm        523
ព្រះសីហនុ៖ រយៈពេលជិត១ឆ្នាំនេះ បទល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង ត្រូវបានរដ្ឋបាលជលកំពង់សោម បង្ក្រាបបានជាបន្ដបន្ទាប់ ២២ករណី ដែលការបង្ក្រាបបទល្មើសនេះ ដើម្បីការពារសម្ភពជីវចម្រុះ ។លោក ឯម ភា នាយស្ដីទីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានឱ្យដឹងថា ព្រៃលិចទឹក និង​ព្រៃកោង​កាង គឺជាសម្ភពជីវៈចម្រុះ ដែលជាប្រភពធនធានធម្មជាតិសមុទ្រ ត្រូវបាននឹងងកំពុង​រង​នូវ​ការ​បាត់បង់​ជាបន្តបន្ទាប់ ​ដោយសារការលួចកាប់បំផ្លាញទន្ទ្រានយកដីធ្វើកម្មសិទ្ធិខុសច្បាប់ និងស្របច្បាប់ (ក្រោមលេសអភិវឌ្ឍខ្លះ) ។ បញ្ហានេះ លោកបានទទួលព័ត៌មានតាមរយៈសហគមន៍នេសាទ ហើយបានដឹកនាំកម្លាំង​សមត្ថកិច្ច​ចម្រុះចុះទៅបង្ក្រាបបានជាបន្ដបន្ទាប់ បានចំនួន២២ករណី ​និងបាន​បញ្ជូនទៅតុលាការ ០២ករណី ក្នុងរយៈពេល១១ខែ ឆ្នាំនេះ។ លោក នឹងធ្វើការស្រាវជ្រាវពង្រឹងការអនុវត្ដច្បាប់បន្ថែមទៀត ជា​ពិសេសការផ្សព្វផ្សាយពីច្បាប់ជលផល។ប្រធានសហគមន៍ជ្រលង បានស្នើដល់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជួយថែរក្សា​ព្រៃ​លិចទឹក ព្រៃកោងកាងនៅក្នុងតំបន់សហគមន៍នេសាទរាប់សិបហិកតាក្នុងខេត្ដព្រះសីហនុ ទុក​សម្រាប់​ប្រជា​ពលរដ្ឋអាស្រ័យផល ​តកូន តចៅ និងរក្សាជាអេកូទេសចរណ៍ធម្មជាតិ ដើម្បីកាត់​បន្ថយ​ការធ្វើចំណាកស្រុក ​និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ព្រៃកោងកាង ជាមន្ទីរសម្ភពដ៏មានសារៈសំខាន់ក្នុងការបង្កើតមច្ឆជាតិគ្រប់ប្រភេទ ជាពិសេស​កោងកាង​ជាប្រភពផ្ទុកកាបូនស្រូបជាតិពុល ​និងបញ្ចេញអុកស៊ីសែនសម្រាប់មនុស្សដកដង្ហើម។ ​ដីព្រៃ​កោង​កាង​នៅតាមតំបន់ឆ្នេរ ​មានទំហំប្រមាណ ​ជាង៧ម៉ឺន៦ពាន់ហិកតា លាត​សន្ធឹង​លើ​ខេត្តកំពត កែប ព្រះសីហនុ និងខេត្ត​កោះ​កុង៕អត្ថបទ៖ គង់ ប៊ុនថា

មន្ទីរបរិស្ថានខេត្តកំពត និងវិស័យឯកជន នាំគ្នាដាំកូនឈើ ដើម្បីលើកកម្ពស់បរិស្ថាន នៅក្រុងបូកគោ

2021/12/08 03:40:34 pm        481
កំពត៖ មន្ទីរបរិស្ថានខេត្តកំពត រួមនឹងវិស័យឯកបានបង្កើតកម្មវិធី «ដាំកូនឈើ និងសម្អាតទីក្រុង»  ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការអភិរក្សបរិស្ថានធម្មជាតិ។ ពិធីដាំកូនឈើ នេះប្រព្រឹត្តិទៅកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ។  ក្នុងពិធីដាំកូនឈើ និងសម្អាតទីក្រុងនាឱកាសនេះ ធ្វើឡើងក្រោមអធីបតីភាព លោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូគោ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពត ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីសមាគម ធនាគារនៃកម្ពុជា និងសមាជិកជាច្រើនរូបទៀត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការ ចែកសម្ភារៈសិក្សា កាតាប សៀវភៅ ជាដើម ជូនសិស្សានុសិស្សប្រមាណ ជាង២០០នាក់ ដែលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត នៃក្នុងក្រុងបូកគោផងដែរ។ សមាគមធនាគារ នៃកម្ពុជា បានលើកឡើងក្នុងឱកាសនោះថា៖ «សកម្មភាពបរិស្ថាន គឺជាសកម្មភាព សង្គមមួយ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជាទីបំផុត។ យើងបានធ្វើសកម្មភាពមួយដ៏ អស្ចារ្យដែលបណ្តុះគំនិតប្អូន សិស្សានុសិស្ស រួមចំណែក យកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក៏ដូចជា ការចូលរួមការពារប្រព័ន្ធអេកូឡូស៊ី ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយក្នុងសកម្មភាព ការពារ បរិស្ថាន អភិរក្សធនធានធម្មជាតិ តាមរយៈសកម្មភាពផ្សេងៗ ដែលនឹងប្រែក្លាយក្រុងបូកគោ ខេត្តកំពតជាតំបន់បៃតង និងជាគោលដៅទេសចរណ៍ធម្មជាតិ។»៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM