សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋខ្វះខាត ១១០គ្រួសារនៅខេត្តមណ្ឌលគិរី ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល

2021/12/08 03:37:38 pm        316
មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ កាលពីម្សិលមិញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន១១០គ្រួសារ នៅក្នុងស្រុកពេជ្រាដា។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែ​យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ​ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន​តាមរយៈមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្តល់ជូនដល់ពលរដ្ឋខ្វះខាត ក្នុង​បរិបទ​នៃជំងឺកូវីដ-១៩​ ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយ​កម្រិត ហើយក៏ជាការ​បង្ហាញ​នូវការ​យកចិត្ត​ទុកដាក់​ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។ឯកឧត្តម ​បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់​កាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមក ធ្វើការដាំដុះ និងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកម្រិតជីវភាពគ្រួសារ ឲ្យមានលក្ខណៈសមរម្យ និងត្រូវជំរុញដល់កូនចៅឲ្យ ខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើន។ឯកឧត្តម ថង សាវុន បានណែនាំដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង សូមទៅ​ចាក់​នៅ​តាមមន្ទីរពេទ្យ បង្អែក ឬមណ្ឌលសុខភាព ឬទីតាំងណាមួយ​ដែលរដ្ឋបាលក្រុង/ស្រុក បាន​កំណត់​ជូនប្រជាពលរដ្ឋ ហើយទោះបីជាបាន ចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏ត្រូវបន្តចូលរួម​អនុវត្តវិធាន​ការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩ ៕អត្ថបទ៖ អ៊ិត ភីរុណ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិសិង្ហបុរី

2021/12/08 03:19:38 pm        433
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តម Teo Eng Dih អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនេះ ឯកឧត្តម អនុរដ្ឋលេខាធិការ ​បានលើកឡើងអំពីទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការល្អ​រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែល​បាន​អនុវត្ត​កន្លង​មក ​ហើយបានធ្វើការកោតសសើរ​នូវវប្បធម៌ អរិយធម៌ និង​សមិទ្ធផល​នានាដែល​បាន​កើតទ្បើង​ដោយ​កត្តា​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ​ ស្តែង​ចេញ​តាមរយៈ ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូ​ទៅកាន់ទីតាំងប្រវតិសាស្រ្តនានា ​ដូចជា​ សារមន្ទីរជាតិ​ សារមន្ទីរទួលស្លែង និង​វិមានឈ្នះឈ្នះ ជាដើម ។ជាការឆ្លើយតប​ឯកឧត្តម​អគ្គមេបញ្ជាការរង​ មេបញ្ជាការកងទ័ពជើងគោក បាន​សម្តែង​ការ​ស្វាគមន៍​ដល់គណៈប្រតិភូសម្រាប់ការអញ្ជើញមកទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា​ ហើយ​ក៏បានធ្វើការ ជម្រាប​ជូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការ​រួមគ្នា​ថែ​រក្សាសន្តិភាពដែល​មាន​នេះ​ឲ្យបានគង់វង្ស ដើម្បីបន្តនូវវឌ្ឍនភាពនិងភាពសម្បូរណ៍សប្បាយ។ ព្រមជាមួយគ្នាឯកឧត្តមអគ្គមេបញ្ជាការរង បានធ្វើការវាយតម្លៃខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាង​កងទ័ពនៃប្រទេសទាំងពីរ ​ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើន​ក្នុង​កម្រិត​កងទ័ព​ជើងគោក ​ដូចជា​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សា ​លំហាត់​ ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រ​នានា​ជា​ដើម។ជាចុងក្រោយ​ឧត្តមសេនីយ៍ឯក ​មេបញ្ជាការកងទ័ពជើងគោក ​ក៏បានថ្លែងអំណរគុណចំពោះ រាជ​រដ្ឋាភិបាលសិង្ហបុរី សម្រាប់ចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិស​ដៅ​ទៅមុខរបស់រដ្ឋាភិបាល ​និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ​និងការពារជាតិ ដែលជាកិច្ច​សហប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏សំខាន់៕

គណបក្សនយោបាយ៖ ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីរបស់(គ.ជ.ប)អាចទទួលយកបាន

2021/12/08 12:56:09 pm        492
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គណបក្សនយោបាយ បានចាត់ទុកដំណើការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយគ.ជ.ប អាច​ទទួលយកបាន និងរំពឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ នឹងមានតម្លាភាព។គណបក្សនយោបាយនៅកម្ពុជា នៅថ្ងៃនេះ បានចាត់ទុកដំណើរការចុះឈ្មោះបោះឆ្នោតថ្មី របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចទទួលយកបាន បើទោះជានៅមានចំណុចខ្វះ ខាតតិចតួចក្ដី។លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាននិយាយថា តាមការសង្កេតដោយ​ភ្នាក់ងារ​របស់​គណបក្សនេះ ដំណើការចុះឈ្មោះថ្មីនេះ ប្រព្រឹត្តិទៅមានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋជា ច្រើនបានទៅចុះឈ្មោះបោះឆ្នោត។លោក គង់ គាំ ប្រធានកិត្ដិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងដែរថា ការចុះឈ្មោះបោះឆ្នោត របស់គ.ជ.ប នៅឆ្នាំ២០២១នេះ មានភាពល្អច្រើន ប៉ុន្តែក៏មានចំណុចខ្វះខាតមួយចំនួន ដែល​គណបក្ស ឆន្ទៈខ្មែរ នឹងជជែកជាមួយ (គ.ជ.ប)ក្នុង​កាល​បរិច្ឆេទ​ណាមួយ ដើម្បីរកដំណោះស្រាយ​រួមគ្នា។ លើសពីនេះ លោកមានជំនឿថា ដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្គាត់ នៅឆ្នាំក្រោយ គ.ជ.ប នឹង រៀបចំដោយតម្លាភាព ព្រោះបទពិសោធន៍កន្លងទៅ ​គ.ជ.ប រៀបចំបានល្អ ដោយទទួលស្គាល់ពីដៃគូពាក់ព័ន្ធផ្សេងៗ។លោក ឈឹម ផលវវុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​បានឲ្យដឹងដែរថា​ ដំណើរការចុះ ឈ្មោះឆ្នោតរបស់​គ.ជ.បនៅឆ្នាំនេះ​ គឺអាចទទួលយកបាន​។ លើសពីនេះ លោកបានស្វាគមន៍​ចំពោះ​គណបក្សផ្សេងៗទៀត ​ដែលមានបំណងប្រកួតប្រជែងជាមួយគណបក្សកាន់អំណោច ប៉ុន្តែ​ត្រូវ​គោរព​ទៅតាម លក្ខខណ្ឌ របស់គ.ជ.ប​ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។សេចក្តីប្រកាសព័ត៌មាន គជប កាលពីពេលថ្មីៗនេះ​ បានបង្ហាញថា​ លទ្ធផលបណ្ដោះអាសន្ន នៃ ការ​ពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ​ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២​ ខែតុលា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ​គឺប្រជាពលរដ្ឋ ​ដែលបានចុះឈ្មោះបោះឆ្នោតថ្មី ​មានចំនួនជាង៤៥ម៉ឺននាក់ ខណៈការប៉ាន់ស្មានជាង១លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងធ្វើឡើងនៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ

ថៃនឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនៅថ្ងៃទី១៦ធ្នូ តែត្រូវធ្វើតេស្តមុន៧២ម៉ោង​ដោយ​ម៉ាស៊ីនPCR

2021/12/08 12:42:21 pm        1125
បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ នឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនាថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ប៉ុន្តែទាមទារឲ្យមានការធ្វើតេស្តមុន ៧២ម៉ោងតាមម៉ាស៊ីន PCR ខណៈសំណើនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណានៅឡើយ។តាមរយៈកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តបាត់ដំបង ជាមួយ​អាជ្ញាធរ​ខេត្តស្រះកែវ ប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ ជុំវិញការត្រៀមបើកឲ្យដំណើរ​ការ​ច្រកទ្វារព្រំដែន​ក្នុងភូមិសាស្ត្ររបស់ខេត្តទាំង៣ខាងលើ​ ដែល​មានព្រំដែន​ច្រកទ្វារអន្តរជាតិ ​និង​ច្រកទ្វារតំបន់នោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ​នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រាប់BTV ឲ្យដឹងថា យោង​តាមកិច្ចពិភាក្សារវាងព្រមព្រៀងថ្នាក់ខេត្តនៃអាជ្ញាធរកម្ពុជា ​និងថៃកន្លងមក ភាគីទាំងពីរ​បាន​ឯកភាព​ចំពោះការរៀបចំពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃឡើងវិញ ដោយសហការគ្នា​សម្រប​សម្រួល​រៀបចំ​បែប​បទឆ្លងដែនក្រោមសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃ​ ជូនបងប្អូនពលករ ក្នុងនោះ​ពលករអាចឆ្លងដែនចូលថៃមួយថ្ងៃចំនួន ៣ពាន់នាក់ ​ចំណែកពលករផ្នែកកសិកម្ម​ជា​ប្រភេទ​កាប់អំពៅអាចប្រើប្រាស់ប័ណ្ណឆ្លងដែន ឬហៅថា Border Pass ដែលមានសុពលរយៈពេល ៩០ថ្ងៃផងដែរ។លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ប្រសិនភាគីទាំងពីរឯកភាពនោះថៃ​គ្រោង​នឹង​បើក​ទទួល​ពលករទៅធ្វើការនៅប្រទេសខ្លួនវិញ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់BTV ​ឲ្យដឹងដែរថា មក​ទល់ពេលនេះ​រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈក្រសួងសុខាភិបាល មិនទាន់សម្រេចជាផ្លូវការ​ចំពោះគោល​ការណ៍ជុំវិញសំណើភាគីថៃដែលចង់ឲ្យធ្វើតេស្តមុន៧២ម៉ោងដោយម៉ាស៊ីន PCR ទៅលើពលករឡើយ។គួរបញ្ជាក់ថា ក្នុងកិច្ចរវាងអាជ្ញាធរកម្ពុជា និងថៃ កាលពីខែវិច្ឆិកាកន្លងទៅ បាន​ផ្តោតសំខាន់​លើ​ទាក់ទិន​ក្នុងការសម្របសម្រួល ​ដើម្បីឈានដល់ការបើកច្រកអន្តរជាតិ និងច្រកតំបន់មួយចំនួន​ស្ថិតនៅក្នុងភូមិសាស្រ្ត នៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាមួយ​និង​ខេត្តស្រះកែវ ប្រទេសថៃ។ ដោយក្នុងនោះខាងភាគីថៃ គ្រោងស្នើបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលិក នៅថ្ងៃទី១៦ ឬយ៉ាងយូរថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដើម្បីជាជំហានសាកល្បង និងឈានទៅបើកច្រកទ្វារព្រំដែនទាំងអស់របស់ខ្លួនជាប់ជាមួយកម្ពុជា។ការស្នើបើកព្រំដែនពីភាគីថៃ ដោយសារថៃកំពុងមានតម្រូវការកម្លាំងពលកម្មក្នុង​ការ​ប្រមូល​កសិផល​កសិកម្មចម្ការផ្លែឈើ ដែលកំពុងតែប្រឈម និងជួបវិបត្តិខ្វះកម្លាំងពលកម្មខ្លាំង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ

2021/12/08 12:02:06 pm        294
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួម ក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានសោយទិវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយ​មាន​ការ​យាង​និងអញ្ជើញចូលរួមពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជវង្សសានុវង្ស និងមន្ត្រីនៃរាជរដ្ឋាភិបាល​កម្ពុជាជាច្រើនផងដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​បង្ហាញនូវក្តីក្តុកក្តួល ​និងសោកស្ដាយជាទីបំផុត ​ចំពោះការបាត់បង់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ សម្ដេចតេជោ បានចាត់ទុកថា នេះគឺ​ជាការបាត់បង់ព្រះរាជឥស្សរជនក្នុង​ព្រះរាជវង្ស​ដ៏ល្អឆ្នើម​មួយ​ព្រះអង្គ ​ដែលទ្រង់ពេញព្រះហឫទ័យ​ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកប​ដោយ​ព្រះឆន្ទៈមនសិការ​មោះមុត និង​វាងវៃ​ជាអតិបរមា ។សូម​លំឱន​កាយវាចាចិត្ត​ ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម​ព្រះ​អង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗ ព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

ក្រសួងសុខាភិបាលកំពុងផ្ទេរអ្នកជំងឺកូវីដ១៩ ពីទីតាំងព្យាបាលដែលខ្ចីពីឯកជន មកទីតាំងព្យាបាលរបស់រដ្ឋវិញ

2021/12/08 11:36:31 am        928
ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននឹងកំពុងផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីទីតាំងព្យាបាលឯកជន ទៅសម្រាកព្យាបាលនៅតាមទីតាំងព្យាបាលរបស់រដ្ឋវិញ។ ការចាប់ផ្ដើមផ្ទេរអ្នកជំងឺទៅតាំងព្យាបាលរបស់រដ្ឋនេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តី បានផ្ដល់ជាអនុសាសន៍កាលពីថ្ងៃទី ៦ខែធ្នូកន្លងទៅ ដើម្បីប្រគល់ទីតាំងឯកជនទាំងនោះ ប្រកបអាជីវកម្មរបស់ខ្លួនជាថ្មី។ក្រសួងសុខាភិបាលខណៈពេលនេះ គឺបាននឹងកំពុងផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីទីតាំង​ព្យាបាល​ឯកជន មកកាន់​ទីតាំងព្យាបាលដូចជាមន្ទីរពេទ្យរដ្ឋ និងទីតាំងស្តាតអូឡាំពិកវិញ។ កិច្ចការនេះ គឺបាន​នឹងកំពុងអនុវត្តដោយ ក្រសួង​សុខាភិបាល​កាល​ពិម្សិលម៉ិញ ក៏បានផ្ទេរអ្នកជំងឺ​ដែល​ស្នាក់​នៅព្យាបាលនៅ មជ្ឈមណ្ឌលមង្គលឧត្តម ចេញរួចរាល់អស់ហើយ។​ ទីតាំង​មជ្ឈមណ្ឌល មង្គលឧត្តម នាព្រឹកនេះ គឺកំពុងធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។ពាក់ព័ន្ធនឹងកិច្ចការផ្ទេរអ្នកជំងឺនេះ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួង​បាន​រៀប​ចំ​​មន្ទីរពេទ្យថ្នាក់ជាតិថ្នាក់ខេត្ត ព្រមទាំងមានទីតាំងស្តាតអូឡាំពិក ដែល​មាន​លទ្ធភាព​អាចផ្ទុកអ្នកជំងឺបានច្រើន។ ក្រសួងគឺបាននឹងកំពុងធ្វើការផ្ទេរអ្នកជំងឺ ដើម្បីធ្វើយ៉ាង​ណា​ឱ្យមានរួចរាល់​ នៅចុងខែធ្នូ រឺដើមខែមករាខាងមុខ។ពាក់ព័ន្ធចំនួនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលទូទាំងប្រទេស គឺ​ឯកឧត្តម​ពុំ​បាន​បញ្ជាក់​លម្អិត​ថា​ មាន​ចំនួន​ប៉ុន្មាននោះទេ។ ឯកឧត្តមរដ្ឋលេខាធិការ ​គ្រាន់តែបានបញ្ជាក់ថា ​ចំនួនអ្នកសម្រាកព្យាបាល​ ទាំងមានកម្រិតធ្ងន់ មធ្យម និងស្រាលទាំងនៅរាជធានីភ្នំពេញ ​និងតាមបណ្ដាខេត្តគឺមានការថយចុះច្រើន។ ការថយចុះនេះគឺចាប់ផ្ដើមពីខែ តុលា វិច្ឆិកា និងខែធ្នូនេះ។ យ៉ាងណាម៉ិញ ក្រសួងសុខាភិបាល នៅតែបន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នជានិច្ច​ ស្រប​ពេល​ដែល ​ករណីវីរុសបំប្លែងថ្មី អូមីក្រុង ចាប់ផ្ដើមរកឃើញនៅតាមបណ្ដាប្រទេសមួយចំនួនរួចទៅហើយ។ ​នេះជាការលើក​ឡើង​បន្ថែម របស់ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល។ជុំវិញរឿងព្យាបាលជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាលក៏បាននឹងកំពុងរៀបចំការសាងសង់​មណ្ឌលព្យាបាល​កូវីដ​-១៩ ធំមួយនៅរាជធានីភ្នំពេញ។ ​មណ្ឌលព្យាបាលកូវីដ-១៩ ដែល​នឹង​ត្រូវសាងសង់នេះ គឺមានទីតាំង ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគ្រោង​នឹងអាចដាក់គ្រែ​បានសរុបចំនួន ១៥.០០០គ្រែ ​ទាំងការព្យាបាល​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល។ ម្យ៉ាងវិញទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌល​ព្យាបាល​ថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែលផ្ទេរមកពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និងមណ្ឌលព្យាបាល​ព្រែក​ព្នៅ ​ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀមសម្រាប់​ហ្វឹកហាត់​បម្រើ​ឱ្យ​ការ​ប្រកួត​ស៊ីហ្គេមឆ្នាំ២០២៣៕ អត្ថបទ៖ គឹមហុក 

ក្រសួងការងារ​ខិតខំ​អនុវត្តភារកិច្ច ដើម្បី​បង្កើត​ការងារ​សមរម្យ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទោះក្នុងវិបត្តិកូវីដ-១៩

2021/12/08 11:23:57 am        300
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅព្រឹកនេះថា ក្រសួងការងារបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដែលធ្វើអត្រាការងារធ្វើរបស់ប្រជាពលរដ្ឋមានកម្រិតខ្ពស់។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខា​សាលា​ ត្រីភាគីថ្នាក់ជាតិ ស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើកម្មវិធីការងារ​សមរម្យ​ប្រចាំប្រទេស​កម្ពុជាឆ្នាំ២០១៩-២០២៣​ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ​បានមានប្រសាសន៍ថា គិត​រហូត​មក​ដល់ពេលនេះ សហគ្រាស សេដ្ឋកិច្ចក្នុងប្រព័ន្ធដែល​បានចុះបញ្ជីនៅក្រសួងការងារ មាន​សរុប​ចំនួនជាង ១៣ ០០០សហគ្រាស និងមានកម្មករនិយោជិតចំនួន ១,៣៧លាននាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដានៃជំងឺកូវីដ១៩ ក្រសួង​ការងារ​បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង និង​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ និង​សម្រេច​បាននូវសមិទ្ធផលសំខាន់ៗ​នៃ​ការ​អនុវត្តកម្មវិធីការងារ​សមរម្យប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ មានដូចជា​ស្រ្តី បុរស យុវជន និង​ក្រុមងាយរង​គ្រោះ​កម្ពុជា​កន់តែច្រើនទទួល​បាន​ការងារសមរម្យប្រកប​ដោយ​ផលិតភាពដោយ​សារកើនតឡើង​នូវ​ពិធីធកម្ម​សេដ្ឋកិច្ច ​ផលិតភាព ភាពប្រកួតប្រជែង ​និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ទាក់ទងនិងសិក្ខាសាលាថ្ងៃនេះ លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំប្រទេស បានលើកឡើងថា​ ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាព​ដែល​បាន​អនុវត្ត​ក្នុង​ការអនុវត្តកម្មវិធីការងារសមរម្យ ​ជាពិសេសរាយការណ៍អំពីសមិទ្ធផលសំខាន់ៗ​ក្នុង​ឆ្នាំ២០២០​ ធៀបនឹងសូចនាករលទ្ធផល ​និងគោលដៅដែលបានបង្កើតឡើងក៏ដូចចំណុច​ដៅ​សំខាន់ៗ​ដែលមានចែងក្នុងឯកសារកម្មវិធីការងារសមរម្យ,​ ចែករំលែកនិងពិភាក្សាអំពីបញ្ហាប្រឈម និង​បទពិសោធន៍នៃការអនុវត្តកម្មវិធីការងារសមរម្យឆ្នាំ២០២០ និងកែសម្រួលចំណុច​អាទិភាព​សំខាន់ៗ​សម្រាប់ឆ្នាំ២០២១-២០២២ និងសកម្មភាព និងការត្រួតពិនិត្យរួមគ្នាដើម្បីសម្រេច​បាន​នូវចំណុចអាទិភាពដែលបានព្រមព្រៀងនៃកម្មវិធីការងារសមរម្យឆ្នាំ២០១៩-២០២៣ ជា​ពិសេសគាំទ្រដល់យុទ្ធសាស្ត្រឆ្លើយតប​ និងកាស្ដារឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩។សូមបញ្ជាក់ថា តាមរយៈកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា អង្គការអន្តរជាតិខាងការងារ ផ្ដល់ជំនួយបច្ចេកទេស និងសេវាកម្ម ដែលជាផ្នែកមួយនៃកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ដែលមានថវិកាប្រមាណ ២០លានដុល្លារសម្រាប់ឆ្នាំ២០១៩ដល់២០២៣។ កម្មវិធីការងារសមរម្យដើរតួជាក្របខណ្ឌសហប្រតិបត្តិការ និងផែនការសកម្មភាពដែល​នឹង​ជួយ​ប្រទេស​ឱ្យសម្រេចបាននូវកំណើនការងារ ​និង​ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព

2021/12/07 04:49:07 pm        1469
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ច័ន្ទមុន្នី បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើការរំកិលដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជារំលាយព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពី​តម្កល់​ធ្វើបុណ្យ​តាមបែប​ព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។សូមបញ្ជាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអង្គបានយាងសោយព្រះទិវង្គត ​នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ​ក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងកាលពីម្សិលមិញ តាមរយៈ​យន្ត​ហោះពិសេស​ពីប្រទេសបារាំង ​ខណៈព្រះសពព្រះអង្គបានកំពុងតំកល់ធ្វើបុណ្យ​តាមបែបសាសនា​នៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ទេសចរក្នុងស្រុកដើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍នៃសប្តាហ៍ទី១ ក្នុងខែធ្នូ កើនដល់ជាង១៨ម៉ឺននាក់

2021/12/07 04:41:27 pm        517
ភ្នំពេញ៖ របាយការណ៍ដែលទើបទទួលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃឈប់សំរាកចុងសប្តាហ៍ទី១ ថ្ងៃទី៤ ដល់ថ្ងៃទី៥ ដើមខែធ្នូនេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្ត បានកើនឡើងរហូតជាង ១៨ម៉ឺននាក់ ស្មើនឹង ៤,៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យBTVនៅថ្ងៃនៅថ្ងៃទី៧ ខែធ្នូនេះ​ថា តួលេខជា​រួមភ្ញៀវទេសចរ​ដែល​មានស្រាប់នៅក្នុងស្រុកបានចេញ​ដើរកម្សាន្ត​នៅថ្ងៃឈប់​ចុងសប្តាហ៍ទី១ ដើមខែធ្នូនេះមានចំនួន ១៨១.០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥.៧១៦ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ៥.៣០៨ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​ដែលភ្ញៀវទៅកម្សាន្ត ភាគច្រើន​ជា​គោលដៅ​ទេសចរណ៍តាមតំបន់ឆ្នេរ ​តំបន់អេកូទេសចរណ៍វប្បធម៌នៅខេត្ត​ពោធិ៍​សាត់ បាត់ដំបង ខេត្តមណ្ឌលគិរី ​និងខេត្តសៀមរាបជាដើម។ឯកឧត្តម បញ្ជាក់ថា គោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅដើរលេងកម្សាន្តច្រើនជាងគេ លំដាប់ទី១ ខេត្ត​ព្រះសីហនុ ​មានទេសចរទៅលេងកម្សាន្តជាង ៣ម៉ឺននាក់ នាក់ ទី២ រាជធានីភ្នំពេញ ជិត៣ម៉ឺននាក់ ទី៣ ខេត្ត​ពោធិ៍​សាត់​ ជាង២ម៉ឺននាក់ ទី៤ ខេត្តកំពតមានជិត២ម៉ឺននាក់ ទី៥ ខេត្តសៀមរាប ​មានជិត១ម៉ឺន៦០០០ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​តាមបណ្តាខេត្តនានាទៀត ក៏មាន​ទេសចរទៅទស្សនាកម្សាន្តច្រើនផងដែរ។ឯកឧត្តម ជុក ជំនោរ បន្តថា ការមានអាកាសធាតុចាប់ផ្តើមចុះត្រជាក់​នៅក្នុងអំឡុងពេលនេះ គឺបាន​ជំរុញច​រន្តភ្ញៀវ​ទេស​ចរ​ផ្ទៃក្នុង​ទូទាំង​ប្រទេសចេញដើរកម្សាន្តច្រើន ហើយការចេញដើរកម្សាន្ត​នៃភ្ញៀវ​ទេសចរនោះ ​សំគាល់ឃើញថា ​សភាព​ការណ៍​ជារួម​ពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋ​បាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ​បានខិតខំ​បន្ត​ជំរុញ​ការ​អនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍ និងប្រតិបត្តិស្តង់ដារអប្បបរមា SOP ពិសេសសម្រាប់សេវាកម្សាន្ត ​ដែលរាជរដ្ឋាភិបាល​បាន​អនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងមក និង​តាមគោលដៅ​ទេសចរណ៍​នានា​គឺមានសុវត្ថិភាព ​ពុំមានការរាតត្បាតមេរោគកូវីដ១៩៕ អត្ថបទ ស៊ុម សុខជា

ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានី ត្រៀមសង់មណ្ឌលព្យាបាលកូវីដអាចដាក់គ្រែ១៥.០០០គ្រែ

2021/12/07 04:33:13 pm        550
ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាល​ពី​ម្សិលមិញ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល រួមជាមួយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងសាលារាជធានី​ភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រោះ ទីតាំងបច្ចុប្បន្ន រួម​មាន​ទីតាំង​ពហុកីឡដ្ឋានអូឡាំពិក ទីតាំងព្រែកព្នៅ និងទីតាំងមួយចំនួនទៀតដែលបានខ្ចីពីឯកជនត្រូវប្រគល់ជាបន្តបន្ទាប់ទៅ​ម្ចាស់ទីតាំងឯកជនទាំងនោះវិញចាប់ពីចុងឆ្នាំ២០២១នេះ។ ចំពោះទីតាំងនឹងត្រៀមសាងសង់មណ្ឌលព្យាបាលនោះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ដែលគ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រឹតធ្ងន់ និងកម្រឹត​ស្រាល។ ម្យ៉ាង​វិញ​ទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែល​ផ្ទេរ​មក​ពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និង​មណ្ឌលព្យាបាល​ព្រែកព្នៅ ​ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀម​សម្រាប់​ហ្វឹកហាត់​បម្រើ​ឱ្យការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ២០២៣។ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមការងារ​បច្ចេកទេស​ឱ្យ​យក​ចិត្ត​ទុកដាក់​សាងសង់​ដោយត្រូវគោរពទៅតាមបទដ្ឋានមន្ទីរពេទ្យព្យាបាល​ជំងឺកូវីដ-១៩ ​ដើម្បីធានាបានទាំងគុណភាព និង​សុវត្ថិភាព និងដោយឡែកអគារក៏ត្រូវគោរពទៅតាម​និយាមអគារដែលមានគុណភាព។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ​និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឯកភាពទៅ​លើ​ទីតាំង​ដែលត្រូវ​សាង​សង់​មជ្ឈមណ្ឌល​ព្យាបាលជំងឺកូវីដ-១៩ និងបានណែនាំដល់ក្រុមការងារ​បច្ចេកទេសទាំងពីរ​ត្រូវសិក្សារៀបចំ​ផែនការ​មេ​ឱ្យ​បានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់​បំពេញ​ដីបន្ថែម និងត្រូវធានាការសាងសង់ឱ្យបានរួចរាល់ក្នុងរយៈ​ពេល​ពី៦ទៅ៨ខែ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM