សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាប្ដេជ្ញាបន្តការប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យសម្រេចគោលដៅ ៩៥-៩៥-៩៥-នៅឆ្នាំ២០២៥

2021/11/26 12:18:37 pm        576
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាប្ដេជ្ញាបន្តការប្រយុទ្ធ នឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។តាមរយៈសារលិខិតចុះថ្ងៃទី២៤ ខែវិច្ឆិកា សម្រាប់ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយ នៅឆ្នាំកន្លងទៅ ទោះបីជាឋិតនៅក្នុងបរិបទ នៃការគំរាមកំហែង នៃមេរោគកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។សម្តេចតេជោ បានជំរុញឱ្យមានការរួមគ្នាខិតខំថែមទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការ​បោះបង់​ការ​ព្យាបាល របស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់​ ចំនួនប្រមាណ១ម៉ឺន២ពាន់នាក់។ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ ឃុំ-សង្កាត់ ត្រូវតែដើរតួនាទីនាំមុខជាអ្នក​សម្របសម្រួល​កម្មវិធីបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។ ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការទប់ស្កាត់ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធ​ជាមួយប្រតិបត្តិករ ព្រមទាំង​ជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់​ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទ​ដូចជាការប្រើប្រាស់ស្រោមអនាម័យកម្មវិធី PrEP ឬ PEP ឬការធ្វើតេស្តរកមេរោគអេដស៍ ដោយ ខ្លួនឯងជាដើម។សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងស្មារតីឈានទៅសម្រេចគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល ផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់​អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្របដណ្ដប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់​ភាពងាយស្រួល ដល់អ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលទាំងសេវានេះ​ ទាំងផលប្រយោជន៍ នៃ​កម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។សម្តេច ក៏បានអំពាវនាវដល់អង្គការដៃគូអន្តរជាតិ ឱ្យជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការ បន្តផ្តល់ជំនួយហិរញ្ញវត្ថុ ​និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍​ និងជំងឺអេដស៍ ក្នុងប្រទេសកម្ពុជា ​ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើ​មេរោគ​អេដស៍​ឱ្យបានតាមកាលកំណត់៕អត្ថបទ៖ មុត សុទ្ធ

ទូតវៀតណាម កោតសរសើរពីយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ដែលឈានដល់បើកប្រទេសឡើងវិញ

2021/11/26 07:10:21 am        372
ភ្នំពេញ ៖ លោកង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទួតថ្មីវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាកសាំងបង្ការមេរោគកូវីដ១៩ ជូនដល់ប្រជាជនរបស់ ខ្លួនដោយមិនគិតថ្លៃ ហើយសម្រេចបានលទ្ធផលល្អប្រសើររហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញនោះ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកហ៊ុយ តាំង បានលើកឡើងថា គោលនយោបាយដ៏ត្រឹមត្រូវ​របស់ប្រទេសកម្ពុជា ក្នុងការចាក់​វ៉ាក់​​សាំង​ជូនប្រជាពលរដ្ឋ និងបានបើកប្រទេសឱ្យដំណើរការទាំង​ស្រុង​ឡើងវិញនេះ គឺបានធ្វើឲ្យមានការទុកចិត្តរបស់​អ្នក​ទេសចរអន្តរជាតិ។ជាមួយគ្នានោះលោកទួត បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេសកម្ពុជា ​និងវៀតណាម​ ដែលអ្នកជិតខាងល្អ ​មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ​និង​ស្ថិត​ថេរ​យូរ​អង្វែង​រវាង​ប្រទេសទាំងពីរ ដែលពីរមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែមានការរីកចម្រើនយ៉ាងខ្លាំងខ្លាលើគ្រប់វិស័យនោះ។មានប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ឃើញទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរមានការរីកចម្រើនជាលំដាប់ បើទោះបីប្រទេសទាំងពីរប្រឈម​នឹងវិបត្តិជំងឺកូវី១៩​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយក៏ប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ និងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅ​មកទាំងខាងសម្ភារៈ ស្មារតី ក្នុងស្មារតីជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តល្អ និង​ជា​ដៃ​គូល្អ​ដដែល​នោះ​។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានលើកឡើងផងដែរអំពីថ្នាក់ដឹកនាំប្រទេសទាំងពីរ​តែងតែ​ជួប​ប្រាស្រ័យ​ទាក់ទង បាន​​​ផ្ញើសារ​ជាមួយគ្នា ​ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញ​ទៅ​មកតាម​រយៈប្រព័ន្ធនិម្មិត ជាពិសេស​ការជួបមុខ​ផ្ទាល់​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ នៅទីក្រុងហាន់ណូយ ​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១។នៅក្នុងកិច្ចជំនួបនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់ថា ព្រឹទ្ធសភា ​រដ្ឋសភាកម្ពុជា តែង​តែ​គាំទ្រ​ចំពោះ​រាល់កិច្ចព្រមព្រៀងកិច្ចសន្យា ​ដែលរាជរដ្ឋា​ភិបាល​កម្ពុជា​បានធ្វើជាមួយ​នឹង​រដ្ឋាភិបាលនៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​និងថែមទាំង​លើកទឹកចិត្ត​ដើម្បី​ឱ្យរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ ​ខិតខំធ្វើយ៉ាងណាសម្រេចឱ្យ​បានជា​ផ្លែផ្កា​នូវ​រាល់​កិច្ចព្រមព្រៀង និង​កិច្ច​សន្យា​ទាំងអស់នោះ ​ក្នុងគោលដៅដើម្បីជំរុញប្រទេសទាំងពីរឱ្យមានការរីកចម្រើនផងដែរ៕អត្ថបទ៖ បាន ចក់

ព្រឹតិ្តការណ៍មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ និងបិទបញ្ចប់នាល្ងាចថ្ងៃទី២៦ ខែវិចិ្ឆកានេះ

2021/11/26 11:44:43 am        493
ភ្នំពេញ ៖ នៅថ្ងៃទី២៥-២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13)។ ក្នុងឱកាសនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវការមួយ ក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃ ASEM 13 ដោយបង្ហាញពីភាពចម្រុះ នៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមចំណងជើងថា «អាស៊ី និងអឺរ៉ុប៖ ចំណង វប្បធម៌» គឺជាមហោស្រពសិល្បៈចម្រុះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងតាមប្រព័ន្ធអនឡាញ។ នៅល្ងាចថ្ងៃទី២៦ ខែវិចិ្ឆកានេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសន្ទរកថា បិទព្រឹតិ្តការណ៍មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ តាមប្រព័ន្ធអនឡាញផងដែរ។ ដោយឡែកការតាំងពិព័រណ៍ នៅក្នុងសារមនី្ទរជាតិ ចាប់ផ្តើមពីថ្ងៃទី២២ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទើបបិទបញ្ចប់ការតាំងពិព័រណ៍។ ដូច្នេះសូមភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលទស្សនាដោយឥតគិតថ្លៃ។ និយាយដោយឡែកក្រោយពីការថ្លែងបិទព្រឹតិ្តការណ៍មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប លើកទី១៣ យើងក៏រងចាំមើលថាតើប្រទេសណាទៀត ដែលត្រូវបន្តវេណរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៤(ASEM 14)។នៅឆ្នាំនេះ ព្រឹតិ្តការណ៍ជាង៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុប ជាង១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រី្ត ការតាំងពិព័រណ៍ និងវេទិការជជែកពិភាក្សា៕អត្ថបទ ៖ រដ្ឋា 

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវ​ការ​ភាព​ជា​ដៃ​នឹង​គ្នា​បន្ថែម​ទៀត ក្រោយ​វិបត្តិ​កូវីដ-១៩

2021/11/25 11:18:28 am        456
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវការ​​ការ​ពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃ​គូ​ជាមួយ​គ្នា ដើម្បី​រក្សា​កំណើន​​ជា​សកល​ នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​សម្ដេច​ដែល​ថ្លែង​បើក​វេទិកា​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ និង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជា​ការពិត នៅ​លើ​ពិភព​លោកក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ យើង​ពិត​ជា​មាន​សេចក្ដី​ត្រូវការ​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​អាស៊ី-អឺរ៉ុប ក្នុង​គោលដៅ​រក្សា​បាន​នូវ​ពហុភាគី​និយម​ដ៏​រឹង​មាំ​មួយ ដែល​នឹង​នាំ​មក​នូវ​កំណើន​ជា​សកល មិន​ត្រឹម​តែ​មាន​ចីរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​មាន​ការ​ចែក​រំលែក​ផង​ដែរ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវ​គោរព​តាម​គោលការណ៍​ស្នូល​របស់​ខ្លួន​ថែម​ទៀត ដោយ​ថា តំបន់​ទាំង​ពីរ​នេះ​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើនដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ឆ្លើយ​តប​រួមគ្នា។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា វេទិកា​មេដឹកនាំ​អាស៊ី-អឺរ៉ុប​នេះ បាន​លើក​កម្ពស់​ភាព​ជា​ដៃ​គូ​រវាងប្រទេស​នានា​នៅ​​ទ្វីប​ទាំង​ពីរ ដោយ​ឈរ​លើ​គោលការណ៍​ស្នួល​របស់​ខ្លួន រួម​មាន​ ​ភាព​មិន​ផ្លូវការ ភាព​បត់​បែន​បាន ការគោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ស្មារតី​កុងសុងស៊ីស និង​ភាព​ជា​ដៃ​គូ​ស្មើភាព៕អត្ថបទ ៖ សុធី

ខួបលើកទី១៦ នៃការដាក់​បញ្ចូលល្ខោន​ស្រមោល​ស្បែកធំ ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

2021/11/25 07:20:39 am        498
ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាកម្ពុជា អបអរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ​នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១។ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេសកម្ពុជា។ ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្តិ៍ ​ដែលជាទេពកថាបុរាណ ដែលមាន​លក្ខណៈ​សក្ការៈ ហើយតាមទំនៀមរៀងមកគេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំដែល​មាន​លក្ខណៈ​ជា​ជំនឿ​ជា​កិច្ច​ឧទិ្ទស​បួងសួង ​ឬបន់ស្រន់ជាដើម។ ល្ខោនស្រមោលស្បែកធំ ​ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥។ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌​មាន​នា​ព្រឹក​នេះ​ថា នៅថ្ងៃនេះ គឺជាថ្ងៃរំលឹកដល់ប្រជាជនខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យ​យើង​ត្រូវដឹងថា ​ជាថ្ងៃប្រារព្ធ​ខួប​លើក​ទី១៦​ នៃការដាក់​បញ្ចូលល្ខោន​ស្រមោល​ស្បែកធំក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ​របស់អង្គការ​យូណេ​ស្កូ ​នៅថ្ងៃទី២៥ ​ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ​ឆ្នាំ២០២១។ឯកឧត្តម បណ្ឌិត គឹម ពីនន់ បានបញ្ជាក់ទៀតថា វិស័យសិល្បៈវប្បធម៌របស់កម្ពុជា ត្រូវតែមានការចូលរួម​គាំទ្រច្រើនណាស់ពីស្រទាប់យុវវ័យ។ ដូច្នេះហើយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាក្នុងមហោស្រព​សិល្បៈ​យុវជនទូទាំងប្រទេស។ ក្នុងនោះសម្តេចនាយក បានលើកឡើងនូវប្រធានបទមួយ ដែលក្រសួងវប្បធម៌ ត្រូវតែរៀបចំធ្វើ​ជា​រៀងរាល់ឆ្នាំនោះ ​គឺយុវជន ដើម្បីវប្បធម៌ជាតិ។ ​ដូច្នេះក្រសួងវប្បធម៌ ​ក៏បានរៀបចំឲ្យមាន​ការ​បណ្តុះ​បណ្តាល​ប្រកួតប្រជែង ​ផ្នែកតស៊ូមតិ​ និងសិល្បៈជាច្រើនទម្រង់ ​ដើម្បីឲ្យយុវវ័យ​ បានដឹងបានស្គាល់​ពី​អត្ត​សញ្ញា​ណ​ជាតិរបស់យើង៕អត្ថបទ រដ្ឋា

ព្រះមហាក្សត្រ និងសម្តេចម៉ែ ទទួលអង្ករ ២០តោនពីសហព័ន្ធស្រូវអង្ករកម្ពុជា

2021/11/25 07:02:24 am        537
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយតង្វាយ និងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផល និងវឌ្ឍនភាពសកម្មភាពការងារ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២១ ។ក្នុង​ឱកាសដ៏​ឧត្ដុង្គឧត្ដម​នោះ​ សហព័ន្ធស្រូវអង្ករកម្ពុជា បានក្រាបថ្វាយនូវតង្វាយជាអង្ករចំនួន ២០តោន ​ថ្វាយព្រះករុណា ​ព្រះមហាក្សត្រ និង ២០តោនថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ​ដើម្បីចូលរួមដង្ហែរតាមនូវព្រះរាជសកម្មភាពដ៏​ឧត្តុង្គឧត្តម និង​ជាប្រវត្តិសាស្រ្ត​របស់ព្រះអង្គទាំងទ្វេ ​ក្នុងការបំពេញព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាល ជួយ​ដល់កូនចៅប្រជានុរាស្រ្តព្រះរាជាណាចក្រកម្ពុជា ​បន្តតាមព្រះរាជគំរូដ៏ថ្លៃថ្លា​ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្ត​និយម​ដ៏រុងរឿងនៃយើង៕

កូនត្រីឆ្ពិនចំនួនពីរម៉ឺនក្បាល ត្រូវបានលែងចូលក្នុងបឹងធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីដើម្បីបង្កើនផលត្រី

2021/11/25 01:35:55 pm        551
មណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីម្សិលមិញ បានធ្វើពិធីលែងកូនត្រីឆ្ពិនចំនួនពីរម៉ឺនក្បាល ចូលអាងទឹកទំនប់លើ ដែលមានទីតាំងក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់ កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការពញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូច ជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានលើកឡើងថា ​ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយ​ប្រសិទ្ធភាព និងនិរន្តរភាព ​ត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប​ ហើយក៏ត្រូវគិតគូរពីការ អភិរក្សជលផល ​ការដាំដុះព្រៃលិចទឹកឡើងវិញ ​និងការការពារបរិស្ថានជលផល ដែលនេះ​គឺ​ជា​កិច្ចការដ៏សំខាន់ និងមានតម្លៃ សម្រាប់ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀត​ជា​ច្រើនសម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ​និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការ​ធនធាន​មច្ឆជាតិ ជាអាហារប្រចាំថ្ងៃ។ឯកឧត្តម បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ​ត្រូវចាត់វិធានការឱ្យបានតឹងរឹង​ចំពោះ​បទល្មើស​នេសាទ ត្រូវពង្រឹង ​និងជំរុញសហគមន៍ស្រះជម្រកត្រី ​ដែលបានបង្កើតហើយ នឹង​បន្ត​បង្កើត​​បន្ថែមទៀត​ឱ្យបានច្រើនក្នុងមូលដ្ឋាន ​ជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រី​ក្នុង​សហគមន៍​នីមួយៗ ​ត្រូវបន្តកិច្ចសហការជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកន្លែង​អភិរក្ស​ជលផល​ឱ្យបានល្អប្រសើរ​ ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារ​ចិញ្ចឹម​ត្រី ​និងចែករំលែកការងារបច្ចេកទេស ​ទៅវិញទៅមក ​ការចិញ្ចឹម ​និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បី​បម្រើឱ្យទីផ្សារ ​និងបង្កើនប្រាក់ចំណូល ​ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផង។លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត​ បានឱ្យដឹងថា​ ការអភិរក្ស ស្រះ​ជម្រក​ត្រី​សហគមន៍​ និងសហគមន៍នេសាទ ​ឆ្នាំ២០២១នេះ​ មាន​សហគមន៍ ​និងស្រះជម្រកត្រីថ្មី ចំនួន៦ រួមមាន ​សហគមន៍ស្រះជម្រកត្រីអូរណំ ​ទំនប់អូរយ៉េះ​ ទំនប់ភ្នំក្រោល ​ទំនប់ម្ជូរង៉ា ទំនប់ពូរ៉ាង និង សហគមន៍ស្រះជម្រកត្រីត្រពាំងស្រែទួយ។ ដោយឡែកសហគមន៍នេសាទ​ មានចំនួនបី គឺ​សហគមន៍នេ សាទអូរច្បារ កែងណយ ​និងសហគមន៍នេសាទសែនកញ្ញា មានទីតាំងនៅស្រុក​កោះញែក ​តែទទួលស្គាល់ ​ដោយក្រសួងកសិកម្ម ​ចំនួនពីរតែប៉ុណ្ណោះ៕អត្ថបទ៖ អ៊ិត ភីរុណ 

មន្រ្តីជំនាញ៖ ការដំឡើងពន្ធថ្នាំជក់ អាចកាត់បន្ថយអ្នកឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ច

2021/11/25 01:21:22 pm        1010
ភ្នំពេញ ៖ មន្រ្តីជំនាញ បានឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះ-ឈ្នះ កាត់បន្ថយអ្នកឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោមប្រធានបទ”វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ-១៩” ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី២៥ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការ​ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះ-ឈ្នះ ​ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ​និងសេដ្ឋកិច្ចជាតិ ពោលគឺមិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។ លើសពីនេះ លោកបន្តថា ហេតុផលដែលត្រូវដំឡើងពន្ធគឺដោយសារ អត្រាពន្ធថ្នាំជក់​នៅ​កម្ពុជា​មានកម្រិតទាបខ្លាំងណាស់ ​ត្រឹមតែ២៨% ប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសអាស៊ាន​មួយចំនួន​ដែល​មាន​អត្រាពន្ធលើផលិតផលថ្នាំជក់ ​លើសពី៥០% ធៀបនៃតម្លៃបារីលក់រាយ។សម្រាប់បេក្ខជនជ័យលាភីលេខ១ សយ ស្រីនិច្ច ដែលបានចូលក្នុងកម្មវិធីខាងលើ ​បានឱ្យដឹងដែរថា មូលហេតុដែលចូលរួមកម្មវិធីនេះ ​គឺដើម្បីអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ​និងជាពិសេសយុវវ័យ ឱ្យយល់​ដឹងបន្ថែមទៀតពីផលប៉ះពាល់ដោយសារថ្នាំជក់។យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយរបស់ការអង្គការសហប្រជាជាតិ ​ស្ដីពីការវិនិយោគលើការត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ឆ្នាំ២០១៩​ បានបង្ហាញថា ​កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធបន្ថែម ២៣៥ លានដុល្លារ សហរដ្ឋអាម៉េរិច ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ និង​ជាង​៩រយលានដុល្លារ​សហរដ្ឋ​អាម៉េរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ​ ប្រសិនបើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់​រហូតដល់ ៧៥%នៃតំលៃបារីលក់រាយ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំវិធាន​ការ​ជា​បន្ត​បន្ទាប់ ទាក់ទង​នឹងថ្នាំជក់នេះ៕អត្ថបទ៖ទូច សោភ័ណ 

អាជីវកម្ម KTV រាង្គសាល ឌីស្កូតែកមួយចំនួននៅភ្នំពេញ ត្រៀមបើកដំណើរការក្រោយថ្ងៃទី៣០ វិច្ឆិកា

2021/11/25 12:35:27 pm        1303
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងទេសចរណ៍ជូនដំណឹងអោយរដ្ឋបាលរាជធានីខេត្ត ត្រៀមរៀបចំបើកដំណើរអាជីវកម្មខារ៉ាអូខេ KTV ក្លឹប​កម្សាន្តរង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅពេលមានម្ចាស់អាជីវកម្មទាំងអស់ បានរៀបចំទីតាំងរួចរាល់ ដើម្បីត្រៀមបើកដំណើរវិញ ក្រោមការអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​សុវត្ថិ​ភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP ។បើតាមតំណាងម្ចាស់អាជីវកម្ម Millionaire បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា មូលដ្ឋាន​អាជីវកម្ម​ទេស​ចរណ៍ទាំងបីប្រភេទរបស់លោក ក៏ដូច មូលដ្ឋានអាជីវកម្មទេសចរណ៍​នានាទៀត​ នៅក្នុងរាជធានីភ្នំពេញ ​ត្រូវបាន​ថ្នាក់​ដឹក​នាំមន្ត្រីជំនាញទេសចរណ៍​រាជធានី​ចុះត្រួត​ពិនិត្យដើម្បីត្រៀមបើកឡើងវិញក្រោយថ្ងៃទី៣០​ ខែវិច្ឆិកា។តំណាងអាជីវកម្មទេសចរណ៍រូបនេះ បន្តថា ជារួមយើងមានការអរគុណប្រមុខថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាលជាខ្លាំង ​ដែល​​ប្រកាស​ឱ្យម្ចាស់អាជីវកម្ម​ដែល​មានហានីភ័យ​ខ្ពស់ រៀបចំ​ទីតាំង​ត្រៀមខ្លួន​បើកឡើងវិញ ​ខណៈ​បណ្តាអាជីវកម្ម​ទាំង​នោះ​រួមមាន​ ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែកជាដើម​ រងការបិទជិត២ឆ្នាំកន្លងមកនេះ។បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា នៅពេលថ្មីៗរដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយអំពីការដាក់ឱ្យអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​បៀហ្គា​ឌិន​ ខារ៉ាអូខេ ​ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ហើយ​មាន​បណ្តាម្ចាស់អាជីវកម្ម ​និងអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ​ប្រមាណ​ជាង១០០​ទីតាំងគឺបានដឹង និង​បាន​ត្រៀម​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ពីវិធាន​សុវត្តិភាពស្របតាមនីតិវិធី​ស្តង់ដារ​អប្បបរមា(SOP) ស្រប​តាម​គន្លងប្រក្រតីភាពថ្មី ​ត្រៀមបើកក្រោយថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១។លោក ម៉ម វាសនា បន្តថា អនុវត្តតាមសេចក្តីណែនាំ​ក្រសួង​ទេសចរណ៍ផង និងរដ្ឋបាលរាជ​ធានី​ភ្នំពេញផ​ង នៅពេលនេះ យើងបន្តចុះវាយតំលៃទីតាំងអាជីវកម្មដែល​បានត្រៀម​បើក​មួយ​ចំនួន​ហើយ។តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថាក្រោយការចុះត្រួតពិនិត្យ​សម្រេច​អនុញ្ញាត​អោយ​បើក​​ឡើងវិញនេះដែរ​ គ្រប់រដ្ឋបាល​រាជធានី​ខេត្ត​ត្រូវ​រៀប​ចំ​យន្ត​ការ​បន្ត​ត្រួតពិនិត្យ​តាម​ដាន​បន្ថែម​ទៀត​អោយ​បាន​ហ្មត់​ចត់​លើ​ការ​អនុវតវិធាន​សុវត្ថិភាពទេសចរណ៍ និង​នីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាSOP ​សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ​ក្លឹប​កម្សាន្ត រង្គសាល ឌីស្កូតែក ​ហើយក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ​មិនបានអនុវត្តត្រឹមត្រូវតាមវិធាន​ និងនីតិវិធី SOP នេះ​ទេ រដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការនានា បន្ថែមតម្រូវអោយបិទអាជីវកម្ម និង​ត្រូវ​ទទួល​ខុសត្រូវនៅចំពោះ​មុខ​ច្បាប់៕អត្ថបទ ៖ ស៊ុម សុខជា

របាំទេពមនោរម្យ នឹងសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នៅថ្ងៃស្អែកនេះ

2021/11/25 12:21:18 pm        624
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមយកសិល្បៈទស្សនីយភាព (របាំទេពមនោរម្យ) មកសម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ស្អែកនេះ។ ដោយឡែកការតាំងពិព័រណ៍នៅសារមនី្ទរជាតិ បន្តរហូតដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ ទើបបិទបញ្ចប់ការតាំងពិព័រណ៍។ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ BTVនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ​២០២១នេះថា សិល្បៈទស្សនីយភាពក្រសួងវប្បធម៌ នឹង​ធ្វើ​ពិធី​បិទ​នាថ្ងៃទី២៦​ ខែវិចិ្ឆកា ឆ្នាំ២០២១ស្អែកនេះ ​ទន្ទឹម​នឹង​នោះ​ក្រសួង​ក៏​បានយករបាំទេពមនោរម្យ មក​សម្តែងក្នុងព្រឹតិ្តការណ៍បិទមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ដែល​ជា​ព្រឹតិ្តការណ៍​អម ផ្លូវការ​មួយក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃASEM13​ ដោយបង្ហាញពី​ភាព​ជំរុញ​នៃ​វប្ប​ធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។ ដោយឡែកនៅសារមនី្ទរជាតិ នឹងបញ្ចប់ការតាំងពិព័រណ៍នៅថ្ងៃទី៣០ ខែ​វិចិ្ឆកា ឆ្នាំ២០២១។ សិល្បៈទស្សនីយភាពទាំង៣ ដូចជាការសម្តែងរបាំប្រពៃណី របាំសហសម័យ និងតន្រី្ត គឺដំណើរ​ការ​បាន​ល្អ និងការចាក់បញ្ចាំងខ្សែភាព ​ក៏ដំណើរការបានល្អ និងការតាំងពិព័រណ៍ក៏បន្ត​រហូត​ដល់​ថ្ងៃទី៣០ ខែវិចិ្ឆកា ​ឆ្នាំ​២០២១​ឲ្យភ្ញៀវជាតិ ​និងអន្តរជាតិចូលទស្សនា ​ដោយឥតគិតថ្លៃ។ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ ក្រោមចំណងជើងថា អាស៊ី និង​អឺរ៉ុប​ ចំណងវប្បធម៌​ គឺជាមហោស្រពសិល្បៈចម្រុះ​ ដែលប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅរាជ​ធានីភ្នំពេញ ​ប្រទេសកម្ពុជា ​និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹតិ្តការណ៍ជាង៣០ ​ដែលមានសិល្បករអាស៊ី ​និងអឺរ៉ុប ​ជាង១០០នាក់ នឹងបង្ហាញ​អំពីភាព​ចម្រុះនៃវប្បធម៌​ ដ៏សម្បូរបែប ​និងការសហការប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​ពីអាស៊ី និងអឺរ៉ុប ​តាមរយៈការសម្តែងល្ខោន របាំ តន្រី្ត ​ការតាំងពិព័រណ៍ ​និងវេទិការជជែកពិភាក្សា។តាមរយៈនៃព្រឹតិ្តការណ៍ដ៏ប្រវតិ្តសាស្រ្តដែលប្រទេសកម្ពុជា ទើបតែចាប់ផ្តើមធ្វើលើកទី១នេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ ក៏រំពឹងថាកម្ពុជា ​នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគិន ជាពិសេស​ចំណង​ទាក់ទង​រវាងប្រជាជន ​និង​ប្រជា​ជន​អឺរ៉ុប កាន់តែស្វែងយល់ពីគ្នា​តាមរយៈការ​សម្តែង​សិល្បៈចម្រុះនេះផងដែរ៕អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល វាយឆ្មក់សហគមន៍ Bedouin នៅតំបន់កាន់កាប់វ៉េសប៊ែង
05/28/2026 08:05 PM
រុស្ស៊ី៖ មីស៊ីលរបស់​សហរដ្ឋ​អាមេរិក នៅជប៉ុន សម្រាប់សមយុទ្ធ នឹងគំរាមកំហែងដល់រុស្ស៊ី
05/28/2026 08:05 PM
មនុស្ស ៣នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយចាក់ នៅស្ថានីយ៍រថភ្លើង ក្នុង​ប្រទេស​ស្វីស
05/28/2026 07:05 PM