ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ពន្ធដារប្រមូលចំណូលពន្ធបានជិត ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ

2022/11/16 09:56:08 am        555
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនឡើងជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ លទ្ធផលការប្រមូលចំណូលពន្ធដារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចបូកសរុបលទ្ធផលប្រមូល​ចំណូល​ពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆកា ដឹក​នាំ​ដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា អគ្គនាយកដ្ឋាន នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ដើម្បីបន្តគាំទ្រ ចំពោះការ​អនុវត្ត​គោល​នយោបាយ​នានារបស់រាជរដ្ឋាភិបាល៕

អគ្គិសនីមានតម្លៃទាបលើវិស័យកសិកម្ម នឹងជួយលើកកម្ពស់ការប្រកួតប្រជែងផលិតកសិកម្មលើទីផ្សារ

2022/11/15 02:44:45 pm        389
ភ្នំពេញ៖ បន្ទាប់ពីមានរៀបចំឲ្យមានកិច្ចសន្ទនាគ្នា រវាងស្ថាប័នរដ្ឋ ​និងឯកជន ដើម្បីរម្លឹកឡើងវិញ​អំពី​សវតា ​និងគោលនយោបាយថាមពលអគ្គិសនី ក៏ដូចជា​លក្ខខណ្ឌនានាក្នុងការទទួល​បានការ​អនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។ ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងទុកថា ​នឹងការយោគយល់ច្រើនជាងមុន លើតម្លៃអគ្គិសនីដែល​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជា​អ្នកវិនិយោគក្នុងវិស័យកសិកម្ម​ បានលើកឡើងថា​ ការកាត់បន្ថយចំណាយថ្លៃអគ្គិសនី ផ្តល់​ប្រយោជន៍​ជាច្រើនទាំងវិស័យរដ្ឋ ​និងវិស័យឯកជន ដើម្បីរួមគ្នាសម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។លោក បានបន្តថា ថ្លៃដើមនៃការផលិត និងទាំងការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការប្រើប្រាស់​សម្រាប់​ការកែច្នៃផលិតផលកសិកម្ម បើប្រៀបធៀប​ជាមួយបណ្តាប្រទេសគេ​បាន​ដើរជឿនលឿន​រួចហើយ​នៅក្នុងវិស័យកសិកម្ម ​ក៏ដូចជាឧស្សាហកម្មកែច្នៃនាំចេញជាដើម ​គឺតម្លៃយើងបូកទាំងអស់ គឺនៅខ្ពស់ជាងគេ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមាន​ប្រសាសន៍ថា ចំពោះនីតិវិធីដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី​ខាងលើនេះ អ្នក​ប្រើប្រាស់​កសិកម្មទាំងអស់​ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ​ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិន​ជា​ក្រុមសហគមន៍ ​ត្រូវមាន​នរណាម្នាក់ជាតំណាង​ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរមូលដ្ឋាន ដើម្បី​ប្រាកដច្បាស់ទាំងអស់គ្នា​ក្នុងការដាក់ពាក្យស្នើសុំយោគយល់តម្លៃអគ្គិសនីឲ្យបានសមរម្យ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជា ផលិតថាមពលប្រមាណជាង ៤ ២០០មេហ្កាវ៉ាត់ លើសតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន

2022/11/15 10:35:55 am        392
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាផលិតបានថាមពលចំនួនប្រមាណជាង ៤.២០០មេហ្កាវ៉ាត់ ក្នុងមួយឆ្នាំ ហើយតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃ មានប្រមាណតែ ២.១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកក្នុងកិច្ចសន្ទនាពិសេសមួយ រវាងវិស័យរដ្ឋ និងវិស័យឯកជន ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុង ស្វះស្វែងរកប្រភពថាមពលដើម្បីបំពេញតម្រូវការ ដើម្បីត្រៀមផ្គត់ផ្គង់នៅពេលណាដែលមានតម្រូវថាមពលកើនឡើង និងឆ្លើយតបនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងសម្រាប់ការប្រើប្រាស់របស់ប្រជាពលទូទៅ កសិកម្ម និងឧស្សហកម្ម៕

កម្ពុជា-កូរ៉េ សហការអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME សម្រាប់ការផលិត និងជំរុញការនាំចេញ

2022/11/15 10:21:20 am        369
ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ បង្កើតភាពដៃគូរសហការគ្នា ជំរុញអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាដល់ SME ក្នុងស្រុក លើកកម្ពស់ដល់ការផលិត និងជំរុញការនាំចេញផលិតផលទៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងទីភ្នាក់ងារលើកកម្ពស់អាជីវកម្មខ្នាតតូចរបស់ប្រទេសកូរ៉េ (KSMBPA) បានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញនៃ SMEs នៅថ្ងៃទី ១៤ ខែ វិច្ឆកា។តាមរយៈអនុស្សារណនៃការយោគយល់គ្នានេះ ម្ចាស់សហគ្រាសកម្ពុជានឹងទទួលបានចំណេះដឹងថ្មីៗកាន់តែច្រើនបន្ថែមទៀត ក្នុងការផលិត និងកែច្នៃផលិតផលរបស់ខ្លួន ឲ្យស្របតាមទីផ្សារកូរ៉េ និងទីផ្សារផ្សេងៗទៀត ហើយ រំពឹងថា នៅថ្ងៃខាងមុខ ផលិតផលរបស់ខ្មែរ នឹងអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េកាន់តែច្រើន៕

ប្រទេសព្រុយណេ ជំរុញការសហប្រតិបត្តិការកសិកម្ម និងនាំចូលអង្ករផ្កាម្លិះពីកម្ពុជា

2022/11/14 04:26:54 pm        744
ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានស្នើបង្កើតកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា និងការនាំ​ចូលអង្ករផ្កាម្លិះទៅកាន់ប្រទេសព្រុយណេ។ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានសន្តិភាព។ព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ​ ចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យបន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ព្រះមហាក្សត្រព្រុយណេ ​បានណែនាំ ​ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា ​និងព្រុយណេ សហការលើវិស័យ​កសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។ព្រះចៅស៊ុលតង់​ យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ​ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។កម្ពុជា ​បាននាំចេញអង្ករសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ កើនឡើង១០ ភាគរយធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

ការនាំចេញរបស់កម្ពុជា កើនឡើងជិត ២០ភាគរយ ក្នុងរយៈពេល១០ខែ

2022/11/14 10:24:15 am        508
ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុង​រយៈ​ពេល​ ១០ខែ ឆ្នាំ​២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែល​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​សរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។ប្រទេស​វៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់​លាន​ដុល្លារ​។ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ​២០២២​នេះ ​មាន​ទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នាកាល​ពី​ឆ្នាំមុន។

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន៦.២% នៅឆ្នាំ២០២៣ និងសន្យាបន្តជួយអភិវឌ្ឍន៍កម្ពុជា

2022/11/12 10:21:34 am        322
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមាន​ភាពរីក​ចម្រើន​បន្ថែមទៀតផងដែរ ។នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ប្រធានធនាការ ADB បាន​សម្ដែង​ការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងបានវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង​កម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។ឯកឧត្តម បានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយ ​នៅឆ្នាំ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ២០២៣ ​ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ភាគរយ ដោយសារតែការចុះខ្សោយជាងមុន ​នៃកំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ​ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល​កម្ពុជា​កំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយជោគ ជ័យ ដោយ​សម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដា​ប្រទេស​ជាច្រើន​ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ ​បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និង​បានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ​របស់កម្ពុជា ​ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់​កម្ពុជា ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩​ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។គួរបញ្ជាក់ថា ​ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន ​និងប្រធាន ADB បានពិភាក្សាអំពី​សហប្រតិបត្តិការ​លើវិស័យបម្រែបម្រួលអាកាសធាតុ ​ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវ​ការត្រៀមខ្លួន​ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​រៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែប្រួលអាកាសធាតុ ​និងការអភិវឌ្ឍថាមពលបៃតង ៕ អត្ថបទ បាន សុខរិទ្ធិ

ចិនសន្យាពង្រីកទីផ្សារ សម្រាប់ទទួលផលិតផលកសិកម្មពីកម្ពុជា និងផ្ដល់ហិរញ្ញវត្ថុអភិវឌ្ឍន៍ការធ្វើកសិកម្ម

2022/11/11 04:05:00 pm        624
ភ្នំពេញ៖ ប្រទេសចិនបានសន្យានឹងពង្រីកបន្ថែមទៀតនូវទីផ្សារ សម្រាប់ផលិតផលកសិកម្មនាំទៅពី​ប្រទេសកម្ពុជា ​និងជួយផ្ដល់នូវហិរញ្ញវត្ថុ ​ដើម្បីអភិវឌ្ឍន៍​ការធ្វើ​កសិកម្មឲ្យកាន់តែទំនើប ខណៈកសិផល​មួយចំនួនរបស់កម្ពុជា ​បាននាំចេញទៅទីផ្សារចិន ​ហើយមួយចំនួនទៀត កំពុង​ត្រួតពិនិត្យ និងវាយតម្លៃគុណភាពភូតគាម ។យោងតាមសេចក្តីប្រកាសរួម ​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ​បានឲ្យដឹងថា កម្ពុជា-ចិន ​នឹងប្រើប្រាស់ឲ្យបានពេញលេញនូវយន្តការ ​គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ដើម្បីជំរុញណិជ្ជកម្មទ្វេភាគី ។សេចក្តីប្រកាស​ បានបន្តថា ភាគីចិន ​នឹងពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាព​ទៅ​កាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ​ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍​នាំចូល-នាំចេញចិន ​ពិព័រណ៍អាស៊ាន-ចិន និង​យន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​អេឡិកត្រូនិកទ្វេភាគី ។ប្រភព បានបន្ថែមថា ភាគីទាំងពីរ នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ​កសិកម្ម​គ្រប់ផ្នែក ដោយភាគីចិន បានបញ្ជាក់ជាថ្មី អំពីជំហររបស់ខ្លួន ​ក្នុងការពង្រីកទីផ្សារចិន សម្រាប់​ផលិតផល និងទំនិញកសិកម្មពីកម្ពុជា ​និងផ្ដល់ការគាំទ្រផ្នែកចំណេះដឹង ​ហិរញ្ញវត្ថុ ​និងបច្ចេកទេស សម្រាប់​ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ។គួរបញ្ជាក់ថា ផលិតផលកសិកម្មមួយចំនួន ​កម្ពុជាបាននាំទៅកាន់ទីផ្សារចិន ​ក្នុងនោះមានអង្ករ ស្វាយកែវរមៀត និងចេកអំបូងជាដើម​ ខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចាប់​ផ្ដើមអនុវត្តនោះ ចិនក៏បានសន្យាទទួលនូវកសិផល​ពី​កម្ពុជា​មួយ​ចំនួនទៀត មាន​ផ្លែមៀនប៉ៃលិន ​និងត្រីប្រា ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ៖ ចិនជាដៃគូពាណិជ្ជកម្មរបស់អាស៊ានធំជាងគេ ខណៈ២០២១ មានទំហំទឹកប្រាក់ ៦៦៩ពាន់លានដុល្លារ កើន២៨%

2022/11/11 03:13:45 pm        680
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយ របស់អាស៊ាន កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មានចំនួនប្រមាណ ៦៦៩ពាន់លានដុល្លារ កើនឡើងចំនួន ២៨ភាគរយ ។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍដោយចីរកាលរបស់ចិន បានចូលរួមវិភាគទាន​ដ៏​សំខាន់ ក្នុងការលើកកម្ពស់វិបុលភាពរួម ទាំងក្នុងតំបន់ និងទាំងសាកលលោកផងដែរ ។ប្រធានអាស៊ានឆ្នាំ២០២២ ​បានបន្តថា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក នៃ​កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ​ការជួយគ្នា ​និងការរៀនសូត្រពីគ្នាទៅវិញទៅមក កិច្ច​សហប្រតិបត្តិការអាស៊ាន-ចិន​ បានរីកចម្រើនជាលំដាប់ ​ជាមួយនឹងលទ្ធផលបានជាផ្លែផ្កា និង​ភាពជោគជ័យដ៏រឹងមាំ ​នៅក្នុងរយៈពេល ៣ទសវត្សកន្លងទៅ ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ​អាស៊ានសូមវាយតម្លៃខ្ពស់ ​នៃការប្ដេជ្ញាចិន និង​ការអនុវត្តភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ​ រួមទាំងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន​១៥០លានដូស ដល់អាស៊ាន ។ ​ការអនុវត្តគំនិតផ្ដួចផ្ដើមខែលការពារាសុខភាពអាស៊ាន-ចិន និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និងផ្លូវ ។ ល ។សម្ដេចតេជោ បានបន្តថា សម្ដេច​មាន​សុទិដ្ឋិនិយម​ ចំពោះកិច្ចសហប្រតិបត្តិការ ដែលបាន​នឹង​កំពុងបើកទំព័រថ្មីមួយ ​នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរបស់អាស៊ាន-ចិន​ ឲ្យកាន់តែមានសក្ដានុពល ​ប្រកបដោយថាមពលបន្ថែមទៀត ខណៈអាស៊ាន​កំពុងកសាងសហគមន៍របស់ខ្លួនឲ្យកាន់តែរឹងមាំ ៕អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជាស្នើភាគីថៃ គាំទ្រគម្រោងផ្លូវជាតិលេខ៦៨ និងការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម

2022/11/11 12:00:07 pm        378
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ភាគីថៃ បន្តគាំទ្រគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗមួយចំនួន ពិសេសគម្រោង លើកកម្ពស់ផ្លូវជាតិលេខ៦៨ និងពិនិត្យលទ្ធភាព​បង្កើន​ការតភ្ជាប់ផ្នែកទន់ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន​ រវាងប្រទេសទាំងពីរ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ​Arkhom Term pittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នៅថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២២​ ឯកឧត្តម បានស្នើដល់ភាគីថៃ ផ្តល់​គាំទ្រដល់បេក្ខភាព​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗ​មួយចំនួនទៀត ពិសេសគម្រោងលើក​កម្ពស់​ផ្លូវជាតិលេខ ៦៨ ដោយ​គម្រោងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងនេះ ​មិនត្រឹមតែបានតភ្ជាប់កម្ពុជា និង​ថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ​និងទេសចរណ៍ ព្រមទាំង​លើកកម្ពស់ជីវភាពរបស់ប្រជាជនរវាងប្រទេសទាំងពីរ​ ក៏ដូចជាពន្លឿនការតភ្ជាប់ក្នុងតំបន់ផងដែរ។ ឯកឧត្តម ក៏បានស្នើដល់ភាគីថៃ ​ពិនិត្យលទ្ធភាពបង្កើនការតភ្ជាប់ផ្នែក​ទន់ផងដែរ​ ដើម្បីសម្រួល​ដល់​ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងជំរុញការរៀបចំហេដ្ឋា​រចនាសម្ព័ន្ធ​នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ​ដែលជាច្រកដ៏សំខាន់ ដើម្បីសម្រួលដល់លំហូរទំនិញឆ្លងកាត់​ព្រំដែនរវាង​ប្រទេសទាំងពីរ។ជាកិច្ចឆ្លើយតប, ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ​ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុថៃ ​នឹងបន្តសហការ​ និងត្រៀមខ្លួនជាស្រេច ​ក្នុងការចូលរួមដោះស្រាយរាល់​បញ្ហា​ប្រឈមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អនេះឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំង​នឹងបន្តផ្តល់​ឥណទាន​សម្បទាន ​សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត។ ភាគីថៃ នឹងជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅច្រកស្ទឹងបត់ឱ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ប្ដេជ្ញាថាច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញទេ ខណៈអាមេរិក បន្តបិទកំពង់ផែអ៊ីរ៉ង់
04/23/2026 10:04 AM
ភាគហ៊ុនអាស៊ី ហក់ឡើងតាម Wall Street ដល់កម្រិតខ្ពស់បំផុត តែការកើនឡើងតម្លៃប្រេងមិនឋិតឋេរ
04/23/2026 10:04 AM
ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” មិត្តចិនបានបង្ហាញពីការគាំទ្រលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធ្វើទំនើបកម្មវិស័យយោធាកម្ពុជា
04/23/2026 10:04 AM
លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ
04/23/2026 09:04 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥
04/23/2026 09:04 AM
មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
04/23/2026 09:04 AM
ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន
04/23/2026 09:04 AM
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM