ការធ្វើបច្ចុប្បន្នភាព NFIS ដើម្បីធានាដល់គ្រួសារ និងអាជីវកម្មឱ្យទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​សម​ស្រប
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ

សេដ្ឋកិច្ច និង កសិកម្ម

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនឹងបើកនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះហើយ

2022/09/07 05:09:02 pm        924
ភ្នំពេញ៖ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗ ជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។​ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លបានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា៖ H&M, Adidas, Calvin Klein, Parfumerie, Converse,Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ឆ្នាំនេះមិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់របស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។និយាយអ៊ីចឹង តើអ្នកស្គាល់ទីតាំងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ ៦០ម៉ែត្រដែលជាតំបន់ដ៏មានសក្ដានុពល។សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉លទាំងអស់គ្នាណា៎!សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/៕​ អត្ថបទ​ ៖ រដ្ឋា

CDC អនុម័តគម្រោងវិនិយោគ ១២៣គម្រោង មានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ ក្នុងរយៈពេល៨ខែ

2022/09/07 01:08:53 pm        691
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូន​ដល់ក្រុមហ៊ុន​វិនិយោគ​ចំនួន ១២៣គម្រោង ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ​ដែលមានទុនវិនិយោគសរុបជិត​ ៣.៣លានដុល្លារ។គម្រោងវិនិយោគចំនួន ១២៣ មានតម្លៃវិនិយោគសរុប ជិត ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ត្រូវបាន​ទទួលការ​អនុម័ត​ពី​រាជរដ្ឋាភិបាល ដែល​ឆ្លុះបញ្ចាំង​ពី​ការហូរចូលនៃវិនិយោគពីបរទេស ​ស្របពេលដែលកម្ពុជាដាក់ចេញនូវច្បាប់វិនិយោគថ្មី។របាយការណ៍ ​បានបញ្ជាក់ថា ​គម្រោងដែលត្រូវបានអនុម័ត​ ក្នុងអំឡុងពេលពីខែមករា ​ដល់ខែសីហា រួមមាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង ​និងទំនិញធ្វើដំណើរ ​រោងចក្រសំបកកង់ សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត ​រោងចក្រអេឡិចត្រូនិច ​និងរោងចក្រកែច្នៃ​ផ្លែឈើ និង​ការវេចខ្ចប់ ​ក្នុងចំណោមគម្រោងផ្សេងៗទៀត។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកប​ដោយ​ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ លើជំងឺរាតត្បាតកូវីដ១៩ ការអនុវត្តកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺ កត្តាសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគ។ឧកញ៉ា លឹម ហេង លើកឡើងថា កត្តាសុខសន្តិភាព ​ការបើកដំណើរការប្រទេសពេញលេញ និង​សកម្មភាពសង្គមសេដ្ឋកិច្ច បូករួមនឹងទីផ្សារធំទូលាយនៅក្រោមកិច្ចព្រមព្រៀង និងប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មនៅអឺរ៉ុប​ និងអាមេរិក ​បានធ្វើឱ្យកម្ពុជា មានសក្តានុពលសម្រាប់ការវិនិយោគ​ទាំងវិនិយោគិនក្នុងស្រុក និងពីបរទេស។សូមបញ្ជាក់ថា ​កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរ​មាន​នៅខែមករា ឆ្នាំ ២០២២៕ អត្ថបទ៖ ជា វណ្ណៈ

រាជរដ្ឋាភិបាលកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូងក្នុងថ្ងៃពុធនេះ

2022/09/07 12:34:41 pm        538
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ដេញថ្លៃមូលបត្ររដ្ឋសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃពុធទី០៧ ខែកញ្ញានេះ ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក នៃទំហំប្រមាណ៣០០ លានដុល្លារ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២នេះ។ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋនេះ ដោយដាក់ដេញថ្លៃតាមរយៈ ផ្លែតហ្វមរបស់ ធនាគារជាតិនៃកម្ពុជា​ ដែលហៅកាត់ថា NBCP ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុល មានតម្លៃចារឹត ១លានរៀល (ឬសមូលនឹង២៥០ដុល្លារ) ក្នុង​មួយបណ្ណហើយ វិនិយោគិន ​ដែលទិញមូលបត្រនេះ ​នឹងទទួលបានអត្រាការប្រាក់ ២ ភាគរយ​ថេរក្នុងមួយឆ្នាំ ​ដោយរដ្ឋទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងនូវការគាំទ្រ ចំពោះការចាប់​ផ្តើមបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ​ ដែលបង្កើតនូវទំនុកចិត្តខ្ពស់ និងគ្មាន​ហានិភ័យ​សម្រាប់អ្នកចូលរួម ​ជាពិសេស​ការ​បោះលក់មូលបត្ររដ្ឋ ​នឹង​កៀរគរ​ធនធាន​នៅក្នុងស្រុក សម្រាប់ការអភិវឌ្ឍនៅលើហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ​និងបានកាត់បន្ថយដល់សន្និបំណុល​របស់រាជរដ្ឋាភិបាល។ចំណែក ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​លើកឡើងថា នេះគឺជា​ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលប្រទេសមានការរីកចម្រើនកំពុងអនុវត្ត ព្រោះឧបករណ៍​ហិរញ្ញវត្ថុ​បែបនេះ មាន​គុណភាពខ្ពស់ ​និងមាន​ហានិភ័យ​ទាប ហើយបានកំពុងឈាន​មកដល់ទីផ្សារ​របស់​កម្ពុជាផងដែរ ។ឯកឧត្តម រំពឹងថា វិនិយោគិនជាស្ថាប័នរបស់រដ្ឋដូចជា ​ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនបេឡា​សន្តិសុខ​សង្គមជាដើម ​ក៏ដូចជាក្រុមហ៊ុនជាស្ថាប័ននៅបរទេស ​អាច​នឹងរកឱកាសវិនិយោគនៅ​ក្នុង​ទីផ្សាកម្ពុជា ។ ឯកឧត្តម បន្តថា តាមរយៈទីផ្សារមូលបត្ររដ្ឋនេះ ​វិនិយោគិនបរទេសអាចចាប់អារម្មណ៍លើមូលបត្រ​រដ្ឋនេះ ​ដែលកម្ពុជារំពឹងថា ​នៅក្នុងរយៈពេលខាងមុខ ​កម្ពុជានឹងអាចស្រូបយកវិនិយោគិនធំៗ​ពី​ក្រៅស្រុក បានជាបន្តបន្ទាប់។សូមបញ្ជាក់ថា ទាក់ទងការបោះផ្សាយមូលបត្ររដ្ឋនេះ រាជរដ្ឋាភិបាលបានកំណត់ការបោះផ្សាយ​មូលបត្ររដ្ឋ ក្នុងទំហំ ០,៩៨% នៃ ផ.ស.ស ​ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង​ឆ្នាំ ២០២២ ស្មើនឹង ១,២ ទ្រីលានរៀល​ សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ការប្រើប្រាស់ប្រព័ន្ធឌីជីថល ផ្តល់ដល់ប្រសិទ្ធភាពនៃការប្រមូលចំណូល

2022/09/06 03:22:40 pm        789
ភ្នំពេញ៖ ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថល ​ទៅនឹងកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ ​និងឡើងជារៀងរាល់ឆ្នាំ ​តាមរយៈការដាក់ចេញ​នូវយុទ្ធសាស្ត្រ​កៀរគរ​ចំណូល, ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រង​ការប្រមូលពន្ធ។ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាប្រចាំតំបន់ស្តីពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយ​កម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ” នៅសណ្ឋាគារ ​Sofitel Angkor Phokeethra ខេត្តសៀមរាប ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ នេះថា ​ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល ដែលមាន​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ​ជានិន្នាការដឹកមុខ, បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការគ្របដណ្តប់ និងការតភ្ជាប់បណ្តាសេដ្ឋកិច្ច និង​សង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា ​និងអាស្រ័យគ្នាទៅវិញទៅមក ។ ក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្ត គោលនយោបាយរដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥ ​ដើម្បីធ្វើបរិវត្តកម្មឌីជីថល ប្រព័ន្ធអភិបាលកិច្ចរបស់វិស័យ​សាធារណៈ, ​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ​សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និងស្អាតស្អំ។ ជាមួយគ្នានេះ ​រាជរដ្ឋាភិបាលបានបន្តការសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានភាពរឹងមាំ ជាមួយ​នឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀតមានដូចជា ​ការកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រប​ខ័ណ្ឌច្បាប់​និង​បទប្បញ្ញត្តិ ក៏ដូចជាការកសាង​ និងអភិវឌ្ឍន៍​ធនធានមនុស្ស ដែលកត្តានឹងជួយគាំទ្រ​ដល់ការងារកែទម្រង់របស់យើងផងដែរ ជាក់ស្តែងក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ, រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រឹមតែបានបន្តខិតខំរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តប៉ុណ្ណោះទេ​ គឺបានកសាងប្រព័ន្ធ ​និងសិក្សានូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់តួអង្គទាំងអស់ ​ដើម្បីរក្សាបាននូវជវភាព នៃការងារកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ជារួមការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលទៅ​នឹងកម្មវិធី​កែទម្រងការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ​បានធ្វើឱ្យការប្រមូលចំណូលមានភាពល្អប្រសើរ តាមរយៈការដាក់​ចេញនូវយុទ្ធសាស្ត្រគៀរគរចំណូល, ​ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់​គ្រប់គ្រងការប្រមូលពន្ធ ដូចជា E-Registraion, E-Filing, E-Payment និង E-VAT refund, ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង​ប្រព័ន្ធអាស៊ីគូដា) ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃហាងឆេងមាសកំពុងបន្តធ្លាក់ចុះ ខណៈអត្រាលុយដុល្លារកំពុងមានតម្រូវការខ្ពស់

2022/09/06 03:09:18 pm        1028
ភ្នំពេញ៖ តម្លៃហាងឆេងមាស កំពុងបន្តធ្លាក់ចុះ ​ស្របពេល​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បានដំឡើងអត្រាការប្រាក់ដុល្លារ ​ធ្វើឱ្យលុយដុល្លារអាមរិក ​មានតម្រូវការលើទីផ្សារខ្ពស់ ។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើងនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានតម្លៃអត្រាប្រាក់ប្រមាណ ០.៧៥% ។ នៅក្នុងរយៈពេលនេះសម្រាប់អ្នកវិនិយោគបានមើលឃើញអត្ថប្រយោជន៍កាន់លុយដុល្លារ ប្រសើរ​ជាង​កាន់មាស​ សម្រាប់ឱកាសស្វែងរកប្រាក់ចំណេញផ្សេងៗ ដែលបានធ្វើឲ្យទីផ្សារមាសបាត់បង់​តម្រូវការ។តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្នុងរង្វង់ប្រមាណជា ១០០ ដុល្លារ ក្នុងមួយអោន ពោលគឺពី ១ ៨០០ ដុល្លារអាមេរិក ​មកនៅត្រឹម ១ ៧០០ ដុល្លាអាមេរិក​ ក្នុងមួយអោន។ ​ជាក់ស្តែងនៅព្រឹកនេះ គឺស្ថិតនៅ ១ ៧១៧ ដុល្លារក្នុងមួយអោន​​។លោក ឈា ឆាយហេង បន្តថា ទាក់ទងនឹងតម្លៃមាសធ្លាក់ចុះនេះ ​ចំពោះអ្នកធ្វើអាជីវកម្មមាស ដែល​មាន​មាសនៅក្នុងដៃ​ ប្រាកដជាមានការប៉ះពាល់ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកត្រូវការទិញក្នុង​ពេល​បច្ចុប្បន្នផងដែរ ព្រោះខណៈនេះទីផ្សារមាសកំពុងបន្តធ្លាក់ចុះ ​ដែលអាចនឹងបន្ត ​ក្នុងរយៈពេល ២ ទៅ ៣ខែបន្ថែមទៀត​ ដោយសារទីផ្សារមាសកំពុងរងនូវ​សម្ពោធ​ពី​រូបិយវត្ថុដុល្លារ។សម្រាប់រយៈពេលវែង​ ចំពោះអ្នកដែលទិញមាសទុក​ ក្នុងពេលកំពុងធ្លាក់ថ្លៃនេះ អាចទទួលបាន​ប្រាក់​ចំណេញ ​ដោយផ្អែកលើការព្យាករថា ​ទីផ្សារមាសអាចឡើងថ្លៃនៅចុងខែធ្នូរ ជាពិសេស​នៅ​ឱកាស​ចូលឆ្នាំចិនខាងមុខ។សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២២នេះ កម្ពុជា​បាននាំចូលមាស ​មានទំហំទឹកប្រាក់ ១ ២៨១ ​លានដុល្លារអាមេរិក ​ថយចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១ នឹងនៅក្នុងរយៈពេលនេះដែរ កម្ពុជាក៏បាននាំចេញមាស មានទំហំទឹកប្រាក់ប្រមានជាង ៨៤ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម ADB ពិភាក្សាលើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

2022/09/05 03:13:52 pm        494
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សាលើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា និងការ​​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល។ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅ ​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយ​ ​លោក Albert Park ប្រធាន​ក្រុម​សេដ្ឋកិច្ច​វិទូ ប្រចាំ​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​គោល​បំណង​​ផ្លាស់​ប្ដូរ​យោបល់​លើ​​​វឌ្ឍន​ភាព​ថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគនៅកម្ពុជា។ឯកឧត្តម ​រដ្ឋ​លេខាធិការ​ បាន​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ ​បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត្រា​កំណើន​ប្រមាណ​ ៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។ ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​ បាន​កើន​ឡើង​ក្នុង​អត្រា​ ២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និង​មាន​ការ​កើន​ឡើង​ក្នុង​អត្រា​ ២៦% ​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២២ នេះ​។ ដោយ​ឡែក​ ចំពោះ​វិស័យ​វិនិយោគ​វិញ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៤៧ គម្រោង ​ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ២,៥ ប៊ីលាន​ ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ​ ១៤,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១។ ​គម្រោង​វិនិយោគ​ទាំង​នោះ​ផ្ដោត​លើ គម្រោង​សាងសង់​មជ្ឈមណ្ឌលភស្ដុភារកម្ម​និង​កំពង់​ផែ​ពហុបំណង វារីអគ្គិសនី ការ​ផលិត​សំបកកង់ឡាន ​សណ្ឋាគារ រោង​ចក្រ​ស៊ីម៉ង់ត៍​ ការ​ដាំ​ដុះ​ចេក​ និង​ផ្លែ​ឈើ​ផ្សេងៗ រោង​ចក្រ​ដំឡើង​រថយន្ដ​ និង​មន្ទីរ​ពេទ្យ ជាដើម​។ឯកឧត្តម បាន​សង្កត់ធ្ងន់ផងដែរថា ​ទោះ​បី​ជា​ទំ​ហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​វិជ្ជមាន​ក្នុង​រយៈ​ពេល​ ១៨ ​ខែចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​​កម្ពុជា​នៅ​តែ​​បន្ដ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា៖ ភាព​មិន​ច្បាស់​លាស់​នៃ​វិបត្តិ​កូវីដ-១៩ ​ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែន និង​កង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង។ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ ​បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់​សកម្មភាពនានា រួមមាន​៖ ការ​រៀប​ចំ​​គោល​នយោបាយ​​​​​យុទ្ធ​សាស្ដ្រ​សម្រាប់​ការ​ស្ដារ​ឡើង​​វិញ​នូវ​ខ្សែ​ច្រវ៉ាក់​​តម្លៃ​និង​ការផ្គត់​ផ្គង់​​ក្នុង​តំបន់​និង​សកល ​ការរៀបចំគម្រោង​​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT) សម្រាប់​ការ​គាំ​ទ្រ​សមាហរណ​កម្ម​ឌីជីថល​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​​ពង្រឹង​សមត្ថ​ភាព​​​និង​ជំនាញ​ក្នុង​ការ​ចរចា​ពាពាណិជ្ជកម្ម​សេរី​សម្រាប់​មន្ត្រី​កម្ពុជា តាម​រយៈ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម ​​និង​ស្រាវ​ជ្រាវ (TTRI) ​នៃ​ក្រសួង​ពាណិជ្ជកម្ម៕ អត្ថបទ៖ វណ្ណៈ 

សណ្ឋាគារនិងផ្ទះសំណាក់ បើកដំណើរការឡើងវិញក្រោយកូវីដធូរស្រាល បានបង្កើតការងារជាង ៧០ភាគរយ

2022/09/05 12:53:20 pm        488
ភ្នំពេញ៖ របាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឱ្យដឹងថា គ្រប់សេវាស្នាក់នៅនិងអាជីវកម្ម​អាហារដ្ឋាន​ ដែលបាននិងកំពុងបានបើកឡើងវិញ ក្នុងអំឡុងពេលនេះ គឺបានទាក់ទាញបុគ្គលិក​កម្មករ​និយោជិក​ចូលបំរើការងារបានប្រមាណជាង ៧០%។នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជា បាន​ទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់ ១លាននាក់ និងមាន​អាជីវកម្ម​សេវាកម្មស្នាក់នៅចំនួន ៥២០ទីតាំងកំពុងបើកដំណើរការ, និងមានអាជីវកម្មសេវាស្នាក់នៅជាង ២២០ទីតាំងទៀតបន្តផ្អាក។ដោយឡែកភោជនីយដ្ឋានវិញគឺមានជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀត​បានបន្តផ្អាក ហើយសម្រាប់អាជីវកម្មសេវាស្នាក់នៅ និងភោជនីយដ្ឋាន​ដែលបើកនោះគឺ បើក​មិនទាន់បានពេញលេញនៅឡើយទេ​ ពោលភាគច្រើនបើកតែត្រឹម៥០% នៃទំហំទីតាំងអាជីវកម្ម​សរុប និងបានជ្រើសរើសបុគ្គលិកចូលបំរើការវិញ ​មានប្រមាណ៧០%។បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ ឡង លីវ និងសណ្ឋាគារEmion នៅរាជធានីភ្នំពេញ ថ្លែង​ប្រាប់BTVនៅថ្ងៃទី៥ ខែកញ្ញានេះថា ​ក្នុងអាជីវកម្មទេសចរណ៍របស់លោក បច្ចុប្បន្នផ្នែក​សណ្ឋាគារ​បានបើកដំណើរការវិញមិនទាន់បានពេញលេញទេ ខណៈផ្នែកអាហារដ្ឋាន​ក្នុង​សណ្ឋាគារគឺមិនទាន់​បានបើកដំណើរការវិញទេ ហើយអាជីវកម្មទេសចរណ៍ក៏កំពុងជួបប្រឈម​ការលំបាករើសបុគ្គលិក​ចូលមក​បំរើការវិញផងដែរ។សម្រាប់ការបើកដំណើរការអាជីវកម្មទេសចរណ៍នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃជារួមថា បុគ្គលិកបំរើការងារក្នុងវិស័យទេសចរណ៍នៅក្នុងអំឡុងពេលនេះ​មួយ​ចំនួនធំៗ​គេមិនទាន់ចូលបំរើការងារវិញដោយសារគេរងចាំចំនួនភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនាកម្ពុជា​ មានចំនួនច្រើនដូចដើមវិញ ហើយខ្លះទៀត គេក៏បានផ្លាស់ប្តូរជំនាញទៅបំរើការងារ​ផ្សេង​ក្រៅ​ពីវិស័យទេសចរណ៍។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំគ្មានវិបត្តិកូវីដ១៩ទូទាំងប្រទេសមានបុគ្គលិកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍បំរើការតាមអាជីវកម្មនានាមានប្រមាណជាង៦៥ម៉ឺននាក់ ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍បានបណ្តុះបណ្តាលជំនាញថ្មីក្នុងវិស័យទេសចរណ៍បានប្រមាណជិត៥៧០០០នាក់៕ អត្ថបទ ស៊ុម សុខជា

វិស័យឧស្សាហកម្មរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាពលរដ្ឋ

2022/09/05 12:29:36 pm        693
ភ្នំពេញ៖ វិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានអនុវត្តវិធានការជាច្រើនបន្ថែមទៀត ដើម្បីជម្រុញសម្រេចបានតាមចក្ខុវិស័យ​ដែល​បានដាក់ចេញ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងអំពីកំណើន GDP របស់ប្រជាជនកម្ពុជា ថា ទាក់ទង​កំណើន​សេដ្ឋកិច្ច ក្នុងនោះវិស័យឧស្សាហកម្មបានកើនឡើងជាបន្តបន្ទាប់ពីមួយ​ឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជា​កំពុងឈាន​ទៅរកឧស្សាហកម្មដែលពឹងផ្អែកជំនាញ និងបច្ចេកវិទ្យា បានធ្វើកំណើនក្នុងវិស័យ​ឧស្សាហកម្ម​ បានចូលរួមចំណែកក្នុង​ (GDP) ជិត ៤០% ជាក់ស្តែងផលិតផលដែលកើតចេញពី​ផលិតកម្ម​រោងចក្រ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ​២០២២ ​ការផលិតសម្រាប់លក់សរុបមានចំនួនជាង ៧ ៥០០​ លានដុល្លារអាមេរិក ខណៈការនាំចេញក្នុងបំណាច់ឆ្នាំ ២០២១ ​បានត្រឹម ជាង ៨ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ជុំវិញ កំណើន GDP ប្រជាជន, ថ្មីៗនេះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លើកឡើងថា បើតាមការព្យាករណ៍ ជាពិសេស​ការកំណត់របស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់,​ ក្នុងនោះកម្ពុជាបានកំពុងបង្ហាញឲ្យឃើញជាបណ្តើរៗ តាម​រយៈការគណនា​សាកល្បងទៅលើកំណើន GDP ប្រជាជន ​គឺមានការប្រែប្រួលខ្លាំង ដោយយើង​អាច​រំពឹងថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់​ជាមិនខាន។សូមបញ្ជាក់ថា អង្គការសហប្រជាជាតិបានកំណត់ថា ​ប្រទេសដែលមានចំណូលទាប, គឺប្រជាជន​មាន​កំណើន GDP ក្រោម ១ ពាន់ដុល្លារ ក្នុង១ឆ្នាំ , ចំពោះប្រទេសមានចំណូលមធ្យម​កម្រិត​ទាប ប្រជាជនមាន GDP លើ ១ ពាន់ដុល្លារ ​និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ​ចំណូល GDP របស់ប្រជាជន ចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង១ឆ្នាំ, ក្នុងនោះសម្រាប់​ប្រទេស​កម្ពុជា ​បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ​ចំណូល GDP ​របស់ប្រជាជនកម្ពុជា នឹងអាច​សម្រេច​បានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៨ខែ ឆ្នាំ២០២២ទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់១លាននាក់

2022/09/03 06:39:35 pm        614
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញតួលេខក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត ៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាជំនាញឆុងកាហ្វេ និងភេសជ្ជៈនៅក្រសួងទេសចរណ៍នៅថ្ងៃទី២ ខែកញ្ញានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ថ្លែងថា តាមរយៈការទទួលបានតួលេខភ្ញៀវអន្តរជាតិមកទស្សនា កម្ពុជាប្រមាណ ១លាននាក់នេះ បើប្រៀបធៀបនឹងរយៈពេល០៨ខែ ២០១៩វិញ គឺថយចុះ ៨៥% ហើយ បើយោងតាម ការព្យាករណ៍ចុងក្រោយនេះ កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៥សែននាក់ទៅ ២ លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ។ឯកឧត្តម ថោង ខុន បន្តថា យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ សំគាល់ឃើញថា បណ្តា អាជីវកម្មនានា ក្នុងវិស័យទេសចរណ៍នៅតែបន្តមានតម្រូវការខ្ពស់នៃការចេញដើរ​កម្សាន្តរបស់​ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ហើយដើម្បីជម្រុញចលនាទេសចរ​ក្នុងស្រុកចេញដើរបាន អាជីវកម្មទេសចរណ៍គឺត្រូវសហការរៀបចំផ្តល់សេវាប្រកបដោយគុណភាព តម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យទេសចរអន្តរជាតិ​ដែលស្នាក់នៅកម្ពុជាបាន ២ឆ្នាំគឺអាចចូលទស្សនាអង្គរវត្តដោយមិនបាច់ទិញសំបុត្រ។ឯកឧត្តម ថោង ខុន បន្តថា ក្នុងងបរិការណ៍ងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួង​ទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើ(១)ការពង្រឹងភាពជឿជាក់និងទំនុកចិត្ត (២)ការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី (៣)ការបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និង​ទេសចរក្នុងស្រុក និង(៤)ការកំណត់តម្លៃសេវាកម្មសមរម្យដែល​ជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ៕ អត្ថបទ ស៊ុម សុខជា

កសិករខេត្តស្វាយរៀង សម្រេចផលិតស្រូវវស្សាជាង ៨០ភាគរយ

2022/09/02 04:10:46 pm        855
ស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា កសិករនៅទូទាំងខេត្ត សម្រេចផលិតស្រូវរដូវវស្សា​បានជាង៨០ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ។លោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានឱ្យដឹងថា ស្រុកដែលផលិតស្រូវមានល្បឿនលឿន​ជាងគេ គឺស្រុកស្វាយជ្រំ សម្រេចបាន ៩៩%ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ​ជាង៣ម៉ឺន ៤ពាន់ ហិកតា ស្រុករមាសហែក សម្រេចបាន៩៦ភាគរយ នៃផែនការផលិតប្រចាំឆ្នាំ ជាង៣ម៉ឺន ២ពាន់ហិកតា ស្រុកស្វាយទាប សម្រេចបាន ៦៥ភាគរយ​ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ជាង២ម៉ឺន ៣ពាន់ហិកតា ឯស្រុក-ក្រុងចំនួន៥ផ្សេងទៀត កសិករ បាននិងកំពុងសម្រុកធ្វើ បន្ទាប់ពីភ្លៀងបាន​បង្អុររាយប៉ាយ ។លោក បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការងារផលិតស្រូវ កសិករដែលមានដីទំនាប និងដីជាប់ប្រព័ន្ធ​ធារាសាស្ត្រ នៅក្នុងស្រុកស្វាយជ្រំ​ ចន្ទ្រា និងស្រុកកំពង់រោទិ៍ បានធ្វើការប្រមូលផលស្រូវដើមរដូវ​រួចរាល់ហើយ ​នៅលើផ្ទៃដីផលិតស្រូវស្រាលដើមរដូវ ​និងស្រូវបង្កើនរដូវ ជាង ២ម៉ឺនហិកតា ដោយទទួលបាន​ទិន្នផល ក្នុង១ហិកតា ​ជាង៤តោន ៕ អត្ថបទ៖ ភា សារិត                                  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន
04/23/2026 09:04 PM
មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
04/23/2026 09:04 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
04/23/2026 09:04 PM
កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
04/23/2026 09:04 PM
ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
04/23/2026 09:04 PM
ព្រះសង្ឃចាប់ផ្តើមនិមន្ត ដើម្បីសន្តិភាពរយៈពេល ១សប្តាហ៍នៅប្រទេសស្រីលង្កា
04/23/2026 08:04 PM
ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ ខណៈភាពពុំច្បាស់ចំពោះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់
04/23/2026 08:04 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៥នាក់ នៅតំបន់ហ្កាហ្សា
04/23/2026 08:04 PM
សង្រ្គាមអ៊ីរ៉ង់ជំរុញឲ្យមានតម្រូវការកើនឡើងសម្រាប់ថាមពលពន្លឺព្រះអាទិត្យនៅអឺរ៉ុប
04/23/2026 08:04 PM
កងទ័ពជើងទឹកអាល្លឺម៉ង់ត្រៀមខ្លួនសម្រាប់លទ្ធភាពនៃបេសកកម្មបោសសម្អាតមីននៅច្រកសមុទ្រ Hormuz
04/23/2026 08:04 PM