វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០

សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករ​នៅ​ស្រុក​សេសា​ន បាន​ងាក​ដាំ​ដំណាំ​ទុរេ​ន​សម្រេចបាន​ជោគជ័យ

2021/06/17 02:11:01 pm        481
ស្ទឹងត្រែង ៖ សមាជិក​ក្រុម​បណ្តុំ​កសិករ​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ព្យាយាម​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​សម្រេច​បាន​ជោគជ័យ ​ធ្វើឱ្យ​ខេត្តស្ទឹងត្រែង​ មាន​ចំណាត់ថ្នាក់​និង​កេរ្តិ៍ឈ្មោះថា​ ជា​ខេត្ត​មាន​ផលិតផល​ទុរេ​ន​ផ្អែម មិន​ចាញ់​បណ្តា​ខេត្ត​នានា ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​​ឡើយ ។ក្នុងឱកាស​ចុះ​សិក្សា​ពី​ភាព​ជោគជ័យ​ទៅលើ​ការ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​របស់​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៦​មិថុនា ម្សិលមិញ ​លោក​ សុវណ្ណ​ ពិ​សេដ្ឋ​ អភិបាលស្រុក ​បាន​បញ្ជាក់ថា ភាពជោគជ័យ​នេះ​ ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​កសិករ​យើង​ខិតខំ​ធ្វើ​បាន​សម្រេច​ក្នុង​វិស័យ​កសិកម្ម ​ព្រោះ​ដំណាំ​ទុរេ​ន​ខេត្តស្ទឹងត្រែង ​មិន​ធ្លាប់មាន​ឡើយ ។លោក​បន្តថា ដើម្បី​លើកទឹកចិត្ត​កសិករ​គំរូ អាជ្ញាធរ​ស្រុក​ជំរុញឲ្យ​ប្រជាកសិករ​ផ្សេងៗ​ទៀត​ឱ្យមក​សិក្សា​យក​បច្ចេកទេស ​ដើម្បី​ទៅ​អនុវត្ត​ដាំ​ដុះ​ទទួល​ផល​បាន​ជោគ​ជ័យ ។សម្រាប់​លោក​ ឃិន សុខា ម្ចាស់​ចំការ​ទុរេ​ន​នៅ​ឃុំ​កំ​ភុ​ន​ បាន​គាំទ្រ​នៅ​ផែនការ​របស់​អាជ្ញាធរ​ស្រុក ព្រោះ​បច្ចុប្បន្ន​ កសិករ​ភាគច្រើន បាន​ផ្លាស់ប្តូរ​មុខ​របស់ខ្លួន ​ពី​ការ​ពឹង​ផ្អែកលើ​ផល​អនុផល​ព្រៃឈើ និង​ធ្វើ​នេសាទ ​មក​ដាំ​ដំណាំ​ផ្សេងៗ​ពីគ្នា​។លោក​ បន្តថា កត្តា​ជោគជ័យ​លើ​ការ​ដាំ​ដំណាំ​គឺ​ភាព​ឧស្សា​ព្យាយាម​-​ការថែទាំ​-​និង​មានការ​គាំទ្រ​ពី​ស្ថាប័ន​ជំនាញ​ ជួយ​ផ្នែក​បច្ចេកទេស ​ទើប​ផលដំណាំ​ផលិត​បាន​មាន​ទីផ្សារ​ល្អ (​សំឡេង​) យើង​ចង់បាន​មន្ត្រី​ជំនាញ​គាត់​ជួយ​ថែមទៀត​លើ​បទ​ពិសោធន៍ ​ ដើម្បី​ឱ្យ​ទុរេ​ន​ខេត្តស្ទឹងត្រែង​ បាន​នាំចេញ​ចូល​ទៅ​ខេត្តផ្សេងៗ​ទៀត ​ជាពិសេស​នាំ​ចូល​ទៅ​ទីក្រុង​ភ្នំពេញ​ឱ្យ​ច្រើន​។លោក​ ទំ​ នី​រ៉ូ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត បាន​ទទួលយក​ការ​ស្នើ​ឡើង​នេះ​ ព្រោះ​នៅ​ចំពោះមុ​ខ​ផែនការ​របស់​មន្ទីរ ​នៅពេលដែល​ប្រជាកសិករ​ផលិតផល​បាន​ផលិតផល​ច្រើន​មុខមន្ត្រី​ជំនាញ​ និង​ជំរុញ​ផ្នែក​ដាំ​ដុះ​បន្ថែម ​ ហើយ​រៀបចំ​ឱ្យ​មាន​មន្ទីរ​ពិសោធន៍​ពិនិត្យ​គុណភាព​ទៅតាម​បច្ចេកទេស​ស្របតាម​ស្ដង់ដារ ។លោក​ បន្តថា​ នៅពេល​ខាងមុខនេះ ​យើង​មាន​មន្ទីរ​ពិសោធ​ន៍​ យើង​នឹង​ពិនិត្យមើល​ជាតិគីមី​អី​ផ្សេងៗ​ ជួយ​ពិនិត្យមើល​ដំណាំ​របស់​គាត់​ ហើយ​បញ្ជាក់​​វិញ្ញាបនបត្រ​​ដំណាំ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាកសិករ​នៅ​ខេត្តស្ទឹងត្រែង​​។សូម​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ ដែល​ខេត្តស្ទឹងត្រែង​ មាន​កសិករ​នៅ​ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ដាំ​ដំណាំ​ទុរេ​ន​ ទទួលបាន​ផ្លែផ្កា​ល្អ​ និង​នាំយកមក​លក់​នៅលើ​ទីផ្សារ ​និង​គ្រោង​នាំ​ចេញទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា ​និង​រាជធានី​ភ្នំពេញ​ផងដែរ​៕​អ​ត្ថបទ ៖ មាស ផល្លា

អាជីវក​របោះ​ដុំ​បន្លែ​ជាង​៣០​ភាគរយ​ប៉ុណ្ណោះ​បន្ត​លក់​នៅ​ទីតាំង​ចាស់​ក្រោយ​អាជ្ញាធរ​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​

2021/06/17 12:33:39 pm        140
ភ្នំពេញ ៖ អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​និយាយថា គិត​ចាប់ពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការលក់​ឡើងវិញ ក្រោយពី​ផ្អាក​មួយ​រយៈ​ពេល​ដោយសារ​ការ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ-​១៩ មកដល់ពេលនេះ ​មាន​អាជីវករ​ប្រមាណ​៣០%​ប៉ុណ្ណោះ ​ដែល​បាន​បើក​លក់​ឡើងវិញ ខ​ណៈ​អាជីវករ​ខ្លះ​បាន​ផ្លាស់ប្តូរ​ទីតាំង​លក់​។អ្នកស្រី មុំ ណាន អ្នក​ចែកចាយ​បន្លែ​បោះ​ដុំ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា ការបើក​ការលក់ដូរ​ឡើងវិញ​នៅពេលនេះ ​មិនសូវ​ដាច់​ដូច​មុន​នោះទេ​ តែ​យ៉ាងណា​អ្នកស្រី​អាច​រក​ចំណូលបាន​ខ្លះ​ប្រសើរ​ជាង​ពេល​ដែល​អាជ្ញាធរ​បិទ​មិន​ឲ្យ​លក់​ដោយសារ​បញ្ហា​កូ​វីដ-១៩​។ អ្នកស្រី បញ្ជាក់ថា ​មកដល់ពេលនេះ​ នៅ​មិន​ទាន់មាន​អាជីវករ​ច្រើន​បើក​លក់​បន្លែ​ឡើងវិញ​ដូច​កាលពី​មុនពេល​បិទ​ផ្សារ​នោះឡើយ​។ក្រុមអាជីវករ​ផ្សេងទៀត បានលើកឡើង​ស្រដៀង​គ្នា​ថា ​ក្នុងអំឡុង​បិទ​ខ្ទប់ ​និង​ផ្អាក​លក់​មួយ​រយៈ​ពេល​កន្លងមក ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល​ខ្លះ ​ហើយ​ក្រោយ​បាន​ត្រឡប់​មក​លក់​នៅ​ទីតាំង​ចាស់​ឡើងវិញ​ ក៏​មិនសូវ​ដាច់​ច្រើន​ដូច​មុន​នោះដែ​រ ព្រោះថា​ ការលក់​មិនមែន​មានតែ​មួយកន្លែង​និង​ផ្តុំគ្នា​ដូច​ពីមុន​ទេ ​ហើយ​អ្នកទិញ​ខ្លះ​ក៏បាន​ងាក​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង​ដែរ ​ដូចជា​ នៅ​រង្វង់​មូល​គួរ​ស្រូវ​ជាដើម ​ដែល​អាជីវករ​មួយ​ចំនួនធំ​បាន​រើ​ទៅ​លក់​នៅ​ទីនោះ​ជំនួស​ឲ្យ​ទីតាំង​ចាស់​។​ តែ​យ៉ាងណា ក្រុម​អាជីវករ​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​បើក​ឲ្យ​លក់​ឡើងវិញ​ និង​សន្យា​គោរព​នូវ​វិធានការ​អនាម័យ ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩​។កាលពី​ថ្ងៃទី​១៥ ខែមិថុនា​កន្លងទៅនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម ការលក់ដូរ​ជា​ប្រក្រតី​ឡើងវិញ​ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ ​នៅ​រាជធានី​ភ្នំពេញ ​និង​តម្រូវ​ឲ្យ​អនុវត្តតាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល ​ជាពិសេស​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​អត្ថបទ​៖ឈិ​ត បូរ៉ា​វី

តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ង​ទី​១៦​ដល់​៣០មិថុនា កើន​ថ្លៃ​១០០​រៀល​ទៀត ក្នុង​១​លីត្រ​

2021/06/17 12:25:46 pm        131
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​គិត​ចាប់ពី​ថ្ងៃទី​១៦​ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ឡើងថ្លៃ​ចំនួន១០០​រៀល​ទៀត ក្នុង​១​លីត្រ ​ដោយសារតែ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង​ដូចគ្នា​។សេចក្តីជូន​ដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ ដែល​ទទួល​ទូរទស្សន៍​ប៊ី​ធី​វី ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ បាន​បញ្ជាក់ថា​ សម្រាប់​ប្រេងសាំង​ធម្មតា​ក្នុង​រយៈពេល​២​សប្តាហ៍​ទៅមុខទៀត​ ពោលគឺ​ពីថ្ងៃ​ទី ១៦ ដល់​ថ្ងៃទី ៣០ ខែមិថុនា នឹង​លក់​ចេញ​ក្នុងតម្លៃ ៣ ៩០០​រៀល ក្នុង​១​លីត្រ​។ ចំណែកឯ​ប្រេងម៉ាស៊ូត​លក់​ចេញ​ក្នុងតម្លៃ ៣,៥៥០​រៀល ក្នុង​១​លីត្រ ខណៈដែល​ពេល​កន្លងទៅ​ពោលគឺ​ចន្លោះ​ពីថ្ងៃ​ទី ១​ដល់​ថ្ងៃទី ១៥ ខែមិថុនា ប្រេងសាំង​ធម្មតា​មានតម្លៃ ៣៨០០ រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​តម្លៃ ៣៤៥០ រៀល​ក្នុង​មួយ​លីត្រ​។​ជុំវិញ​តម្លៃ​លក់​ប្រេងឥន្ធនៈ​នេះ ក្រសួងពាណិជ្ជកម្ម​​ បាន​បញ្ជាក់ថា ក្រសួង​មិន​មែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ ពោល​គឺ​ក្រសួង​គ្រាន់តែ​ស្រង់​តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​។សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ បា​នប​ន្ត​ថា ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ ​នឹងត្រូវ​លក់ ៤ ០៦០ រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា​EA92 និង ៣៧១០ រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។ ក៏ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួ​មចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​ ៤​សេន​ដុល្លារ ឬ​ស្មើនឹង ២០០​រៀល ក្នុង​១​លីត្រ​ទើប​តម្លៃ​ចុះមក​ត្រឹម​៣៩០០ រៀល​ក្នុង​មួយ​លី​ត សម្រាប់​ប្រេងសាំង​ធម្មតា​និង​តម្លៃ ៣.៥៥០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី 

សមាគម​អ្នក​ដាំ​ដុះ​និង​អ្នក​កែច្នៃ​គាំទ្រ​ការ​បង្កើត​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​ ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក

2021/06/17 12:19:06 pm        76
ភ្នំពេញ ៖ តំណាង​សមាគម​អ្នក​ដាំ​ដុះ និង​អ្នក​កែច្នៃ​ផលិតផល​កសិកម្ម បាន​គាំទ្រ​ការ​បង្កើត​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ ដើម្បី​រួមគ្នា​ជា​ប្រព័ន្ធ និង​ជា​កំលាំង​ប្រមូលផ្តុំ ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ក្នុងការ​ធានា​នូវ​តម្លៃ​ទីផ្សារ​ច្បាស់លាស់ ​ជាពិសេស​ជំរុញ​បង្កើន​ការដាំដុះ ​ប្រកបដោយ​និរន្ត​ភាព​។លោក ម៉ែន សុភ័ក្ត្រ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា បាន​ប្រាប់ BTV ​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​លោក​គាំទ្រ​ពេញទំហឹង​ការ​បង្កើត​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​, ព្រោះ​ក​សិ​-​ឧស្សាហកម្ម ​វា​ជា​ចំណែក​មួយ​នៃ​សក្ដានុពល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​ការ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ លោក​ថា ​ការបង្កើត​ឲ្យ​មាន​សម្ព័ន្ធ​ក​សិ​-​ឧស្សាហ​កម្មនេះ ​គឺជា​ការ​រូប​រួមគ្នា​បង្កើត​ជា​ប្រព័ន្ធ នឹង​ការរួម​កំលាំង​គ្នា​ចរចា​ទីផ្សារ នាំគ្នា​ផលិត​តម្រូវការ​ទីផ្សារ ជាពិសេស​ជំរុញ​លើកកម្ពស់​ការដាំដុះ​ផលិតផល​ក្នុងស្រុក ។ចំណែក លោក សុង ខេង​លាន នាយក​គ្រប់គ្រង​សហគ្រាស C.L.S លើកឡើងថា ចំពោះ​គម្រោង​បង្កើត​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា វា​ជា​រឿង​ថ្មី​មួយទៀត ក្នុងការ​ចូលរួម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ប៉ុន្តែ​អ្វីៗ​ដែល​ជួបប្រទះ​កន្លងមក គឺ​បញ្ហា​ការ​ទទួល​បាន​ប្រភព​ព័ត៌មាន​ ដូច្នេះ​តាមរយៈ​នៃ​ការ​បង្កើត​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា សម្រាប់​ជំហាន​ដំបូង ​លោក​ចង់​ឲ្យ​សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ បង្កើត​នូវ​ប្រភព​ទិន្នន័យ​រួមមួយ ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ ជុំវិញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្មនេះ​។សូមប​ញ្ជាក់ថា​ សម្ព័ន្ធ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ ដែលមាន​អ្នកឧកញ៉ា ​លី យ៉ុង​ផាត់ ជា​ប្រធាន បាន​នឹង​កំពុង​រៀបចំ​សេចក្តីព្រាង​ ដើម្បី​បង្កើត និង​អាច​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដោយមាន​ការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ សម្ព័ន្ធ​នេះ​មាន​តួនាទី​សំខាន​ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ឲ្យ​រីកចម្រើន ប្រកបដោយ​ចីរភាព និង​និរន្តរភាព ទូលំទូលាយ គ្របដណ្តប់​លើ​គ្រប់​ប្រភេទ​ដំណាំ និង​ភូមិសាស្ត្រ​ទូទាំងប្រទេស ៕​អត្ថបទ​៖ សុន រ៉ា​ឌី​,​

ក្រុមហ៊ុន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ថ្នាល​តែមួយ មាន​ទុន​វិនិយោគ​សរុប​ជាង ២ ៦០០លាន​ដុល្លារ​

2021/06/16 03:56:10 pm        283
ភ្នំពេញ ៖ ក្នុង​រយៈពេល១ឆ្នាំ ការអនុវត្ត​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ទទួល​បាន​ចំនួន​ពាក្យស្នើសុំ​សរុប​ជិត ៧ ០០០សំណើរ​, ក្នុងនោះ​ពាក្យ​ស្នើសុំ​បាន​អនុម័ត​មាន​ជាង ៦ ០០០ សំណើរ​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​មាន​ចំនួន​ជាង ២ ៦០០ លាន​ដុល្លារ​។តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ខួប​គម្រប់ ១ឆ្នាំ នៃ​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន បានបង្ហាញ​ឲ្យ​ដឹងថា ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​កាលពី​ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០២០ ​គិត​មកទល់​ថ្ងៃនេះ មាន​រយៈពេល ១ ឆ្នាំ ក្នុងនោះ​ចំពោះ​លទ្ធផល​សម្រេច​បាន គឺ​កម្ពុជា​ទទួល​បាន​ចំនួន​ពាក្យ​ស្នើសុំ​សរុប​ជាង ៦ ៩០០សំណើរ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​បានអនុម័ត​ជាង ៦ ០០០ សំណើរ និង​ចំនួន​ពាក្យស្នើសុំ ​ដែល​កំពុង​ត្រួតពិនិត្យ​មាន ៨១០ សំណើ​ផងដែរ ។ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ចុះបញ្ជី​ខាងលើ​, បើ​គិត​ជា​ភាគរយ ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​តាម​វិស័យ​រួមមាន ​៖ អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត ​និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ មាន​ជាង ៣៨%, ​សកម្មភាព​អចលនវត្ថុ​ជាង ១០%, កម្មន្តសាល​ជាង៨%, សកម្មភាព​សេវាកម្ម​ស្នាក់នៅ និង​អាហារ​ជាង ៨%, ​សកម្មភាព​វិជ្ជាជីវៈ វិទ្យាសាស្ត្រ ​និង​បច្ចេកទេស​ជាង ៧%, និង​វិស័យ​ផ្សេងៗ​ទៀត​ជាង ២៧% ផងដែរ ។ដោយឡែក​ទំហំ​វិនិយោគ​តាម​វិស័យ ក្នុងនោះ​សម្រាប់​ការសាងសង់​មាន​ជាង ២៧%, សកម្មភាព​អចលនវត្ថុ​ជាង ១៥%, អាហរ័ណ​នីហរ័ណ ទិញ​លក់​ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ជាង ១៥%, កម្មន្តសាល​ជិត ​១៤%, សកម្មភាព​ហិរញ្ញវត្ថុ ​និង​ធានារ៉ាប់រង​ជិត ៩%, និង​វិស័យ​ផ្សេងទៀត​ជាង ១៩%​។ចំពោះ​ការ​បម្រុង​ទុក​នាម​ករណ៍​វិញ​, នៅក្នុង​រយៈពេល​នេះ មាន​ចំនួន​ពាក្យ​ស្នើសុំ​សរុប ៥ ៦៣៧ សំណើ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​បានអនុម័ត ៥ ៦៣៧ សំណើ​, ចំនួន​ពាក្យ​ស្នើសុំ​ដែល​កំពុង​ត្រួតពិនិត្យ ២៧០ សំណើរ និង​ចំនួន​ពាក្យស្នើសុំ​ដែល​បាន​បដិសេធ ១ សំណើរ​ផងដែរ ។សូមបញ្ជាក់ថា ចំពោះ​ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺជា​វិធានការ​មួយ ​ក្នុង​កញ្ចប់​វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច ដែល​ត្រូវ​បាន​ដាក់ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី១៩ នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ សំដៅ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​វិនិយោគ​ ដែល​ទាក់ទាញ តាមរយៈ​ការ​កែសម្រួល​ដំណើរការ និង​នីតិវិធី​នៃ​ការចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រួមមាន​ ៖ ក្រសួងពាណិជ្ជកម្ម​,​អគ្គនាយកដ្ឋាន​ពន្ធដា​រ​, ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​, ក្រសួងមហាផ្ទៃ​, និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី

ក្រសួង​រ៉ែ និង​ថាមពល បន្ត​តាមដាន​ដំណើរការ​បូម​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន KrisEnergy

2021/06/16 03:28:44 pm        535
ភ្នំពេញ ៖ ស្រប​ពេល​ក្រុមហ៊ុនមេ KrisEnergy នៅ​ប្រទេស​សឹង្ហបុរី ​បាន​ប្រកាស​ក្ស័យ​ធុន ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់ថា​ នឹង​ចាត់វិធានការ​ និង​ពិនិត្យមើល​លក្ខខណ្ឌ​ផ្សេងៗ ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត រវាង​ក្រុមហ៊ុន KrisEnergy ជាមួយ​ក្រសួង ​និង​តាមដាន​អំពី​ខ្សែ​សង្វាក់​ផលិតកម្ម​, ប្រសិន​ក្រុមហ៊ុន​មិន​អនុវត្តតាម​គោលការណ៍ ឬ​កិច្ចព្រមព្រៀង​ណាមួយ ក្រសួង​នឹង​មាន​វិធានការ​ទៅលើ​ក្រុមហ៊ុន ។ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​​ឲ្យដឹង​នៅ​ថ្ងៃទី១៥ ខែមិថុនា​ម្សិលមិញនេះ​ថា ពាក់ព័ន្ធ​នឹង​ការប្រកាស​ក្ស័យ​ធុន​របស់​ក្រុមហ៊ុនមេ​ នៅ​ប្រទេស​សឹង្ហ​បុរី​ ក្នុងនោះ​ក្រុមហ៊ុន KrisEnergy ​ដែល​ជា​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ​បាន​ជូនដំណឹង​មក​ក្រសួង​ អំពី​ការ​ដាក់​ពាក្យ​បណ្តឹង​រប​ស់​ក្រុមហ៊ុនមេ​ទៅកាន់​តុលាការ ​ក្នុង​គោលដៅ​សុំ​រំលាយ​ក្រុមហ៊ុន ​ដោយ​តុលា​ការ​គ្រោង​នឹង​កាត់​សេចក្តី​នៅ​ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ ។ឯកឧត្តម បន្តថា ចំពោះ​ពាក់ព័ន្ធ​ផលិតកម្ម​បូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy ​នៅក្នុង​ដំណាក់កាល​នេះ បាន​ដំណើរការ​ជា​ធម្មតា ដោយ​ក្រុមហ៊ុន​មិន​មាន​ការ​ជូនដំណឹង ​អំពី​ការ​ខកខាន ឬ​ផ្អាក​ដំណើរ​អ្វី​នោះឡើយ​, តែ​ទោះបីជា​យ៉ាងណា ក្រសួង​នឹង​មាន​វិធានការ ​តាមដាន ​នឹង​ពិនិត្យមើល​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ ក្នុង​កិច្ចព្រមព្រៀង​ប្រេងកាត រវាង​ក្រុមហ៊ុន ​KrisEnergy ​ជាមួយ​ក្រសួង​ផងដែរ ក្នុងនោះ​ប្រសិន​ក្រុមហ៊ុន​មិន​អនុវត្តតាម​គោលការណ៍​ណាមួយ ​ក្រសួង​នឹង​ចេញ​លិខិត​ព្រមាន ខណៈ​ក្រុមហ៊ុន បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ​ក្រសួង ។ឯកឧត្តម ជៀប សួរ បានលើកឡើងទៀតថា ​ការប្រកាស​ក្ស័យ​ធុន​នេះ គឺ​វា​ត្រូវការ​ពេលវេលា តុលាការ​គេ​កាត់សេចក្តី​ថា​យ៉ាងណា ទៅ​យ៉ាងណា​? ទល់​តែ​ដល់​ថ្ងៃទី ១២ ខែ​កក្កដា ទើប​ដឹង ចឹ​ង​គាត់​គ្រាន់តែ​បាន​ជូនដំណឹង​អំពី​បញ្ហា​ហ្នឹង​ អត់​ទាន់​កាត់​សេចក្តី​យ៉ាងម៉េច​ទេ​។ ​សម្រាប់​វិធានការ​របស់​យើង​នៅ​ពេលនេះ ​គឺ​យើង​ពិនិត្យមើល​ទៅលើ​លក្ខខណ្ឌ​ផ្សេងៗ​នៅក្នុង​កិច្ចព្រមព្រៀង ធ្វើ​មិច​ឲ្យ​គាត់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រសិន​មាន​ចំណុច​ណា​គាត់​មិន​អនុវត្ត យើង​រំលឹក​គាត់ នឹង​ចេញ​លិខិត​ព្រមាន​ទៅ​គាត់​។សូមបញ្ជាក់ថា ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេង​នៅ​ប្លុក A រវាង​រដ្ឋាភិបាល​កម្ពុ​ជា ដែល​តំណាង​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន KrisEnergy តំណាង​ដោយ​លោក Kelvin Tang នាយក​ប្រតិបត្តិ ក្រុមហ៊ុន KrisEnergy Group និង​ជា​ប្រធាន​ក្រុមហ៊ុន KrisEnergy (Cambodia) លើ​កញ្ចប់​ឯកសារ​កិច្ចព្រមព្រៀង​ប្រេងកាត ប្លុក A រួមមាន​៖ កិច្ចព្រមព្រៀង​វិសោធនកម្ម និង​ការចែង​ឡើងវិញ នៃ​កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក A ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០០២, កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក A ក្រោយ​ធ្វើ​វិសោធនកម្ម​រួច ​និង​ការ​ចែង​ឡើងវិញ​, កិច្ចព្រមព្រៀង​ប្រគល់​ផ្ទៃក្រឡា​សង​វិញ​, វិសោធនកម្ម​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​, ​កិច្ចសន្យា​ប្រគល់​សិទ្ធិ និង​ទទួលយក​កាតព្វកិច្ច និង​លិខិតអនុញ្ញាត​ផលិតកម្ម​លើក​ទី​១ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

កម្ពុជាវាយតម្លៃ​ខ្ពស់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី លើ​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា

2021/06/16 06:14:42 am        322
ភ្នំពេញ ៖ ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បានផ្តល់​លើ​ការអនុវត្ត​គម្រោង​នៃ​កម្មវិធី3I​ បាន​កំពុង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ​នឹង​បាន​កំពុង​ពង្រីក​វិសាលភាព​ នៃ​ការទទួលបាន​ទឹកស្អាត​តាម​បណ្ដាញ របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​កម្មវិធី3I​ របស់​ប្រទេស​អូស្ត្រាលី ក្នុងនោះ​ លើ​វិស័យ​ទឹកស្អាត​ឃើញថា ​បាន​កំពុង​គ្របដណ្ដប់​ស្ទើរ​ទូទាំងប្រទេស ក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា ហើយ​គម្រោង​នេះ ​ពិតជា​បានរួម​ចំណែក​ជាមួយ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​កំណត់ថា ​នៅ​ឆ្នាំ​២០២៥ នៅ​តាម​ទីប្រជុំជន នឹង​ទទួល​ទឹកស្អាត​ប្រើប្រាស់ ១០០% នឹង​នៅ​ឆ្នាំ ២០៣០ ទទួលបាន​ទូទាំងប្រទេស​តាម​គ្រប់​មធ្យោបាយ ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ លើកឡើង​នៅក្នុង​ ពិធី​ទទួល​ផែនទី តំបន់​សេវា​ទឹក​ស្អាត​ពី​កម្មវិធី3I​ របស់​អូស្ត្រាលី ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០២១ ថា ​ការទទួលបាន​ផែនទី​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ដឹង​ពី​ស្ថានភាព និង​ដើម្បី​តាមដាន​ពី​វឌ្ឍនភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹកស្អាត ដោយ​កម្មវិធី​នេះ ​បាន​កំពុង​ពង្រីក​វិសាលភាព​ នៃ​ការ​ទទួលបាន​ទឹកស្អាត​តាម​បណ្ដាញ ​របស់​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ​ ជាពិសេស​ផែនទី នៃ​កម្មវិធី 3I​ ​ គឺជា​មូលដ្ឋាន​ការពិនិត្យ​វាយតម្លៃ កំណត់​គោលដៅ​បន្ថែម​ ក៏ដូចជា​ កា​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្សេងៗ ។ ជាមួយគ្នានេះ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ស្នើ​ឲ្យ​ប្រទេស​អូស្ត្រាលី បន្ត​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍ ជំនួយ​បច្ចេកទេស ​ការផ្ទេរ​បច្ចេកវិទ្យា ដូចជា​ជំនាញ​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ផែនទី​សេវា​គ្របដណ្តប់ ​និង​ការពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយ​បច្ចេកទេស​ចំពោះ​ការ​បំពាក់​ប្រព័ន្ធ Sensor សម្រាប់​ត្រួតពិនិត្យ​គុណភាព​ទឹក​ប្រចាំថ្ងៃ​ផងដែរ ។ឯកឧត្ដម Luke Arnold ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​ពី​ជំហរ​របស់​អូស្ត្រាលី ក៏ដូចជា​បេសកកម្ម​របស់​កម្មវិធី 3I​ ក្នុង​ការ​ចូលរួមចំណែក​ការអភិវឌ្ឍ តាមរយៈការវិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ​ក្នុង​នោះ​បាន​ផ្តោតលើ​ហិរញ្ញប្បទាន​ឥត​សំណង​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត វិស័យ​អគ្គិសនី ស្តង់ដារ​ផលិតផល និង​ក​សិ​-​កែច្នៃ​ជាដើម​, ក្រៅពីនេះ ប្រទេស​អូស្ត្រាលី​ក៏​មាន​ជំនួយ​អភិវឌ្ឍ​ក្រោម​ក្របខណ្ឌ​អាស៊ាន​-​អូស្ត្រាលី ​និង​ក្នុង​ក្រប​ខណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ​ផងដែរ ៕អត្ថបទ​៖ សុន រ៉ា​ឌី

កម្ពុជា ទាក់ទាញ​វិនិយោគ​មកពី​ប្រទេស​បារាំង និង​ស៊ុយអែត​មក​វិនិយោគ​នៅ​កម្ពុជា

2021/06/16 11:46:36 am        299
ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​បារាំង និង​ប្រទេស​ស៊ុយអែត បន្ត​ជំរុញ វិនិយោគិន និង​ក្រុមហ៊ុន​របស់ខ្លួន ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។ក្នុងជំនួប​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​កន្លងទៅ ជាមួយ លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ​បាន​បានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួចរួច​ជាស្រេច​ ​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ធុរជន និង​វិនិយោគិន​បារាំង​ ដែល​មាន​បំណង​មក​វិនិយោគ​ និង​ពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​ជាពិសេស​នៅក្នុង​វិស័យ​សក្ដានុពល រួមមាន ​ការកែច្នៃ​ចំណីអាហារ ផលិតផល​កសិកម្ម ​និង​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កត្តា​ទាំងនេះ ​នឹងចូលរួម​ចំណែក​ទ្រទ្រង់ ​និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា ​នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ជាការ​ឆ្លើយតប លោកជំទាវ Eva NGUYEN BINH មានប្រសាសន៍ថា ​ថ្វីត្បិតតែ​ទទួលរង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ បារាំង​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ទំនិញ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​នៅ​ឆ្នាំ​២០២០​ សម្រេចបាន​ចំនួន ៤៥៦​លាន​ដុល្លារ ​និង​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២១ មាន​ចំនួន១៥៧​លាន​ដុល្លារ​។នៅក្នុង​ជំនួប​ដាច់ដោយឡែក​នៅក្នុង​ថ្ងៃ​ដដែល​ ជាមួយ​ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ​បានស្នើ​ភាគី​ស៊ុយអែត​ជួយ​សម្របសម្រួល ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​គ្រឿង​សង្ហារិម ​ល្បីឈ្មោះ ម៉ាក IKEA និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo មក​ស្វែងរក​ឱកាស​ធុរកិច្ច​ ខណៈដែល​ការកែច្នៃ​គ្រឿង​សង្ហារិម​ និង​ការផលិត​គ្រឿង​បង្គំ​ និង​បន្លាស់​យានយន្ត​កំពុង​មាន​កំណើន​ខ្លាំង​នៅ​កម្ពុជា​។ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បានសំណូមពរ​ឯកឧត្តម ​ឯកអគ្គរាជទូត ​ឲ្យ​ជម្រាប​ជូន​ថា្នក់​ដឹកនាំ​រដ្ឋាភិបាល​ស៊ុយអែត ​និង​សហភាព​អឺរ៉ុប​ អំពី​កិច្ច​ខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ខឿន​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ​និង​សមធម៌ ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច ​សង្គមកិច្ច ​និង​បរិស្ថាន​ និង​បាន​ស្នើ​ឲ្យ​បន្ត​ជួយ​សម្របសម្រួល​ជំរុញ​ធុរជន ​និង​វិនិយោគិន​ស៊ុយអែត​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​ក្រៅពី​វិស័យ​គ្រឿង​សង្ហារិម និង​ផលិត​រថយន្ត ​ក៏​នៅ​មាន​ការកែច្នៃ​ចំណីអាហារ និង​ផ្លែឈើ​តំបន់​ត្រូ​ពិច​ផងដែរ​។ជាការ​ឆ្លើយតប ឯកឧត្តម​ ឯកអគ្គរាជទូត បាន​បញ្ជាក់ថា ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសន្ទនា ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុយអែត​។ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ និង​ផ្លាស់ប្ដូរ​យោបល់ អំពី​ការ​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​ក្នុងនោះ ​ឯកឧត្តម​រដ្ឋមន្ដ្រី ​បាន​ជម្រាប​ជូន​ភាគី​ជំនួប​អំពី​គោលជំហរ​របស់​កម្ពុជា ​ក្នុងការ​ប្រកាន់​ខ្ជាប់​នូវ​ក្របខណ្ឌ​ពហុភាគី​និយម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ដោយ​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ ​និង​មានការ​គិតគូរ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​អភិវឌ្ឍន៍​តិចតួច​។សូមបញ្ជាក់ថា ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុយអែត នៅ​ឆ្នាំ​២០២០​ មាន​ចំនួន ៦៤​លាន​ដុល្លារ ខណៈដែល​រយៈពេល​៥​ខែ​ ឆ្នាំ​២០២១​នេះ​ មាន​ចំនួន ២៣​លាន​ដុល្លារ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ក្រុមហ៊ុន​ជប៉ុន Yamato Green បង្ហាញ​គម្រោង​វិនិយោគ​លើ​ផលិតផល​កសិកម្ម​​នៅ​កម្ពុជា​

2021/06/15 07:29:17 am        397
ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន Yamato Green ដែលមាន​បទពិសោធន៍​ខាង​វិស័យ​កសិកម្ម ​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​លើ​ផលិតផល​កសិកម្ម ​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម និង​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​។ក្រុមហ៊ុន​ជប៉ុន Yamato Green បាន​លើកឡើង​គម្រោង​នេះ​ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ​វេ​ង សា​ខន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ កាលពី​ថ្ងៃទី​១៤​ ខែមិថុនា​ នៅ​ទីស្តីការក្រសួង​។ ​ក្នុង​ជំនួប​នោះ ក្រុមហ៊ុន Yamato Green លើកឡើង​ពី មានបំណង​ចង​សម្ព័ន្ធភាព ​និង​ចុះហត្ថលេខា MOU ជាមួយ​សម្ព័ន្ធ​កសិកម្ម​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ សម្ព័ន្ធ​នេះ​ មាន​តួនាទី​ជំរុញ​ការអភិវឌ្ឍ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ឲ្យ​រីកចម្រើន ប្រកបដោយ​ចីរភាព ​និង​និរន្តរភាព ទូលំទូលាយ​ គ្របដណ្តប់​លើ​គ្រប់​ប្រភេទ​ដំណាំ ​និង​ភូមិសាស្ត្រ​ទូទាំងប្រទេស ​ហើយ​ក្នុង​ពេល​ឆាប់ៗ លោក​គ្រោង​ជួបពិភាក្សា​ជាមួយ​លោក​ឧកញ៉ា ដើម្បី​រក​ការ​រីកចម្រើន​ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរការ​រួមគ្នា​។ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បាន​លើកឡើង​ពី ប្រភេទ​កសិផល​សក្ដានុពល ដូចជា ​ត្រសក់​ផ្អែម​ជប៉ុន និង​ផ្លែ​ប៊ឺ (Avokodo) ​សណ្តែកសៀង​ និង​ជី​កសិកម្ម ដែល​ក្រុមហ៊ុន​កំពុង​សិក្សា ​និង​អនុវត្ត​ដាំ​សាកល្បង​នៅ​កម្ពុជា​។លោក​ប្រធាន​ក្រុមហ៊ុន​ជប៉ុន Yamato Green ​បាន​លើកឡើងថា ប្រភេទ​កសិផល​ទាំងនេះ អំណោយផល​សម្រាប់​ការ​ដាំដុះ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​មានបំណង​ដាំ​ដុះ​ សម្រាប់​ធ្វើ​ការកែច្នៃ និង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ និង​ប្រទេស​ដទៃទៀត​។លោកនាយក​ក្រុមហ៊ុន​ បាន​ជម្រាបជូនទៀត​ថា ​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ-១៩ ហាក់​មាន​ភាពល្អប្រសើរ​ជា​បណ្តើរៗ​ ព្រម​ជាមួយគ្នានេះ ក្រុមហ៊ុន Yamato Green ​នឹង​ចាប់ ផ្តើម​សកម្មភាព​របស់​ខ្លួន​ជា​ជំហានៗ​ តាម​អ្វីដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ និង​ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយគ្នា​ក្នុង​ខ្លឹមសារ MOU​។ជាការ​ឆ្លើយតប ឯកឧត្តម វេ​ង សា​ខន បាន​ស្វាគមន៍ និង​បង្ហាញ​ពី​ឆន្ទៈគាំទ្រ ព្រោះ​ជា​ប្រភេទ​ដំណាំ​ថ្មី បច្ចេកទេស​ថ្មី និង​ពេញ​និយម​សម្រាប់​ទីផ្សារ​ជប៉ុន​។ មិនតែប៉ុណ្ណោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ធ្វើការ​ស្រាវជ្រាវ​តាម​បណ្តា​ខេត្ត​។ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ទោះបី​យើង​កំពុង​ប្រឈម​បញ្ហា​លំបាក​យ៉ាងណាក៏ដោយ ​ក្រសួង​តែ​រក្សា​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ​បង្កើន​ផលិតកម្ម​កសិកម្ម​ ក្នុង​បរិបទ​នៃ​ការ​រីករាយ​ដាល​ជំងឺឆ្លង​កូ​វីដ​-១៩៕អត្ថ​ប​ទ ៖ វណ្ណ

ក្រសួង​ឧស្សាហកម្ម ជំរុញ​លើក​កម្ពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម

2021/06/15 01:18:40 pm        391
ភ្នំពេញ ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​អនុវត្ត​បាន​ជោគជ័យ​ប្រព័ន្ធ​ផលិតកម្ម ហៅ​កាត់​ថា LEAN Manufacturing ​ដែល​ជួយ​លើក​កម្ពស់​ផលិតភាព​សហគ្រាស​ធន​តូច​និង​មធ្យម (SME)​នៅ​កម្ពុជា​។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ​ស្តីពី "​វដ្ដ​នៃ​គុណភាព នវានុវត្តន៍ និង​ប្រព័ន្ធ​ផលិតកម្ម LEAN ដើម្បី​លើក​កម្ពស់​ផលិតភាព ​សហគ្រាស ធន​តូច​និង​មធ្យម (SME) តាមរយៈ​ប្រព័ន្ធ ​(Zoom Cloud Meeting) នៅ​ថ្ងៃទី ​១៤ ខែ មិថុនា ឆ្នាំ២០២១ ថា បើទោះបី​មាន​វិបត្តិ​សុខភាព​សាកល​កូ​វីដ​-១៩​ យ៉ាងណាក្តី ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ នៅតែ​បន្ត​ស្វះ​ស្វែងរក​វិធីសាស្ត្រ ​ដើម្បី​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ​និង​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា ។ ជាក់ស្តែង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ ​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​សាកល្បង​អនុវត្ត​គម្រោង​ផ្តោត​លើ​ផលិតកម្ម LEAN (LEAN Manufacturing) ​ទៅលើ​ក្រុមហ៊ុន​គំរូ​ចំនួន ៣ តាមរយៈ​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដោយ​ផ្ទាល់​ខ្លះ និង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​វាស់វែង​នៃ​វិធីសាស្ត្រ​ផលិតភាព ​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន ។ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បន្តថា តាមរយៈ​ការរៀនសូត្រ​ពី​បទ​ពិសោធន៍​ទាំងនេះ ​ឃើញថា​ ប្រព័ន្ធ​ផលិតកម្ម LEAN ផ្តោត​លើ​ការ​បង្កើន​សកម្មភាព​ផ្តល់​តម្លៃ​បន្ថែម​ជូន​អតិថិជន​របស់ខ្លួន ​ហើយ​កាត់​បន្ថយ​សកម្មភាព នឹង​បាន​ផ្តល់​តម្លៃ​បន្ថែម​ឲ្យ​បាន​កាន់តែ​ខ្ពស់ ​ដែល​កន្លងមក​សកម្ម​ភាព​ផ្តល់​តម្លៃ​បន្ថែម​នេះ តាមរយៈ​ការអនុវត្ត​របស់​ក្រុមហ៊ុន​នានា​ មាន​មិនបាន​ដល់ ៣% ​នោះឡើយ​ ដែលជា​ការ​ធ្វើ​ឲ្យ​ក្រុម​ហ៊​ន​ចំណាយ​រហូតដល់ ៩៧% លើ​សកម្មភាព​ដែល​ពុំបាន​ផ្តល់​តម្លៃ​បន្ថែម​ជូន​អតិថិជន ដែល​នេះ​ជា​ការ​ខាតបង់​យ៉ាង​ច្រើន​សម្បើម​, បើ​សហគ្រាស​អាច​បង្កើន​សកម្មភាព​ផ្តល់​តម្លៃ​បន្ថែម​ដល់ ៥% ឬ​ដល់ ១០% នោះ សហគ្រាស​នឹង​អាច​ទទួល​បាន​ជោគជ័យ នឹង​ក្លាយ​ជា​សហគ្រាស​ឆ្នើម​ផងដែរ​៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនសម្តែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា
08/08/2025 05:08 PM
អ្នកជំនាញ៖ ទឹកជំនន់ស្លាប់មនុស្សនៅតំបន់ហិម៉ាឡៃប្រទេសឥណ្ឌា អាចបណ្តាលមកពីការបាក់ផ្ទាំងទឹកកក
08/08/2025 05:08 PM
កោះតៃវ៉ាន់រាយការណ៍ករណីដំបូងនៃវីរុសឈីកដែលនាំចូលពីការរីករាលដាលនៅប្រទេសចិន
08/08/2025 05:08 PM
ព្រះសង្ឃខេត្តស្វាយរៀងនាំគ្រឿងឧបភោគផ្ដល់ជូនដល់វីរៈកងទ័ពនិងជនភៀសសឹកឈរជើងទិសខេត្តព្រះវិហារនិងខេត្តឧត្តមានជ័យ
08/08/2025 05:08 PM
ប្រមុខអង្គការសហប្រជាជាតិនិយាយថា សង្គ្រាមពាណិជ្ជកម្ម ចាំបាច់ត្រូវជៀសវាង
08/08/2025 04:08 PM
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់៖ សហរដ្ឋអាមេរិកគួរតែដាក់ទណ្ឌកម្មលើរុស្ស៊ី
08/08/2025 04:08 PM
ក្រុមឧទ្ទាម M23 របស់កុងហ្គោ និយាយថា ខ្លួនពុំទទួលបានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិភាពនោះទេ
08/08/2025 04:08 PM
ពលករធ្វើការនៅប្រទេសថៃ អរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើពួកគាត់ និងជួយអោយមានការងារធ្វើនៅជិតផ្ទះ មិនមានការភិតភ័យ
08/08/2025 04:08 PM
មន្ត្រីអូម៉ង់ និងប៉ាឡេស្ទីន អំពាវនាវឲ្យមានវិធានការ ដើម្បីបញ្ចប់វិបត្តិហ្កាហ្សា
08/08/2025 04:08 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងបំណាក់ដីនៅតំបន់ភាគខាងត្បូងប្រទេសជប៉ុន
08/08/2025 04:08 PM