ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

បារាំងលើកកម្ពស់សមត្ថភាព និងភាពទាក់ទាក់អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា

2021/11/03 12:48:56 pm        120
ភ្នំពេញ ៖ រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៤៥០,០០០អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បី​អនុវត្ត​គម្រោង​កសាងសមត្ថភាព ក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកកម្ពុជា។កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងជំនួយបច្ចេកទេស សម្រាប់គម្រោងកសាងសមត្ថភាព ក្នុងវិស័យ​អាកាស​ចរស៊ីវិ ត្រូវ​បាន​ចុះហត្ថលេខាដោយ ​នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រី​ទទួល​បន្ទុករដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល និងលោក Damien CAZE អគ្គនាយក​នៃអាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophelie BOURHIS នាយកទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំង នឹងជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្ត​បទប្បញ្ញត្តិ សុវត្ថិភាពអាកាសចរ ​និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាន​នៅក្នុងអាកាសយានដ្ឋានកម្ពុជា។គម្រោងនេះ ផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន ៖ ពង្រឹងការគ្រប់គ្រង​បរិស្ថានអាកាស​យានដ្ឋាន, ផ្តល់ការ បណ្តុះ​បណ្តាល ​និងអភិវឌ្ឍសមត្ថភាព ​លើការថែទាំបច្ចេកទេសអាកាសយាន, ផ្តល់ការបណ្តុះបណ្តាល ​និងអភិវឌ្ឍ សមត្ថ​ភាព​ពេទ្យអាកាសចរ, និងពង្រឹងសុវត្ថិភាព​អាកាស​យានដ្ឋាន។ រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ ​និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះប្រជាជន និងរាជរដ្ឋា​ភិបាលបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតប​នឹង​សេចក្តីត្រូវការ ​និងការងារជាអាទិភាព ​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕អត្ថបទ ៖ វណ្ណៈ 

ក្រុមហ៊ុនអាម៉េរិក នឹងបន្តវិនិយោគនិងពង្រីកអាជីវកម្មនៅកម្ពុជា

2021/11/03 12:40:28 pm        141
ភ្នំពេញ ៖ ក្រុមហ៊ុនអាម៉េរិក បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះជាការលើកឡើងរបស់ក្រុមហ៊ុនអាមេរិកធំៗ ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាម៉េរិកបន្តកើនឡើង។គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដឹកនាំដោយឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ជំរុញការ​វិនិយោគ​មក​ពី​សហ​រដ្ឋអាម៉េរិក ​លើកឡើងបែបនេះ នៅក្នុង​កិច្ចប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និង​ក្រុម​ហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។ក្នុងជំនួបនាឱកាសនោះ ភាគីអាម៉េរិកបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជាដែលទទួលបាន ជោគជ័យក្នុង ការចាក់​វ៉ាក់​សាំង ​និងការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។ ប្រភពដដែល បានបន្តថា តាមរយៈជំនួបនេះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ជាពិសេស​ឯកឧត្តមរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់​គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់​ស៊ី​ជម្រៅរបស់ រដ្ឋាភិបាល​កម្ពុជា​ទាំង​ក្នុង​ក្របខ័ណ្ឌស្ថាប័ន ​និងគតិយុត្ត ព្រមទាំងគោលនយោបាយ​ផ្សេងៗ ដើម្បីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា ៖ ក្រប​ខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥​ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ច្បាប់​ស្តីពី​ការការពារអ្នកប្រើប្រាស់ ​ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង​ និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់​ដល់​ការការពារកម្មសិទ្ធិបញ្ញា។ ទន្ទឹមនេះ ឯកឧត្តម បានលើកទឹកចិត្ត និងបន្តគាំទ្រសម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមាន​សំណូមពរ ​និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬ​ ឯក​ឧត្តម​ផ្ទាល់បាន ដើម្បី​ដោះស្រាយ ​និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។សូមជម្រាបជូនថា គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់សរុប​ចំនួនប្រមាណជាង​ ៥,៥ពាន់លានដុល្លារ កើន​ឡើងប្រមាណ ២៨.៤៦ ភាគរយ បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ២០២០៕អត្ថបទ ៖ បូរ៉ាវី

ពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពន្ធដារ

2021/11/03 11:48:40 am        129
ភ្នំពេញ ៖ មន្រ្តីជំនាញវិស័យពន្ធដារថា ការទប់ស្កាត់ និងការស៊ើបអង្កេតបទល្មើសពន្ធដារ គឺជាការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត មានយុត្តិធម៌ដល់អ្នកជាប់ពន្ធដែលមានអនុលោមភាព ការជឿទុកចិត្ត ពីសាធារណៈជន និងការប្រមូលប្រាក់ពន្ធប្រកបដោយបរិយាប័ន្ន។លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ លើក​ឡើង​នៅ​ក្នុ​ង​កម្មវិធីពន្ធដារ ស្តីពីបទល្មើសពន្ធដារ ​កាលពីថ្ងៃទី ២វិច្ឆិកា ម្សិលមិញ​នេះថា ការស៊ើបអង្កេត​បទ​ល្មើស​ពន្ធ​ដែល​បាន​​អនុវត្ត​បច្ចុប្បន្ន ជាកត្តាសំខាន់ការតប់ស្កាត់បទ​ល្មើស​កុំឲ្យកើតមានឡើង ​ការ​ស្រាវជ្រាវ​រកឲ្យឃើញនូវបទល្មើស ​និ​ង​ការ​​ប្តឹងចោទ​ប្រកាន់​ទៅ​តុលាការ​ជាដើម។ពាក់ព័ន្ធការអនុវត្តកាតព្វកិច្ចខាងលើនេះ, កត្តាសំខាន់ការលើកកម្ពស់អនុលោមភាពដោយស្ម័គ្រចិត្ត ដោយអ្នក​ជាប់ ពន្ធ​​ទាំង​អស់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើរភាព​ មាន​យុត្តិធម៌ដល់អ្នកជាប់ ពន្ធ​ដែលមានអនុលោមភាព​ ការ​បង្កើន​នូវជឿទុកចិត្តពីសាធារណៈជន ​ចំពោះប្រព័ន្ធពន្ធដារ និង​ការប្រមូលប្រាក់ពន្ធតាមច្បាប់ឲ្យបានត្រឹមត្រូវមកវិញ។អគ្គនាយក​ដ្ឋានពន្ធដារ នឹងចាត់វិធានការម៉ឺងម៉ាត់ ​ចំពោះបុគ្គលដែលប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ លើ​បទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ដោយ​សហការ​ជាមួយ​កង​កំលំាង​មានសមត្ថកិច្ច និងស្ថាប័ន​អនុវត្ត​ដ៏ទៃ​ទៀត សម្រាប់​បទ​ល្មើសនេះ​ ដើម្បី​កោះ​ហៅ​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​ផ្តល់​ចម្លើយ និង​អាច​ឈាន​ដល់​ការ​ឃាត់ខ្លួនផងដែរ។ពាក់ព័ន្ធបទល្មើសនេះ, ចំពោះករណីការគិចវេះពន្ធ ​ច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ១០ លានរៀល ដល់ ២០ លានរៀល ​ឬជាប់ពន្ធធនាគារពី ​១ឆ្នាំ ដល់ ៥ឆ្នាំ ​ឬទោសទាំងពីរ។ ចំណែក​ការ​ធ្វើ​​ឲ្យរាំងស្ទុះដល់ការ ​អនុវត្តបទ​បញ្ញត្តិ​ស្តីពី​ពន្ធដារ ​ត្រូវរង​ផ្តន្ទាទោស​ពិន័យជាប្រាក់ ៥ ​លានរៀល ទៅដល់ ១០​លានរៀល​ ឬទោសទាំងពីរ ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២១ នេះវិញ, ចំណូលពន្ធ-អាករ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ ប្រមូល​បានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មាន​ចំនួនជិត ៨ ៥៥០ ប៊ីលាន​រៀល ប្រមាណជាង ​២ ១១១ លាន​ដុល្លារអាមេរិក​ ស្មើជាង ៩៤% នៃផែនការ​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ៕អត្ថបទ ៖ សុន រ៉ាឌី

តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ធ្វើឱ្យប្រជាពលរដ្ឋមានចំណូលទាបព្រួយបារម្ភលើការចំណាយប្រចាំថ្ងៃ

2021/11/02 07:28:34 am        418
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានត្អូញត្អែរពីប្រាក់ចំណូលថយចុះ ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ខណៈដែលតម្លៃប្រេងឥន្ធនៈនៅតែហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់ និងធ្វើឱ្យចំណាយប្រចាំថ្ងៃកើនឡើង។ការត្អូញត្អែររបស់ប្រជាពលរដ្ឋ គឺក្រោយតម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ​នានា​ចាប់ពីថ្ងៃទី១ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការកើនឡើង ដោយប្រេងសាំងធម្មតាថ្លៃ ៤ ៥៥០រៀល ក្នុង១លីត្រ។ និងប្រេងម៉ាស៊ូតថ្លៃ ៤ ១០០រៀល ក្នុង១លីត្រ។ ​ដោយឡែក ប្រេងសាំងស៊ុបពែរកើនដល់ ៥ ០៥០រៀល ក្នុង១លីត្រ។ពលរដ្ឋប្រកបរបរផ្នែកដឹកជញ្ជូន កញ្ញា សុខ សុភ័ក្រ្ត បាននិយាយថា តម្លៃដឹកជញ្ជូន​សព្វថ្ងៃនេះ​រក្សា​នៅដដែល ទោះ​​បី​​ជាតម្លៃប្រេងឡើងថ្លៃ ឬចុះថ្លៃក៏ដោយ។ ​កញ្ញា​បានឲ្យដឹងទៀតថា ការ​ចំណាយទៅលើថ្លៃចាក់ប្រេង ជាមធ្យម២ ឬ៣​ថ្ងៃ​ម្តង ដោយក្នុងមួយលើក​ចំណាយ​ប្រាក់​ប្រមាណជិត ២ម៉ឺនរៀល។អ្នកប្រកបរបររត់ម៉ូតូកង់បី (past app) មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល​​​ បាន​និយាយថា រាល់​ពេល​ប្រេងសាំងឡើងថ្លៃ​ តម្លៃហ្គាសក៏ឡើងតាមនឹងដូចគ្នា។​ លោកបន្តថា តម្លៃហ្គាស៣ខែមុន ក្នុង១លីត្រតម្លៃតែជាង ១ពាន់​រៀល ប៉ុន្តែពេលនេះ​កើនដល់ជិត ៣ពាន់រៀល ក្នុង១លីត្រ ខណៈដែលសព្វថ្ងៃនេះ ​ប្រាក់ចំណូលរកបាន​គិត​ជា​មធ្យម​រក​បានប្រមាណ ២ ទៅ៣ម៉ឺនរៀល និងពេលខ្លះគ្មានភ្ញៀវក៏មាន។ជុំវិញតម្លៃប្រេងឥន្ទនៈឡើងថ្លៃនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ រដ្ឋពិបាកមិនអាចគ្រប់គ្រង​ ថ្លៃ​ប្រេង​ឥន្ធនៈនេះទេ គឺតម្លៃកំណត់ដោយ​ទីផ្សារអន្តរជាតិន ព្រោះកម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ។សូមបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ទនៈ​ និងឧស្ម័ន ​ពីក្រៅប្រទេស ដូចជា វៀត​ណាម ថៃ និងសឹង្ហបុរី។ តួលេខឆ្នាំពីក្រសួងរ៉ែ និងថាមពល កាលពីឆ្នាំ២០១៩ កម្ពុជា នាំចូលប្រេងឥន្ទនៈ ​ប្រមាណ ២,៥​លាន​តោន កើនឡើង ​១០ ភាគរយ ធៀបនឹងឆ្នាំ២០១៨៕ អត្ថបទ ៖ ឈិត បូរ៉ាវី

វិស័យជំរុញសេដ្ឋកិច្ចសំខាន់ៗ រំពឹងថា មានសកម្មភាព និងចរន្តវិនិយោគឡើងវិញ

2021/11/02 01:23:53 pm        352
ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចថា ការបើកប្រទេសឡើងវិញ គឺជាការចាក់បញ្ចូលនូវមូលធននៃលំហូរសាច់ប្រាក់ មកទីផ្សារកម្ពុជា ជាពិសេស តាមរយៈវិស័យទេសចរណ៍ រួមជាមួយសកកម្មភាពក្នុងស្រុកមានភាពសស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ដែលធ្វើឲ្យកម្ពុជា នឹងអាចស្របយកហិរញ្ញវត្ថុបរទេស សម្រាប់ការជំរុញសេដ្ឋកិច្ចឲ្យមានកំណើន។លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ភ្នាក់​ងារ​អ្នក​យកព័ត៌មាន ស្តីពីការប្រកាសបើកដំណើរការប្រទេសឡើងវិញ​របស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ការ​ប្រកាស​បើក​ប្រទេស​របស់​រាជរដ្ឋាភិបាលនៅពេលនេះ គឺជា​ការប្រែក្លាយពីវិបត្តិ ឲ្យទៅជាសក្តានុពល ក្នុងនោះ​អ្វីដែល​ជា​កត្តា​សំខាន់ គឺកម្ពុជាត្រូវ​ឈរ​ក្នុង​ភាពរឹងមាំនៃសេដ្ឋកិច្ចជាមុន ​ទើបការស្តារ ​និងអភិវឌ្ឍន៍ប្រទេស​ជំរុញ​ទៅដោយ​ភាព​រលូន​។លោកបណ្ឌិត បន្តថា ទាក់ទងនឹងការបើកប្រទេសឡើងវិញនេះ កម្ពុជានឹងអាចស្រូបយក​តាម​រយៈនៃវិស័យ សំខាន់ៗ​មួយចំនួន ​ក្នុងការចាក់បញ្ចូលមូលធននៃលំហូរសាច់ប្រាក់ចូលក្នុងប្រទេស ក្នុងនោះវិស័យទេសចរណ៍ ​អាច​នឹង​ជួយ​ឲ្យ​មាន​កំណើន និងប្រាក់ចំណូលដល់ប្រជាជនបន្ថែម ប៉ុន្តែតិចឬច្រើន គឺវាអាស្រ័យទៅលើទឹក ​ប្រាក់ចរាចរ​ក្នុង​ប្រទេស, ប្រសិនចន្តរសេដ្ឋកិច្ចវិលជុំ និង​សស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ ​និងប្រទាក់ក្រឡា​ នោះទើប​ហិរញ្ញវត្ថុ​បរទេស​ជួយ​សេដ្ឋកិច្ច​ឲ្យ​មានកំណើន។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​ថ្លែងថា​ ប្រទេសកម្ពុជារំពឹងថា នឹងទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិ ចូលមកទស្សនា ​ខណៈរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ​របស់​រាជ​រដ្ឋា​ភិបាល។ពាក់ព័ន្ធវិស័យនេះផងដែរ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រំពឹងថា អនុ​វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន​ នឹងងើបឡើងវិញ​ ប៉ុន្តែស្ថិតក្នុង​កម្រិតទាប ទាំង​ទំហំ ​និងអត្រាកំណើន, ដោយសារ​ការ​រំពឹង​ទុកការងើបឡើងវិញ​ក្នុងល្បឿន​យឺត​នៃភ្ញៀវទេសចរ​អន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិ ត្រូវរំពឹងថា ​នឹងងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាតក្នុងសហគមន៍​មានការ​ស្រាកស្រាន្ត​ និង​គ្រប់គ្រងបាន៕អត្ថបទ៖ សុន រ៉ាឌី

ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នឹងជ្រោងកំណើនសេដ្ឋកិច្ចខ្ពស់ឡើង

2021/11/02 01:11:42 pm        312
ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរ និងរីករាយបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសធ្វើឲ្យអាជីវកម្ម និងអាជីវករគ្រប់វិស័យ រួមជាមួយប្រជាពលរដ្ឋមានចំណូលឡើងវិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញផងដែរ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា បន្ទាប់ពី​ពិភព​លោក​ផ្ទុះ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ មក ប្រមុខរាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ​នាយករដ្ឋមន្រ្តី សម្តេច​បានខិតខំប្រឹង​ប្រែងនូវគ្រប់​ឧបសគ្គ ប្រយុទ្ធប្រឆាំង ​និងបង្ការទប់ស្កាត់ ជាពិសេស​សម្តេច​បានជម្រុញការចាក់វ៉ាក់បង្ការជម្ងឺកូវីដ ១៩ ​បានលើសផែន​ការ​រំពឹងទុក ​ពោលគឺរាជរដ្ឋាភិបាល បាន​គិតគូរយ៉ាងខ្លាំងដល់​សុខុមាលភាព ​និង​ការរស់រាន្តរបស់ប្រជាពលរដ្ឋ។លោកឧកញ៉ា ថ្លែងនូវការសាទរ និងសម្តែងនូវការរីករាយ​ ដោយលើកឡើងថា វិស័យ​ឯកជនជាច្រើន បាន​កំពុង​ទន្ទឹងរង់ចាំ ​ជាពិសេសវិស័យឧស្សាហកម្ម ​អាជីវកម្ម រោងចក្រ សហគ្រាស ​និងអាជីវករនៅគ្រប់វិស័យ​ នឹង​អាច​បើក​ដំណើរ​ការ​អាជីវកម្មឡើងវិញ ដែលធ្វើ​ឱ្យប្រជាពលរដ្ឋ ​មានចំណូលកាន់តែច្រើន ​នឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើប​ឡើង​វិញ ។ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងតំណាង​ឲ្យ​សមាជិក​សមាគម​អ្នក​ផលិត​ចំណីអាហារទាំងអស់ ​ក៏បានថ្លែងនូវការសាទរយ៉ាង​ពេញទំហឹង ចំពោះការ​ប្រកាស​បើកប្រទេសឡើងវិញ​របស់​រាជ​រដ្ឋា​ភិបាល ​ដែលនឹងធ្វើឲ្យវិស័យក្នុងស្រុកងើបឡើងវិញ ជា​ពិសេសវិស័យផលិតចំណីអាហារ។ សូមរំលឹកថា នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និង​បើកយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំងដល់កុមារអាយុ ​៥ ឆ្នាំ នាព្រឹកថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, សម្តេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បានប្រកាសបើក​ដំណើរការ​ប្រទេស​ឡើងវិញ​គ្រប់វិស័យ ​និងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងថ្មី ដោយ​អនុ​វត្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ​ការប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញនេះ​ គឺបន្ទាប់ពីការ​អាក់​ខាន​ដោយ​សារ​​ការឆ្លង​ រីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងរយៈពេល ប្រមាណជិត ​០២ឆ្នាំ ​ដែលជាការឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា ​ក្នុងការទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ នាំចេញកសិផលបានជាង៦លានតោន មានតម្លៃជាង៤ពាន់លានដុល្លារ រយៈពេល១០ខែ

2021/11/01 12:30:33 pm        336
ភ្នំពេញ ៖ កម្ពុជា នាំចេញកសិផលបានជាង ៦,៣លានតោន ទៅកាន់៦៨ប្រទេស ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ នារយៈពេល១០ខែ ឆ្នាំ២០២១នេះ កើនឡើង ៨៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។របាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុង​រយៈពេល១០ខែ ឆ្នាំ​២០២១ កម្ពុជានាំចេញកសិផលបានចំនួន ៦,៣លានតោន ទៅ៦៨ប្រទេស។ ឯកឧត្តម មន្ត្រីក្រសួងកសិកម្ម បាន​បញ្ជាក់​ថា កសិផលសរុបដែលនាំចេញ គឺមាន​តម្លៃ​ប្រមាណ​៤ពាន់លានដុល្លារអាម៉េរិក។យោងតាមរបាយការណ៍ដដែល ក្នុងចំណោមចំណូល ជាង៤ពាន់លានដុល្លារនេះ គឺមាន ៣៩២,៩ លានដុល្លារ បានពីការនាំចេញអង្ករ, ៤៦៥,៤ លានដុល្លារ ​បានពីការនាំចេញស្រូវ។ ចំណែក​ទឹកប្រាក់ ៣៧៩,៣លានដុល្លារ ទៀតបានពីការនាំចេញកៅស៊ូ ​ខណៈការនាំចេញ​កសិផល​ផ្សេងៗ​មាន​ជាង ២ ៨០០ លានដុល្លារ។ប្រទេសគោលដៅដែលនាំចូលកសិផលពីកម្ពុជា មានវៀតណាម, ថៃ, ចិន, សហភាពអឺរ៉ុប, តំបន់អាស៊ាន, អ៊ីតាលី, ហូឡង់, ឥណ្ឌា, ជប៉ុន សាធារណរដ្ឋកូរ៉េ, អារ៉ាប់, បង់ក្លាដែស, ស្វីស និងប្រទេសតូហ្គោជាដើម។ចំណែក​ការ​នាំចេញអង្ករ ​ទៅកាន់​ទីផ្សារអន្តរជាតិ ក្នុងរយៈពេល១០ខែ​ ឆ្នាំនេះ មានចំនួន ៤៦០ ១៦៩ តោន មាន​ការ​ថយ​ចុះចំនួន -១៤,២០% ។ ការថយចុះ​ត្រូវបាន ឯកឧត្តម វេង សាខុន ពន្យល់ថា​ ដោយសារ តម្លៃនៃការដឹក​ជញ្ជូន​ទៅ​កាន់​គោល​ដៅមានការកើនឡើងទ្វេដង និង​ជួបប្រទះបញ្ហានឹងកង្វះទូរកុងតឺន័រ ទំហំ២០ហ្វិត សម្រាប់​ផ្ទុកអង្ករ នាំចេញ។ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ​៣២៧ ០៣២ តោន ស្មើនឹង ៧១,០៧% អង្ករស គ្រប់ប្រភេទមាន​ចំនួន ១២៤ ៧១៤ តោន ស្មើនឹង ២៧,១០% និង​អង្ករចំហុយមានចំនួន ៨ ៤២៣ តោន ស្មើនឹង ១,៨៣% ៕អត្ថបទ ៖​ វណ្ណៈ 

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់ជិត៨ ពាន់លានដុល្លារ កើន៣៨ ភាគរយ

2021/11/01 10:55:36 am        146
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ខែ ដើមឆ្នាំ២០២១ សរុបការមានទំហំទឹកប្រាក់ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣៨ ភាគរយ។របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំក្នុង២០២១ កម្ពុជា បាននាំចេញ​ទី​កាន់​ទីផ្សារចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនប្រមាណ៥២ ភាគរយ។ ដោយឡែក កម្ពុជា​នាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៨០០ លានដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ៣៦ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ សម្រេចបាន ៧ ៩០០ លានដុល្លារអាមេរិក ​កើនឡើង ៣៨ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២០ ។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា ទំហំពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-ចិន នឹង​មាន​កំណើន​ងើបឡើងកាន់តែល្អថែមទៀត ការនាំចេញផលិតផលរបស់​កម្ពុជា​ទៅ​កាន់ទីផ្សារចិនកាន់តែច្រើន​ ជាពិសេស​បន្ទាប់​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន ។លោកឧកញ៉ា ថា កម្ពុជា អាចនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ​ ឬបោះដុំទំនិញរបស់ចិន នៅ​ក្នុងទីផ្សារ​អាស៊ាន ព្រោះតាមរយៈនៃកិច្ចព្រមព្រៀងនេះ ​ប្រភេទទំនិញជាច្រើននិងរួចពន្ធ ដែល​អាចឲ្យយើងលក់តម្លៃធូរថ្លៃនៅក្នុង ទីផ្សារ​អាស៊ានបាន។ទាក់ទងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម ថ្លែងលើកឡើង ទីផ្សារនាំចេញផលិតផល ជាពិសេស​ទីផ្សារ​នាំចេញ​កសិផលរបស់កម្ពុជា បានជ្រៀត​ចូល​អន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅ​កាន់​ទីផ្សារ​ប្រទេសចិន គឺបានកំពុងពេញនិយម ​និងមានការ​គាំទ្រ​យ៉ាង​ខ្លាំង៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម និងហាវេស រៀបចំពិព័រណ៍ផលិតផលកែច្នៃកសិកម្ម​បញ្ជ្រាប​ក្នុង​ផ្សារទំនើប និង​ទីផ្សារអន្តរជាតិ

2021/10/30 01:09:53 pm        362
ភ្នំពេញ ៖ ក្នុងគោលណងធំ ជួយលើកស្ទួយផលិតផលក្នុងស្រុកក្រសួងពាណិជ្ជកម្ម និងគម្រោងកម្ពុជាហាវេស២ បានរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលកែច្នៃ ពីផលកសិកម្មមួយចំនួន ដើម្បីបញ្ជ្រាបទៅក្នុងផ្សារទំនើបទូទាំងប្រទេស រួមទាំងឈានដល់ចាប់យកទីផ្សារអន្តរជាតិ នាពេលខាងមុខ ។ក្នុងពេលរៀបចំធ្វើពិព័រណ៍នៅផ្សាម៉ាក្រូ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោក ជុំ ប៊ុនលី អ្នក​សម្របសម្រួល​ផ្នែកទីផ្សារ នៃគម្រោងកម្ពុជាហាវេស២ ​បានលើកឡើងថា ​ពិព័រណ៍នេះ ធ្វើឡើង ដើម្បីលើកស្ទួយផលិតផលខ្មែរ ឲ្យមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ហើយ​ក៏បានបង្ហាញនូវអ្វីដែលខ្មែរអាចធ្វើបាន​ មិនចាញ់ផលិតផលរបស់បរទេស​ ខណៈហាវេស បានជួយពួកគាត់មានទាំងការដាំដុះ បច្ចេកទេសកែច្នៃ រហូតដល់ការរៀបចំទីផ្សារនេះ ។លោក បានបន្តថា សម្រាប់ផលិតផលកសិកម្ម ត្រូវបានយកមកតាំងពិព័រណ៍នេះ មានដូចជា ដំណាប់ ធ្វើពីស្វាយ ម្នាស់ ល្ហុងជាដើម, ភេសជ្ជៈ ឱសថ ម្រេច គ្រាប់ស្វាយចន្ទី ផ្លែឈើកំប៉ុង ធ្វើពីផ្លែមៀនប៉ៃលិន ផ្លែឈើស្រស់​ រួមទាំងរបស់មួយចំនួនទៀត ​ដែលពួកគាត់យកទៅកែច្នៃ ។សម្រាប់តំណាងសិប្បកម្ម និងរោងចក្រកែច្នៃផលិតនីមួយៗ បានលើកឡើងថា ការរៀបចំ​ពិព័រណ៍នេះ គឺល្អណាស់សម្រាប់ពួកគេ ​ដើម្បីបានផ្សព្វផ្សាយផលិតផលក្នុងស្រុក ទៅកាន់​ប្រជាពលរដ្ឋ ឬភ្ញៀវបរទេស នូវស្នាដៃថ្មីៗ​ ដែលយើងចាប់ផ្ដើមមាន ដើម្បីបង្ហាញទៅ​កាន់​ទីផ្សារអន្តរជាតិ ខណៈទាំងគុណភាព ​ការវេចខ្ចប់ជាដើម សុទ្ធសឹងតែអនុវត្តទៅតាមស្ដង់ដារ ។ពួកគេ បានបន្តថា សម្រាប់ផលិតផល ដែលយកមកតាំងពិព័រណ៍ មួយចំនួនគឺពលរដ្ឋបានស្គាល់ និង​គាំទ្រច្រើន ហើយផលិតផលទាំងអស់នេះ ​ក៏មានលក់នៅតាមផ្សារធម្មតា ផ្សារទំនើប និង​មាននាំទៅទីផ្សារសឹង្ហបុរី និងជប៉ុនជាដើម​ តែគោលដៅបន្ត គឺការនាំទៅទីផ្សារអន្តរជាតិ ឲ្យបាន​គ្រប់មុខទំនិញ ​នៅពេលទទួលបានជោគជ័យ​ វាក៏បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ ។ គួរបញ្ជាក់ថា ពិព័រណ៍នេះ បានចាប់ផ្ដើមបើកពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕ អត្ថបទ បាន សុខរិទ្ធិ

កសិករខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវរដូវប្រាំងបណ្ដើរៗហើយ

2021/10/30 12:59:59 pm        419
ឧត្តរមានជ័យ ៖​ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទទួលបានទិន្នល្អប្រសើរ នឹងចាប់ផ្តើមប្រមូលផលច្រូតកាត់បណ្តើរៗខ្លះហើយ នៅតាមតំបន់មួយចំនួន។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យលោក សូត្រ ស៊ីសុខឃាង បាន​បន្ដ​ទៀតថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្ត ក្រុងស្រុកទាំង​ប្រាំ​​របស់ខេត្តឧត្តរមានជ័យ សំរាប់ឆ្នាំ២០២១នេះ នឹងទទួលបានទិន្នល្អប្រសើរច្រើន​ជាង​បណ្តា​ឆ្នាំមុន​ ដោយសារតែឆ្នាំនេះ ដំណាំស្រូវរបស់ប្រជាកសិករ​មានប្រភពទឹកភ្លៀង​ដែល​បង្ករឲ្យមាន​ជំនន់​ទឹកចូលស្រែរបស់កសិករបានគ្រប់គ្រាន់​នៅចុងឆ្នាំ មិនបង្ករឲ្យមានមានខូចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀងនោះឡើយ ផ្ទុយទៅវិញពេលទឹកបានស្រកបែរហុចផ្លែផ្កា​ឲ្យដំណាំស្រូវមាន​ការ​ដុះបែកគុម្ព​ល្អប្រសើរ។លោកបន្តទៀតថា សំរាប់ការងារកសិកម្ម ចុងឆ្នាំ២០២១នេះ​ប្រជាកសិករអនុវត្ត​បានលើផ្ទៃដី​គ្រប់​ដណ្តប់លើវិស័យកសិកម្មស្រូវរដូវវស្សាសរុបចំនួន ៩៧,២២០ហិកតា។ក្នុងនោះ រួមមាន​ប្រភេទ​ស្រូវស្រាល​ ២៧៥៥ហិកតា ស្រូវកណ្តាល៨៨៦៩៥ ហិកតាស្រូវធ្ងន់ ៥៥៧០ ហិកតាស្រូវចំការ ២៦០ ហិកតា​។ ភាគច្រើនកសិករអាចផលិត​ស្រូវ​ក្នុងមួយឆ្នាំបានរហូត​ទៅដល់២ដងប្រសិន​បើ​ភូមិសាស្រ្តទីតាំងកន្លែងរបស់គាត់នៅជិតប្រព័ន្ធប្រឡាយធារាសាស្រ្តនោះ។យ៉ាងណាម៉ិញចំពោះតម្លៃស្រូវវិញនោះ គឺមានតម្លៃថេរ​សមរម្យ​កសិករអាចទទួលយក​បានដោយ​សារ​តែ​កសិករមួយចំនួន​បានចង់ក្រង​ជាមួយសហគមន៍​ស្រូវអង្ករស្រូវ​ជាមួយ​ក្រុមហ៊ុន​ដោយ​តម្លៃស្រូវ​ចាប់ឆាយ ​កសិករ​អាច​លក់បានតម្លៃលើទីផ្សារក្នុង១គីឡូ​ប្រមាណ៨០០រៀល រីឯស្រូវល្អ​អាច​លក់​បាន​លើ​តម្លៃជាង១០០០រៀល ​ផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប្រឡងសិស្សពូកែថ្នាក់ជាតិ បានចាប់ផ្ដើម នៅថ្ងៃនេះ ទាំងមុខវិជ្ជាឯកទេស និង ចំណេះដឹងទូទៅ
04/27/2026 02:04 PM
ហ្ស៊កដានី និងគូវ៉ែតអំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយចីរភាពរវាងអ៊ីរ៉ង់ និងអាមេរិក
04/27/2026 02:04 PM
សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី
04/27/2026 02:04 PM
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
04/27/2026 02:04 PM
បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស
04/27/2026 02:04 PM
UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
04/27/2026 02:04 PM
មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ
04/27/2026 02:04 PM
កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បី​សែ្វងរក​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ចិនមកកម្ពុជា
04/27/2026 02:04 PM
ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់ពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យកាន់តែច្រើនឡើង
04/27/2026 02:04 PM
យុវជន​គាំទ្រការដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធា ដែលជាមូល​ដ្ឋានគ្រឹះ​កសាង​កម្លាំង​ស្នេហា​ជា​តិ ការអប់រំ និងវិន័យ
04/27/2026 02:04 PM