ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍​ ៣ខែបន្ថែមទៀត

2021/10/29 01:33:19 pm        448
ភ្នំពេញ ៖​​ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ធ្នូឆ្នាំ២០២១ ដើម្បីជួយឲ្យមានការស្តារឡើងវិញនៃសេដ្ឋកិច្ច ។ប្រាក់ឧបត្ថម្ភ នឹងផ្តល់ដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និងការអនុគ្រោះផ្នែកពន្ធសម្រាប់វិស័យទេសចរណ៍ បន្តលើកលែងការបង់ពន្ធអប្បបរមា សម្រាប់​រយៈពេល ៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា។សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី១០) របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែតុលានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ជួយ​ដល់វិស័យទាំង២ ដូចខាងក្រោម បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ​ក្នុងមួយខែ សម្រាប់​កម្មករ-និយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ​ស្បែកជើង, ផលិតផល​ធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ ខែបន្ថែមទៀត​ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ​ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត១ នាក់ (ជាសរុបកម្មករ-និយោជិត១នាក់ ទទួលបាន៧០ដុល្លារអាមេរិក ក្នុងមួយខែ)។ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញការងារ​ ក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ខែបន្ថែម​ទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ នឹងទទួលប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក។ ចំណែក សហគ្រាស ​និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ​ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និង​តាម​លទ្ធភាពជាក់ស្តែង ​បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍​ ដែលបានចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ ​និងមានសកម្មភាពអាជីវកម្ម ​នៅក្នុងរាជធានីភ្នំពេញ, ​ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ​ពីខែ​តុលា​ ដល់ខែធ្នូ ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ ​និង ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT)​ ជារៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការ​លើក​លែងនេះ។រដ្ឋាភិបាលកម្ពុជា បាន​ប្រកាសបន្តលើកលែងការបង់​ពន្ធអប្បបរមា សម្រាប់រយៈពេល ៣ខែ​បន្ថែមទៀត ​ជូនដល់ក្រុមហ៊ុនអាកាសចរណ៍​ ដែលបានចុះបញ្ជីនៅកម្ពុជា ខណៈដែល​វិស័យនេះ​បាន​នឹង​កំពុងរងគ្រោះ​ ដោយ​សារ​ការ​រីករាលដាល ​នៃជំងឺកូវីដ១៩ អស់រយៈជិត២ឆ្នាំ៕អត្ថបទ ៖ វណ្ណៈ

កម្ពុជាបានបញ្ជូនឯកសារពាក់ព័ន្ធបន្ថែមលើពាក្យបណ្តឹង ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ

2021/10/29 12:49:53 pm        430
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល បានកំពុងពន្លឿន និងបានរៀបចំឯកសារលិខិតស្នាមពាក់ព័ន្ធផ្សេងៗ លើពាក្យបណ្តឹង បញ្ជូនទៅតុលាការឥណ្ឌូនេស៊ីបន្ថែម ដើម្បីទាមទារប្រេងឆៅត្រឡប់មកវិញ លើករណីការលួចប្រេងឆៅរបស់កម្ពុជា នាកាលកន្លងមកនេះ។ពាក់ព័ន្ធករណីការលួចប្រេងឆៅរបស់កម្ពុជា កាលពីខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ បន្ទាប់ពីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ និងនាវិកដែលដឹកប្រេងកាលពីថ្ងៃទី ២៥ ខែសីហានោះ រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាអន្តរក្រសួងរួមមាន ៖ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ និងក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺបានពន្លឿនការចរចរ​ជាមួយអាជ្ញាធរកណ្តាលប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើរសុំបញ្ជូនទាំងប្រេង នាវា និងនាវិកទាំងនោះ​មកកាន់កម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះទៅតាមផ្លូវច្បាប់។ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានរៀបចំលិខិតស្នាម និងឯកសារពាក់ព័ន្ធផ្សេងៗ​នៅលើ​សុំណុំរឿងបណ្តឹង បញ្ជូនទៅតុលាការប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត តបតាមការសំណើរសុំ​នៃភាគីប្រទេសឥណ្ឌូនេស៊ី ​ដើម្បីទាមទារយកប្រេងឆៅរបស់កម្ពុជាត្រឡប់មកវិញ ។ចំណែកពាក់ព័ន្ធក្រុមហ៊ុន KrisEnergy វិញ, នាពេលកន្លងមកនេះ ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជា​អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ​ក្រសួងរ៉ែ និងថាមពល បានចេញ​លិខិត​ព្រមានដល់ក្រុមហ៊ុន KrisEnergy រួចហើយ ក្នុងករណីធ្វេសប្រហែស ដែលបណ្តោយឲ្យក្រុម​នាវិក​ទាំងនោះ​លួចទាំងប្រេង​ និងកប៉ាល់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ​ក្រសួង​ក៏បានស្នើរឲ្យក្រុមហ៊ុនមេ របស់ក្រុមហ៊ុន KrisEnergy ចេញមុខធ្វើការទូទាត់សំណង ដូចជា ​ប្រេង និងបំណុល​ហិរញ្ញវត្ថុ​មួយចំនួន ​ដែលក្រុមហ៊ុន​បានជំពាក់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​លើកឡើងថា ​ក្រុមហ៊ុន KrisEnergy បាន​ប្រកាស​ក្ស័យធុន​លើការធ្វើអាជីវកម្មរបស់ខ្លួន​ ប៉ុន្តែក្រុមហ៊ុន KrisEnergy គឺមិនទាន់បាន​ដោះ​ស្រាយចប់សព្វគ្រប់នៅឡើយ ​។ ​បើយោងតាមផ្លូវច្បាប់ ​ក្រសួង នឹងដកអាជ្ញារបណ្ណ​ពី​ក្រុមហ៊ុននោះ​មកវិញ ​ដើម្បីស្វែងរកអ្នកវិនិយោគថ្មីជាបន្ត ៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិកម្ពុជា បង្ហាញវឌ្ឍនភាពការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើបសម្រួលការទូទាត់ទាំងក្នុងស្រុក និងក្នុងតំបន់

2021/10/28 12:08:08 pm        136
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធ​ទូទាត់បាគង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ដើម្បីសម្រួលការទូទាត់ទាំង ក្នុងស្រុក និង​សមាហរណកម្ម​ទៅក្នុងតំបន់។ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងបែបនេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចូលរួមវេទិកា ប្រចាំឆ្នាំរបស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការ​គ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP) ដែលបានចូលរួមដោយថ្នាក់ដឹកនាំ​ធនាគារ​កណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញ គ្រប់គ្រង​ទុន​បម្រុង​អន្តរជាតិ។ គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីផ្តល់ជាឱកាសពិភាក្សាលើស្ថានភាព​សេដ្ឋកិច្ចពិភព​លោក បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​ទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ។ វេទិកានេះ បានលើកយកបទពិភាក្សានូវប្រធានបទបច្ចុប្បន្នភាពសំខាន់ៗ រួមមាន ៖ ការកើនឡើង​នៃអត្រា អតិផរណា​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើង​កម្រិត​បំណុល ការប្រែប្រួល អាកាសធាតុ​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ អត្រាអតិផរណានៅ​សហរដ្ឋអាមេរិក​ បានកើនឡើងខ្ពស់ក្នុងរយៈពេល ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។ កិច្ចពិភាក្សា ក៏បានលើកឡើងពីសារៈសំខាន់នៃការបញ្ចូលបញ្ហាផ្លាស់​ប្តូរ​អាកាសធាតុ​ទៅ​ក្នុង​នយោបាយ​រូបិយវត្ថុ​ និងការ​គ្រប់គ្រង​ទុន​បម្រុង ដែលនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ ​ដែលអាចនាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កំណើន​ និងការអភិវឌ្ឍ។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា កិច្ចពិភាក្សាបានលើកឡើងពីការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជំរុញឱ្យមានការបង្កើត​នូវរូបិយប័ណ្ណអេឡិចត្រូនិក ជាពិសេសផ្អែក​លើ​បច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (CBDC) ដែលកំពុង​ក្លាយ​ជា​ជំហាន​ថ្មី​នៃការវិវត្តនៃរូបិយប័ណ្ណ។គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះ មាន​ការ​គ្រប់គ្រង​ទុនបម្រុងអន្តរជាតិផងដែរ ​ហើយធនាគារពិភពលោក បានផ្តល់​ជំនួយ​បច្ចេកទេស និង​កសាង​សមត្ថភាព​ជំនាញ​ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមាន​ចំនួនប្រមាណ ២១ ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ជា​កម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏បាន​យកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ​ដោយ​បាន​វិនិយោគទុន​បម្រុង​មួយ​ផ្នែក​លើ​វិស័យ​ដែល​គិត​គូរ​ពី​បរិស្ថាន សង្គម​ និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ៕អត្ថបទ៖ យ៉ាម៉ង់

កម្ពុជានាំចេញកសិផលទៅទីផ្សារកូរ៉េខាងត្បូងជាងមួយពាន់តោន ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ

2021/10/27 12:36:14 pm        326
ភ្នំពេញ ៖ ក្រៅពីផលិតឧស្សាហកម្ម មានសំលៀកបំពាក់ និងគ្រឿងបង្គុំអគ្គិសនី កម្ពុជាបាននាំចេញផលិតផលកសិកម្មក្នុងបរិមាណ ១ ២០០ តោន ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៩ខែឆ្នាំ២០២១នេះ ។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍​លទ្ធផល​នៃ​ការ​នាំចេញកសិផលទៅកាន់សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ ឆ្នាំ២០២០ និង ៩ខែឆ្នាំ២០២១។សម្រាប់ការនាំចេញក្នុងរយៈពេល៩ខែ ឆ្នាំ២០២១​ បរិមាណផលិតផលកសិកម្ម​ទៅទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង កើនឡើង ប្រមាណ ១០៦ភាគរយ ធៀបនឹងរយពេលដូចគ្នា​កាលពីឆ្នាំមុន។​ផលិតផលកសិកម្ម​ដែលនាំមុខគេ ទៅទីផ្សារប្រទេសកូរ៉េខាងត្បូង គឺជ័រកៅស៊ូ និងស្វាយស្រស់ ដែល​មាន​បរិមាណ ៩៥០តោន និង១២៩តោន។ ផលិតផលកសិកម្មដទៃទៀត មានដូចជា ស្ករត្នោត គ្រាប់ស្វាយចន្ទី ពោត ដំណាប់ស្វាយ ជាដើម។ដោយឡែក​សម្រាប់ការនាំចេញសរុប នៃផលិតផលកសិកម្ម កាលពីឆ្នាំ២០២០កន្លងទៅ សម្រេច​បានប្រមាណតែជា៥០០តោនប៉ុណ្ណោះ ធ្លាក់ចុះពីបរិមាណនៃការនាំចេញសរុប កាលពីឆ្នាំ២០១៩ ដែល​មាន​សម្រេច​បាន ជាង៦ពាន់តោន។ទាំង​រាជរដ្ឋាភិបាល និងវិស័យឯកជន បានដាក់ក្តីរំពឹងថា បរិមាណនៃនាំការនាំចេញរបស់កម្ពុជា នឹងកើន​ឡើង ដោយសារកម្ពុជានិងប្រទេសកូរ៉េខាងត្បូង ទើបតែបានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ មាន​ចំនួន​ទឹក​ប្រាក់ជាង ៥៧៨ លានដុល្លារអាមេរិក កើនឡើងជាង១១ភាគរយ ក្នុងនោះទីផ្សារនាំចេញរបស់កម្ពុជាមាន​ចំនួនជិត ១៤៤ លានដុល្លារអាមេរិក កើនឡើងជិត ៤ ភាគរយ ខណៈការនាំចូលមានចំនួនជាង ៤៣៤ លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕អត្ថបទ៖ វណ្ណៈ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅដើមឆ្នាំ២០២២

2021/10/26 11:27:35 am        126
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅព្រឹក ថ្ងៃទី២៦ ខែតុលានេះ។ គិតចាប់ពីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ គ្រោងនឹងចូលជាធរ​មាន នៅដើមឆ្នាំ២០២២ខាងមុខ ពោលគឺរយៈពេល៦០ថ្ងៃ ដែលភាគីទាំងពីរត្រូវ បញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួន។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា កូរ៉េខាងត្បូង ត្រូវបានធ្វើឡើងតាម ប្រព័​ន្ធ​អន​ឡាញ ដោយភាគីកម្ពុជា តំណាងដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ថាមពល តំណាងសាធារណរដ្ឋកូរ៉េ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា កិច្ចព្រមព្រៀងនេះ មានចំនួន ១០ជំពូក និង ១៣១មាត្រា រួមទាំងបុព្វកថា និង​ឧបសម្ព័ន្ធ​ដែល​គ្រប​ដណ្តប់​លើ ពាណិជ្ជកម្មទំនិញ រួមមានស្តង់ដារ បទប្បញ្ញត្តិ​បច្ចេកទេស ​និងនីតិវិធីវាយ ​តម្លៃភាពអនុលោម វិធាន​ការ​អនាម័យ ​និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ច សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះ ស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ។ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះដែរ នឹងជំរុញកំណើននៃការនាំចេញ កំណើន​ផលទុន សរុប​ក្នុង​​ស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញ​នូវសេដ្ឋកិច្ច​របស់ប្រទេសទាំងពីរ បានឆាប់រហ័ស ដែល​ទទួល​រង​ផលប៉ះពាល់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវដល់វិស័យឯកជន និងធុរកិច្ចជន ឲ្យខិតខំធ្វើយ៉ាងណាពង្រឹង​សមត្ថភាពនូវការ ផលិត ជាពិសេសគុណភាពទំនិញ ពីព្រោះយើងនឹង អាចឈានទៅរកគុណភាព​ជាលក្ខណៈអន្តរជាតិនាពេល អនាគត។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព​ជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែទំលំទូលាយ ដោយ​ផ្ដល់​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅ បង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-កូរ៉េ សម្រេចបាន​ចំនួន​ប្រមាណជាង ៥១៤លា​នដុល្លារ កើនឡើងជាង ១១% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅ​ឆ្នាំ២០២០ ដោយក្នុងនោះទំនិញ ដែល​នាំ​ចេញ​ពី​កម្ពុជា មានដូចជា ភេសជ្ជៈ ឱសថ រថយន្តដឹកទំនិញ គ្រឿង​អេឡិកត្រូនិក គ្រឿងសំអាង គ្រឿងម៉ាស៊ីន និង​ផលិត​ផល​ប្លាស្ទិកជាដើម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ របស់​ប្រទេស​កម្ពុជា​ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយនឹងសាធារណរដ្ឋ​ប្រជាមានិតចិន​ ដែលទើបតែត្រូវបានផ្តល់ ​សច្ចាប័ន​កាលពីពេលថ្មីៗនេះ៕ អត្ថបទ ៖ ​ឈិត បូរ៉ាវី

កូរ៉េខាងត្បូង នឹងក្លាយជាទីផ្សារធំមួយសម្រាប់នាំចេញទំនិញពីកម្ពុជា

2021/10/26 11:17:46 am        245
​ភ្នំពេញ ៖ វិស័យឯកជន ចាត់ទុកប្រទេសកូរ៉េ ជាទីផ្សារធំមួយបន្ទាប់ពីប្រទេសចិន សម្រាប់ទំនិញរបស់កម្ពុជា ដែលជាផ្នែក​មួយ​ជួយ​លើក​កម្ពស់ខ្សែផលិតកម្មក្នុងស្រុក និងកសិករជាអ្នកដាំដុះបន្ថែមទៀត។ ការលើកឡើង បែបនេះ គឺបន្ទាប់ពីប្រទេសកម្ពុជា និងប្រទេស​កូរ៉េ​ខាង​ត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគជា ផ្លូវការនៅថ្ងៃទី២៦ ខែតុលានេះ។ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរុរាយ៍ ថ្លែងប្រាប់ភ្នាក់ ងារអ្នកយក​ព័ត៌​មាន BTV នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធ​ការ​នាំអង្ករ​ទៅកាន់ប្រទេសកូរ៉េ​ កម្ពុជា អនុវត្តតាមកូតានៃការបង់ពន្ធ ប៉ុន្តែ​បន្ទាប់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះតទៅ គឺបានបង្ហាញនូវចំណុចវិជ្ជមាន ដើម្បី​ឲ្យ​យើង​មាន​លទ្ធ​ភាព​ចរចា​នៅថ្ងៃខាងមុខ និងមានលទ្ធភាពដេញថ្លៃផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសកូរ៉េ ព្រោះទីផ្សារកូរ៉េគឺជាទីផ្សារធំមួយ​បន្ទាប់​ពី​ទីផ្សារ​ចិន។ចំណែកលោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត សាទរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំ ប្រឹងប្រែង​ពង្រីក​ទីផ្សារ ដើម្បីជម្រុញនាំចេញផលិតផលរបស់កម្ពុជា និងផ្នែកមួយ​ជួយលើកកម្ពស់ផលិតផលក្នុង ស្រុក ជាពិសេសផលិត​ផល​ម្រេច​ទៅកាន់ទីផ្សារកូរ៉េ​ឲ្យបានកាន់​តែច្រើនថែមទៀត។ដោយឡែកពាក់ព័ន្ធវិស័យឧស្សាហកម្ម, លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគម​រោងចក្រ​កាត់​ដេរនៅកម្ពុជា GMAC បាន​ថ្លែងថា ស្ថិតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំពោះ​វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ទទួលបានការ​កុម្ម៉ង់​ទិញ​ពី​ខាង​ក្រៅ​យ៉ាង​ច្រើន ដែលធ្វើឲ្យ​កំណើននៃការនាំចេញក៏បានហក់ឡើង។ដោយឡែកទីផ្សារកូរ៉េវិញ សម្រាប់ការនាំចេញកន្លងមានទ្រង់ទ្រាយតិចតូច ដោយកម្ពុជា​បាន​អនុវត្តនៃការនាំចេញ ​តាមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីតំបន់អាស៊ាន-កូរ៉េ។ ចំណែកការចុះកិច្ចព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េនេះវិញ ​នឹងអាចជួយ​ជំរុញ​ថែម​ទៀត នៃការនាំចេញ​ផលិតផលកាត់ដេរទៅកាន់ប្រទេសនោះ។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ នឹងជំរុញ​កំណើន​នៃការនាំចេញកំណើន​ផល​ទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារ​ឡើងវិញ​នូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ​ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ នឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។នៅក្នុងរយៈពេលបីត្រីមាសឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េ ​មានចំនួនទឹកប្រាក់ ជាង ៥៧៨ លានដុល្លារអាមេរិក ​កើនឡើងជាង ១១ភាគរយ ក្នុងនោះ ​កម្ពុជានាំចេញទំនិញសរុប ១៤៤ លានដុល្លារអាមេរិក ​កើនឡើងជិត ៤ ភាគរយ ទៅប្រទេសកូរ៉េខាងត្បូង ខណៈការនាំចូល​មានចំនួនជាង ៤៣៤ ​លានដុល្លារអាមេរិក កើនឡើងជាង ១៤ភាគរយ បើរយៈពេលដូចគ្នាឆ្នាំ ២០២០ ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល គ្រោង​បោះ​ប័ណ្ណ​បំណុល​រដ្ឋ​ក្នុង​ទំហំ​៣០០​លាន​ដុល្លារ នៅ​ឆ្នាំក្រោយ​

2021/10/25 03:44:01 pm        373
ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​ជា​លើកដំបូង​ចំនួន​៣០០​លាន​ដុល្លារ ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​វិនិយោគ​សាធារណៈ សំដៅ​លើ​ស្ទួយ​កំណើន ​និង​ផលិតភាព​សេដ្ឋកិច្ច​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ​នៃ​សេចក្តី​ព្រាងច្បាប់​ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ដែល​ត្រូវ​បា​ន​កិច្ច​ប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អនុម័ត​ទាំងស្រុង ​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​។ការបោះ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​លើកដំបូង​នេះ ​គឺជា​ការចូលរួម​កាត់​បន្ថយ​កម្ចី​ឥណទាន​ពី​ក្រៅ​ប្រទេស ​ដោយ​រាជរដ្ឋាភិបាល ផ្តោត​លើ​ការ​គៀង គរ​ប្រភព​ហិរញ្ញប្បទាន​ពី​ខាងក្នុង​ប្រទេស​។ទន្ទឹមនឹងនេះ ​រាជរដ្ឋាភិបាល ​បាន​កំណត់​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០២២ ​ក្នុង​កម្រិត ១ ៦០០ លាន SDR ។ការបោះ​ពុម្ពផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​លើកដំបូង និង​ការ​ខ្ចី​ក្នុង​ទំហំ​ខាងលើនេះ ​នឹងមិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌករ​ដល់​កម្ពុជ​ទេ ពោល​គី​ជា​ទិដ្ឋភាព​បច្ចេកទេស ​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​នៅតែ​ត្រូវ​បាន​វាយ​តម្លៃថា​មាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ដដែល ដោយ​រាល់​សូចនាករ​បំណុល​គន្លឹះៗ​របស់​កម្ពុជា ​សុទ្ធតែ​ស្ថិតនៅក្រោម​អនុ​បាត​គោល​ទាំងអស់​។សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២ ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុង​បរិការណ៍ ​ដែល​កម្ពុជា​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​វិបត្តិ​កូ​វីដ​-១៩​ នៅឡើយ បន្ទាប់ពី ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ ២០២១ និង​ការបន្ត​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់ ដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។រាជរដ្ឋាភិបាល​បាន និង​កំពុង​បញ្ចេញ​ចំណាយ​អន្តរាគមន៍​យ៉ាង​ច្រើន​ទប់​ទល់នឹង​វិបត្តិ​នេះ ព្រម​ជាមួយ​នឹង​ការ​ត្រៀម​ដាក់​ចេញ​នូវ​ «​យុទ្ធសាស្ត្រ​ស្ដារ និង ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី​» ​សំដៅ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​ទូទៅ​៕អត្ថបទ​៖ វណ្ណៈ

វិស័យ​សេវាកម្ម រំពឹង​នឹង​ងើប​ទៅរក​ប្រក្រតីភាព និង​មាន​កំណើន​ល្អ​ឡើងវិញ

2021/10/25 12:42:57 pm        451
​ភ្នំពេញ ៖ ​វិស័យ​ឯកជន សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា វិស័យ​សេវាកម្ម​នៅ​កម្ពុជា នឹង​អាច​ងើប​វិល​ត្រឡប់ទៅរក​ប្រក្រតីភាព​ និង​មាន​កំណើន​ល្អ​ឡើងវិញ ​គាំទ្រ​ដោយ​លើ​ផ្នែក​សណ្ឋាគារ ​ភោជនីយដ្ឋាន ​វិស័យ​ទេសចរណ៍ និង​ការ​គាំទ្រ​ដោយ​វិស័យ​ផ្សេងៗ​ទៀត ។​លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន ជុំវិញ​ការ​ត្រៀមខ្លួន និង​ការ​បើក​វិស័យ​សេវាកម្ម​ឡើងវិញ នៅ​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ​២០២១ នេះ​ថា វិស័យ​សេវា​នៅ​កម្ពុជា ជាពិសេស​លើ​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន​ និង​វិស័យ​ទេសចរណ៍​ផ្សេងៗ​ទៀត ​នឹង​ចាប់​ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរៗ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​កម្ពុជា​ឡើងវិញ ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ដោយបាន​សម្រួល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​រយៈពេល ​១៤​ថ្ងៃ មក​នៅត្រឹម ៣​ថ្ងៃ​។ ​វិស័យនេះ​រំពឹង​នឹង​កើនឡើង​ល្អ​ថែមទៀត ខណៈ​ប្រទេស​ថៃ​នឹង​បើក​ប្រទេស​របស់ខ្លួន​ឡើងវិញ នៅ​ថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះ ហើយ​តាមរយៈ​នៃ​ការបើក​ប្រទេស​នោះ កម្ពុជា​នឹង​សម្រួល​ទិសដៅ​ឲ្យ​ស្រប​នឹង​ប្រទេស​ថៃ ដែល​ហៅថា (Visa two country) មានន័យថា ភ្ញៀវ​ទេសចរណ៍​សុំ​វី​សារ​មក​ប្រទេស​កម្ពុជា អាច​បន្តទៅ​ប្រទេស​ថៃ និង​ពី​ប្រទេស​ថៃ​អាច​បន្ត​មក​ប្រទេស​កម្ពុជា​បាន ។កម្ពុជា​សង្ឃឹមថា វិស័យ​សេវាកម្ម​នឹង​មាន​សញ្ញា​ល្អ និង​អាច​ងើបឡើង​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ ដែល​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​លើ​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន វិស័យ​ទេសចរណ៍ និង​វិស័យ​សេវាកម្ម​ផ្សេងៗ​ទៀត​។ក្នុងនោះ​ចំពោះ​ផ្នែក​សណ្ឋាគារ​ដែល​បាន​បិទទ្វារ​ជាច្រើន​ខែ​កន្លង​មកនេះ ​បច្ចុប្បន្ន​បាន​កំពុង​រៀបចំ​ត្រៀមខ្លួន​ជា​បណ្តើរៗ​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ ​និង​ស្រប​ពេល​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់ ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ​និង​ហ្វីលីពីន មក​ប្រទេស​កម្ពុជា​នេះ​ផងដែរ​។​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថា ​បន្ទាប់ពី​មាន​សេចក្តីប្រកាស​ ពី​ប្រមុខ​រាជរដ្ឋាភិបាល ប្រតិបត្តិ​ករ​កម្ពុជា​បាន​ផ្ញើ​សេចក្តីប្រកាស​ព័ត៌មាន​ទាំងនោះ ​ជូន​ទៅ​ដៃគូរ​ក្រៅ​ប្រទេស ក្នុងនោះ​ ពួកគេ​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ អំពី​ការ​មក​ទស្សនា​នៅ​កម្ពុជា​ ហើយ​បច្ចុប្បន្ន​យើង​ក៏មាន ភ្ញៀវទេសចរ​នៅក្នុង​ដៃ​ខ្លះៗ​ផងដែរ ​ដោយ​ពួកគាត់​ទាំងនោះ​រង់​ចាំតែ​ពេលវេលា​ចូល​មក​ទស្សនា​នៅ​កម្ពុជា តែប៉ុណ្ណោះ​។សូមបញ្ជាក់ថា​ តាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ រំពឹងថា ​វិស័យ​សេវាកម្ម​នឹង​បន្ត​កើន​ឡើង​ក្នុង​អត្រា​៤,១% ក្នុង​ឆ្នាំ ២០២២ ពី​កំណើន​ត្រឹម ០,៣% ក្នុង​ឆ្នាំ ២០២១​ ដោយសារ​ការ​ងើប​ឡើងវិញ​សន្សឹមៗ​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​និង​វិស័យ​គាំទ្រ​ទេសចរណ៍​ផ្សេងទៀត​៕អត្ថបទ​៖ សុន រ៉ា​ឌី​

ការនាំចេញ​-​នាំចូល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ កើនឡើង​ក្នុង​រយៈពេល​៩​ខែ​

2021/10/21 01:53:05 pm        365
ព្រះសីហនុ​ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​កំពុង​អភិវឌ្ឍន៍​ស្ថិតស្ថេរ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នាំ​ការ​នាំ​ទំនិញ​ចេញ​-​ចូល ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ មាន​កំណើន​ នៅក្នុង​រយៈពេល​បី​ត្រីមាស​ឆ្នាំ​២០២១​។យោងតាម​ស្ថិតិ​ចុងក្រោយ​ចាប់ពី​ខែមករា​ដល់​ខែ​កញ្ញា ឆ្នាំនេះ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទទួល​បាន​បរិមាណ នាំចូល​និង នាំចេញ​សរុប​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ពោល គឺ​កើន​ឡើង​៤០,៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងមក​។ទិន្នន័យ​ឱ្យដឹងថា តម្លៃ​នៃ​ការនាំចេញ និង​នាំចូល ផលិតផល​កើន​ឡើង​ដល់ ១,៥ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​ ដែលមាន​ចំនួន ១,១ ពាន់​លាន​ដុល្លារ​។យោងតាម SSEZ សមិទ្ធផល​ទាំងនេះ គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការ​ខំប្រឹង​ប្រែង​របស់​សហគ្រាស និង​បុគ្គលិក​កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នោះទេ​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នៅ​កម្ពុជា​។ផែនការ​មេនេះ ​ក៏​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សម្រប​សម្រួលការ​អនុវត្ត​រាល់​សកម្មភាព​រវាង​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដោយ​ឈរ​លើ​គោលដៅ​រួម និង​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់​តាមរយៈ​ការកំណត់​ទិសដៅ​សម្រាប់​ការ​កៀរគរ​, ទាក់ទាញ និង​ប្រមូល​ផ្តុំ​ប្រភពធនធាន ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​។មាន​ទីតាំង​ស្ថិតនៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​ត​ទឹក​ជ្រៅ​ព្រះសីហនុ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ទទួល​បាន​គម្រោង​វិនិយោគ​រោងចក្រ​ប្រមាណ ១០០​រោងចក្រ សម្រាប់​ផលិត​នាំ​ចេញទៅ​ក្រៅប្រទេស​៕​អត្ថបទ​៖ វណ្ណៈ

កម្ពុជានាំចេញ​ផលិតផល​មិនមែន​កាត់ដេរ​កើនឡើង​ជាង ៥០​ភាគរយ រយៈពេល​បី​ត្រីមាស

2021/10/21 01:32:08 pm        495
ភ្នំពេញ ៖ កម្ពុជា បាន​នាំចេញ​ទំនិញ​ជា​ផលិតផល​មិនមែន​កាត់ដេរ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៣,៣៧ ពាន់​លាន​ក្នុង​រយៈពេល ៩ខែ​ឆ្នាំ ២០២១ កើន​ជាង ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែល​ភាគច្រើន​បាន​ពី​ចំណែក​ទីផ្សារ​នៅ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​។សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​កាលពី​សប្តាហ៍​មុន បង្ហាញថា ​ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​ក្នុង​តម្លៃ​សរុប ៣ ៣៧៩​លាន​ដុល្លារ កើនឡើង ១ ១៤០ លាន​ដុល្លារ ឬ​ស្មើនឹង ៥០,៩ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​។អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លើកឡើងថា តួលេខ​កំណើន​នៃ​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ​និង​ការវិលត្រឡប់​មករក​ភាព​ល្អប្រសើរ​នៃ​ទីផ្សារ​សហរដ្ឋអាមេរិក ​និង​សហគមន៍​អឺរ៉ុប។ ផលិតផល​មិនមែន​កាត់ដេរ រួមមាន កង់ គ្រឿង​បំណែក​អេឡិចត្រូនិក បង្គុំ​ខ្សែភ្លើង និង​គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ ផលិតផល​ឈើ​ប្រណីត ផលិតផល​ប្លា​ស្ទិ​ក ​ស្បែក​សត្វ​កែច្នៃ និង​ផលិតផល​ផ្សេងៗ​ទៀត​។ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​គម្រោង​វិនិយោគ​សរុប ១៣៤ ដែលមាន​ទុន​វិនិយោគ​សរុប ៣,៣ ពាន់​លាន​ដុល្លារ ក្នុងនោះ ​ការវិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន ១០១ គម្រោង ក្រោម​ទុនវិនិយោគ ១,៤ ពាន់​លាន​ដុល្លារ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ៣៣ គម្រោង ស្មើនឹង​ទឹកប្រាក់ ១,៩ ពាន់​លាន​ដុល្លារ​។CDC បាន​ឱ្យដឹង​ទៀតថា ​គម្រោង​ភាគច្រើន​គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់ ១៧ ២១៥ លាន​ដុល្លារ កើន​ឡើង ១៦,៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន ១៤ ៧៤៨ លាន​ដុល្លារ​៕​អត្ថបទ​៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
04/27/2026 04:04 PM
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
04/27/2026 04:04 PM
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅដល់រុស្ស៊ីសម្រាប់កិច្ចប្រជុំជាមួយលោក Putin
04/27/2026 04:04 PM
ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង
04/27/2026 04:04 PM
លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក
04/27/2026 04:04 PM
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
04/27/2026 04:04 PM
ហេសបូឡា៖ កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ
04/27/2026 04:04 PM
មេដឹកនាំអ៊ុយក្រែន រិះគន់ការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំ២០២៥ លើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl
04/27/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់ផ្តល់ឲ្យអាមេរិកនូវសំណើបើកច្រកសមុទ្រ Hormuz និងពន្យារការចរចានុយក្លេអ៊ែរ
04/27/2026 04:04 PM
ប្រជាជនអ៊ីរ៉ង់សង្ឃឹមសម្រាប់សន្តិភាព ប៉ុន្តែទទូចឱ្យការពារផលប្រយោជន៍ជាតិ ខណៈការចរចាជាមួយអាមេរិកជាប់គាំង
04/27/2026 04:04 PM