នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ជប៉ុន JETRO បន្ត​សហការ​ជំរុញ​ការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា

2021/06/03 01:39:29 pm        609
ភ្នំពេញ ៖ សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO បាន​ឯកភាពគ្នា​បន្ត​សហការ​គ្នា​លើ​ការជំរុញ ​និង​ទាក់ទាញ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។កិច្ចសហការ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប ពិភាក្សា​ការងារ រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO) ប្រចាំ​នៅ​កម្ពុជា ​កាលពីពេលថ្មីៗ ក្រោម​វត្តមាន ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា និង លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា​។ ​ឯកឧត្តម​ឧកញ៉ា ងួន ម៉េង​តិច ​វាយតម្លៃ​ខ្ពស់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​ដែល​កន្លងមក​ស្ថាប័ន​ទាំងពីរ បានរៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​រួមគ្នា​ជាច្រើន ​សំដៅ​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន ឲ្យ​មក​វិនិយោគ​បន្ថែមទៀត​លើ​កម្ពុជា​។សភាពាណិជ្ជកម្ម​កម្ពុជា នឹង​បន្ត​ជួយ​គាំទ្រ​ដល់ អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​រៀបចំ​ជំនួប​ពាណិជ្ជកម្ម ក៏ដូចជា ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សក្ដានុពល​កម្ពុជា ​ទៅកាន់​ធុរជន និង​វិនិយោគិន​ជប៉ុន​។ជាការ​ឆ្លើយតប លោកស្រី ម៉ា​រី​សា ហា​រុ​តា (Marisa Haruta ) បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ឧកញ៉ា​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ​ដែល​តែងតែ​ជួយ​គាំទ្រ ​សហការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ជាពិសេស ការរៀបចំ​ប្រកបដោយ​ជោគជ័យ​នូវ​កម្មវិធី​ពិព័រណ៍​និង​ជំនួប​ពាណិជ្ជកម្ម​ផលិតផល​គុណភាព​ខ្ពស់​របស់​ជប៉ុន​ ដែល​បាន​ប្រព្រឹត្តទៅ ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ ក្នុងន័យនេះ លោកស្រី បាន​ស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​បន្ត​ជួយ​គាំទ្រ​រៀបចំ​កម្មវិធី​ប្រហាក់​ប្រហែលគ្នា​នេះ នៅ​ចុងឆ្នាំ​២០២១ ​ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​។ ក្រៅពីនេះ ​លោក​បានស្នើ​សភាពាណិជ្ជកម្ម​កម្ពុជា ​សហការ​ជួយ​រៀបចំ​កម្រង​ឯកសារ​វីដេអូ​ ស្តីពី​សក្ដានុពល​កម្ពុជា ដោយមាន​ការចូលរួម​ពី​ធុរជន​សំខាន់ៗ​នៅ​កម្ពុជា ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​ធុរកិច្ច​ជប៉ុន​។ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ​២០២០ ​មានតម្លៃ​សរុប ២,១​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ ៨,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩ ​ដោយ​កម្ពុជា​ នាំចេញ​ទំនិញ​មានតម្លៃ​១,៦​ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​ជប៉ុន ធ្លាក់​ចុះ ៦,៦​ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​មានតម្លៃ​៤៨៤​លាន​ដុល្លារ ​ធ្លាក់ចុះ​១៣,៨​ភាគរយ​។យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​២០១៨ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន ​១៣៧​គម្រោង ​ជាមួយ​ នឹង​ទុនវិនិយោគ​សរុប ២,៤​ពាន់​លាន​ដុល្លារ​៕អត្ថបទ ៖ វណ្ណៈ 

ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី ជួប​បញ្ហា​ច្រើន​ក្នុង​ការ​ដាំដុះ ​ខណៈ​មានតម្លៃ​ទីផ្សារ​ខ្ពស់​ជាង​មុន

2021/06/03 05:47:59 am        342
ភ្នំពេញ ៖ ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី ដែល​ជា​ដំណាំ​សក្ដានុពល​នៅ​កម្ពុជា​ ត្រូវបាន​រំពឹងថា ​នឹងមាន​ទីផ្សារ​ងើបឡើង​កាន់តែ​ល្អ​បន្ថែមទៀត ​នៅ​ចុង​រដូវ​នៃ​ការប្រមូល​ផល​ឆ្នាំនេះ ​ដោយមាន​អ្នកបញ្ជា​ទិញ​កំពុង​ចរចា និង​មានតម្លៃ​ខ្ពស់​ជាង​មុន ។លោក នី កាណ ប្រធាន​សម្ព័ន្ធ​សមាគម​ដំឡូង​មី​ខេត្តបាត់ដំបង ​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយក​ព័ត៌មាន BTV ស្តីអំពី​ការដាំដុះ​ដំណាំ​ដំឡូង​មី ​និង​តម្លៃ​ទីផ្សារ​ដំឡូង​មី​បច្ចុប្បន្ន ​នៅ​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នេះ​ថា ទិន្នផល​ដំឡូង​មី​ នៅក្នុង​ឆ្នាំនេះ ​ទទួល​បាន​បរិមាណ​តិចជាង​ឆ្នាំមុន ​។ ចំណែក​គុណភាព​ក៏​មិនសូវ​គាប់​ប្រសើ​ផងដែរ ​ខណៈ​នៅក្នុង​រដូវ​នៃ​ការដាំដុះ​នេះ ​កសិករ​ជួប​បញ្ហា​ទឹកភ្លៀង​ធ្លាក់​ជាច្រើន ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ដំឡូង​ដុះ​លូតលាស់​មិនសូវ​ល្អ​។លោក បន្តថា ខណៈ​បរិមាណ​ដំឡូង​មី​ មានការ​ធ្លាក់ចុះ ចំណែក​ទីផ្សារ​នៃ​ការ​លក់​ដំឡូង​មី​វិញ បាន​ងើបឡើង​ល្អប្រសើរ​ ជាពិសេស​នៅ​ចុងរដូវ​នេះ ​ឈ្មួញ​ទិញ​ដំឡូង​មី​ក្រៀម ​បាន​កំពុង​ចរចា​ឲ្យ​តម្លៃ​ខ្ពស់​។ ​ក្រៅពី​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសជិតខាង ​លោក​ក៏​សង្ឃឹម​ផងដែរ​ថា​ ផល​ដំឡូង​មី​នៅ​ឆ្នាំ​បន្តបន្ទាប់ ​នឹង​អាច​លក់​ចេញ​បាន​តម្លៃ​កាន់តែ​ប្រសើរ ​ខណៈ​បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ ​និង​ជួយ​ទំនាក់ទំនង ​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​នេះ​ទៅកាន់​ប្រទេស​ចិន​ដោយផ្ទាល់ ។ពាក់ព័ន្ធ​ការ​ដាំដុះ​នេះដែរ​, លោក វ៉ា រុត​សាន កសិករ​អ្នក​ដាំ​ដុះ ​និង​រកឃើញ​ពូជ​ស្វាយចន្ទី M23, M7, M10 ​បច្ចុប្បន្ន​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ជាង១៣០​ហិកតា​។ លោក ​លើកឡើងថា ​ការប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ កសិករ​ជួប​បញ្ហា​ខ្លះៗ​ដោយសារ​កត្តា​អាកាសធាតុ ​សត្វល្អិត​ និង​សន្សើម​ប្រៃ​ជាដើម​ ដែល​អាច​ធ្វើ​ឲ្យ​បរិមាណ​ទិន្នផល​ឆ្នាំនេះ​ធ្លាក់ចុះ​ខ្លះ​។ ​ប៉ុន្តែ​ស្រប​ពេល​នេះដែរ សម្រាប់​តម្លៃ​លក់​ចេញ​គ្រាប់ស្វាយចន្ទី​ស្ងួត​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​វិញ ​កសិករ​លក់​បាន​ក្នុង​រង្វង់ ១ ៦៥០ ដុល្លារ ទៅ ១ ៧០០ ដុល្លារ ក្នុង​តោន គឺ​ខ្ពស់​ជាង​ឆ្នាំ​២០២០ ​ហើយ​លោក​សង្ឃឹមថា​ នៅ​ចន្លោះ​ខែសីហា ​និង​ខែកញ្ញា ក្នុង​ឆ្នាំ​២០២១​នេះ​ តម្លៃ​លក់​ចេញ​គ្រាប់​ស្ងួត ​នឹង​អាច​ហក់​ឡើងដល់​រង្វង់ ​២ ០០០​ដុល្លារ ក្នុង​មួយ​តោន​ផងដែរ​។យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានបង្ហាញ​អំពី​ស្ថានភាព​នៃ​ការនាំចេញ​កសិផល​ក្នុង​រយៈពេល ៥ ខែ ឆ្នាំ​២០២១ ក្នុង​នោះ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ រួមមាន ​៖ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត ​សណ្តែកបាយ ​សណ្តែកសៀង ចេក ស្វាយ​ស្រស់ ​ក្រូចថ្លុង ដូង​ប្រេង ថ្នាំជក់ ម្រេច បន្លែ​គ្រប់មុខ និង​ម្ទេស​ជាដើម មាន​ចំនួន​ជាង ៣ ​លាន​តោន ​កើនឡើង ៦៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ​និង​មានតម្លៃ​នៃ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ តាម​ការ​ប៉ាន់ស្មាន ក្នុង​រង្វង់​ជិត ១៨ លាន​ដុល្លារ​អាមេរិក ៕​អត្ថបទ​៖ សុន រ៉ា​ឌី

គ្រូបង្រៀន​នៅ​កំពត​ ប្រែក្លាយ​វិបត្តិ​កូ​វីដ​-១៩​ ជា​ឱកាស​បង្កើត​កសិដ្ឋាន​ធម្មជាតិ​បង្កើន​ជីវភាព

2021/06/02 12:16:32 pm        188
កំពត ៖ ​​ផ្តើមចេញពី​ភាព​ឧស្សាហ៍​ព្យាយាម និង​ជំរុញ​គាំទ្រ​ដល់​កសិផល​ក្នុងស្រុក​ អំឡុង​ពេល​កម្ពុជា​មាន​ជំងឺ​កូ​វីដ​-១៩​ គ្រួសារ​គ្រូបង្រៀន​ម្នាក់​ នៅ​ខេត្តកំពត ​បាន​ឆ្លៀតពេល​សាកល្បង​រៀន​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​លក្ខណៈ​គ្រួសារ​ដើម្បី​រក​ចំណូល​បន្ថែម​។ ​ដោយ​ការ​ព្យាយាម ​ក្រោយមក​ពីរ​ឆ្នាំ​លោកស្រី​ បាន​បង្កើន​ការ​ដាំដុះ និង​ការ​ចិញ្ចឹម​សត្វ​កាន់​តែច្រើន​ ហើយ​ក្លាយ​ជា​កសិដ្ឋាន​ធម្មជាតិ​ចម្រុះ​មួយ ​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​បួន​ហិកតា​។លោកស្រី បាន់ គឹម​ហ៊ាង ជា​គ្រូបង្រៀន​រស់នៅ​ភូមិ​កោះ​ចំការ ​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រៀបរាប់​ថា ​ចាប់​តាំងពី​មានការ​ផ្ទុះ​ចេញ​នូវ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ​ការងារ​បង្រៀន​សិស្ស​មាន​ពេលទំនេរ​ច្រើន ​។ លោកស្រី​ និង​គ្រួសារ​ក៏បាន​ពិគ្រោះគ្នា ​ដើម្បី​បង្កើត​មុខរបរ​រក​ចំណូល​បន្ថែម​នៅ​អំឡុង​ពេល​ប្រឈមមុខ​និង​វិបត្តិ​ដ៏​ពិបាក​នេះ​។ ​ក្រោយ​ពិភាក្សា​រួច​ក៏​នាំគ្នា​ច្នៃ​ដីស្រែ​របស់ខ្លួន​ ដោយ​កាយ​ជា​ប្រឡាយ និង​ស្រះ​មួយចំនួន ​ដើម្បី​លើក​រង ​សាកល្បង​ដាំ​ដំណាំ​ដូង ​ហើយ​កន្លែង​ដែល​ទំនេរ ទុក​ដាំ​ស្រូវ និង​សណ្តែកបាយ​។ ​ក្រោយមក បាន​ស្តាយ​ស្រះ​ និង​ប្រឡាយ​ទុកចោល ​ម្យ៉ាង​ប្រាក់ចំណូល​បាន​តិច​ផង​ ក៏​សាកល្បង​ចិញ្ចឹម​ត្រី​អណ្តែង ​និង​ត្រី​ប្រា​បន្ថែម​ ហើយក៏​ចេះតែ​សមប្រកប​ដុះដាល​បន្តិច​ម្តងៗ​ រហូត​ចិញ្ចឹម​ដល់​បង្កង ​ និង​បាន​ពង្រីក​ពី​លក្ខណៈ​គ្រួសារ​ឲ្យ​ទៅជា​កសិដ្ឋាន​ធម្មជាតិ​ចម្រុះ​មួយ ​ដាំ​ដំណាំ​ស្ទើរ​ គ្រប់​ប្រភេទ​ដោយ​មិន​ប្រើ​ជីគីមី​កសិកម្ម​។លោកស្រី​ បានលើកឡើង​ថា ​បច្ចុប្បន្ន​កសិផល​ភាគច្រើន​ពឹង​តែ​លើ​ការ​នាំចូល​មកពី​ប្រទេសជិតខាង ហើយ​កសិកម្ម​ក្នុងស្រុក​មិន​សូវមាន​អ្នក​ចាប់អារម្មណ៍​ធ្វើ​នោះទេ​ ។ លោកស្រី​ ជំរុញ ​និង​គាំទ្រ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ប្រើប្រាស់ ​និង​ច្នៃ​ដី​របស់ខ្លួន ​សម្រាប់ធ្វើ​កសិកម្ម​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផង និង​ទទួល​បាន​ប្រាក់ចំណូល​ផង ដោយ​មិន​ចាំបាច់​ប្រឈម​ហានិភ័យ​ក្នុង​ការ​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​នោះទេ ។លោកស្រី​ បន្ថែមថា ​លោកស្រី​បាន​ពង្រីក​កសិដ្ឋាន និង​បាន​ដាំ​ដំណាំ​បន្ថែម​ជាច្រើន​មុខ​ និង​បន្ថែម​ការ​ចិញ្ចឹម​គោ ​និង​មាន់ ​ខណៈដែល​ការចិញ្ចឹម​ត្រី ​ចិញ្ចឹម​បង្ក​ង ​និង​ត្រចៀកកាំ​ទទួល​បាន​ផល​ជា​បណ្តើ​រសម្រាប់​ទប់ទល់​ការ​ចំណាយ​លើ​កម្លាំង​ឈ្នួល​ពលកម្ម​ជាង​១០​នាក់​៕​អត្ថបទ ៖អន សារី​ម​

ដំណើរការ​ផលិតកម្ម និង​ឧស្សាហកម្ម ​ក្នុងស្រុក​ជំរុញ​វិស័យ​ដឹកជញ្ជូន​ងើបឡើង​វិញ​

2021/06/02 12:03:07 pm        110
ភ្នំពេញ ៖ ដំណើរការ​ផលិតកម្ម ​និង​ឧស្សាហកម្ម​ក្នុងស្រុក ចាប់​ផ្ដើម​ងើបឡើង​វិញ ​នៅ​ក្រោយ​ការ​ដក​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ។ ​ការ​វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​នៃ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ និង​ឧស្សាហ​កម្មនេះ​ ​បាន​ទាញ​ឱ្យ​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក​ស្ទុះ​ងើបឡើង​វិញ​។លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីអំពី​អនុវិស័យ​ដឹកជញ្ជូន​ក្នុងស្រុក និង​ការ​ដឹក​ជញ្ជូន​ឆ្លងដែន ​នៅ​ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​កម្ពុជា​កំពុង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​មួយ​ចំនួន​ក្នុងស្រុក​ ជាក់ស្តែង​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដែល​បច្ចុប្បន្ន​វិស័យ​នេះ​ បាន​កំពុង​រីកចម្រើន​នៅក្នុង​ស្រុក​ ជាពិសេស​ផលិតផល​សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​។ សម្រាប់​សន្ទុះ​នៃ​ការ​ដឹកជញ្ជូន ​បាន​កំពុង​កំរើក​ឡើងវិញ​ជា​បណ្តើរៗ ក្នុង​ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ​។ ​ក្រៅពីនេះ សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​នាំចូល​មកកាន់​ទីផ្សារ​ក្នុងស្រុក ​ជាពិសេស​វាយ​ន​ភណ្ឌ​ដែល​បម្រើ​ដល់​វិស័យ​កាត់ដេរ ​និង​ទំនិញ​ផ្សេងៗ បាន​កំពុង​មាន​កំណើន​សម្រាប់​ទីផ្សារ​នាំចូល និង​កំពុង​មាន​កំណើន​ដល់​វិស័យ​ដឹកជញ្ជូន​ផងដែរ ។យោងតាម​របាយការណ៍​រយៈពេល ៤​ខែ ឆ្នាំ ២០២១ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ កើនឡើង​ជាង ៩ ភាគរយ ក្នុងនោះ​សម្រាប់​ការនាំ​ចូល ​កើនឡើង​ជាង ១១ ភាគរយ​, ដាក់​ដោយ​កុង​តឺន័​រ កើន​ជាង ២៥ ភាគរយ ខណៈ​ការដឹកជញ្ជូន​មិនមែនជា​កុង​តឺន័​រ បាន​ថយ​ចុះ​ជិត ៤ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ។ ចំណែក​ការ​ដឹកជញ្ជូន​សម្រាប់​ការនាំចេញ​វិញ ​មាន​កំណើន​កើនឡើង​ជាង ៤ ភាគរយ ក្នុងនោះ​ជា​កុង​តឺ​ន័​រ​កើនឡើង​ជាង ៣ ភាគរយ រួមជាមួយ​ការរៀបចំ​ដឹកជញ្ជូន​ចេញ​មិនមែន​កង​តឺន័​រ​មួយចំនួនទៀត ៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក​បន្ត​កើនឡើង

2021/06/01 02:19:24 pm        366
ភ្នំពេញ ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក បន្ត​កើនឡើង បើទោះជា​ស្ថិត​រង​ការ​ប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ​ ២០២១ ការនាំចេញ​នាំចូល មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​ កើនឡើង​២៨​ភាគរយ ។ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក ​នៅ​ថ្ងៃទី ១ ខែមិថុនា ​ឆ្នាំ២០២១ នេះ​ថា ​ចំពោះ​ទំនាក់ទំនង​នៅក្នុង​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ ទៅកាន់​សហរដ្ឋអាមេរិក គឺ​មាន​កំណើន​កើន​ឡើង​គួរ​ជាទី​កត់សម្គាល់​ដូចជា ការនាំចេញ​សំលៀកបំពាក់ កាបូប ស្បែកជើង ​និង​សម្ភារៈ​ផ្សេងៗ​ជាដើម​។កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​សរុប​ជាង ៩៣ លាន​ដុល្លារ ​កើនឡើង​ជាង ១០​ភាគរយ ខណៈ​ការនាំចេញ​មាន​ចំនួន​ទឹកប្រាក់​ជាង​ ១ ៩០០ ពាន់​លាន​ដុល្លារ ​កើនឡើង​ជាង ២៩​ភាគរយ​។ឯកឧត្តម បន្តថា ជុំវិញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក នេះ ទោះបី​ស្ថាន​នៅក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ក្តី ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​នៅតែ​រក្សា​បាន​ស្ថិរភាព​ល្អប្រសើរ​ ដោត​សហរដ្ឋអាមេរិក​នៅតែ​ចាត់​ទុក​ប្រទេស​កម្ពុជា ​គឺជា​ប្រភព​មួយ ​នៃ​ការផលិត​សម្រាប់​ការនាំចេញ​ ខណៈ​សហរដ្ឋអាមេរិក​មាន​ក្រុមហ៊ុន​ធំៗ​ជា​ដៃគូ ​បាន​កំពុង​ទទួល​ទិញ​ផលិតផល​ពី​កម្ពុជា ។ ទាក់ទង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក នេះ​ផងដែរ​, លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ លើកឡើងថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​ជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ​នៅក្នុង​ថ្ងៃ​អង្គារ ​ គឺ​បានបង្ហាញ​នូវ​ទំនាក់ទំនង​កាន់តែ​ជិត ស្និត​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​ នឹងធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​កាន់តែ​ប្រសើរ​ថែមទៀត ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុម​ដៃគូរ​ជាច្រើន កំពុង​រង​ចាំ​ឱកាស​វិនិយោគ​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ។សូមបញ្ជាក់ថា​ នៅក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០២១ ទីផ្សារ​សហរដ្ឋអាមេរិក បាន​ឈរ​ក្នុង​លំដាប់​ទី​១ នៃ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ច្រើន​ជាងគេ ​តាម​ពីក្រោយ​ដោយ ទីផ្សារ​ចិន​, អឺរ៉ុប​, អាស៊ាន​, ជប៉ុន​, ចក្រភព​អង់គ្លេស ​និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​ផ្សេងៗ​មួយ​ចំនួនទៀត​៕​អត្ថបទ​៖ សុន រ៉ា​ឌី​

កម្ពុជា​នាំ​អង្ករ​ចេញ​ជាង​២៣​ម៉ឺន​តោន​ក្នុង​រយៈពេល​ប្រាំ​ខែ​ឆ្នាំ​២០២១

2021/06/01 06:09:45 am        360
ភ្នំពេញ ​៖ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ២៣៣ ០៣១​តោន ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១ ថយចុះ ​៣៤,៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។ ​ប្រទេស​ចិន ជាទី​ផ្សារ​ធំជាងគេ​សម្រាប់​ការនាំចេញ​អង្ករ​ពី​កម្ពុជា ​ដោយ​រួមចំណែក​ប្រមាណ​៥១​ភាគរយ​នៃ​បរិមាណ​អង្ករ​នាំចេញ​សរុប​។ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា​ អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប ​ចំនួន​២០​ប្រទេស​ មាន​បរិមាណ​សរុប ​ចំនួន ៥៥ ១៨៨​តោន សើ្ម​នឹង ២៣,៦៦ ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប ​ទៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន​ ១២០ ៨៣៤​តោន ស្មើនឹង​៥១,៨៦​ភាគរយ ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ​២១ ៨៤៨​តោន ស្មើនឹង​៩,៣៨​ភាគរយ និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​១៩​ប្រទេស ​មាន​បរិមាណ​សរុប ៣៥ ១៦១​តោន ស្មើនឹង​១៥,១​ភាគរយ​។ឯកឧត្តម ​ បន្ថែមថា ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន ចំនួន ៥៤​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ ​ចំនួន​១០ មាន​រហូតដល់ ១៦៨ ៥១១​តោន (៧២,៣១%) និង​ក្រុមហ៊ុន​៤៤​ដទៃ​ទៀត​បាន​នាំចេញ​ត្រឹមតែ ៦៤ ៥២០​តោន (២៧,៦៩%)​។​​ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ដ្រី​កសិកម្ម ក៏បាន​លើកឡើងថា ​ការនាំចេញ​ស្រូវ​មាន​ចំនួន ១,៦​លាន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​អារ៉ាប់​រួម មានការ​កើន​ឡើង​ចំនួន​៨២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ។សម្រាប់​នាំ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្រសួងពាណិជ្ជកម្ម គ្រោង​បើក​ការចរចា​ជាមួយ​ភាគី​ចិន លើ​កូតា​នាំចេញ​អង្ករ​ថ្មី ​ប្រមាណ​៥០​ម៉ឺន​តោន បន្ទាប់ពី​កូតា​នាំចេញ​អង្ករ​បច្ចុប្បន្ន ​មាន​៤០​ម៉ឺន​តោន​។​​ក្នុង​រយៈពេល​៥​ខែ ដើម​ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ មាន​បរិមាណ​សរុប ៤,១ លាន​តោន​ ទៅកាន់​ទិសដៅ ៥៧ ប្រទេស គឺ​មាន​ការកើនឡើង ​ចំនួន​១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០ ​ដែល​ទទួល​បាន​ត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន​៕​អត្ថបទ​៖ វណ្ណៈ 

កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជាង ១៩ម៉ឺន​នាក់ នៅក្នុង​ខែឧសភា​នេះ​

2021/05/31 10:10:16 am        270
​ភ្នំពេញ៖ ក្នុង​ខែ​ឧសភា ឆ្នាំ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជាង ១៩ ម៉ឺន​នាក់ ក្នុង​នោះ ​ភ្ញៀវ​ជាតិ មាន​ចំនួន​ជាង ១៩១,០០០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥​នាក់ ធៀប​នឹង​ខែ​មេសា ចំនួន​នេះ​បាន​កើនឡើង​ប្រមាណ​ជាង ៦៩៦%​។​​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២១ ជុំវិញ​និង​ភ្ញៀវ​ទេសចរណ៍ នៅក្នុង​ខែ ឧសភា ឆ្នាំ​២០២១ សម្រាប់​សប្តាហ៍​ទី​១ ទទួលបាន​ភ្ញៀវ​ប្រមាណ ១៩ពាន់​នាក់​, សប្តាហ​ទី​២ ជិត ៥០ ពាន់​នាក់​, សប្តាហ​ទី​៣ ជិត ៥៣ពាន់​នាក់ និង​សប្តាហ៍​ទី​៤ ទទួលបាន​ភ្ញៀវ​ជាង ៧១ ពាន់​នាក់ បើ​សរុប​នៅ​ទូទៅ​ប្រទេស កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប ១៩៤,០០០ នាក់ ក្នុងនោះ ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១៩១,០០០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,២០៥នាក់​។ ​​​ចំពោះ​គោលដៅ​សំខាន់ៗ​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត ដែលមាន​សកម្មភាព​ទេសចរណ៍​ច្រើនជាងគេ​ក្នុង​ខែឧសភា​នេះ រួមមាន​៖ ខេត្តកំពត​ជិត ៣៩ពាន់​នាក់​, ខេត្តបាត់ដំបង​ជិត ២៧ពាន់​នាក់​, ខេត្ត​កែប​ជាង ២៣ ពាន់​នាក់​, ខេត្តសៀមរាប​ជិត ១៩ពាន់​នាក់​, ខេត្តកំពង់ស្ពឺ​ជាង ១៦ពាន់​នាក់ និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ជាង ១២​ពាន់​នាក់​។​​​​ជុំវិញ​ភ្ញៀវ​ទេសចរណ៍​នេះ​, ឯកឧត្ដម ថោង ខុន បាន​បន្តថា នៅក្នុង​ខែឧសភា ឆ្នាំ២០២១ នេះ ចំនួន​ភ្ញៀវ​ទេស​បាន​កើនឡើង​ប្រមាណ​ជាង ៦៩៦% ធៀប​នឹង​ខែ មេសា​, ចំពោះ​ចំនួន​នៃ​ការកើនឡើង​នេះ គឺ​ដោយសារ​ក្នុង​ខែ មេសា រាជរដ្ឋាភិបាល​បាន​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន រយៈពេល​ជាង​ពីរ​សប្តាហ៍​។​​​​សូមបញ្ជាក់ថា​​ រមណីយដ្ឋាន​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បានចាប់ផ្តើម​បើក​ដំណើរ​ឡើងវិញ​ជា​បណ្តើរៗ ចាប់ពី​រាជរដ្ឋាភិបាល បាន​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើងវិញ រហូតដល់​ដំណាច់​ចុងខែ​ឧសភា​នេះ ដោយបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​វិធានការ «៣ កុំ​» និង «៣ ការពារ​» រួមជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

កម្ពុជា​កំពុង​ត្រៀម​សេចក្តីព្រាង​ឯកសារ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា

2021/05/31 01:23:43 pm        308
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​-​ស្ថាប័ន ​ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅ​ក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា។ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជា​តំណាង​របស់​ឯកឧត្តម ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​សុក្រ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​អន្ត​ក្រសួង​-​ស្ថាប័ន ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ជំពូក​ស្តីពី​បរិស្ថាន​នៅក្នុង​សេចក្តីព្រាង​ឯកសារ​ក្របខណ្ឌ​សម្រាប់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន ​ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត​។ថ្លែង​ទៅកាន់​អង្គប្រជុំ ឯកឧត្តម​ប្រធាន​បាន​មានប្រសាសន៍ថា បញ្ហា​បរិស្ថាន​គឺជា​ការទូត​បៃតង ដែល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ ដើម្បី​ធ្វើឱ្យ​កម្ពុជា​អាច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ​ក្នុងឱកាស​នោះ អង្គប្រជុំ​បាន​ផ្តល់​ឱកាស​ឱ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ ផ្តល់​ធាតុ​ចូល​ដើម្បី​បង្កើត​បានជា​ជំហរ​របស់​កម្ពុជា សម្រាប់​ឆ្លើយតប​ទៅកាន់​លេខាធិការ​អាស៊ាន​វិញ​។ជាមួយគ្នា​នោះ ឯកឧត្តម ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​អង្គប្រជុំ​អំពី​សាវ តា​នៃ​ការគ្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ដា​ណា ព្រមទាំង​បាន​ជម្រាប​ជូន​នូវ​ជម្រើស​មួយ​ចំនួន​ដែលជា​ជំហរ​សម្រាប់​អង្គប្រជុំ​ពិចារណា ​ក្នុងការ​រៀបចំ​ធាតុ​ចូល​សម្រាប់​ស្វែងរក​ជំហរ​រួម​អាស៊ាន ​ដើម្បី​ឆ្លើយតប​ទៅ​ភាគី​កាណាដា​វិញ​ផងដែរ​។ជា​កិច្ចបញ្ចប់ ឯកឧត្តម ​ប្រធាន​អង្គ​ប្រជុំ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​-​ស្ថាប័ន​ ពាក់ព័ន្ធ ដែល​ចូលរួម​ផ្តល់​ធាតុ​ចូល​ និង​ប្ដេជ្ញា​សហការគ្នា ​ដើម្បី​ធានា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការ​ធ្វើសមាហរណកម្ម​ថា្នក់​តំបន់​ជាមួយ​កាណាដា ​ក៏ដូចជា​បណ្តា​ប្រទេស​ដៃគូ​អាស៊ាន​ផ្សេងទៀត​។របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ៨០០ លាន​ដុល្លារ ធ្លាក់ចុះ ​១៦ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​ ក្នុងនោះ ​ការនាំ​ទំនិញ​ពី​កម្ពុជា​មានតម្លៃ ៧៤៥ លាន​ដុល្លារ ធ្លាក់ចុះ ​១១​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​កាណាដា​មានតម្លៃ ៥៥ លាន​ដុល្លារ ធ្លាក់ចុះ ៥៤ ភាគរយ​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមូល​ចំណូល​ជាង ២៨ លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ

2021/05/31 12:25:28 pm        128
ព្រះសីហនុ ៖ ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​៤ខែ ឆ្នាំ២០២១​ សរុប​មាន​ចំនួន​បរិមាណ​ជាង២លាន​តោន ​កើនឡើង​ជាង ៩ភាគរយ ក្នុងនោះ​ ការប្រមូល​ចំណូល​លើ​អាជីវកម្ម​សរុប​ចំនួន​ទឹកប្រាក់​ជាង ២៨ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៩ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ ។តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ រយៈពេល ៤​ខែ ឆ្នាំ ២០២១ របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​បង្ហាញ​ឲ្យ​ដឹងថា​ ការនាំ​ចូល​មាន​ចំនួន ១,៨ លាន​តោន​ កើនឡើង​ជាង ១១ ភាគរយ និង​ការនាំចេញ​មាន​បរិមាណ​ជាង ៥៤ម៉ឺន​តោន​ កើនឡើង​ជាង ៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ ២០២០ ។ការ​នាំចូល​ទំនិញ​សំខាន់ៗ​តាម​កុង​តឺន័​រ រួមមាន​៖ ម៉ូតូ​, ក្រណាត់​, បារី​, និង​ទំនិញ​ផ្សេងៗ​មានការ​កើនឡើង ​ខណៈ​ការដឹកជញ្ជូន​រួមមាន ​៖ រថយន្ត​, គ្រឿងចក្រ​, កង់ និង​សំលៀកបំពាក់ បាន​ថយចុះ ។ ចំពោះ​ការ​ដឹក​ជញ្ជូន​មិនមែន​កុង​តឺន័​រ​មានដូចជា ​គ្រឿងចក្រ និង​លោហៈធាតុ ​មាន​បរិមាណ​កើនឡើង ​ខណៈ​ការ​ដឹក​ជញ្ជូន​ប្រេង និង​សម្ភារៈ​ផ្សេងៗ​បាន​ធ្លាក់​ចុះ ។ ដោយឡែក​ការនាំចេញ​សម្រាប់​ទំនិញ​សំខាន់ៗ​វិញ​រួមមាន ​៖ ក្រណាត់​, ស្បែកជើង​និង​ស្រោមជើង ​រួមជាមួយ​ការនាំចេញ​សម្ភារៈ​ផ្សេងៗ​ទៀត ​មាន​បរិមាណ​កើនឡើង​, ចំណែក​ការនាំ​អង្ករ​, សំលៀកបំពាក់​, គឿង​ចក្រ​, ឈើ​កែច្នៃ និង​បារី ​មាន​ចំនួន​បរិមាណ​ធ្លាក់ចុះ ។កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ អនុវត្តន៍​ចំណូល​លើ​ការ​ធ្វើ​អាជីវកម្ម​សរុប​មាន​ចំនួន​ជាង ​២៨ លាន​ដុល្លារ កើន​ឡើង​ប្រមាណ​ជាង ៤ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ​ក្នុងនោះ​ចំពោះ​ចំណូល​លើក​រៀប​ទុក​ដាក់​ ប្រមូលបាន​ជាង ១៨ លាន​ដុល្លារ​, ចំណូល​ចលនា​នាវា ជាង ៥ លាន​ដុល្លារ​, ចំណូល​ស្តុក​ឃ្លាំង​ជាង ១​លាន​ដុល្លារ​, ចំណូល​ដឹកជញ្ជូន​ជាង​ ១​ម៉ឺន​ដុល្លារ និង​អាករ​លើ​តម្លៃ​បន្ថែម ១០% អនុវត្តន៍​បាន​ជាង ២ លាន​ដុល្លារ​អាមេរិក​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី​

ផ្លែ​តា​ង៉ែ​ន​ប៉ៃលិន​កំពុង​បង្ហាញ​វត្ត​មាននៅ​សៀមរាប ប៉ុន្តែ​មិន​សូវមាន​អ្នកគាំទ្រ

2021/05/31 11:18:05 am        376
សៀមរាប ៖ ​ផ្លែ​តា​ង៉ែ​ន ឬ​ហៅថា​ផ្លែ​មៀន​ប៉ៃលិន ដែល​កន្លងមក​គេ​ធ្លាប់​ឃើញ​តែ​នៅ​ខេត្ដ​ប៉ៃលិន​នោះ ​បច្ចុប្បន្ននេះ ​នៅក្នុង​ខេត្ដ​សៀមរាប មាន​អ្នក​ដាំ​ហើយ ​និង​ទទួល​ផល​ជាច្រើន​ហិកតា​ហើយ​ថែម​ទៀតផង ​ប៉ុន្តែ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ ​គេ​មិនសូវ​ចាប់អារម្មណ៍​ជា​ផលិតផល​ផ្លែឈើ​ដាំ​ដុះ នៅក្នុង​ខេត្ដ​សៀមរាប​នោះទេ ​ព្រោះ​តា​ង៉ែ​ន​នេះ ​មាន​ដើមកំណើត​នៅ​ខេត្ដ​ប៉ៃលិន​។អ្នកចំការ​មួយរូប​ដែលមាន​វ័យ​៧០​ឆ្នាំ​នៅ​ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូ ម៉ែត្រ​ពី​ក្រុង​សៀមរាប​ឈ្មោះ ​ស៊ិន ធួន ​បានលើកឡើង​កាលពី​ថ្ងៃទី​៣០​ ខែឧសភា​ថា​ លោក​បាន​ដាំ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ ប្រមាណ​៥​ឆ្នាំទៅ​៧​ឆ្នាំ​ហើយ ​ដោយ​ឆ្នាំមុនៗ​មិនសូវ​បាន​ទិន្នផល​នោះទេ ​ដោយ​សារ​ជួប​គ្រោះរាំងស្ងួត​ផង ​និង​ខ្វះ​បច្ចេកទេស​ផង ​ប៉ុន្តែ​សម្រាប់​នៅ​ឆ្នាំនេះ គឺ​ទទួល​បាន​ផល​ច្រើន​គួរ​អោយកត់សំគាល់​។ លោក​ បន្ដថា លោក​បាន​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​មាន​ចំនួន​៥០០​ដើម​ លើ​ផ្ទៃដី​មួយ​ហិកតា​កន្លះ​ ដែល​នៅក្នុង​ឆ្នាំនេះ​ទទួល​បាន​ផល​ប្រមាណ​៧​តោន​ បើ​ធៀប​នឹង​ឆ្នាំមុនៗ ​មានការ​កើន​គួរ​អោយកត់សំគាល់ ​ព្រោះ​ដើម​របស់​វាលូតលាស់​ធំៗ​ហើយ​ដែរ​។ លោក​បន្ថែមថា ឆ្នាំមុនៗ​លោក​បាន​យក​ផ្លែឈើ​ប្រភេទ​នេះ ​ទៅ​លក់​នៅតាម​ទីផ្សារ​ក្នុងស្រុក ប៉ុន្ដែ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ជា​ផលិតផល​នៅ​ខេត្ដ​សៀមរាប​នៅឡើយ​ទេ ​បើទោះបី​លោក​ប្រាប់ថា ជា​ផ្លែ​តា​ង៉ែ​ន​ដាំ​នៅ​ចំការ​របស់​លោកនៅក្នុង​ខេត្ដ​សៀមរាប​ក៏ដោយ​។ លោក​ បាន​បញ្ជាក់ថា​ ផ្លែ​តា​ង៉ែ​ន​នៅ​ឆ្នាំនេះ​មិន​សូវមាន​ទីផ្សារ​ទេ ព្រោះ​មិន​សូវមាន​អ្នក​ទៅ​ទិញ​ដល់​ចំការ ​ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​មាន​អ្នក​កុម្ម៉ង់​ទិញ​ដល់​ចំការ ​ហើយ​មានតម្លៃ​ខ្ពស់​គួរសម ប៉ុន្ដែ​សម្រាប់​ឆ្នាំនេះ​ ថយចុះ ដែល​អាច​សង្ស័យថា ​មកពី​បញ្ហា​ជំងឺ​កូ​វីដ-​១៩​។​ បច្ចុប្បន្ននេះ ផ្លែ​មៀន​ប៉ៃលិន ​របស់​លោក​មួយ​គីឡូក្រាម​តម្លៃ​៥​ពាន់​រៀល ​ហើយ​ដឹកជញ្ជូន​ដល់​ផ្ទះ​។បើ​តាម​ការ​កត់សំគាល់​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ មាន​កសិករ​តិចតួច​នៅ​ខេត្ដ​សៀមរាប​ បាន​បង្កើត​មុខរបរ​ដាំ​ដើម​តា​ង៉ែ​ន​នេះ ​គឺ​មាននៅ​ជើងភ្នំ​គូលែន​ក្នុងស្រុក​បន្ទាយស្រី ​និង​នៅ​តំបន់​ឃុំ​ជប់​តា​ត្រាវ ក្នុងស្រុក​អង្គរធំ ​នៃ​ខេត្ដ​សៀមរាប​។ ​អ្នកចំការ​ដាំ​ផ្លែ​តា​ង៉ែ​ន ​ឬ​ផ្លែ​មៀន​ប៉ៃលិន​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​ចូល​រួម​គាំទ្រ​ផ្លែឈើ​នេះ ​ថា​ពិត​ជា​មាន​ការ​ដាំដុះ​នៅ​ខេត្ដ​សៀមរាប ៕​អត្ថបទ ឈិ​ត សា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Von der Leyen ព្រមានថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យអឺរ៉ុបខូចខាតរយៈពេលជាច្រើនឆ្នាំ
04/29/2026 06:04 PM
រុស្ស៊ីបញ្ជាក់ថា នឹងបន្តនៅក្នុង OPEC+ និងសង្ឃឹមថា អវត្តមានរបស់អារ៉ាប់រួម មិនមែនជាទីបញ្ចប់របស់ក្រុមឡើយ
04/29/2026 06:04 PM
លោក STUBB និយាយថា ប្រទេសនានានៅអឺរ៉ុប នឹងបន្តទំនាក់ទំនងជាមួយរុស្ស៊ីជាមិនខាន
04/29/2026 06:04 PM
ចិនបញ្ជាក់ម្ដងទៀតនូវការអំពាវនាវកុំឲ្យមានជម្លោះថ្មី រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីការពារផលប៉ះពាល់លើសេដ្ឋកិច្ចសកល
04/29/2026 06:04 PM
កូសូវ៉ូមិនអាចជ្រើសរើសប្រធានាធិបតីថ្មី ខណៈប្រទេសឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ
04/29/2026 06:04 PM
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
04/29/2026 06:04 PM
បារាំងជំរុញឲ្យពលរដ្ឋចាកចេញពីម៉ាលី «ឲ្យបានឆាប់តាមដែលអាច» អំឡុងពេលបារម្ភអំពីសន្តិសុខ
04/29/2026 06:04 PM
លោក Trump ប្រាប់អ៊ីរ៉ង់ឲ្យ «សម្រេចដោយភាពវៃឆ្លាតឲ្យបានឆាប់» ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
04/29/2026 06:04 PM
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបប្រឈមកង្វះប្រេងឥន្ធនៈកើនឡើង ខណៈជម្លោះមជ្ឈិមបូព៌ារំខានដល់ការផ្គត់ផ្គង់ថាមពល
04/29/2026 06:04 PM
ប្រទេសចិនអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាព នៅមជ្ឈិមបូព៌ា
04/29/2026 06:04 PM