នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ការ​នាំចូល​រថយន្ត​ថ្មី​កើនឡើង ​ក្រោយ​រដ្ឋាភិបាល​សម្រួល​អាករ​ពិសេស​នាំចូល​រថយន្ត

2021/04/27 02:59:58 am        30
ភ្នំពេញ ៖ ​ការ​នាំចូល​រថយន្ត​ថ្មី​ការកើនឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​កែសម្រួល​អាករ​ពិសេស​លើ​រថយន្ត ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​កាន់តែច្រើន ។យោង​តាម​សហព័ន្ធ​យានយន្ត​កម្ពុជា ​​តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការកែ​សម្រួល​អាករ​ពិសេស​លើ​រថយន្ត ​នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ កាន់តែ​មានលទ្ធភាព ​ក្នុង​ការ​រក​ទិញ​រថយន្ត​សម្រាប់​ការប្រើប្រាស់ ជាពិសេស​រថយន្ត​ថ្មី​។លោក ង​ន សាំង ប្រធាន​សហព័ន្ធ​យានយន្ត​កម្ពុជា ​បានឱ្យដឹងថា ជុំវិញ​ការ​នាំចូល​រថយន្ត​, សម្រាប់​កម្ពុជា នៅ​ក្នុង​រយៈពេល​ជិត៣ ខែ ដើមឆ្នាំ ​២០២១ នេះ ការ​នាំចូល​រថយន្ត​សរុប​រួមមាន ​៖ រថយន្ត​ជជុះ និង​រថយន្ត​ថ្មី ​បើ​ធៀប​នឹង​ប្រទេសជិតខាង ​គឺ​មាន​អត្រា​នៃ​ការធ្លាក់ចុះ​បន្តិចបន្តួច​ តែ​ក្នុង​នោះ​សម្រាប់​នាំចូល​រថយន្ត​ថ្មី ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ​កើនឡើង​។ជាក់​ស្តែង​ការ​នាំចូល​រថយន្ត​របស់​ក្រុមហ៊ុន RMA Cambodia ​នៅក្នុង​រយៈពេល​ជិត ៣​ខែ​ នេះ បើ​ធៀប​ទៅ​និង​ឆ្នាំ ២០២០ គឺ​មាន​អត្រា​កើនឡើង​ប្រមាណ​ជាប់ ២០% ។​ លោក​ បន្តថា​ ការកើនឡើង​នៃ​រថយន្ត​ថ្មី​នេះ គឺ​ដោយសារ​ការ​លក់​រថយន្ត​ថ្មី​ក្នុង​ពេល​បច្ចុប្ប​ន្ន​ មានតម្លៃ​ប្រហាក់ប្រហែល នឹង​តម្លៃ​រថយន្ត​ជជុះ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព ​និង​ភាគច្រើន​ងាក​មក​ទិញ​រថយន្ត​ថ្មី​សម្រាប់​ការប្រើប្រាស់ ។សហព័ន្ធ​យានយន្ត​កម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន​ការ​នាំ​រថយន្ត​ថ្មី មាន​ប្រមាណ​ជា ២០% នៃ​ការ​នាំចូល​រថយន្ត​សរុប​ ហើយ​ចំនួន​នៃ​ការ​នាំចូល​រថយន្ត​ថ្មី​នេះ ​នឹង​មាន​អត្រា​កើន​ឡើងជា​បណ្តើៗ​ ផងដែរ ។ ចំណែក​ចំពោះ​ទីផ្សារ​ នៅពេល​ខាងមុខ ​លោក​សង្ឃឹមថា ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រសើរ​ឡើងវិញ ​ចំនួន​អ្នកប្រើប្រាស់​រថយន្ត​ក្នុងស្រុក​កាន់តែ​មាន​ច្រើន​ ក្នុងនោះ ​តម្រូវការ​ទីផ្សារ​នាំចូល ក៏បាន​ហក់​ឡើងជា​បន្តបន្ទាប់​ផងដែរ ៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

ប្រាក់​បញ្ញើ​បាន​ហក់​ឡើង​ជិត ២​ដង នៃ​ឥណទាន​ផ្តល់​ឲ្យ​អតិថិជន​ នៅក្នុង​រយៈពេល​ជាង​២​ខែ​នេះ​

2021/04/27 02:59:58 am        34
ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​ជាង ២ ខែ ដើមឆ្នាំ ២០២១ នេះ ​គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ឥណទាន​ថ្មី​ជូន​អតិថិជន ​ប្រមាណ​ជាង ​២២៧ លាន​ដុល្លារ​អាមេរិក ​ខណៈ​ប្រាក់​បញ្ញើបា​ន​ហក់​ឡើង​ជិត ២​ដង​ នៃ​ទំហំ​ឥណទាន​ដែល​បាន​ផ្តល់​ឲ្យ​អតិថិជន ។ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន BTV ស្តីពី​ការ​ប៉ះពាល់ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា ​ពាក់ព័ន្ធ​ និង​ឥណទាន របស់​គ្រឹះស្ថាន​ធនាគារ​ ទោះបី​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នេះ​យ៉ាងណាក៏ដោយ ​យើង​សង្កេត​ឃើញថា ​នៅក្នុង​មួយខែៗ​ ដើមឆ្នាំ ២០២១ នេះ គ្រឹះស្ថាន​ធនាគារ ​បាន​បញ្ចេញ​ឥណទាន​ជូន​អតិថិជន​ក្នុង​រង្វង់​ប្រមាណ​ជា ​៧៥ លាន​ដុល្លារ​អាមេ​រិ​ក ​ក្នុងនោះ ​បើ​គិត​រយៈពេល​ជាង ២​ខែ មកនេះ គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ ​បាន​ផ្តល់​ឥណទាន​ថ្មី​ជូន​អតិថិជន ​ប្រមាណ​ជាង ​២២៧ លាន​ដុល្លារ​អាមេរិក ។លោក​បណ្ឌិត ​បន្ត​ឲ្យ​ដឹង​ទៀតថា ​ស្រប​ពេល​ការ​ផ្តល់​ឥណទាន​នៅ​មាន​សុខភាព​ល្អ ប្រាក់​បញ្ញើ ​សន្សំ​នៅ​គ្រឹះស្ថាន​ធនាគារ ​ហិរញ្ញវត្ថុ​ក្នុង​ដំណាក់កាល​នេះដែរ ​បាន​ហក់​ឡើង​ក្នុង​រង្វង់ ​៣៧៧ លាន​ដុល្លារ​អាមេរិក ​ក្នុងនោះ ​បើ​គិត​ក្នុង​រយៈពេល​មួយខែៗ មាន អតិថិជន​មក​ដាក់​ប្រាក់​បញ្ញើ ​ប្រមាណ​ជា ១២៥ ​លាន​ដុល្លារ​អាមេរិក ​ដែល​ចំនួន​នេះ ​បាន​ហក់​ឡើង​ជិត ​២​ដង ​នៃ​ឥណទាន​អតិថិជន ។ទាក់ទង​នឹង​ប្រាក់​បញ្ញើ​, លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់ថា ​ពីមុនៗ​ម្ចាស់​សហគ្រាស​ច្រើន​ទុក​ថវិកា​ដើម្បី​វិនិយោគ​ ឬ​ទុក​ជាប់ ខ្លួន​ជាដើម​, ស្រប​ពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​មាន​ការរីក​ច្រើន ជា​ការ​ជំរុញ​កាត់បន្ថយ​ពេលវេលា និង​សុវត្ថិភាព​ពួកគាត់​នោះ​ បច្ចុប្បន្ន​អ្នក​កំពុង​ប្រតិបត្តិ​ក្នុង​អាជីវកម្ម ​ភាគច្រើន​គឺ​ទូទាត់​ចូល​គណនី​ធនាគារ​របស់ខ្លួន ​។ ចំណែក​មូលហេតុ​មួយទៀត វិនិយោគិន​ខ្លះ ​ដែល​ធ្វើ​អាជីវកម្ម​មិន​ដំណើរ​ល្អ ឬ​ លក់​មិនសូវ​ដាច់ ​ពួកគាត់​ច្រើន​ទូទាត់​ចូល​គណនី​សន្សំ ​ដើម្បី​រក្សា​ប្រាក់​ទុកជា​បណ្តោះ​អាសន្ន​ជាដើម ​ពិសេស​ជាង​នេះទៅទៀត​ អតិថិជន​ដែល​កក់ ឬ​ទិញ​ផលិតផល​ពី​រោងចក្រ ​សហគ្រាស ​ពួកគេ​ច្រើន​ទូទាត់​តាម​កុង​ធនាគារ ​ដែល​បញ្ហា​ ទាំងនេះ ​ធ្វើ​ឲ្យ​ប្រាក់​បញ្ញើ​បាន​ហក់​ឡើង​៕​អត្ថបទ​៖ សុន រ៉ា​ឌី

រាជរដ្ឋាភិបាល​ អំពាវនាវ​ ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​បន្ធូរបន្ថយ ​លក្ខណៈ​បង់រំលស់​ដល់​អតិថិជន

2021/04/27 02:59:58 am        121
ភ្នំពេញ ​៖ រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់​នៅ​កម្ពុជា ​ឲ្យ​ធ្វើការ​បន្ធូរបន្ថយ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ ​និង​ខុនដូ ក្នុង​បរិបទ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លើកឡើងថា ​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់​ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ជា​អ្នកទិញ​ក្នុង ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់ ​បន្ធូរបន្ថយ​លក្ខខណ្ឌ​បង់រំលស់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន​។ ​ការ​អំពាវនាវ​នេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បុរី ​និង​អាគារ​សហកម្ម​សិទ្ធ​នានា លើកលែង​ ការ​ផាកពិន័យ​ចំពោះ​អតិថិជន​ ដែល​មិនបាន​បង់​ប្រាក់​តាម​កាល​កំណត់ ​និង​មិន​ត្រូវ​មាន​បន្ទុក​ការប្រាក់ ​ឬ​ជាប់​ការ​ផាកពិន័យ​បន្ថែម ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការបង់​រំលស់​។ លើសពីនេះ រាជរដ្ឋាភិបាល បាន​ស្នើ​ឲ្យ​មានការ​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​នានា​ដល់​អតិថិជន​របស់​ខ្លួន​លើ​ការបង់​រំលស់​អចលនវត្ថុ​។ ក្រុមហ៊ុន ​ត្រូវ​អនុវត្ត​វិធានការ​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ​រហូតដល់​បំណាច់​ខែមីនា​ ឆ្នាំ​២០២២​។ បន្ថែម​ពីលើ​នេះ ធនាគារជាតិ​នៃ​កម្ពុជា ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នឹង​បន្ត​តាមដាន​ការវិវត្ត​សភាពការណ៍​ថ្មីៗ​បន្ត ព្រមទាំង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​អនុវត្ត​វិធានការ​ខាងលើ​ ដល់​ធនាគារ និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ​ទាំងអស់​៕​អត្ថបទ​៖ វណ្ណៈ ​

ចរាចរ​ប្រាក់​រៀល​ លើ​ទីផ្សារ​កើនឡើង​ បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​រូបិយវត្ថុ​ជាតិ

2021/04/27 02:59:58 am        94
ភ្នំពេញ ៖ ​ក្រោយ​ការ​ដាក់ចេញ​គោលការណ៍​ ជំរុញ​ប្រាក់​រៀល​ឡើងវិញ ​ការប្រើប្រាស់​ប្រាក់រៀល ជាពិសេស​ នៅក្នុង​ការផ្តល់សេវា​ឥណទាន ​(​កម្ចី​)​ទៅដល់​អតិថិជន ​និង​ចរាចរណ៍​ប្រាក់​រៀល​លើ​ទីផ្សារ ​ត្រូវ​បាន​សង្កេត​ឃើញថា​ មានការ​កើនឡើង​។ លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន​ថា មុន​ឆ្នាំ​២០១៩​ ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំរុញ​ឱ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ ប្រើប្រាស់​ប្រាក់រៀល​ ឱ្យ​បាន​ច្រើនជាង​មុន ​ក្នុង​នោះ​បាន​មើល​ឃើញ​មានការ​កើន​ឡើង​សន្សឹមៗ​ ។ លោក​ ជឿជាក់ថា​ ការប្រើប្រាស់​ប្រាក់រៀល ​នឹងមាន​កំណើន​ក្នុង​កម្រិត​មួយ ដែល​មិន​លឿន​ពេក​ទេ​ ដោយសារ​សេដ្ឋកិច្ចជាតិ​ពឹង​ពាក់​លើ​ការវិនិយោគ​ពី​ក្រៅប្រទេស ​ក៏ប៉ុន្តែ​ការប្រើប្រាស់​ប្រាក់​រៀល​នឹង​មាន​ការកើនឡើង​ ដោយសារតែ​ភាគី​ពាក់ព័ន្ធ មាន​ទាំង​រដ្ឋាភិបាល ក៏ដូចជា​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ព្យាយាម​ជំរុញ ​និង​ផ្សព្វផ្សាយ​ដល់​ការប្រើប្រាស់​ប្រាក់រៀល​នេះ​។​សម្រាប់​​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ម្នាក់ លោក សុគន្ធ បូរ៉ា​យុទ្ធ បាន​លើកឡើងថា ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​មើលឃើញថា ​ការចាយវាយ​ប្រាក់រៀល​មាន​ភាពទូលំទូលាយ​ច្រើន មិន​ថា ​នៅក្នុង​ផ្សារ​ទូទៅ សូម្បី​ផ្សារ​ទំនើប​នានា​ ក៏​ងាក​មកប្រើប្រាស់​និង​គាំទ្រ​ប្រាក់​រៀល​ច្រើនជាង​មុន​ផងដែរ​ ជាពិសេស​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។ដោយសារ​កម្ពុជា ជា​ប្រទេស​ដុល្លា​រូបនីយកម្ម ​ការប្រើប្រាស់​ប្រាក់រៀល​កាន់​តែច្រើន នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច ​ដោយសារ​ការ​ទូទាត់​ប្រាក់រៀល នៅ​ពេល​ដែលមាន​លំហូរ​ពី​ក្រៅ ​មក​វិនិយោគ​នោះ ​នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​មាន​ផល​ចំណេញ​ពី​ការប្រើប្រាស់​ប្រាក់រៀល​។ លើសពីនេះ​ទៀត ​គឺ​ជួយ​ឱ្យ​សេដ្ឋកិច្ច​ពឹងផ្អែក​ទៅលើ​រូបិយប័ណ្ណ ​ខ្លួនឯង​ ជាជាង​ពឹងផ្អែក​ទៅលើ​រូបិយប័ណ្ណ​បរទេស ​និង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ឯករាជ្យ​ជាង​មុន​។យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​កម្ពុជា ប្រាក់​ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​រហូត​ទៅដល់​ប្រមាណ​ជា ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅ​លើ​ទីផ្សារ​។​ ធនាគារជាតិ ​នៃ​កម្ពុជា កាល​ពីពេល​ថ្មីៗ​នេះ ​បាន​អបអរសាទរ​ទិវា​ប្រាក់រៀល​ ខួប​លើក​ទី​៤១ ​នៃ​ការ​ដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២១)៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី

សហជីព ​និង​កម្មការិនី​រោងចក្រ​ អំពាវនាវ​ម្ចាស់​បន្ទប់​ជួល​បញ្ចុះ​ថ្លៃ​ជួល

2021/04/27 02:59:58 am        258
ភ្នំពេញ ៖ ​ដោយសារ​វិបត្តិ​ នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅតែ​បន្ត​អូស​បន្លាយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ ដល់​ការរស់នៅ ​និង​ថមថយ​ប្រាក់ចំណូល​ជាដើម​។ មេ​សហជីព និង​កម្មការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ​បាន​អំពាវនាវ​ដល់​ផ្ទះ​ ន្ទប់​ជួល ​ឱ្យ​ជួយ​សម្រួល​ដល់​តម្លៃ​ជួល​ គ្រា​ដែល​ម្ចាស់ផ្ទះ​ បន្ទប់​ជួល ​មួយ​ចំនួន​បាន​ប្រកាស​មិន​យក​ថ្លៃ​ជួល​ និង​មួយ​ចំនួនទៀត​ សម្រេច​បញ្ចុះតម្លៃ​ដោយ​គ្មាន​កាលកំណត់​។លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក្រោយ​ទទួល​បាន​ព័ត៌មាន​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ប្រកាស​បញ្ចុះ​ថ្លៃ​ និង​មួយ​ចំនួនទៀត​សម្រេច​មិន​យក​ថ្លៃ​ជួល​រហូតដល់​៣​ខែ ​លោក​ បាន​សម្តែង​ការ​សាទរ​ និង​អរគុណ​ដល់​ម្ចាស់ផ្ទះ​ ដែល​ចូលរួម​ជួយ​សម្រួល​ដល់​កម្មករ​និយោជិត​ លើ​ថ្លៃ​ស្នាក់នៅ ។ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​លើកឡើងថា​ អ្វីដែល​សំខាន់ ​កម្មករ​ខ្លះ​ បាត់បង់​ការងារ ព្រោះ​រោងចក្រ​បិទទ្វារ​ ហើយ​ពួកគាត់​ មិន​ទាន់មាន​ការងារ​ថ្មី​ធ្វើ ដោយ​បន្ត​ស្នាក់នៅ​ផ្ទះ​ជួល​ដើម្បី​ស្វែងរក​ការងារ​ថ្មី​ធ្វើ​ ហើយ​រោងចក្រ​ខ្លះ​ទៀត​បន្ត​ព្យួរ​ការងារ​នៅឡើយ​ និង​រោងចក្រ​មួយ​ចំនួនទៀត ​កាត់បន្ថយ​កម្មករ​និយោជិត​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី លោក យឿន ប៊ុន​សឿន​ អ្នកគ្រប់គ្រង​បន្ទប់​ជួល នៃ​អគារ​កម្ពស់ ៦​ជាន់​ ស្ថិតក្នុង​ខណ្ឌមានជ័យ ​បាន​ប្រាប់​ឱ្យដឹងថា ​មកដល់ពេលនេះ​ ជា​លើក​ទី​២​ហើយ ដែល​លោក​បញ្ចុះតម្លៃ​ជួល​ជូន​ដល់​អ្នក​ជួល ​ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ ​និង​វិស័យ​សំណង់ ដែល​ឆ្នាំនេះ​ ខាង​លោក​បញ្ចុះ​ថ្លៃ​ចំនួន ​៤​ម៉ឺន​រៀល ​នៃ​តម្លៃ​បន្ទប់​ជួល​សរុប​ចំនួន​ចាប់ពី​៣០​ដុល្លារ​ឡើងទៅ ​ក្នុង​មួយខែ ​និង​ដោយ​គ្មាន​ការកំណត់​។ក្រុម​កម្ម​ការិនី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ​និង​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ឱ្យដឹងថា ​ក្រោយ​វត្តមាន​ជំងឺ​កូ​វីដ​១៩ ​បាន​ធ្វើឱ្យ​ប្រាក់ចំណូល​ថយ​ចុះ​យ៉ាង​ខ្លាំង ​ព្រោះថា​ ការងារ​សព្វថ្ងៃ​មិន​មាន​ថែម​ម៉ោង​មុន ​និង​កាត់បន្ថយ​ផងដែរ​ ទៅលើ​ប្រាក់ឧបត្ថម្ភ​នានា​ ដោយសារ​រោងចក្រ​មិន​សូវមាន​ទំនិញ​ឱ្យ​ធ្វើ​ច្រើន​ដូច​មុន​។ យោងតាម​តួលេខ​នៃ​បន្ទប់​ជួល​សរុប​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ប្រមាណ​ជាង ១,៧០០​ទីតាំង​ ស្មើនឹង​ប្រមាណ​ជិត​ ០៣​ម៉ឺន​បន្ទប់ ៕ ​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ធូរបន្ថយ ​និង​អនុគ្រោះ​បន្ថែម​ទៀត

2021/04/27 02:59:58 am        885
ភ្នំពេញ ៖ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​អំពាវនាវ​ដល់​វិស័យ​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ ​សូម​មានការ​យោគយល់​ដល់​សមាជិក​របស់​ខ្លួន​ ក្នុង​ករណី​ដែល​អាច​ធ្វើបាន​ និង​សូម​ឲ្យ​សមាជិក​ចលនា​ សេដ្ឋកិច្ច​ក្រៅ​ព័ន្ធ​ទាំងអស់​ អត់ធ្មត់​ និង​គោរព​តាម ​ការណែនាំ​ក្រសួងសុខាភិបាល ​។លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២២ ខែ នា ឆ្នាំ ២០២១​ថា​ បាន​អំពាវនាវ​ដល់​វិស័យ​ធនាគារ សូម​មាន​ការ​យោគយល់​ខ្ពស់ ក្នុង​ករណី​ដែល​អាច ធ្វើបាន ​និង​សូម​ឲ្យ​សមាជិក​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ សូម​ព្យាយាម​អត់ធ្មត់ និង​គោរព​តាម​ការណែនាំ​ក្រសួងសុខាភិបាល​ ឲ្យ បាន​ត្រឹមត្រូវ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ចូល​ដល់​សហគមន៍​ ស្របពេល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​បាន ចាក់​វ៉ាក់សាំង​បង្ការ​បន្ថែមទៀត ក្នុង​នោះ​យើង​សង្ឃឹម​ថា អ្នក​ដែល​កំពុង​រកស៊ី​លើ​ផ្នែក​ទាំងនេះ​ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ផងដែរ​។លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ថ្លែងថា ​បញ្ហា​កូ​វីដ​១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភព​លោក​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ក្នុងនោះ​ សម្រាប់​កម្ពុជា​, ក្នុង​ស្ថានភាព​បច្ចុប្បន្ន ​ប្រសិនបើ​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅតែ​បន្ត អ្នក​ដែល​រង​ការ​ប៉ះពាល់ ​គឺ​ក្រុម​អ្នក​ដែល​មាន​មុខរបរ​ផ្គត់ផ្គង់​សេវា​ខ្នាតតូច​ដូចជា​ ៖ អ្នកបម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា ​តាម​ភោជនីយដ្ឋាន ជា​ពិសេស​ក្រុម​អ្នក​រត់​កង់​បី ​បច្ចុប្បន្ន​ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ​ខណៈដែល​ប្រជាពលរដ្ឋ​លែង​សូវ​ដើរហើរ ​និង​នៅ​តាម​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​បិត ​ដែល​កត្តា​ទាំងនោះ​ជា​ ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ។ទាក់ទង​បញ្ហា​នេះ​, លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​ថ្លែងថា ស្ថិត​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​នេះ សមាគម​តែងតែ​យកចិត្តទុកដាក់​ជាមួយ​រាជរដ្ឋាភិបាល ​និង​បារម្ភ​អំពី​បញ្ហា​សុខុមាលភាព ​និង​ប្រាក់ចំណូល​របស់​អតិថិជន​ ក្នុងនោះ ​សមាជិក​របស់​មីក្រូហិរញ្ញវត្ថុ នៅតែ​បើក​ចិត្ត​ទូលាយ ​ក្នុងការ​តាមដាន​អំពី​ស្ថានភាព​អតិថិជន ​តម្រូវការ​អតិថិជន​ និង​បន្ត​យល់ យោគ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ផងដែរ ។សូមបញ្ជាក់ថា ជុំវិញ​ការរៀបចំ​ឥណទាន របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​រួមបញ្ចូល​ធនាគារ​ចំនួន​៤​ផ្សេងទៀត ​ក្នុងនោះ​សម្រាប់ ​អតិថិជន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩, ​គិត​ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០២១ ​ មាន​អតិថិជន​ប្រមាណ​ជា ​២៩ ម៉ឺន​នាក់ ​ទទួល​បានការ អនុម័ត​រៀបចំ​ឥណទាន ​ឡើងវិញ ដែល​មាន​ទំហំ​ឥណទាន​សរុប ១ ៤០០ លាន​ដុល្លា​រ៕​អត្ថបទ​៖ សុន រ៉ា​ឌី​

ការ​នាំ​ទំនិញ​កម្ពុជា​ទៅ​កូរ៉េខាងត្បូង​កើន​ឡើង​រយៈពេល​ពីរ​ខែ ​ដើមឆ្នាំ​២០២១

2021/04/27 02:59:58 am        35
ភ្នំពេញ ​៖ ការនាំ​ទំនិញ​ចេញ​របស់​ប្រទេស​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ​បាន​កំណើន​ជាប់​គ្នា​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ ​ទោះ​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩ ​នៅតែ​បន្ត​រីក​រាលដាល​។យោងតាម​របាយការណ៍​ពី​សមាគម ​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ៦៤ លាន​ដុល្លារ ​មាន​កំណើន​ ៣​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ ។ ​ដោយឡែក កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង​វិញ ​មាន​ទំហំ​ទឹកប្រាក់​សរុប ៩៣ លាន​ដុល្លារ ធ្លាក់​ចុះឡើង ៣,៨ ភាគរយ​។យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ទំនិញ​ដែល​កម្ពុជា នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន ដូចជា​ សំលៀកបំពាក់ ផ​លិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ​ គ្រឿង​បង្គំ​អគ្គិសនី និង​ផលិតផល​កសិកម្ម​ ។​ ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​មក​កម្ពុជា​វិញ ​មានដូចជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក ​ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​បា្ល​ស្ទិ​ក​។គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង រំពឹងថា​ នឹង​កើនឡើង​បន្ថែមទៀត ​បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន ​ខណៈ​សេច​ក្កី​ព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ ​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា ដែល​គ្រោង​នឹង​បញ្ចប់​នៅមុន​ដំណាច់ឆ្នាំ​២០២០​នេះ​។ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង​ ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ៨៨៤​លាន​ដុល្លារ ​ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ ​កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង ​មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ​ ធ្លាក់ចុះ​១៨​ភាគរយ​៕ ​អត្ថបទ​៖ វណ្ណៈ​

សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ និង​ទំនិញ​នានា​កាន់តែ​ពេញ​និយម​ក្នុង​បរិបទ​កូ​វីដ​១៩

2021/04/27 02:59:58 am        146
ភ្នំពេញ ៖ ​ប្រៀបធៀប​ស្ថានភាព​ពីមុន និង​ក្នុង​កំឡុង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ សេវាកម្ម​ដឹក ជញ្ជូន​កាន់តែ មមាញឹក ខ្លាំង និង​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់​តែច្រើន​បើក​ជា​បន្តបន្ទាប់​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន ​តាមរយៈ​កម្មវិធី អេប (App) ​ដែល​ផ្តល់​នូវ​សេវាកម្ម​ដឹកជញ្ជូន​យ៉ាង​ងាយស្រួល ​និង​ឆាប់រហ័ស​ទាន់​ចិត្ត ក្នុងនោះ ​កត់សម្គាល់​ឃើញថា ​សេវាកម្ម​ដឹកជញ្ជូន​ផ្នែក​ម្ហូបអាហារ​មាន​សន្ទុះ​ច្រើនជាងគេ​។លោក ប៉ាត់ ចំណាន នាយក​ក្រុមហ៊ុន ស៊ូ​ភើ អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី (Super App Technology plc) បាន​​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ មីនា នេះ​ថា ​ក្រុមហ៊ុន​លោក មាន ផ្តល់​សេវាកម្ម​សំខាន់ៗ​៣ ​ដូចជា ​៖​សេវាកម្ម​តាក់ស៊ី​អេប​ ការផ្ញើទំនិញ ​និង​ផ្សារ​អន​ឡាញ​។ ​លោក ​ទទួលស្គាល់ ថា សេវាកម្ម​ដឹកជញ្ជូន ពិសេស​ផ្នែក​ម្ហូបអាហារ​មានការ​ពេញ​និយម​ក្នុងអំឡុងពេល ​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​ ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ម្ចាស់​អាជីវកម្ម​រក​ចំណូល​ទ្រទ្រង់​អាជីវកម្ម​ពួកគាត់​ឱ្យ​នៅតែ​បន្ត​ដំណើរការបាន​។លោក ​បន្តថា ក្រោយ​បើក​ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​នូវ​កម្មវិធី​តាម អេប ដើម្បី​បញ្ជា​ទិញ​ទំនិញ​ និង​កក់​ទុក​នូវ​មធ្យោបាយ ​ធ្វើដំណើរ គិត​មកទល់​បច្ចុប្បន្ន​នេះ មាន​អ្នក​ដោ​ន​ឡូត ​និង​ប្រើប្រាស់​ចំនួន​សរុប​ជាង ២​ម៉ឺន​នាក់​ ក្នុងនោះ ​ដៃគូ​សហការ​ជា​ហាង​លក់ទំនិញ​ចំនួន​ជាង ​៣០០​ហាង ​និង​ផ្នែក​ដឹកជញ្ជូន មាន​កង់​បី និង​ម៉ូតូ ​ចំនួន​ជាង ០៣​ពាន់​។លោក តុ​ប និមល អគ្គនាយក​ក្រុមហ៊ុន ផេស​អេប តិច​ណូ​ឡូ​ជី ខូ​អិ​ល​ធី​ឌី (PassApp Technologies Co.,Ltd) ដែល​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​តាម​រយះ​ម៉ូតូ​កង់​បី និង​រថយន្ត​តា​ក់ស៊ី ​បាន​លើកឡើងថា សម្រាប់​ក្រុមហ៊ុន ​លោក​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​១៩ ផ្ទុះឡើង​លក្ខណៈ​សហគមន៍​ មិនថា តែ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ទេ ​ពោលគឺ​គ្រប់​ព្រឹត្តិការណ៍​នាពេល​កន្លងមក ​គឺ​រង​ផល ប៉ះពាល់​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​រហូត​ប្រមាណ ៧០​ភាគរយ​​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អ្នក​ជំនាញ​ពន្យល់​ពី​មូលហេតុ​ប្រេងសាំង​ឡើងថ្លៃ​ ជា​បន្តបន្ទាប់​នៅ​កម្ពុជា

2021/04/27 02:59:58 am        1718
ភ្នំពេញ ៖ ​ខណៈដែល​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ បាន​កើន​ថ្លៃ​បន្តបន្ទាប់ ​គិត​ចាប់ពី​ដើមខែ​មករា រហូត​មកទល់ ខែមីនា​នេះ​។​ លោកអ្នក​វិភាគ​សេដ្ឋកិច្ច ពន្យល់ ​ការឡើង​ថ្លៃ​ប្រេង​នេះ គឺ​បណ្តាល​មកពី​ស្ថានភាព​សេដ្ឋកិច្ច ​នៅ​សហរដ្ឋ​អាម៉េរិក​ និង​ដោយសារ​រដ្ឋាភិបាល​ថ្មី​ ចាប់ផ្តើម​ដំណើរការ​ការងារ​ឡើងវិញ​។ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច មានប្រសាសន៍ថា​ ការ ​ឡើងថ្លៃ​ប្រេង ​ដោយសារតែ​អាម៉េរិក​ បាន​វាយលុក​ចូល​ទីផ្សារ​ភាគហ៊ុន​នៃ​វិស័យ​ប្រេង​ ទើប​ធ្វើឱ្យ​ដំណើរការ​ ថ្លៃ​ប្រេង​ល្អប្រសើរ​ឡើងវិញ និង​មាន​វិបត្តិ​មួយ​ចំនួន​នៅក្នុង​ប្រទេស ​អារ៉ាប់​សា​អូឌីត ​ដូច្នេះ ​វិបត្តិ​ទាំងអស់​នេះហើយ​ ធ្វើឱ្យ​ថ្លៃ​ប្រេង​ឡើងថ្លៃ​។ ឯកឧត្តម​ បណ្ឌិត​ បានឱ្យដឹង​ទៀតថា ប្រទេស​កម្ពុជា ថ្វីត្បិតតែ​មាន​ដំណក់​ប្រេង​ខ្លួនឯង​ តែ​យើង​មិនអាច​ចម្រាញ់​ប្រេង​នេះ ​ទៅជា​ប្រេងសាំង​ប្រើ​ក្នុងស្រុក​ទេ ​គឺ​យើង​លក់​ប្រេង​ឆៅ​ ដូច្នេះហើយ ​ប្រេង​ដែល​ប្រើ​បច្ចុប្បន្ននេះ​ ជា​ប្រេង​នាំចូល​។សូមបញ្ជាក់ថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣១ ខែមីនា ​ដើមឆ្នាំ​២០២១ សម្រាប់​ប្រេងសាំង​ធម្មតា ថ្លៃ ៣,៧៥០​រៀល​ ក្នុង​មួយ​លីត្រ​។ រីឯ ប្រេងម៉ាស៊ូត​ថ្លៃ ៣,៣៥០​រៀល ​ក្នុង​មួយ​លីត្រ​ ខណៈដែល​ចន្លោះ​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​១៥​ ខែមករា​ កន្លងទៅ សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ ៣,២០០​រៀល​ ក្នុង​មួយ​លីត្រ​។ ដោយឡែក ប្រេងម៉ាស៊ូត​ថ្លៃ​តែ ២,៩៥០​រៀល ប៉ុណ្ណោះ ​នៅក្នុង​មួយ​លីត្រ​៕​អត្ថបទ​ ៖ ​ ឈិ​ត បូរ៉ា​វី ​

កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ឆ្នាំ​២០២១ ​នឹង​សម្រេច​ជាង​៣,៥​ភាគរយ​ទោះ​ប្រឈម​ នឹង​វិបត្តិ​កូ​វីដ​-១៩

2021/04/27 02:59:58 am        35
ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល អះអាង​ជាថ្មី កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​២០២១ ​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់​៣,៥​ភាគរយ ​ទោះបីជា​ព្រឹត្តិការណ៍​២០​កុម្ភៈ​ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​កំពុង​តែបន្ត​នៅ​កម្ពុជា​។ កំណើន​នេះ ​គឺ ផ្អែក​តាម​និន្នាការ​រួម ​ខណៈដែល​ពិភពលោក​បាន​រក​ឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​មួយ​ចំនួន ​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ា​ក់សាំង​បង្ការ​ ជាពិសេស​ប្រទេស​នៅ​បែក​អឺរ៉ុប ។ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​លើក ឡើង​ នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​, បង្ការ និ​ង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកណ្តាល ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ថា ​រាជរដ្ឋាភិបាល​រំពឹងថា ​នៅក្នុង​ឆ្នាំ​២០២១ នេះ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​នឹង​ងើប ​ឡើងវិញ ខណៈ​នៅ​ឆ្នាំ ២០២០ ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​រង្វង់​ -៣,១% ។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល​រំពឹងថា ​នឹង​ងើប​ឡើងវិញ​នោះ ​ដោយ​អាស្រ័យ​ផ្អែក​តាម​និន្នាការ​រួម ខណៈដែល​ពិភពលោក ​បាន​រកឃើញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុងនោះ​ប្រទេស មួយ​ចំនួន​កំពុង​អនុវត្ត អំពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ ជាពិសេស​ប្រទេស​អង់គ្លេស​, សហរដ្ឋអាមេរិក ​និង​ប្រទេស​នៅ​បែក អឺរ៉ុប​មួយ​ចំនួនទៀត​, បន្ទាប់ពី​ការអនុវត្ត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ យើង​សង្កេតឃើញថា អត្រា​ឆ្លង និង​អត្រា​នៃ​ការស្លាប់​ បាន​ធ្លាក់ចុះ​ជា​បណ្តើរៗ​ ដែល​ជា​សញ្ញាណ​ល្អ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ច​ក្នុងស្រុក ។ស្រដៀង​គ្នា​នេះដែរ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​លើកឡើង​ផងដែរ​ថា ចំពោះ ការ​ទទួលបាន​វ៉ាក់សាំង បង្ការ​នៅពេលនេះ​ ជា​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​សុខុមាលភាព និង​សុវត្ថិភាព របស់​ប្រជាជន​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការវិល​ទៅរក​ប្រក្រតីភាព​នៃ​ សេដ្ឋកិច្ច​ឆាប់ៗ​ខាងមុខ​។សូមបញ្ជាក់ថា ​៖ តាមច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបាន​រំពឹងថា អាច​នឹង​ងើប​ ឡើងវិញ​ ​ក្នុង​អត្រាកំណើន ​៣,៥% ដោយសារ​ការ​រំពឹងទុក​ការ​ងើប​ឡើងវិញ​យឺត នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​ការ ​កើនឡើង​ក្នុង​កម្រិត​ទាប​នៃ​តម្រូវការ​ខាងក្រៅ ​និង​ទំនុក​ចិត្ត​ទីផ្សារ​ក្នុងស្រុក​៕​អត្ថបទ​៖ សុន រ៉ា​ឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM