សមាគម​អ្នកចិញ្ចឹមសត្វ និងអគ្គនាយកដ្ឋានសុខភាពសត្វ ធ្វើ​សិក្ខា​សាលា​ពង្រឹង​ផលិត​កម្ម​ចិញ្ចឹម​សត្វ​ឱ្យ​កាន់​តែរីកចម្រើន
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិនិយោគិន ដែលធ្វើការវិនិយោគនៅភូមិភាគឦសាន
វិស័យឯកជនបង្កើតកិច្ចសហការស្វែងករកគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យខ្លាំងក្លា
កម្ពុជាកំពុងក្លាយជាគោលដៅផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើការនាំចេញ

សេដ្ឋកិច្ច និង កសិកម្ម

CDC អនុម័តគម្រោងវិនិយោគចំនួន ៦៨ គម្រោង មានទុនប្រមាណ ៧៤៨ លានដុល្លារអាមេរិក

2025/02/05 01:35:54 pm        105
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៥នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគ ប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័ត ក្នុងខែ មករា ឆ្នាំ ២០២៥ មានគម្រោងវិនិយោគ សរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៤៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ ពាន់កន្លែង, ចំពោះគម្រោងវិនិយោគទាំងអស់នេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ចំនួន ៣៩ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៩ គម្រោង។ជុំវិញកម្ពុជាទទួលបានខាងលើនេះ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានគម្រោងវិនិយោគសរុបចំនួន ៣២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៨៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះ បើធៀបនិងខែមករា ឆ្នាំ២០២៥ នេះ ឃើញថា បានកើនឡើងចំនួន ៣៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៥៦១ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០ ភាគរយ។ គម្រោងវិនិយោគទាំង ៦៨ គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យ ឧស្សាហកម្មទាំងអស់។ចំណែកគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោក្នុងខែ មករា រួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រ កែច្នៃលោហៈ មានទុនវិនិយោគចំនួន ៣៤ លានដុល្លារ មានទីតាំងនៅខេត្តបន្ទាយមានជ័យ, គម្រោងវិនិយោគបង្កើតរោងចក្រផលិត ផលិតផលគ្រប់ប្រភេទពីប្លាស្ទិក មានទុន ១៥ លានដុល្លារ វិនិយោគនៅខេត្តកំពង់ស្ពឺ, គម្រោងវិនិយោគបង្កើតរោងចក្រឧបករណ៍ សម្រាប់ក្នុងយានដ្ឋាន ចំនួន ១២ លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈជាង មានទុន ១០ លានដុល្លារ មានទីតាំងនីខេត្តស្វាយរៀង។ដោយឡែកនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ មានទុន ១៩៥ លានដុល្លារ វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, គម្រោងបន្ថែមទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ខេត្តកោះកុង មានទុនវិនិយោគ ៥០ លានដុល្លារ, គម្រោងបង្កើតរោងចក្រផ្គុំនិងតម្លើងរថយន្ត នៅតំបន់សេដ្ឋកិច្ច ពិសេស ខេត្តព្រះសីហនុ មានទុន ៣២ លានដុល្លារ, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម នៅតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក មានទុន ១៦ លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងនិងក្រៅផ្ទះ មានទុន ១៥ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស ហាយផាកផងដែរ៕ អត្ថបទ៖ ស៊ុន រ៉ាឌី 

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រកៀរគរចំណូល នៃការទំនើបរដ្ឋបាលសារពើពន្ធ ដើម្បីឆ្លើយតបការអភិវឌ្ឍ

2025/02/05 12:00:57 pm        162
យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, មានចក្ខុវិស័យចូលរួមប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យកាន់ តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍនៃរចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ចកម្ពុជា។រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព សំដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព និងជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេស ជាតិក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេល វែងរបស់កម្ពុជា ពោលគឺក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ក្នុងន័យនេះ, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្តកៀរគរចំណូល របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយបានកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ និងអភិក្រមច្បាស់លាស់ ស្របជាមួយនឹងការដាក់ចេញនូវវិធានការ គន្លឹះ សម្រាប់ការធ្វើទំនើបភាវូបនីយកម្មរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលចំណូលមិនមែនសារពើពន្ធ និងការធ្វើវិចារណកម្មគោល- នយោបាយពន្ធដោយកំណត់នូវសូចនាករសមិទ្ធកម្ម និងសកម្មភាពគន្លឹះសម្រាប់ការតាមដាននិងវាយតម្លៃ ដើម្បីធានាឱ្យបាននូវ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ។ ក្រៅពីនេះ, យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏មាន​ចក្ខុវិស័យ​ចូលរួមប្រែក្លាយប្រព័ន្ធ ចំណូលរដ្ឋឱ្យកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកប​ដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍ នៃរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ យុទ្ធសាស្រ្តកៀរគរចំណូល នឹងក្លាយជាឧបករណ៍​គោល​នយោបាយ​មួយយ៉ាង សំខាន់ ក្នុងការកៀរគរចំណូលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ តាមរយៈការដាក់ចេញនូវគោលបំណងនិងគោលដៅ ព្រមទាំងវិធានការមុតស្រួចនានា សម្រាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ចំណែកគោលបំណង និងគោលដៅ, យុទ្ធសាស្ត្រកៀរគរចំណូលនេះ មានគោលបំណង ពង្រឹងការប្រមូលចំណូលឱ្យកាន់តែ ប្រសើរ តាមរយៈការបន្តធ្វើទំនើបកម្មរដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ ដោយថ្លឹងថ្លែង បន្តរក្សាឱ្យបាន នូវចលនការ និងសន្ទុះនៃសេដ្ឋកិច្ច ផ្ដល់នូវភាពត្រឹមត្រូវ តម្លាភាព និងភាពយុត្តិធម៌ដល់អ្នកជាប់ពន្ធ ដោយផ្តោតលើចំណូលដែលជា សក្តានុពល និងមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច។ ស្របនឹងគោលបំណងខាងលើ យុទ្ធសាស្ត្រនេះមានគោលដៅចំនួន ៣ ដែលមាន ចរិតសុទិដ្ឋិនិយមប្រកបដោយភាពច្បាស់លាស់ និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលរួមមាន៖ រក្សា និងជំរុញចំណូលចរន្តឱ្យបានក្នុង រង្វង់ ១៦% នៃ ផ.ស.ស នៅពេលកំណើនសេដ្ឋកិច្ចត្រឡប់មកកាន់គន្លងសក្តានុពលវិញ ពោលគឺ មានកំណើនពិន្ទុភាគរយជាមធ្យម ប្រចាំឆ្នាំប្រមាណ ០,៤៣ ឬ កំណើនមធ្យមប្រចាំឆ្នាំ ១២,៥% (២០២៥-២០២៨) ដែលក្នុងនោះចំណូលសារពើពន្ធ នឹងត្រូវកើន ឡើងដល់ក្នុងរង្វង់ ១៤% នៃ ផ.ស.ស., ធានាឱ្យបាននូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រព័ន្ធពន្ធ និងភាពអាចព្យាករបាននៃការ ផ្លាស់ប្តូរ, និងបន្តពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលមិនមែនសារពើពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាគាំពារ និងការបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ

2025/02/05 11:46:05 am        114
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ ការបន្តផ្តល់សេវាដែលមានតម្រូវការ និងការរក្សាឱ្យបាននូវតួនាទីដ៏សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាមួយដៃគូជាតិ-អន្តរជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូ ដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែ បន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ បញ្ហាប្រឈមនេះ, សមាគមក៏បានដឹងអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយសមាគមបាន កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងនេះ មាន គោលបំណងលើកកម្ពស់អតិថិជន អាចមានលទ្ធភាពធ្វើការសម្រេចចិត្តប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងកិច្ច ការពារសិទ្ធិរបស់ពួកគាត់។បច្ចុប្បន្នសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិការឥណទាន ផងដែរ។ ចំណែកកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែ ទម្រង់នានា ដើម្បីធានាថា ការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែក តែលើទ្រព្យធានា។ វិធានការដ៏សំខាន់មួយទៀត គឺហាមឃាត់ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម មកធ្វើជាទ្រព្យធានា ដែល នឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិត ក្រោមសមាគមធនាគារនៅកម្ពុជា (ABC) ។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹង កិច្ចការពារអតិថិជន។ សមាគមក៏កំពុងពង្រឹងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោតលើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។លោកជំទាវ ឌិត នីតា បន្ថែមថា តាមរយៈកិច្ចសហការជាមួយដៃគូ សមាគមកំពុងប្រឹងប្រែងកសាងវិស័យហិរញ្ញវត្ថុប្រកបដោយ បរិយាបន្ន និងផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដើម្បីផ្តល់ជូនអតិថិជននូវសេវា និងផលិតផលហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការ កាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធានាថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

ស្រូវប្រាំងជាង ១០០០ហិកតា នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

2025/02/05 10:12:48 am        88
សៀមរាប៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាប់មានការណែនាំពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមមន្ទីរជំនាញ អាជ្ញារធរស្រុក និងក្រុមការងារជំនាញផងដែរ។ការជួយសង្គ្រោះស្រូវប្រាំងនេះ តាមការរាយការណ៍ពីប្រជាកសិករថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ ជាមួយគ្នានេះ ប្រជាកសិករក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយសង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ៕

កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ មានទុនសរុប ១៣៥ លានដុល្លារអាមេរិក

2025/02/04 02:58:39 pm        235
កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក ដោយគ្រោងវិនិយោគនៅលើវិស័យឧស្សាហកម្ម និងគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ចំនួនប្រមាណ ១២ គម្រោង ដែលបានកំពុងស្នើរចុះបញ្ជី ដើម្បីបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក, អាចបង្កើតការងារបានចំនួន ប្រមាណ ៧ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម មានចំនួន ១១ គម្រោងដូចជា៖ (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌) និងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គឺគម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មានអានុភាព ៣០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគ នៅខេត្ត កំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៤១៤ មានទំហំទុនវិនិយោគប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ប្រមាណជិត ៣២ ម៉ឺនកន្លែង៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ បូកសរុបការប្រមូលចំណូលឆ្នាំ២០២៤ និងការដាក់ចេញទិសដៅបន្ត

2025/02/04 11:15:31 am        347
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីជំរុញការប្រមូលចំណូលនៅក្នុងឆ្នាំ២០២៥នេះ ឱ្យសម្រេចតាម ផែនការរបស់ខ្លួន។អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែ កុម្ភៈ ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូល ចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២៤ ដោយក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញនូវចំណូលពន្ធអាករគ្រប់ ប្រភេទរបស់ខ្លួន ដែលបានអនុវត្តការប្រមូលចំណូលពន្ធពេញរយៈពេលមួយឆ្នាំ និងការដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ដើម្បី ជំរុញការប្រមូលចំណូលពន្ធគ្រប់ប្រភេទ នៅក្នុងឆ្នាំ ២០២៥ នេះ ឱ្យសម្រេចតាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៥។ជុំវិញកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធនេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ, លោកជំទាវ ង៉ែត ម៉ូវីឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងវត្តមានចូលរួម ពីឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធក្រោមចំណុះរបស់ អគ្គនាយកដ្ឋានពន្ធដារជាច្រើនរូប។សូមបញ្ជាក់ថា សម្រាប់ការប្រមូលចំណូលពន្ធក្នុងឆ្នាំនេះវិញ, បើតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានក្នុងរង្វង់ជិត ២៨ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១៣ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៣ ភាគរយ បើធៀបឆ្នាំ ២០២៤ ក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចឱ្យបានជាង ២៤ ពាន់ ប៊ីលានរៀល ត្រូវជាង ១១ ភាគរយ នៃ ផ.ស.ស. ថយចុះជាង ៦ ភាគរយ បើធៀបនិងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដោយចំណូល ពន្ធដារត្រូវគ្រោងចំនួនជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៦,៧២ ភាគរយ នៃ ផ.ស.ស. ថយចុះ ៤ ភាគរយ ខណៈចំណូលពន្ធនិង អាករគយ ត្រូវបានគ្រោងជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ៤,៨៥ ភាគរយ នៃ ផ.ស.ស ថយចុះ ៨,៧ ភាគរយ បើធៀបនិង ច្បាប់ឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគលើវិស័យកសិកម្ម ផលិតធាតុចូលកសិកម្មជួយកាត់បន្ថយថ្លៃដើមរបស់កសិករ

2025/02/03 02:13:02 pm        133
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈ ជាដើមដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។បើតាម ឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់។ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

កសិករស្រុកស្អាងអរគុណរាជរដ្ឋាភិបាលអនុវត្តគម្រោងស្តារប្រព័ន្ធធារាសាស្ត្រផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ

2025/02/03 01:53:41 pm        130
បណ្តាប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានសម្តែង​ការអរគុណ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រ​គ្រប់ជ្រុងជ្រោយ(Completed Irrigation System) បានផ្តល់ទឹកគ្រប់គ្រាន់​ដល់​កសិករ​អាច​ធ្វើ​ស្រែបាន២​ទៅ​បីដងក្នុងមួយឆ្នាំៗ។បណ្តាប្រជាសហគមកសិករ ឃុំព្រែកអំបិល ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែកុម្ភៈនេះថា គ្រប់ដី​ស្រែ​កសិករដែលកំពុងអាស្រ័យផលទឹកពីគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុង​ជ្រោយរបស់​រាជ​រដ្ឋាភិបាល​​នេះ បើមិនមានទឹកជនទន្លេជនលិចនៅក្នុងរដូវទឹកដំឡើងនោះទេ គឺគ្រប់​កសិករ​ទាំង​អស់ មានទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបានចំនួនបីដងក្នុងមួយឆ្នាំៗ។បើតាមប្រធានសហគមន៍គ្រប់គ្រងទឹក ទំនប់ចារ លោក ណេង លាង ថ្លែងថា បច្ចុប្បន្ន គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System)នៅព្រែកគ្រួសនេះ គឺមាន​ស្ថានីយបូមទឹកដើរកម្លាំងអគ្គិសនីចំនួន២កន្លែង ហើយផ្តល់ទឹកជូនកសិករនៅក្នុងស្រុកស្អាង នៅ​ក្នុង​ខេត្ត​កណ្តាល នៅក្នុងតំបន់ដីខ្លះៗនៅក្នុងស្រុកព្រៃកប្បាស និងស្រុកបាទីខេត្តតាកែវ ។សូមបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមជំនួយកិច្ចសហប្រតិបត្តិការ​រាជ​រដ្ឋាភិបាល​កម្ពុជា និងរាជរដ្ឋាភិបាលអូស្ត្រាលីនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និង​ចារ​២ ​ដែលមានផ្ទៃដីសរុបប្រមាណ ១ម៉ឺនហិចតា។ ទី៣/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និង​ស្ថានីយ​បូម​ទឹកចំនួន ៥ប្រព័ន្ធ រួមមាន៖ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និង​ប្រព័ន្ធចារ ១, ទី៣/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធ​អង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម។ គម្រោងនេះ មានគោលបំណងធានាផ្តល់ទឹកគ្រប់គ្រាន់ ជំរុញប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខ្វះខា​ត​ទឹកប្រើប្រាស់ឡើយ៕ អត្ថបទ ស៊ុម សុខជា

វិស័យឯកជន៖ វិស័យកសិកម្មនៅកម្ពុជានឹងមានសម្ទុះកាន់តែខ្លាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2025/02/03 01:35:59 pm        156
អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។ លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន ការស្វែងរកទីផ្សារ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដោយបាននិងកំពុងធ្វើឱ្យផ្នែកជាច្រើននៅក្នុងវិស័យកសិកម្ម មានសម្ទុះរីកចម្រើនគួកត់សម្គាល់។ជាក់ស្តែងជុំវិញដាំដុះ, លោក បន្តលើកឡើងថា ក្នុងនាមរូបលោកជាអ្នកជំនាញបច្ចេកទេសលើការដំាដុះ បច្ចុប្បន្នឃើញថា កសិករដែលជាអ្នកដាំដុះតាមទម្លាប់ បានកំពុងងាកទៅរកការដាំដុះតាមបច្ចេកទេស ជាពិសេសកសិករបានកំពុងរួមគ្នា ចងក្រងជា សហគមន៍អ្នកដាំដុះ ដែលការបង្កើតជាសហគមន៍នេះ នឹងផ្តល់ឱកាសដល់កសិករជាច្រើនដូចជា៖ ការចែករំលែកចំណេះដឹង ការស្វែង រកទីផ្សារជាដើម, ហើយអ្វីដែលពិសេសជាងនេះទៅទៀត ការធ្វើកសិកម្ម, ប្រសិនកសិករចេះកែច្នៃគាំទ្រដល់ការដាំដុះដូចជា៖ ការចេះ ផលិតជី ផលិតថ្នាំផ្សេងៗ និងចេះផលិតចំណីសត្វជាដើម នឹងធ្វើឱ្យកសិករកាត់បន្ថយចំណាយថ្លៃដើមជាច្រើន នឹងអាចឈានទៅ ប្រកួតប្រជែងកសិផលរបស់ខ្លួនលើទីផ្សារកាន់តែប្រសើរ។ចំណែកការចិញ្ចឹមសត្វវិញ, លោក ស្រ៊ុន ពៅ ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ក៏បានលើកឡើងថា ចំពោះការ ចិញ្ចឹមសត្វបច្ចុប្បន្នឃើញថា ការចិញ្ចឹមមាន់ ទា ជាពិសេសការចិញ្ចឹមជ្រូកនៅកម្ពុជា បានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការ ចិញ្ចឹមជាលក្ខណៈគ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប ប្រកបដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន។ នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា នៃការឈានទៅ ប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ, រាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ដោយសារការរំពឹងទុកនៃកំណើនល្អលើអនុវិស័យដាំដុះ និងការចិញ្ចឹមសត្វ និងការងើបឡើងវិញនៃអនុវិស័យទេសាទជាដើម។ ចំណែកអនុវិស័យដាំដុះ ត្រូវបានរំពឹងថា រក្សាបានកំណើនល្អ ដោយសារការបន្តងើបឡើងនៃអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក នៅលើ ការកែច្នៃផលិតកម្មកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទាន សម្បទាន ដើម្បីជំរុញផលិតកម្មក្នុងស្រុកជាដើម។ ចំណែកអនុវិស័យចិញ្ចឹមសត្វវិញ ត្រូវបានព្យាករថា នឹងងើបឡើងផងដែរ ដោយសារ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក នេះជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វ ចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អូស្ត្រាលី និង យូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន ដើម្បីគាំទ្រកម្ពុជាឆ្ពោះទៅ​រកការគ្មានមីន​នៅឆ្នាំ២០៣០

2025/01/31 01:30:44 pm        101
នៅថ្ងៃទី៣០ ខែមករានេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមថវិកាជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីនកម្ពុជា (CMAA) និង យូអិនឌីភី។ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅការិយាល័យអាជ្ញាធរមីនកម្ពុជា (CMAA) នៅភ្នំពេញ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា រួមជាមួយ ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អាលីហ្សា ឆាកឃឺ តំណាងយូអិនឌីភី ប្រចាំនៅកម្ពុជា។ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា អូស្ត្រាលី និង យូអិនឌីភី គឺជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ដោយអូស្ត្រាលីបានផ្តល់ជំនួយជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយក្នុងនោះ ជាង ៣៥ លានដុល្លារអាមេរិកបានផ្តល់ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា "ការគាំទ្រដ៏យូរអង្វែងរបស់ យូអិនឌីភី បានពង្រឹងវិស័យសកម្មភាពមីននៅកម្ពុជា បោសសម្អាតបានផ្ទៃដីទំហំ ៣៨៤ គីឡូម៉ែត្រក្រឡា និងប្រែក្លាយតំបន់គ្រោះថ្នាក់ទៅជាសហគមន៍ដែលរីកចម្រើន"។ឯកឧត្តមបណ្ឌិត លី ធុជ បានលើកសរសើរកងកម្លាំងបោសសម្អាតមីននៅកម្ពុជា ដែលភាពក្លាហាន និងការលះបង់របស់ពួកគេមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់ប្រទេសជាតិ។ ឯកឧត្តមក៏បានស្វាគមន៍កិច្ចប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលីក្នុងការផ្តល់ជំនួយ ចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីជំរុញបន្ថែមទៀតនូវចក្ខុវិស័យរួម របស់កម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ឯកឧត្តម ដេរីក យីប បានមានប្រសាសន៍ថា “អូស្ត្រាលីគឺជាដៃគូដ៏យូរអង្វែង និងមានមោទនភាពរបស់កម្ពុជា ដែលគាំទ្រសកម្មភាពមីនតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ។ ចាប់ពីឆ្នាំ ២០០៦មក មូលដ្ឋានគ្រឹះនៃភាពជាដៃគូនេះគឺគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ គម្រោងនេះមិនត្រឹមតែបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតមនុស្ស ដោយផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងធ្វើឱ្យផ្ទៃដីអាចប្រើប្រាស់បានយ៉ាងមានសុវត្ថិភាព ដើម្បីប្រជាជនកម្ពុជាកសាងអនាគតកាន់តែភ្លឺស្វាង»។លោកស្រី អាលីហ្សា ឆាកឃឺ មានប្រសាសន៍ថា “យូអិនឌីភី តែងតែផ្តល់តម្លៃដល់ភាពជាដៃគូយូរអង្វែងជាមួយអូស្ត្រាលី លើគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានគោលដៅសម្អាតដីដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីអោយប្រជាកសិករប្រើប្រាស់បានដោយសុវត្ថិភាព ក៏ដូចជាអប់រំដល់ប្រជាជនអំពីហានិភ័យ និងគាំទ្រជនរងគ្រោះអោយទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា និងកសាងជីវិតរបស់ពួកគេ។ យូអិនឌីភី នៅតែប្តេជ្ញាក្នុងរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបិទទំព័រភាពសោកសៅនៃសង្គ្រាម»។គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល - ដំណាក់កាលទី៤ (២០២០-២០២៥) ដែលផ្តល់មូលនិធិដោយប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ យូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែក្នុងការបោសសម្អាតមីន ការអប់រំអំពីហានិភ័យដោយសារមីន និងជំនួយជនរងគ្រោះ។ ចាប់តាំងពីឆ្នាំ ២០០៦មក គម្រោងនេះ បានជួយសម្អាតផ្ទៃដីជាង ៣៨៤ គីឡូម៉ែត្រការ៉េ (ប្រហែលជាង ១២% នៃសមិទ្ធិផលទាំងមូលនៃវិស័យនេះ) ដែលអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,២ លាននាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលពន្លឺព្រះអាទិត្យផ្តល់រស្មីក្តីសង្ឃឹមនៅយេម៉ែនដែលជាប្រទេសមានអគ្គិសនីតិចជាងគេបំផុតនៅមជ្ឈិមបូព៌ា
09/30/2025 10:09 PM
វិបត្តិទឹកនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន បង្ខំឲ្យគ្រួសារតម្រង់ជួរយ៉ាងវែងរង់ចាំទទួលទឹក
09/30/2025 10:09 PM
សិប្បករខ្មែរទទួលបានជោគជ័យលើការលក់ផលិតផល នៅក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា
09/30/2025 09:09 PM
កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៥ កម្ពុជា និង ភូមិភាគទី១ ថៃ គ្រោងធ្វើ ពីថ្ងៃទី១០-១២ ខែតុលា
09/30/2025 09:09 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា សំណើសន្តិភាពលោក Trumpបម្រើតែផលប្រយោជន៍អាមេរិក និងអ៊ីស្រាអែល
09/30/2025 08:09 PM
អង់គ្លេសប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ស្របពេលដែលព្យុះកំណាច Humberto និង Imelda បោកបក់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក
09/30/2025 08:09 PM
កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែបជាមួយ ចិន
09/30/2025 08:09 PM
ភេវករសង្ស័យបើករថយន្តបំបុកបណ្តាលឲ្យយុវជនអ៊ីស្រាអែល ២នាក់រងរបួសនៅទីក្រុងហ្សេរុយសាឡឹម
09/30/2025 08:09 PM
អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៤៣នាក់ ខណៈក្រុមហាម៉ាសពិនិត្យមើលផែនការបញ្ចប់សង្រ្គាមរបស់លោក Trump
09/30/2025 08:09 PM
លោក Zelenskyy៖ អ៊ុយក្រែនបញ្ជូនក្រុមប្រឆាំងយានដ្រូនទៅដាណឺម៉ាក
09/30/2025 07:09 PM