ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

គណៈកម្មាធិការវិនិយោគ ស្នើដល់ធុរជនហ្វីលីពីនចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2025/01/23 02:54:25 pm        173
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់វិនិយោគិន និងធុរជនហ្វីលីពីន ចាប់​យក​សក្តានុពលដ៏សម្បូរបែប និង កាលានុវត្តភាពជាច្រើនផ្សេងទៀត ព្រមទាំងសម្រេច​ចិត្តជា​យុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងវេទិកាធុរកិច្ច​កម្ពុជា-ហ្វីលីពីន ផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅ​ព្រះរាជាណាចក្រ​កម្ពុជា ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រី នៃប្រទេសហ្វីលីពីន នៅថ្ងៃទី ២២ មករា ម្សិលមិញ​នេះ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មី នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយ​ថាមវន្តរបស់ កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៦% កាលពីឆ្នាំ ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និង អតិផរណា និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។ ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ ដែលគាំទ្រដល់បរិយាកាស វិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់, និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគ លើគ្រប់វិស័យ ដោយគ្មានការរើសអើង។ ឯកឧត្ដមអគ្គលេខាធិការរង លើកឡើងបន្ថែមថា ជាក់ស្តែងវិស័យ និងសកម្មភាពវិនិយោគ​ស្ទើរគ្រប់វិស័យ បានទទួលការ លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការ អនុវត្តច្បាប់ស្តីពីវិនិយោគ។ បញ្ហានេះ, សូមវិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនោះ ចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទំហំ ទុនវិនិយោគ​សរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តម សុខ ចិន្តាសោភា ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកសិកម្ម ដើម្បីជំរុញការអនុវត្ត​ការងារកាន់តែមានប្រសិទ្ធភាព

2025/01/23 02:47:24 pm        103
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់។នៅក្នុងអង្គពិធីបិទសន្និបាត កាលពីរសៀលថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ទាក់ទិនអនុសាសន៍មួយចំនួនដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជា ១) ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២) ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម ៣) លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤) បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥) ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។ យោងតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួនប្រមាណ ១១,៧លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ មានការកើនឡើងប្រមាណ ៣៩% បើធៀបទៅនឹងឆ្នាំ២០២៣។ ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជាបាននាំចេញនេះ រួមមានដូចជា ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលជាច្រើនផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាមួយកំណើននៃការនាំចេញកសិផលនេះ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងដល់ ១១,៧ លានតោន ទៅ ៩៤ប្រទេស កើនឡើង ២០ប្រទេស ក្នុងនោះមានស្រូវជាង ៥លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ប្រទេស៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជាកំពុងបោះជំហានដោយភាពជឿជាក់ ទៅរកប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2025/01/23 02:40:58 pm        85
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ និងកំពុងបន្តបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា ម្សិលមិញនេះថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និង ប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង បើគិតចាប់ពីឆ្នាំ ២០០៤ មក, កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អក្នុងរង្វង់ ៧% ក្នុង មួយឆ្នាំ, ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាបក្នុងរង្វង់ ៣% ប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់មានស្ថិរភាព លើកលែងតែក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល ប៉ុណ្ណោះ ដែលកំណើនមានការធ្លាក់ចុះស្ទើរគ្រប់ប្រទេសទូទាំងសកលលោក រួមទាំងកម្ពុជាផង។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានថមថយ, ទោះបីជា សេដ្ឋកិច្ចសកលនៅបន្តជួបនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាង រហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ, ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេច បានកំណើនក្នុងរង្វង់ប្រមាណ ៦%, ហើយសម្រាប់ឆ្នាំ ២០២៥ នេះ, ត្រូវបានព្យាករថា នឹងបន្តស្ទុះឡើងក្នុងអត្រាប្រមាណ ៦.៣% ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា នេះជាការបង្ហាញយ៉ាងច្បាស់ថា កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដើរតួដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ជារួម, លទ្ធផលដ៏ល្អនៅក្នុង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋ- កិច្ចខ្ពស់ និងបន្តស្ថិរភាពនៃកំណើនជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥, ហើយបន្តជម្នះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និងកំពុងបន្តបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ សមិទ្ធកម្មដ៏ប្រសើរនេះ បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ, ការពង្រឹងប្រសិទ្ធភាព ស្ថាប័នសាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងជាលំដាប់៕ អត្ថបទ៖ សុន រ៉ាឌី

សកម្មភាពដឹកជញ្ជូនក្នុងឆ្នាំនេះនឹងមមាញឹក ខណៈសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងងើបឡើង

2025/01/23 02:26:28 pm        106
វិស័យឯកជនរំពឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ វិស័យដឹកជញ្ជូននៅកម្ពជានិងអាចបន្តកំណើនរឹងមាំ តាមរយៈការដឹកជញ្ជូនមានភាព កាន់តែមមាញឹក ស្របពេលប្រទេសដែលជាដៃគូរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ដែលជាការគាំទ្រដល់ខ្សែច្រវាក់ផ្គត់ ផ្គង់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។  លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពដឹកជញ្ជូនឆ្នាំកន្លងមក និងសេវាកម្មដឹកជញ្ជូននៅក្នុងឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃ រដ្ឋសភា បាននិងកំពុងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កាន់តែមានភាពសកម្ម គាំទ្រដល់ការដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានភាពមមា ញឹក ជាពិសេសការដឹកជញ្ជូនទំនិញផ្លូវទឹក និងផ្លូវគោកជាដើម។ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះវិញ, លោក ជា ចាន់ដារ៉ា មានសុទិដ្ឋិនិយមខ្ពស់ អំពីការរីកចម្រើននៅក្នុងវិស័យដឹកជញ្ជូន ស្របពេលបច្ចុប្បន្នកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគ មានកំណើនកើនឡើងគួរកត់សម្គាល់។ ការកើនឡើងនៃសក្តានុពល វិនិយោគនេះ គឺបានគាំទ្រទៅដល់ការរីកលូតលាស់ដល់វិស័យផ្សេងៗទៀត ជាពិសេសអនុវិស័យដឹកជញ្ជូន ដោយរំពឹងថា អនុវិស័យ នេះ និងមានសកម្មភាពមមាញឹកជាងមុន ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញជាដើម ខណៈការនាំចេញរបស់កម្ពុជា បានបិកំពុងបង្ហាញនូវនិន្នាការកើនឡើងយ៉ាងល្អប្រសើរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងបន្តនិន្នាការកើនឡើងល្អ ក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មទេសចរ ក៏ដូចជាអនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងថា នឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ នៃការដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានដើរតួ យ៉ាងសំខាន់លើការជំរុញនៃកំណើនអនុវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងអនុវត្តប្រព័ន្ធថវិកា ដោយមានភាពទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ

2025/01/22 02:47:13 pm        135
ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធដែលខ្វះចន្លោះ មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, បច្ចុប្បន្នកំពុង អនុវត្តដំណាក់កាលចុងក្រោយ នូវគណនេយ្យភាពសមិទ្ធកម្ម នៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា នេះថា នៅក្នុងរយៈពេល៥ឆ្នាំដំបូង នៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់, ថវិកាជាតិត្រូវបានកែលម្អឲ្យមានភាពជឿទុកចិត្ត, ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ, មន្ត្រីរាជការ, និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរ-ជាតិ ។ ទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ដែលបាននិង កំពុងរួមចំណែកដល់ការបង្កើនទំហំថវិកា និងការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់ គ្រងចំណាយ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចំពោះកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិកាទំនើប ដែលឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ក្នុងនោះក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធ ដែលមានការខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូង នៃការធ្វើ ឲ្យថវិកាមានភាពជឿទុកចិត្ត។ បន្ទាប់មកក្នុងដំណាក់កាលទី២ គឺការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ហើយបន្តមកទៀតក្នុង ដំណាក់កាលទី៣ គឺការសម្រេចបានជាសារវន្ត នូវសមាសធាតុគន្លឹះទាំងឡាយ នៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ តាម រយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឲ្យថវិកាជាតិកាន់តែត្រូវបានផ្លាស់ប្ដូរទៅជាថវិកាបែបវិមជ្ឈការ និងផ្ដោតលើលទ្ធផលនិងសមិទ្ធកម្ម ។ ចំណែកទិដ្ឋភាពឌីជីថល ការគ្រប់គ្រងថវិកា ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ ការគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងបរិបទនេះ បើពិនិត្យលើវដ្ដថវិកាទាំងក្នុងដំណាក់កាលរៀបចំ ថវិកាអនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យថវិកា, តាមដានថវិកា និងវាយតម្លៃថវិកា, ប្រព័ន្ធថវិកាកម្ពុជាមានសមាសធាតុចាំបាច់ គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និងធនធានមនុស្ស, ដែលធ្វើឲ្យស្ថាប័នរដ្ឋមាន សមត្ថភាព អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹងតម្រូវការក្នុងការអភិវឌ្ឍ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហា នានា, ជាពិសេសនៅពេលមានវិបត្តិដែលមិនអាចស្មានទុកជាមុន។ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេច ឲ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវគណនេយ្យភាពសមិទ្ធកម្ម មានន័យថា ជាការទទួលខុសត្រូវលើលទ្ធផល ចុងក្រោយ ស្របគ្នានឹងការប្រែប្រួលជាសារវន្តនៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព សំដៅពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី

លោកជំទាវ អ៊ឹម រចនា ដឹកនាំក្រុម​ការងារ​ជំនាញចុះពិនិត្យស្រែប្រាំងរងការខ្វះខាតទឹក និងពិនិត្យ​មើល​​ស្រែជួប​ប្រទះបញ្ហាសត្វល្អិតបំផ្លាញ នៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

2025/01/22 02:30:29 pm        103
ក្រចេះ៖ បន្ទាប់ពីជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋជាង១០០នាក់ ជាមួយនឹងនាំយកថវិការ​បស់​ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់​ប្រជា​ពលរដ្ឋ​នៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំ​ស្រូវ​ចំនួន ៤៨៣ហិកតារួចមក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ដដែល លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវបានបន្តដឹកនាំក្រុមការងារជំនាញ​ចុះពិនិត្យដល់​ទីតាំង​ស្រែដែលរងគ្រោះទាំងនោះ។ដំណើរបេសកកម្មនោះ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធាន​ទឹក និងឧតុនិយមខេត្តក្រចេះ លោក ជួប ផល្លីន អនុប្រធានមន្ទីរសារធាណការ និងដឹក​ជញ្ជូន​​ខេត្តក្រចេះ រួមជាមួយមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធជាច្រើន​រូប​ផ្សេងទៀត។នៅទីតាំងស្រែប្រាំងដែលកំពុងទទួលការអន្តរាគមន៍បូមទឹកសង្គ្រោះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារទាំងអស់ បានជួប​ប្រជា​កសិករ​ម្ចាស់ស្រែ និងបានពិនិត្យមើលស្រែមួយចំនួនដែលមានបញ្ហាសត្វល្អិតបំផ្លាញ។ តាមរយៈការពិនិត្យពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្ត ស្រែមួយចំនួនកំពុងរងការយាយីពីដង្កូវរមូរស្លឹក និងមមាចត្នោត។ មន្រ្តីជំនាញបានពន្យល់ទៅបងប្អូនប្រជាកសិករម្ចាស់ស្រែ ពីវិធីកម្ចាត់​សត្វល្អិតចង្រៃ និងវិធីសាស្រ្តនៃការព្យាបាលជំងឺដែលកំពុងកើតឡើងនេះ។ជាចុងបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានណែនាំនិងផ្តល់អនុសាសន៍ដល់​ប្រជាកសិករ​បន្តការតាមដានមើលថែស្រែជាប្រចាំ សហការណ៍​ផ្តល់ព័ត៌មានមក​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ​លទ្ធភាពដោះស្រាយ​ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អាជ្ញាធរ និងមន្រ្តី បានជួយអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងក្នុងខេត្តក្រចេះចំនួនជាង ៨០០ហិកតា

2025/01/22 02:14:03 pm        124
ក្រចេះ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងចំណោមស្រូវប្រាំងប៉ះពាល់ដោយកង្វះទឹកចំនួនជាង១ពាន់ហិកតា មានចំនួនជាង៨០០ហិកតា ត្រូវបានអាជ្ញាធរ និងមន្រ្តី ជួយអន្តរាគមន៍ទឹកសង្គ្រោះ។បន្ទាប់ពីអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ចុះទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោយពីមានសំណូមពរពីអាជ្ញាធរខេត្ត ដើម្បីស្នើសុំការសម្របសម្រួល និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំចុះពិនិត្យភ្លាមៗក្នុងការតាមដាន និងសម្របសម្រួលទៅលើបញ្ហាគ្រោះមហន្តរាយរាំងស្ងួតដែលប៉ះពាល់ដល់ស្រូវប្រាំងរបស់បងប្អូនកសិករ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងចំនួនជាង១ពាន់ហិកតា អាជ្ញាធរ និងមន្រ្តីជំនាញធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវបានចំនួនជាង៨០០ហិកតា ខណៈសេសសល់ជាង ៣០០ហិកតា​ផ្សេងទៀត កំពុងបន្តអន្តរាគមន៍បូមបញ្ជូនទៅបន្ថែមទៀត។ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។ទន្ទឹមគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។ សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងញ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្តដែលបានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕

ទីផ្សារអាមេរិកនៅបន្តឈរក្នុងលំដាប់ទី១ ក្នុងការស្រូបយកទំនិញរបស់កម្ពុជា

2025/01/22 02:05:50 pm        153
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ១០ ពាន់ លានដុល្លារអាមេរិក ដោយបានបន្តគាំទ្ររក្សាកំណើនខ្ពស់ ឈរក្នុងលំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំ របស់កម្ពុជា ដោយបានស្រូបយកទំនិញឈរលំដាប់ទី១ នៃការនាំចេញទំនិញរបស់កម្ពុជា និងនៅក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងបន្ថែម ទៀត បន្ទាប់ពីសហរដ្ឋអាមេរិកមានការបន្ធូបន្ថយនូវអត្រាការប្រាក់គោលរបស់ខ្លួន។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១១ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក មានទឹកប្រាក់ជិត ១០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនប្រមាណ ២៦៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន បន្តរក្សាកំណើនល្អប្រសើរ និងបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនិញរបស់កម្ពុជា ទោះបីជញ្ជីងពាណិជ្ជកម្មប្រទេសទាំងពីរមិនមាន តុល្យភាពក៏ដោយ។ ចំណែកប្រភេទទំនិញគាំទ្រដល់ការនាំចេញមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ សម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ ប្រទេសដែលគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជារួមមាន៖ ទីផ្សារសហរដ្ឋ អាមេរិក ជិត ១០ ពាន់លានដុល្លារអាមេរិក , វៀតណាម ជាង ៣.៦ ពាន់លានដុល្លារអាមេរិក, ចិន ជិត ២ ពាន់លានដុល្លារអាមេរិក , ជប៉ុន ជាង ១.៤ ពាន់លានដុល្លារអាមេរិក, កាណាដា ១.១ ពាន់លានដុល្លារអាមេរិក, អេស្បាញ ជាង ១ ពាន់លានដុល្លារអាមេរិក និងការនាំចេញទៅកាន់ ប្រទេសដៃគូផ្សេងៗទៀតមានកំណើនកើនឡើងល្អប្រសើរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ឱ្យដំណើរការទូទាត់បាគងទេសចរជាមួយប័ណ្ណវីសា ដើម្បីចូលរួមទាក់ទាញ​ភ្ញៀវទេសចរ

2025/01/22 01:57:57 pm        130
ធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយប័ណ្ណវីសា ដើម្បី​ផ្តល់ជូនដល់ភ្ញៀវទេសចរអន្តរជាតិ នូវសុវត្ថិភាពហិរញ្ញវត្តុ ប្រកបដោយប្រសិទ្ធភាព ដោយ​អនុវត្ត​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល និងសង្គម។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលើកឡើង នៅក្នុងការដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគង ទេសចរ ជាមួយប័ណ្ណវីសា “BAKONG Tourists App with VISA”  នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ នេះថា ភាពជឿនលឿននា ពេលថ្មីៗនេះ នៅក្នុងបច្ចេកវិទ្យាទូទាត់ឆ្លងប្រទេស បានផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល ជាមួយនឹងប្រតិបត្តិការឆ្លងកាត់ព្រំដែននិង រូបិយប័ណ្ណ ការរួមបញ្ចូលនូវបច្ចេកវិទ្យាច្នៃប្រឌិត និងក្របខ័ណ្ឌបទប្បញ្ញត្តិ ធ្វ់ឱ្យប្រសើរឡើងដល់ការធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់។ ការអភិវឌ្ឍន៍ទាំងនេះ មិនត្រឹមតែសម្រួលដំណើរការទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែច្រើន ដោយផ្តល់សិទ្ធិអំណាចដល់បុគ្គល និងអាជីវកម្មខ្នាតតូច ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចពិភពលោក។ បញ្ហានេះ, ធនាគារជាតិ នៃកម្ពុជា ក៏បានប្តេជ្ញាធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីផ្តល់អាទិភាពដល់អន្តរប្រតិបត្តិការ និងសន្តិសុខ ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ និងធុរកិច្ចក្នុងស្រុក ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាប្រទេសកម្ពុជា។ចំណែកជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធី BAKONG Tourists App តាំងពី ខែ សីហា ឆ្នាំ ២០២៤ ប្រព័ន្ធនេះគឺជាដៃគូធ្វើដំណើរដ៏ទូលំទូលាយ ដែលរចនាឡើងក្នុងគោលបំណង សម្រួលការទូទាត់តាមឌីជីថល សម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងធុរកិច្ចក្នុងស្រុក។ ចាប់តាំងពីការបើកដំណើរការមក ប្រព័ន្ធនេះបានផ្ដល់សិទ្ធិអំណាចដល់អ្នកប្រើ ប្រាស់ ជាមួយនឹងមុខងារដូចជា៖ ការបញ្ចូលទឹកប្រាក់ក្នុងគណនីរហ័ស និងងាយស្រួលតាមរយៈភ្នាក់ងារ, ដៃគូអាជីវកម្ម និងគម្រោង កាតអន្តរជាតិ, ការទូទាត់ឌីជីថលគ្មានពិបាក និងមានចំណុចប្រទាក់ងាយស្រួលប្រើប្រាស់។ ក្រៅពីការជួយសម្រួលដល់ប្រតិបត្តិការ ដោយកម្មវិធីនេះបានប្រើតភ្ជាប់យ៉ាងសំខាន់ រវាងភ្ញៀវទេសចរអន្តរជាតិ និងសហគមន៍ក្នុងតំបន់រស់រវើក, តាមរយៈការបង្ហាញអាជីវកម្ម ក្នុងស្រុក ទីតាំងសម្គាល់ វប្បធម៌ និងបទពិសោធន៍ពិតប្រាកដ។ទាក់ទង NBC និង VISA, លោកជំទាវបណ្ឌិត បន្តថា ក្នុងដំណាក់កាលបន្ទាប់នេះ ក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរ, បានសហការគ្នាក្នុងការបង្កើនប្រសិទ្ធភាពមុខងាររបស់កម្មវិធី និងធានាបាននូវប្រតិបត្តិការប្រកបដោយភាពរលូន ដោយការរួមបញ្ចូល ជាមួយ VISA កម្មវិធី Appnow អនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិ អាចភ្ជាប់កាត VISA របស់ពួកគេ ទៅកាន់គណនីទេសចរណ៍ BAKONG ដែលបានបើកដំណើរការ ការផ្ទេរប្រាក់ដោយមិនចាំបាច់ប្រឹងប្រែង និងការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈ KHQR Codes ។ ភាពជឿនលឿននេះ បានបង្កើនប្រសិទ្ធភាព លុបបំបាត់តម្រូវការសាច់ប្រាក់។លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធី “BAKONG Tourists App with VISA” គឺធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គមដែលរួមបញ្ចូលគ្នា, តាមរយៈការ ជំរុញការច្នៃប្រឌិតថ្មី ក្នុងវិស័យធនាគារ និងសេវាកម្មហិរញ្ញវត្ថុរបស់កម្ពុជា, គំនិតផ្តួចផ្តើមនេះនិងពង្រឹងជំហររបស់កម្ពុជា ជាគោលដៅ ឆ្ពោះទៅមុខក្នុងប្រទេស ដើម្បីផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិនូវវិធីសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃស្រូវអូអឹមនឹងបន្តឡើងថ្លៃក្រោយចប់បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

2025/01/22 12:25:37 pm        270
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវឲ្យប្រជាកសិករ ក៏ដូចជាសហគមន៍កសិករ ដែលមានស្រូវក្នុងពេលនេះកុំទាន់អាលបង្ខំច្រូតកាត់ ព្រោះថា នៅក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម នឹងមានការកើនឡើងតម្លៃត្រឡប់មកវិញ និងម្យ៉ាងទៀតដោយសារមានការបញ្ជាទិញពីខាងក្រៅត្រឡប់មកវិញដែរ។ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២១ មករា ឆ្នាំ២០២៥នេះ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ជាព័ត៌មានចង់ចែករំលែកដល់ប្រជាកសិករ និងសហគមន៍កសិកម្មទាំងអស់ នៅក្នុងកំឡុងពេលនេះ ជាកំឡុងគៀករដូវបុណ្យប្រពៃណីចិន និងវៀតណាម អញ្ចឹងការបញ្ជាទិញពីប្រទេសជិតខាងទៅលើដំណាំស្រូវនេះ មានការយឺត មានការតិចជាងមុន អ្វីដែលជាដំណោះស្រាយភ្លាមៗនៅក្នុងស្ថានការណ៍នេះ គឺស្នើសុំឲ្យប្រជាកសិករ ក៏ដូចជាសហគមន៍កសិករកុំទាន់អាលបង្ខំច្រូត ទុកស្រូវឲ្យទុំពេញគុណភាព ឬហៅថាទុំញាស់ ហើយប្រសិនបើមានទីលានអាចហាលទុកបាន ឬក៏មានជង្រុកដែលអាចរក្សាទុកបាន គួរតែរក្សាទុកសិន ក្រោយចប់ចូលឆ្នាំចិន-វៀតណាម នឹងមានការកើនឡើងតម្លៃត្រឡប់មកវិញ ដោយសារមានការបញ្ជាទិញពីខាងក្រៅត្រឡប់មកវិញផងដែរ ខណៈរយៈពេល ៣-៤ថ្ងៃចុងក្រោយនេះ តម្លៃស្រូវក៏ចាប់ផ្តើមមានកំណើនត្រឡប់មកវិញហើយដែរ នៅក្នុងមុខរោងម៉ាស៊ីនកិនស្រូវឥឡូវនេះ មានការទទួលទិញចន្លោះតម្លៃប្រហែល ៨៤០ ទៅ ៨៦០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទគុណភាពស្រូវ។ជុំវិញបញ្ហាស្រូវអង្ករនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តលើកទឹកចិត្តដល់ប្រជាកសិករ ទី១. ឲ្យងាកមកដាំពូជយុទ្ធសាស្រ្តរបស់កម្ពុជាដែលជាអង្ករក្រអូប ទី២. ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីព្រោះនេះជាអ្វីដែលយើងអាចធានាថា មានភាពច្បាស់លាស់ តម្លៃល្អ ទទួលបានព័ត៌មានមុននឹងធ្វើការសម្រេចចិត្តដាំ ហើយអ្វីដែលចង់លើកទឹកចិត្តបន្ថែមទៀតនោះ គឺការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិវិធីផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ
07/29/2025 11:07 PM
TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ
07/29/2025 11:07 PM
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
07/29/2025 09:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ ចោទប្រកាន់លោកខាងលិចថា ប្រើប្រាស់ការទាមទារនុយក្លេអ៊ែរជាពាក្យដោះសារការប្រឈមដាក់គ្នា
07/29/2025 09:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខពលរដ្ឋភៀសខ្លួន ខណៈបទឈប់បាញ់ចូលជាធរមាន
07/29/2025 09:07 PM
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំ «យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅតាមបណ្ដោយព្រំដែន
07/29/2025 09:07 PM
ក្រោយការព្រមានពីទុរ្ភិក្ស ជនប៉ាឡេស្ទីននិយាយថា ពួកគេរស់ដូចជាមនុស្សស្លាប់អស់រយៈពេល ៥ខែមកហើយ
07/29/2025 08:07 PM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា រៀបចំពិធីបុណ្យសពសម្រាប់មនុស្សដែលត្រូវបានសម្លាប់តាមច្រកអាកាសអ៊ីស្រាអែល
07/29/2025 08:07 PM
លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងនាំយកអំណោយជូនជនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
07/29/2025 08:07 PM
ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៦០.០០០នាក់ ត្រូវបានសម្លាប់ ខណៈការវាយលុករបស់អ៊ីស្រាអែលនៅបន្តមាន នៅហ្កាហ្សា
07/29/2025 08:07 PM