វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»
អ្នកស្រាវជ្រាវជំរុញឱ្យធុរកិច្ច និងម្ចាស់ SMEs ចាប់យកបច្ចេកវិទ្យា និង​នវានុវត្តន៍​បម្រើ​ក្នុង​អាជីវកម្ម

សេដ្ឋកិច្ច និង កសិកម្ម

អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

2026/05/04 11:51:48 am        238
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំ​ទឹក​ប្រាក់​ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​គាំទ្រ​ដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី​, ​ម្រេច ​និងផលិតផលផ្សេងៗជាច្រើនទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦ ​រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨%​ ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លាន​ដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។  ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារ​អឺរ៉ុប​គឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយ​ទីផ្សារ​មួយ​នេះ​នៅ​បន្ត​អនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែក​ទីផ្សារ​ប្រទេស​អង់​គ្លេស​វិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏​ដូច​ជា​ទីផ្សារផ្សេងៗទៀតផងដែរ។សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លាន​ដុល្លារ ​និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២០ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមាន​ទំនិញ និង​កសិផល​ផ្សេង​ៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

2026/05/04 11:35:07 am        179
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោង​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​កើន​ថ្លៃ​ថាមពល។រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និង​ការ​តម្រង់​ទិស​ការ​គ្រប់​គ្រង់​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាព​រប​ស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការ​អនុវត្ត​គោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និង​សង្គ្រាម​នៅ​មជ្ឈឹ​ម​បូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់​នៅ​បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដ​ប្រជា និ​ងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។បញ្ហា​ធំ​ៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការប​ត់​បែន​គោល​នយោបាយ​របស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយ​នូវ​កម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។ ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។ បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

2026/05/01 04:37:29 pm        427
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួម​គ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អ​ប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែ​ទាំ​សុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក​កម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ​, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា 

វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

2026/05/01 04:18:01 pm        260
ភ្នំពេញ៖ ដើម្បីសម្រួលដល់ធុរជនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្ត ការមិនយកប្រាក់កម្រៃពីសេវាស្កេនទូកុងតឺន័រសម្រាប់ទំនិញនាំចេញដឹក​ឆ្លងកាត់កំពង់ផែ និងព្រំដែនគោកអន្តរជាតិទាំងអស់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ ជុំវិញ​ការសម្រេចនេះ វិស័យឯកជន បានអបអរសាទរ ហើយថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើន​ល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើន ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នជាសកលដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា។កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈប់យកថ្លៃស្កេនកុងតឺន័រទៀតហើយ ចាប់​ពីថ្ងៃទី១ឧសភានេះ តទៅ!។លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នេះគឺជាការគិតគូរដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកអំពីសុខទុក្ខរបស់វិស័យឯកជនដែលកំពុងរងផលប៉ះពាល់​ពី​ការឡើងថ្លៃសេវាដឹកជញ្ជូនទំនិញ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ ការសម្រេចឈប់​យកកម្រៃស្កេនទូកុងតឺន័រ នឹងជួយបង្កើនប្រសិទ្ធភាពការងារនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ​កាន់​តែប្រសើរឡើង។ជុំវិញសេចក្តីសម្រេចនេះ វិស័យឯកជន បានអបអរសាទរ និងថ្លែងអំណរគុណសម្តេចធិបតីនាយ​ក​រ​ដ្ឋមន្តី្រដែលបានគិតគូរទុកលំបាករបស់វិស័យឯកជនក្នុងស្ថានភាពដ៏លំបាក ដោយសារសង្គ្រា​ម​នៅមជ្ឈិមបូព៌ា។ ពួកគេថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើនល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើនសម្រាប់អ្នកនាំចេញទំនិញទៅទីផ្សារ​អន្តរជាតិ ព្រោះអាចកាត់បន្ថយការចំណាយលើតម្លៃស្កេនចន្លោះពី ១០ ទៅ ២០ ដុល្លារអាម៉េរិក​ក្នុងមួយទូកុងតឺន័រ។សូមបព្ជា​ក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុង​តឺន័រឆ្លងកាត់សរុបជាង ១,៣៤ លាន TEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុប​ជាង ១៥៥,៣៦ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ

2026/05/01 02:34:39 pm        234
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការ​អភិវឌ្ឍ​កំពង់​ផែស្វយ័តក្រុ​ងព្រះសីហនុ និងក្របខណ្ឌនៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និង​កំពង់ផែ បាននិងកំពុងមានសន្ទុះនិងវឌ្ឍនភាពទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសគម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រោះ​ហ្វូណនតេជោ​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ទាញ​ទន្លេ​ឱ្យ​ជាប់​សមុទ្រ​កំពុង​ដំណើរ​ការ​សាង​សង់យ៉ាងសកម្ម។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាកជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ​ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើក​ទី​១៤០ ​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ឧសភានេះ។ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​អភិវឌ្ឍវីស័យកំពង់ផែ នៅត្រង់ចំណុចទី៣ នៃមុំទី២ ក្នុងបញ្ចកោណទី២ គឺ «ការបន្ត​បង្កើន​ថវិកា​វិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បី​បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវ អាកាស​ជា​ពិសេសគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្ទិក»។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថា ពិតណាស់ ការរីក​ចម្រើន​របស់​វិស័យ​កំពង់​ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន កើតឡើង​ដោយ​សារ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ក៏ដូចជា ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងជា​ពិសេស​ការ​ជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែល​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍសាងសង់ និងការធ្វើទំនើបកម្មលើប្រតិបត្តិ ការអាជីវកម្មរបស់កំពង់ផែ៕ អត្ថបទ៖ ធូ វិរៈ

នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

2026/04/29 12:09:43 pm        140
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរនិងកាបូប ក្នុង​រយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦នេះ មានទឹកប្រាក់សរុបជាង ៣.៨០០ លានដុល្លារអាមេរិក ការ​នាំចេញផលិតផលទាំងនេះមានកំណើនកើនឡើងគួរកត់សម្គាល់ ក្នុងនោះ​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែកធំជាងគេ គាំទ្រដល់ការនាំចេញ។ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ផលិតផលដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦​​នេះ, កម្ពុជាបាននំាចេញផលិតផលសម្លៀកបំពាក់មានទឹក ប្រាក់ជិត ២.៦០០ លាន​ដុល្លារ​អាមេរិកកើនជាង ៦% ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ ៨៨៦ លាន​ដុល្លារ កើនជាង ១៥% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ចំនួននេះស្នើនឹងប្រមាណជិត ៣៥% នៃទីផ្សារនាំចេញសរុប។ចំណែក​ផ្នែកវាយនភណ្ឌវិញ, កម្ពុជាបាននាំចេញមានទឹកប្រាក់សរុបជាង ១៩១ លានដុល្លារ​អាមេរិក​ កើនឡើង ៣៥% ដោយការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ ១២៤ លាន​ដុល្លារ ​កើនជាង ៧២% ស្នើនឹងប្រមាណជិត ៦៥% នៃការនាំចេញសរុបផងដែរ។ចំពោះ​ការ​នាំចេញស្បែកជើង នៅក្នុងរយៈពេល ៣ខែនេះដែរ មានទឹកប្រាក់សរុប ៥១៦ លាន​ដុល្លារ​អាមេរិក កើនជិត ១២% ក្នុងនោះ កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២៤១ លានដុល្លារ កើនជាង ៤៥% ស្នើនឹងជិត ៤៧% នៃការនាំ ចេញសរុប។ ជាមួយគ្នានេះ ក៏​បាន​នាំ​ចេញទៅ ជប៉ុនបានជិត ៣៧ លានដុល្លារ ថយចុះជាង ១%, អាឡឺម៉ង់ជាង ៣៣ លាន​ដុល្លារ ថយ ១៣%, បារាំងជាង ២៣ លានដុល្លារ កើនជិត ១៦% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្រៅ​ពី​នេះមានទីផ្សារនាំចេញផ្សេងៗទៀត។ដោយឡែកការនាំចេញសម្ភារៈធ្វើដំណើរ និងកាបូប, មានទឹកប្រាក់សរុបជាង ៥១២ លាន​ដុល្លារ​អាមេរិក​ កើនជាង ៤% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជិត ៣៨០ លាន​ដុល្លារកើនជិត ៦% ស្នើនឹង ៧៤% នៃការនាំចេញសរុប។ ជាមួយគ្នានេះ បាន​នាំ​ចេញ​ទៅ​ហូឡង់​ជាង ២០ លានដុល្លារ ថយចុះ ២០%, កាណាដាជិត ១៧ លានដុល្លារថយចុះ ១៧%, ជប៉ុន​ជាង ១៣ លានដុល្លារ ថយ ២៨%, ចិនជិត ១៤ លានដុល្លារ កើនជាង ១០% ក្រៅពី​នេះ​នៅ​មាន​ទីផ្សារនាំចេញផ្សេងៗទៀត។សូមបញ្ជាក់ថា ការនាំចេញផលិតផលសំខាន់ៗខាងលើ នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ​២០២៦​នេះ​ ទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ជាក់​ស្តែង​នៅក្នុង៣ខែនេះទីផ្សារអាមេរិកបានស្រូបយកទំនិញរបស់កម្ពុជា មានទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ៣.៤៨០ លានដុល្លារអាមេរិក កើនឡើងជាប់ ៤០% បើធៀបរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក

2026/04/28 11:39:45 am        437
ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច នឹងគ្រោងដាក់​ឱ្យ​អនុវត្ត​ការ​លុប​បំបាត់​កម្រៃ​ស្កែន​កុង​តឺន័រ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូល​រួម​ចំណែក​ក្នុង​កាត់​បន្ថយប​ន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​វិធា​ន​ការ​មុត​ស្រួច​ក្នុង​ការ​បង្ការ និង​បង្រ្កាប​អំពើ​រត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​ការ​កើន​ឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និង​អាករ​ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត និងការ​ដាក់​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធា​នការ​ជា​គោល​នយោបាយ​ទាំង​នេះ ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លាន​ដុល្លា​រ​ក្នុង​មួយ​ខែ។​នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តបណ្ឌិត បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ មាន​លក្ខណៈ​មុះ​មុត ម៉ឹងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយ​កែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​កាល​ទី៧ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅ​ដោះ​ស្រាយ​នូវ​បញ្ហាប្រឈម និងបាតុភាពអសកម្មភាពរាំរៃនានាដែលកើតមានឡើងកន្លងមក។ ឯកឧត្តម បានបន្តថា កាលៈទេសៈដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់​បំផុត​នា​ពេល​ដែល​កម្ពុជា​បាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល គំរាមកំហែងដល់ជាតិ និង​សេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេម​អន​ឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេង​ឥន្ធនៈ​ដែល​កើត​ឡើង​ជា​បច្ច័យ​អវិជ្ជមានធ្ងន់ធ្ងរ។សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និង​ការ​ពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ និងដោះស្រាយនូវ​បញ្ហា​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជ​នពា​ក់​ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិ​វិធីគយ, ផ្សព្វផ្សាយអំពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​ពន្ធ​ដើម្បី​ជួយ​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យ​លើ​សេចក្ដី​ព្រាង​កញ្ចប់​វិធាន​ការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និង​ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦

2026/04/28 08:43:04 am        191
ក្រចេះ៖ កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន​១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុង​ភូមិ​កាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវ​បា​ន​ចុះ​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការ​ងារ​ស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ​ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុង​ហែល​លេង​ជាមួ​យ​ក្រុម​សត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។នេះ​គឺ​ជា​កូនផ្សោតទី៦​ ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមាន​ថ្មី​នៃ​កូ​ន​ផ្សោត​នេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨​ក្បាល​។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូ​វការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូ​ន​ឆ្មាំ​ទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា និង​ការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការ​ដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់​ក្នុង​ការ​រក្សា​បាន​នូវ​កំណើន​សត្វ​ផ្សោត​ជា​បន្ត​បន្ទាប់​។ ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជា​ពលរដ្ឋ​ទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារ​សត្វ​ផ្សោត​ដែល​ជា​រតន​សម្បត្តិ​ជា​តិ​មាន​ជីវិ​ត​របស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើ​ម្បី​ឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជា​ដង្ហើម​រស់​របស់​សត្វផ្សោតទន្លេមេគង្គ។ ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់​ព័ត៌មាន​មក​សមត្ថ​កិច្ច​ជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួម​គ្នា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេ​គង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕

ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

2026/04/27 01:28:45 pm        245
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ នៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយ ចីរភាព។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អញ្ជើញជាធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដោយកម្មវិធី នេះកសាងការយល់ដឹង និងសន្ទុះក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមបញ្ចូលចំណាត់ថ្នាក់ទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដោយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា។ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព បើតាមឯកសារបានបង្ហាញថា ប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ ដ៏មហិច្ឆតា រួមទាំងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមាន សេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន។ ការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យបញ្ហាប្រឈមនៃការ អភិវឌ្ឍដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនពាណិជ្ជកម្ម និរន្តរភាពបំណុល និងការកាត់បន្ថយ ភាពក្រីក្រ ដោយសារប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះក្នុងពិភពលោក ដោយសារទឹកជំនន់ និងកំដៅខ្លាំង។បញ្ហានេះ, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យប្រភពបើកចំហសកល សម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំង ចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើគ្មានការសម្របខ្លួន និងការ កាត់បន្ថយឱ្យបានគ្រប់ គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ នេះបើយោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជា របស់ក្រុមធនាគារពិភពលោក។ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមដល់ ៣៦ ពាន់លាន ដុល្លារ ពីវិស័យសាធារណៈ និងឯកជនក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ការអនុវត្តនេះ នឹងតម្រូវឱ្យមានជម្រើសគោលនយោបាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យអន្តរកាល និងចាប់យក ឱកាសអភិវឌ្ឍន៍ក្នុងនាមជាសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាក៏នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយកាបូនសកល និងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់ និងផលិតកម្មផងដែរ ដោយ កម្ពុជាមានគោលនយោបាយត្រឹមត្រូវ និងវិស័យឯកជនដ៏រស់រវើក ការផ្លាស់ប្តូរទាំងនេះអាចគាំទ្រដល់ការ ធ្វើពិពិធកម្មការនាំចេញ ការ បង្កើតការងារ និងកំណើនប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់

2026/04/27 12:25:27 pm        171
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បាន​កើន​ឡើង​ដល់​ចំនួន​ ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣​លាន​នាក់។ នេះបើតាមខ្លឹមសារនៅក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។តាមរយៈសារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជ​រដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំ​រុញ​សន្ទុះ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំងមានមហិច្ឆតា​ខ្ពស់​ក្នុង​ការ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ដែល​មាន​ស្ថិរភាព​យូរ​អង្វែង ​និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​ និង​វិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។សម្ដេចធិបតី មានប្រសានស៍បញ្ជាក់ថា បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ គួរជាទីមោទនៈលើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផលអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។ សម្ដេចធិបតីបានបញ្ជាក់ថា នៅឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលបានខិតខំជម្នះបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់និងសកលលោកដែលកើតឡើង ជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ចំពោះវិបត្តិនានាទាន់ពេល និងចំទិសដៅ។សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សុខសន្តិភាពពេញលេញដែលយើងបានខិតខំរួមគ្នាថែរក្សាតាមរយៈ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ បន្ថែមពីនេះគោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងដោះស្រាយបានគ្រប់ស្ថានភាពទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិបេ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM