ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្មដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី FARMBOOK APP ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​មន្រ្តី​កសិកម្មឃុំ

2025/10/13 01:06:30 pm        332
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បាន​រៀប​ចំ​វ​គ្គ​បណ្តុះ​បណ្តាលស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូ​វ​ការ​នូវ​កម្ម​វិធី FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បី​ងាយស្រួលក្នុងការចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បី​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានបញ្ហាប្រឈម។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីនេះ បាន​សម្តែង​ការ​អបអរសាទរដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ទាំងអស់ ដែលបានប្រលងជាប់ ហើយ​ការ​ចែក​ជូន​កុំព្យូទ័របន្ទះនេះ ជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការជួយ​សម្រួល​ដល់​ការ​អនុវត្ត​ការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រើប្រាស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង​ផ្សព្វ​ផ្សាយ​អ្វី​ដែរ​ត្រឹមត្រូវជាប្រយោជន៍ដល់ប្រជាកសិករ។ទាក់ទិនការដាក់ឱ្យប្រើប្រាស់កម្មវិធី FARMBOOK APP នេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បី​បណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សា​ប៉ាន់​ស្មាន​ផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការ និង​ព័ត៌មាន​របស់​ឣ្នក​ប្រមូល​ទិញ​​ធៀបនឹងទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់​ប្រមាណ​តម្រូវ​ការ​ធាតុ​ចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​ទាំង​នេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ។ជាមួយ​នេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃវិស័យកសិកម្ម ធ្វើ​យ៉ាងណាឱ្យប្រជាពលរដ្ឋ «មានហូប មានបាន មានប្រើ និងមានរហូត»។ លើសពីនេះទៀត ឯកឧត្តម បានណែនាំ​ក្នុង​ការ​បម្រើ​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ជូន​ប្រជា​កសិករ​ទាំង​បច្ចេក​ទេស​កសិកម្ម កត្តាទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមាន​វិធីសាស្រ្ត​ក្នុង​ការ​ពន្យល់​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​កសិករ ជាពិសេសការប្រមូលផ្តុំកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍ជាច្រើន បានកម្ចីការប្រាក់ទាប លើកកម្ពស់ជីវភាព និង​មាន​សេដ្ឋកិច្ច​មាត្រ​ដ្ឋាន​។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់​មន្រ្តី​កសិកម្ម​ឃុំ-សង្កាត់ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុបប្រចាំកម្ពុជា និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ព្រម​ទាំងលោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញ ដែលជួយ​សហការ​រៀបចំ​កម្ម​វិ​ធី​នេះ​ដើ​ម្បី​ជួយ​ដល់​មន្រ្តី​កសិកម្ម​ឃុំឱ្យ​កាន់តែមានគុណភាព និងសមត្ថភាពមួយកម្រិត​ទៀត​ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ទាំង​អស់​នៅ​កម្ពុជាទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី

កសិករអ្នកចិញ្ចឹមជ្រូក៣៨គ្រួសារនៅសហគមន៍កសិកម្មចំណារលើរីកចម្រើនស្រុកស្ទោងទទួលបានជំនួយឥតសំណង ៣២៥០០ដុល្លារ ពីគម្រោង CASDP

2025/10/12 04:12:33 pm        230
ជំនួយឥតសំណងចំនួន ៣២៥០០ដុល្លារ ត្រូវបានផ្តល់ជូនដល់បងប្អូនកសិករអ្នកចិញ្ចឹមជ្រូក៣៨គ្រួសារ មកពីសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃក្រសួងកសិកម្ម សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា មរយៈផែនការពង្រឹងសមត្ថភាពផលិតកម្មនិងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដែលគាំទ្រដោយគម្រោង CASDP សហគមន៍ដែលមានសមាជិកភាគច្រើនជាស្ត្រីនេះ គ្រោងនឹងផលិតកូនជ្រូកយ៉ាងតិច២០០០ក្បាល និងជ្រូកសាច់ជិត៧០០០ក្បាល ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ សហគមន៍ក៏គ្រោងនឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្នុងពេលអនាគត ដោយសិក្សាពិនិត្យលទ្ធភាពទិញធាតុចូលរួមគ្នា ផលិតពូជកូនជ្រូករួមគ្នាដើម្បីផ្គត់ផ្គង់ដល់សមាជិកយកទៅចិញ្ចឹម និងចុះកិច្ចសន្យាតភ្ជាប់ទីផ្សារទុកជាមុនផងដែរ៕

កសិករ៣១គ្រួសារនៅសហគមន៍កសិកម្មអូរកន្ធរមានជ័យខេត្តកំពង់ធំ ទទួលបានជំនួយឥតសំណង ៥៣០០០ដុល្លារពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

2025/10/12 03:57:21 pm        191
កំពង់ធំ៖ អបអរសាទរដល់បងប្អូនកសិករចំនួន ៣១គ្រួសារ មកពីសហគមន៍កសិកម្មអូរកន្ធរមានជ័យ នៅខេត្តកំពង់ធំ ដែលទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៣០០០ ដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សម្រាប់គាំទ្រជាទុនបដិភាគដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មមួយចំនួន ដើម្បីអាចផលិតស្រូវពូជលក់បាន ដូចជា៖ ម៉ាស៊ីនច្រូត គោយន្ត ម៉ាស៊ីនប៉ូមទឹក ម៉ាស៊ីនព្រួសស្រូវ និងម៉ាស៊ីនស្ទូងស្រូវជាដើម។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា តាមផែនការ សហគមន៍នេះគ្រោងនឹងប្រែក្លាយខ្លួនជាក្រុមមួយ ស្ថិតក្រោមរចនាសម្ព័ន្ធនៃសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ដែលជាសហគមន៍ទំនើបដែលមានស្រាប់នៅក្នុងតំបន់តែមួយ។ ជាមួុយនឹងការវិនិយោគថ្មីនេះ សហគមន៍នឹងមានសមត្ថភាពផលិតពូជសុទ្ធប្រភេទសែនក្រអូបនិងស្រង៉ែក្នុងបរិមាណប្រមាណជាង១០០០តោន ដោយផ្តោតលើការផ្គត់ផ្គង់ស្រូវពូជផ្ទាល់ដល់សហគមន៍កសិកម្មទំនើបតែម្តង។ បើតាម ឯកឧត្តម ឃឹម ហ្វីណង់ គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) គឺជាកម្មវិធីរបស់ក្រសួងកសិកម្ម និងគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលផ្តល់ទុនបដិភាគរហូតដល់៤០%ដល់សហគមន៍កសិកម្មនិងសមាជិក ដើម្បីគាំទ្រដល់ការវិនិយោគលើមុខរបរអាជីវកម្មរបស់ខ្លួន៕

កម្ពុជាទទួលបានសំណើសុំចុះបញ្ជីវិនិយោគចំនួន ៧គម្រោង មានទុនសរុប ១,៣ ប៊ីលានដុល្លារអាម៉េររិក

2025/10/10 12:32:31 pm        298
គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ចំនួន៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១,៣ ប៊ីលាន​ដុល្លារ​អាម៉េរិក ​និងអាចបង្កើតការងារបានប្រមាណ ៨,៣ ពាន់កន្លែង។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាព “កិច្ចប្រជុំច្រកចេញ-ចូល​តែ​មួយ​” លើកទី១៥ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បី ពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជី គម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដោយមានការអញ្ជើញ ចូលរួម​ពី​សំណាក់​តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ ជុំវិញគម្រោងវិនិយោគខាងលើនេះ មានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៥គម្រោង (ផលិត​ឧបករណ៍ជាង និង សម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុនិងប្លាស្ទិក), ស្ល និងកែច្នៃ​លោ​ហ​ធាតុ​, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈ លម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរ​សម្លៀក​បំពាក់​ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿង អលង្ការ​កាទ្បៃ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងគឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរ​ពហុ​ព្យាបាល​ជំងឺចំនួន២២១ គ្រែ និង គម្រោងសាងសង់ និងប្រតិបត្តិការ​ព្រែក​ជីក​ហ្វូណន​តេជោ​។ ចំពោះគម្រោងវិនិយោគទាំង៧គម្រោងខាងលើនេះ ក្រុមហ៊ុន​ទាំង​នោះ​បាន​ជ្រើស​រើស​បង្កើត​រោង​ចក្រ​នៅ​តាមតំបន់ផ្សេងៗគ្នា រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប។សូមបញ្ជាក់ថា នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគសរុបចំនួន ៥៤៦ គម្រោង កើនឡើងប្រមាណ ៧៣% ធៀបនិងឆ្នាំមុន ក្នុង​ទុន​វិនិយោគ​សរុប ៧,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតការងារបានជាង ៣៧៦ ពាន់កន្លែង៕ អត្ថបទ៖ សុន រ៉ាឌី

ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៩ខែ មានទំហំទឹកប្រាក់ជិត ៤៨ពាន់លានដុល្លារ

2025/10/10 12:15:24 pm        280
នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាន​នាំចេញ​ទំនិញ​សំខាន់ៗ មានទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹក ប្រាក់សរុបជិត ២៤ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់ កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៦ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ២០២៤ (មានត្រឹមជាង ៤១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល ៩ ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញររបស់កម្ពុជា មានតម្លៃ សរុបជាង ២៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (ដែលមានចំនួនជាង ២០ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលវិញ, មានតម្លៃសរុបជាង ២៤ ពាន់លានដុល្លារ អាម៉េរិក កើនឡើងជាង ៣,៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (មានជាង ២១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ ក្នុងនោះជញ្ជីងពាណិជ្ជកម្ម (នៃនាំចេញ-នាំចូល) ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ មានតម្លៃស្មើនឹង -១,៣៣៥ លានដុល្លារអាម៉េរិក ដែលនេះបានបង្ហាញពីការរប្រកួតប្រជែងមានតុល្យភាពប្រហាក់ ប្រហែលគ្នា ជាពិសេសបានបង្ហាញអំពីទំនោរនៃការនាំចេញរបស់កម្ពុជាមានកំណើនល្អប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកសិផលគ្រប់ប្រភេទ មានទំហំទឹកប្រាក់ជាង ៣.៨៨៨ លានដុល្លារអាម៉េរិក

2025/10/09 04:27:53 pm        418
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មាន​បរិមាណ​សរុប​ជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លាន​ដុល្លារ​អាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញ​មាន​កំណើន​ខ្ពស់​។អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃ​ការ​នាំ​ចេញ​កសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះ​សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១ លានតោន កើនឡើង​ប្រមាណ​ជាង ៣០ភាគរយ ក្នុងនោះការនាំចេញអង្ករចំនួនជិត ៦០ ម៉ឺនតោន កើនឡើង ៣៣ ភាគរយ​, ស្រូវជាង ៥,២ លានតោន កើនឡើង ៦៧ ភាគរយ បើធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤​ ដោយកម្ពុជានាំចេញទៅកាន់ទីផ្សារគោលដៅ ចំនួន ៨៨ ប្រទេស។ទាក់ទិនទំហំទឹកប្រាក់វិញ, បើគិតតម្លៃទឹកប្រាក់នៃការនាំចេញក្នុងរយៈពេល៩ខែរនេះ, ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៃការនំាចេញ កសិផលរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣.៨៨៨ លាន​ដុល្លារ​អាមេរិក ដែលក្នុងនោះតម្លៃទឹកប្រាក់នៃការនាំចេញផលិតផល ដំណាំក្រៅពីស្រូវ-អង្ករ មាន​ចំនួនជិត ៣.០០០ លានដុល្លារអាម៉េរិក, ការនាំចេញស្រូវ មានចំនួនជាង ១ ពាន់​លាន​ដុល្លារ​អាម៉េរិក និងការនាំចេញអង្ករ មានចំនួនជាង ៤៥៥ លានដុល្លារអាម៉េរិក។ ចំណែក​ការ​នាំ​ចេញ​ផលិត​ផល​ដំណាំក្រៅពីស្រូវ-អង្ករ ទៅប្រទេសថៃ មានចំនួនជិត ៣៦០ លានដុល្លារអាម៉េរិក ស្មើ​ជាង ៦ ភាគរយ នៃការនាំចេញសរុប។សូមបញ្ជាក់ថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥, ទោះបី​មាន​កំណើន​ជាង​ ៣០ភាគរយ ក៏ពិតមែន តែ ផលិតផលដំណាំមួយចំនួនមានការថយចុះ បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា​៖ ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជា កសិករបំប្លែងពីដំឡូង​មី​ស្រស់​ទៅ​ក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរនិងមានតម្លៃខ្ពស់។ ជាក់ស្តែង​ក្នុង​រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួនជាង ៥៧ ភាគរយ និង​ម្សៅ​ដំ​ឡូងមីកើនឡើងចំនួនជាង ៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ទំហំមូលធនូបនីយកម្មទីផ្សារសរុបរបស់ផ្សារមូលបត្រកម្ពុជាមានតម្លៃ ២,៧៥ ពាន់លាន​ដុល្លារ​អាម៉េរិក

2025/10/08 12:38:00 pm        221
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥នេះ ទំហំមូលធនូបនីយកម្មទីផ្សារសរុប របស់ផ្សារ​មូល​បត្រ​កម្ពុជា​មានតម្លៃប្រមាណជាង ១១ ទីលានរៀល ត្រូវ ២,៧៥ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបតកម្ពុជា លើក​ឡើង​នៅក្នុង «សន្និសីទ មូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ៖ ការវិវត្តនៃវិស័យ​មូល​បត្រ​៖ ចីរភាព នវានុវត្ត បរិយាបន្ន និងភាពធន់» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះថា សមិទ្ធ​ផល​ទីផ្សារ គិតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយ​លក់​មូល​បត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំង២៥នេះ បាន​ប្រមូល​សាច់​ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារ អាម៉េរិក ហើយនៅថ្ងៃនេះ ផ្សារមូលបត្រ​នឹង​មាន​ការ​ចុះបញ្ជី​សញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាម៉េរិកបន្ថែមទៀត។ឯកឧត្តម បន្តឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បាន​បោះ​ផ្សាយ​លក់​មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួម​បញ្ចូល​ទាំង​សញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជា មោទនភាពមួយ​សម្រាប់​កម្ពុជា​។ ​ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារដើរក្រោយគេ ហើយទំហំទីផ្សារនៅតូច តែ​ការ​អនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះ​សញ្ញា​បណ្ណ​ដែល​បានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ, ជាក់ស្តែង​គិត​ត្រឹម​ត្រី​មាស​ទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃជាង ១១ទីលានរៀល ត្រូវ​ប្រមាណ​ ២,៧៥ ពាន់លានដុល្លារអាម៉េរិក។ឆ្លើយតបទីផ្សារនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បាន​ផ្ដល់​នូវអនុសាសន៍មួយចំនួនរួមមាន៖ និយ័តករមូលបត្រកម្ពុជា ត្រូវដឹកនាំ​អនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យមូលបត្រ ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការ និងការ​ទទួល​ខុស​ត្រូវខ្ពស់។ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីពិនិត្យ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ​ដែល​មាន​ស្រាប់ ដោយពង្រឹងធ្វើទំនើបកម្ម និងអាចឈានទៅដល់​ការ​កែ​ទម្រង់​ចាំបាច់​នានា​ជា​ជំហាន​ៗ។ និយ័តករមូលបត្រកម្ពុជា និងស្ថាប័នស្ថិតក្រោមនិយ័តកម្ម ត្រូវបន្តធ្វើការ រួមគ្នា និង​សហការ​គ្នាស្អិតល្មួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់ផលប្រយោជន៍ និង​ការ​គាំ​ពារ​វិនិយោគិន ជាអាទិភាព ស្របតាមយន្តការដែលមានស្រាប់ និងអាចពិនិត្យ បង្កើត​យន្តការ​ថ្មី​បន្ថែម​។ ត្រូវបន្តកិច្ចសហការល្អ ក្នុងការលើកកម្ពស់ការ អភិវឌ្ឍទីផ្សារមូលបត្រចីរភាព ក៏ដូចជា​ក្នុង​ការ​ជំរុញអនុវត្តគោលនយោបាយពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្ពុជា សម្រេចបាននូវ គោល​ដៅ​អព្យា​ក្រឹត្យ​កាបូន ២០៥០ ព្រមទាំងត្រូវបន្តនូវកិច្ច សហការស្អិតល្មួត ក្នុងយុទ្ធនាការ​ប្រឆាំង​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិស័យមូលបត្រ មិនត្រូវជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះឡើយ។ និយ័តករមូល បត្រកម្ពុជា ត្រូវប​ន្ត​ជំរុ​ញ​ការ​ធ្វើ​បរិវត្តកម្មឌីជីថល ទាំងក្នុងស្ថាប័ននិយ័តករមូលបត្រ និងវិស័យមូលបត្រទាំងមូល ដោយ​មាន​ការចូលរួមយ៉ាងសកម្ម ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងទីផ្សារនិង ត្រូវបន្តជំរុញសមាហរណកម្មទីផ្សារ ជាមួយនឹងនិយ័តករក្នុងតំបន់ និងអន្តរជាតិ ដើម្បីរក្សាទីផ្សារមូលបត្រឲ្យបានរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្ដល់ឥណទានសម្បទានទឹកប្រាក់សរុបជិត ៣០០លានដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ចំនួនពីរ​​នៅកម្ពុជា

2025/10/08 11:47:56 am        625
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា និងជប៉ុន បាន​ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពី​ការ​ផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សរុបជិត ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​ចំនួនពីរ គឺគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់​កាល​ទី៣​)​។ពិធីចុះហត្ថលេខានេះប្រារព្ធឡើងក្រោម​អធិបតីភាព​ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា គម្រោងទាំងពីរនោះរួមមាន៖ ១. ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង ២. ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)។ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការ ជំរុ​ញ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេសទាំងពីរ៕

អាជ្ញាធរខេត្តកែបជំរុញលើកទឹកចិត្តសហគមន៍ឱ្យពង្រីកការចិញ្ចឹមត្រីឆ្ពង់ ដើម្បីផ្តត់ផ្គង់​តម្រូវ​ការ​ទេសចរ

2025/10/07 12:11:45 pm        536
អាជ្ញាធរខេត្តកែប បានលើកទឹកចិត្តដល់សហគមន៍នេសាទទាំង៥ ឱ្យបន្តខិតខិតសិក្សាស្រាវជ្រាវ ពង្រីក​ការ​ចិញ្ចឹមត្រីឆ្ពង់នៅតាមសហគមន៍របស់ខ្លួនឱ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ មកលេងខេត្តកែប និងបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឲ្យបន្តជួយជ្រោម​ជ្រែក​គាំ​ទ្រ ​ទាំងស្មារតី និង សម្ភារបច្ចេកទេសដល់សហគមន៍នីមួយៗ។នៅក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍នេសាទអូរក្រសារ នាពេលថ្មីៗនេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ទទួលបន្ទុក វិស័យកសិកម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ត្រីឆ្ពង់ ជាមុខម្ហូបដែលទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងអ្នកទេសចរ ហើយកន្លងមក ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយ​មូល​ដ្ឋាន​​ខេត្ត​កែប ក៏បានជំរុញអាជ្ញាធរ ខេត្តឱ្យខិតខំពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ដើម្បី​លើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ ស្របពេលកំណើន ទេសចរក្នុងខេត្តបន្តកើនឡើង។លោកបានបន្តថា បច្ចុប្បន្ននេះ សហគមន៍នេសាទ៥នៅខេត្តកែប ទើបឃើញ​សហគមន៍​នេសាទ​អូរក្រសារ​មួយប៉ុណ្ណោះ ដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ទទួលបានលទ្ធផលឆ្លើយតបល្អប្រសើរ។ លោកជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ បន្ត​សិក្សា និងពង្រីកការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍៤ផ្សេងទៀតឲ្យបានល្អប្រសើរ ព្រោះតម្រូវការទីផ្សារក្នុងខេត្ត មិន ទាន់អាចផ្គត់ផ្គង់គ្រប់នៅឡើយទេ។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបញ្ជាក់ថា មន្ទីរបាន នឹងកំពុង​ជំរុញការចិញ្ចឹមត្រីឆ្ពង់ នៅគ្រប់សហគមន៍នេសាទទូទាំងខេត្ត ព្រោះមន្ទីរ បាន​មើល​ឃើញ​​ពី​សក្តានុពល នៃវារីវប្បកម្មនៅតាមតំបន់ឆ្នេរ ពិសេសការចិញ្ចឹមត្រីឆ្ពង់ វាជាផ្នែកមួយ​ជួយ​ដល់​ការ​ងារអភិរក្សឱ្យមានស្ថិរភាព។ លោក នួន សុភ័ក្រ ប្រធានសហគមន៍នេសាទអូរក្រសារ បានឱ្យដឹងថា បច្ចុប្បន្ន មានប្រជាសហ គមន៍​បួន​គ្រួសារ​ប៉ុណ្ណោះដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ដោយក្នុងមួយគ្រួសារ មានត្រីត្រឹម​តែ​ជាង​មួយពាន់ក្បាល។ ត្រីឆ្ពង់ដែលប្រមូលផលបាន យកទៅផ្គត់ផ្គង់​ឱ្យ​បណ្តា​ភោជនីយ​ដ្ឋាន​នៅក្នុ​ង​ខេត្ត​ និងមួយចំ នួនទៀតឲ្យភ្ញៀវទេសចរដែលមកលេងផ្ទាល់ ក្នុងតម្លៃ​២៥,០០០​រៀល​ក្នុង​មួយ​គីឡូ៕ អត្ថបទ៖ សារឹម

ADB បានអនុម័តដំណាក់កាលទីពីរ​នៃ​កម្មវិធី​អភិវឌ្ឍន៍​អន្តរកម្ម​ថាមពល​នៅ​កម្ពុ​ជា​ដោយ​មាន​ទឹក​ប្រាក់​ជាង ៨២លានដុល្លារ

2025/10/07 11:29:06 am        128
ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានអនុម័តដំណាក់កាលទីពីរនៃ កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​សម្រាប់​អន្តរកម្ម​ថាមពល(ETSDP) របស់កម្ពុជា ដែលមានទឹកប្រាក់ ៨២,៥ លាន​ដុល្លារ​អាម៉េរិក ហើយនឹងបន្តដំណាក់កាលទីបីទៀត នៅឆ្នាំ២០៣០។ នេះបើតាម​ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់​ ADB។យោងតាមផេកហ្វេសបុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៥​នេះ​បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្ម​វិធី​អភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លាន​ដុល្លារ​។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់​អន្តរ​កម្ម​ថា​មព​ល​ស្អាត របស់ប្រទេស ដោយរួមបញ្ចូល​គ្នា​នូវ​កំណែ​ទម្រង់​គោល​នយោបាយ​ជាមួយ​នឹង​គម្រោង​វិនិយោគបច្ចេកវិទ្យាថ្មីៗ។ តាមរយៈផេកហ្វេសបុកនេះ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីដំណាក់​កាល​ទីមួយ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំ​វិស័យ​ថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែក​លើ​មូល​ដ្ឋាន​នេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹង​ក្រប​ខ័ណ្ឌ​ប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់​ទាញ​ការ​វិនិយោគ​ពី​វិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំ​បទ​ប្បញ្ញត្តិ​ដំបូង​របស់​កម្ពុជា​សម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែល​រួម​ចំណែក​ធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅដ្ឋាន។កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោល​បំណង​សម្រប​សម្រួល​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​វត្ថុ​សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគ​លើ​បច្ចេក​វិទ្យា​សន្សំ​សំចៃ​ថាមពល​។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បី​ឱ្យ​ធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់​ការ​វិនិយោគ លើប្រសិទ្ធភាពថាមពល។ តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការ​គាំទ្រ​ដល់​សហគ្រាសធុនតូច និងមធ្យម មូលនិធិបង្វិលនេះត្រូវបាន​រំពឹងថា​នឹង​ពន្លឿន​ការ​វិនិយោគ​លើ​ប្រសិទ្ធ​ភាព​ថាមពលនៅទូទាំងប្រទេសកម្ពុជា។ជាមួយគ្នានេះនាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មាន​ប្រសាសន៍​ថា «ADB មាន​កិត្តិយស​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ប្រកប​ដោយ​មហិច្ឆិតា​ និងការផ្លាស់ប្តូរ ក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទានកំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រ គោល​នយោបាយ​ជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹង​គាំទ្រ​ការប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះ​រួម​បញ្ចូល​ទាំង​គោលដៅនៃការសម្រេចបាននូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយ​ថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងកា​រ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជំរុញ​ប្រសិទ្ធ​ភាព​ថាមពល​ប្រកប​ដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់​ដើម្បី​ធានា​ថា​កំណើន​របស់​កម្ពុជា​នៅ​តែ​មាន​និរន្តរភាព។»កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែល​នឹង​ធ្វើ​ឱ្យ​កំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកា​រ​ពង្រី​ក​ក្រប​ខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ប្រសិទ្ធ​ភាព​ថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និង​ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
12/15/2025 09:12 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
12/15/2025 09:12 PM
សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
12/15/2025 09:12 PM
ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
12/15/2025 09:12 PM
ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
12/15/2025 09:12 PM
ក្រុម M23៖ ទាហានប៊ូរុនឌីរាប់រយនាក់ ត្រូវបានចាប់ខ្លួន អំឡុងការវាយលុកចុងក្រោយ នៅកុងហ្គោ
12/15/2025 08:12 PM
តូបលក់ដុំរាប់រយ ត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សារ Kramat Jati ក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី
12/15/2025 08:12 PM
EU ពង្រីកទណ្ឌកម្មលើបេឡារុស ដើម្បីរួមបញ្ចូលទាំងសកម្មភាពកូនកាត់
12/15/2025 08:12 PM
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
12/15/2025 08:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
12/15/2025 07:12 PM