ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

សេដ្ឋកិច្ច និង កសិកម្ម

EU អំពាវនាវឲ្យប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មាន«លក្ខណៈស្ថាបនា» អំពីការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

2023/09/18 12:15:16 pm        108
គណៈកម្មការអឺរ៉ុប បានអំពាវនាវឲ្យប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី មានលក្ខណៈស្ថាបនា បន្ទាប់ពីបានប្រកាសពន្យារពេលជាឯកតោភាគីនៃការហាមឃាត់លើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។យើងដឹងពីសេចក្តីប្រកាសរបស់រដ្ឋសមាជិកមួយចំនួនទាក់ទងនឹងវិធានការឯកតោភាគី។ អ្វីដែលសំខាន់នៅពេលនេះ គឺប្រទេសទាំងអស់ ធ្វើការក្នុងស្មារតីនៃការសម្របសម្រួល និងចូលរួមក្នុងការស្ថាបនា»។គណៈកម្មការនេះ បានបន្ថែមថា នៅពេលនេះ ខ្លួនផ្តោតលើការអនុវត្តប្រព័ន្ធថ្មី ដែលបានប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញា និងធ្វើឲ្យវាដំណើរការ។លើសពីនេះទៅទៀតនោះ កិច្ចប្រជុំជាមួយតំណាងនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលពាក់ព័ន្ធ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ ខែកញ្ញានេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

សមាគមចុងភៅកម្ពុជា បើកការប្រកួតប្រជែងម្ហូបខ្មែរថ្នាក់ជាតិ ក្នុងពិព័រណ៍ម្ហូបអាហារ នៅកោះពេជ្រ

2023/09/15 01:53:11 pm        627
ភ្នំពេញ៖ សមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានកំពុងរៀបចំកម្មវិធីប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្នុងពិធីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ និងសណ្ឋាគារ ឬហៅថា CamFood CamHotel ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។លោក សុង តេង ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា គោលបំណងកម្មវិធីការប្រកួតប្រជែងធ្វើម្ហូបខ្មែរ​ថ្នាក់ជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិស័យទេសចរណ៍​ ក៏ដូចជា ដើម្បីលើកតម្កើង​នូវតម្លៃ​របស់ម្ហូបខ្មែរតាំងពីបុរាណកាល និងធ្វើការជំរុញបន្ថែមនូវការ​ប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរ ​ដែលប្រជាកសិករកំពុងដាំដុះ ​ហើយក៏ជាកត្តាមួយ ក្នុងការធ្វើឲ្យប្រជាកសិករ​មានជីវភាពកាន់តែល្អប្រសើរផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់វិញ្ញាសាការប្រកូតមុខម្ហូបខ្មែរ ​មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរ និងអាម៉ុក។លោក សុង តេង ក៏បានលើកទឹកចិត្ត និងអំពាវនាវ​ទៅដល់អ្នកដែលស្រលាញ់ចូលចិត្តវិស័យ​ម្ហូប​អាហារនេះ ចូលរួមឲ្យបានច្រើនកុះករថែមទៀត​ ដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យ​ដែលកំពុងមាន ​ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ​ក៏ដូចជាលើកកម្ពស់វិស័យម្ហូបអាហារ។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា​កាន់តែច្រើនឡើង​ថែមទៀត តាមរយៈម្ហូបអាហារដ៏​ឆ្ងុយឆ្ងាញ់​ពិសារ។សូមជម្រាបថា ​ការប្រកួតធ្វើម្ហូបខ្មែរនេះ គណៈកម្មាការនឹងដាក់ពិន្ទុទៅលើរសជាតិ ហើយ​នឹងឲ្យពិន្ទុទៅលើការ​ចំអិន​ និងការរៀបចំទុកដាក់។ ​ដោយទ្បែកសម្រាប់រង្វាន់ជ័យលាភី ​លេខ១ នឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត​ ២លានរៀល​ រួមជាមួយ មេដាយមាស និងលិខិតសរសើរ៕

ចិនបដិសេធបម្រាមលើទូរស័ព្ទអាយហ្វូន ខណៈមានក្ដីបារម្ភពីសង្រ្គាមបច្ចេកវិទ្យាជាមួយអាមេរិក

2023/09/15 01:42:41 pm        198
ប្រទេសចិនបានបដិសេធរបាយការណ៍នៃការហាមប្រាមលើប្រភេទទូរស័ព្ទអាយហ្វូន របស់ក្រុមហ៊ុន អេបផល (Apple) នៅក្នុងការិយាល័យរដ្ឋាភិបាល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អេបផល បាត់បង់ប្រាក់រាប់លានដុល្លារកាលពីសប្តាហ៍មុន។ ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីមានសកម្មភាពសងសឹកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កើនការព្រួយបារម្ភនៃសង្រ្គាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរ។ការហាមប្រាមលើផលិតផល Huawei នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយសម្រាប់ជម្លោះ ដែលកំពុងបន្តនេះ។ ការចេញលក់ ទូរស័ព្ទអាយហ្វូន១៥ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន អេបផល ស្របពេលជាមួយនឹងការចេញទូរស័ព្ទថ្មីប្រើប្រព័ន្ធ ហ្វាយជី (5G) ពីក្រុមហ៊ុន Huawei បានបង្កឲ្យមានជាសំណួរអំពីមធ្យោបាយដែលក្រុមហ៊ុន Huawei ទទួលបានបច្ចេកវិទ្យានេះ។ជាការឆ្លើយតប រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់កំហិតលើក្រុមហ៊ុនអាមេរិក ដែលលក់កម្មវិធី និងឧបករណ៍ទៅឱ្យក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនចិនផងដែរ។ ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន អេបផល ដែលមានចំនួនប្រហែល២០ភាគរយនៃការលក់សរុបរបស់ខ្លួន ហើយរបាយការណ៍នៃបម្រាមការប្រើប្រាស់ទូរស័ព្ទ អាយហ្វូន បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុន អេបផល ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារប្រទេសចិន៕

ផលិតផលជលផល២មុខដំបូងគេរបស់កម្ពុជា បាននាំចេញទៅទីផ្សារប្រទេសចិន

2023/09/15 01:08:32 pm        224
ភ្នំពេញ៖ ផលិតផលជលផលទឹកសាបចំនួន២ប្រភេទរបស់កម្ពុជារួមមាន៖ កំពឹសបង្កក និងអន្ទង់បង្កក១កុងតឺនឺ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង និងប្រកបដោយភាពជគជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​បានលើកឡើងថា បន្ទាប់ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រុមហ៊ុន ​ដែលបានប្រមូលទិញផលិតផលជលផលធម្មជាតិពីប្រជានេសាទខ្មែរ រហូតសម្រេចបានការនាំចេញទីកាន់ទីផ្សារប្រទេសចិននេះ ​គឺជា«ជើងដំបូង» ​របស់កម្ពុជា ហើយ​ក៏​នៅមានការងារច្រើនទៀតដែលត្រូវធ្វើផងដែរ។ លោកជំទាវ បានបញ្ជាក់ថា ការងារអាទិភាពដំបូង ​គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាម​ស្តង់ដារ​អនាម័យ និងភូតគាមអនាម័យ ​កំណត់ដោយរដ្ឋបាលគយចិន​ ដើម្បីធានាឲ្យបានថា ផលិតផល​ជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ ​គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ ​មានគុណភាពកាន់តែខ្ពស់ មាន​សោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព ​និងមានរសជាតិកាន់តែឆ្ងាញ់​ ក្នុងគោលដៅពង្រឹង និង​ពង្រីកតម្រូវការរបស់​អតិថិជន​នៅលើទីផ្សារប្រទេសចិន។លោកជំទាវ អ៊ឹម រចនា បានលើកឡើងបន្តថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិន​កើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជា​ទៅកាន់ប្រទេសចិន នឹងមានកំណើន។ ចំណែក​ប្រជានេសាទ វារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ ​នឹងមានការងារធ្វើកាន់តែច្រើន។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់​ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូន​ប្រជានេសាទ​និងវារីវប្បករ​នៅស្រុកខ្មែរ​យើងឲ្យកាន់តែមានការរីកចំរើនទៅមុខ ​និងរួមចំណែកជួយ​ដល់កំណើន​សេដ្ឋកិច្ចជាតិផងដែរ៕

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និងSMEs ជប៉ុនបន្ថែមមកអភិវឌ្ឍន៍នៅកម្ពុជា

2023/09/14 05:11:28 pm        89
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាស​ធុនតូច និងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យ​បានច្រើន​បន្ថែមទៀត ​ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា​ឱ្យកាន់តែ​មានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន នាពេលបច្ចុប្បន្ន និងអនាគត។ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ​និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងការងារ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ​ប្រទេសជប៉ុន​បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​នាំ​មកសន្តិភាពនៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើន​កិច្ចសហប្រតិបត្តិការ​ដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ​មួយវិញទៀត រំហូរពាណិជ្ជករជប៉ុនបានចូល​មក​វិនិយោគកាន់តែច្រើន​លើគ្រប់វិស័យ ហើយក៏បានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ ដែលនេះជាការបង្ហាញពី​សក្តានុពល​ និងភាពទាក់ទាញរបស់កម្ពុជា។ ឯកឧត្តម យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញ​ទាក់ទាញអ្នក​វិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា​ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារ ដែលស្របទៅនឹងយុទ្ធសាស្រ្ដ​បញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ពិសេសគឺការផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់យុវជន១លាន៥សែននាក់​មកពីក្រុមគ្រួសារក្រីក្រ​ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រ​ស្ថាប័ន TVET ដែលកំពុង​សហការស្រាប់​ជាមួយភាគីជប៉ុន។ជាការឆ្លើយតប លោក ហ៊្វុមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយក​សំណូមពរនេះ និងបានបញ្ជាក់ថា ​រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍​នៅកម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ​ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែ​សម្ជស្ស ដែលជាជំនាញមួយ​កំពុង​តែពេញនិយម ​និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការផ្ដល់កិច្ច​សហប្រតិបត្តិជាមួយភាគីជប៉ុន នៅ​ពេលដែលប្រតិភូវិនិយោគជប៉ុនមកទស្សនកិច្ចនៅប្រទេសកម្ពុជា ​នាខែវិច្ឆិកា ឆ្នាំ២០២៣ ​ខាងមុខ ពោលនឹងត្រៀមចាំសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់តំបន់សក្តានុពល​សម្រាប់ការបង្កើត​អាជីវកម្ម ​ក៏ដូចជាជួយសហការក្នុងការជ្រើសរើស ​និងបណ្ដុះបណ្ដាលកម្មករនិយោជិត ត្រៀមខ្លួនមុនចូលបម្រើការងារ៕

ពិព័រណ៍ម្ហូបអាហារសណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ រំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់

2023/09/14 04:02:08 pm        214
ភ្នំពេញ៖ កម្មវិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ ឬហៅជាភាសាអង់គ្លេស CamFood CamHotel and CamBuild ដែលបានបើកសម្ពោធជាផ្លូវការ ដើម្បីបង្ហាញពិព័រណ៍ជាលក្ខណៈ ប៊ីធូប៊ី (B2B) ធំជាងគេក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ​រាជធានីភ្នំពេញ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង១ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនេះ។ព្រឹត្តិការណ៍ដ៏ធំនេះ បានសហការរៀបចំដោយក្រសួងទេសចរណ៍ ​ក្រសួងពាណិជ្ជកម្ម និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ សណ្ឋាគារ និងសំណង ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណជាង ១៥០ ម៉ាក។លោក Darren Siow គណៈកម្មាធិការរៀបចំការពិព័រណ៍នេះថ្លែងថា ក្រៅពីការតាំងពិព័រណ៍ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច ​និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែង​ដណ្តើមពានរង្វាន់។ លោក ជា និមល អគ្គនាយករង នៃក្រុមហ៊ុនសាប៊ូក្លិន ​និងលោកស្រី រិន ណៃហួយ ប្រធាន​ផ្នែកទីផ្សារក្រុមហ៊ុន បុងកាហ្វេ ខេមបូឌា ដែលបានចូលរួមតាំងបង្ហាញក្នុងពិព័រណ៍​ខ្នាតអន្តរជាតិ​នេះ​បានអំពាវនាវដល់សាធារណៈជន ជាពិសេសអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម ឬស្វែងរកដៃគូពាណិជ្ជកម្ម ​អាចចូលរួមស្វែងយល់ពីផលិតផល ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ​តាមរយៈកម្មវិធីនេះ។ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍​ ក៏បានអំពាវនាវវិស័យឯកជន និង​គ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ​ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ដែលមក​កម្សាន្តកម្ពុជា ស្របទៅតាមដំណាក់កាលទី២​នៃការជំរុញ​ និងស្តារឡើងវិញ​នៃវិស័យទេសចរណ៍​នៃផែនទី​ចង្អុលផ្លូវ ស្តីពីផែនការស្តារ ​និងលើកស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយវិបត្តិកូវីដ-១៩៕អត្ថបទ ឈិត បូរ៉ាវី 

ការប្រកួតប្រជែងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei ជះឥទ្ធិពលដល់គំនិតបច្ចេកវិទ្យារបស់ប្រជាជនចិន

2023/09/14 12:55:52 pm        90
ទូរស័ព្ទអាយហ្វូន១៥ (iPhone 15) របស់ក្រុមហ៊ុន Apple បានទាក់ទាញប្រតិកម្មចម្រុះនៅក្នុងទីផ្សារធំទីបីរបស់ខ្លួននៅប្រទេសចិន កាលពីថ្ងៃពុធ (១៣ កញ្ញា) ដោយអ្នកប្រើប្រាស់អនឡាញជាច្រើនចូលចិត្តបន្ទះឈីបដែលមានល្បឿនលឿនជាងមុន និងបង្កើនសមត្ថភាពលេងហ្គេម ខណៈដែលអ្នកផ្សេងទៀតចូលចិត្តស្មាតហ្វូនសេរីថ្មីរបស់ក្រុមហ៊ុន Huawei ។ ប្រទេសចិន នៅតែជាគន្លឹះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដែលបានបង្ហាញសេរីទូរស័ព្ទអាយហ្វូនថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ (១២ កញ្ញា)។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន ត្រូវបានប៉ះពាល់កាលពីសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ថា ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនរដ្ឋរបស់ចិន បានហាមឃាត់បុគ្គលិកមិនឲ្យប្រើប្រាស់ទូរស័ព្ទអាយហ្វូន និងក្រុមហ៊ុន Huawei បានដាក់បង្ហាញស្មាតហ្វូនថ្មីជាមួយបន្ទះឈីបកម្រិតខ្ពស់ដែលត្រូវបានគេមើលឃើញថា ជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចិនមួយនេះសម្រាប់ការវិលត្រឡប់មកកាន់ទីផ្សារវិញផងដែរ។ជាមួយគ្នានេះដែរ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធ (១៣ កញ្ញា) ថា ទីក្រុងប៉េកាំងមិនបានចេញបម្រាមលើការបញ្ជាទិញ និងប្រើប្រាស់ម៉ាកទូរស័ព្ទបរទេសដូចជាក្រុមហ៊ុន Apple ទេ ប៉ុន្តែបានលើកឡើងថា ខ្លួនបានណែនាំឲ្យមានការផ្សាយពាណិជ្ជកម្មពីប្រព័ន្ធផ្សព្វផ្សាយ អំពីឧប្បត្តិហេតុសុវត្ថិភាពទាក់ទងនឹងទូរស័ព្ទរបស់ក្រុមហ៊ុន Apple តែប៉ុណ្ណោះ៕

ទីផ្សារនាំចេញស្វាយកែវរមៀតស្រស់ នឹងងើបឡើងល្អប្រសើរវិញនៅចុងឆ្នាំនេះ

2023/09/13 03:39:14 pm        1692
ភ្នំពេញ៖ អ្នកនាំចេញស្វាយកម្ពុជា រំពឹងថា ទីផ្សារនាំចេញស្វាយកែវរមៀតស្រស់ទៅកាន់ប្រទេសចិន នឹងងើបល្អប្រសើរឡើងវិញ នៅចុងឆ្នាំនេះ ខណៈវិបត្តិជំងឺកូវីដ ១៩ នៅប្រទេសចិនមានស្ថានភាព​ល្អប្រសើរ និងស្របពេលក្រុមអ្នកសម្រប​ស្រួល​របស់កម្ពុជា ​កំពុងខិតខំផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញនៃប្រទេសទាំងពីរ។លោកស្រី ច្រាន់ ប៉ុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមកសិកម្មដំណាំស្វាយកម្ពុជា និងជាអ្នក​នាំចេញ​ស្វាយកែវរមៀតទៅកាន់ទីផ្សារចិន ​លើកឡើងក្នុងកិច្ចសម្ភាស​ជាមួយសារព័ត៌មាន ស្តីពីការ​ដាំដុះ និងការនាំចេញស្វាយ​កែវរមៀត​ស្រស់របស់កម្ពុជា នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣នេះថា ជុំវិញការនាំចេញស្វាយកែវរមៀតនេះ ​នៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ការនាំចេញ​ស្វាយកែវ រមៀតស្រស់របស់កម្ពុជាទៅកាន់ទីផ្សារចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលចិនបាន​រឹតត្បិត​ចំពោះការធ្វើដំណើរ ​ទាំងការនាំចូលផលិតផល និងកសិផលទៅ​កាន់ប្រទេសរបស់​ខ្លួន​ជាដើម ដែលបញ្ហានេះសម្រាប់កម្ពុជា​ បានធ្វើឲ្យកសិករ​បាក់ទឹកចិត្តក្នុងការដាំដុះ និងការថែទាំ​ស្វាយរបស់ខ្លួនផងដែរ។ទាក់ទិនការនាំចេញស្វាយ, លោកស្រី បន្តថា ​កម្ពុជាមានក្រុមការងារ​សម្របសម្រួលទីផ្សារនាំចេញ បច្ចុប្បន្ន​បានកំពុងធ្វើការទំនាក់ទំនង ​ដើម្បីជំរុញការនាំ​ចេញ​ស្វាយ​ទៅ​កាន់ទីផ្សារចិន ក្នុងនោះ​តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះ​ និងស្របពេលវិបត្តិជំងឺកូវីដ ​១៩ នៅប្រទេសចិន មាន​ស្ថានភាពល្អប្រសើរឡើងវិញ ​ទាំងទីផ្សារ ​និងមនុស្សចរាចរណ៍​ឡើងវិញ​ជាធម្មតានោះ, លោកស្រីរំពឹងថា ​ទីផ្សារនាំចេញស្វាយកែវរមៀត​ស្រស់របស់កម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន នឹងងើបល្អប្រសើរឡើងវិញចាប់ពីបំណាច់ចុងឆ្នាំ ២០២៣​ នេះតទៅ។ ពាក់ព័ន្ធការនាំចេញស្វាយរបស់កម្ពុជានេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួល​ទីផ្សារនាំចេញ ​និងជាតំណាង Alibaba នៅកម្ពុជា ​លើកឡើងថា ក្នុងនាមអ្នក​សម្របស្រួល​ផ្សារភ្ជាប់រវាងអ្នកលក់ ​និងអ្នកទិញ ឧកញ៉ាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសការ​កៀគរស្វែង​រកអ្នកទិញនៅប្រទេសចិន​ ដែលកំពុងរកស៊ីទទួលទាន​នៅក្នុងវិស័យកសិកម្មអាចផ្សារភ្ជាប់គ្នា ដើម្បីធ្វើយ៉ាងណាជួយជំរុញ​នាំចេញកសិផលរបស់កម្ពុជា​ទៅកាន់ទីផ្សារចិនឲ្យបានច្រើន ជា​ពិសេសស្វាយកែវរមៀតស្រស់ ​និងមៀនប៉ៃលិនជាដើម។ជុំវិញការនាំចេញស្វាយ, បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៨ ​ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាបាននាំចេញកសិផល ​មានបរិមាណសរុបជាង ៥ ​លានតោន មានទំហំទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ​ក្នុងនោះសម្រាប់ការនាំចេញផ្លែស្វាយស្រស់ ​មានចំនួនជាង ៩៥ ពាន់តោន ​ថយចុះ ២១ ភាគរយ ​ខណៈការនាំចេញដំណាប់ស្វាយ មានជាង ១៩ ពាន់តោន កើនឡើង ៣៧ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការមានចំនួន២៤ ជាមួយនឹងទុនជាង៨ពាន់លានដុល្លារ

2023/09/12 04:01:01 pm        273
ភ្នំពេញ៖ ប្រទេស​កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន២៤ ដោយ​គិត​ចាប់​តាំងពី​ឆ្នាំ ​២០០៦ ដល់​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ​ជាមួយនឹង​ទុនវិនិយោគ​ជាង៨​ ពាន់​លាន​ដុល្លារ។ សកម្មភាព​ចម្បង​នៃតំបន់សេដ្ឋកិច្ច ​ផ្តោតលើផលិតកម្ម​ នៃ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំ​ណើ​រ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក​ រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហកម្ម​ដំឡើង​រថយន្ត និង​កង់​។យោងតាម​របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺ​មាន​រោង​​ចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ​៦៥៥​ គម្រោង ដែល​ស្មើ​ទុន​វិនិយោគ​ប្រមាណ ៨,១​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ចាប់ពី​ឆ្នាំ ​២០១១ រហូតដល់​ខែមិថុនា ​ឆ្នាំ​ ២០២៣ មាន​ប្រមាណ ២៥,៧​ ពាន់​លាន​ដុល្លារ ​និងបង្កើត​ការងារ​បាន ១៧៤ ​ពាន់​កន្លែង​។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ CDC ​បានលើកឡើង​ក្នុង​វេទិកា​មួយ​កាល​ពីពេលថ្មីៗនេះ​ថា ចាប់​តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​តាក់តែង​បទប្បញ្ញត្តិ និង​ច្បាប់ តាំងពី​ឆ្នាំ​ ២០០៥​ មកគិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ កម្ពុ​ជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន ២៤​។​លោក ​បន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ការ​ធ្វើ​ពិពិធកម្ម​ប្រភព​ទុន​វិនិយោគ​ពី​ប្រទេស​នានា​។ វិស័យ​ផលិតកម្ម​សំលៀកបំពាក់ ស្បែកជើង​ និង​សម្ភារ​ធ្វើដំណើរ ​មាន​ប្រមាណ​ជាង ៩០ ​ភាគរយ​ដែល​បាន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញថា ​គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ ​កើនឡើង ១១,២​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០​។ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ ៩,៤​ ពាន់​លាន​ដុល្លារ ស្មើ ២២,៩​ ភាគរយ​, កម្មន្តសាល​ ៨,៥​ ពាន់​លាន​ដុល្លារ ស្មើ ២០,៨​ ភាគ​រយ​, អចលនទ្រព្យ ៤,៩ ​ពាន់​លាន​ដុ​ល្លារ ស្មើ ១២​ ភាគរយ​, សណ្ឋាគារ ​និង​ភោជនីយដ្ឋាន ៤,៤​ ពាន់​លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​, កសិកម្ម​ ៤,២​ លាន​ដុល្លារ ស្មើ ១០,៣​ ភាគរយ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៦,២ ​ភាគរយ​, ​សំណង់ ១,៦ ​ពាន់​លាន​ដុល្លារ ស្មើ​ ៤,១​ ភាគរយ ​និង​ផ្នែក​ផ្សេងៗ ៥,៣ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១៣​ ភាគរយ​៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនចិន និងកម្ពុជា ចុះMOUវិនិយោគចិញ្ចឹមសត្វ និងដាំដំណាំលើផ្ទៃដីរាប់ពាន់ហិកតាក្នុងខេត្តពីរ

2023/09/12 12:40:17 pm        68
ភ្នំពេញ៖ ក្រុមហ៊ុន Danong Aricultural Development Group របស់ប្រទេសចិន បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយក្រុមហ៊ុន និងដៃគូពាក់ព័ន្ធនានារបស់កម្ពុជា ​ដើម្បីធ្វើការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម នៅក្នុងខេត្តចំនួន២ គឺខេត្តកំពត និងខេត្តកំពង់ធំ ។នៅក្នុងពិធីចុះហត្ថលេខាលើគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នេះ លោក សៅ ស៊ូជី ប្រធានក្រុមហ៊ុនដាណុង ឌីវេឡុបមែន គ្រុប បានលើកឡើងថា សម្រាប់​គម្រោងកសិ-ឧស្សាហកម្មបែបពាណិជ្ជកម្មទំនើបនេះ​ គឺដំណាក់កាលទី១ ​នៃគម្រោងនេះ នឹងបង្កើត​ជាតំបន់គំរូមួយ នៅលើផ្ទៃដីប្រហែលជាង១ម៉ឺនហិកតា ​ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេ អ៊ីនខ្ពស់ មានការចិញ្ចឹមគោយកសាច់ រួមទាំង​ការសាងសង់​រោងចក្រ​កែច្នៃ សម្រាប់ផលិតផលកសិកម្ម ។លោកបន្តថា សម្រាប់ទីផ្សារធំ នៃផលិតផល ដែលផលិតបាន ​គឺនៅប្រទេសចិន​ ខណៈនៅទីនោះ កំពុងមានតម្រូវការស្បៀងច្រើន ​ហើយការវិនិយោគនេះ​ ក៏នឹងបានជួយផងដែរដល់ពលរដ្ឋកម្ពុជា ក្នុងការ​ទទួលបានប្រាក់ចំណូលពីគម្រោងនេះ​ ដែលគម្រោងទាំងអស់នេះ អាចនឹងបានអនុវត្ត​ឆាប់រហ័ស ទៅតាមការកិច្ចសហការបន្ថែមពីរាជរដ្ឋាភិបាល ​និងដៃគូផ្សេងៗនៅកម្ពុជា ។ឯកឧត្តម ដួង ដារ៉ា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ​បានបញ្ជាក់ថា ការនិយោគលើវិស័យ​កសិកម្ម ​របស់ក្រុមហ៊ុន Danong នេះ ​បានបង្ហាញពីការយកចិត្តទុកដាក់ជួយ​ជំរុញការរីកចម្រើន របស់កសិករ ​នៅក្នុងប្រទេសកម្ពុជា ។ឯកឧត្តម បានបន្តថា ការវិនិយោគនេះ ជាតម្រូវការចាំបាច់ផងដែររបស់ប្រទេសកម្ពុជា​ ក្នុងការ​អភិវឌ្ឍវិស័យកសិកម្មឲ្យមានភាពទូលំទូលាយ ​ដើម្បីកាត់បន្ថយភាពក្រីក្រ ជួយកសិករ​ឲ្យមាន​ការងារធ្វើ មានចំណូលខ្ពស់ ​នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយ​បន្ទាប់ពី​ចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ​នឹងទៅជួបជាមួយក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បី​ធ្វើការចុះបញ្ជីវិនិយោគ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Danong Development Group ​គ្រោងបោះទុន ​ប្រមាណ១២,៧ពាន់ ដុល្លារ ធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម​បែបទំនើប​ លើផ្ទៃដីចំនួន៧៥ម៉ឺនហិកតា ​ក្នុងខេត្តបាត់ដំបង ​ពោធិ៍សាត់ ​សៀមរាប​ កំពង់ធំ និងខេត្តកំពត ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការរីករាលដាលជំងឺអាសន្នរោគធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខភាពនៅភាគខាងកើតប្រទេសកុងហ្គោ
07/10/2025 08:07 PM
ពលរដ្ឋហ្កាហ្សា កាន់ទុក្ខកូនៗដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
07/10/2025 08:07 PM
នាយករដ្ឋមន្រ្តីអេស្ប៉ាញ៖ អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដ៏អស្ចារ្យបំផុតក្នុងសតវត្សរ៍នេះនៅតំបន់ហ្កាហ្សា
07/10/2025 08:07 PM
ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ
07/10/2025 08:07 PM
កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី នៅខាងក្រៅវេទិកាអាស៊ាន
07/10/2025 08:07 PM
អ៊ុយក្រែន៖ សមាជិកម្នាក់នៃទីភ្នាក់ងារសន្តិសុខ ត្រូវបានសម្លាប់ នៅទីក្រុងគីវ
07/10/2025 07:07 PM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ សន្និសីទ ស្ដីពីការងើបឡើងវិញរបស់អ៊ុយក្រែន សន្យាផ្ដល់ ១១ពាន់លានដុល្លារ
07/10/2025 07:07 PM
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
07/10/2025 07:07 PM
ជនស៊ីវិល និងជនបរទេសជាប់ខ្លួន ខណៈអំពើហិង្សាកើនឡើងនៅប្រទេសម៉ាលី
07/10/2025 07:07 PM
លោកស្រី Kallas៖ EU ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដើម្បី «បង្កើន» ជំនួយ នៅហ្កាហ្សា
07/10/2025 07:07 PM