ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

សេដ្ឋកិច្ច និង កសិកម្ម

បណ្តាញកសិករ នឹងបង្កើនការដាំដុះស្រូវអត្តសញ្ញាណខ្មែរ ដើម្បីជំរុញនាំចេញ

2023/09/12 11:36:15 am        171
កណ្ដាល៖ ក្រោយពេលរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំឲ្យប្រជាកសិករ​នាំគ្នាធ្វើស្រូវសែនក្រអូប និងស្រូវផ្ការំដួលជាប្រភេទស្រូវប្រណិត​សម្រាប់នាំចេញ​លក់​នៅក្រៅ​ប្រទេស​ នៅពេលបណ្តាញកសិករថា នឹងនាំគ្នាធ្វើការដាំដុះប្រភេទពូជស្រូវទាំងនេះ ដើម្បីជំរុញ​បង្កើន​ការនាំចេញលក់នៅទីផ្សារក្រៅប្រទេស ​និងបង្ហាញអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិ។ប្រជាសហគមន៍កសិករ នៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ​ខែកញ្ញានេះថា ដើម្បីជំរុញការនាំចេញ ​និងទទួលបានប្រាក់ចំនិញខ្ពស់​ ពីការប្រកបរបរដំណាំ ​ពួកគេនឹងនាំគ្នា​បង្កើនការដាំដុះស្រូវ​ សែនក្រអូប ​និងស្រូវផ្ការំដួលរបស់ខ្មែរបន្ថែមទៀត ខណៈប្រភេទពូជ​ស្រូវទាំង​នេះ ងាយស្រួលដាំដុះ មិនរើសដី ​និងអាកាសធាតុជាដើម។លោក ថែង សារឿន ប្រធានសមាគមន៍សម្ព័ន្ធ ​សហគមន៍កសិករកម្ពុជា​ CCFC បានថ្លែងថា សមាគម​លោក​មានពេញចិត្តជាខ្លាំងរាជរដ្ឋាភិបាលប្រកាសជំរុញឲ្យកសិករ​នាំដាំដុះពូជស្រូវ​អត្តសញ្ញាណខ្មែរ ស្រូវសែនក្រអូប និងស្រូវផ្ការំដួល ​ដោយសារស្រូវទាំងនេះជាប្រភេទស្រូវប្រណិត មានគុណភាពល្អ ក្លិនក្រអូប បាយឆ្ងាញ់ និងមានការលក់ដាច់បំផុតនៅលើទីផ្សារអន្តរជាតិ។ លោកក៏ណែនាំឲ្យប្រជាកសិករនាំគ្នាដាំដុះពូជស្រូវទាំងនេះ និងស្នើរាជរដ្ឋាភិបាល​ជួយផ្តល់ពូជ​ស្រូវទាំងនេះ​ បែងចែកទៅដល់ប្រជាកសិករឲ្យបានច្រើន ដើម្បីឲ្យកសិករនាំគ្នាបង្កើនការដាំ។ឯកឧត្តម ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ថ្លែងថា បច្ចុប្បន្ន​ក្រសួងកសិកម្មកំពុងផ្តល់ការលើកទឹកចិត្តឲ្យកសិករបង្កើនផលិតស្រូវសែនក្រអូប​ និងស្រូវផ្ការំដួល។ ក្រសួងក៏មានក្រុមហ៊ុនដៃគូសហការធំៗជាច្រើនដែលអ្នកធានាទទួលទិញស្រូវពីកសិករទាំងអស់គ្នា ទៅ​តាមកិច្ចសន្យា ​ដើម្បីរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិត ​និង​សម្រេចគោលនយោបាយ​នៃការនាំចេញ។ឯកឧត្តម បញ្ជាក់ថា ក្រៅពីនេះក្រសួងកសិកម្ម​ ក៏ជំរុញឲ្យកសិករដាំដុះ ពូជស្រូវខ្មែរប្រភេទថ្មី​ដែល​កំពុងសាកល្បងដាំដុះ គឺពូជស្រូវចំប៉ី ស ៧០ ដែលពូជនេះដាំឆាប់​បានប្រមូលផល មានភាព​ស៊ាំខ្លាំង​នឹងអាកាសធាតុ ចំណាយថ្លៃដើមតិចថែមទៀត៕អត្ថបទ ស៊ុម សុខជា 

វៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអង្ករ ខណៈតម្លៃអង្ករពិភពលោកកើនឡើង

2023/09/08 01:45:19 pm        289
ក្រុមអាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា)ថា រដ្ឋាភិបាលនៃប្រទេសវៀតណាម និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករក្នុងពេលឆាប់ៗនេះ ដើម្បីធានាសន្តិសុខស្បៀង។ កិច្ចព្រមព្រៀងនេះ កើតឡើងស្របពេលតម្លៃអង្ករកំពុងកើនឡើងក្នុងប្រទេសហ្វីលីពីន ដែលជំរុញអតិផរណានៅក្នុងប្រទេស ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ទោះបីជារដ្ឋាភិបាលនិយាយថាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងស្រុកមានច្រើនហើយក៏ដោយ។ព័ត៌មានស្តីពីកិច្ចព្រមព្រៀងនេះ បានកើតឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh( ផាម មិញ ជិញ) និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជួបគ្នានៅក្រៅវេទិកាកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។វៀតណាម ធ្លាប់ជាប្រទេសនាំចេញអង្ករធំជាងគេទី៣ របស់ពិភពលោកកាលពីឆ្នាំមុនបន្ទាប់ពីឥណ្ឌា និងថៃ ហើយហ្វីលីពីនគឺជាអ្នកទិញធំបំផុតរបស់ប្រទេសនេះ ដោយបំពេញតម្រូវការនាំចូលជិត៩០% របស់ខ្លួន។ លោក Marcos ដែលជាលេខាធិការកសិកម្មហ្វីលីពីនផងដែរនោះ បានស្វាគមន៍ការផ្តល់ជូនរបស់ប្រទេសជិតខាងមួយនេះ នៃកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលប្រាំឆ្នាំ។តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានពាណិជ្ជកម្មអង្ករច្រើនជាង៤០% របស់ពិភពលោក បានបញ្ជាឱ្យផ្អាកចំពោះប្រភេទនៃការនាំចេញដ៏ធំបំផុតរបស់ខ្លួនកាលពីខែកក្កដា ក្នុងគោលបំណងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ៕

ពិព័រណ៍ចិន-អាស៊ាននៅប្រទេសចិន ផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយផលិតផល និងទាក់ទាញវិនិយោគ

2023/09/08 12:12:51 pm        231
ភ្នំពេញ៖ ការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) ​នៅប្រទេសចិន បានផ្តល់​ឱកាសឱ្យកម្ពុជា ផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា​ ទីកាន់ទីផ្សារប្រទេសចិន ក៏ដូចបណ្តាប្រទេសផ្សេងទៀត ​ដែលចូលរួម​និងទាក់ទាញវិនិយោគពីបរទេសចូលមកកម្ពុជា។ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​“The 20th China-ASEAN Expo​” នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅមជ្ឈមណ្ឌលសន្និសីទ ​និង​ពិព័រណ៍អន្តរជាតិ​ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ​សាធារណរដ្ឋ​ប្រជាមានិតចិន។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ​ពិព័រណ៌អាស៊ាន ចិន គឺសំខាន់ណាស់ ​សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជា ដែលនាំយក​ផលិតផលថ្មីៗ ក៏ដូចជាផលិតកសិកម្មរកទីផ្សារនៅប្រទេសចិន។ លោកឧកញ៉ា បន្តថា៖ “ទន្ទឹមកម្ពុជាមានFTA ជាមួយចិន និងកិច្ចព្រមព្រៀង RCEP ពិព័រណ៍​ចិន-អាស៊ាន លើកទី២០ ​នឹងជំរុញបន្ថែមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​ជំរុញការដោះដូរទំនិញ និង​ទាក់ទាញវិនិយោគរវាងកម្ពុជាតំបន់អាស៊ាន និងចិន”។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​នឹងដឹកនាំគណប្រតិភូកម្ពុជា អញ្ជើញ​ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) ​នៅប្រទេសចិននាពាក់កណ្តាលខែកញ្ញានេះ។ពិព័រណ៍ចិន-អាស៊ាន​ ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេស​ជាសមាជិក អាស៊ាន​ និង​ប្រទេសចិន។គណៈកម្មការរៀបចំ​ពិព័រណ៍បាន​អញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមាន​អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគ ចិន-អាស៊ានជាដើម ៕ អត្ថបទ៖ វណ្ណៈ 

អគ្គនាយកពន្ធដារ អំពាវនាវដល់ប្រជាពលរដ្ឋបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

2023/09/08 12:04:53 pm        262
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត​គ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ ដោយសូមកុំចាំដល់ចុងខែ​ដែលត្រូវបិទបញ្ចប់ ​ដែលនាំឲ្យខកខាន ឬការកកស្ទះដោយប្រការណាមួយមិនបានបង់ពន្ធ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គ​នាយកដ្ឋាន​ពន្ធដារ ​លើកឡើងក្នុងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum 2023) រៀបចំដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២៣ នេះថា អគ្គនាយកដ្ឋានពន្ធដារ ​បានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធ​មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ នឹងមានសេវា​ដឹកជញ្ជូនសាលកបត្រទៅដល់គេហដ្ឋានរបស់អស់លោកអ្នកផងដែរ។ App នេះ គឺបានផ្តល់នូវ​ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិន​ចំណាយពេលវេលាធ្វើដំណើរទៅទិញសាលកបត្រនោះឡើយ​។ឯកឧត្តម ​បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទើប​អនុវត្តបានជិត ៥០ ភាគរយប៉ុណ្ណោះ​ ដោយនៅមានចំនួនច្រើនទៀត។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត សូមអញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​ឲ្យបានរួសរាន់ឲ្យបានមុនកាលកំណត់ ​នៅតាមសាខាពន្ធដារ ឬនៅតាមធនាគារជាដៃគូរក្តី ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុងខែ វិច្ឆិកាខាងមុខ។សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ​នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ​អនុវត្តការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត​គ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង​ សរុបជាថវិកាមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ​១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ជប៉ុន សហការបង្កើតកម្មវិធីគាំទ្រសហគ្រិនស្រ្តីលើការធ្វើអាជីវកម្ម

2023/09/08 11:04:35 am        151
ភ្នំពេញ៖ កម្ពុជា-ជប៉ុន គ្រោងសហការបង្កើតជំហានថ្មីនៃគម្រោងគាំទ្រលើការអភិវឌ្ឍសហគ្រិនស្រ្តី សម្រាប់ស្រ្តីធ្វើអាជីវកម្មកម្រិតមីក្រូ តូច និងមធ្យម តាមរយៈគម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ​ឲ្យក្លាយទៅជាមណ្ឌលតែមួយ សម្រាប់គាំទ្រ​ស្រ្តីដែលចង់ផ្តើមអាជីវកម្ម និងកំពុងដំណើរការអាជីវកម្ម។ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុង​ជំនួប​ពិភាក្សាការងារជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា ​តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ​បានចាប់ផ្តើមគម្រោងគាំទ្រដល់ស្រ្តីនៅកម្ពុជាមុនគេ ​នៃការងារផ្តល់ព័ត៌មានទាក់ទងនិងស្រ្តី និងមានគម្រោងជាច្រើនផ្សេងទៀតផងដែរ ​ដែលបានអនុវត្តកន្លងមកដូចជា ការពង្រឹងភាពអង់អាច​ដល់ស្រ្តីនៅតាមសហគមន៍ និងគម្រោងបង្កើត App សម្រាប់ជួយជនរងគ្រោះ ឬផ្តល់ព័ត៌ មានសម្រាប់អំពើហិង្សាជាដើម។សម្រាប់ជំហានថ្មីនេះ គម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ជប៉ុននឹងធ្វើការសិក្សា​ដើម្បីបម្លែងអគារដែលកំពុងដំណើរការបច្ចុប្បន្ន ឲ្យក្លាយទៅជាអគារ​ទំនើប​សម្រាប់ជាមជ្ឈមណ្ឌលសហគ្រិនភាពស្រ្តីនៅកម្ពុជា ។ជប៉ុននឹងអាចផ្តល់លទ្ធភាពជំនួយជាមួយថវិការដ្ឋ ​ដើម្បីកែលម្អធ្វើទំនើបកម្មឲ្យប្រសើរជាមុន, ហើយចំពោះ​គម្រោងនេះដែរ ​ភាគីទាំងពីរនិងសិក្សាលទ្ធភាពនៃការសាងសង់ប្រហាក់ប្រហែល​និងអគារ CJCC របស់ជប៉ុន ជាកន្លែងទំនើប​ ទាក់ទាញមហាជន និងសម្រាប់អ្នករកស៊ីទទួល​ទានទូទៅ ​និងមួយផ្នែកទៀត ជប៉ុននិងអាចផ្តល់ជាសម្ភារៈសម្រាប់បំពាក់នៅក្នុង​មជ្ឈមណ្ឌល​នោះដោយ​ផ្ទាល់ ​ដើម្បីបម្រើតាមតម្រូវការឲ្យបានគ្រប់គ្រាន់។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា តាមរយៈនៃ​គម្រោងនេះ ក្រសួងគោលបំណងធ្វើយ៉ាងណា ​ជំរុញដល់ស្រ្តីជាអាជីវករ ​ឬអ្នកធ្វើអាជីវកម្ម ដែល​បានបញ្ចប់សិក្សាក្នុងមួយឆ្នាំទៅមួយឆ្នាំ អាចចេញពីមជ្ឈមណ្ឌលនេះឲ្យបានច្រើន ដើម្បីយកចំណេះ ជំនាញ ទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសចិន ហាមប្រាមមន្ត្រីរដ្ឋាភិបាលមិនឲ្យប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់ការងារ

2023/09/07 12:34:58 pm        116
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃពុធ (៦កញ្ញា) ថា ប្រទេសចិនបានបញ្ជាឱ្យក្រុមមន្ត្រីនៅទីភ្នាក់ងារកណ្តាលរបស់រដ្ឋាភិបាល មិនឲ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ដែលមានម៉ាកបរទេសផ្សេងទៀតសម្រាប់ការងារ ឬនាំយកឧបករណ៍ទាំងនោះចូលទៅក្នុងការិយាល័យឡើយ។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គលិករដ្ឋាភិបាល ត្រូវបានផ្តល់ការណែនាំបែបនេះដោយថ្នាក់លើរបស់ពួកគេ នៅក្នុងក្រុមជជែក ឬកិច្ចប្រជុំនៅកន្លែងធ្វើការ នេះបើយោងតាមរបាយការណ៍ ដែលបានបន្ថែមថា គេមិនច្បាស់ទេថា តើបម្រាមនោះត្រូវបានចែកចាយទូលំទូលាយប៉ុណ្ណានោះទេ។ការហាមឃាត់នេះធ្វើឡើងនៅមុនព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍ក្រោយ ដែលក្រុមអ្នកវិភាគជឿថា នឹងនិយាយអំពីការចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកើនឡើងកាន់តែខ្លាំង។របាយការណ៍ WSJ នេះ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពីក្រុមហ៊ុន Apple ឡើយ។ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន និងក្រុមហ៊ុន Apple ដែលដោះស្រាយសំណួរប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន រ៉យទ័រ ទាក់ទងនឹងបញ្ហានេះនោះទេ៕

គម្រោងសហហិរញ្ញប្បទានផ្តល់កម្ចីជាង ៥៤ លានដុល្លារ ដើម្បីគាំទ្រការស្តារកំណើនវិស័យទេសចរណ៍

2023/09/06 03:41:33 pm        55
ភ្នំពេញ៖ សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ថ្ងៃទី ៣១ សីហា នេះ បានបញ្ចេញឥណទានមានទំហំជាង ៥៤ លានដុល្លារអាមេរិក ដោយបានគាំទ្រដល់សហគ្រាសចំនួន ៣៥០ សម្រាប់ការពង្រីកអាជីវកម្មក្នុងវិស័យទេសចរណ៍។ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្ហាញវឌ្ឍនភាពគម្រោងសហហិរញ្ញប្បទាន​សម្រាប់​ការស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន ​សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគ្រាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ឲ្យបានរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលរបស់ខ្លួន នៃគម្រោងត្រៀមទទួលភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល។សហគ្រាសកំពុងទទួលបានឥណទានសម្រាប់ការពង្រីកអាជីវកម្មរួមមាន៖ អាជីវកម្មសណ្ឋាគារ ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ, អាជីវកម្មគាំទ្រវិស័យទេសចរណ៍ ១៥ ភាគរយ, និងសហគ្រិនស្រ្តី ៤១ ភាគរយ ។សូមបញ្ជាក់ថា គម្រោង សហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរ ​ដោយបង្កើតគម្រោង​សហហិរញ្ញប្បទាន​នេះឡើង ដើម្បីផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្មដែលរងនូវផលប៉ះពាល់ ដោយបានសម្រេចផ្តល់ការប្រាក់អតិបរមា​ ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចីក្នុងទំហំអតិបរមា ៦០ ម៉ឺនដុល្លារ មានរយៈពេលអនុគ្រោះប្រាក់​ដើមរហូតដល់ ២៤ ខែ និងមានរយៈពេលកម្ចីឥណទានរហូតដល់ ៨ឆ្នាំ៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចនាយករដ្ឋមន្រ្តី៖ របៀបវារៈវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណមានលទ្ធភាពបន្ស៊ីគ្នា

2023/09/06 02:50:08 pm        95
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា របៀបវារៈនៃវេទិការសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ​នីតិកាលទី៧នេះ​ មានលទ្ធភាពបន្ស៊ីគ្នា។ថ្លែងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា សម្តេចពិតជាមានសេចក្តី ត្រេកអរ ​ដែលលោកសាស្រ្តាចារ្យបានបង្ហាញពីបំណង ក្នុងការ​បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជា។សម្តេចនាយករដ្ឋមន្រ្ដី លើកឡើង អំពី​សង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាង​របៀប​វារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក ​និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការ​ផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ ​និងវិស័យឯកជនឱ្យកាន់តែមានភាពប្រសើរឡើង​ផងដែរ។ក្នុងឱកាសនោះដែរសម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជាទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើក​កម្ពស់​របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា​នៅក្នុងបរិការណ៍ដ៏លំបាក និង មិនច្បាស់លាស់កន្លងមកនេះ។ តាមរយៈជំនួបទ្វេភាគីនេះដែរលោកសាស្រ្តាចារ្យ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា។ លោកសាស្រ្តាចារ្យបញ្ជាក់ថា​ ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ ​និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល​ និងកំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះលោកសាស្រ្តាចារ្យ ​ក៏បានគោរពអញ្ជើញ សម្តេចធិបតីចូលរួមក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក ​នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗ​ខាងមុខនេះផងដែរ៕អត្ថបទបាន ចក់

ធនាគារ និងហិរញ្ញវត្ថុប្រមាណ២០ស្ថាប័ន នឹងធ្វើពិព័រណ៍ការងារនៅចុងខែនេះ

2023/09/06 01:22:16 pm        56
ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមាណ២០ស្ថាប័ន នឹងរួមគ្នារៀបចំតាំងពិព័រណ៍ការងារ នៅថ្ងៃទី២៩ និងទី៣០ ខែកញ្ញា នេះ នៅទីតាំងសាកលវិទ្យាល័យជាតិគ្របគ្រង (NUM) ដើម្បី​ផ្ដល់ឱកាស​ដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិត ដែលមានបំណងរកការងារធ្វើក្នុងវិស័យធនាគារ ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិព័រណ៍ជំនាញ ​និងការងារក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) ​នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅវិទ្យាស្ថាន​ធនាគារ (IBF) បានលើកឡើងថា ​សម្រាប់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ទាំងប្រាមាណ ២០ស្ថាប័ន​នោះ នឹងចូល រួមដាក់តាំងស្តង់បង្ហាញពីឱកាសការហាត់ការ និងការងារ ​ជាង៤០០០មុខតំណែង ហើយក្រៅពីនេះ IBF ក៏បានសហការជាមួយមជ្ឈមណ្ឌលការងារ (NUM Career Center) និងអ្នកជំនាញក្នុងវិស័យរៀបចំ ជាពិសេសវគ្គបណ្តុះបណ្តាលខ្លីៗ ទាក់ទងទៅនឹងជំនាញទន់ និងជំនាញរឹង ​ក្នុងការត្រៀមចាប់យកឱកាសការ ងារក្នុងវិស័យធនាគារ ​និងហិរញ្ញវត្ថុ នាពេលខាងមុខ ។លោកបានបន្តថា ហេតុដូចនេះ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់​សាកលវិទ្យា ល័យ​ដៃគូទាំងអស់​ ស្ថាប័នពាក់ព័ន្ធ សិស្សនិស្សិត និងដៃគូសហការទាំងអស់ ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន នេះ ទៅដល់និស្សិត និងមិត្តភក្ដិរបស់ខ្លួន ​ដើម្បីឱ្យមានការចូលរួមបានច្រើនកុះករ ។សិស្សនិស្សិត ​បានលើកឡើងថា ពិព័រណ៍នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់សិស្ស និស្សិត​ ដែលសិក្សាលើជំនាញពាក់ព័ន្ធនឹងធនាគារ ​ព្រោះបានផ្ដល់ឱកាសដល់ពួកគេ ក្នុងការ​ស្វែងរកការ ងារធ្វើ ឲ្យត្រូវនឹងជំនាញរបស់ខ្លួន និងគាំទ្រឲ្យមានការរៀបចំបន្តទៀត ។ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង បាន មានប្រសាសន៍ថា ​ទសវត្សចុងក្រោយនេះ វិស័យធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើន​គួរឱ្យ កត់សម្គាល់ ហើយតម្រូវការធនធានមនុស្ស ដែលមានភាព​ឈ្លាសវៃ សកម្ម និងទេពកោសល្យ ប្រកប ដោយគំនិតផ្តួចផ្តើម​ និងការច្នៃប្រឌិតខ្ពស់ ​ពិតជាចាំបាច់ ដើម្បីឆ្លើយ​តបទៅនឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស និង​តម្រូវការធនធានយ៉ាងគំហុក​ក្នុងវិស័យធនាគារ។ ឯកឧត្ដម សម្ដែងនូវការគាំទ្រចំពោះការរៀបចំតាំង ពិព័រណ៍នេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជានិងហ្វីលីពីន ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច

2023/09/06 10:59:18 am        156
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ​ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញ​ធ្វើ​ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។ការចុះអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្មកម្ពុជា​ និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់កម្ពុជា​ជាមួយ​លោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. A CONCEPCION III) ប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច អាស៊ាន សម្រាប់ហ្វីលីន​ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព ។ បើយោងតាមឆាណែលតេលេក្រាមរបស់​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា ដូចជា ការសិក្សា និងបង្កើតច្រកបង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូឌែល ធុរកិច្ច ​កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំងតូច មធ្យម និងធំ។ កំណត់ នូវតម្រូវការធុរកិច្ចដើម្បី​អភិវឌ្ឍន៍​កាលានុវត្តភាព​ពាណិជ្ជកម្ម ​និងវិនិយោគក្នុងវិស័យស្រូវអង្ករ និងផលិតផល និងសេវាកម្ម កសិកម្ម ផ្សេងទៀត។ លើកកម្ពស់ការស្រាវជ្រាវ និង ​អភិវឌ្ឍន៍ស្រូវ អង្ករ។ និងជំរុញយុទ្ធសាស្រ្ត​ប្រកបដោយ ប្រសិទ្ធភាព​ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ​និងធានានូវបរិយកាស កសិធុរកិច្ចប្រកប​ដោយចីរភាពជាដើម៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកសញ្ជាតិ ចំពោះជនណាគប់គិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
07/11/2025 06:07 AM
ការរីករាលដាលជំងឺអាសន្នរោគធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខភាពនៅភាគខាងកើតប្រទេសកុងហ្គោ
07/10/2025 08:07 PM
ពលរដ្ឋហ្កាហ្សា កាន់ទុក្ខកូនៗដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
07/10/2025 08:07 PM
នាយករដ្ឋមន្រ្តីអេស្ប៉ាញ៖ អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដ៏អស្ចារ្យបំផុតក្នុងសតវត្សរ៍នេះនៅតំបន់ហ្កាហ្សា
07/10/2025 08:07 PM
ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ
07/10/2025 08:07 PM
កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី នៅខាងក្រៅវេទិកាអាស៊ាន
07/10/2025 08:07 PM
អ៊ុយក្រែន៖ សមាជិកម្នាក់នៃទីភ្នាក់ងារសន្តិសុខ ត្រូវបានសម្លាប់ នៅទីក្រុងគីវ
07/10/2025 07:07 PM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ សន្និសីទ ស្ដីពីការងើបឡើងវិញរបស់អ៊ុយក្រែន សន្យាផ្ដល់ ១១ពាន់លានដុល្លារ
07/10/2025 07:07 PM
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
07/10/2025 07:07 PM
ជនស៊ីវិល និងជនបរទេសជាប់ខ្លួន ខណៈអំពើហិង្សាកើនឡើងនៅប្រទេសម៉ាលី
07/10/2025 07:07 PM