ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារ SME មានដៃគូរសហការ ដើម្បីលើកកម្ពស់ការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

2023/09/05 04:40:54 pm        24
ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម មានដៃគូរអាជីវកម្មជាងច្រើន និងកំពុងជំរុញ​បង្កើតកិច្ចសហប្រតិបត្តិការបន្ត ជាមួយអង្គការ ​សមាគមពាក់ព័ន្ធ ដើម្បីលើកកម្ពស់ដល់ការធ្វើ​អាជីវកម្មក្នុងការទទួលបានឥណទានក្នុងលក្ខខណ្ឌអនុគ្រោះ ដែលមានការបញ្ចុះអត្រាការប្រាក់ទាប ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធយកឥណទានទៅពង្រីកអាជីវកម្ម។លោក នៀវ សុគន្ធ នាយកប្រតិបត្តិធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកព័ត៌មាន BTV ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូរជាមួយ​អង្គការ សមាគមពាក់ព័ន្ធ ​ដើម្បីលើកកម្ពស់​ការទទួល​បាន​ហិរញ្ញប្បទាន​ សម្រាប់ពង្រីកអាជីវកម្មថា ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​គឺជាធនាគាររបស់រដ្ឋ ​និងជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ សេវាកម្មហិរញ្ញវត្ថុដែលមានលក្ខខណ្ឌ​អនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​ក្នុងគោលដៅដែលបានផ្តល់​អាទិភាព ការកែច្នៃកសិកផល, ការកែច្នៃម្ហូបអាហារ និងគាំទ្រដល់ផលិតកម្មនានាជាដើម។លោក បន្តថា ដើម្បីអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានសហការជាមួយដៃគូរអាជីវកម្មមួយចំនួន ​មកដល់ពេលនេះ ធនាគារ SME មានដៃគូរ​សហការជាង១០ដូចជា៖ ​សហមាគមអ្នកផលិតចំណីអាហារកម្ពុជា, សមាគម​សហគ្រិនស្រ្តី និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមជាដើម សុទ្ធសឹងជាដៃគូរ​អាជីវកម្មរបស់ធនាគារ SME ក្នុងនោះចំពោះហិរញ្ញប្បទាន​ដែលផ្តល់ឲ្យសហគ្រាសធុនតូច និង​មធ្យម ក៏ត្រូវបានផ្តល់តាមដៃគូរសហការទាំងអស់ ​ដោយមានលក្ខខណ្ឌអនុគ្រោះ (ដោយមានការ​បញ្ចុះអត្រាការប្រាក់) ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធបាន​ឥណទានទៅពង្រីកអាជីវកម្ម។លោក នៀវ សុគន្ធ បញ្ជាក់ថា ជុំវិញការផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គាំទ្រដល់វិស័យផ្សេងៗ នេះ​ បច្ចុប្បន្នមានការធ្លាក់ចុះ​បន្តិចបន្តួច បើធៀប​ទៅ​រយៈពេលដូចគ្នាឆ្នាំ ២០២២ គឺមានកំណើនទាបជាង, តែទោះបីយ៉ាងណាក៏ដោយ ការផ្តល់ឥណទាន​របស់ធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​នៅតែមានកំណើនឥណទាន ដោយសារមាន​អាជីវកម្មថ្មីៗត្រូវបង្កើនឡើងជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

កសិករនៅខេត្តបាត់ដំបងរីករាយស្រូវឆ្នាំនេះ មានតម្លៃខ្ពស់ ទោះទិន្នផលធ្លាក់ចុះដោយគ្រោះរាំងស្ងួត

2023/09/05 02:21:27 pm        1628
បាត់ដំបង៖ ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ទោះបីទិន្នផលស្រូវធ្លាក់ចុះ ដោយសារគ្រោះរាំងស្ងួតក៏ដោយ។សូមបញ្ជាក់ថា ​តម្លៃស្រូវប្រភេទស្រងែ ក្នុងស្រុកមោងឫស្សី នាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ១២៥០ទៅ១៣១០រៀល ក្នុងមួយគីឡូក្រាម ​ខណៈស្រូវប្រភេទអូអឹម ​និងស្រូវប្រភេទផ្សេងៗទៀត​មានតម្លៃចាប់ពី១០០០រៀលឡើង ទៅក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយខ្ពស់គួរសម​បើធៀប​ជាមួយ​ឆ្នាំមុនៗ។ប្រជាកសិកររស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បានបង្ហាញទឹកមុខសប្បាយ​រីករាយដែលតម្លៃស្រូវក្នុងឆ្នាំ២០២៣នេះ ហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ​កន្លងមក។ កសិករជឿជាក់ថា ​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល​នឹងជួយរក្សា​តម្លៃស្រូវឱ្យបាននៅខ្ពស់។ទន្ទឹមនឹងភាពសប្បាយរីករាយជាមួយស្រូវបានថ្លៃ ​ប្រជាកសិករ ​បានស្នើដល់អាជ្ញាធរ ​និងសហគមន៍​ប្រើប្រាស់​ទឹក​សូមគិតគូរបែងចែកទឹកឱ្យបានស្មើភាពគ្នា​ដល់​ប្រជាកសិករ​នៅ​គ្រប់តំបន់​នៅ​ឆ្នាំ​បន្ទាប់ៗ កុំឱ្យបានតែអ្នករស់នៅប៉ែកខាងលើ ​ហើយតំបន់​ខាងក្រោមអត់ទទួល​បានទឹក​គ្រប់គ្រាន់​នោះ។ជាមួយគ្នានេះ​ ប្រជាកសិករ​បានបង្ហាញការសាទរ និងគាំទ្រ​ចំពោះគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិទី៧ ​ដែលផ្ដល់អាទិភាព​ដល់ការលើកស្ទួយជីវភាពកសិករ ​បង្កើនទីផ្សារ និង​ដំឡើងថ្លៃកសិផលជាដើម ​ហើយជាពិសេសនោះ គឺការត្រៀមបញ្ជូនអ្នកជំនាញ​បច្ចេកទេស​កសិកម្ម​មកតាមមូលដ្ឋាន ដើម្បីជួយកសិករ៕

កម្ពុជា-ចិនចុះអនុស្សរណៈចំនួន៣ ពង្រឹងកិច្ចសហការណ៍នៃប្រទេសទាំងពីរ

2023/09/05 02:06:36 pm        180
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ទទួលជួបពិភាក្សាជាមួយឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ​អន្តរជាតិ ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ កាលពីម្សិលមិញ ។ ការជួបពិភាក្សានេះធ្វើឡើង នៅរាជធានីភ្នំពេញ។នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជួបសន្ទនាជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ ​នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និង​ចុះហត្ថ​លេខាលើ អនុស្សរណៈយោគយល់គ្នា ចំនួន៣ រួមមាន៖ទី១. អនុស្សរណៈយោគយល់គ្នា រវាងផ្ទះយុវជន​ដើម្បីមិត្ត ភាពកម្ពុជា-ចិន ​ជាមួយទស្សនាវដ្តីពិភពលោកសហសម័យចិន សម្រាប់ឆ្នាំ២០២៣-២០២៥, ទី២. អនុស្សរណៈយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ​ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងទី៣. អនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ​សាកលវិទ្យាល័យបច្ចេកវិទ្យា ​និងធុរកិច្ចប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការ​ផ្លាស់ប្តូរនិស្សិត ​និងបុគ្គលិកអប់រំ ​ក៏ដូចជាការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ទន្ទឹមនឹងនេះ ភាគីទំាងពីរ ​ក៏បានប្តេជ្ញាក្នុងការទំនាក់ទំនងល្អ ​និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ​ឱ្យកាន់តែប្រសើរឡើងថែមទៀត​ ពិសេសបន្តជំរុញកិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ​កម្ពុជា-ចិន ​ឱ្យកាន់តែមានភាពរលូន និងនាំមក​នូវគម្រោងសម្រាប់ អភិវឌ្ឍន៍​វិស័យសំខាន់ៗបន្ថែមទៀត ៕អត្ថបទ៖ ទូច សោភ័ណ

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ

2023/09/04 11:04:59 am        58
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មី នីតិកាលទី ៧នេះ ដាក់ចេញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ក្នុងគោលដៅលើកកម្ពស់លទ្ធភាពការធ្វើ​អាជីវកម្ម​គ្រប់ប្រភេទ ​ដើម្បីទទួលបានអត្ថប្រយោជន៍ ក៏ដូចជាការគាំពារនៃការទទួលបាន​ហិរញ្ញប្បទាន​ផ្សេងៗ។ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ​លើកឡើងក្នុងវេទិការសហគ្រិនស្រ្តី ក្នុង​ការអភិវឌ្ឍ​អាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក​ នៅចុងសប្តាហ៍កន្លងមកថា ជុំវិញ​ការអភវិឌ្ឍ​សេដ្ឋកិច្ចក្រៅ ថ្មីៗនេះកម្ពុជា​បានបើកកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីជជែកពិភាក្សាលើកិច្ចគាំពារ ក្នុងគោលដៅលើកកម្ពស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលនិងយកចិត្តទុកដាក់ ជាពិសេសស្រ្តីដែលប្រកបមុខរបរ ឬធ្វើការនៅក្រៅប្រព័ន្ធ មិនថាជាសហគ្រិន ជាម្ចាស់អាជីវកម្ម និងជានយោជិតក៏ដោយ ពួកគេនឹងទទួលបាន​អត្ថប្រយោជន៍ដូចៗគ្នា ដោយមិនមានត្រូវបោះបង់អ្នកណាម្នាក់។ជុំវិញការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ លោកជំទាវ លើកឡើងថា នេះជាឱកាសមួយជាពិសេសបងប្អូនជាស្រ្តី ដើម្បីទទួលយកអត្ថប្រយោជន៍ការគាំពារ ឬការផ្តល់នូវហិរញ្ញប្បទានផ្សេងៗ ក្នុងគោលដៅជំរុញឲ្យសហគ្រិនស្រ្តីឲ្យកាន់តែមាននិរន្តភាពថែមទៀត ។ លោកជំទាវ គង់ សូរីតា បន្តលើកឡើងថា ជុំវិញផែនការខាងលើ នេះគឺជាព័ត៌មានល្អ នៃការលើកកម្ពស់លទ្ធភាពរបស់អ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មី នីតិកាលទី ៧ នេះ។ជុំវិញការរៀបចំគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ នៅថ្ងៃទី ៣០ ខែ សីហា កន្លងមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានបើកកិច្ចប្រជុំលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជាអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូល សម្រាប់ចងក្រងចេញ​ជាគោល​នយោបាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីគោលនយោបាយ សម្រាប់​ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ សម្រាប់​សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​តាមច្បាប់វិនិយោគថ្មី និងភាពប្រទាក់ក្រឡានៃការរៀបចំ​ច្បាប់ស្តីពីសារពើពន្ធថ្មី ព្រមទាំងការដាក់ចេញនូវវិធានការលើកទឹកចិត្តជាក់លាក់ ដើម្បីកែលម្អ​បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច​ និងមធ្យម និងការរៀបចំគោលនយោបាយ និង​យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ជំរុញបន្ថែមដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម, ទេសចរណ៍, សហគ្រាសធុនតូច និងមធ្យម តាមរយៈ ​ធនាគារសហគ្រាសធុនតូច និងមធ្យម, ធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម, ក្រុមហ៊ុន​សាជីវកម្មធានាឥណទានកម្ពុជា, មូលនិធិសហគ្រិន និងមូល​និធិអភិវឌ្ឍន៍ជំនាញជាដើម​៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាមានឱកាសផលិត និងកែច្នៃសម្រាប់នាំចេញកាន់តែច្រើនរួមចំណែកផ្គត់ផ្គង់ស្បៀងសកល

2023/08/31 12:54:53 pm        91
ភ្នំពេញ៖ កម្ពុជាកំពុងមានឱកាសក្នុងការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃចំណីអាហារពីកសិកម្ម សម្រាប់បម្រើទីផ្សារក្នុងស្រុក ​ឬនាំចេញ​ ខណៈពិភពលោកកំពុង​មាន​វិបត្តិជួបប្រទះបញ្ហាកង្វះខាតស្បៀង។លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ក្នុងស្រុកមួយ​ ដែលស្រូបយកផលិតផល​ក្នុងវិស័យកសិកម្មសម្រាប់កែច្នៃ ​និងវេចខ្ចប់ បាន​លើកឡើងថា ប្រទេសកម្ពុជា​គឺជាប្រទេសដែលមាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ដោយកម្ពុជា​មិនមាន​ការបង្ករដោយគ្រោះធម្មជាតិណាមួយឡើយ ក្នុងនោះឱកាសវិនិយោគទៅ​លើការ​ដាំដុះវិស័យកសិកម្ម ​កសិឧស្សាហកម្ម គឺកម្ពុជាមានឱកាសច្រើន។ ជាក់ស្តែងក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញអង្កររាប់សែនតោន ក្នុងនោះការដាំដុះ និងនាំចេញ​ស្វាយចន្ទី ម្រេច កំពុងមានកំណើនល្អប្រសើរ និងនៅមានកសិផលចេញពីវិស័យកសិកម្មផ្សេងៗ​ជាច្រើនទៀត ​ដែលកំពុងធ្វើឲ្យកម្ពុជាមានមោទនភាពនៃការនាំចេញលើវិស័យនេះ។លោកជំទាវ បន្តថា ចំពោះការវិនិយោគ ផលិត និងការកែច្នៃ ​ដែលយកវត្ថុធាតុដើមពីវិស័យកសិកម្ម គឺ​កម្ពុជាកំពុងដំណើរការ តែមិនទាន់មានទ្រង់ទ្រាយធំនៅឡើយ ដូច្នេះអ្នកដែលមានលទ្ធភាព សមត្ថភាព គួរពិចារណាធ្វើការវិនិយោគលើវិស័យកសិកម្ម ​និងការបង្កើតសហគ្រាសផលិត និង​កែច្នៃ​ឲ្យបានច្រើនថែមទៀត ដើម្បីរកផលចំណេញសម្រាប់ខ្លួនឯងផង និងសម្រាប់ជំរុញការផ្គត់ផ្គង់​ចូលទីផ្សារក្នុងស្រុក​ និងក្រៅស្រុកផង ​ខណៈពិភពលោកកំពុងជួបប្រទះលើបញ្ហាកង្វះខាតស្បៀង។​របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា​ បណ្តារដ្ឋាភិបាលលើសកលលោក ទាំងប្រទេស​អភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ​បានកំពុងបង្កើនការយកចិត្តទុកដាក់ ក្នុង​ការពង្រឹង​សមត្ថភាពផលិតកម្មក្នុងស្រុក ​ជាពិសេសលើទំនិញយុទ្ធសាស្ត្រ សំដៅបញ្ចៀសនូវ​ហានិភ័យនានាដូចជា អសន្តិសុខស្បៀង ​និងអសន្តិសុខថា មពលជាដើម តាមរយៈការ​បង្កើនធនធាន និងកែសម្រួលគោលនយោបាយ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ។ វិស័យកសិកម្ម បានព្យាករថា ​និងមានកំណើន ០,៩% ក្នុងឆ្នាំ ​២០២៣ និង​ ១,១% នៅក្នុងឆ្នាំ ២០២៤ ដោយ​គាំទ្រដោយអនុវិស័យដំណំា និងអនុវិស័យចិញ្ចឹមសត្វ ​ស្របពេលអនុវិស័យនេសាទ រំពឹង​នឹងងើបឡើងសន្សឹមៗ ​ខណៈការផលិត ​និងកៃច្នៃពីវិស័យកសិកម្ម កម្ពុជាកំពុងស្រូបយកក្រុមហ៊ុនធំៗ មកវិនិយោគលើវិស័យនេះជាបណ្តើរៗផងដែរ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាសង្ឃឹមថា ទៅថ្ងៃអនាគតនឹងអាចពង្រីកទីផ្សារនាំចេញស្វាយ កាន់តែធំថែមទៀតទៅកាន់កូរ៉េ

2023/08/29 02:11:36 pm        398
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត ខណៈឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងជំនួបការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយ​ពី​ប្រទេស​ខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង​ មកជាប្រទេសដែលមានសន្តិសុខ​ស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តម ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ​ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។ នាឱកាសនោះ ​ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ច​សហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់​កម្ពុជា​នៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តម បាន​ស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា​ទៅកាន់ប្រទេសកូរ៉េ ដោយ​ចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់៕

អ្នកជំនាញបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលថ្មីដាក់គោលដៅគន្លឹះ

2023/08/25 12:27:07 pm        1578
ភ្នំពេញ៖ លោកសាស្រ្ដាចារ្យបណ្ឌិត អ៊ុយ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទីផ្សារ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើនជាប្រចាំឆ្នាំចំនួន ៧% ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ចិនបន្ត​កើនឡើង ១.៨ ភាគរយក្នុងរយៈពេល ៧ ខែឆ្នាំ២០២៣នេះ។លោកសាស្រ្ដាចារ្យបណ្ឌិត អ៊ុយ សុផល ថ្លែងប្រាប់ទូរទស្សន៍ BTV នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នេះថា វិបត្តិសេដ្ឋកិច្ចសាកល និងវិបត្តិអតិផរណា ការកើនឡើងថ្លៃទំនិញ និងវិបត្តិធ្លាក់​ចុះតម្លៃអចលនទ្រព្យ ​បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ដោយសារ​តែលំហូសាច់ប្រាក់នៅលើទីផ្សារមានភាពត្បិតត្បៀត​ និង​សន្សំ​សំចៃ ហើយកំណើន​ទេសចរមាន​ការថយចុះ។ ប៉ុន្ដែក្នុងអាណត្តិទី៧នេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ រួមនឹងកម្មវិធីគោលនយោបាយ​គន្លឹះជាច្រើនទៀត​របស់រាជរដ្ឋាភិបាលនឹង​ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងរហូតដល់​ ៧% ជាប្រចាំឆ្នាំ។លោកសាស្រ្ដាចារ្យបណ្ឌិតលើកឡើងថា ប្រទេសចិននៅតែជាប្រទេសដៃគូរពាណិជ្ជកម្មសំខាន់​បំផុត​របស់កម្ពុជាពោលគឺទំហំពាណិជ្ជកម្មកម្ពុជា-ចិន បន្តកើនឡើងរហូត ១.៨% ស្នើនឹងទឹកប្រាក់​ប្រមាណជាង ៨០០០ លានដុល្លារ ក្នុងនោះការនាំចូលពីកម្ពុជាទៅចិនរកចំណូលបាន ៨០០ លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាទទួលបានចំណូលជាង ៦០០ លានដុល្លារ។សូមជម្រាបថា ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មីដែលដឹកនាំដោយឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពជូនជាតិ និងប្រជាជន៕ អត្ថបទ៖វ៉ន ដារ៉ា 

ការជួញដូរភាគហ៊ុនរបស់កម្ពុជា នៅតែរក្សាបានកំណើនល្អ

2023/08/25 11:17:28 am        60
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្នុងវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីកូវីដ១៩ និងវិបត្តិនៃសង្គ្រាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន វិស័យមូលបត្រក្នុងប្រទេសកម្ពុជា នៅតែមានដំណើរដោយរលូន ប៉ុន្តែយ៉ាងណាក្ដីទំហំទឹកប្រាក់​ជួញដូរភាគហ៊ុនបានថមថយបន្តិច ​តែចំនួនអ្នកជួញដូរភាគហ៊ុនមានការកើនឡើង។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការ​យោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់​និយ័តករ​មូលបត្រកម្ពុជា ​នៅថ្ងៃទី២៤ សីហា ២០២៣នេះ បានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងពេលប្រទេសទាំងអស់បានទទួលរងនូវភាពប្រឈម ​និងវឹកវរដោយសារតែវិបត្តិនានា កម្ពុជាក៏មានភាពប៉ះពាល់​មួយចំនួនដែរ ជាក់ស្ដែងអ្នកដែលធ្លាប់ជួញដូរធំៗ បានងាកមកជួញដូរក្នុង​កម្រិតស្រាល ប៉ុន្តែអ្វីដែលយើងអាចធានាបាននោះគឺជាលំនឹង ​និងស្ថិរភាពទីផ្សាររបស់យើង។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា​ ទៅថ្ងៃអនាគត ជាពិសេសក្រោយពេលកម្ពុជាផ្លាស់ប្តូរ​សមា​សភាព​រាជរដ្ឋាភិបាល​ វិស័យមូលបត្ររំពឹងថា នឹងមានដំណើរការរីកចម្រើនទៅមុខជាលំដាប់​បន្ថែមទៀត ហើយនៅចុងឆ្នាំ២០២៣នេះ នឹងមានក្រុមហ៊ុនមួយចំនួនទៀតចុះបញ្ជីក្នុង​ក្រុមហ៊ុន​មូលបត្រកម្ពុជា ដូចជាក្រុមហ៊ុនចុះបញ្ជីលក់មូលនិធិបំណុល និងក្រុមហ៊ុនចុះបញ្ជីបោះផ្សាយ​មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ហើយភាពប្រាកដប្រជាយ៉ាងណានោះ អាស្រ័យលើការសម្រេចរបស់ក្រុមហ៊ុន។គិតមកដល់បច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា ជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួត​ពិនិត្យលើរាល់សកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា បានផ្តល់លេខ​អត្តសញ្ញាណ​វិនិយោគិនសរុបចំនួនជាង ៤ម៉ឺន ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួនជាង ៩៩% និងវិនិយោគិនសញ្ញាត្តិខ្មែរមានចំនួនជាង ៨៧%៕អត្ថបទ៖ឈិត បូរ៉ាវី

ក្រសួងសេដ្ឋកិច្ច រំពឹងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងលើសផែនការ

2023/08/25 11:10:01 am        118
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ ពោលគឺលើសផែន នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រិត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបង្ហាញថា ចំពោះលទ្ធផលនៃការអនុវត្តថវិកាឆមាសទី ១ និងការវាយតម្លៃការអនុវត្តច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះតាមការ​ប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូលពន្ធដារ នឹងសម្រេចបានប្រមាណជាង ១០៧ ភាគរយ នៃផែនការច្បាប់ ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការ​អនុវត្តផែនការយុទ្ធសាស្ត្រ ​និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ ​ជាក់ស្តែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។ជុំវិញការប្រមូលចំណូលនេះដែរ, ​ខណៈបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមាន​ការ​រីកលូតលាស់​ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ​ក៏មានការកើនឡើងគួរឱ្យកត់​ សម្គាល់ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំង​ប្រតិបត្តិករថ្នាលអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ​ជាក់ស្តែង ក្នុងរយៈពេល ៧ ខែ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលបានជាង ៤៦ លានដុល្លារ។ជុំវិញបញ្ហាប្រឈម, អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា បើពិនិត្យពីលទ្ធផលនៃការប្រមូល​ចំណូលពន្ធ តាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុង​រយៈពេល ៧ ខែនេះ ការប្រមូលពន្ធលើអចលនទ្រព្យសម្រេច ​បានត្រឹម ៥៧ ​ប៊ីលានរៀល ត្រូវជាង ១៤ លានដុល្លារ ​បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ សម្រេចបានជិត ៣៧ ភាគរយ ប៉ុណ្ណោះ ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានចេញ​លិខិតជូនដំណឹង ស្តីពីការរំលឹក លើកទី ២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិន​បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ ដើម្បីក្រើនរំលឹក ​ម្ចាស់អចលន ទ្រព្យមួយចំនួន ដែលមិនទាន់​បានបំពេញកាតព្វកិច្ច ប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។ សម្រាប់ជាវិធានការណ៍វិញ, ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ​ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្កែនមុខ កត់វត្តមានរបស់​មន្ត្រី​ទទួលបន្ទុក និងកាមេរ៉ាសុវត្ថិ ភាពនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិត​ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ក្នុងស្រុក។ យុទ្ធនាការ នេះ គឺជាវិធានការមួយជួយពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយ​កម្រិត​បន្ថែមទៀត សម្រាប់គាំទ្រដល់ការត្រួតពិនិត្យ ​ការអនុវត្តកាតព្វកិច្ច ​ដែលជាវិធីសាស្ត្រសម្រាប់ផ្តល់ ជាមូលដ្ឋាន​ជាក់លាក់ ​និងតម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់​ និងតាមដាន ការប្រកាស​បង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជន ចុះកិច្ចសន្យាទិញស្រូវសរីរាង្គចំនួន១,២០០តោនពីសហគមន៍កសិកម្ម ខេត្តព្រះវិហារ

2023/08/24 03:54:06 pm        263
ព្រះវិហារ ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គចំនួន១,២០០តោនពីសហគមន៍ កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនហ្គោលដេន រ៉ាយស៍ និងក្រុមហ៊ុនអេមរុ រ៉ាយស៍។កិច្ចសន្យាទិញលក់ស្រូវសរីរាង្គ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ក្រោមវត្ដមានលោក អ៊ុក គឹមសាន អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ អង្គការដៃគូរអភិវឌ្ឍន៍ មន្ទីរ ពាណិជ្ជកម្មខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា សហភាព​សហគមន៍ កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងក្នុង​ព្រះរាជាណាចក្រ កម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥,៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកទាំង ០៧នៃខេត្តព្រះវិហារ ហើយទស្សនៈ វិស័យរបស់សហភាពគឺ “កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធរធារស់នៅ ប្រកបដោយ ភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ”។ សម្រាប់ពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយក្រុម ហ៊ុនហ្គោលដេនរ៉ាយស៍នឹងទទួលទិញស្រូវសរីរាង្គចំនួន ១,២០០តោន ពីសហគមន៍កសិកម្ម ចំនួន ០៧ ដែល​មានអ្នកផលិត ១,០០០គ្រួសារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ​នឹងទទួលទិញស្រូវ សរីរាង្គ​ប្រភេទស្រូវស ចំនួនប្រមាណ ១,០០០តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នក ផលិត ៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលបានចុះហត្ថលេខាកាលពី ខែមិថុនាកន្លងមកថ្មីៗនេះ។លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា បានឲ្យដឹងថា ឆ្នាំ ២០ ២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុង ខេត្តព្រះវិហារ។ លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វ ផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំ ទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បី នៅឆាកអន្ដរជាតិ។ ហើយទោះបែបនេះក្ដី ​លោកនៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំង អស់ សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាងណាត្រូវគោរពទៅតាមគោលការណ៍ កិច្ច សន្យា ពិសេសស្ដង់ដាសរីរាង្គ។លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា រាជរដ្ឋាភិបាលបន្តវេន បាននឹងកំពុងសិក្សាលើការធ្វើពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដោយការនាំចេញផលិតផលកសិ កម្ម របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារពិភពលោក ហើយកសិកម្ម គឺនៅតែជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយខេត្តព្រះវិហារ គឺជាខេត្តគោលដៅនៃវិស័យកសិកម្ម។ សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ បាន​អនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន ១០០,០៥៩ហិកតា ​និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុក ដាំ មានចំនួន ១០០,៣០១ ហិកតា លើផែនការ ៩៩,៨១៧ហិកតា ស្មើនឹង ១០០,៤៨%។ការបង្ករបង្កើនផល​ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ​និងដំណាំឈើហូបផ្លែ ​គិតត្រឹម ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តន៍បាន ៨៤,០៣៧ ហិកតា នៃផែនការ ៨២,៣១៥ ហិកតា ស្មើនឹង ១០២,០៩% ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចៅក្រមអាមេរិក រារាំងក្រឹត្យរបស់លោក Trump ជាថ្មីម្ដងទៀត ជុំវិញសិទ្ធិសញ្ជាតិពីកំណើត
07/11/2025 11:07 AM
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន តាមរយៈអង្គការណាតូ
07/11/2025 11:07 AM
អ៊ីស្រាអែល និងសហភាពអឺរ៉ុប ព្រមព្រៀងបង្កើនលំហូរជំនួយកាន់តែច្រើនចូលទៅដែនដីហ្កាហ្សា
07/11/2025 11:07 AM
ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅរដ្ឋតិចសាស់កើនឡើងដល់ជាង១២០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតែបន្ត
07/11/2025 11:07 AM
AirAsia និងព្រះខ័នរាជស្វាយរៀង ចាប់ដៃគ្នាដើម្បីលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាក្នុងតំបន់
07/11/2025 11:07 AM
ពលរដ្ឋប្រេស៊ីល ចេញតវ៉ាទាំងកំហឹងប្រឆាំងនឹងលោក Trump ជុំវិញពន្ធថ្មីរបស់សហរដ្ឋអាមេរិក
07/11/2025 11:07 AM
លោក Rubio នឹងជួបប្រមុខការទូតចិន លោក Wang Yi នៅម៉ាឡេស៊ី ស្របពេលភាពតានតឹងពាណិជ្ជកម្ម
07/11/2025 11:07 AM
លោក Netanyahu សង្ឃឹមថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចត្រូវបានសម្រេចក្នុងរយៈពេលពីរឬបីថ្ងៃទៀត
07/11/2025 10:07 AM
អង់គ្លេស និងអ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាសរាប់ពាន់គ្រាប់
07/11/2025 09:07 AM
ភ្នាក់ងារសេវាសម្ងាត់អាមេរិក ៦នាក់ រងការដាក់ពិន័យ ជុំវិញហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក Trump នៅឆ្នាំមុន
07/11/2025 09:07 AM