ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

«សហគមន៍កសិកម្មក្រងតេះ» កំពុងទទួលបានការគាំទ្រពីក្រសួងកសិកម្មក្នុងទំហំទឹកប្រាក់ជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន

2025/09/16 08:40:24 am        169
«សហគមន៍កសិកម្មក្រងតេះ» សហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។សហគមន៍នេះកំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ៕

សមាគមសហគ្រិនក្នុងស្រុកជំរុញម្ចាស់សហគ្រាសបង្កើនការផលិត ខណៈពលរដ្ឋ​កំពុង​ងាក​មក​ប្រើ​ប្រាស់​​ផលិតផលខ្មែរ

2025/09/15 11:33:05 am        218
ប្រធានសមាគមក្នុងស្រុក អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសអ្នកផលិត ជាពិសេស​ការ​ផលិត​ចំណីអាហារ ត្រូវពង្រឹក និង ពង្រីងខ្សែច្រវាក់ផលិតកម្មបន្ថែម និងជាផលិតផល​មាន​គុណ​ភាព​ ដើម្បីជំរុញផ្គត់ផ្គង់ និងចាប់យកទីផ្សារឱ្យបាន ខណៈប្រជាពល- រដ្ឋកម្ពុជា​កំពុង​ងាកមក​ប្រើ​ប្រាស់​ផលិត​ផលក្នុងស្រុក។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីខ្សែច្រវាក់ផលិត កម្មក្នុងស្រុក និងការផ្គត់ផ្គង់ចូលទីផ្សារ នេះថា ខណៈ​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយប្រទេសជិតខាង, ខ្សែច្រវាក់ផលិតកម្មក្នុង ស្រុកបានចាប់​ផ្តើម​ងើប​ឡើង​ជា​បណ្តើរ​ៗ​, នៅក្នុងអន្តរកាលនេះឃើញថា កម្ពុជាបាន​និង​កំពុង​ការ​ផលិត​ទំនិញ​បម្រើ​តម្រូវ​ការ​ក្នុង​ស្រុក​ ចាប់ផ្តើមមាននិន្នាការកើនឡើង ខណៈក្រុមហ៊ុន ឬសហគ្រាសកាន់តែមានមូលដ្ឋានរឹងមាំ នៅ​ក្នុងកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាពិសេសការផលិត និងវេច​ខ្ចប់​របស់​របរ​បម្រើ​ដល់​ការ​ហូប​ចុក​ប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, ចំណីអាហារ, គ្រឿងទេស, គ្រឿង​ឧបភោគ-បរិភោគផ្សេងៗជាដើម។ឯកឧត្តមបណ្ឌិត បន្តថា នៅក្នុងអន្តរកាលនេះ គឺជាពេលវេលាមួយ​ដ៏​ល្អស​ម្រាប់​សហ​គ្រាស​ក្នុង​ស្រុក​ ត្រូវតែបញ្ចេញស្នាដៃ ក្នុងការបង្ហាញនូវផលិតផលរបស់ខ្លួន ស្របពេលដែលប្រជាជនកម្ពុជា បាន​ចាប់ផ្តើមឱ្យតម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិត- ផលនាំចូលពីបរទេស។ បញ្ហានេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវបន្ថែម ដល់សមាជិករបស់សមាគម ក៏ដូចជាក្រុមហ៊ុន និង សហ​គ្រាស​ផលិតផ្សេងៗទៀត ត្រូវបង្កើន ពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម និងត្រូវផលិត​ជា​ផលិត​ផល​ដែលមានគុណភាព បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ដើម្បីចាប់យកទីផ្សារឱ្យបាន ខណៈ​តម្រូវការទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងមាននិន្នាការកើន។ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង ក្នុងពិធីតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ថ្មីៗនេះថា រាជ​រដ្ឋាភិបា​ល​ទទួលស្គាល់សហគ្រាសក្នុងស្រុកធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹង​ខ្នង​ដ៏​រឹងមាំ​នៃ​សង្គម​សេដ្ឋ​កិច្ច​ជាតិ​, ការណ៍នេះគឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើ ពិពិធ​កម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹង​រួម​ចំណែក​ដល់​ការជំរុញកំណើន សេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។ បញ្ហានេះ​សហគ្រាស​ក្នុង​ស្រុក ត្រូវខិតខំម្ចាស់ការ និងប្រឹ​ង​ប្រែង​ក្ដាប់​ឲ្យជាប់​នូវ​កាលា​នុវត្ដ​ភាព​ដ៏​មាន​តម្លៃ​នេះ ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ទាំងក្នុង​រយៈ​ពេល​ខ្លី មធ្យម និងវែងខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំចេញរំពឹងថាការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងនឹងមានកំណើន ខណៈ​ការ​បញ្ជា​ទិញ​កើន

2025/09/15 11:17:40 am        320
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥កន្លងទៅ ការ​​នាំចេញផលិតផលធ្វើដំណើរនិងស្បែករបស់កម្ពុជា គិតជាទឹកប្រាក់ចំនួនប្រមាណជាង ១៧​ពាន់​លាន​ដុល្លារអាម៉េរិក ដោយក្នុងនោះផលិតផលស្បែកជាងមានជាង ១,២ពាន់លានដុល្លារ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា បើគិតក្នុងរយៈពេលដូចគ្នានេះដែរ ការ​បញ្ជា​ទិញមានការកើនឡើង ដោយសារ​នៅ​តាម​បណ្តារោ​ង​ចក្រ​មាន​ការ​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​រោងចក្ររបស់ខ្លួន និងកំពុងតែធ្វើការពង្រីកនូវចង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀត រួម​ទាំង​ស្រូប​យកកម្លាំងកម្មករ កម្មការិនីបន្ថែមផងដែរ ជាពិសេសពលករខ្មែរមកពីប្រទេសថៃ។នៅសល់តែប្រមាណជា ៤ខែទៀតប៉ុណ្ណោះ នឹងដាច់ឆ្នាំ២០២៥ ប្រធាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​រូបនេះ បានបង្ហាញការរំពឹងថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​មាន​ការ​កើនឡើង ខណៈលោកអះអាងថា នៅឆ្នាំ២០២៦ ការនាំចេញ​ផលិត​ផល​ទាំង​នេះ​នៅ​តែ​បន្ត​ការ​កើនឡើងជាបន្តបន្ទាប់ផងដែរ។យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ​២០២៥ ការនាំទំនិញចេញ-ចូល របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ៣៦,៣ ពាន់លានដុល្លារ កើនឡើង ១៦,៥% បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤។ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់លានដុល្លារ កើនឡើង ១៦,២% ចំណែក​ទំនិញ​នាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៩,១៥ ពាន់លានដុល្លារ កើនឡើង ១៦,៧%​។ សូមជំរាបជូនទៀតថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀក​បំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារ​ធ្វើ​ពី​រោម​សត្វ​ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាទទួលបានការវិនិយោគពីបារាំងសរុប ៤៤ គម្រោង មានទុនវិនិយោគ ៣៨០ លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីត្រឹម៨ខែឆ្នាំនេះមានទឹកប្រាក់ជាង ៣៨៤ លានដុល្លារកើន១១%

2025/09/15 10:52:05 am        334
គិតមកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​មក​ពី​ប្រទេស​បារាំង​សរុប​ចំនួន ៤៤ មានទុន វិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក ដែលសកម្មភាព​វិនិយោគ​ទាំង​នោះបាននាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍ និង​ស្មារតី​សហគ្រិនភាពដល់កម្ពុជា។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នៃ​ចុងសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធាន​ក្រុម​ប្រឹក្សាធុរកិច្ចកម្ពុជា-បារាំង នៃសហព័ន្ធនិយោជក បារាំងអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង សម្រាប់ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋបារាំង។ ឯកឧត្តម​អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដើម្បីស្វែង យល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានរំលឹក​ឡើង​វិញ អំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំ ឡើង នាឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​កាន់ប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាល​ពី​ខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា-បារាំង។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ច​សហ​ប្រតិ​បត្តិការរវាងបារាំងនិងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំង ដែលជានិច្ចកាល​តែង​តែ​ផ្តល់ការ​គាំទ្រ​ក្នុង​ដំណើរ​បើក​ទំព័រ​ថ្មី​នៃ​សហសម័យកម្ពុជា។ទាក់ទងការ​វិនិយោគវិញ, បើគិតពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីប្រទេសបារាំងសរុបចំនួន ៤៤ គម្រោង​រួចហើយមានទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបាន បង្ហាញ​សុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយកម្ពុជា ក្នុងការលើកកម្ពស់ ការឈ្វេង​យល់​អំពី​បរិយាកាស​យោគ និងឧត្តម- ភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំង ឱ្យ​មក​សិក្សា​សមិទ្ធិលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, លោក François Corbin បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា និងបានកោត សរសើរ ចំពោះការ​ដឹកនាំ​ប្រក​ប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោកបន្ថែមថា នៅឆ្នាំ​២០២៦ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​តាម​រយៈ​នេះ ​ជាការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ច​សហប្រតិបត្តិការ​នយោបាយ​, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌ ពហុភាគីផងដែរ។ សូម​បញ្ជាក់ថា នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា, ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ជាង ៣៨៤ លានដុល្លារ កើន​ជាង ១១% ក្នុងនោះកម្ពុជាមាននាំចេញ មានទឹកប្រាក់ជាង ៣០៥ លានដុល្លារ កើន ១២%, ខណៈ​កា​រនំាចូល មានទឹកប្រាក់ជិត ៨០ លានដុល្លារ កើន ៩% បើធៀ​ប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​៕ អត្ថបទ៖ សុន រ៉ាឌី

ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០

2025/09/13 04:08:20 pm        478
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា លើ ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា សំដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុ វិស័យឆ្នាំ២០៥០។លោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើក​ឡើង​ក្នុងជំនួប សម្តែងការគួរសមជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋ​មន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ដើម្បី​ចូល​រួម​នៃការឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា, ADB បានផ្តល់ ការ​គាំទ្រ​​វិ​ស័យ​​ឯកជនកម្ពុជាដោយផ្ទាល់ ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontier ដែល​ជា​កម្ម​វិធី​ផ្តល់​ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើស​រើសក្នុងការផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។ក្នុងនោះការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា បាន​ផ្ដោត​លើ​កំណែ​ទម្រង់​៣​គឺ៖ (១) ការ បង្កើនបរិយាកាសអំណោយផលសម្រាប់វិនិយោគទុន និងអាជីវកម្ម, (២) ការ​លើកកម្ពស់ពាណិជ្ជកម្មមីក្រូ ខា្នតតូច និងខ្នាត មធ្យម, និង(៣) ការ​កែ​លម្អ​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ ការ ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​គាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅ​ចូល​រួម​ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការ​ជំរុញ​ការ​អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និង ឯកជនផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យ ADB បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុក្នុងការពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។ ជាក់​ស្តែង​, ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាម​រយៈ​ការ​ផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និងគិតគូរបន្ថែមរួមមាន៖ គោលនយោបាយ និងយុទ្ធសាស្រ្ត​សម្រាប់​ការ​ពង្រឹង​នគរូប​នីយ​កម្ម​, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យ​គន្លឹះ​លើ​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ការកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, កំណែទ​ម្រង់​គោល​នយោបាយ​គាំទ្រ​ការ​អភិវឌ្ឍ និងបង្កើនបរិយាកាសអំណោយ ផលដល់វិស័យឯកជននិងពាណិជ្ជកម្ម, និង​ការ​គាំទ្រ​ផ្នែក​ជំនាញ បច្ចេកវិទ្យា និងការកៀរគរធនធានបន្ថែម សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុង​ការ​ជំរុ​ញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ជំរុញរៀបចំផែនការសកម្មភាព វិស័យកសិកម្ម ដេីម្បីជួយឱ្យការងារបង្រ្កាបផលិតផលក្លែងក្លាយមានប្រសិទ្ធភាពខ្ពស់

2025/09/13 12:04:32 pm        227
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពី​រសៀល​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋលេខាធិការ នៅ លក្ខណា ប្រធានគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងសហការី ក្នុងជំនួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារ ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន​ផ្តល់​អនុសាសន៍ក្នុងការរៀបចំផែនការសកម្មភាព និងកិច្ចសហការក្នុងវិស័យកសិកម្ម ដើម្បី​ជួយ​ឱ្យ​ការងា​រ​បង្រ្កាបមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ជាទីបញ្ចប់​ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការកន្លងមក និង​លើក​ទឹក​ចិត្តបន្តកិច្ចសហការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​នេះ ជូនរាជរដ្ឋាភិបាល សំដៅការពារសុខភាពសាធារណៈ និងសង្គមជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើង

2025/09/12 12:41:36 pm        311
ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកបច្ចុប្បន្ន ចាប់​ផ្តើម​មាន​និន្នាការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេល​ដែល​ប្រជា​ជន​កម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ថ្លែងក្នុងពិធីបើក "ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និង​ពង្រីក​សមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជា​មាន​ទីផ្សារ​បើក​ចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិត ផលក្នុងស្រុក និង​ផលិត​ផល​​​នាំ​ចូលពីបរទេស។ ក្នុងន័យនេះប្រជាជនកម្ពុជា មានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទ ទៅ​តាម​តម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ អនាម័យ គុណភាព និងបរិមាណ ជា​កត្តា​ចម្បង​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ឬការប្រើប្រាស់ ផលិតផលណាមួយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នការផលិតទំនិញ ដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់​ផ្តើម​មាននិន្នាការកើន ឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុក ​ក៏​កាន់​តែ​មាន​មូល​ដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេល ដែលប្រជាជនកម្ពុជា ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ផលិត​ផល​ក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ ជាការពិតផលិតផល ក្នុងស្រុកមាន​ច្រើន​ប្រភេទ​រួមមាន៖ ផលិតផល និងម្ហូបអាហារកែច្នៃ, ចំណីអាហារ, គ្រឿងទេស, គ្រឿង​ឧប​ភោគ​-បរិភោគ, គ្រឿងសម្អាង, កសិផល, វត្ថុប្រើប្រាស់ក្នុងឧស្សាហកម្ម, និងផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត ដែលអាចផ្គត់ផ្គង់តម្រូវ ការក្នុងស្រុក និងអាចជំនួសផលិតផល​នាំ​ចូល​បាន​ច្រើន​។ ​ជាក់ស្តែងស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាព ពីសំណាក់ប្រទេស ជិតខាង បច្ចុប្បន្ន​ផលិតករ ឧស្សាហករ និងសិប្បករក្នុងស្រុក បាននិងកំពុងបន្តខិតខំបង្កើត ពង្រឹង និង​ពង្រីក​ផលិត​កម្ម​។សូមបញ្ជាក់ថា ក្នុងបរិការណ៍នេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មើល​ឃើញ​នូវ​ឱកាស​ដ៏​វិសេស​ចំនួន​៣​សម្រាប់ក្រុមហ៊ុន និង សហគ្រាសក្នុងស្រុក ក្នុងនោះរួមមាន៖ ទី១. ឱកាសផ្សព្វផ្សាយ​ពី​ផលិត​ផល​ក្នុង​ស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួល ស្គាល់ពីសំណាក់អ្នកប្រើប្រាស់, ទី២. ​ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការ​រ​បស់ប្រជាជន, និងទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម ។ យ៉ាងណាមិញ, ដើម្បី​អាច​ចាប់​យកឱកាសទាំងនេះ បានពេញលេញ, ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវខិត​ខំប​ង្កើត​ និងបង្កើនជំនឿទុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញ ឬ​ការ​ផ្តល់​សេវា ដែលមានគុណភាព មានអនាម័យ និងមានថ្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

វិញ្ញាបនបត្រ CQS ធ្វើឲ្យសិប្បកម្មអ៊ីពៅអាចនាំផលនេសាទកែច្នៃរាប់តោនទៅទីផ្សារ៤ប្រទេស ក្នុងមួយ​ឆ្នាំៗ

2025/09/12 09:09:41 am        221
កំពង់ចាម៖ ការពង្រឹងខ្លួនរហូតទទួលបានវិញ្ញាបនបត្របញ្ជាក់ “ភាព​អនុ​លោម​តាម​លក្ខ​ខណ្ឌ​តម្រូវ​ការ​ នៃនិមិត្តសញ្ញាគុណភាពផល ផលិតផល ជនផលកម្ពុជា (CQS)” បាន​ធ្វើ​សិប្បកម្ម​កែច្នៃ​ត្រីងៀត ផ្អក អ៊ីពៅ មានទីតាំងស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម អាចចាប់បានទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយ​នាំ​យក​ផលិត​ផល​នេសាទ​កែច្នៃ ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។លោកស្រី ទូច ពៅ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ផ្អក អ៊ីពៅ បានឲ្យដឹងថា សិប្បកម្ម​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩២ ដោយដំបូងឡើយ ធ្វើអាជីវកម្មតាមលក្ខណៈគ្រួសារ ហើយបាន​ប្រាក់​ចំណូល​ទាប ប៉ុន្តែបច្ចុប្បន្ននេះ គឺបានបោះជំហានចូលទីផ្សារមានតម្លៃខ្ពស់ និងមានអនិកជន​ខ្មែរ​នៅ​​ក្រៅ​ប្រទេសបានគាំទ្រ ព្រោះផលិតផលជលផលកែច្នៃក្នុងសិប្បកម្ម ត្រូវបានផ​លិត​ប្រើ​ប្រាស់​បច្ចេក​ទេស​ទំនើប ដែលធានាទាំងគុណភាព សុវត្ថិភាព និងអនាម័យ ។ លោកស្រីបានបន្តថា សិប្បកម្មនេះ មានផលិតត្រីងៀត និងផលិតផលផ្អាប់ មានដូចជា ប្រហុក និង​ម៉ាំ កែច្នៃពីត្រីប្រា ត្រីរ៉ស ត្រីឆ្ដោ ត្រីកំភ្លាញ ត្រីឆ្លូញ និងត្រីកេសជាដើម ហើយក្នុង​មួយ​ឆ្នាំៗ​ផលិត​កែច្នៃត្រីប្រមាណ ៣០តោន ជាមួយនឹងអាចរកចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែៗ ។ជាមួយគ្នានេះ លោកស្រី ទូច ពៅ បានអគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល​បាន​ជួយ​គាំទ្រ និងថ្លែងអំណរគុណដល់គម្រោង CAPFISH-Capture របស់សហភាពអ៊ឺរ៉ុប ដែល​អនុវត្ត​ដោយ​អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា UNIDO បានបណ្ដុះ​បណ្ដាល​បច្ចេក​ទេស រៀបចំម៉ាកយីហោ សម្ភារវេចខ្ចប់ និងឡូហ្គោ និងជំនួយមួយចំនួនទៀត រហូត​សិប្បកម្មទទួលបាន វិញ្ញាបនបត្រ CQS ហើយមានអតិថិជនគាំទ្រច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស​។លោក ឡាច ធា ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា នៃ​នាយកដ្ឋាន​បច្ចេក​វិទ្យា​កែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការទទួលបានវិញ្ញាបនបត្រ CQS គឺ​ផលិត​ផល​ជលផលទាំងអស់នោះ ផលិតប្រកបដោយគុណភាព សុវត្ថិភាព និងមានអនាម័យល្អ ហើយ​សិប្បកម្មណាមួយ ដែលបានផលិតផលិតផលជលផលរបស់ខ្លួន មានគុណភាព សុវត្ថិភាព និង​អនាម័យល្អនេះ អាចដាក់ពាក្យស្នើសុំ CQS ហើយមន្ត្រីជំនាញ នឹងចុះទៅពិនិត្យវាយតម្លៃ ។លោក ឡាច ធា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិប្បកម្ម និង​សហ​គ្រាស​កែច្នៃ​ផល​នេសា​ទ​ចំនួន ១៩ហើយ បានទទួលបានវិញ្ញាបនបត្រ CQS ដែលមានទាំងការកៃច្នៃផលទឹកសាប និង​ទឹកប្រៃ៕ អត្ថបទ បាន សុខរិទ្ធិ 

ក្រុមហ៊ុនឥណ្ឌាជាច្រើនចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់ស្វាយចន្ទីទៅឥណ្ឌាដែលកំពុងមានតម្រូវការខ្ពស់

2025/09/11 04:11:26 pm        372
ភ្នំពេញ៖​ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​ថា ក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​កសិកម្ម​ជាង​២០​មក​ពី​ប្រទេស​ឥណ្ឌា ជាមួយក្រុមហ៊ុននៅក្នុងស្រុករបស់កម្ពុជា បណ្ដាក្រុមហ៊ុនឥណ្ឌាជា​ច្រើន​ចាប់​អារម្មណ៍​វិនិយោគលើ​ការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់​ស្វាយ​ចន្ទី​ដែល​ឥណ្ឌា​កំពុង​មានតម្រូវការខ្ពស់។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបែបនេះ ក្នុងឱកាស តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និងនេសាទ ចូលរួមជាអធិបតីក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាង​ក្រុម​ហ៊ុន​នៅ​ក្នុង​វិស័យ​កសិកម្មជាង២០មកពីប្រទេសឥណ្ឌាជាមួយក្រុមហ៊ុននៅក្នុងស្រុក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥នេះ។ឯកឧត្តមបានថ្លែងថា ក្នុងឱកាសនោះ ក្រុម​ហ៊ុន​ឥណ្ឌាទាំង​នេះ​ចាប់​អារម្មណ៍​ចង់​សិក្សា​ឈ្វេង​យល់​ពី​សក្តានុពលសម្រាប់ការនាំចេញនាំចូលកសិផលពីប្រទេសទាំងសងខាង និងពិនិត្យ​លទ្ធភា​ព​ក្នុង​ការវិនិយោគលើការកែច្នៃនៅក្នុងស្រុក ជាពិសេសការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេសឥណ្ឌា ស្របពេលដែលឥណ្ឌា​មាន​តម្រូ​វកា​រ​នាំ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​បរិមាណ​ធំ និងភាគច្រើននាំចូលពីបណ្តាប្រទេសអាហ្វ្រិកក្នុងពេលកន្លងមក៕

៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាម៉េរិកមានទឹកប្រាក់ជាង ៨ ៣០០ លានដុល្លារឈរក្នុង​លំដាប់ទី១ នៃការនាំចេញសរុបរបស់កម្ពុជា

2025/09/11 11:01:59 am        171
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៨ ៣០០ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ពោលគឺទីផ្សារមួយនេះនៅតែឈរក្នុងលំដាប់ទី១ បានគាំទ្រកំណើនខ្ពស់ នៃការនាំចេញទំនិញ របស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤, មកដល់បច្ចុប្បន្នទីផ្សារមួយនេះ បានកំពុងគាំទ្រដល់កំណើននៃការនាំចេញទំនិញ ពោលគឺសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំរបស់កម្ពុជា និងឈរក្នុងលំដាប់ទី១ នៃការនាំចេញ ទំនិញសរុបរបស់កម្ពុជា។ចំណែកការនាំចេញ, នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណ ៨ ៣០០ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ២៣ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៦ ៧០០ លានដុល្លារអាម៉េរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីអាម៉េរិកវិញ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ២៤៣ លានដុល្លារអាម៉េរិក បានកើនឡើងជិត ៤០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ៨ ៣០០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយ, វៀតណាម ជាង ២ ៧០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, ចិនជាង ១ ០០០ លានដុល្លារ ថមថយ ៨ ភាគរយ, ជប៉ុន ជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដា ៨៧៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ, អេស្បាញជាង ៧០៦ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៧០៧ លានដុល្លារ កើនឡើងជិត ១០ ភាគរយ, ហូឡង់ ៦៤៦ លានដុល្លារ កើនឡើង ២៥ ភាគរយ, អាល្លឺម៉ង់ ៦១៨ លានដុល្លារ កើនឡើងជិត ៤ ភាគរយ, បារាំង ជាង ៣០៦ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបាន កំពុងគំាទ្រដល់កំណើន នាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ផ្ដោតលើរបៀបវារៈចំនួន៤
12/15/2025 09:12 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
12/15/2025 09:12 PM
សីតុណ្ហភាពធ្លាក់ចុះដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក
12/15/2025 09:12 PM
ក្រុមអ្នករត់សាន់តាក្លូសបង្កើតទស្សនីយភាពថ្ងៃឈប់សម្រាកដ៏អស្ចារ្យនៅទីក្រុង Mexico City
12/15/2025 09:12 PM
ប្រធានាធិបតីឆេកតែងតាំងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Babis
12/15/2025 09:12 PM
ក្រុម M23៖ ទាហានប៊ូរុនឌីរាប់រយនាក់ ត្រូវបានចាប់ខ្លួន អំឡុងការវាយលុកចុងក្រោយ នៅកុងហ្គោ
12/15/2025 08:12 PM
តូបលក់ដុំរាប់រយ ត្រូវបានអគ្គិភ័យឆាបឆេះនៅផ្សារ Kramat Jati ក្នុងទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី
12/15/2025 08:12 PM
EU ពង្រីកទណ្ឌកម្មលើបេឡារុស ដើម្បីរួមបញ្ចូលទាំងសកម្មភាពកូនកាត់
12/15/2025 08:12 PM
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ
12/15/2025 08:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
12/15/2025 07:12 PM