នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់
អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ

សន្តិសុខ និង សង្គម

នាវាដំបូងគេ បានឆ្លងកាត់ផ្លូវទន្លេជាបណ្តោះអាសន្ន បន្ទាប់ពីការបាក់ស្ពាននៅទីក្រុង Baltimore

2024/04/02 11:18:46 am        99
យោងតាមឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវា ថាក់បូត គ្រីស្តាល់ ខូសថ៍(Tugboat Crystal Coast) ដែលមានផ្ទុកប្រេង គឺជានាវាដំបូងគេ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទន្លេដែលទើបបង្កើតថ្មី ជាបណ្តោះអាសន្ន នៅទីក្រុង Baltimore បន្ទាប់ពីការបាក់រលំស្ពាន Key Bridge ។ នាវានេះ ធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Dover ដោយមានផ្ទុកប្រេងឥន្ធនៈ។ផ្លូវឆ្លងកាត់គ្រាអាសន្ន មានទទឹង ២៦៤ ហ្វីត និងជម្រៅ ១១ហ្វីត ត្រូវបានសម្អាតកាលពីថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យនាវាសំខាន់ៗឆ្លងកាត់តាមដងទន្លេ Patapsco ជុំវិញបំណែកបាក់បែកនៅកន្លែងគ្រោះមហន្តរាយស្ពានបាក់។ផ្លូវទឹកជម្រៅ១៥ហ្វីត ទីពីរ ត្រូវបានគេរំពឹងថានឹងបើកក្នុងពេលឆាប់ៗនេះដើម្បីអនុញ្ញាតឱ្យនាវាសមុទ្រចូលទៅកាន់កំពង់ផែ Baltimore រួមជាមួយនឹងផ្លូវទឹកទីបីដែលមានជម្រៅកាន់តែជ្រៅជាងនេះ។អភិបាលរដ្ឋ លោក Wes Moore បាននិយាយកាលពីថ្ងៃច័ន្ទថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការចាប់ផ្តើមទាញយកបំណែកស្ពានចេញ ដោយចាប់ផ្តើមបើកបណ្តាញផ្លូវទឹក។ លោក ដាវីដ អូ ខន់នែល (David O'Connell) ប្រធានក្រុមឆ្មាំល្បាតឆ្នេរអាមេរិក ដែលជាអ្នកសម្របសម្រួលនៅកន្លែងកើតហេតុរបស់សហព័ន្ធ ទទួលបន្ទុកការឆ្លើយតបរួមចំពោះការបាក់ស្ពាន បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS News ថា បណ្តាញផ្លូវទឹកជំនួយត្រូវបានគ្រោងនឹងបើកនៅតាមបណ្តោយភាគឦសាននៃផ្លូវទឹក និងមួយខ្សែទៀតនឹងដំណើរការតាម បណ្តោយភាគខាងត្បូង។

រដ្ឋាភិបាលអ៊ីស្រាអែល អនុម័តច្បាប់បិទសារព័ត៌មាន Al Jazeera ជាបណ្ដោះអាសន្ន

2024/04/02 11:15:55 am        69
សភារបស់អ៊ីស្រាអែល បានអនុម័តច្បាប់មួយកាលពីថ្ងៃចន្ទ ដោយត្រួសត្រាយផ្លូវ ដើម្បីបិទបណ្តាញព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ក្រោមច្បាប់អនុញ្ញាតឲ្យមានការហាមឃាត់ បណ្តោះអាសន្ននៃបណ្តាញព័ត៌មានបរទេសដែលរដ្ឋាភិបាលចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកនឹង «ចាត់វិធានការភ្លាមៗ» ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងសារព័ត៌មាន Al Jazeera ដោយចោទប្រកាន់បណ្តាញព័ត៌មានដែលផ្តល់មូលនិធិដោយប្រទេសកាតាថា បានគាំទ្រការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល និងបម្រើជាភ្នាក់ងារសម្រាប់អង្គការភេរវកម្មដែលកំណត់ដោយសហរដ្ឋអាមេរិក។លោកណេតាន់យ៉ាហ៊ូ បានបង្ហោះជាភាសាហ៊ីប្រូ (Hebrew) នៅលើបណ្តាញសង្គមXថា៖«បណ្តាញសារព័ត៌មានភេរវកម្ម Al Jazeera នឹងលែងចាក់ផ្សាយពីអ៊ីស្រាអែលទៀតហើយ។ ខ្ញុំមានបំណងធ្វើសកម្មភាពភ្លាមៗដោយអនុលោមតាមច្បាប់ថ្មី ដើម្បីបញ្ឈប់សកម្មភាពរបស់បណ្តាញសារព័ត៌មាននេះ»។ សារព័ត៌មាន Times of Israel បានរាយការណ៍ថា ច្បាប់នេះ បានអនុម័តដោយសភាអ៊ីស្រាអែល ដោយមានសំឡេងគាំទ្រ៧១សំឡេង និងសំឡេងប្រឆាំង១០សំឡេង នៅក្នុងការអានលើកទីពីរ និងទីបីរបស់ខ្លួននៅក្នុងកិច្ចប្រជុំពេញអង្គនៅក្នុងសភា។ ការសម្រេចឲ្យបិទបណ្តាញសារព័ត៌មានបរទេសនេះដែលចាត់ទុកថាជាការគំរាមកំហែងសន្តិសុខជាតិ អាចអនុវត្តបានតែ៤៥ថ្ងៃប៉ុណ្ណោះ ប៉ុន្តែអាចបន្តជាថ្មីសម្រាប់រយៈពេល ៤៥ ថ្ងៃទៀត។ ច្បាប់នេះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា។ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក សុទ្ធតែរិះគន់ចំពោះការតាមយកព័ត៌មានរបស់សារព័ត៌មាន Al Jazeera លើអ៊ីស្រាអែលយ៉ាងទូលំទូលាយ និងការរាយការណ៍អំពីសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន (Antony Blinken) បានអំពាវនាវឲ្យរដ្ឋាភិបាលកាតាកាត់បន្ថយការញុះញង់ប្រឆាំងនឹងអ៊ីស្រាអែលនៅក្នុងការផ្សាយរបស់សារព័ត៌មាន Al Jazeera អំពីផលវិបាកនៃការវាយប្រហារខែតុលា។ប៉ុន្តែរដ្ឋបាលលោកបៃដិន បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះការអនុម័តច្បាប់របស់អ៊ីស្រាអែល។

ការតវ៉ានៅក្រុងហ្ស៉េរុយសាឡឹមបង្ហាញពីកំហឹងប្រឆាំងនឹងលោក Netanyahu លែងរង់ចាំដល់សង្គ្រាមចប់ទៀតហើយ

2024/04/02 11:12:03 am        82
បាតុកម្មដ៏ធំនៅមុខសភា(Knesset)និងការិយាល័យរដ្ឋាភិបាលកាលពីយប់ថ្ងៃអាទិត្យនៅក្នុងទីក្រុងហ្ស៉េរុយសាឡឹម និងតេល អាវីវ គឺជាអ្វីមួយដែលប្រៀបបានទៅនឹការតស៊ូដ៏ធំប្រឆាំងនឹងកែប្រែប្រព័ន្ធតុលាការកាលពីឆ្នាំមុន។ នេះគឺជាការប្រមូលផ្ដុំគ្នាដ៏ច្រើននិងការរួមកម្លាំងដ៏ធំ ដែលជាទូទៅ អ្នកបោះឆ្នោតសម្រាប់គណបក្សអ្នកកណ្តាលនិយម មេរ៉េតស៍ និងការងារ (Meretz and Labor) ត្រូវបានគេមើលឃើញនៅក្នុងបាតុកម្ម នៅពេលដែល សភាបានលុបចោលស្តង់ដារសមហេតុផលរបស់តុលាការជាន់ខ្ពស់កាលពីរដូវក្តៅឆ្នាំមុន។ នេះគឺជាការតាំងចិត្តដូចគ្នា ប្រឆាំងនឹងនាយករដ្ឋមន្ត្រី ដែលធ្លាប់ព្យាយាមលុបបំបាត់លទ្ធិប្រជាធិបតេយ្យ ហើយឥឡូវនេះបានដឹកនាំសង្គ្រាមដែលនាំឲ្យមានបញ្ហាកាន់តែស្មុគស្មាញ ដោយមានចំណាប់ខ្មាំង ១៣៤ នាក់នៅតែត្រូវបានឃុំខ្លួននៅក្នុងដែនដីហ្កាហ្សា។ សម្រាប់បាតុករដ៏ច្រើន ដែលបានសម្រុកទៅកាន់ផ្លូវកាបលែន(Kaplan)នៃទីក្រុងហ្ស៉េរុយឡឹម (Jerusalem)ដូចជាទឹកបាក់ទំនប់ពីទីក្រុងស៊ីណេម៉ា(Cinema)ឆ្លងកាត់សភា ទៅកាន់បណ្ណាល័យជាតិថ្មី គឺជាប្រភេទនៃការជួបជុំគ្នាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល៦ខែ។ទោះយ៉ាងណា មានការខ្វែងគំនិតគ្នាមួយចំនួនរវាងបាតុកម្មប្រឆាំងនឹងការកែប្រែប្រព័ន្ធតុលាការ និងសកម្មភាពដ៏ធំប្រឆាំងលោក Netanyahu និងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃអាទិត្យ។ ទីមួយ នៅក្នុងការតវ៉ាប្រឆាំងនឹងផ្លាស់ប្ដូរអ្នកនយោបាយកំពុងស្ថិតក្នុងតំណែងដោយមិនត្រូវបានអញ្ជើញឲ្យនិយាយនៅលើឆាក។ ទីពីរ ដោយសារកាលៈទេសៈ បន្ទាប់ពីគ្រោះមហន្តរាយថ្ងៃទី ៧ ខែតុលា របៀបវារៈទាំងមូលបានផ្លាស់ប្តូរ ជាមួយនឹងការដោះស្រាយ និងកំហឹងបន្ថែម។ ការកែប្រែច្បាប់ គឺកើតចេញពីការចរចា។ ឥឡូវនេះបញ្ហាគឺការរំដោះចំណាប់ខ្មាំង វិបត្តិកើតចេញពីការលើកលែងការកេណ្ឌកម្លាំងបុរសជ្វីហ្វជ្រុលនិយមអូសតូដុកមិនឲ្យចូលបម្រើយោធា ការប្រព្រឹត្តរបស់អ្នកនយោបាយ និងការអំពាវនាវដោយទទូចឲ្យរៀបចំការបោះឆ្នោតថ្មី និងទាមទារឲ្យលោក Netanyahu លាលែងពីតំណែង៕

រដ្ឋមន្ត្រីប៉េរូ ៦ រូបលាលែងពីតំណែង បន្ទាប់ពីនគរបាលឆ្មក់ចូលឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី

2024/04/02 10:19:34 am        94
រដ្ឋមន្ត្រីចំនួនប្រាំមួយរូបរបស់ប្រទេសប៉េរូ ត្រូវបានជំនួសតំណែងកាលពីថ្ងៃចន្ទ (០១ មីនា) បន្ទាប់ពីពួកគេបានលាលែងពីតំណែងភ្លាមៗ ស្របពេលមានរឿងអាស្រូវនយោបាយថ្មីពាក់ព័ន្ធនឹងនាឡិកាប្រណីតដែលកំណត់គោលដៅលើប្រធានាធិបតីប៉េរូ ដោយតម្រូវឱ្យមានការរុះរើគណរដ្ឋមន្រ្តី និងបន្ថែមភាពប្រែប្រួលថែមទៀតដល់នយោបាយដ៏រង្គោះរង្គើរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។ការលាលែងពីតំណែងភ្លាមៗនេះ ដែលរួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តខុសច្បាប់ដោយប្រធានាធិបតី លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ដែលកំពុងត្រូវបានស៊ើបអង្កេតជុំវិញនាឡិកាម៉ាក រ៉ូឡិច (Rolex) ស៊េរីខ្ពស់ជាច្រើនគ្រឿងរបស់លោកស្រី។នគរបាល និងក្រុមរដ្ឋអាជ្ញាបានឆ្មក់ចូលនិវេសនដ្ឋាន និងការិយាល័យរបស់មេដឹកនាំរូបនេះកាលពីចុងសប្តាហ៍ ដើម្បីស្វែងរកភស្តុតាងនៃប្រភពដើមនៃនាឡិកា Rolex យ៉ាងហោចណាស់បីគ្រឿង។ លោកស្រី បូលូអាតតេ បានបដិសេធថាខ្លួនមិនបានធ្វើខុសអ្វីឡើយ ហើយបានទទូចថាលោកស្រីទិញនាឡិកាដោយថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក វីកទ័រ តរ៉េស (Victor Torres) បានប្រកាសពីការសម្រេចចិត្តចុះចេញពីតំណែងកាលពីថ្ងៃច័ន្ទ ដែលត្រូវបានបន្តដោយការលាលែងពីរដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីកិច្ចការនារី ព្រមទាំងការលាលែងពីគណៈរដ្ឋមន្ត្រីចំនួនបីរូបបន្ថែមទៀត។ អ្នកទាំងអស់នោះបានសម្តែងការគាំទ្រចំពោះលោកស្រី បូលូអាតតេ ដោយរដ្ឋមន្រ្តីម្នាក់ក្នុងចំណោមនោះបានហៅការឆ្មក់ឆែកឆេររបស់នគរបាលនេះថាថារឿង «មិនចាំបាច់» និង «ហួសហេតុ»៕

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំស៊ីរី ប្តេជ្ញាសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានទូត

2024/04/02 10:12:33 am        98
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក ហូសេន អាកបារី (Hossein Akbari) បានសន្យាថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានី ដាម៉ាស នៃប្រទេសស៊ីរី កាលពីព្រឹកថ្ងៃចន្ទ (០១ មេសា) ជាមួយនឹងកម្លាំងស្មើគ្នាដូចដែលអីស្រាអែលបានប្រើ។យន្តហោះចម្បាំងអ៊ីស្រាអែល ដែលត្រូវបានសង្ស័យ បានវាយប្រហារតាមអាកាសលើស្ថានទូតអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារដែលអ៊ីរ៉ង់បាននិយាយថា បានសម្លាប់ទីប្រឹក្សាយោធារបស់ខ្លួនចំនួន៧ នាក់ ដែលរួមមានមេបញ្ជាការជាន់ខ្ពស់បីនាក់ ហើយនោះបានក្លាយជាការកើនឡើងដ៏ធំនៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយសត្រូវក្នុងតំបន់។ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់រូបនេះបានចេញការព្រមានថា អ៊ីរ៉ង់នឹងមិនបណ្តោយឱ្យសកម្មភាពរបស់អ៊ីស្រាអែលប្រព្រឹត្តទៅដោយពុំមានចម្លើយតបឡើយ ហើយនឹងសងសឹកដោយកម្លាំងស្មើគ្នានេះ។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) ដែលបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ បានថ្កោលទោសឧបទ្ទវហេតុនេះថា ជារឿងអយុត្តិធម៌។ក្រសួងការពារជាតិស៊ីរីបាននិយាយថា ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើងនៅម៉ោងប្រហែល ៥:០០ ល្ងាច (ម៉ោងក្នុងស្រុក)។ អ៊ីស្រាអែល បានកំណត់គោលដៅជាយូរមកហើយលើការដំឡើងយោធារបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងក្រុមប្រយុទ្ធតំណាងរបស់ខ្លួន ប៉ុន្តែការវាយប្រហារកាលពីថ្ងៃចន្ទនេះ គឺជាលើកដំបូងហើយដែលអ៊ីស្រាអែលវាយប្រហារបរិវេណស្ថានទូតអ៊ីរ៉ង់ដ៏ធំដោយផ្ទាល់បែបនេះ៕

មជ្ឈិមបូព៌ា ឈានដល់ស្ថានភាពដ៏គ្រោះថ្នាក់ជាថ្មី ក្រោយពីមានការវាយប្រហារទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់

2024/04/02 10:04:50 am        112
ការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាសកាលពីថ្ងៃចន្ទ អាចជាការកើនឡើងដ៏គ្រោះថ្នាក់បំផុត នៅខាងក្រៅតំបន់ហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហាម៉ាស-អ៊ីស្រាអែលជិត៦ខែកន្លងទៅ។ប្រទេសស៊ីរីនិងអ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារតាមអាកាសដែលបានបំផ្លាញអគារកុងស៊ុល ដោយបានសម្លាប់លោក ម៉ូហាម៉េដ រីហ្សា រ៉ាហ៊ីឌី (Mohammed Reza Zahedi) មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងមន្ត្រីមួយចំនួនទៀត រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់ទៀតគឺ លោកម៉ូហាម៉េដ ហាឌី ហាជី រ៉ាហ៊ីមី (Mohammad Hadi Haji Rahimi)។ មន្ត្រីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយជុំវិញឧប្បត្តិហេតុនេះទេ។ការវាយប្រហារនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីដែលសំដៅទៅលើក្រុមIRGC និងក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា(Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ ។ រហូតមកដល់ពេលនេះ ការវាយប្រហារ មិនបានបង្កឲ្យមានការឆ្លើយតបនៅខាងក្រៅផ្នែកនៃការប៉ះទង្គិចគ្នារយៈពេលជាច្រើនខែ នៅតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់នោះទេ ទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតពីប្រទេសអ៊ីរ៉ង់ និងថ្នាក់ដឹកនាំរបស់ក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ។ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុកាលពីថ្ងៃចន្ទ អាចជារឿងយកមកធ្វើជាលេសចុងក្រោយ។ តាមលក្ខណៈបច្ចេកទេស ស្ថានកុងស៊ុលរបស់អ៊ីរ៉ង់ គឺជាទឹកដីអធិបតេយ្យភាពរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យវាក្លាយជាការវាយប្រហារខ្លាំងបំផុតលើទឹកដីអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយលោកហ្សាហ៊ីឌី គឺជាគោលដៅដ៏សំខាន់បំផុត ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ( Donald Trump) បានបញ្ជាឲ្យសម្លាប់លោកឧត្តមសេនីយ៍ កាសែម សូឡេម៉ានី ( Qassem Soleimani) របស់ IRGC នៅទីក្រុងបាកដាដក្នុងខែមករា ឆ្នាំ២០២០។

ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅទីក្រុង Edolo ប្រទេសអ៊ីតាលី

2024/04/02 10:02:11 am        136
ភ្លៀងធ្លាក់ខ្លាំង បានវាយបោកបក់នៅទីក្រុង Edolo ប្រទេសអ៊ីតាលី ក្នុងតំបន់ Val Camonica កាលពីថ្ងៃចន្ទ បណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី។ក្រុមអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៥ នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ។វីដេអូដែលចេញផ្សាយដោយអង្គភាពសេវាសង្គ្រោះបន្ទាន់ បានបង្ហាញពីផ្លូវទឹកពេញហៀរ និងលំហូរដីល្បប់ ហូរធ្លាក់តាមផ្លូវថ្នល់ក្នុងទីក្រុង Edolo ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមការពារស៊ីវិល បានអនុវត្តបេសកកម្មចុះសិក្សា រួមជាមួយមន្ត្រីភូមិសាស្ត្រក្នុងតំបន់ ដើម្បីវាយតម្លៃហានិភ័យជលធរណីវិទ្យា សម្រាប់ផ្លូវថ្នល់ ដែលតភ្ជាប់ ទីក្រុង Edolo ទៅកាន់ទីក្រុង Aprica ។ សេចក្តីរាយការណ៍ និយាយថាផ្លូវថ្នល់នេះ នៅតែត្រូវបានបិទ រហូតដល់ថ្ងៃអង្គារទី២ ខែ មេសានេះ។

ក្រុមបាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ នៅតែបន្តការតវ៉ានៅខាងក្រៅសភា ទាមទារឲ្យរៀបចំការបោះឆ្នោតឥឡូវនេះ

2024/04/02 09:59:07 am        112
មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុងហ្ស៉េរុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១ មេសា នៅក្នុងការតវ៉ាលើកទីពីររយៈពេលបីថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ព្រមទាំងប្រឆាំងនឹងការលើកលែងដល់បុរសជ្វីហ្វជ្រុលនិយមអូសតូដុក (ultra-Orthodox Jewish) ពីការចូលបម្រើយោធា។ ក្រុមបាតុករ រួមទាំងក្រុមមួយចំនួនដឹកនាំក្បួនបាតុកម្មដ៏ធំ ដែលបានធ្វើឲ្យកក្រើកប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ ២០២៣ កន្លងទៅ បានរៀបចំការប្រមូលផ្តុំនៅខាងក្រៅសភា (Knesset) ដោយអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មី ដើម្បីជំនួសរដ្ឋាភិបាលបច្ចុប្បន្ន។ ក្រុមអ្នកតវ៉ាក៏ចង់បានការស្មើគ្នាភាពគ្នាបន្ថែមទៀតនៅក្នុងបន្ទុកនៃការបម្រើកងទ័ពដែលចងជនជាតិអ៊ីស្រាអែលភាគច្រើន។សារព័ត៌មាន N12 របស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបាននិយាយថា បាតុកម្មថ្ងៃដំបូងទំនងជាការតវ៉ាជាសាធារណៈដ៏ធំបំផុតចាប់តាំងពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សាបានចាប់ផ្តើម។ គេហទំព័រព័ត៌មាន ហាហ្សាតស៍ (Haaretz) និង យីណេត (Ynet) បាននិយាយថា ការតវ៉ានេះ បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ចូលរួម។ខុទ្ទកាល័យរបស់លោក Netanyahu បានប្រឈមការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខដែលនាំឲ្យមានការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្ស ចំនួន ១.២០០ នាក់ និងជាង ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងចូលទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ កន្លងទៅ៕

មនុស្ស ៥នាក់បានស្លាប់ នៅក្នុងរដ្ឋធានីហៃទី បន្ទាប់ពីការបាញ់កាំភ្លើងបានផ្ទុះឡើងនៅតាមដងផ្លូវ

2024/04/02 09:09:48 am        96
មនុស្ស ៥ នាក់ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃចន្ទ (០១ មេសា) នៅក្នុងរដ្ឋធានីព័រអូប្រាំង របស់ប្រទេសហៃទី បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លានៅតាមដងផ្លូវចូលទៅជិតវិមានជាតិ ខណៈដែលភាពភ័យស្លន់ស្លោបានកើតឡើងនៅជុំវិញទីប្រជុំជននេះ។សាកសពមនុស្ស ៤ នាក់ដែលត្រូវរបួសគ្រាប់កាំភ្លើងរួមមានបុរស ៣ នាក់ និងស្ត្រីម្នាក់ ដេកស្ដូកស្ដឹងនៅលើដីក្នុងជាយក្រុងនៃតំបន់ ប៉េត្យុង វីល (Petion-Ville) ដ៏តានតឹងរបស់រដ្ឋធានីនេះ ដែលក្រុមជនអន្ធពាលបានគំរាមកំហែង។ យ៉ាងហោចណាស់មនុស្សម្នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់ ស្របពេលមានការប្រយុទ្ធគ្នានៅក្នុងសង្កាត់ ឌែលម៉ាស (Delmas) នៃរដ្ឋធានីនេះ។គេបានមើលឃើញជនស៊ីវិលប្រញាប់ប្រញាល់រត់គេចពីការបាញ់កាំភ្លើងនៅក្នុងរដ្ឋធានី ជាទីដែលក្រុមជនអន្ធពាលគូប្រជែងកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទឹកដី ខណៈដែលរដ្ឋនៅតែអវត្តមានយ៉ាងទូលំទូលាយ រយៈពេលបីសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រី អារីយែល ហុងរី (Ariel Henry) បានប្រកាសលាលែងពីតំណែងដោយមិនមានអ្នកស្នង។ប្រទេសហៃទី បានកំពុងប្រឈមមុខនឹងជម្លោះកាន់តែអាក្រក់ជាមួយនឹងសម្ព័ន្ធក្រុមជនអន្ធពាលដែលកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងផ្នែកខ្លះនៃរដ្ឋធានី និងការវាយប្រហារលើអាកាសយានដ្ឋាន ព្រមទាំងកំពង់ផែសំខាន់ៗរបស់ប្រទេស ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌៕

ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានសម្លាប់បុគ្គលិកជំនួយបរទេសជាច្រើននាក់

2024/04/02 09:06:32 am        81
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីយប់ថ្ងៃចន្ទ (០១ មេសា) ថា យ៉ាងហោចណាស់បុគ្គលិក ៥ នាក់មកពីអង្គការមិនមែនរដ្ឋាភិបាលឈ្មោះថា ផ្ទះបាយកណ្តាលរបស់ពិភពលោក (WCK) ដែលរួមមានជនបរទេសជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។អ្នកនាំពាក្យការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកដែលស្លាប់ក្នុងឧបទ្ទវហេតុនៅកណ្តាលក្រុង ដឺ អាល់បាឡាស (Deir al-Balah) របស់ហ្កាហ្សានេះ រួមមានពលរដ្ឋប៉ូឡូញ អូស្ត្រាលី និងចក្រភពអង់គ្លេស ព្រមទាំងជនជាតិប៉ាឡេស្ទីនម្នាក់។ទីភ្នាក់ងារជំនួយ WCK បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទថា «យើងដឹងពីរបាយការណ៍ដែលថាសមាជិកនៃក្រុម WCK ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់កងកម្លាំងការពារអ៊ីស្រាអែល IDF ខណៈកំពុងធ្វើការដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់អាហារមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា។ នេះគឺជាសោកនាដកម្មមួយ ហើយបុគ្គលិកជំនួយមនុស្សធម៌ និងជនស៊ីវិលមិនគួរជាគោលដៅវាយប្រហារនោះទេ»។ដោយធ្វើការអត្ថាធិប្បាយលើរបាយការណ៍នេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំពុងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅកម្រិតខ្ពស់បំផុត ដើម្បីស្វែងយល់ពីស្ថានភាពនៃឧប្បត្តិហេតុនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរបាលប៉ាគីស្ថាន៖ បុគ្គលិកសន្តិសុខប៉ាគីស្ថាន៦នាក់ និងសកម្មប្រយុទ្ធ៦នាក់ស្លាប់ក្នុងអំឡុងការវាយប្រហារក្នុងមូលដ្ឋាន
09/03/2025 10:09 AM
កុមារ និងអ្នកសារព័ត៌មានស្ថិតក្នុងចំណោមមនុស្ស១០៥នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
09/03/2025 10:09 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យអាអាជ្ញាធរខេត្ត មានជនភៀសសឹកបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះបងប្អូនភៀសសឹកត្រឡប់ទៅលំនៅដ្ឋាន
09/03/2025 10:09 AM
[UPDATE] នយោបាយថៃ ស្ថិតក្នុងភាពវឹកវរ ខណៈបក្សភឿថៃ ចាត់វិធានការរំលាយសភា ក្រោយបក្សប្រឆាំងគាំទ្រគូប្រជែងខ្លួន
09/03/2025 10:09 AM
[UPDATE] គណបក្សភូមិចៃថៃ ទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបញ្ចៀសវិបត្តិនយោបាយ
09/03/2025 10:09 AM
យ៉ាងហោចណាស់មនុស្ស១១នាក់ស្លាប់ ក្នុងការបំផ្ទុះនៅកន្លែងជួបជុំនយោបាយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន
09/03/2025 10:09 AM
លោក Xi Jinping ប្រកាសថា មនុស្សជាតិត្រូវតែជ្រើសរើសរវាងសន្តិភាព និងសង្គ្រាម
09/03/2025 10:09 AM
លោក Putin និយាយថា រដ្ឋបាលលោកTrump កំពុងស្តាប់ហេតុផលរបស់រុស្ស៊ីស្តីពីសង្រ្គាមអ៊ុយក្រែន
09/03/2025 10:09 AM
រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំងរាជធានីភ្នំពេញ ប៉ុន្ដែបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា
09/03/2025 09:09 AM
ស៊ូដង់ អង្វរកសុំជំនួយ បន្ទាប់ពីបំណាក់ដីលេបត្របាក់ភូមិទាំងមូល ស្លាប់មនុស្សជាង ១.០០០ នាក់
09/03/2025 09:09 AM