ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

UN៖ ជំនួយមនុស្សធម៌សម្រាប់ប្រទេសហៃទី ត្រូវបានផ្តល់មូលនិធិ ត្រឹមតែ២,៥ ភាគរយ

2024/03/06 01:36:54 pm        68
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអង្គារថា ក្នុងពេលមានអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេសហៃទីក្នុងសប្តាហ៍នេះ តម្រូវការជំនួយបានជួបស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ស្ថានភាពកាន់តែតានតឹងខ្លាំងឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈនាយករដ្ឋមន្ត្រី លោក Ariel Henry បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ការដាក់ពង្រាយកងទ័ពបរទេសក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ។ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា រដ្ឋាភិបាលប្រទេសហៃទី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីអ្នកទោសបានរត់គេចខ្លួន នៅក្នុងការហែកពន្ធនាគារធំចំនួនពីរ និងការបាញ់កាំភ្លើងធំ ត្រូវបានលាន់លឺនៅទូទាំងរដ្ឋធានី។ ការិយាល័យទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្តាហ៍ថា យ៉ាងហោចណាស់មនុស្ស ១៥.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានដោយសារតែអំពើហិង្សា។ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់កាលពីសប្តាហ៍មុន បណ្តាមេដឹកនាំមកពីអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានអំពាវនាវនៅក្នុងសេចក្តីប្រកាសរួមមួយសម្រាប់ «ការអនុវត្តភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព» នៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដែលបានផ្តល់សច្ចាប័នលើកងកម្លាំងពហុសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ា។ ទោះយ៉ាងណា កាលបរិច្ឆេទនៃការដាក់ពង្រាយសម្រាប់បេសកកម្មសន្តិសុខ ពុំទាន់ត្រូវបានកំណត់នៅឡើយ។ កាលពីចុងខែកុម្ភៈ អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចំនួនប្រាំ បានសន្យាជាផ្លូវការការផ្តល់កងទ័ព ដោយមានជំនួយជិត ១១ លានដុល្លារ ត្រូវបានដាក់ចូលទៅក្នុងមូលនិធិសម្រាប់បេសកកម្មនេះ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ការអំពាវនាវមនុស្សធម៌របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំនេះ មានចំនួន ៦៧៤ លានដុល្លារ បានទទួលត្រឹមតែ ១៧ លានដុល្លារប៉ុណ្ណោះ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះនេះ បានសម្លាប់មនុស្សជិត ៥.០០០នាក់ កាលពីឆ្នាំមុន និងបានបណ្តាលឲ្យមនុស្សប្រហែល ៣០០.000នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

អ៊ុយក្រែន បានវាយប្រហារបំផ្លាញនាវាចម្បាំងថ្មីតម្លៃ៦៥លានដុល្លាររបស់រុស្ស៊ី

2024/03/06 01:27:48 pm        178
អ៊ុយក្រែន បានវាយប្រហារបំផ្លាញកនាវាល្បាតថ្មីបំផុតនៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី ដែលមានតម្លៃ ៦៥លានដុល្លារ មានឈ្មោះ Sergei Kotov ហើយបានធ្វើឲ្យអ្នកសារព័ត៌មាន ដែលគាំទ្រវិមានក្រឹមឡាំងនិយាយលេងចេញ។ចារកម្មយោធាអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាលទ្ធផលនៃការវាយប្រហារដោយយានដ្រូនសមុទ្រMagura V5 នាវា Project 22160 Sergei Kotov របស់រុស្ស៊ី បានទទួលរងការខូចខាតផ្ទៃខាងមុខ និងផ្នែកខាងឆ្វេង។អ្នកនាំពាក្យ Andriy Yusov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«នាវាបែបនេះកាន់តែតិច ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះកាន់តែតិច នឹងត្រូវបានដាក់ពង្រាយ មានន័យថា ឱកាសកាន់តែច្រើនសម្រាប់កងកម្លាំងសន្តិសុខ និងការពារជាតិអ៊ុយក្រែន» ដោយបន្ថែមថា រថយន្តសង្គ្រោះជាង ១០គ្រឿង ត្រូវបានគេ ឃើញកំពុងប្រញាប់ប្រញាល់ ដើម្បីជួយជម្លៀសសមាជិកក្រុមនាវិក។ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់សមាជិកនាវិក ៧នាក់ ត្រូវបានសម្លាប់។សំឡេងនៃអ្វីដែលអ៊ុយក្រែន បានពិពណ៌នាថា ជាការទំនាក់ទំនងតាមវិទ្យុដែលត្រូវស្ទាក់ចាប់ បានលេចឡើងផងដែរ ដើម្បីចាប់យកមេបញ្ជាការរុស្ស៊ីដែលរាយការណ៍អំពី «ព្រឹត្តិការណ៍សោកនាដកម្ម» និងការបំផ្លិចបំផ្លាញនៃនាវានេះ ដោយបានស្រែកថា ឧទ្ធម្ភាគចក្រ ក៏ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ នៅពេលយប់ នៅជិតច្រកសមុទ្រKerch។នាវាមានទម្ងន់ ៣០៨ហ្វីត ទម្ងន់ ១.៧០០តោន បានចូលកងនាវាចរណ៍សមុទ្រខ្មៅ ក្នុងខែកក្កដា ឆ្នាំ ២០២២។ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ ទោះបីជាអ្នកសរសេរប្លុកយោធាគាំទ្រវិមានក្រឹមឡាំង បានអះអាងភ្លាមៗថា អ៊ុយក្រែន បានទទួលជោគជ័យលើការវាយប្រហារនេះក៏ដោយ។

នាយករដ្ឋមន្ត្រីប៉េរូ លោក Otarola លាលែងពីតំណែង ក្រោយលេចធ្លាយខ្សែអាត់សំឡេង

2024/03/06 11:06:37 am        111
នាយករដ្ឋមន្ត្រីរបស់ប្រទេសប៉េរូ លោក អាល់ប៊ឺតតូ អូតារ៉ូឡា (Alberto Otarola) បានលាលែងពីតំណែង បន្ទាប់ពីខ្សែអាត់សំឡេងមួយបានលេចធ្លាយកាលពីចុងសប្តាហ៍ ដែលអះអាងថាជាការប៉ុនប៉ងផ្លូវការដើម្បីជះឥទ្ធិពលមិនត្រឹមត្រូវលើកិច្ចសន្យារបស់រដ្ឋាភិបាល។លោក អូតារ៉ូឡា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្សែអាត់សំឡេងនោះត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២១ នៅពេលដែលលោកមិនមែនជាមន្ត្រីរដ្ឋាភិបាល ហើយត្រូវបានបំភាន់ និងកែសម្រួលជាផ្នែកមួយនៃការឃុបឃិតដោយគូប្រជែងនយោបាយរបស់ខ្លួន។ លោកធ្លាប់បានបដិសេធថាមិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ បន្ទាប់ពីខ្សែអាត់សំឡេងនោះបានផ្សព្វផ្សាយជាសាធារណៈ។ការថតសំឡេងដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះ ហាក់ដូចជាបង្ហាញថា លោក អូតារ៉ូឡា កំពុងនិយាយទៅកាន់ស្ត្រីម្នាក់ ដែលក្រោយមកបានបន្តធ្វើការក្នុងតួនាទីរដ្ឋាភិបាលផ្សេងៗ។ជាមួយនឹងការចាកចេញរបស់លោក អូតារ៉ូឡា សមាជិកគណៈរដ្ឋមន្ត្រី ១៨ រូបផ្សេងទៀតក៏ត្រូវលាលែងពីតំណែងផងដែរ នេះបើយោងតាមច្បាប់របស់ប្រទេសប៉េរូ។ លោកស្រីប្រធានាធិបតី ឌីណា បូលូអាតតេ (Dina Boluarte) មានជម្រើសក្នុងការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីនីមួយៗឡើងវិញ ឬផ្លាស់ប្តូរពួកគេចេញនិងរើសរដ្ឋមន្ត្រីថ្មី៕

កងទ័ពអ៊ីស្រាអែល៖ ផ្លូវរូងក្រោមដីដ៏ធំបំផុតរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ

2024/03/06 10:25:18 am        121
កងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានបំផ្លាញផ្លូវរូងក្រោមដីដ៏ធំបំផុតរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។យោធាបានប្រកាសកាលពីថ្ងៃអង្គារថា ផ្លូវរូងក្រោមដីមានសាខាជាច្រើន ដែលត្រូវបានគេរកឃើញ នៅភាគខាងជើងនៃដែនដីនេះ កាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន ត្រូវបានគេពិនិត្យ និងរុះរើ ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។កងទ័ពក៏បានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីផ្នែកនៃផ្លូវរូងក្រោមដី ត្រូវបានបំផ្ទុះ និងបង្ខំឲ្យចាក់បេតុងចូលទៅក្នុងផ្នែកផ្សេងទៀត។ ព័ត៌មាននេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យានជំនិះជាច្រើនគ្រឿង អាចឆ្លងកាត់ផ្លូវរូងក្រោមដីដែលលាតសន្ធឹងជាង៤គីឡូម៉ែត្រ និងមានជម្រៅ ៥០ម៉ែត្រ។កងកម្លាំងការពារនេះ បានបញ្ជាក់ថា ប្រព័ន្ធផ្លូវរូងក្រោមដីស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែន Erez ឆ្លងកាត់រវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ប៉ុន្តែមិនបានពង្រីកចូលទៅក្នុងទឹកដីអ៊ីស្រាអែលនោះទេ។ផ្លូវរូងក្រោមដីនេះ ត្រូវបានគេនិយាយថា ត្រូវបានសាងសង់ឡើងដោយលោក ម៉ូហាមេដ អាល់ ស៊ីនវ៉ា(Mohammed al-Sinwar) ដែលជាបងប្រុសរបស់លោក យេយ៉ា អាល់ស៊ីនវ៉ា ( Yehya al-Sinwar) ដែលដឹកនាំអង្គការប៉ាឡេស្ទីនសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រី។សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ផ្លូវរូងក្រោមដីនេះ ឆ្ពោះទៅកាន់ទីក្រុង ចាបាលៀ (Jabalia) ដែលជាសង្កាត់ជនភៀសខ្លួននៅតំបន់ហ្កាហ្សា ភាគខាងជើង ដែលត្រូវបានគេចាត់ទុកថា ជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស។

សម្ព័ន្ធអារ៉ាប់អំពាវនាវដល់ប្រទេសនានាបន្តការផ្ដល់មូលនិធិដល់ UNRWA ខណៈស្ថានភាពនៅហ្កាហ្សាកាន់តែយ៉ាប់យ៉ឺនខ្លាំង

2024/03/06 10:13:15 am        100
បណ្ដារដ្ឋសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអង្គារទី៥ខែមីនា បានអំពាវនាវឲ្យប្រទេសនានាបន្តផ្ដល់មូលនិធិដល់ទីភ្នាក់ងារផ្ដល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិនៅដើមបូព៌ា ដោយចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្ខូចកិត្តិយសរបស់អង្គការនេះ។ លោក ម៉េក អាប់ដេលហ្វាតា អាប់ដេឡាហ្ស៊ីស (Maged Abdelfattah Abdelaziz) អ្នកអង្កេតការណ៍អចិន្ត្រៃយ៍របស់សម្ព័ន្ធអារ៉ាប់ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ដោយការព្យាយាមធ្វើឱ្យខូចកិត្តិយសទីភ្នាក់ងារ UNRWA អ៊ីស្រាអែល មានបំណងបំផ្លិចបំផ្លាញព្រំដែននយោបាយនៃដំណោះស្រាយរដ្ឋពីរ និងបង្កគ្រោះថ្នាក់ដល់សកម្មភាពមនុស្សធម៌ណាមួយ របស់ទីភ្នាក់ងារនេះ។ ប្រធានទីភ្នាក់ងារផ្ដល់ជំនួយជនភៀសខ្លួនប៉ាឡេស្ទីនលោកហ្វីលីព ឡាហ្សារីនី(Philippe Lazzarini)បានព្រមានកាលពីថ្ងៃចន្ទពីយុទ្ធនាការដែលបានគ្រោងទុកជាមុន និងរួមដៃគ្នា ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ទីភ្នាក់ងារនេះពីបទជួលមនុស្សជាង៤៥០ នាក់ ពីក្រុមហាម៉ាស និង ក្រុមប្រដាប់អាវុធផ្សេងទៀត។ លោកLazzarini មិនបាននិយាយចំៗ ចំពោះការចោទប្រកាន់ចុងក្រោយដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី Benjamin Netanyahu សម្រាប់ការបញ្ជាក់ដោយបើកចំហថា UNRWA នឹងមិនក្លាយជាផ្នែកមួយនៃហ្កាហ្សាក្រោយសង្គ្រាម ។ទីភ្នាក់ងារ UNRWA ជួលមនុស្ស១៣.០០០នាក់ នៅហ្កាហ្សា បើកដំណើរការសាលារៀន គ្លីនិកសុខភាព និងសេវាសង្គមផ្សេងទៀត និងការចែកចាយជំនួយមនុស្សធម៌ជាដើម។ យោងតាមអង្គការសហប្រជាជាតិ មនុស្សប្រហែល ៣.០០០នាក់ កំពុងធ្វើការដើម្បីផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ដែលមនុស្សចំនួន៥៧៦.០០០នាក់ ស្មើនឹងមួយភាគបួននៃចំនួនប្រជាជនសរុប កំពុងប្រឈមភាពអត់ឃ្លាន៕

ហ្វីលីពីន កោះហៅអ្នកការទូតចិនដើម្បីតវ៉ា ជុំវិញសកម្មភាពឈ្លានពាននៅសមុទ្រចិនខាងត្បូង

2024/03/06 09:57:26 am        134
ហ្វីលីពីន បានកោះហៅអនុប្រធានបេសកកម្មរបស់ចិន នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ (០៥ មីនា) ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិនប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើដែនទឹកសមុទ្រចិនខាងត្បូង។កងកម្លាំងកិច្ចការសមុទ្រចិនខាងត្បូងរបស់ទីក្រុងម៉ានីលបាននិយាយថា នាវាហ្វីលីពីនដែលបំពេញបេសកកម្មជាប្រចាំទៅកាន់ដែនទឹកថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ត្រូវបាន «បំពាន និងរារាំង» ដោយកងជីវពលដែនសមុទ្រចិន និងនាវាឆ្មាំល្បាតឆ្នេរកាលពីថ្ងៃអង្គារ។ក្រសួងការបរទេសហ្វីលីពីនបាននិយាយថា ខ្លួនបានកោះហៅអ្នកការទូតចិនកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីការតវ៉ារបស់ខ្លួន និងដើម្បីទាមទារឱ្យនាវាចិនចាកចេញពីតំបន់ជុំវិញនៃដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលទីក្រុងម៉ានីល ហៅថា អាយ៉ុងងីន (Ayungin)។ប៉ុន្តែប្រទេសចិន បានដាក់ការស្តីបន្ទោសទៅលើទីក្រុងម៉ានីល ដោយនិយាយថា នាវាហ្វីលីពីនបានចូលទន្ទ្រានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលខ្លួនហៅថា ថ្មប៉ប្រះទឹក រ៉េណៃ រីហ្វ (Renai Reef) ដូច្នេះខ្លួនត្រូវតែចាត់វិធានការដើម្បីការពារ៕

ក្រុមហាម៉ាស និយាយថាពុំមានការផ្លាស់ប្តូរអ្នកទោសជាមួយចំណាប់ថ្នូរ មុនបទឈប់បាញ់ហ្កាហ្សា ទេ

2024/03/06 09:49:28 am        101
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក អូសាម៉ា ហាមដាន (Osama Hamdan) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាការដោះដូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ថ្នូរអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អាចកើតឡើងបានតែបន្ទាប់ពីមានបទឈប់បាញ់ប៉ុណ្ណោះ ខណៈកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ រវាងក្រុមហាម៉ាស អេហ្ស៊ីប និងកាតា បានបន្តដោយគ្មានសញ្ញានៃការវិវត្តន៍ទៅមុខ។លោក ហាមដាន បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងបេរូត ម្តងហើយម្តងទៀតនូវលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់កិច្ចព្រមព្រៀងមួយ ដែលរួមមានការបញ្ចប់ការវាយលុកយោធារបស់អ៊ីស្រាអែល ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាស្ទ្រីប និងការវិលត្រឡប់នៃជនភៀសខ្លួនប៉ាឡេស្ទីនទៅកាន់លំនៅដ្ឋានវិញនៅក្នុងកន្លែងផ្សេងៗនៃតំបន់ហ្កាហ្សា។មន្ត្រីហាម៉ាសរូបនេះបាននិយាយថា «ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ចលនាតស៊ូហាម៉ាស បានបង្ហាញជំហររបស់ខ្លួនលើសំណើដែលដាក់ចេញដោយអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ហើយយើងបានបញ្ជាក់ឡើងវិញនូវលក្ខខណ្ឌរបស់យើងសម្រាប់បទឈប់បាញ់ ដែលរួមបញ្ជូលការដកខ្លួនចេញពីហ្កាហ្សាស្ទ្រីប និងការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ជាពិសេសនៅភាគខាងជើង»។ស្ថានភាពមនុស្សធម៌គឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងជាពិសេសនៅភាគខាងជើងហ្កាហ្សា ជាទីដែលអ្នកស្រុករាប់សែននាក់ត្រូវបានគេជឿថានៅតែស្ថិតនៅទីនោះ បើទោះបីជាអ៊ីស្រាអែល បញ្ជាឱ្យជម្លៀសខ្លួនចេញក៏ដោយ៕

ទីភ្នាក់ងារUN៖ បំណងបន្តការដឹកជញ្ជូនជំនួយទៅហ្កាហ្សាភាគខាងជើង «មិនជោគជ័យច្រើនទេ»

2024/03/06 09:08:16 am        143
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយថា «វាមិនជោគជ័យទូលំទូលាយនោះទេ» នៅក្នុងការប៉ុនប៉ងរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីបន្តការដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដែលស្ថិតលើមាត់ជ្រោះគ្រោះទុរ្ភិក្ស។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្អាកការដឹកជញ្ជូនស្បៀងអាហាររបស់ខ្លួនកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយសារស្ថានភាពសន្តិសុខមិនច្បាស់លាស់ ដោយក្បួនរថយន្តរបស់ខ្លួន ប្រឈមការវាយប្រហារដោយហ្វូងមនុស្សស្រេកឃ្លានឥតសណ្តាប់ធ្នាប់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បាននិយាយថា ខ្លួនបានបញ្ជូនក្បួនរថយន្តដឹកទំនិញចំនួន ១៤ គ្រឿងទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែវាត្រូវបានបង្វែរត្រលប់មកវិញដោយកងទ័ពអ៊ីស្រាអែល បន្ទាប់ពីការរង់ចាំរយៈពេល ៣ ម៉ោងនៅប៉ុស្តិ៍ត្រួតពិនិត្យ Wadi Gaza ។ កម្មវិធីស្បៀងអាហារពិភពលោក (WFB) បាននិយាយថា រថយន្តដឹកទំនិញទាំងនោះ ត្រូវបានប្តូរទិសដៅ ហើយក្រោយមក ត្រូវបានបញ្ឈប់ដោយហ្វូងមនុស្សអស់សង្ឃឹមជាច្រើននាក់ ដែលបានសម្រុកចូលលួចយកស្បៀងអាហារ ប្រហែល ២០០ តោន។ នាយករងប្រតិបត្តិរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) លោក កាល់ ស្កៅ(Carl Skau) បាននិយាយថា ទោះបីជាក្បួនរថយន្តថ្ងៃនេះ ពុំបានធ្វើដំណើរទៅដល់ភាគខាងជើង ដើម្បីផ្តល់អាហារដល់ប្រជាជនដែលស្រេកឃ្លានក៏ដោយ ក៏កម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅតែបន្តរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីចូលទៅទីនោះ។ កាលពីសប្តាហ៍មុន មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា យ៉ាងហោចណាស់មនុស្ស ៥៧៦.០០០ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលស្មើនឹងមួយភាគបួននៃចំនួនប្រជាជន បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។ កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ១១៨ នាក់ ដែលកំពុងព្យាយាមទៅទទួលយកជំនួយពីក្បួនរថយន្តនៅជិតទីក្រុងហ្កាហ្សា ដោយអ្នកនៅរស់ជីវិត និយាយថាពួកគេត្រូវបានបាញ់ប្រហារ ហើយអ៊ីស្រាអែល បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ប្រជ្រៀត ឬរត់ជាន់គ្នា អំឡុងពេលមានភាពចលាចល។

ពលរដ្ឋអ៊ីស្រាអែល ជំរុញឲ្យលោក Biden សម្របសម្រួលកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ក្នុងការតវ៉ានៅខាងក្រៅបេសកកម្មការទូតអាមេរិក

2024/03/06 08:01:32 am        192
ក្រុមបាតុករអ៊ីស្រាអែលរាប់រយនាក់ ទាំងនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម និងទីក្រុងតេល អាវីវ បានតវ៉ានៅខាងក្រៅបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារទី៥ខែមីនា អំពាវនាវឲ្យលោកប្រធានាធិបតីអាមេរិក Joe Biden ជួយសម្របសម្រួលកិច្ចព្រមព្រៀងដោះលែងអ្នកទោសដែលនៅតែជាប់ក្នុងដៃរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សានៅឡើយ។ កំពុងកាន់ស្លាកសញ្ញាអានថា'ត្រូវមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងឥឡូវនេះ''Hostage Deal Now' និងស្រែកពាក្យស្លោកដូចជា 'លោកBidenនាំពួកគេមកផ្ទះវិញ' ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងហ្ស៊រុយសាឡឹម(Jerusalem)ក៏បានសរសេរអក្សរ S.O.S. ដ៏ធំនៅលើដីផងដែរ ដើម្បីបង្ហាញពីជោគវាសនារបស់ចំណាប់ខ្មាំង១៣៤នាក់ ដែលនៅតែជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅឡើយ។ ក្រុមអ្នកចរចាហាម៉ាស បានស្នាក់នៅក្នុងទីក្រុងគែរ(Cairo)របស់ប្រទេសអេហ្ស៊ីបសម្រាប់ការពិភាក្សាបទឈប់បាញ់ថ្ងៃទី៣ កាលពីថ្ងៃអង្គារ ក្នុងបំណងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោះលែងចំណាប់ខ្មាំង និងបញ្ឈប់គ្រោះទុរ្ភក្សលើពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា។ បទឈប់បាញ់មួយមានរយៈពេល៤០ថ្ងៃ ក្នុងសង្គ្រាមរវាងក្រុមហាម៉ាស និង អ៊ីស្រាអែល នឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា បង្កើនជំនួយចូលទៅតំបន់ហ្កាហ្សា ហើយគ្រួសារទាំងឡាយអាចវិលត្រឡប់ទៅកាន់ផ្ទះសំម្បែងវិញ ដែលបានបោះបង់ចោល។ គួរឲ្យដឹងថា មកដល់ពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង៣ម៉ឺននាក់ហើយដែលបានស្លាប់ក្នុងការវាយប្រហារមិនបន្ធូរដៃរបស់កងទ័ពអ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសសម្លាប់ពលរដ្ឋអ៊ីស្រាអែល ១.២០០នាក់ កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕

រដ្ឋធានី NEW DELHI រឹតបន្តឹងសន្តិសុខ ត្រៀមទប់ទល់ការតវ៉ារបស់ប្រជាកសិករឥណ្ឌា

2024/03/06 07:45:08 am        143
កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយ និងរនាំងត្រូវបានដំឡើងនៅក្នុងទីក្រុង NEW DELHI កាលពីថ្ងៃអង្គារទី៥ខែមីនា ខណៈកងកម្លាំងប្រចាំរដ្ឋធានីត្រៀមទប់ទល់ការតវ៉ាទូទាំងប្រទេសពីសំណាក់ប្រជាកសិករ។ក្រុមកសិករឥណ្ឌា កំពុងត្រៀមបង្កើនការតវ៉ារបស់ខ្លួនពីថ្ងៃពុធទី៦ខែមីនានេះ ដោយការហែរក្បួនទៅកាន់រដ្ឋធានី NEW DELHI តាមរថយន្តក្រុង និងរថភ្លើង និងកំពុងបង្កើនចំនួនអ្នកចូលរួមនៅច្រកព្រំដែន ដែលបច្ចុប្បន្នត្រូវបានបិទដោយត្រាក់ទ័រ។ប្រជាកសិកររាប់ពាន់នាក់ បានចាប់ផ្ដើមក្បួនតវ៉ា ដែលមានឈ្មោះថា ដេលីឆាឡូ"DELHI CHALO" មានន័យថា តោះយើងទៅកាន់រដ្ឋធានី DELHI (LET'S GO TO DELHI)កាលពីខែមុន ប៉ុន្តែត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខប្រហែល២០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី ដោយប្រើឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក។ ក្រុមប្រជាកសិករដែលកំពុងទាមទារដំឡើងតម្លៃផលិតផលដំណាំរបស់ពួកគេ បានរីកកាន់តែធំ បន្ទាប់ពីការចរចាជាច្រើនជុំជាមួយរដ្ឋាភិបាលបរាជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
04/29/2026 05:04 PM
អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
04/29/2026 05:04 PM
ប្រធានគណៈកម្មការ eSafety របស់អូស្ត្រាលី រងការគំរាមសម្លាប់ ក្រោយមានបម្រាមបណ្ដាញសង្គម
04/29/2026 05:04 PM
ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឲ្យមានឯករាជ្យភាពថាមពល បន្ទាប់ពីវិបត្តិនៅអ៊ីរ៉ង់
04/29/2026 05:04 PM
កសិករម្នាក់ផ្ទុះស្លាប់លេីដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅស្រុករតនមណ្ឌល
04/29/2026 05:04 PM
ម៉ិកស៊ិកដាក់ពង្រាយកងទ័ពជាង ១៣០.០០០នាក់ ក្រោយចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀន
04/29/2026 05:04 PM
អតីតប្រធាន FBI ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អាយុជីវិតរបស់លោក TRUMP
04/29/2026 05:04 PM
ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង រវាងកម្ពុជា-ថៃ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា
04/29/2026 05:04 PM
វិស័យអប់រំកម្រិតបឋមសិក្សាសម្រេចសមិទ្ធកម្ម ១០០% ក្រោមការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល
04/29/2026 05:04 PM
សកម្មភាពក្រុមកីឡាករគុនល្បុក្កតោ និងព្រះសង្ឃសៅលីង ធ្វើការហាត់សម ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅថ្ងៃស្អែក
04/29/2026 05:04 PM