ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ លោកស៊ុណាក់ ព្រមានក្រុមហួទី បន្ទាប់ពីការវាយប្រហារដោយមីស៊ីលថ្មីៗ

2024/01/16 10:51:26 am        165
លោកនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ុណាក់ ( Rishi Sunak) បានព្រមានក្រុមឧទ្ទាមហួទីពីការវាយប្រហារតាមអាកាសរបស់លោកខាងលិចបន្ថែមទៀត បន្ទាប់ពីមីស៊ីលពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅជិតប្រទេសយេម៉ែន។ដោយមានការជំទាស់នៅក្នុងសភាលើសកម្មភាពយោធាបន្ថែមទៀត លោកបាននិយាយថា៖«ជាការពិតណាស់ យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារសន្តិសុខ ប្រជាជន និងផលប្រយោជន៍របស់យើងទេ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សភា លោកស៊ុណាក់ ក៏បានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់អង់គ្លេសកាលពីសប្តាហ៍មុន គឺជា «ការឆ្លើយតបចាំបាច់ និងសមស្របចំពោះការគំរាមកំហែងដោយផ្ទាល់ចំពោះនាវារបស់ចក្រភពអង់គ្លេស ដូច្នេះហើយនេះជាចំណាត់ការរបស់ចក្រភពអង់គ្លេសខ្លួនឯង»។លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមសមាជិកសភាថា គោលដៅដែលបានគ្រោងទុកទាំងអស់ត្រូវបានបំផ្លាញ ដោយមិនមានរបាយការណ៍អំពីការស្លាប់ឬរបួសជនស៊ីវិលទេ។លោកបានបន្តថា៖«ខ្ញុំអាចប្រាប់សភានៅថ្ងៃនេះថា ការវាយតម្លៃដំបូងរបស់យើង គឺថាគោលដៅដែលបានគ្រោងទុកទាំង ១៣ ត្រូវបានបំផ្លាញ»។ការអត្ថាធិប្បាយរបស់លោក បានកើតឡើងបន្ទាប់ពីកងកម្លាំងហួទី នៅក្នុងប្រទេសយេម៉ែន បានវាយប្រហារលើកនាវាដឹកកុងតឺន័រ M/V Gibraltar Eagle ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងប្រើប្រាស់មីស៊ីលបាលិស្ទិកប្រឆាំងនាវា។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានរបាយការណ៍អំពីការរងរបួស ឬការខូចខាតគួរឲ្យកត់សម្គាល់នោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្តេជ្ញាបន្តប្រយុទ្ធនឹងក្រុមហាម៉ាស ខណៈជម្លោះចុងក្រោយអូសបន្លាយពេល១០០ថ្ងៃ

2024/01/15 02:55:30 pm        110
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្ដេជ្ញាថានឹងបន្តយុទ្ធនាការយោធានៅតំបន់ ហ្កាហ្សាស្រ្ទីប រហូតដល់ «ជ័យជំនះទាំងស្រុង» ត្រូវបានសម្រេចបាន ខណៈដែលជុំចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានអូសបន្លាយជាង ១០០ថ្ងៃ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា «យើងត្រូវតែបន្តធ្វើសង្រ្គាមនេះ ហើយវានៅតែត្រូវចំណាយពេលជាច្រើនខែទៀត» ទោះបីជាមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីបញ្ឈប់សង្រ្គាមដោយសារតែវិបត្តិមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅហ្កាហ្សាក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបញ្ជាក់ថា តំបន់ព្រំដែនរវាង ហ្កាហ្សាស្រ្ទីប និងប្រទេសអេហ្ស៊ីប គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ខណៈសង្រ្គាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ និងនៅលើសមរភូមិមុខក្នុងតំបន់ផ្សេងទៀតនឹងមានរយៈពេលជាច្រើនខែ។កងទ័ពអ៊ីស្រាអែលបានអនុម័តផែនការរបស់បញ្ជាការភាគខាងត្បូងរបស់ខ្លួនក្នុងការបន្តប្រតិបត្តិការ និងបង្កើនសម្ពាធយោធាលើក្រុមហាម៉ាស ដោយប្រតិបត្តិការរបស់ខ្លួនផ្តោតលើតំបន់ហ្កាហ្សាភាគកណ្តាល និងភាគខាងត្បូង ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ និយាយថា មនុស្សជាង ៧,៤លាននាក់ ភៀសខ្លួនពីសង្គ្រាមនៅស៊ូដង់

2024/01/15 02:51:49 pm        110
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃអាទិត្យ (១៤ មករា) បាននិយាយថាចំនួនមនុស្សភៀសខ្លួនពីសង្គ្រាមនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងលើសពី ៧,៤លាននាក់។ការិយាល័យកិច្ចការមនុស្សធម៌ OCHA បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា «មនុស្សជាង ៧,៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅទាំងក្នុង និងក្រៅប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក»។ការយាល័យនេះបានបញ្ជាក់ថាចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសស៊ូដង់ បានកើនឡើងប្រហែល ៦១១.០០០នាក់ ក្នុងរយៈពេលមួយខែកន្លងមកនេះ ជាមួយនឹងការផ្លាស់ទីលំនៅថ្មីជាច្រើនពីរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) និងរដ្ឋដទៃទៀត។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបាននិយាយថា «អសន្តិសុខ ការលួចប្លន់ ការរារាំងការិយាធិបតេយ្យ បណ្តាញខ្សោយ និងការតភ្ជាប់ទូរស័ព្ទ កង្វះសាច់ប្រាក់ និងបុគ្គលិកបច្ចេកទេសមានកំណត់ ព្រមទាំងបញ្ហាមនុស្សធម៌ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ការផ្តល់ជំនួយ»។យោងតាមការប៉ាន់ស្មានរបស់ការិយាល័យ OCHA បានឲ្យដឹងថា ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលរហូតមកដល់ពេលនេះបានបណ្តាលឱ្យមនុស្សជាង ១២.០០០នាក់ត្រូវបានសម្លាប់៕

ព្រះមហាក្សត្រដាណឺម៉ាកអង្គថ្មី ឡើងគ្រងរាជ្យដោយមានហ្វូងមនុស្សប្រមូលផ្ដុំគ្នាអបអរយ៉ាងច្រើនកុះករ

2024/01/15 02:45:05 pm        92
ព្រះមហាក្សត្រដាណឺម៉ាក ព្រះអង្គ ហ្វ្រេដេរីក ទី១០ (Frederik X) បានឡើងសោយរាជ្យកាលពីថ្ងៃអាទិត្យ (១៤ មករា) ដោយបន្តរាជ្យសម្បត្តិពីមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ទី២ (Margrethe II) ដែលបានដាក់រាជ្យជាផ្លូវការបន្ទាប់ពីរយៈពេល ៥២ឆ្នាំជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដើម្បីធ្វើជាសាក្សីដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ព្រះជន្ម ៨៣ឆ្នាំ បានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើលកាលពីថ្ងៃចូលឆ្នាំសកលនៅពេលដែលព្រះនាងបានប្រកាសថាទ្រង់មានគម្រោងក្លាយជាព្រះមហាក្សត្រដាណឺម៉ាកដំបូងគេក្នុងរយៈពេលជិត ៩០០ឆ្នាំក្នុងការស្ម័គ្រចិត្តលះបង់រាជបល្ល័ង្ក។ការស្នងរាជ្យនេះត្រូវបានធ្វើឡើងជាផ្លូវការនៅពេលដែលម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ បានចុះព្រះហត្ថលេខាលើការប្រកាសដាក់រាជ្យរបស់ទ្រង់ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅសភា។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសនោះ ម្ចាស់ក្សត្រីបានធ្វើកាយវិការទៅកាន់ព្រះអង្គ ហ្វ្រេដេរីក ដោយបង្ហាញថាឲ្យទ្រង់បន្តរាជបល្ល័ង្ក។ប្រទេសដាណឺម៉ាក ជាប្រទេសដែលមានរាជាធិបតេយ្យចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក មិនមានពិធីឡើងសោយរាជ្យទេ ប៉ុន្តែប្រជាជននៅតែមានភាពរីករាយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ៕

អ័ព្ទយ៉ាងក្រាស់រំខានដល់ជើងហោះហើរ និងសេវារថភ្លើងក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា

2024/01/15 02:40:22 pm        114
សេវាហោះហើរ និងរថភ្លើងត្រូវបានរំខាននៅក្នុងរដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា សម្រាប់ថ្ងៃទីពីរដែលកំពុងដំណើរការ នៅថ្ងៃចន្ទ (១៥ មករា) ខណៈដែលអ័ព្ទដ៏ក្រាស់ និងអាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ដ៏ធំនៃភាគខាងជើងនៃប្រទេស។ មន្ត្រីអាកាសយានដ្ឋានម្នាក់បាននិយាយថា ជើងហោះហើរជាង ១០០ជើង ត្រូវបានពន្យារពេលក្នុងទីក្រុងដេលី កាលពីថ្ងៃអាទិត្យ ប៉ុន្តែប្រតិបត្តិការហោះហើរបណ្តោះអាសន្នបានបន្តឡើងវិញនៅព្រឹកថ្ងៃចន្ទ។យោងតាមគេហទំព័រអាកាសចរណ៍ ហ្វ្លាយរ៉ាដា២៤ (Flightradar24) បានឲ្យដឹងថា យ៉ាងហោចណាស់ជើងហោះហើរ ១៦៨ជើង ដែលចាកចេញពីទីក្រុងដេលី ត្រូវបានពន្យារពេល ហើយជើងហោះហើរចំនួន ៥៦ជើង ត្រូវបានលុបចោលនៅព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មាន ANI បាននិយាយថា យ៉ាងហោចណាស់រថភ្លើងចំនួន ១៨គ្រឿង ទៅកាន់ក្រុងដេលី ពីផ្នែកផ្សេងៗនៃប្រទេសបានពន្យារពេលដោយសារតែអ័ព្ទក្រាស់ពេក ។ការិយាល័យអាកាសធាតុរបស់ប្រទេសបានព្យាករណ៍ថានឹងមានអ័ព្ទក្រាស់ និងរលកត្រជាក់នៅទីក្រុងញូវដែលី សម្រាប់ថ្ងៃចន្ទ និង «អ័ព្ទក្រាស់ខ្លាំង» នៅថ្ងៃអង្គារ ជាមួយនឹងសីតុណ្ហភាពអប្បបរមា ៤អង្សារសេ៕

ចក្រភពអង់គ្លេស នឹងបញ្ជូនបុគ្គលិកយោធា២ម៉ឺននាក់ សម្រាប់សមយុទ្ធអង្គការណាតូ នៅអឺរ៉ុប

2024/01/15 01:45:40 pm        142
ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃចន្ទ (១៥ មករា) នេះថាចក្រភពអង់គ្លេស នឹងបញ្ជូនបុគ្គលិកយោធាចំនួន ២០.០០០នាក់ ទៅបម្រើការនៅទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការណាតូ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ។ការដាក់ពង្រាយនេះរួមមានកងទ័ពអង់គ្លេសចំនួន ១៦.០០០នាក់ ដែលនឹងតាំងមូលដ្ឋាននៅអឺរ៉ុបខាងកើតចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ ព្រមទាំងយន្តហោះវាយប្រហារផ្លេកបន្ទោរ F35B និងយន្តហោះស៊ើបការណ៍។ លំហាត់សមការពារដ៏រឹងមាំលេខ ២៤ របស់អង្គការណាតូគឺជាឆ្នាំទី៧៥ របស់សម្ព័ន្ធយោធាលោកខាងលិចមួយនេះ។រដ្ឋមន្ត្រីការពារជាតិលោក លោក ហ្គ្រាន ស្ហាបស៍ (Grant Shapps) បាននិយាយថា «យើងអាចប្រកាសនៅថ្ងៃនេះថា ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកប្រហែល ២០.០០០នាក់ ដើម្បីចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតមួយរបស់អង្គការណាតូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក»។សម្ព័ន្ធយោធាណាតូបានបង្កើនចំនួនកងទ័ពត្រៀមប្រយុទ្ធយ៉ាងច្រើន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យលុកលុយអ៊ុយក្រែន កាលពីជិតពីរឆ្នាំមុន ហើយសម្ព័ន្ធយោធានេះបានបន្តគាំទ្រក្រុងគីវ ជាមួយនឹងជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌ជាដើម៕

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅពេលចាប់ផ្តើម ទស្សនកិច្ចនៅមជ្ឈិមបូព៌ា

2024/01/15 11:55:26 am        117
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅតំបន់ហ្កាហ្សា ខណៈដែលលោកស្រី បានចាកចេញទៅដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលរួមមាន ទៅកាន់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល។លោកស្រី Penny Wong បាននិយាយថា លោកស្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី អ៊ីស្រាអែល តំបន់វេសបែង និងអ៊ីមីរ៉ាត់អារ៉ាប់រួម ដើម្បីតស៊ូមតិសម្រាប់ផ្លូវចេញពីជម្លោះបច្ចុប្បន្ន និងសន្តិភាពយូរអង្វែងក្នុងទម្រង់នៃដំណោះស្រាយរដ្ឋពីរ។លោកស្រី បានបន្ថែមថា អូស្ត្រាលីក៏នឹងប្រើប្រាស់សំឡេងរបស់ខ្លួន ដើម្បីជំរុញឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ការការពារជនស៊ីវិលកាន់តែច្រើន និងការបន្ថយភាពតានតឹងក្នុងតំបន់។លោកស្រី Wong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការចេញដំណើររបស់ខ្លួនថា៖«ជំហររបស់យើង គឺថា យើងចង់ឃើញបទឈប់បាញ់ប្រកបដោយនិរន្តរភាព ហើយថា យើងឃើញបទឈប់បាញ់មនុស្សធម៌អន្តរជាតិ ជាជំហានឆ្ពោះទៅរកការបញ្ចប់ជម្លោះនេះ»។«គ្មានបទឈប់បាញ់ អាចមានតែភាគីម្ខាងទេ ហើយក៏គ្មានបទឈប់បាញ់ អាចគ្មានលក្ខខណ្ឌដែរ»។ប្រទេសអូស្ត្រាលី បានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាក្នុងខែធ្នូ ក្នុងការបំបែកដ៏កម្រជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

ប្រមុខក្រុមហេសបូឡានៅលីបង់៖ ការវាយប្រហាររបស់អាមេរិកទៅលើប្រទេសយេម៉ែន ប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក

2024/01/15 11:29:47 am        127
លោក Hassan Nasrallah ប្រធានចលនាហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពលហួទី ក្នុងប្រទេសយេម៉ែន នឹងឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក នៅក្នុងសមុទ្រក្រហម។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ បានបើកការវាយប្រហារជា​បន្តបន្ទាប់ សំដៅទៅលើក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេ បាន​វាយប្រហារម្តង​ហើយម្តងទៀត ​លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ ចំណែកក្រុមហួទី បានប្តេជ្ញា​ធ្វើការសងសឹក។លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការឈ្លានពាននាពេលថ្មីៗនេះ​លើប្រទេសយេម៉ែនតំណាងឲ្យភាពខ្វះការពិចារណារបស់សហរដ្ឋអាមេរិក និងអង់គ្លេស និង​ភាពមិនស៊ីសង្វាក់គ្នារបស់អាមេរិក»។ ចក្រភពអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើកដំបូង ហើយសកម្មភាពនេះត្រូវបានគាំទ្រដោយប្រទេសហូឡង់ កាណាដា បារ៉ែន និងអូស្ត្រាលី។លោកបានបន្ថែមថា៖ «នៅពេលនោះ ជនជាតិអាមេរិកអំពាវនាវកុំឲ្យសង្គ្រាមកាន់តែធំឡើង ពួកគេ​កំពុង​ពង្រីកវា»។ប្រធានក្រុមហេសបូឡារូបនេះ បានបន្ថែមថា៖«អ្វីដែលជនជាតិអាមេរិក បានធ្វើនៅសមុទ្រក្រហម នឹងធ្វើឲ្យប៉ះពាល់ដល់នាវាចរណ៍អន្តរជាតិទាំងមូល»។ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទ៧ ខែតុលា ក្រុមឧទ្ទាមហួទី ដែលគ្រប់គ្រង​ផ្នែកធំនៃយេម៉ែន បានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីល។

អាមេរិកនិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាពីតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី

2024/01/15 11:23:10 am        161
យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីតំបន់របស់ក្រុមសកម្មប្រយុទ្ធហ៊ួទី (Houthi) នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់នាវាពិឃាតរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហមភាគខាងត្បូង។ការស្ទាក់ចាប់តាមអាកាសនេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងសមុទ្រក្រហម ដែលក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រោមការឡោមព័ទ្ធពីកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការបាញ់មីស៊ីលពីនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អាមេរិក និងអង់គ្លេសទៅលើគោលដៅក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលបានទាក់ទាញការគំរាមកំហែងនៃការឆ្លើយតប «យ៉ាងខ្លាំងក្លា» ពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា មិនមានការរងរបួស ឬការខូចខាតណាមួយដែលត្រូវបានរាយការណ៍នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះទេ៕

ភ្នំភ្លើងផ្ទុះក្នុងប្រទេសអ៊ីស្លង់ ខណៈកម្អែលភ្នំភ្លើងហូរចូលដល់ទីក្រុងនេសាទ

2024/01/15 11:19:38 am        165
អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (១៤ មករា) ជាមួយនឹងកម្អែលហូរទៅដល់ជាយក្រុងនេសាទតូចមួយនៅពេលរសៀល ដោយបានធ្វើឱ្យលំនៅឋានមួយចំនួនត្រូវភ្លើងឆេះ ប៉ុន្តែទីក្រុងនេះត្រូវបានជម្លៀសចេញជាមុន ហើយមិនមានមនុស្សមានគ្រោះថ្នាក់នោះទេ។កម្អែលភ្នំភ្លើង និងផ្សែងហុយចេញពីការផ្ទុះ បានផ្ទុះឡើងពាសពេញតំបន់ដ៏ធំទូលាយ លាតសន្ធឹងដល់ទីប្រជុំជន ហ្គ្រីនដាវីក (Grindavik) ជាទីដែលយ៉ាងហោចណាស់ផ្ទះមួយខ្នងបានឆាបឆេះ។អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីក ដែលប៉ុន្មានម៉ោងមុនត្រូវបានជម្លៀសចេញជាលើកទីពីរចាប់តាំងពីខែវិច្ឆិកា ដោយសារការភ័យខ្លាចថាការផ្ទុះឡើងជិតកើតមាន ស្របពេលមានសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្ដាហ៍។ នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) នៅភាគនិរតីប្រទេសអ៊ីស្លង់ ក្នុងរយៈពេលតិចជាងមួយខែ និងជាការផ្ទុះលើកទីប្រាំចាប់តាំងពីឆ្នាំ២០២១ មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM