៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

អ្នកនយោបាយអ៊ុយក្រែន ដែលគាំទ្រវិមានក្រឹមឡាំង ត្រូវបានគេធ្វើឃាត នៅជិតទីក្រុងម៉ូស្គូ

2023/12/07 11:49:16 am        84
ទីក្រុងគីវ បាននិយាយថា ខ្លួនបានធ្វើឃាតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្រវិមានក្រឹមឡាំង កាលពីថ្ងៃពុធ បន្ទាប់ពីសាកសពរបស់អតីតសមាជិកសភា ដែលបានចាកចេញពីប្រទេស ចូលទៅប្រទេសរុស្ស៊ី ត្រូវបានរកឃើញ នៅខាងក្រៅទីក្រុងម៉ូស្គូ។ប្រភពនៅក្នុងផ្នែកការពារជាតិរបស់អ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFPថា សេវាសន្តិសុខ SBU របស់ខ្លួន បានធ្វើឃាត លោក Illia Kyva អតីតសមាជិកសភាអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញពីសភា ហើយបានរត់ចោលស្រុកចូលទៅប្រទេសរុស្ស៊ី រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានបើកការវាយលុកយោធារបស់ខ្លួន កាលពីឆ្នាំមុន។ចាប់តាំងពីរុស្ស៊ី បានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន អ៊ុយក្រែន បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការធ្វើឃាត និងការវាយប្រហារជាច្រើនលើជនជាតិរុស្ស៊ីគាំទ្រមសង្រ្គាម និងអតីតមន្ត្រីអ៊ុយក្រែន ដែលបានគាំទ្រសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។សេវាសង្គ្រោះបន្ទាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti ថា សាកសពរបស់លោក Kyva ត្រូវបានរកឃើញ កាលពីថ្ងៃពុធ នៅក្នុងភូមិ Suponevo ក្បែរទីក្រុងម៉ូស្គូ។ថ្លែងតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យចារកម្មយោធារបស់អ៊ុយក្រែន លោក Andriy Yusov បាននិយាយថា៖«យើងអាចបញ្ជាក់បានថា លោកKyva ត្រូវបានធ្វើឃាតរួចហើយ។ ជោគវាសនាបែបនេះ នឹងកើតមានចំពោះជនក្បត់ជាតិអ៊ុយក្រែនដទៃទៀត ក៏ដូចជាក្រុមអ្នកគាំទ្រនយោបាយនៃរបបលោកពូទីនដែរ»។

សហរដ្ឋអាមេរិកប្រកាសថា ភាគីជម្លោះនៅស៊ូដង់ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម

2023/12/07 11:45:44 am        103
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ (០៦ ធ្នូ) បានកំណត់ជាផ្លូវការថាភាគីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម ខណៈទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ឲ្យបញ្ចប់ការប្រយុទ្ធគ្នាដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស។លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានកំណត់ថាកងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិច។ ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា បានជម្លៀសមនុស្សជាង ៦,៥លាននាក់នៅក្នុង និងក្រៅប្រទេសស៊ូដង់ ដោយសម្លាប់មនុស្សជាង ១០.០០០នាក់ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ កងកម្លាំង RSF ត្រូវបានចោទប្រកាន់ពីបទដឹកនាំការសម្លាប់រង្គាលជនជាតិភាគតិចនៅតំបន់ វេស ដាហ្វឺ (West Darfur) ហើយអ្នកស្រុកនៅរដ្ឋធានីខាទុម (Khartoum) បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ាមួយនេះពីបទលួច រំលោភ និងចាប់ឃុំឃាំងជនស៊ីវិល។ ទន្ទឹមនឹងនេះ កងទ័ពស៊ូដង់បានអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំលើសង្កាត់លំនៅដ្ឋាន ដែលកងកម្លាំង RSF បានកាន់កាប់ ដោយក្រុមអ្នកជំនាញនិយាយថាអាចជាការបំពានច្បាប់អន្តរជាតិ៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល កំពុងប្រយុទ្ធសមរភូមិមុខចំនួនពីរសម្រាប់ការរស់រានក្នុងឆាកនយោបាយ

2023/12/07 11:37:54 am        58
ជំនាញវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យទីក្រុង តែលអាវីវ (Tel Aviv) ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនមានយុទ្ធសាស្ត្រអ្វីសម្រាប់សង្គ្រាមនោះទេ ក្រៅពីដើម្បីបន្តកាន់អំណាច។ ដោយប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យរបស់ខ្លួនក្នុងការទប់ស្កាត់ការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានគេចវេសពីការរិះគន់យ៉ាងទូលំទូលាយ ខណៈកំពុងធ្វើសង្រ្គាមសមរភូមិមុខចំនួនពីរ គឺសង្រ្គាមមួយប្រឆាំងនឹងក្រុមហាម៉ាស និងសង្រ្គាមមួយទៀតសម្រាប់ការរស់រានមានជីវិតក្នុងឆាកនយោបាយផ្ទាល់ខ្លួនរបស់លោក។អ្នកស្រុកនៅទីក្រុងហ្សេរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាពេលវេលានេះគឺជា «ការបញ្ចប់នៃអាជីពរបស់លោក ណេតាន់យ៉ាហ៊ូ ហើយ» ដោយអ្នកខ្លះបានអំពាវនាវឱ្យលោកលាលែងពីតំណែងជាបន្ទាន់ ហើយអ្នកផ្សេងទៀតចង់ឱ្យអាណត្តិរបស់លោកត្រូវបញ្ចប់បន្ទាប់ពីសង្គ្រាម។លោក ណេតាន់យ៉ាហ៊ូ វ័យ ៧៤ឆ្នាំ បានរក្សានូវមុខមាត់ជាប្រមុខសន្តិសុខ ដែលមានភាពតឹងតែងជាមួយអ៊ីរ៉ង់ និងគាំទ្រដោយកងទ័ព ដែលធានាថាជនជាតិជ្វីហ្វ នឹងមិនរងនូវការសម្លាប់រង្គាលទៀតទេ ប៉ុន្តែពេលនេះ រដ្ឋជ្វីហ្វមួយនេះកំពុងជួបប្រទះការបង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ឆ្នាំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក។លោក ណេតាន់យ៉ាហ៊ូ កំពុងទទួលបានប្រយោជន៍ពីសង្រ្គាមដែលពន្យារពេលការកាត់ក្តីអំពើពុករលួយរយៈពេល ៣ឆ្នាំកន្លះរបស់ខ្លួន ហើយបានបិទការស៊ើបអង្កេតដែលរំពឹងទុករបស់រដ្ឋ លើថាហេតុអ្វីបានជាអ៊ីស្រាអែល ស្ថិតក្រោមការដឹកនាំរបស់លោក ត្រូវជួបភាពតានតឹងនិងជម្លោះបែបនេះ។ នាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែលរូបនេះបានរួចផុតពីវិបត្តិនយោបាយ និងមានការវិលត្រឡប់មកវិញជាច្រើន ហើយមិនចាំបាច់ប្រឈមមុខនឹងការបោះឆ្នោតសម្រាប់បន្តអាណត្តិរយៈពេលបីឆ្នាំទៀតនោះទេ ប្រសិនបើសម្ព័ន្ធរបស់លោកនៅតែកាន់អំណាច៕

អ្នកស្លាប់ និងរបួសជាច្រើនត្រូវទាញចេញពីគំនរបាក់បែក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ លើលំនៅឋានក្នុងក្រុងព្រំដែនអេហ្ស៊ីប

2023/12/07 11:31:04 am        78
ជនជាតិប៉ាឡេស្ទីន ៩នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសកាលពីថ្ងៃពុធ (០៦ ធ្នូ) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅឋានមួយខ្នងក្នុងទីក្រុងរ៉ាហ្វាហ្វ ដែលជាទីក្រុងនៅចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប នេះបើយោងតាមប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន។ខ្សែវីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញសាកសព និងមនុស្សរងរបួសជាច្រើននាក់ ដោយបុរសម្នាក់ត្រូវកាត់ផ្ដាច់ជើងទាំងពីរត្រឹមខាងក្រោមជង្គង់ ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុ ខណៈមនុស្សម្នាស្វែងរកអ្នកនៅរស់តាមកម្ទេចថ្មដោយប្រើដៃទទេរបស់ពួកគេ។ អគារនេះត្រូវអគ្គិសភ័យឆាបឆេះបន្ទាប់ពីមានការវាយប្រហារ ហើយផ្នែកម្ខាងនៃសំណង់ត្រូវបានបំផ្លាញទាំងស្រុង។ សាក្សីអ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ថាការវាយប្រហារចំនួនបីដងបានវាយប្រហារលំនៅឋានដែលពោរពេញទៅដោយជនភៀសខ្លួនមួយនេះ។អ៊ីស្រាអែល បានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលវាយលុកតាមទីក្រុងនានារបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់ប្រទេសអ៊ីស្រាអែល។ តួលេខពីក្រសួងសុខាភិបាលហ្កាហ្សា បានដាក់តួលេខអ្នកស្លាប់នៅហ្កាហ្សា ចំនួនជាង ១៦.០០០នាក់ ដែលក្នុងនោះមានអ្នកស្លាប់បន្ថែមចំនួន ៤៣នាក់ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយកាលពីថ្ងៃអង្គារ និង ៧៣នាក់ត្រូវបានរាយការណ៍ពីមន្ទីរពេទ្យមួយទៀតកាលពីថ្ងៃពុធ៕

កងកម្លាំងអ៊ីស្រាអែល ប្រយុទ្ធនឹងក្រុមហាម៉ាសនៅភាគខាងត្បូងហ្កាហ្សា បង្ខំឲ្យជនស៊ីវិលជម្លៀសរកកន្លែងសុវត្ថិភាព

2023/12/07 11:18:49 am        74
កងទ័ពអ៊ីស្រាអែលបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមហាម៉ាស ក្នុងការពង្រីកការវាយលុកទៅកាន់តំបន់ហ្កាហ្សា ភាគខាងត្បូងកាលពីថ្ងៃពុធ (០៦ ធ្នូ) ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនដែលភៀសខ្លួនរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងមួយនៅជិតព្រំដែនអេហ្ស៊ីប ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនភ័យខ្លាចថាពួកគេនឹងមិនមានសុវត្ថិភាពទេសម្រាប់ការជ្រកកោននៅទីក្រុងព្រំដែនរ៉ាហ្វាហ្វ របស់អេហ្ស៊ីប ហើយយ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ទៅលើលំនៅឋានមួយខ្នងនៅក្នុងទីក្រុងព្រំដែននេះ។ប្រជាជនប៉ាឡេស្ទីនរាប់រយពាន់នាក់បានភៀសខ្លួនពីភាគខាងជើងតំបន់ហ្កាហ្សា ទៅកាន់ភាគខាងត្បូង ក្នុងអំឡុងពេលសង្រ្គាមរយៈពេលពីរខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលកំពុងកាន់អំណាច អ៊ីស្លាមនិយមប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងព្យាយាមកម្ទេចចោល។ការភៀសខ្លួនចុងក្រោយនេះ ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានផ្លាស់ទីលំនៅទៅកាន់តែជិតព្រំដែនអេហ្ស៊ីប នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយយោធាអ៊ីស្រាអែល នៅក្នុងខិត្តប័ណ្ណដែលទម្លាក់ដោយយន្តហោះរបស់ខ្លួន ក៏ដូចជាសារតាមទូរស័ព្ទ និងសារតាមអ៊ីនធឺណិតជាដើមនោះ៕

អតីតប្រធានាធិបតីប៉េរូ លោក ហ្វ៊ូជីមូរី ត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ

2023/12/07 11:12:58 am        67
អតីតប្រធានាធិបតី ប៉េរូ លោក អាល់ប៊ើតូ ហ្វ៊ូជីមូរី(Alberto Fujimori)ដែលត្រូវបានជាប់ពន្ធនាគារ២៥ឆ្នាំ ពីបំពានសិទ្ធិមនុស្សអំឡុងកាន់អំាណាចរយៈពេល១០ឆ្នាំរបស់លោកកាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានដោះលែងកាលពីល្ងាចថ្ងៃពុធទី៦ធ្នូសប្ដាហ៍នេះ បន្ទាប់ពីតុលាការបានលើកលែងទោសក្នុងករណីជម្លោះកាលពីឆ្នាំ២០១៧ ។ តុលាការកំពូលរបស់ប្រទេសនេះ កាលពីថ្ងៃអង្គារទី៥ធ្នូសប្ដាហ៍នេះដែរ បានទទួលយកសំណើនៃការអំពាវនាវឲ្យលើកលែងទោសសម្រាប់លោក ហ្វ៊ូជីមូរី វ័យ៨៥ឆ្នាំ ក្នុងហេតុផលមនុស្សធម៌ ទោះរងការរិះគន់ពីតុលាការអន្តរអាមេរិក(Inter-American Court) នៃសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ជនរងគ្រោះក៏ដោយ។ គេបានឃើញរូបលោកចាកចេញពីពន្ធនាគារជាយក្រុងលីម៉ា និងឡើងរថយន្តភ្លាមៗ ក្រោយវិទ្យាស្ថានផ្ដន្ទាទោសជាតិគ្រប់គ្រងដោយរដ្ឋរបស់ប៉េរូ បានបញ្ជឲ្យដោះលែងលោកជាបន្ទាន់។លោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៦ឆ្នាំ បន្ទាប់ពីត្រូវបាននិរទេសមកពីប្រទេសឈីលីកាលពីឆ្នាំ២០០៧៕

នាវាពិឃាតអាមេរិក USS Mason បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងទៀត នៅសមុទ្រក្រហម

2023/12/07 11:10:22 am        109
នាវាពិឃាតរបស់កងទ័ពជើងទឹក Mason បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងទៀត កាលពីថ្ងៃពុធ ដែលក្រុមមន្ត្រីសន្មតថា ជារបស់ក្រុមឧទ្ទាមហ៊ូធីមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន ដែលជាការវាយប្រហារចុងក្រោយរបស់នាវាចម្បាំងរដ្ឋអាមេរិកដែលស្ទាក់ចាប់យានដ្រូន និងមីស៊ីល នៅមជ្ឈិមបូព៌ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។មន្ត្រីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីប្រតិបត្តិការនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងអ៊ីមែលទៅសារព័ត៌មាន Navy Timesថា៖«យើងអាចបញ្ជាក់បានថា នាវាពិឃាត USS Mason បានបាញ់ទម្លាក់យានដ្រូនដែលមានប្រភពមកពីតំបន់គ្រប់គ្រងរបស់ក្រុមហ៊ូធីនៃប្រទេសយេម៉ែន នៅម៉ោង ១០:២០ ព្រឹក (ម៉ោងនៅយេម៉ែន) ថ្ងៃទី ៦ ខែធ្នូ នៅសមុទ្រក្រហមភាគខាងត្បូង»។ ពុំមានការខូចខាតដល់ឧបករណ៍ ឬរបួសដល់បុគ្គលិករបស់សហរដ្ឋអាមេរិកទេ។ដូចករណីថ្មីៗផ្សេងទៀតនៃក្រុមនាវារបស់កងទ័ពជើងទឹកបាញ់ទម្លាក់យានដ្រូន មន្ត្រីនោះ បាននិយាយថា យានដ្រូននោះ ត្រូវបានគេបាញ់បង្ហោះសំដៅទៅនាវា Mason ប៉ុន្តែគោលដៅរបស់វា មិនច្បាស់លាស់។ ព័ត៌មានលម្អិតបន្ថែម មិនត្រូវបានផ្តល់ឲ្យ កាលពីថ្ងៃពុធទេ។ឧបទ្ទវហេតុនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាពិឃាតរបស់កងទ័ពជើងទឹក Carney បានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង កាលពីថ្ងៃអាទិត្យ ខណៈដែលនាវាជំនួញជាច្រើនគ្រឿង បានរងការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដែលបានបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយេម៉ែន ក៏ដូចជាបន្តការវាយប្រហារលើកងកម្លាំងជើងគោករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

កុមារទាំងតូចទាំងធំជាច្រើនរងរបួសពេញខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទប់សង្គ្រោះបន្ទាន់ក្នុងទីក្រុងខានយូនីស

2023/12/07 11:00:02 am        99
កុមារជាច្រើន ដែលរងរបួសរួមទាំងកុមារតូច ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យណាស័រ(Nasser) របស់តំបន់ហ្កាហ្សា កាលពីថ្ងៃពុធទី៦ខែធ្នូ សប្ដាហ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស ប៉ះចំតំបន់អគារលំនៅឋានប្រជាពលរដ្ឋមួយកន្លែងនៅកណ្ដាលទីក្រុងខានយូនីស (Khan Younis)។ កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ កងកម្លាំងអ៊ីស្រាអែលបានចូលទៅដល់កណ្ដាលទីក្រុងខានយូនីស ( Khan Younis) ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនស្វែងរកការជ្រកកោននៅកន្លែងផ្សេង ខណៈដែលចំនួនតំបន់សុវត្ថិភាពមានការថយចុះ។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា កងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការនៅក្នុងកណ្ដាលទីក្រុងខានយូនីសដែលជាទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សាភាគខាងត្បូង ជាលើកដំបូង ។ទាហាន បានចាប់ផ្ដើមវាយឆ្មក់ដាក់គោលដៅនៅក្នុងទីក្រុងខានយូនីស ដែលសេចក្ដីថ្លែងការណ៍នេះបានកំណត់ថាជានិមិត្តរូបរបស់យោធា និងរបបរដ្ឋបាលក្រុមហាម៉ាស ។ទាហានបានសម្លាប់ក្រុមភេរវករជាច្រើន កម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវករ និងទីតាំងស្តុកអាវុធជាច្រើនរបស់ក្រុមហាម៉ាស៕

ក្មេងៗយំត្រហឹងស្វែងរកឪពុកដែលបានរងរបួសនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងខានយូនីស របស់តំបន់ហ្កាហ្សា

2023/12/07 10:56:12 am        86
ក្មេងៗដែលជាបងប្អួនបង្កើត៣នាក់បានរត់សំដៅទៅកាន់មន្ទីរពេទ្យណាស័រ(Nasser) របស់តំបន់ហ្កាហ្សាតាមរកឪពុករបស់ពួកគេដែលបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងខានយូនីស(Khan Younis)ភាគខាងកើត កាលពីពុធទី៦ខែធ្នូ។ កុមារី Saba អាយុ ១១ ឆ្នាំដោយដៃរុំបង់របួសរួមជាមួយបងប្អូនរបស់នាងឈ្មោះ អាម័រ (Amir)អាយុ ៥ ឆ្នាំនិងប្អូនស្រីម្នាក់ទៀត កំពុងស្រែកយំត្រហឹងក្នុងមន្ទីរពេទ្យស្វែងរកឪពុករបស់ពួកគេ ឈ្មោះលោក មហាម៉េដ អ៊ីស្មាអេល ម៉ាណាម (Mohammed Ismael Magnam)។អ្នកទាំងបីបានយំពេលឃើញឪពុករបស់ខ្លួនត្រូវបានគេអូសលើរទេះរុញដោយមានរបួសត្រង់ជើង។ កុមារ Amir បាននិយាយថា រូបគេកំពុងលេងជាមួយមិត្តភ័ក្រ្ត នៅក្នុងថ្នាក់រៀន នៅពេលលឺសំឡេងគ្រាប់ផ្ទុះ។ ពួកគេបានរត់ និងនិយាយថា ជើងរបស់គេត្រូវបានប៉ះទង្គិចនឹងថ្ម។ជើងរបស់ឪពុកគេត្រូវបានរងរបួស ហើយដៃរបស់ Saba ក៏រងរបួសដែរ។ កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែលបានរុលចូលទៅដល់កណ្ដាលទីក្រុង Khan Younis ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនស្វែងរកការជ្រកកោននៅកន្លែងផ្សេង ខណៈចំនួនតំបន់សុវត្ថិភាពបានថយចុះ។ យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើគោលដៅនានានៅទូទាំងតំបន់ឆ្នេរដែលមានប្រជាជនរស់នៅយ៉ាងច្រើននៅក្នុងដំណាក់កាលមួយនៃការប្រយុទ្ធគ្នាខ្លាំងបំផុតក្នុងរយៈពេលពីរខែចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យកំពុងផ្ទុកពេញហៀរទៅដោយអ្នកស្លាប់ និងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយការផ្គត់ផ្គង់បានអស់។ ជនភៀសខ្លួនរាប់សែននាក់ដែលត្រូវបានជម្លៀសចេញពីភាគខាងជើងកំពុងស្វែងរកទីជម្រកនៅក្នុងចំនួនតំបន់សុវត្ថិភាពដែលចេះតែធ្លាក់ចុះនៅភាំគខាងត្បូង ដែលដែលកំណត់ថាជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី នៅប្រទេសតង់ហ្សានី បានកើនឡើងដល់៦៩នាក់

2023/12/07 10:49:37 am        74
ក្រុមអាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅភាគខាងជើងប្រទេសតង់ហ្សានីនាពេលថ្មីៗនេះបានកើនឡើងដល់៦៩នាក់ ស្របពេលក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៤នាក់បន្ថែមទៀតពីលំហូរល្បាប់ដែលបណ្តាលមកពីបំណាក់ដីកាលពីថ្ងៃពុធ។ ព័ត៌មាននេះត្រូវបានបញ្ចេញដោយលោក លោក មុបហារ៉េ ម៉ាទីនអ៊ី ( Mobhare Matinyi) ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានសេវាព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុង កាតេស (Katesh) ក្បែរកន្លែងគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរកាលពីថ្ងៃពុធ នៅពេលរូបលោកបានផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពគ្រោះទឹកជំនន់ដល់អ្នកសារព័ត៌មាន។លោកបាននិយាយថា គ្រោះមហន្តរាយដ៏បំផ្លិចបំផ្លាញទាំងនេះ ពុំមែនបណ្ដាលមកពីការផ្ទុះភ្នំភ្លើងនោះទេ ដោយប្រកាសថាការស៊ើបអង្កេតដោយអ្នកភូមិសាស្ត្រជាមួយក្រសួងរ៉ែ និងការវាស់ស្ទង់ភូមិសាស្ត្រនៃប្រទេសតង់ហ្សានី (GST) បានច្រានចោលការផ្ទុះភ្នំភ្លើង។យោងតាមអ្នកជំនាញ ថ្មនៅលើភ្នំហាណាង(Hanang) បានបាក់ បន្ទាប់ពីត្រាំទឹកច្រើនពេកដោយសារភ្លៀងធ្លាក់ខ្លាំង ដែលនាំឱ្យមានការបំណាក់ដី និងល្បាប់កាលពីថ្ងៃអាទិត្យ។លោកបាននិយាយថាអ្នកស្លាប់ចំនួន ៦៨ នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយសាច់ញាតិរបស់ពួកគេ។លោកបានបន្ថែមថា គិតត្រឹមរសៀលថ្ងៃពុធសប្ដាហ៍នេះ មានតែអ្នករបួស ៤៥ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នករបួស ១១៧ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយជនរងគ្រោះបាត់បង់ផ្ទះសម្បែងចំនួន ២៩៥ នាក់ត្រូវបានផ្តល់ជម្រកបណ្តោះអាសន្ននៅក្នុងសាលារៀនរដ្ឋ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
05/16/2026 08:05 AM
សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
05/16/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
05/16/2026 07:05 AM
ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM