៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

កងកម្លាំងអ៊ុយក្រែន បើកការវាយប្រហារដោយមីស៊ីលលើទីតាំងផលិតនាវានៅតំបន់គ្រីម៉េ

2023/11/06 10:50:09 am        185
យោធាអ៊ុយក្រែននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងផលិតនាវាមួយកន្លែងនៅតំបន់គ្រីម៉េ ជាតំបន់នៅភាគខាងត្បូងប្រទេស ដែលត្រូវបានភ្ជាប់ឧបសម្ព័ន្ធជាឯកតោភាគី ដោយប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៤។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គមថា យន្តហោះចម្បាំងរបស់ខ្លួន បានបាញ់មីស៊ីលទៅលើទីតាំងផលិតនាវា Zaliv កាលពីថ្ងៃសៅរ៍។ លោកបាននិយាយបង្ហើបថា ពួកគេប្រើប្រាស់មីស៊ីលស៊ីបគោលដៅ SCALP ដែលផ្តល់ដោយប្រទេសបារាំង។ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យបានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសនេះដែលបាននិយាយថា មីស៊ីលស៊ីបគោលដៅចំនួន១៥គ្រាប់ ត្រូវបានបាញ់ទៅលើទីតាំងផលិតនាវា ហើយ ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ ដែលបណ្តាលឱ្យនាវាមួយគ្រឿងប៉ុណ្ណោះរងការខូចខាត។ភាគីអ៊ុយក្រែន បាននិយាយថា នាវាទំនើបបំផុតរបស់រុស្ស៊ី ជានាវាផ្ទុកមីស៊ីលស៊ីបគោលដៅ Kalibr បានបោះយុថ្កានៅទីតាំងផលិតនាវា ប៉ុន្តែពុំបានប្រាប់ពីឈ្មោះនាវាដែលរងការខូចខាតនោះទេ។កាលពីពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារលើមូលដ្ឋានយោធារុស្ស៊ីនៅតំបន់គ្រីម៉េ។ ពួកគេបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវានៅសមុទ្រខ្មៅ ក្នុងទីក្រុងកំពង់ផែកងទ័ពជើងទឹក Sevastopol កាលពីខែកញ្ញា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ផ្អាកតំណែងរដ្ឋមន្ត្រីម្នាក់ជុំវិញការអត្ថាធិប្បាយប្រើប្រាស់នុយក្លេអ៊ែរក្នុងសង្រ្គាមហ្កាហ្សា

2023/11/06 10:42:29 am        167
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) បានដាក់វិន័យដល់សមាជិកជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់អ៊ីស្រាអែល ក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរលើតំបន់ហ្កាហ្សា ជាទីដែលសង្រ្គាមជាមួយក្រុមហាម៉ាស កំពុងធ្វើឱ្យចំនួនការស្លាប់នៃជនស៊ីវិលប៉ាឡេស្ទីន កើនឡើងយ៉ាងខ្លាំង។ការិយាល័យរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា រដ្ឋមន្ត្រីពាក់ព័ន្ធ ដែលជារដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu មកពីគណបក្សស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះ ត្រូវបានផ្អាកពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី «រហូតដល់មានការជូនដំណឹងបន្ថែម»។នៅពេលសួរនៅក្នុងបទសម្ភាសន៍តាមវិទ្យុអំពីជម្រើសនុយក្លេអ៊ែរសម្មតិកម្ម លោករដ្ឋមន្ត្រីបេតិកភណ្ឌ Eliyahu បានឆ្លើយតបថា «នោះជាវិធីមួយដែលអាចទៅរួច»។ សុន្ទរកថារបស់លោក បានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សពីជុំវិញបណ្ដាប្រទេសអារ៉ាប់ ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល កើតមានរឿងអាស្រូវ និងត្រូវបានចាត់ទុកថាជា «ការជំទាស់ដែលអាចទៅរួច» ដោយមន្ត្រីសហរដ្ឋអាមេរិក។ទាំងលោក Eliyahu និងមេដឹកនាំគណបក្សរបស់លោក មិនមានតួនាទីនៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីដែលដោះស្រាយបញ្ហាសង្រ្គាមតំបន់ហ្កាហ្សា នោះទេ។ ពួកគេក៏មិនមានចំណេះដឹងខាងក្នុងអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដែលប្រទេសនេះមិនទទួលស្គាល់ជាសាធារណៈ ព្រមទាំងមិនមានសិទ្ធិអំណាចក្នុងការដាក់ឱ្យប្រើប្រាស់គ្រឿងសព្វាវុធទាំងនោះដែរ៕-

ក្រុមហេសបូឡា៖ អ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ បន្ទាប់ពីការវាយប្រហារសម្លាប់កុមារ ៣ នាក់នៅលីបង់

2023/11/06 10:39:13 am        160
សមាជិកសភាក្រុមហេសបូឡា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿងនៅប្រទេសលីបង់ភាគខាងត្បូង បានបណ្តាលឲ្យកុមារបីនាក់ និងជីដូនរបស់ពួកគេ ស្លាប់ កាលពីថ្ងៃអាទិត្យ ដោយបានហៅការវាយប្រហារនេះថាជា «ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់» ដែលអ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ។ សមាជិកសភា លោក Hassan Fadlallah បាននិយាយថា ម្តាយរបស់កូនបីនាក់ ជាក្មេងស្រីអាយុចន្លោះពី ៨ ទៅ ១៤ ឆ្នាំ បានរងរបួសនៅក្នុងការវាយប្រហារទៅលើរថយន្តមួយគ្រឿងខណៈរថយន្តកំពុងបើកបរនៅចន្លោះភូមិ Aynata និងភូមិ Aitaroun នៅជិតព្រំដែនប្រទេសអ៊ីស្រាអែល។លោក Fadlallah បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងសេចក្តីថ្លែងការណ៍ថា «សត្រូវនឹងទទួលផលចំពោះទង្វើដែលខ្លួនបានធ្វើ សម្រាប់ឧក្រិដ្ឋកម្មមកលើជនស៊ីវិល» ។ដោយត្រូវបានសួរអំពីការរាយការណ៍មុនៗពីប្រភពសន្តិសុខក្នុងប្រទេសលីបង់ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សបីនាក់នៅក្នុងរថយន្តនៅជិតភូមិ Aynata អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពបានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យអំពីការវាយប្រហារនៅក្នុងប្រទេសលីបង់។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ប្រដាប់ដោយអាវុធធុនធ្ងន់ បាននិងកំពុងបាញ់តគ្នានៅព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែល បានធ្លាក់ចូលក្នុងសង្រ្គាមចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ វាបានកត់សម្គាល់អំពើហិង្សាដ៏ឃោឃៅបំផុតនៅទូទាំងព្រំដែនចាប់តាំងពីប្រទេសអ៊ីស្រាអែល និងហេសបូឡា ប្រយុទ្ធគ្នាក្នុងសង្រ្គាមនៅក្នុងឆ្នាំ ២០០៦មក។

ជនភៀសខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប ជ្រកកោននៅមន្ទីរពេទ្យ ដោយបន្ថែមសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រ

2023/11/06 10:33:51 am        130
ជនភៀសខ្លួនរាប់ម៉ឺននាក់នៅតំបន់ហ្កាហ្សា ស្ទ្រីប បានទៅជ្រកកោននៅតាមមន្ទីរពេទ្យក្នុងស្រុកនានា ដោយបង្កើនសម្ពាធកាន់តែខ្លាំងឡើងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដែលស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយនោះ ខណៈជម្លោះជុំថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង គិតត្រឹមថ្ងៃសៅរ៍ (០៤ វិច្ឆិកា)។ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រជាជនជាង ១,៤លាននាក់ នៃប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា ដែលមានប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាងមួយភាគបីនៃជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ ដោយមនុស្សរាប់សែននាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមជាដើម។មន្ទីរពេទ្យ ណាសសឺ (Nasser) គឺជាមន្ទីរពេទ្យធំជាងគេនៅទីក្រុងខាន់ យ៉ូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប ដោយជនភៀសខ្លួនជាង ១.៥០០០នាក់ បានស្នាក់នៅបោះតង់បណ្តោះអាសន្ននៅក្នុងទីលាននៃមន្ទីរពេទ្យមួយនោះ ហើយនៅខាងក្នុងស្ថាប័នវេជ្ជសាស្ត្រមួយនេះ មានមនុស្សពេញវ័យ និងកុមារជាច្រើនស្នាក់នៅតាមច្រករបៀងនៃទីធ្លាមន្ទីរពេទ្យ។យោងតាមការប៉ាន់ប្រមាណរបស់នាយកដ្ឋានសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់មួយនេះ បានផ្ទុកប្រជាជនភៀសខ្លួនយ៉ាងហោចណាស់ ១០០.០០០នាក់។ សម្រាប់ជនភៀសខ្លួនទាំងនោះ ពួកគេគ្រាន់តែចង់ស្វែងរកទីជម្រកដែលមានសុវត្ថិភាពប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះក៏ដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកផងដែរ៕-

មនុស្សជាច្រើនជាប់នៅច្រកព្រំដែនរ៉ាហ្វា តំបន់ហ្កាហ្សា បន្ទាប់ពីការជម្លៀស ត្រូវបានផ្អាក

2023/11/06 10:28:13 am        78
ជនបរទេសជាច្រើនបាននិយាយថា ពួកគេត្រូវបានជាប់នៅច្រកឆ្លងកាត់ព្រំដែន រ៉ាហ្វា (Rafah) របស់តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យទី៥វិឆ្ឆិកា បន្ទាប់ពីការជម្លៀសត្រូវបានផ្អាក។ ប្រភពនានាពីក្រុមមន្ត្រីអេហ្ស៊ីប បាននិយាយថា ការជម្លៀសចេញពីតំបន់ហ្កាហ្សា ត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៣វិច្ឆិកា បានប៉ះចំរថយន្តគិលានសង្រ្គោះ ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនអ្នករបួស។អេហ្ស៊ីប សហរដ្ឋអាមេរិក និងក្រុមមន្ត្រីកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង នៅតែបន្តក្នុងការជម្លៀសពលរដ្ឋហ្កាហ្សារងរបួស និងជនបរទេសជាច្រើន តាមច្រកព្រំដែនរ៉ាហ្វា ចូលទៅកាន់ប្រទេសអេហ្ស៊ីប ។ អ្នកកាន់លិខិតឆ្លងដែន អាល្លឺម៉ង់ លោក ម៉ាចេដ អាល់ ហ៊ូវៃហៃ(Majed al-Huwaihi) បាននិយាយថា មនុស្សជាច្រើន រួមទាំងជនជាតិអាល្លឺម៉ង់ និងអេហ្ស៊ីប បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេជួយនាំពួកគេ រួមទាំងក្រុមគ្រួសារចាកចេញពីទីនេះ ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា។ ប្រភពពីមន្ត្រីអេហ្ស៊ីប ពីរូប បាននិយាយថា ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វា ចូលទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប គឺជាច្រកចេញតែមួយគត់ពីតំបន់ហ្កាហ្សា ដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។រថយន្តដឹកជំនួយនៅតែចូលទៅក្នុងតំបន់ហ្កាហ្សា ៕

ក្មេងស្រីម្នាក់ស្រែកយំពេលឪពុកម្តាយនាងត្រូវបូជា ខណៈអ្នកស្លាប់ដោយរញ្ជួយដីនៅនេប៉ាល់ កើនដល់១៥៧នាក់

2023/11/06 10:25:05 am        131
សម្រែកយំរបស់ក្មេងស្រី Prem Kala Kami អាយុ ៨ ឆ្នាំ បានលឺនៅក្នុងភូមិមួយនៅប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ខណៈសាកសពឪពុកម្តាយនិងបងប្អូនប្រុសពីរនាក់របស់នាងគ្របដោយផ្ទាំងក្រណាត់ នៅក្បែរនាងកំពុងរង់ចាំការបូជា។ភូមិដាច់ស្រយាល Chiuri ជាកន្លែងមួយដែលរងគ្រោះខ្លាំងបំផុត នៅពេលការរញ្ជួយដីកម្រិត ៥,៦ រិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសនេប៉ាល់កាលពីល្ងាចថ្ងៃសុក្រ។ភូមិនេះមានលំនៅឋានប្រហែល៤០ខ្នងប៉ុណ្ណោះ ដែលពេលនេះបានបាក់រាបទៅជាគំនរបាក់បែក ឬរងការបំផ្លាញខ្លាំង ហើយពលរដ្ឋចំនួន១៣នាក់បានស្លាប់។ ភូមិ Chiuri គឺជាទីតាំងលំនៅឋានកសិកម្មនៅជ្រលងភ្នំមួយក្នុងស្រុក Jajarkot មានជនរងគ្រោះភាគច្រើនដោយសារការរញ្ជួយដី ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ១៥៧ នាក់ដែលបានស្លាប់។ អ្នកភូមិទាំងមូលចំណាយពេលមួយយប់បន្ទាប់ពីរញ្ជួយដី បានជីករកសាកសពនិងអ្នកនៅរស់រានមានជីវិតចេញពីគំនរបាក់បែកលំនៅឋានរបស់ពួកគេ។ លោក Khumbaya Magar ភ្ញាក់ពីដំណេកដោយសាររញ្ជួយដី ហើយបានរត់ចេញពីលំនៅឋានរបស់គាត់ មុនពេលផ្លូវថ្នល់បានបាក់ ដោយគ្រាន់តែដឹងថាកូនស្រីនិងគ្រួសាររបស់គាត់ បានបាត់ខ្លួន។

ក្រុមអ៊ីស្លាមនិយមប៉ាគីស្ថាននិយាយថា ពួកគេត្រៀមខ្លួន ដើម្បីការពារពលរដ្ឋប៉ាឡេស្ទីន អំឡុងការប្រមូលផ្តុំគ្នា

2023/11/06 10:11:16 am        105
មនុស្សប្រមាណ១០.០០០ នាក់បានចេញធ្វើបាតកម្មនៅតាមដងផ្លូវនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ក្នុងការប្រមូលផ្តុំក្រុមអ៊ីស្លាមនិយម ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលដើម្បីអនុញ្ញាតឲ្យពួកគេបានចូលរួមនៅក្នុងជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ បាតុកម្មនេះត្រូវបានរៀបចំឡើងដោយគណបក្ស Tehrik-e-Labaik របស់ប៉ាគីស្ថាន ជាចលនានៃអ្នកដើរតាមព្យាការី ដែលបានស្រែកថា «ខ្ញុំត្រៀមខ្លួនដើម្បីមក ហើយយើងត្រៀមខ្លួនដើម្បីការពារ Al-Aqsa ដោយនិយាយយោងទៅរកព្រះវិហារ Al-Aqsa របស់ទីក្រុងហ្សេរុយសាឡឹម ត្រូវបានចាត់ទុកដោយពលរដ្ឋមូស្លីម ថាជាទីតាំងពិសិដ្ឋបំផុតទី៣ ក្នុងសាសនាអ៊ីស្លាម។ការតវ៉ាបានដើរក្បួនឆ្ពោះទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែបានឈប់ចតប្រហែលក្នុងចម្ងាយកន្លះគីឡូម៉ែត្រពីតំបន់ក្រហម ជាកន្លែងដែលស្ថានទូតមានទីតាំងស្ថិតនៅទីនោះ។នៅចំណុចមួយ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅលើទង់ជាតិអ៊ីស្រាអែលលាបថ្នាំព័ណ៌ ដែលត្រូវបានគេគិតថាជាទង្វើគ្មានការគោរពចំពោះប្រទេសនោះ។ក្រុម Tehrik-e-Labaik Pakistan គឺជាក្រុមអ៊ីស្លាមនិយមនិកាយស៊ុននីនិយមជ្រុល បានផ្តោតសំខាន់លើការការពារការមើលងាយដ៏ខ្លាំងលើច្បាប់របស់ប្រទេសប៉ាគីស្ថាន និងដាក់ទណ្ឌកម្មលើអ្នកដែលប្រមាថ។

អ្នកការទូតអ៊ីស្រាអែល៖ ក្រុមហាម៉ាសកំពុង«ព្យាយាមពន្យាពេលវេលា» ក្នុងការដោះលែងចំណាប់ថ្នូរ

2023/11/06 10:08:16 am        101
លោក Michael Herzog ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានការពារការតស៊ូរបស់រដ្ឋាភិបាលរបស់លោកចំពោះការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដោយនិយាយថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមភេរវកម្ម។សហរដ្ឋអាមេរិក បានគាំទ្រដល់ការផ្អាកបណ្តោះអាសន្ន ក្នុងការប្រយុទ្ធ ដើម្បីធានាការដោះលែងចំណាប់ថ្នូរជាង ២០០នាក់ ដែលក្រុមហាម៉ាស បានចាប់ តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធសំណើទាំងនោះ ដោយនិយាយថា នឹងមិនមានការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ទេ ប្រសិនបើគ្មានការដោះលែងចំណាប់ថ្នូរទាំងអស់នោះទេ។លោក Herzog បានថ្លែងប្រាប់សារព័ត៌មាន «Face the Nation» កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលគាំទ្រការផ្អាកមួយ ដែលនឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ ប៉ុន្តែបាននិយាយថា ក្រុមហាម៉ាស មិន«ប្រាកដប្រជា» ចំពោះការដោះលែងពួកគេទេ។លោក Herzog បាននិយាយថា៖«យើងកំពុងខិតខំប្រឹងប្រែង ដើម្បីដោះលែងចំណាប់ថ្នូរ»។ «នៅពេលដែលមនុស្សនិយាយអំពីការផ្អាកក្នុងការប្រយុទ្ធគ្នា យើងទាំងអស់គ្នា ត្រូវផ្អាកមួយ ដែលអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ ។ ជាអកុសល ... វាមិនមែនជាការចាប់អារម្មណ៍របស់យើងទេ ដែលក្រុមហាម៉ាស យកចិត្តទុកដាក់ក្នុងការដោះលែងពួកគេទាំងអស់នោះ។ ពួកគេ កំពុងព្យាយាមពន្យារពេលវេលា។ ពួកគេកំពុងព្យាយាម បញ្ឈប់ការគាបសង្កត់របស់យើង ហើយបង្រួបបង្រួមខ្លួនពួកគេ ឡើងវិញ»។

មនុស្សរាប់រយនាក់ចូលក្នុងក្បួនដំណើរជនអន្តោប្រវេសន៍នៅម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក

2023/11/06 10:05:13 am        98
ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍រាប់រយនាក់ ចាកចេញពីទីក្រុង Tapachula ប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃអាទិត្យកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។ផែនការក្បួនធ្វើដំណើរក្នុមតូចៗចូលជាក្រុមធំមួយ បានចាកចេញ៦ថ្ងៃមកហើយ ហើយបច្ចុប្បន្នបានឈប់ចតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងជើងទីក្រុង Huixtla។ អ្នករៀបចំបាននិយាយថាដំបូងឡើយមានមនុស្សរហូតដល់៧.០០០នាក់ ខណៈរដ្ឋាភិបាល នៅរដ្ឋ Chiapas ភាគខាងត្បូង បាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថា ក្រុមនេះមានមនុស្ស៣.៥០០នាក់។ ជនអន្តោប្រវេសន៍ភាគច្រើន កំពុងភៀសខ្លួនចេញពីភាពក្រីក្រ និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកំណើតរបស់ពួកគេ មានមកពីប្រទេសគុយបា អែលសាវ៉ាឌ័រ កាតេម៉ាឡា ហៃទី និងជាពិសេសមកពីប្រទេសហុងឌុយរ៉ាស់ និងវ៉េណេហ្សូអេឡា។ ជនអន្តោប្រវេសន៍ជនជាតិវ៉េណេហ្សូអេឡា លោក Selma Alvarez បាននិយាយថា ក្រុមនេះមានភាពអន្ទះសារដើម្បីបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក និងចាប់ផ្តើមដំណើរការចូលទៅកាន់សហរដ្ឋអាមេរិក ដោយមានការណាត់ជួបដែលទទួលបានតាមរយៈកម្មវិធី app CBP One របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសំណើសុំសិទ្ធជ្រកកោណ។ ចំនួនមនុស្សច្រើនបំផុតនៅឆ្នាំនេះ បានឆ្លងកាត់តំបន់ Darien Gap តភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។

នេប៉ាល់បញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៃការរញ្ជួយដី សម្លាប់មនុស្ស ១៥៨នាក់ ខណៈបំណាក់ដីរំខានការផ្ដល់ជំនួយ

2023/11/06 10:00:10 am        116
ក្រុមមន្ត្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីនៅប្រទេសនេប៉ាល់បានបញ្ចប់កាលពីថ្ងៃអាទិត្យ ខណៈការផ្តោតអារម្មណ៍បានផ្លាស់ប្តូរទៅការផ្តល់ជំនួយសង្គ្រោះដល់អ្នករស់រានមានជីវិតដែលកំពុងរង់ចាំអាហារ និងទីជម្រក។ អ្នករស់រានមានជីវិតពីការរញ្ជួយដីដែលបានអង្រួនភាគពាយ័ព្យនៃប្រទេសនេប៉ាល់នៅពាក់កណ្តាលអធ្រាត្របាន ហៅការរញ្ជួយភ្លាមៗ ដែលបណ្ដាលឲ្យផ្ទះសម្បែងនានាបាក់ដួលរលំនិងកប់គ្រួសារទាំងមូល ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៨ នាក់រហូតមកដល់ថ្ងៃចន្ទនេះ។ក្រុមសាច់ញាតិជនរងគ្រោះបានបូជាសពមនុស្សជាទីស្រឡាញ់កាលពីថ្ងៃអាទិត្យ។ ជុំវិញសាកសពប្រហែលប្រហែលនាក់រុំដោយក្រណាត់សនៅក្នុងតង់តង់ សាច់ញាតិបានរៀបចំកម្រងផ្កាសម្រាប់ពិធីបូជាសពតាមសាសនាហិណ្ឌូដែលធ្វើឡើងនៅច្រាំងទន្លេ បេរី (Bheri) ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភាគច្រើននៃអ្នកស្លាប់ត្រូវបានគ្របសង្កត់ ដោយកំទេចកំទី នៅពេលដែលផ្ទះរបស់ពួកគេ ជាធម្មតាធ្វើឡើងដោយការតម្រៀបថ្ម និងឈើ ដួលរលំដោយសារកម្លាំងនៃការរញ្ជួយដីទាំងពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រ។ស្របពេលក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ផ្ដល់ជំនួយ ប្រតិបត្តិការត្រូវបានរារាំងដោយសារបំណាក់ដីនិងថ្ម ហើយភូមិនៅតាមតំបន់ភ្នំជាច្រើនអាចទៅដល់បានដោយថ្មើរជើងប៉ុណ្ណោះ។ ផ្លូវថ្នល់ក៏ត្រូវបានរឹរាំងដោយបំណាក់ដី ដែលបង្កឡើងដោយការរញ្ជួយដី ដែរ។ គេមើលឃើញទាហាន កំពុងព្យាយាមសម្អាតផ្លូវនានា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM