៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងការបំផ្ទុះនៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា

2023/10/29 03:38:06 pm        323
មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៅមជ្ឈមណ្ឌលសន្និបាតមួយកន្លែង ក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ ជាទីដែលក្រុមគ្រិស្តបរិស័ទ កំពុងជួបជុំគ្នាធ្វើការអធិស្ឋាន។ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលមហាសន្និបាតសាក្សីព្រះយេហូវ៉ា នៅឯមជ្ឈមណ្ឌលក្នុងទីក្រុង កាឡាម៉ាសឺរី (Kalamassery) ចម្ងាយប្រហែល ១០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង កូឈី (Kochi)។ លោក P. Rajeev រដ្ឋមន្ត្រីឧស្សាហកម្មនៃរដ្ឋ Kerala បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនអាចកំណត់បានភ្លាមៗនោះទេ អំពីមូលហេតុនៃការផ្ទុះនេះ។សារព័ត៌មានក្នុងស្រុក ឈ្មោះ Mathrubhumi បាននិយាយថា យ៉ាងហោចណាស់មានការផ្ទុះចំនួនបីករណី បានកើតឡើងនៅខាងក្នុងសាលសន្និបាតនោះ ដោយមនុស្សជាង ២៣នាក់បានរងរបួស ហើយអ្នករបួសទាំងនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

អ៊ីស្រាអែលធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ក្នុងដំណាក់កាលទីពីរ នៃសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/10/29 03:00:06 pm        409
កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅថា ជាដំណាក់កាលទីពីរនៃសង្រ្គាម ដែលមានរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះឲ្យបាត់ពីផែនដី។អ្នកស្រុកដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងការកាត់ផ្ដាច់ទំនាក់ទំនង និងការដាច់អ៊ីនធឺណិតទាំងស្រុង ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក ហើយកងទ័ព និងរថពាសដែករបស់ខ្លួន បានសម្រុកចូលទៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មួយនេះ ខណៈប្រមុខយោធាអ៊ីស្រាអែល ផ្តល់សញ្ញាថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មើរជើងបន្ថែមទៀត។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី Netanyahu បានព្រមានពលរដ្ឋអ៊ីស្រាអែល ឱ្យរំពឹងថា នឹងមានយុទ្ធនាការ «ដ៏វែង និងរឹងមាំ» ប៉ុន្តែបានបញ្ឈប់ការហៅការវាយប្រហារនាពេលបច្ចុប្បន្ននេះ ថាជាការឈ្លានពាន។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ក្រុមជំនួយការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មួយចំនួនបានណែនាំសមភាគីអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកភ្លាមៗនេះ។បណ្តាប្រទេសលោកខាងលិច ជាទូទៅបានគាំទ្រនូវអ្វីដែលពួកគេនិយាយថា ជាសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែក៏មានការតវ៉ាជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញចំនួនអ្នកស្លាប់ដ៏លើសលប់ពីការទម្លាក់គ្រាប់បែក និងការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ «ការផ្អាកសង្រ្គាមសម្រាប់មនុស្សធម៌» ដើម្បីអនុញ្ញាតឱ្យជំនួយទៅដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នោះផងដែរ៕

អ្នកស្រុកនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក ប្រមូលផ្តុំគ្នាកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍សម្លាប់រង្គាល

2023/10/29 02:05:15 pm        218
អ្នកស្រុកនៃសហគមន៍ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំមួយ ដែលបានបណ្ដាលឲ្យមនុស្ស ១៨នាក់ ស្លាប់ក្នុងសប្តាហ៍នេះនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងពីធីកាន់ទុក្ខមួយកាលពីយប់ថ្ងៃសៅរ៍ (២៨ តុលា)។ការប្រមូលផ្ដុំគ្នានេះ បានកើតឡើងនៅមាត់ទន្លេក្នុងសហគមន៍ Lisbon ភាគខាងត្បូងនៃទីក្រុង Lewiston ជាទីដែលអតីតទាហានបម្រុងនៃកងទ័ពអាមេរិក លោក Robert Card វ័យ ៤០ឆ្នាំ បានបាញ់បើកការបាញ់ប្រហារក្នុងទីលានវាយកូនបាល់ និងបារមួយកន្លែង កាលពីថ្ងៃពុធ (២៥ តុលា)។ នគរបាលបាននិយាយថា ឧក្រិដ្ឋជន Card រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ កាលពីល្ងាចថ្ងៃសុក្រ (២៧ តុលា) ដោយការបាញ់សម្លាប់ខ្លួនឯង។ប្រជាជនជាច្រើនមកពីទីក្រុងជុំវិញបានកាន់ទៀន និងបួងសួងដល់អ្នកស្លាប់ និងអ្នករបួស។ អ្នកចូលរួមជាច្រើនបាននិយាយថា សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនោះ ហើយពួកគេប្រើប្រាស់ការប្រមូលផ្ដុំនេះ ដើម្បីពន្យល់ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដល់កូនៗរបស់ពួកគេ។ការបាញ់ប្រហារ និងការតាមចាប់ខ្លួនឧក្រិដ្ឋជនដ៏អូសបន្លាយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហគមន៍ នៃទីក្រុង Lewiston មួយនេះ ដែលជាអតីតមជ្ឈមណ្ឌលវាយនភណ្ឌ និងជាតំបន់មានប្រជាជនច្រើនជាងគេទីពីរក្នុងរដ្ឋ Maine ដែលស្ថិតនៅលើច្រាំងទន្លេ Androscoggin របស់សហរដ្ឋអាមេរិក៕

ចំនួនអ្នកស្លាប់ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កើនឡើងលើសពី ៩.០០០នាក់

2023/10/29 01:58:08 pm        228
ចំនួនអ្នកស្លាប់សរុបនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងលើសពី ៩.០០០នាក់ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ភាគីទាំងសងខាង។ ជម្លោះនៅតែបន្តកើនឡើង ខណៈភាគីទាំងពីរបានអះអាងថា មានការប្រយុទ្ធគ្នាថ្មីៗនៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (២៨ តុលា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់យោធាអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើងដល់ ៧.៧០៣នាក់។ ជម្លោះនេះក៏បានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់នៅខាងអ៊ីស្រាអែល ផងដែរគិតត្រឹមថ្ងៃទី១៨ ខែតុលា នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សា ស្ទ្រីប ដែលហែកហួរដោយសង្រ្គាមកាលពីយប់ថ្ងៃសុក្រ ខណៈដែលស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានអះអាងថា ខ្លួនបានចូលរួមក្នុងការប្រយុទ្ធដ៏ខ្លាំងក្លា ជាមួយនឹងការលុកលុយរបស់កងទ័ពអ៊ីស្រាអែល។អស់រយៈពេលពីរសប្តាហ៍មកហើយ ដែលតំបន់ហ្កាហ្សា ស្ទ្រីប បានស្ថិតនៅក្រោមការឡោមព័ទ្ធយ៉ាងសាហាវរបស់អ៊ីស្រាអែល និងការវាយប្រហារជាច្រើនដង ដោយនោះជាការសងសឹកចំពោះការវាយប្រហាររបស់ចលនាតស៊ូអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា៕

អ្នកស្រុកជួបការលំបាកក្នុងការស្វែងរកទឹក និងប្រេងឥន្ធនៈ បន្ទាប់ពីព្យុះសង្ឃរា Otis វាយប្រហារប្រទេសម៉ិកស៊ិក

2023/10/29 01:54:00 pm        194
អ្នករស់រានមានជីវិតពីព្យុះសង្ឃរា អូទីស (Otis) បានជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ទឹក និងស្បៀងអាហារ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ខណៈអ្នកស្រុកកំពុងរង់ចាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីព្យុះដ៏មហន្តរាយ ដែលបានវាយប្រហារទីក្រុងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (២៥ តុលា)។មនុស្សម្នាជាច្រើនតម្រង់ជួរក្រោមពន្លឺថ្ងៃដ៏ក្តៅគគុកក្បែរធុងទឹកក្រោមដី ដើម្បីទទួលបានទឹកមកងូត និងប្រើប្រាស់។ នៅក្នុងតំបន់លំនៅឋាន រ៉េណាស៊ីមីអេនតូ (Renacimiento) អ្នកស្រុកបានដើរតាមដងផ្លូវដែលជន់លិចដោយទឹកដ៏កខ្វក់ ហើយបានត្អូញត្អែរចំពោះកង្វះខាតជំនួយ។រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កាចសាហាវនៅសប្តាហ៍នេះ នៅក្នុងរមណីយដ្ឋានឆ្នេរម៉ិកស៊ិក អាកាពុលកូ (Acapulco) បានកើនឡើងដល់ ៣៩នាក់ហើយ ខណៈលោកប្រធានាធិបតី Andres Manuel Lopez Obrador បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានបំផ្លើសទំហំនៃការខូចខាតរបស់គ្រោះមហន្តរាយនេះ៕

នគរបាលបង់ក្លាដែស ប៉ះទង្គិចជាមួយក្រុមបាតុករអំឡុងការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង Dhaka

2023/10/29 10:25:28 am        165
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មន្រ្តីនគរបាលម្នាក់ បានស្លាប់ ហើយក្រុមបាតុកររាប់សិបនាក់ បានរងរបួស ពេលការប៉ះទង្គិចគ្នាបានផ្ទុះឡើង អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃសៅរ៍ ។ ក្រុមបាតុករគណបក្សប្រឆាំងរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសមួយនេះ ដោយនាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Sheikh Hasina បើទោះបីជាមានការពង្រឹងសន្តិសុខយ៉ាងណាក្តី ហើយក្រុមសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ គណបក្សប្រឆាំងជាតិនិយមបង់ក្លាសែត(BNP) បានរៀបចំការត៉វានេះ ដើម្បីអំពាវនាវឲ្យលោក Hasina លាលែងពីតំណែង មុនការបោះឆ្នោតសាកលនាខែមករាខាងមុខនេះ និងប្រគល់អំណាចដល់រដ្ឋាភិបាលស្តីទី ក៏ដូចជាដកចេញការចោទប្រកាន់ទាំងអស់លើប្រធានគណបក្ស BNP គឺលោកស្រី Khaleda Zia ដែលកំពុងធ្លាក់ខ្លួនឈឺ ដើម្បីឲ្យលោកស្រីអាចចាកចេញពីប្រទេសជាបន្ទាន់ ទៅរកការព្យាបាលជំងឺនៅបរទេស ។ ដោយឡែក គណបក្ស Jamaat-e-Islami ដែលជាអតីតដៃគូចម្រុះរបស់ BNP ចង់រៀបចំពិធីដង្ហែក្បួនខ្លួនឯងផងដែរ ប៉ុន្តែក្រុមនគរបាល ពុំបានអនុញ្ញាតឲ្យពួកគេជួបជុំគ្នានោះឡើយនៅទីតាំងក្បែរនោះ ៕

ព្យុះសង្ឃរា Otis បានសម្លាប់មនុស្ស ៣៩នាក់ ពេលបោកបក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/10/29 10:21:56 am        170
ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។ ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។ ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។ ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕

មនុស្ស២៨នាក់ស្លាប់ និង១៨នាក់ទៀត បាត់ខ្លួនក្នុងអគ្គិភ័យអណ្តូងរ៉ែ ArcelorMittal ប្រទេសកាហ្សាក់ស្ថាន

2023/10/29 10:18:52 am        208
ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។ ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។ រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕

នាវា NGO សង្រ្គោះជនអន្តោប្រវេសន៍ ៤៩នាក់នៅជិតតំបន់ឆ្នេរអ៊ីតាលី ហើយមនុស្ស ៤នាក់ត្រូវបានរកឃើញស្លាប់

2023/10/29 10:15:29 am        161
ជនអន្តោប្រវេសន៍ ៤៩នាក់ ត្រូវបានជួយសង្រ្គោះដោយនាវាអង្គការក្រៅរដ្ឋាភិបាល(NGO)នៅជិតតំបន់ឆ្នេរប្រទេសអ៊ីតាលី ហើយមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញស្លាប់ ។ នាវាសង្រ្គោះ Sea-Eye បានរកឃើញអន្តោប្រវេសន៍នៅក្នុងទូកពោង ក្រោយការទូរស័ព្ទសុំជំនួយបន្ទាន់ ពីទូកដឹកអន្តោប្រវេសន៍ ។ នាវា Sea-Eye បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរលីប៊ី បាននៅទីកន្លែងកើតហេតុរួចទៅហើយ ពេលដែលក្រុមនាវិករបស់ពួកគេបានទៅដល់ ហើយនិងបានជំរុញឲ្យនាវាសប្បុរសធម៌ចាកចេញពីទីនោះ ។ យោងតាមការបញ្ជាក់របស់នាវា Sea-Eye បានឲ្យដឹងថា នៅក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាស្រ្តីមានផ្ទៃពោះម្នាក់ដែលស្ទើផុតដង្ហើមទៅហើយ និងមនុស្ស ៣នាក់ទៀត សន្លប់ ។ NGO បាននិយាយថា ពួកគេបានស្នើសុំជាច្រើនលើកឲ្យមានការជម្លៀសបន្ទាន់ចេញពីមជ្ឈមណ្ឌលសង្រ្គោះ សមុទ្រអ៊ីតាលី ប៉ុន្តែគ្មានអ្នកអើពើនោះទេ ហើយពួកគេនិយាយប្រាប់ឲ្យទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទុក្ខព្រួយដែនសមុទ្រលីប៊ី និងសេវាកម្មព្យាបាលតាមទូរស័ព្ទរបស់អ៊ីតាលីជំនួសវិញ ។ ក្រោយមក អ៊ីតាលី បានណែនាំឲ្យនាវា Sea-Eye បន្តដំណើរទៅកាន់កំពង់ផែ Vibo Valentia ដើម្បីដាក់ចុះជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ៕

ប្រធានសិទ្ធិមនុស្ស UN ព្រមានពីគ្រោះថ្នាក់នៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

2023/10/29 10:11:12 am        179
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បានព្រមានពីលទ្ធភាពនៃផលវិបាកដ៏គ្រោះថ្នាក់នៃប្រតិបត្តិការតាមជើកគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លេងដែលមនុស្សរាប់ពាន់នាក់ បានស្លាប់រួចទៅហើយដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថា ពួកគេបានបាត់ការទាក់ទងជាមួយសហការីរបស់ខ្លួននៅតំបន់ហ្គាហ្សា កាលពីយប់មិញ ហើយអ្នកសារព័ត៌មានជាច្រើន លែងអាចធ្វើសេចក្តីរាយការណ៍បានទៀតហើយចេញពីតំបន់បិទច្រកមួយនេះ ។ លោក Volker បានអំពាវនាវផងដែរឲ្យភាគីបង្កសង្រ្គាម និងរដ្ឋដទៃទៀតទាំងអស់ដែលមានឥទ្ធិលនៅក្នុងតំបន់ ត្រូវតែធ្វើតាមអំណាចរបស់ពួកគេទាំងអស់ ដើម្បីបន្ធូរបន្ថយជម្លោះមួយនេះ ។ អ៊ីស្រាអែល បានបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានសន្យាបន្តវាយប្រហារលើគោលដៅជាច្រើន រួមទាំងផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយក្រុមហាម៉ាស់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM