គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

ការចោទប្រកាន់របស់កាណាដា មិនបានធ្វើឲ្យប៉ះពាល់ដល់ទនាក់ទំនងការទូតក្នុងឥណ្ឌូប៉ាស៊ីហ្វិករបស់ឥណ្ឌាទេ

2023/10/12 02:50:00 pm        150
ការចោទប្រកាន់របស់កាណាដា ដែលថារដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា ស្ទើរតែមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ នៅឥណ្ឌូប៉ាស៊ីហ្វិកទាល់តែសោះ នេះបើយោងតាមស្នងការជាន់ខ្ពស់ឥណ្ឌារបស់ប្រទេសអូស្ត្រាលី លោក Manpreet Vohra។លោក Vohra បាននិយាយនៅក្រៅព្រឹត្តិការណ៍សង្គមអាស៊ី នៅទីក្រុងស៊ីដនី នៅថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះថា ខណៈដែលអូស្ត្រាលីបានអំពាវនាវដំបូងគេឱ្យមានការស៊ើបអង្កេត បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើការចោទប្រកាន់លើប្រទេសឥណ្ឌានោះ មិនមានប្រតិកម្មអ្វីគួរឱ្យកត់សម្គាល់ពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតលើសពីនេះនោះទេ។ទំនាក់ទំនងរវាងទីក្រុងញ៉ូវ ដេល្លី និងទីក្រុងអូតាវ៉ា បានធ្លាក់ចូលទៅក្នុងភាពតានតឹងយ៉ាងស៊ីជម្រៅកាលពីខែមុន បន្ទាប់ពីលោក Trudeau បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនាស៊ីក ម្នាក់ឈ្មោះ Hardeep Singh Nijjar ដែលនាំមុខគេក្នុងចលនាអំពាវនាវឱ្យមានស្រុកកំណើតឯករាជ្យមួយ សម្រាប់ពលរដ្ឋកាន់សាសនាស៊ីក នៅក្នុងប្រទេសឥណ្ឌា ដែលហៅថាតំបន់ខាលីស្ថាន ប៉ុន្តែឥណ្ឌា បានចាត់ទុកលោកជាភេរវករ ចាប់តាំងពីពេលនោះមកផងដែរ៕

ចំនួនអ្នកស្លាប់ពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយបំផុតនេះ កើនលើស ២.៣០០នាក់ហើយ

2023/10/12 02:40:54 pm        114
មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងជុំចុងក្រោយនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល គិតត្រឹមថ្ងៃពុធ (១១ តុលា) ខណៈការប៉ះទង្គិចគ្នាដែលកំពុងបន្ត រវាងភាគីទាំងពីរ កំពុងកើនឡើងកាន់តែខ្លាំងក្លា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃពុធ មនុស្សជាង១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២.៧០០នាក់ ផ្សេងទៀតបានរងរបួសនៅខាងអ៊ីស្រាអែល ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីនេះ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍មក។ទន្ទឹមនឹងនេះដែរ ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ១.១២៨នាក់ នៅតំបន់ហ្គាហ្សា ស្រ្ទីប និងតំបន់វែស ប៊ែង ត្រូវបានសម្លាប់ និងមនុស្សជាង ៥.៤៨៩នាក់ ផ្សេងទៀតបានរងរបួស។ នៅតំបន់ហ្គាហ្សា ស្ទ្រីប មនុស្ស ១.១០០នាក់បានស្លាប់ និងមនុស្សប្រហែល ៥.៣៣៩នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការរបស់ក្រុមហាម៉ាស់ ជាច្រើនកន្លែងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ។ ជម្លោះជុំថ្មីនេះ បាននាំឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕

សហរដ្ឋអាមេរិក នឹងបញ្ចូននាវាផ្ទុកយន្តហោះទី២ ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ

2023/10/12 02:26:37 pm        136
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក បានិយាយថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿងផ្សេងទៀត ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលជម្លោះកើនឡើងរវាង ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នករាយការណ៍ព័ត៌មានថានាវា USS Dwight D. Eisenhower និងក្រុមវាយប្រហាររបស់វានឹងចេញដំណើរលើការដាក់ពង្រាយតាមកាលបរិច្ឆេទរយៈពេលយូរ ទៅកាន់តំបន់ទទួលខុសត្រូវទីបញ្ជាការអឺរ៉ុប។ លោកKirby និយាយបន្ថែមថា ដំបូងពួកវានឹងធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិក និងចូលទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ ជាកន្លែងដែលនាវានឹងអាចប្រើប្រាស់បានប្រសិនបើត្រូវការ។សហរដ្ឋអាមេរិក បានបញ្ចូនរួចហើយនាវាផ្ទុកយន្តហោះរដ្ឋ USS Gerald R. Ford និងក្រុមវាយប្រហាររបស់វា ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេភាគខាងកើត នៅតំបន់សមុទ្រនៅជិតប្រទេសអ៊ីស្រាអែល។មន្ត្រីសហរដ្ឋអាមេរិក និយាយថា ចំណាត់ការទាំងនេះមានបំណងរារាំងប្រទេសណាមួយ ឬក្រុមណាមួយ ដែលអាចគិតពីការទាញយកប្រយោជន៍ពីអស្ថិរភាពនិងធ្វើឲ្យច្របូកច្របល់ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននៅទីបញ្ចប់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក សង្ឃឹមថានឹងតាមដានប្រទេសអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការប្រយុទ្ធរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មិនឲ្យវិវឌ្ឍន៍ចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែធំ។

លោកហ្សេឡិនស្គី អំពាវនាវឲ្យមេដឹកនាំពិភពលោក ធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីបញ្ចៀស«សង្គ្រាមលោកលើកទី៣»

2023/10/12 01:52:27 pm        169
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡនស្គី (Volodymyr Zelensky) បានលើកទឹកចិត្តមេដឹកនាំពិភពលោកឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាពជាមួយប្រជាជនរបស់ខ្លួន និងដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀត ដោយនិយាយថា វាអាចជួយ «សង្គ្រោះប្រទេសរបស់អ្នក»។លោក ហ្សេឡិនស្គី បានធ្វើការអធិប្បាយកាលពីថ្ងៃពុធ នៅខាងក្រៅកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) និងមុនពេលកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាការជួបជុំម្តងក្នុងរយៈពេលមួយខែម្តងនៃប្រទេសប្រមាណ៥០ ដែលកំពុងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងគីវនៅក្នុងសង្គ្រាមការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។លោកបានលើកឡើងអំពីការគាំទ្រដែលអ៊ុយក្រែនទទួលបានក្នុងថ្ងៃដំបូងនៃការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ថា៖ «វាសំខាន់ណាស់ ដែលមិនឯកោ វាពិតជាសំខាន់ខ្លាំងណាស់»។សារព័ត៌មាន Axios បានរាយការណ៍ថា លោកហ្សេឡិនស្គី បានស្នើសុំទៅទស្សនកិច្ចអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាព។ ចំណែកសារព័ត៌មាន The Hill ពុំអាចបញ្ជាក់ដោយឯករាជ្យលើសំណើនេះបានទេ។

ការតវ៉ាទូទាំងពិភពលោកនៅតែបន្ត សម្រាប់ការគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន ស្របពេលជម្លោះកាន់តែតានតឹង

2023/10/12 01:18:27 pm        109
ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ាកាលពីថ្ងៃពុធ (១១ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ (៧ តុលា) ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។ក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត បានប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម។ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនបាននិយាយថា «យើងចង់ឱ្យពិភពលោកដឹងថា ការកាន់កាប់របស់អ៊ីស្រាអែល ត្រូវតែបញ្ចប់។ ប៉ាឡេស្ទីនជាមនុស្ស ហើយពួកគេមានសិទ្ធិក្នុងការរស់រាន ហើយនិងមានសិទ្ធិរស់នៅក្នុងជីវិតធម្មតាដូចមនុស្សគ្រប់រូបក្នុងពិភពលោកដែរ»។ទន្ទឹមនឹងនេះ ក៏មានមនុស្សរាប់រយនាក់ចេញតវ៉ានៅក្នុងប្រទេសជាច្រើន និងទីតាំងសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាល ដូចជានៅរដ្ឋធានីព្រុចស៊ែល នៃប្រទេសបែលហ្ស៊ិក សភាអឺរ៉ុបនៅទីក្រុងព្រុចស៊ែល អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេសម្រាប់រដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល ផងដែរ។ក្រុមបាតុករបានលើកស្លាកសញ្ញាដែលសរសេរថា «សាមគ្គីភាពជាមួយអ៊ីស្រាអែល» និងពលរដ្ឋផ្សេងទៀត ដែលរងការវាយប្រហារពីក្រុមហាម៉ាស ក៏ដូចជាពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀត បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងការសងសឹករបស់អ៊ីស្រាអែល ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសជាច្រើន សម្រាប់ភាគីទាំងសងខាង ចាប់តាំងពីការវាយប្រហារមក៕

ក្រុមហេបូឡាអះអាងថា ខ្លួនបានបាញ់មីស៊ីលពីលីបង់ចូលអ៊ីស្រាអែល

2023/10/12 01:10:28 pm        158
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល កាលពីថ្ងៃពុធ ជាការសងសឹក បន្ទាប់ពីសមាជិកបីនាក់នៃក្រុមគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់កាលពីដើមសប្តាហ៍នេះ ចំពេលមានភាពតានតឹងនៅតាមព្រំដែន កើនឡើង។ការបាញ់ប្រហារតគ្នាចុងក្រោយបំផុត បានកើតឡើង នៅពេលដែលអ៊ីស្រាអែល បានប្រមូលផ្តុំកងទ័ពនិងគ្រឿងយុទោ្ធបករណ៍ធុនធ្ងន់នៅជុំវិញតំបន់ហ្គាហ្សា នៅក្នុងយុទ្ធនាការសងសឹករបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងជម្លោះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ទាំងសងខាង។ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេសបូឡា«បានកំណត់គោលដៅលើទីតាំងជ្វីហ្វ (អ៊ីស្រាអែល)...ដែលនៅទល់មុខនឹងភូមិ Dhayra ជាមួយនឹងមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ នៅក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្តាលបងប្អូនជាច្រើន រងទុក្ខវេទនា។ ក្រុមហេសបូឡា បានព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល «ដែលមានគោលដៅលើប្រទេសរបស់យើង និងសន្តិសុខរបស់ប្រជាជនយើង ជាពិសេសនៅពេលដែលការវាយប្រហារទាំងនេះនាំឲ្យទុក្ករបុគ្គលស្លាប់អស់ជាច្រើន»។

អ្នកទេសចរប្រេស៊ីល ប្រាប់ពីភាពតក់ស្លុត ពេលស្ថិតក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍

2023/10/12 12:58:42 pm        192
កាលពីថ្ងៃពុធ (១១ តុលា) អ្នកទេសចរជនជាតិប្រេស៊ីលម្នាក់ ដែលត្រឡប់មកពីប្រទេសអ៊ីស្រាអែល បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់សម្រាប់ភាពធូរស្រាល នៅពេលដែលខ្លួនអាចជួបជុំគ្រួសារ បន្ទាប់ពីបានចុះចតនៅស្រុកកំណើតវិញតាមជើងហោះហើរមាតុភូមិនិវត្តន៍ ពីប្រទេសអ៊ីស្រាអែល។ អ្នកស្រី Roseli Pereira បានឡើងយន្តហោះរបស់កងទ័ពអាកាសប្រេស៊ីល ដើម្បីជម្លៀសខ្លួនពីអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមអ៊ីស្លាម ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាម និងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់សា្លប់ និងរងរបួស។នៅក្នុងលេនដ្ឋានមួយនៅឯសណ្ឋាគារមួយ ដែលអ្នកស្រី និងមិត្តភ័ក្តិ បានឡើងទៅឈរនៅក្រុងហ្សេរូសាឡឹម អ្នកស្រី Pereira បាននិយាយថា ខ្លួនមានអារម្មណ៍ថា មានការ «ភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង» សម្រាប់ភាពមិនច្បាស់លាស់នៃអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ អ្នកស្រី Pereira បានត្រលប់មកផ្ទះវិញជាមួយនឹងក្រុមដំបូងនៃជនជាតិប្រេស៊ីល ដែលបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ។ យោងតាមរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋប្រេស៊ីលចំនួន ២.២០០នាក់បាននិយាយថា ពួកគេចង់ត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ ក្រុមអាជ្ញាធរប្រេស៊ីលបញ្ជាក់ថា ពលរដ្ឋពីរនាក់បានស្លាប់ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា នៅជិតព្រំដែនហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកទាំងពីរនោះបានទៅចូលរួមក្នុងមហោស្រពតន្ត្រី ដែលក្រុមហាម៉ាសបានកំណត់គោលដៅវាយប្រហារ៕

ព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ ទំនងជាធ្វើឲ្យប្រទេសឈីលី ទទួលរងកម្ដៅខ្លាំងខុសពីធម្មតានៅរដូវក្ដៅខាងមុខ

2023/10/12 12:41:12 pm        156
ប្រទេសឈីលី ទំនងជានឹងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ជាងមធ្យមភាគ ក្នុងរដូវក្តៅអឌ្ឍគោលខាងត្បូងនាពេលខាងមុខ ដោយសារបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ នេះបើយោងតាមការព្យាករណ៍ផ្លូវការ។ នាយកដ្ឋានឧតុនិយមរបស់ប្រទេសឈីលី បាននិយាយកាលពីថ្ងៃពុធ (១១ តុលា) ថា នៅតែមិនមានតួលេខពិតប្រាកដអំពីសីតុណ្ហភាពអតិបរមាដែលត្រូវបានរំពឹងទុកនោះទេ ប៉ុន្តែប្រទេសនេះក៏កំពុងរំពឹងថា នឹងមានសីតុណ្ហភាពអតិបរមាខ្ពស់ជាង និងទាបជាងធម្មតា នៅនិទាឃរដូវភាគខាងត្បូង ដែលមានរយៈពេលពីខែតុលា ដល់ខែធ្នូនេះផងដែរ។ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ គឺជាកត្តាជំរុញដ៏សំខាន់នៃកម្ដៅខ្លាំង ហើយបាននិយាយថា ពួកគេព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់នៅឆ្នាំនេះ។ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសឈីលី ត្រូវបានប្រមូលផ្តុំរវាងរដ្ឋធានី និងតំបន់កណ្តាលភាគខាងត្បូង ជាទីដែលចំហេះព្រៃបានឆាបឆេះពាសពេញប្រទេសកាលពីរដូវក្តៅមុន។ប្រទេសឈីលី បានទទួលរងពីគ្រោះរាំងស្ងួតអស់រយៈពេលជាងមួយទសវត្សរ៍ ហើយខណៈពេលដែលបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងកាលពីខែមិថុនា និងខែសីហា ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងប៉ះពាល់ដល់ប្រតិបត្តិការរុករករ៉ែ និងកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ដ៏ខ្លាំងក្លានោះ មិនគ្រប់គ្រាន់សម្រាប់កាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងប្រទេសឈីលី នេះនោះទេ៕

ព្យុះកួច Lidia វាយបោកបក់មកលើឆ្នេរប្រទេសម៉ិកស៊ិក បណ្តាលឲ្យមានការបំផ្លាញរាលដាល

2023/10/12 12:37:48 pm        116
ព្យុះកួចដ៏មានឥទ្ធិពល Lidia បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានវាយបោកបក់ចូលមកឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក និងបានបណ្តាលឲ្យដើមឈើ និងបណ្តាញអគ្គិសនី បាក់រលំ។ នៅក្នុងទីក្រុង Puerto Vallarta តំបន់ឆ្នេរ ដើមឈើនិងកម្ទេចកម្ទី មកពីអគារដែលត្រូវបានបំផ្លាញ បានរាយប៉ាយនៅលើដងផ្លូវ។ រលកធំៗ អាចត្រូវបានគេមើលឃើញ នៅលើឆ្នេរសមុទ្រទីក្រុងនេះ។មជ្ឈមណ្ឌលព្យុះកួចជាតិ បាននិយាយថា ព្យុះ Lidia ដែលបានចុះខ្សោយទៅជាព្យុះប្រភេទទី២ ដោយមានខ្យល់បក់អតិបរមា ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថាបន្តបង្កើតឲ្យមានភ្លៀងធ្លាក់ខ្លាំង និងសន្ទុះខ្យល់បក់ ខណៈព្យុះនេះឆ្ពោះទៅដីគោក លើប្រទេសម៉ិកស៊ិកគាភកណ្តាលប៉ែកខាងលិច។ព្យុះ Lidia បានវាយបោកបក់ដល់ដីគោក ជាព្យុះប្រភេទទី៤ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទន្លេពេញហៀរ ផ្តួលរំលំដើមឈើ និងនាំទៅរកការជន់លិចខ្លាំង នៅរដ្ឋភាគខាងលិចជាច្រើន របស់ប្រទេសម៉ិកស៊ិក។យោងតាមអភិបាលរដ្ឋ Nayarit បាននិយាយថា បុរសម្នាក់បានស្លាប់ នៅពេលដែលដើមឈើបានបាក់រលំលើរថយន្តរបស់គាត់ អំឡុងពេលព្យុះនៅជិតរមណីយដ្ឋានឆ្នេរ Punta Mita ។

ស្ថាប័នសិទ្ធិមនុស្សរបស់UN អនុម័តសេចក្តីសម្រេច ដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិនៅប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម

2023/10/12 11:28:45 am        94
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចបើកការស៊ើបអង្កេតលើស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ ដែលកងទ័ព និងក្រុមប្រដាប់អាវុធ បានប្រយុទ្ធគ្នាអស់រយៈពេល៦ខែចុងក្រោយនេះ។លោកស្រី Michèle Taylor តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្ហាញសេចក្តីសម្រេចនេះ បាននិយាយថា សេចក្តីសម្រេចនេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពសម្រាប់អ្វីដែលយើងទាំងអស់គ្នាយល់ស្រប គឺជាអាទិភាពសំខាន់សម្រាប់ភាគីសង្រ្គាម ដើម្បីបញ្ឈប់អំពើឃោរឃៅ និងការរំលោភបំពានផ្សេងទៀតរបស់ពួកគេ ការដាក់អាវុធរបស់ពួកគេ និងអនុញ្ញាតឲ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដ៏មានសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង ដែលជាតម្រូវការដ៏ចាំបាច់បំផុត។ ប្រទេសចំនួន១៩ បានបោះឆ្នោតគាំទ្រ ១៦បានបោះឆ្នោតប្រឆាំង និង ១២អនុប្បវាទ។អំពើហិង្សា និងការផ្លាស់ទីលំនៅ បានកើនឡើង ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើង នៅក្នុងខែមេសា។ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ដាហ្វឺខាងលិច (West Darfur) ជាកន្លែងដែលការវាយប្រហារជំរុញដោយជាតិភាគតិច បានសម្លាប់មនុស្សរាប់រយនាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM