រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima នឹងបញ្ចប់នៅថ្ងៃចន្ទ

2023/09/08 12:01:25 pm        422
ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។ ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

សាលារៀន រថភ្លើងក្រោមដី ត្រូវបានរំខានខណៈព្យុះបានវាយបោកបក់ភាគខាងត្បូងប្រទេសចិន

2023/09/08 11:59:14 am        362
ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យមួយចំនួន នៅទីក្រុង Shenzhen ប្រទេសចិនភាគខាងត្បូងត្រូវបានបិទនៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ ខណៈពពកព្យុះចុងក្រោយពីព្យុះទីហ្វុង Haikui បានវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រសម្រាប់ថ្ងៃទី៤។ រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគកណ្តាល និងភាគនិរតីខេត្តក្ខាងទុង(Guangdong) ខេត្ត Shenzhen និងខេត្តមួយក្នុងចំណោមខេត្តដែលសំបូរធនធានបំផុតរបស់ប្រទេសចិន។វីដេអូពីសារព័ត៌មានរដ្ឋស៊ីនហួ បានបង្ហាញពលរដ្ឋបានទៅកាន់ទីសុវត្ថិភាពដើរកាត់ទឹកយ៉ាងប្រុងប្រយ័ត្នឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Shenzhen ជាទីប្រជុំជនមានពលរដ្ឋ១៧,៧ លាននាក់។ភ្លៀងធ្លាក់មានកម្រិត៤៦៥,៥ មីលីម៉ែត្រ បានធ្លាក់នៅក្នុងខេត្ត Shenzhen អំឡុងពេលជាង១២ម៉ោង ជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២។ ព្យុះទីហ្វុង Haikui បានបោកបក់ដល់ដីគោក នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ៦៩១លានដុល្លារ មុនពេលព្យុះនេះបក់ឆ្ពោះទៅកាន់ខេត្តក្វាងទុង(Guangdong) កាលពីថ្ងៃព្រហស្បតិ៍។ ការិយាល័យតាមដានរបស់ខេត្ត Shenzhen បានចេញការព្រមានបន្ទាន់ ដោយណែនាំដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។ ស្រុកជាច្រើនក្នុងខេត្ត Shenzhen មួយចំនួន បានបិទការិយាល័យ ខណៈសាលារៀនទាំងអស់ត្រូវបានផ្អាក ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការ។

តើប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat) មែនឬទេ?

2023/09/08 11:56:56 am        377
ឥណ្ឌា៖ លិខិតអញ្ជើញដែលផ្ញើដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាចនៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីនោះ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕

ក្ដីបារម្ភកើនឡើងកាន់តែខ្លាំងខណៈមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារបស់កងជីវពល SDF នៅស៊ីរី

2023/09/08 11:54:55 am        84
ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។  ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។ កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។ អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 11:52:54 am        58
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

តុលាការកំពូលរបស់ម៉ិកស៊ិក បានផ្ដល់ភាពស្របច្បាប់ដល់ការរម្លូតកូន

2023/09/08 11:50:52 am        56
ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។ សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕

អ្នកជំនាញ៖ បើមិនបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទេ នោះកម្ដៅដ៏ខ្លាំងនឹងក្លាយជាបញ្ហាអាកាសធាតុធម្មតា

2023/09/08 11:48:44 am        69
របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 11:46:39 am        99
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់នៅភាគនិរតីប្រទេសកាមេរូន

2023/09/08 11:44:20 am        65
កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។ សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។ អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។ ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 11:41:05 am        203
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM
រុស្ស៊ីស៊ើបអង្កេតហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅមូស្គូ ក្នុងនោះយុវជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន
06/10/2026 07:06 PM