សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

ប្រជាជនឈីលីស្វែងរកចម្លើយអំពីអ្នកបាត់ខ្លួន ខណៈខួប៥០ឆ្នាំនៃរដ្ឋប្រហារ ត្រៀមប្រារព្ធឡើង

2023/08/31 08:51:59 am        434
ឈីលី៖ ខណៈដែលប្រទេសឈីលីត្រៀមខ្លួនដើម្បីប្រារព្ធខួប៥០ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧៣ ប្រឆាំងនឹងអតីតប្រធានាធិបតីឈីលី លោក Salvador Allende នោះ ប្រជាជនក្នុងប្រទេសនេះកំពុងចោទសួរកាន់តែខ្លាំងឡើង អំពីមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃរបបផ្តាច់ការយោធាបន្ទាប់មកនោះថា «តើអ្នកបាត់ខ្លួនទាំងនោះនៅឯណា?»ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងបង្កើនប្រតិបត្តិការស្វែងរក តាមរយៈផែនការស្វែងរកថ្នាក់ជាតិ បានចាប់ផ្តើមកាលពីថ្ងៃពុធ (៣០ សីហា) ដោយលោកប្រធានាធិបតីឈីលី Gabriel Boric ដើម្បីបង្រួបបង្រួមសំណុំរឿង និងការស៊ើបអង្កេតដោយសង្ឃឹមថានឹងរកឃើញតម្រុយថ្មីៗអំពីការបាត់ខ្លួនទាំងនោះ។ក្នុងអំឡុងពេលរបបផ្តាច់ការរយៈពេល១៧ឆ្នាំដ៏បង្ហូរឈាមរបស់លោកឧត្តមសេនីយ Augusto Pinochet មនុស្សប្រហែល៤០.១៧៥នាក់ត្រូវបានប្រហារជីវិត ចាប់ឃុំខ្លួន និងបាត់ខ្លួន ឬធ្វើទារុណកម្មក្នុងនាមជាអ្នកទោសនយោបាយ នេះបើយោងតាមក្រសួងយុត្តិធម៌ដោយផ្អែកលើការស្វែងរកការពិតដោយបណ្ដាគណៈកម្មការផ្សេងៗ។ មានមនុស្សចំនួន១.៤៦៩នាក់ ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ដែលក្នុងនោះមនុស្ស១.០៩២នាក់ត្រូវបានឃុំខ្លួន និងបាត់ខ្លួន ខណៈដែលមនុស្ស៣៧៧នាក់ទៀត ត្រូវបានប្រហារជីវិត ហើយសាកសពរបស់ពួកគេមិនត្រូវបានប្រគល់ត្រលប់មកវិញនោះទេ៕

ជនជាតិដើមភាគតិចប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាដើម្បីការពារសិទ្ធិដីធ្លីដូនតា

2023/08/31 08:49:37 am        413
ប្រេស៊ីល៖ ក្រុមជនជាតិដើមមកពីទូទាំងប្រទេសប្រេស៊ីល បានតវ៉ាកាលពីថ្ងៃពុធ (៣០ សីហា) នៅទីក្រុង ប្រាស៊ីលីយ៉ា ដើម្បីប្រឆាំងនឹងច្បាប់ ដែលគំរាមកំហែងដល់ដីធ្លីដូនតារបស់ពួកគេ។ ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីមើលការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការបោះបង្គោលព្រំដីជនជាតិដើមភាគតិច។ច្បាប់ដែលបានស្នើឡើងនោះ នឹងកំណត់កាលបរិច្ឆេទកាត់ផ្តាច់សម្រាប់ការទាមទារដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីលបច្ចុប្បន្នត្រូវបានអនុម័ត។ សហគមន៍ជនជាតិដើមភាគតិចណាដែលមិនបានកាន់កាប់ដីរបស់ពួកគេនៅកាលបរិច្ឆេទនោះ នឹងមិនអនុញ្ញាតឱ្យធ្វើការទាមទារនោះទេ នេះបើយោងតាមច្បាប់ដែលបានស្នើឡើង។ក្រុមសកម្មជនជនជាតិដើមភាគតិច ច្រានចោលសេចក្ដីស្នើច្បាប់នេះ ដោយលើកហេតុផលថាជនជាតិដើមភាគតិចជាច្រើនត្រូវបានបណ្ដេញចេញពីទឹកដីដូនតារបស់ពួកគេជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងរបបផ្តាច់ការយោធា៕

ប្រជាពលរដ្ឋរាប់រយនាក់អបអរសាទរ នៅក្នុងរដ្ឋធានីរបស់ប្រទេសហ្កាបុង បន្ទាប់ពីទាហានបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ

2023/08/31 08:46:43 am        473
  ហ្កាបុង៖ មនុស្សរាប់រយនាក់បាន អបអរសាទរនៅកណ្ដាលរដ្ឋធានី លីប្រេវីល (Libreville)របស់ប្រទេស    ហ្កាបុង (Gabon) បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់និយាយថា ពួកគេ បានរឹបអូសអំណាចហើយ។ រូបភាពពីទូរទស្សន៍ ហ្កាបុង បានបង្ហាញពីក្រុមបាតុករកាន់ទង់ជាតិ និងស្រែកពាក្យស្លោក គាំទ្រយោធា ខណៈបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះលោកប្រធានាធិបតី អាលី បុងហ្គោ អុងឌីមបា (Ali Bongo Ondimba) ដែលត្រូវបានទម្លាក់ពីតំណែង ប៉ុន្មាននាទី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់រដ្ឋស្ថិតនៅក្នុងតំបន់អាហ្វ្រិកកណ្ដាល បានប្រកាសថាលោកបានកាន់តំណែងអាណត្តិទី៣។ ទាហានបះបោរក៏បាន ចាប់ប្រធានាធិបតីឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ក្នុងប្រទេសអាហ្វ្រិកកណ្ដាលសំបូរដោយធនធានប្រេងមួយនេះ។ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងធំបំផុតទី២ ព័រហ្សង់ទី (Port-Gentil)របស់ប្រទេសហ្កាបុង បាននាំគ្នាទៅកាន់តាមដងផ្លូវនានាកាលពីថ្ងៃពុធទី៣០ខែសីហា ដើម្បីអបអរសាទរ។ ប៉ុន្មាននាទីនៃការប្រកាសលទ្ធផលឆ្នោត គេបានលឺសំឡេងផ្ទុះអាវុធ នៅកណ្ដាលរដ្ឋធានី ក្រោយមកទាហានស្លៀកពាក់ឯកសណ្ឋានជាង១០នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍ រដ្ឋនិងបានប្រកាសថា ពួកគេបានរឹបអូសអំណាចហើយ។ មិនយូរប៉ុន្មានហ្វូងមនុស្សក៏សម្រុកទៅកាន់តាមដងផ្លូវនានាដើម្បីអបអរសាទរ៕

ការបើកបរបំពានចំណែកផ្លូវអាទិភាព ជាកត្តាអាចបង្កគ្រោះថ្នាក់ចរាចរណ៍បាន

2023/08/30 02:47:33 pm        641
ភ្នំពេញ៖ ពលរដ្ឋអ្នកដំណើរមួយចំនួនដែលភាគច្រើន ​ធ្វើដំណើរដោយម៉ូតូ បានបន្តសកម្មភាពបើកបរបំពានចំណែកផ្លូវអាទិភាព​ (ចូលទៅម្ខាងផ្លូវផ្សេងទៀត) កំឡុងពេលដែលមានការកកស្ទះចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើរ​របស់ពលរដ្ឋដទៃ​ដែលគោរពច្បាប់ ពិសេសមានការព្រួយបារម្ភលើការកកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថា​ហេតុបានផងដែរ ។ ជាក់ស្តែង នៅតាមបណ្តោយមហាវិថីព្រះនរោត្តម​ គិតចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ រហូត​ដល់ចំណុចស្តុបចំការមន ​គេតែសង្គេតឃើញជាប្រចាំ ​គឺនៅរៀងរាល់មានការកកស្ទះម្តងៗ ពលរដ្ឋអ្នកដំណើរ​ តែងតែ​ឧស្សាហ៍​បើកម៉ូតូចេញពីគន្លងផ្លូវត្រឹមត្រូវរបស់ខ្លួន ហើយ​បើកចូល​ទៅគន្លងផ្លូវអាទិភាពម្ខាងទៀត ​ដើម្បីអាចចាកចេញពីការកកស្ទះ ។ ពលរដ្ឋអ្នកដំណើរ បានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់អ្នកបើកបរបំពានទាំងឡាយ ដែលជាសកម្មភាពជះឥទ្ធិពលមិនល្អលើបរិយាកាសសណ្តាប់ធ្នាប់សង្គម ។ អ្នកដំណើរបន្តថា បាតុភាពនេះគឺតែង​ឧស្សាហ៍កកើតមានជាប្រចាំនៅវេលា រៀងរាល់ពេលព្រឹកព្រលឹម​ម៉ោង​ចន្លោះពី៦កន្លះ ដល់៨ និងនៅរៀងរាល់ពេលល្ងាចចន្លោះ ពីម៉ោង៥ ដល់ម៉ោង៦កន្លះ ។ ជុំវិញបាតុភាពនេះ ​លោកឧត្តមសេនីយ៍ត្រី ​សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV អោយដឹងថា នៅតាមបណ្តោយផ្លូវខាងលើនោះ គឺមាន​ការដាក់កម្លាំងជានិច្ចដើម្បីសម្រួលលំហូរចរាចរណ៍​ ហើយចំពោះបាតុភាពបំពានផ្លូវនោះ ​កន្លងទៅ កម្លាំងជំនាញក៏ធ្លាប់បានចាប់ឃាត់ពលរដ្ឋអ្នកដំណើរដែលបើកបរល្មើសយកទៅធ្វើការអប់រំ ឬផាក​ពិន័យទៅតាមច្បាប់ផងដែរ ​ប៉ុន្តែបាតុភាពនេះនៅតែម្តងកើតមានទៀត ៕ អត្ថបទ ៖ លីហេង

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀនជាងកន្លះគីឡូក្រាម នៅស្រុកដងទង់

2023/08/30 02:29:30 pm        703
កំពត៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ងួន អៀម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកែវក្រសាំង ​សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម។ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០នាទី បន្ទាប់ពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍មកថា ជនសង្ស័យខាងលើយកថ្នាំញៀន ទៅចែកចាយនៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។ សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ និងមានការឯកភាពពីឯកឧត្តម ​ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំ​ដោយលោកវរសេនីយ៍ឯក សុខ ចាន់ដារ៉ា ​ស្នងការរង ជួយផែនការងារប្រឆាំងគ្រឿងញៀន ធ្វើ​យុទ្ធនាការបង្ក្រាប ហើយក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ពិតប្រាកដមែន ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច បានរិបអូសវត្ថុតាង និងសាធាតុញៀនជាងកន្លះគីឡូក្រាម ក្នុងនោះ​មាន ថ្នាំញៀន ១៣កញ្ចប់ , ថ្នាំញៀន WY ២៧គ្រាប់, ជញ្ជីង​អេឡិចត្រូនិច ២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ​កំលាំងជំនាញបាននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

នគរបាលនីហ្សេរីយ៉ាបានចាប់ខ្លួនមនុស្សជាង២០០នាក់ ដោយសង្ស័យថាស្រលាញ់ភេទដូចគ្នា

2023/08/30 02:26:22 pm        409
នីហ្សេរីយ៉ា៖ នគរបាលនីហ្សេរីយ៉ាបានចាប់ខ្លួនមនុស្សជាង២០០នាក់នៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃចន្ទ (២៨សីហា) នៅក្នុងការចាប់ខ្លួនដ៏ធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលផ្តោតលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារបស់ប្រទេសនេះ។ អ្នកនាំពាក្យនគរបាលនៅរដ្ឋ Delta ភាគខាងត្បូងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ (២៩សីហា)ថា មនុស្ស៦៧នាក់នឹងត្រូវបានកាត់ទោសពីបទ «បានប្រព្រឹត្តនិងចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នា»។ទំនាក់ទំនងផ្លូវភេទដូចគ្នា ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ បានអនុម័តការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៤ឆ្នាំសម្រាប់មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទចូលទៅក្នុងសហជីពស៊ីវិលភេទដូចគ្នា។ នៅក្នុងការផ្សាយបន្តផ្ទាល់កាលពីថ្ងៃអង្គារ មន្ត្រីនគរបាលម្នាក់បានពណ៌នាព្រឹត្តិការណ៍នេះថាជារឿងដ៏អាក្រក់ ហើយមន្រ្តីរូបនោះបន្ថែមថា «យើងមិនអាចចម្លងតាមវប្បធម៌ពិភពលោកខាងលិចបានទេ ព្រោះយើងជានីហ្សេរីយ៉ា ហើយយើងត្រូវតែធ្វើតាមវប្បធម៌របស់ប្រទេសយើង»។អង្គការលើកលែងទោសអន្តរជាតិនីហ្សេរីយ៉ាបានថ្កោលទោសស្ថានភាពនេះថាជា «ការព្យាយាមទម្លាក់កំហុសដ៏អាក្រក់បំផុត»។ អង្គការនេះបានអំពាវនាវឱ្យនគរបាលរដ្ឋ Delta ដោះលែងអ្នកជាប់ឃុំឃាំង ដែលត្រូវបានចាប់ខ្លួន និងបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបញ្ចប់ជាបន្ទាន់ចំពោះការចាប់ខ្លួនដោយមានគំនិតអាក្រក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter៕

ក្រុមមន្ត្រីយោធាប្រទេសហ្គាបុងអះអាងថា បានដណ្តើមអំណាចក្រោយការបោះឆ្នោត

2023/08/30 02:11:52 pm        454
ហ្គាបុង៖ ក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសហ្គាបុង បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិនៅព្រឹកព្រលឹមថ្ងៃពុធ (៣០សីហា)នេះ ហើយបាននិយាយថាពួកគេបានឡើងកាន់អំណាច បន្ទាប់ពីស្ថាប័នបោះឆ្នោតរដ្ឋបានប្រកាសថា លោកប្រធានាធិបតី Ali Bongo បានឈ្នះឆ្នោតអាណត្តិទីបី។ដោយលេចមុខតាមកញ្ចក់ទូរទស្សន៍ហ្គាបុងបុស្តិ៍លេខ២៤ ក្រុមមន្ត្រីទាំងនោះបាននិយាយថា ពួកគេតំណាងឲ្យកម្លាំងសន្តិសុខ និងកម្លាំងការពារទាំងអស់ក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។ ពួកគេបាននិយាយថា លទ្ធផលបោះឆ្នោតត្រូវបានលុបចោល ព្រំដែនទាំងអស់ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម ហើយស្ថាប័នរដ្ឋក៏ត្រូវបានរំលាយផងដែរ។អ្នកយកព័ត៌មាន រ៉យទ័រ ម្នាក់បាននិយាយថា សំឡេងកាំភ្លើងធំអាចត្រូវបានគេឮនៅក្នុងរដ្ឋធានី Libreville (លីប្រេវីល) បន្ទាប់ពីការបង្ហាញខ្លួនតាមទូរទស្សន៍នោះ។ ក្រុមមន្ត្រីទាំងនោះបាននិយាយថា «ក្នុងនាមប្រជាជនហ្គាបុងទាំងអស់ យើងបានសម្រេចចិត្តការពារសន្តិភាពដោយការបញ្ចប់របបបច្ចុប្បន្ន»។ប្រសិនបើការដណ្ដើមអំណាចនោះបានជោគជ័យ រដ្ឋប្រហារមួយនេះនឹងតំណាងឱ្យរដ្ឋប្រហារទីប្រាំបីនៅអាហ្វ្រិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ២០២០មក។ គួររម្លឹកផងដែរថា រដ្ឋប្រហារនៅប្រទេសម៉ាលី ហ្គីណេ ប៊ូគីណាហ្វាសូ ឆាដ និងនីហ្សេ និងបានធ្វើឱអន្តរាយដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖អ៊ុយក្រែនបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតលើដីរុស្ស៊ីក្នុងរយៈពេល១៨ ខែ

2023/08/30 02:09:15 pm        411
អ៊ុយក្រែន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានឲ្យដឹងថា យោធាអ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនដ៏ធំលើតំបន់ចំនួន៦ក្នុងប្រទេសរុស្ស៊ីនៅពេលយប់ថ្ងៃពុធ ដែលធ្វើ្វឲ្យវាក្លាយជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតរបស់អ៊ុយក្រែន នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល១៨ខែ។ប្រទេសរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយយានដ្រូន ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើតំបន់ចំនួន៤នៅភាគខាងត្បូងនៃទីក្រុងមូស្គូ គឺ កាលូហ្គា ( Kaluga), រីអាហ្សាន(Ryazan) ប្រ៊ីអានស្ក៍ (Bryansk)និងអ័រយ៉ូល ( Oryol) ក៏ដូចជាតំបន់មូស្គូខ្លួនឯង និងតំបន់ប៉េស្កូវ (Pskov) នៅភាគពាយព្យនៃប្រទេស នៅជិតប្រទេសអេស្តូនី។ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ការវាយប្រហារនៅតំបន់ប៉េស្កូវ បានបង្កការខូចខាតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងនេះ ដោយបានបំផ្លាញយន្តហោះដឹកជញ្ជូនយោធាចំនួន៤គ្រឿង។ ជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋានសម្រាប់ថ្ងៃពុធ ត្រូវបានលុបចោល ខណៈដែលក្រុមមន្ត្រីក្នុងតំបន់វាយតម្លៃការខូចខាត៕

គ្រូបង្រៀនអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានកាត់ទោសប្រហារជីវិតជុំវិញការរិះគន់គ្រួសារដែលកំពុងកាន់អំណាចនៅលើបណ្តាញសង្គម

2023/08/30 01:46:23 pm        410
អារ៉ាប៊ីសាអ៊ូឌីត៖ តុលាការអារ៉ាប៊ីសាអ៊ូឌីត បានកាត់ទោសប្រហារជីវិតគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ជុំវិញការរិះគន់គ្រួសារដែលកំពុងកាន់អំណាចនៅក្នុងសារទៅកាន់អ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៩នាក់របស់គាត់។យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស លោក ម៉ូហាមេដ អាល់ ហ្គាមឌី (Mohammed al-Ghamdi) មានវ័យ ៥៤ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃទី១០ ខែកក្កដាសម្រាប់បទល្មើសផ្សេងៗទាក់ទងនឹងសកម្មភាពរបស់គាត់នៅលើកម្មវិធីYouTube និង X ដែលពីមុនត្រូវបានគេស្គាល់ថាជាTwitter។ សេចក្តីសម្រេចនេះ អាចជាការកាត់ទោសប្រហារជីវិតលើកដំបូងសម្រាប់ការបង្ហោះតាមបណ្តាញសង្គម។តាមរបាយការណ៍ ការចោទប្រកាន់ដែលត្រូវបានចោទប្រកាន់លើគ្រូបង្រៀនដែលចូលនិវត្តន៍នោះ រួមមាន«ការពិពណ៌នាអំពីព្រះមហាក្សត្រ ឬរជ្ជទាយាទ ក្នុងផ្លូវមួយដែលធ្វើប៉ះពាល់សាសនា ឬយុត្តិធម៌» «គាំទ្រមនោគមវិជ្ជាភេរវកម្ម» និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ «ដោយមានចេតនាអនុវត្តឧក្រិដ្ឋកម្មភេរវកម្ម»។កាលពីថ្ងៃព្រហស្បតិ៍ ប្អូនប្រុសរបស់លោក ម៉ូហាមេដ គឺលោកសាអ៊ីដ ហ្គាមឌី ( Saeed al-Ghamdi) បានបង្ហោះលើ Twitter ថា ការកាត់ទោសលើបងប្រុសរបស់លោក អាចជាការប៉ុនប៉ង «បំបាក់ទឹកចិត្តខ្ញុំផ្ទាល់ បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបញ្ជូនខ្ញុំទៅប្រទេស»។ លោកសាអ៊ីដ ជាអ្នកប្រាជ្ញឥស្លាម រស់នៅក្នុងការនិរទេសខ្លួនឯងក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត តាមចាប់ខ្លួន៕

ទីភ្នាក់ងារប្រេស៊ីល៖ រុស្ស៊ីនឹងមិនស៊ើបអង្កេតការធ្លាក់យន្តហោះរបស់លោក Prigozhin ក្រោមច្បាប់អន្តរជាតិ

2023/08/30 01:44:05 pm        410
រុស្ស៊ី៖ ទីភ្នាក់ងារប្រេស៊ីល កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់អាជ្ញាធរស៊ើបអង្កេតយន្តហោះរបស់ប្រទេសប្រេស៊ីលថា ខ្លួននឹងមិនស៊ើបអង្កេតការធ្លាក់យន្តហោះ Embraer ផលិតនៅប្រទេសប្រេស៊ីល ដែលបានសម្លាប់មេដឹកនាំរបស់ក្រុមទាហានស៊ីឈ្នួល លោក Yevgeny Prigozhin ក្រោមច្បាប់អន្តរជាតិ នាពេលនេះនោះទេ។សូមបញ្ជាក់ថា លោក Prigozhin អនុសេនីយ៍ឯក ២រូបនៃក្រុមទាហានស៊ីឈ្នួល Wagner របស់លោក និងអង្គរក្ស ៤នាក់ សុទ្ធតែស្ថិតនៅក្នុងចំណោមមនុស្ស ១០នាក់ ដែលបានបាត់បង់ជីវិត នៅពេលដែលយន្តហោះ Embraer Legacy 600 បានធ្លាក់នៅភាគខាងជើងទីក្រុងម៉ូស្គូ កាលពីសប្តាហ៍មុន។មរណភាពរបស់មេដឹកនាំរូបនេះ កើតមានឡើងក្នុងរយៈពេល ២ខែ មកទល់នឹងថ្ងៃកើតហេតុនោះ ពោលគឺបន្ទាប់ពីមានការបះបោររយៈខ្លីមួយប្រឆាំងនឹងស្ថាប័នការពារជាតិរុស្ស៊ី ដែលការរំជើបរំជួលមួយវឹបនោះ បានបង្កជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ចាប់តាំងពីលោកបានឡើងកាន់អំណាច ក្នុងឆ្នាំ១៩៩៩។ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនោះ ក្នុងគោលបំណងធ្វើឲ្យសុវត្ថិភាពអាកាសចរណ៍ប្រសើរឡើង មជ្ឈមណ្ឌលស្រាវជ្រាវ និងការពារឧបទ្ទវហេតុផ្លូវអាកាសរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា CENIPA បាននិយាយថា ខ្លួននឹងចូលរួមការស៊ើបអង្កេតដែលដឹកនាំដោយរុស្ស៊ី ប្រសិនបើមានការអញ្ជើញ ហើយការស៊ើបអង្កេតធ្វើឡើងក្រោមច្បាប់អន្តរជាតិ។បន្ទាប់ពីមជ្ឈមណ្ឌល បានផ្ញើសារអេឡិចត្រូនិក កាលពីសប្តាហ៍មុន ដោយសួរទៅប្រទេសរុស្ស៊ីថា តើខ្លួននឹងបើកការស៊ើបអង្កេតដែរ ឬទេ នាយក CENIPA លោក Marcelo Moreno បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «អាជ្ញាធររុស្ស៊ីមិនមានកាតព្វកិច្ច ក្នុងការស៊ើបអង្កេតនោះឡើយ ដោយនេះគ្រាន់តែជាការផ្តល់អនុសាសន៍ឲ្យមានសកម្មភាពបែបនេះប៉ុណ្ណោះ»។យ៉ាងណាក្ដី CENIPA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិកថា បជ្ឈមណ្ឌលទទួលបានការឆ្លើយតបពីគណៈកម្មាធិការអាកាសចរណ៍អន្តររដ្ឋ ដែលជាគណៈកម្មការស៊ើបអង្កេតឧប្ទវហេតុ (IAC) កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) ដោយអាជ្ញាធររុស្ស៊ី បានប្រាប់ថា ខ្លួននឹងមិនបើកឲ្យមានការស៊ើបអង្កេតនាពេលនេះនោះទេ តាមឧបសម្ព័ន្ធទី១៣ (Annex 13)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM