សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ប្រតិបត្តិការបោសសម្អាតចាប់ផ្តើម ជើងហោះចាប់ផ្តើមហោះហើរឡើងវិញក្រោយព្យុះទីហ្វុង Khanun វាយប្រហារប្រទេសជប៉ុន

2023/08/04 03:27:10 pm        260
ជប៉ុន៖  ការបោសសម្អាតការខូចខាតបន្សល់ទុកពីព្យុះទីហ្វុង Khanun បានចាប់ផ្តើមហើយនៅខេត្តគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព Okinawa របស់ប្រទេសជប៉ុន ស្របពេលដែលប្រតិបត្តិការជើងហោះហើរ បានចាប់ផ្តើមឡើងវិញ នៅអាកាសយានដ្ឋានក្នុងរដ្ឋធានី Nahaរបស់ខេត្តមួយនេះ ។  ព្យុះទីហ្វុង Khanunបានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ៦២នាក់ផ្សេងទៀត រងរបួសហើយនិងបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ២០ម៉ឺនគ្រួសារក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ នៅខេត្ត Okinawa ។  ក្រសួងដឹកជញ្ជូនជប៉ុន និយាយថា អាកាសយានដ្ឋាន Naha បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយបិទសេវាកម្មរយៈពេល ២ថ្ងៃ ប៉ុន្តែជើងហោះហើរ ៣០៤វ៉ុល ត្រូវបានលុបចោល ។  ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ព្យុះទីហ្វុង Khanunដែលមានន័យថាផ្លែខ្នុរនៅក្នុងភាសាថៃ កំពុងបោកបក់យឺតៗទៅទិសពាយព្យនៅក្នុងសមុទ្រចិនខាងកើត ជាមួយនឹងកម្លាំងខ្យល់បក់ ១៦២គ.មក្នុង១ម៉ោង ហើយនិងសន្ទុះខ្យល់បក់ ២៣៤គ.មក្នុង១ម៉ោង ហើយពួកគេបានព្យាករណ៍ថា វាលែងវាយប្រហារចំលើប្រទេសចិនទៀតហើយ ៕

ប្រជាពលរដ្ឋក្រុងម៉ុមបៃរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោម ប្រឈមនឹងអសុវត្ថិភាពដ៏គ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ

2023/08/04 03:23:19 pm        225
ឥណ្ឌា៖ ស្ថិតនៅកណ្តាលប៉មអគារប្រណីតនៃតំបន់ប្រៃសណីយ៍ផ្តាច់មុខបំផុតរបស់ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា គឺជាប្លុកអគារដ៏ចាស់ទ្រុធទ្រោមមួយកន្លែង ដែលជាហានិភ័យអសុវត្ថិភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សមួយចំនួនដែលរស់នៅទីនោះ ។  មនុស្សប្រហែល ៦០០នាក់ ដែលភាគច្រើនគឺជាមន្រ្តីរដ្ឋការថ្នាក់កណ្តាល និងក្រុមគ្រួសាររបស់ពួកគេ រស់នៅក្នុងប្លុកអគារចាស់ខូចរបស់រដ្ឋមួយនេះ ដែលស្ថិតនៅសង្កាត់ Worli ជាកន្លែងដែលកូនស្រីអ្នកមានជាងគេបំផតរបស់ឥណ្ឌាលោក Mukesh Ambani រស់នៅទីនោះផងដែរ ។  ក្មេងៗនាំគ្នាលេងនៅក្រៅបន្ទប់របស់ពួកគេតាមច្រករបៀង ដែលមានស្នាមប្រេះ បែកបាក់ ហើយចម្រឹងដែកទ្រគ្រោងអគារ អាចមើលឃើញលានចេញពីស៊ីម៉ង់ត៍នៅតាមកម្រាលឥដ្ឋ និងពិដាន ។  លោក Pandu Ramគឺជាពលរដ្ឋមួយរូបរស់នៅក្នុងអគារចាស់ទ្រុធទ្រោមនេះ និយាយថា ពួកយើងបានរស់នៅក្នុងអគារដែលការងារជួសជុលពុំទាន់បញ្ចប់ទាំងស្រុង ។ ដូច្នេះហើយ ពួកយើងខ្លាច ហើយនិងគិតថា អគារនេះ អាចនឹងបាក់នៅពេលណាមួយជាក់ជាពុំខាននោះឡើយ ។  លោកបន្តថា លោកមានកូនស្រីអាយុ ៤ឆ្នាំម្នាក់ និងភរិយារបស់ខ្ញុំ ហើយពេលខ្លះពួកគេខ្លាចខ្លាំងណាស់ ។   ប្រជាពលរដ្ឋទាំងនេះ បានសម្រេចចិត្តរស់នៅក្នុងប្លុកអគារចាស់ទ្រុធទ្រោមនេះ ដោយសារតែទីតាំងរបស់វាស្ថិតនៅកណ្តាល ជិតការិយាល័យពួកគេធ្វើការ ។  មន្រ្តីរដ្ឋាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់សារព័ត៌មាន និយាយថា ប្រជាពលរដ្ឋរស់នៅក្នុងប្លុកអគារនេះ ពុំទទួលយកការជូនដំណឹងបណ្តេញចេញ ប៉ុន្តែរដ្ឋបានផ្តល់ជម្រើសស្នាក់នៅផ្សេងដល់ពួកគេនៅតំបន់ជាយក្រុង ។   ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើន និយាយថា ការធ្វើទៅកាន់ និងមកពីការិយាល័យរបស់ពួកគេធ្វើការនៅសង្កាត់ Worliត្រូវការចំណាយច្រើន ហើយប្រើពេលយូរថែមទៀតផង ៕

សេដ្ឋវិទូព្រមានអំពីនៃការពិបាកខ្លាំងក្នុងគ្រប់គ្រងលើវដ្តៈឡើងចុះនៃសេដ្ឋកិច្ចអាមេរិក

2023/08/04 02:48:30 pm        93
អាមេរិក៖ អ្នកយុទ្ធសាស្រ្តទីផ្សាររបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីកំណើនហានិភ័យនៃវដ្តៈដ៏លំបាកនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយសារតែការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីការសម្រេច ដោយទីភ្នាក់ងារវាយតម្លៃឥណទាន Fitch កាលពីថ្ងៃអង្គារ ក្នុងការកាត់បន្ទាបចំណាត់ថ្នាក់ឥណទានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បាននិយាយថា លោកស្រីមិនយល់ស្របយ៉ាងទាល់តែសោះចំពោះការទម្លាក់ចំណាត់ថ្នាក់ ដោយហៅរឿងនេះថាជាការបំពាន និងផ្អែកលើទិន្នន័យហួសសម័យ។ លោក Matt Maley ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុនវិនិយោគ Miller Tabak and Company បានពិភាក្សាអំពីកត្តាដែលអាចចូលទៅក្នុងការសម្រេចរបស់ទីភ្នាក់ងារ Fitch រួមទាំងអ្វីដែលលោកបានហៅថា លទ្ធភាពនៃវដ្តៈឡើងចុះដ៏លំបាកនាពេលខាងមុខ។សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ Fitch បានអះអាងថា សហរដ្ឋអាមេរិកបានជួបប្រទះនឹងការធ្លាក់ចុះជាលំដាប់នៃស្តង់ដារអភិបាលកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រួមទាំងលើបញ្ហាសារពើពន្ធ និងបំណុល បើទោះបីជាកិច្ចព្រមព្រៀងទ្វេភាគីខែមិថុនា ដើម្បីផ្អាកដែនកំណត់បំណុលរហូតដល់ខែមករា ឆ្នាំ២០២៥ក៏ដោយ។ទោះជាយ៉ាងនេះក្តី បញ្ហាប្រឈមភ្លាមៗនេះអាចមកពីការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារ Fed នេះបើយោងតាមលោក Maley។ បន្ទាប់ពីការផ្អាកនៅក្នុងខែមិថុនា ធនាគារ Fed កាលពីថ្ងៃពុធ (២ សីហា) បានបង្កើនអត្រាការប្រាក់ចំនួន០,២៥% ដោយធ្វើឲ្យការចំណាយលើខ្ចីប្រាក់គោលឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ៕

កវីមីយ៉ាន់ម៉ា ក្លាយជាមេបញ្ជាការក្រុមជីវពលក្នុងសង្រ្គាមទាមទារលទ្ធិប្រជាធិបតេយ្យ

2023/08/04 02:45:36 pm        133
មីយ៉ាន់ម៉ា៖  ពេលដែលយោធាដណ្តើមគ្រប់គ្រងអំណាចនៅសហភាពមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ លោក Maung Saungkha(ម៉ោង សោងខា) ដែលជាកវី និងជាសកម្មជនប្រឆាំងសង្រ្គាម ដូចគ្នានឹងមនុស្សរាប់លាននាក់ផ្សេងទៀត ដែលបានដង្ហែក្បួនតាមដងផ្លូវដើម្បីតវ៉ា ។  ប៉ុន្តែក្រោយពីមិត្តភក្តិរបស់លោក ត្រូវបានគេវាយធ្វើបាប និងចាប់ខ្លួនរួចមកនោះ លោកបានបាត់បង់ជំនឿចិត្តថា បាតុកម្មដោយសន្តិវិធីលែងអាចជួយទម្លាក់អំណាចរបបសឹកបានទៀតហើយ ក្រោយពីពួកគេ បានផ្តួលរំលំរដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ។  ក្រោយពីមានការចេញដីការចាប់ខ្លួនលោក ហើយនិងការជឿជាក់ថា លោកនឹងត្រូវជាប់ពន្ធនាគារក្នុងពេលដ៏ខ្លីខាងមុខនេះនោះ លោក Maung Saungka និងមិត្តភក្តិមួយចំនួនទៀតរបស់លោក បានរត់ភៀសខ្លួនទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា ។  នៅទីនោះ ពួកគេបានបង្កើតកងទ័ពរំដោះប្រជាជនភាគតិចបាម៉ា (BPLA)ហើយនិងបានជ្រើសរើសលោក Maung Saungkha ធ្វើជាមេដឹកនាំរបស់ពួកគេ ។   រយៈពេល ២ឆ្នាំក្រោយមក បុរសវ័យ ៣០ឆ្នាំម្នាក់នេះ បានស្ថិតនៅក្នុងចំណោមឥស្សរជនលេចធ្លោលបំផុតកំពុងធ្វើសង្រ្គាមទាមទារលទ្ធិប្រជាធិបតេយ្យនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។  នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រចេញពីជំរំក្នុងព្រៃរបស់លោក លោក Maung Saungkha និយាយថា ពួកយើងជ្រើសរើសការកាន់អាវុធ ដោយសារតែពួកយើងគ្មានជម្រើសទៀតនោះទេ ។ គ្មានរណាម្នាក់ចង់ធ្វើបែបនេះនោះទេ ពួកយើងត្រូវបានគេបង្ខំឲ្យដើរផ្លូវបែបនេះ ។  សូមបញ្ជាក់ថា លោក Maung Saungkhaបានក្លាយជាឥស្សរជនសាធារណៈនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៥ ពេលដែលលោកចុះផ្សាយកំណាព្យបែបកំប្លែងនៅលើបណ្តាញព័ត៌មានសង្គម Facebook ៕

លោក ដូណាល់ ត្រាំ និយាយថា ការព្យាយាមចោទប្រកាន់រូបលោក ជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អាមេរិក

2023/08/04 02:42:03 pm        87
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការកាត់ក្តីរបស់លោកលើការចោទប្រកាន់ពីការព្យាយាមបង្វែរការបោះឆ្នោតឆ្នាំ២០២០ ថា នេះជាថ្ងៃដ៏សោកសៅបំផុតសម្រាប់សហរដ្ឋអាមេរិក។លោក ត្រាំ បានធ្វើអត្ថាធិប្បាយនៅអាកាសយានដ្ឋានជាតិ Reagan នៅពេលដែលលោករៀបចំចេញដំណើរបន្ទាប់ពីបានផ្ដល់ចម្លើយពីភាពគ្មានទោស នៅក្នុងតុលាការសហព័ន្ធវ៉ាស៊ីនតោន។ លោក ត្រាំ បាននិយាយថា លោកកំពុងត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដោយសារតែខ្លួនបានអះអាងថា កំពុងនាំមុខក្នុងការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤ខាងមុខនេះ។លោក ត្រាំ ត្រូវបានចោទប្រកាន់ថា បានប្រើអំណាចរដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយ។ ការចោទប្រកាន់លើកដំបូងក្នុងចំណោមការចោទប្រកាន់ពីររបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០១៩ គឺសម្រាប់ការដាក់សម្ពាធអ៊ុយក្រែនឱ្យស៊ើបអង្កេតគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោក ចូ បៃដិន ។ ព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានអនុញ្ញាតរូបលោករួចពីបទចោទទាំងនោះ៕

ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៦៦ភាគរយ នៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល

2023/08/04 02:38:58 pm        78
ប្រេស៊ីល៖តួលេខបឋនរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានធ្លាក់ដល់កម្រិតទាបបំផុតសម្រាប់រយៈពេល ១ ខែ ចាប់តាំងពីឆ្នាំ ២០១៧រហូតមក ដើម្បីជំរុញជំហររបស់លោកប្រធានាធិបតី Luiz Inacio Lula da Silva លើគោលនយោបាយបរិស្ថានមុនកិច្ចប្រជុំកំពូលស្តីពីប្រទេសព្រៃជប់ទឹកភ្លៀង ។  ទិន្នន័យផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល INPE បង្ហាញថា ព្រៃជប់ទឹកភ្លៀង ៥០០គ.មក្រឡា ត្រូវបានទន្រ្ទានក្នុងរយៈពេល ១ខែ ពោលគឺធ្លាក់ចុះចំនួន ៦៦ភាគរយ ពីរយៈពេលតែមួយកាលពីឆ្នាំមុន ។  តួលេខថ្មីនេះដែរ បានកើតមានឡើង ស្របពេលដែលលោក Lulaនឹងជួបជុំគ្នាជាមួយក្រុមមេដឹកនាំប្រទេសតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនក្នុងកិច្ចប្រជុំកំពូលនៅតំបន់ភាគខាងជើងប្រទេសប្រេស៊ីល ដើម្បីពិភាក្សាលើវិធានការការពារព្រៃជប់ទឹកភ្លៀងធំបំផុតរបស់ពិភពលោកមួយនេះ ។  ប្រធានសមាគមបរិស្ថានស៊ីវិល Observatorio Do Clima អ្នកស្រី Marcio Astrini បានកោតសរសើរចំពោះការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនេះនៅខែដំបូងៗនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Lula ប៉ុន្តែអ្នកស្រីនិយាយថា ប្រេស៊ីលនៅតែបាត់បង់ទ្រង់ទ្រាយធំដដែល ដោយពួកគេត្រូវការស្តាឡើងវិញច្រើន ។  អ្នកស្រី Astrini បន្តថា ខ្ញុំគិតថា ទំនោរដូចជាធ្លាក់ចុះ ពួកយើងនឹងបន្តមើលឃើញចំនួនកាប់បំផ្លាញព្រៃឈើធ្លាក់ចុះ ប៉ុន្តែវាមិនមែនមានន័យថា ចំនួនធ្លាក់ចុះនេះល្អនោះទេ ។  អ្នកស្រីនិយាយទៀតថា វាមានន័យថា វាគ្រាន់តែល្អជាងចំនួនកាប់បំផ្លាញព្រៃឈើកាលពីមុនប៉ុណ្ណោះ នៅក្នុងស្ថានភាពតែមួយ ឬក្នុងរយៈពេលខ្លី ។ ប៉ុន្តែនៅមុនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ចំនួនមធ្យមនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូន មានចំនួន ៦.៥០០គ.មក្រឡា ហើយពួកយើងនៅតែនិយាយពីការកាប់បំផ្លាញព្រៃឈើប្រហែល ១ម៉ឺនគ.មក្រឡានៅដំណាច់ឆ្នាំ ។ ហេតុដូច្នេះហើយ ពួកយើងនៅតែបាត់បង់ច្រើនដដែល ហើយពួកយើងត្រូវការស្តាឡើងវិញច្រើនណាស់ ៕

គ្រោះរាំងស្ងួត គំរាមកំហែងដល់ការរស់នៅរបស់គ្រួសារជនជាតិដើមភាគតិចនៅបឹង Titicaca ប្រទេសបូលីវី

2023/08/04 02:36:07 pm        118
បូលីវី៖ជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារជនជាតិដើមភាគតិចនៅជិតបឹង Titicacaប្រទេសបូលីវី រងការកំរាមកំហែងខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួត បង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការធ្វើកសិកម្មចិញ្ចឹមជីវិត ។  ការងារប្រចាំថ្ងៃរបស់អ្នកភូមិដូចជាលោក Huarina និងអ្នកស្រី Chuaបានរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹក ។ ដោយសារតែគ្រោះរាំងស្ងួត ទូកបច្ចុប្បន្នបានចតចោលនៅលើមាត់បឹងស្ងួត ដែលនៅឆ្ងាយពីផែ និងមានចំណីតិចតួចប៉ុណ្ណោះ សម្រាប់ការចិញ្ចឹមសត្វ ហើយការដាំដំណាំ ក៏ពិបាកខ្លាំងណាស់ដែរ ។  អ្នកស្រី Gabriel Flores Floresគឺជាអនុប្រធានក្រុមប្រឹក្សាស្រុក Arasayaនិយាយថា កង្វះខាតទឹក ដែលកំពុងឲ្យប៉ះពាល់ដល់សហគមន៍ គឺជាផលវិបាកមួយនៃសកម្មភាពក្រុមហ៊ុនបរទេសនៅក្នុងតំបន់នោះ ។  អ្នកស្រី Floresបន្តថា ហេតុអ្វីបានជាពួកយើងមើលឃើញការឡើងកម្តៅផែនដី? គឺដោយសារតែឧស្សាហកម្មបរទេសធំៗ របស់អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន ។ ប្រទេសធំៗទាំងនេះ គឺជាអ្នកបង្កឲ្យមានការបំពុល ហើយពួកយើងគឺជារងផលប៉ះពាល់ ។ ដូចដែលអ្នកឃើញស្រាប់ហើយថា ទឹករីងស្ងួតអស់ទៅហើយ ។ វាត្រូវស្ងួតបែបនេះ បើសិនជាផែនដីរងការឆាប់ឆេះហើយនោះ ។  យោងតាមការអះអាងរបស់លោក Lucia Walperដែលជាវិស្វករនៅសេវាឧតុនិយម និងជលសាស្ត្រជាតិបូលីវី បានឲ្យដឹងថា ទឹកជំនន់ធម្មតានៅក្នុងបឹង លែងមានអស់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាហេតុនាំឲ្យមានកង្វះខាតទឹកក្នុងបឹង ៕

ម្ចាស់សត្វចិញ្ចឹមជនជាតិចិន រកវិធីថែទាំសុនខ និងឆ្មាខ្លាំងជាងមុន សម្រាប់រដូវក្តៅដ៏ហួតហែងនេះ

2023/08/04 02:32:37 pm        89
ចិន៖ នៅពេលដែលសីតុណ្ហភាព ក្នុងប្រទេសចិន ឡើងក្ដៅកាន់តែខ្លាំង ម្ចាស់សត្វចិញ្ចឹមទាំងឡាយ កំពុងស្វែងរកវិធីថ្មី ដើម្បីការពារមិត្តភក្តិជើងបួនរបស់ពួកគេពីកម្ដៅ ដោយទិញកម្រាលត្រជាក់ សម្លៀកបំពាក់ និងមួកការពារកម្ដៅព្រះអាទិត្យដ៏តូច សម្រាប់សត្វសុនខ និងឆ្មា។លោកស្រី Mi Jiayi អ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ នៅទីក្រុងស៊ាងហៃ (Shanghai) បានចំណាយប្រាក់ជាង ៥០០យ័ន (៧០,០៤ដុល្លារអាមេរិក) ដើម្បីទិញអាវកាក់ត្រជាក់ សម្រាប់សុនខពូជចម្រុះដ៏តូចឈ្មោះ Mary ដែលនាងចិញ្ចឹម។ ដើម្បីប្រើប្រាស់អាវកាក់នេះ លោកស្រីត្រូវជ្រលក់ក្នុងទឹកសិន មុននឹងបកវាចេញ។ការស្វែងរកនៅលើទីផ្សារអនឡាញ JD.com និង Taobao របស់ក្រុមហ៊ុន Alibaba បង្ហាញឲ្យឃើញពីផលិតផលការពារកម្តៅព្រះអាទិត្យ និងផលិតផលការពារស្រដៀងគ្នារាប់រយមុខ សម្រាប់សត្វសុនខ និងឆ្មា ដែលមានតម្លៃរហូតដល់ ១០០ដុល្លារអាមេរិក។យោងតាមទិន្នន័យពីក្រុមហ៊ុន Euromonitor International បានឲ្យដឹងថា ទីផ្សារសម្រាប់លក់ផលិតផលសត្វចិញ្ចឹម នៅប្រទេសចិន ដែលរាប់តាំងពីការថែទាំសុខភាព និងប្រដាប់ប្រដារលេង រហូតដល់ផ្ទះសម្រាប់សត្វដេក និងសំលៀកបំពាក់ មានតម្លៃ ៥,១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានព្យាករថា វានឹងកើនឡើងដល់ជិត ៦ពាន់លានដុល្លារ សនៅឆ្នាំនេះ។ប្រទេសចិន បានជួបប្រទះនឹងការឡើងកម្ដៅខ្ពស់បំផុតជាច្រើនដង ក្នុងខែមិថុនា និងកក្កដា ដោយសីតុណ្ហមានសំណើម នៅទីក្រុងស៊ាងហៃ ឡើងដល់ ៣៧អង្សារសេ ហើយរដ្ឋធានីប៉េកាំង ឡើងជាង ៤១អង្សារសេ៕

អាមេរិកនិងរុស្ស៊ី ស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/08/04 02:30:08 pm        129
អាមេរិក៖ សហរដ្ឋអាមេរិក បានថ្កោលទោសការដកខ្លួនរបស់រុស្ស៊ី ចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពុងផែសមុទ្រខ្មៅ ដែលបានចាត់ទុកចំណាត់ការនេះជាការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាដេញបើកចំហរមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សា ពីអសន្តិសុខស្បៀង និងគ្រោះទុរ្ភិក្សជំរុញដោយជម្លោះ។ ប្រទេសនេះបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សានៅខែសីហានេះ។ ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ប្រធានាធិបតីថា ថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រោះទុរ្ភិក្សជាវិធីសាស្ត្រនៃសង្គ្រាម ដោយមិនបានអធិប្បាយអំពីប្រទេសឬតំបន់ច្បាស់លាស់នោះទេ។ អំឡុងពេលនៃការជជែកដេញដោល ប្រទេសជាច្រើន បានរិះគន់រុស្ស៊ីសម្រាប់ការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានរិះគន់ខ្លាំងចំពោះទីក្រុងមូស្គូ សម្រាប់ការបំផ្ទុះគ្រាប់បែកនៅទីតាំងជង្រុករបស់អ៊ុយក្រែន ដាក់គ្រាប់មីននៅច្រកចូលកំពង់ផែ និងគំរាមវាយប្រហារនាវាណាមួយនៅសមុទ្រខ្មៅ បន្ទាប់ពីមានការផ្អាកកិច្ចព្រមព្រៀង។  លោកនិយាយថា យើងត្រូវតែដោះស្រាយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងលទ្ធផលនៃការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ អ្នកតំណាងអចិន្ត្រៃយ៍រងទី១ប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានវាយបកថា មានស្បៀងអាហារគ្រប់គ្រាន់នៅលើពិភពលោក។ លោកនិយាយថា បញ្ហានោះគឺថាវាត្រូវបានបែងចែកដោយមិនស្មើភាពគ្នា៕

ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងប្រទេសចិន ឡើងជិះទូកសង្រ្គើបន្ទាន់ ខណៈផ្លូវខូចអំឡុងទឹកជំនន់ដ៏ធ្ងន់ធ្ងរ

2023/08/04 02:25:38 pm        80
ចិន៖  ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងប្រទេសចិនដែលញាំញីដោយសារតែទឹកជំនន់ បានឡើងជិះទូកសង្រ្គោះបន្ទាន់ដើម្បីជម្លៀសខ្លួន ស្របពេលដែលក្រុមការងារ កំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ។   រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ CCTVឃើញ ក្រុមអ្នកជម្លៀសចុះពីអគារជន់លិច រួចឡើងជិះទូកសង្រ្គោះបន្ទាន់នៅទីក្រុងជូចូវ ខេត្តហ៊ើប៉ី ។   មន្រ្តីមួយរូបរបស់នាយកដ្ឋានធនធានទឹក បាននិយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែទើបបានស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។  មកទល់នឹងពេលនេះ ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងរដ្ឋធានីប៉េកាំងមួយនេះ ត្រូវបានជម្លៀសខ្លួន ។  ដោយឡែក រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញរថយន្តមួយគ្រឿងបើកចេញពីផ្លូវបាក់ ហើយធ្លាក់ចុះរណ្តៅខាងក្រោម ស្ថិតនៅខេត្តហីឡុងជាំង ស្របពេលដែលក្រុមអាជ្ញាធរព្រមានពីអាកាសធាតុធ្ងន់ធ្ងរសល់ពីចំហាយព្យុះទីហ្វុង Doksuri ។  អ្នកដំណើរឆ្លងកាត់ បានព្យាយាមជួយសង្រ្គោះមនុស្សដែលជាប់ក្នុងរថយន្ត ហើយរថយន្តមួយគ្រឿងទៀត បានធ្លាក់ក្នុងរណ្តៅផងដែរ ។  សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានគេរាយការណ៍ស្លាប់នៅតំបន់ភាគខាងជើងប្រទេសចិន ចាប់តាំងពីទឹកជំនន់ចាប់ផ្តើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM